Tag: ចង្កឹះ

  • កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

    កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

    កុមារនៅក្នុងអាយុ 1 – 3 ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែល​​​​​​​​យើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាច​រត់​​​បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូចត្រូវ​ធ្វើជាប្រចាំក្នុងមួយថ្ងៃៗដែរ។ គ្រោងសាងរាងកាយដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពា​លេបរបស់កូនឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ”   ដូច្នេះដើម្បីជួយ​ឱ្យ​​កូន​​តូចមានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារជាតិអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទី​យ៉ាងសំខាន់ចំពោះរាងកាយកូនតូចខ្លាំងសម្បើមណាស់។

    “កាល់ស្យូម” គឺជា​សារជាតិអាហារប្រភេទអំបិលរ៉ែមួយប្រភេទដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិ​សេសឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំជាតិកាល់ស្យូមដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូម គឺនាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសរសៃសក់ឱ្យរឹងមាំ ក្រៅពីនេះនៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការបង្កកខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការ​បញ្ចេញរបស់អ័រម៉ូន ។

    តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម?

    កុមារដែលទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង​-ក្រាស់របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ហើយការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ ដើរ នឹងដំណើរទៅមុខយ៉ាងយឺត។ ក្រៅពីនេះ គ្រោងសាងឆ្អឹងដែលទន់ខ្សោយ នឹងបង្កឱ្យកើតភាពខុសប្រក្រតីរបស់រាងកាយបាន ដូច​​​​​​ជា ក្លាយជាកុមារជើងកោង-ង និងខ្លួនទាបតឿខុសប្រក្រតីជាដើម។

    កាល់ស្យូមនៅឯណា…តើរកញ៉ាំបានពីអាហារអ្វី?

    • ទឹកដោះ និងផលិតផលដែលធ្វើអំពីទឹកដោះ ដូចជា ឈីស ប៊័ររឹង ប៊័រស្រស់ យ៉ាអួ អៃស្រ្គីម-ល- ព្រោះទឹក​ដោះ​​ស្រស់ គឺជាប្រភពអាហារដ៏កំពូលដែលមានជាតិកាល់ស្យូមច្រើនបំផុត ទើបចាំបាច់ខ្លាំងណាស់ដែលកុមារត្រូវតែញ៉ាំទឹកដោះគោស្រស់ឱ្យបានយ៉ាងហោចណាស់ 1ថ្ងៃ 2កែវ។
    • គ្រាប់ធញ្ញជាតិ ដូចជាគ្រាប់សណ្តែកស្ងួត និងផលិតផលដែលធ្វើពីគ្រាប់សណ្តែក ដូចជាតៅហ៊ូ ទឹកសណ្តែកលឿង សៀង គ្រាប់ល្ងស-ខ្មៅ គ្រាប់សណ្តែកក្រហម-ខៀវ គ្រាប់អាល់ម៉ុន គ្រាប់ឈូក និងគ្រាប់ផ្កាឈូករត្នជាដើម។
    • សាច់សត្វដែលញ៉ាំទាំងមូល ឬទាំងឆ្អឹង ដូចជា ត្រីតូចៗ កម្ពឹស បង្គា បង្គាក្រៀម ត្រីខកំប៉ុង។ល។
    • បន្លែស្លឹកបៃតង ដូចជាខាត់ណា ស្ពៃចង្កឹះ ប្រូខូលី ស្លឹកបាស ផ្លែពពាយ សណ្តែកហោឡាន់តាវ ត្រប់ពុតលំ​ញង។ល។

    នៅពេលបានដឹងបែបនេះហើយ សមាជិកនៅក្នុងគ្រួសារទាំងអស់សូមកុំភ្លេចបន្ថែមជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយឱ្យបានជាប់ជានិច្ច ព្រោះមិនថាស្ថិតក្នុងវ័យណាក៏ដោយ ក៏កាល់ស្យូមនៅតែជាសារជាតិរ៉ែ​ដ៏សំ​ខាន់មួយ​​ដែលទាំងកុមារ និងមនុស្សចាស់នៅតែចាំបាច់ត្រូវតែទទួលបានជារៀងរាល់ថ្ងៃ៕

  • ការប្រើចង្កឹះឫស្សី និងគ្រោះថ្នាក់ចំពោះសុខភាព

    ការប្រើចង្កឹះឫស្សី និងគ្រោះថ្នាក់ចំពោះសុខភាព

    ចង្កឹះឫស្សី ប្រើម្តងចោលដែលលោកអ្នកនិយមយកមកប្រើក្នុងការចាប់អាហារញ៉ាំរៀងរាល់ថ្ងៃនេះ អ្នកមានដឹងទេថា ចង្កឹះឫស្សីមួយគូដែលស្ថិតនៅក្នុងស្រោមថ្មីស្អាតនោះ ដើម្បីថែរក្សាសាច់ឫស្សីឲ្យមានអាយុកាលវែង មិនឆាប់ខូច និងទុកបានយូរ តើរោងចក្រផលិតគេប្រើប្រាស់សារធាតុគីមីអ្វីខ្លះ? ព្រោះជាទូទៅឫស្សីជាវត្ថុធាតុដែលងាយពុកផុយ ហើយដុះផ្សិតទៀតផង ។

    តាមរយៈគេហទំព័រ Soha អ្នកជំនាញបាននិយាយថា នៅក្នុងចង្កឹះឫស្សីមានផ្ទុកនូវសារធាតុគីមីពុល ដែលមានឥទ្ធិពលក្នុងការប្រឆាំងនឹងការដុះផ្សិត ព្រមទាំងមានផ្ទុកនូវសារធាតុស្ពាន់ធ័រ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដែលបណ្តាលឱ្យមានអាការដូចជា វិលមុខ ចុកទ្រូង និងមានបញ្ហាចង្វាក់បេះដូងជាដើម ។

    ជាចុងក្រោយ អ្នកជំនាញបានយកចង្កឹះឫស្សីដែលមានលក់នៅលើទីផ្សារមកធ្វើការពិសោធ ដោយការត្រាំទឹកក្ដៅចោលរយៈពេល ២ ទៅ ៣ នាទី រួចហើយក៏សង្កេតឃើញថា ទឹកដំបូងឡើយមានពណ៌សថ្លា តែមួយសន្ទុះក្រោយមកទឹកបានប្រែទៅជាពណ៌លឿង នេះបញ្ចាក់ថា ចង្កឹះឫស្សីមានលាបសារធាតុម្សៅស ដែលធ្វើឲ្យចង្កឹះរលោងស្អាត ហើយមានសារធាតុស្ពាន់ធ័រច្រើនលើសកំណត់ ទើបបណ្ដាលឲ្យទឹកមានសភាពលឿងខ្លាំង ។ ដូច្នោះហើយការទទួលទានអាហារដោយចង្កឹះឫស្សីប្រើម្តងចោល គឺជាហានិភ័យដ៏ធំដល់សុខភាពរាងកាយរបស់មនុស្សយើង ហេតុនេះគួរពិចារណាមុននឹងសម្រេចចិត្តប្រើប្រាស់វា ៕