ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ
ភ្នំពេញ៖ នៅចុងខែមករា ២០២៥ខាងមុខ ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នឹងត្រូវបានដាក់ឱ្យដំណើរការ។ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មី ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំផ្លូវថ្មើរជើង (Walkstreet) តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍ អគ្គិសនីកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ ផ្លូវថ្មើជើងនេះមានគម្រោងយូរមកហើយ តែអាស្រ័យដោយស្ថានភាពជួបការលំបាក ដូចជាជំងឺកូវីដ១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ តែទោះបីយ៉ាងណា រាជរដ្ឋាភិបាលបានណែនាំឲ្យខិតខំអនុវត្តឲ្យសម្រេចបានគំរោង ផ្លូវថ្មើរជើងនេះ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ សម្រួលការកកស្ទះចរាចរណ៍ ក៏ដូចលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។ លោកអភិបាលរាជធានី បានបញ្ជាក់ ដើម្បីឲ្យគម្រោងនេះ បានដំណើរការដោយរលូន ជាជំហានដំបូង គឺបើកផ្លូវថ្មើរជើងនេះចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ, ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅលើតម្រាយផ្លូវនេះឲ្យបានល្អ ដែលធានាថាគម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕