Tag: ឃាតករ

  • សកម្មភាព​ក្រុម​ប្រដាប់អាវុធ ឆ្មក់​ចូលធ្វើ​ឃាត​ប្រធានាធិបតី ហៃ​ទី នៅ​កណ្ដាលរាត្រី

    សកម្មភាព​ក្រុម​ប្រដាប់អាវុធ ឆ្មក់​ចូលធ្វើ​ឃាត​ប្រធានាធិបតី ហៃ​ទី នៅ​កណ្ដាលរាត្រី

    ស្នូរ​គ្រាប់កាំភ្លើង​ដំបូង បាន​លាន់​ឡើង​នៅវេលា​ម៉ោង​ប្រហែល 1 ទៀបភ្លឺ នៃ​ថ្ងៃទី 7 កក្កដា បានធ្វើឱ្យ​ភាពស្ងប់ស្ងាត់​ក្នុង​រាត្រី​នៅក្នុង​តំបន់​ដែលមាន​ភូមិគ្រឹះ​របស់​ប្រធានាធិបតី ហៃ​ទី លោក Jovenel Moise។

    នៅ​ពេលឮ​សំឡេង​ផ្ទុះ​នៅពេល​កំពុង​គេង ប្រជាជន​ដែល​រស់​នៅក្បែរនោះ សុទ្ធតែ​គិតថា​ជា​ព្រឹត្តិការណ៍​គួរឱ្យ​ភ័យខ្លាច ដែល​ពួកគេ​ជួប​ជា​ញឹកញាប់ នោះ​គឺ អំពើហិង្សា​រវាង​ក្រុមសង្គមងងឹត និង​គ្រោះ​រញ្ជួយ​ដី។ ប៉ុន្តែ នៅពេល​ថ្ងៃ​រះ ទើប​ការពិត​ត្រូវបាន​លាតត្រដាង ៖ «ប្រធានាធិបតី ត្រូវបាន​គេ​ធ្វើឃាត»។

    «ជនបរទេស» មួយក្រុម ដែល​និយាយ​ភាសា​អង់គ្លេស និង​ភាសា​អេ​ស្ប៉ា​ញ បាន​សម្រុកចូល​ផ្ទះ​របស់​ប្រធានាធិបតី Moise នៅ​តំបន់ Pelerin 5 នៃ​រដ្ឋធានី Port-au-Prince វេលា​ម៉ោង 1 ទៀបភ្លឺ។ នេះ​បើតាម​ប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី ហៃ​ទី Claude Joseph។

    វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​សាក្សី​ម្នាក់ បាន​បង្ហាញថា ក្បួន​រថយន្ត SUV ដែល​ដឹក​ក្រុម​ប្រដាប់អាវុធ បាន​បរ​យ៉ាង​លឿន​ចូលទៅ​ចត​ខាងមុខ​ខ្លោងទ្វារ​នៃ​ភូមិគ្រឹះ​ប្រធានាធិបតី។ មនុស្ស​ម្នាក់​ដែលមាន​សំឡេង​ដូច​ជនជាតិ​អាមេរិក ក្នុង​ក្រុម​ប្រដាប់អាវុធ បាន​និយាយ​តាម​ឧបករណ៍​បំពង​សំឡេង​ថា៖ «នេះ​ជា​យុទ្ធនាការ​របស់​កងក​ម្លាំ​ង​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក (DEA)។ គ្រប់គ្នា​ថយក្រោយ ចាក​ចេញពី​ទីតាំង»។

    ក្រុម​ប្រដាប់អាវុធ​នោះ បន្ទាប់មក​ក៏បាន​សម្រុកចូល​ភូមិគ្រឹះ​របស់​ប្រធានាធិបតី Moise។ ក្រោយមកទៀត​ក៏​ស្រាប់តែ​ឮ​សំឡេង​គ្រាប់កាំភ្លើង។

    ប្រធានាធិបតី​វ័យ 53 ឆ្នាំ ត្រូវបាន​បាញ់សម្លាប់​នៅនឹងកន្លែង ក្នុង​គ្រា​ដែល​ភរិយា​របស់លោក គឺ​លោកស្រី Martine វ័យ 47 ឆ្នាំ រងរបួស​ធ្ងន់។ លោកស្រី Martine ត្រូវបាន​បញ្ជូន​ទៅកាន់ Miami សហរដ្ឋអាមេរិក ដើម្បី​ព្យាបាល។ នាយករដ្ឋមន្ត្រី Joseph បាន​ហៅ​ករណី​ឃាត​កម្មនេះ​ថា​ជា «សកម្មភាព​គួរឱ្យ​ស្អប់ខ្ពើម អមនុស្សធម៌ និង​គួរឱ្យខ្លាច»។

    អនុរដ្ឋមន្ត្រី​សារព័ត៌មាន Frantz Exantus បានប្រកាសថា ក្រុម​ឃាតករ​ដែល​បាន​បាញ់សម្លាប់​ប្រធានាធិបតី ត្រូវបាន​ចាប់ខ្លួន​រួចហើយ។ ឯកអគ្គរដ្ឋទូត ហៃ​ទី ប្រចាំ សហរដ្ឋអាមេរិក Bocchit Edmond បានឱ្យដឹងថា ឃាតករ​ទាំងនេះ គឺជា ទាហាន​ស៊ីឈ្នួល ដែល​បន្លំ​ខ្លួន​ជា​កងកម្លាំង​ពិសេស​របស់​អាមេរិក (DEA)។ អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់ សហរដ្ឋ​អាមេរិក មាន​ការិយាល័យ​មួយ​នៅ​រដ្ឋធានី​របស់ ហៃ​ទី ដើម្បី​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ប្រទេស​នេះ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន។

    ផ្លូវ​ចូល​ភូមិ​គ្រឹះ​របស់​ប្រធានាធិបតី​

    អគ្គស្នងការ​នគរបាល​ជាតិ ហៃ​ទី លោក Leon Charles បានប្រកាសថា ទាហាន​ស៊ីឈ្នួល​ចំនួន 4 នាក់ ដែល​បាន​ធ្វើឃាត​ប្រធានាធិបតី Moise ត្រូវបាន​សម្លាប់ និង 2 នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ខណៈ​ជនសង្ស័យ​មួយចំនួន​ផ្សេងទៀត កំពុង​ត្រូវបាន​តាម​ប្រមាញ់។ ក៏ប៉ុន្តែ សមត្ថកិច្ច មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ ក៏ដូចជា​មិនទាន់​បង្ហាញ​ភ័ស្ដុតាង បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ក្រុម​ជនសង្ស័យ ជាមួយនឹង​ករណី​ឃាត​កម្មនេះ។

    មកដល់​បច្ចុប្បន្ន គេ​មិនទាន់​ដឹង​ច្បាស់​ថា ក្រុម​ប្រដាប់អាវុធ បាន​ប្រើប្រាស់​មធ្យោបាយ​អ្វី ដើម្បី​ឆ្លង​ផុត​កងកម្លាំង​ការពារ​ខាងក្រៅ​របស់​ភូមិគ្រឹះ​ប្រធានាធិបតី​នៅឡើយ។

    លោក Moise ធ្លាប់បាន​ប្រាប់​កាសែត អេ​ស្ប៉ា​ញ ថា «មាន​មនុស្ស​រាប់លាន​នាក់» ចង់​សម្លាប់​លោក «ព្រោះតែ​គោលនយោបាយ​របស់លោក ឬ​កំណែទម្រង់​ដែល​លោក​កំពុង​អនុវត្ត» នេះ​បើតាម​អគ្គរដ្ឋទូត Edmond៕

    ប្រភព៖ Mirror, NYTimes, Washington Post
    ប្រែ​សម្រួល៖ បុត្រា

  • មូលហេតុដែលនាំឱ្យខ្មាន់កាំភ្លើងជាមន្ត្រីយោធា ហ៊ានបាញ់សម្លាប់មនុស្ស24នាក់…

    មូលហេតុដែលនាំឱ្យខ្មាន់កាំភ្លើងជាមន្ត្រីយោធា ហ៊ានបាញ់សម្លាប់មនុស្ស24នាក់…

    មន្ត្រីយោធាថៃម្នាក់ ដែលបានធ្វើការបាញ់រះទៅលើហ្វូងមនុស្ស បណ្ដាលឱ្យមានអ្នកស្លាប់ 24នាក់ នៅក្នុងតំបន់ពាណិជ្ជកម្មមួយនៅក្នុងខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃនោះ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ បន្ទាប់ពីបានឡោមព័ទ្ធអស់់រយៈពេលប្រហែល 12ម៉ោងរួចមក។

    ការបាញ់ប្រហារដ៏សាហាវនេះ បានកើតឡើងកាលពីយប់ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2020 ដោយខ្មាន់កាំភ្លើងជាទាហានម្នាក់បម្រើការនៅក្នុងជួរកងទ័ពថៃ។ មុនការបាញ់រះនៅឯទីសាធារណៈនោះ ខ្មាន់កាំភ្លើងម្នាក់នេះបានបាញ់សម្លាប់មនុស្ស 3នាក់រួចទៅហើយនៅក្នុងបន្ទាយទាហានមួយដែលជននេះកំពុងបម្រើការ ក្នុងនោះក៏មានមេបញ្ជាការរបស់ខ្លួនម្នាក់ផងដែរ។

    ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យឈានទៅដល់ការបាញ់ប្រហារខាងលើនេះ អាចបណ្ដាលមកពីជម្លោះរវាងខ្មាន់កាំភ្លើង និងមេបញ្ជាការរបស់ខ្លួន។ មន្ត្រីយោធាម្នាក់ គឺលោក Thanya បានឱ្យដឹងថា ជនដៃដល់ Jakrapanth បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ ក ជាមួយមេបញ្ជាការម្នាក់របស់ខ្លួន គឺលោក Anantharot Krasnae ទាក់ទិននឹងជម្លោះដីធ្លី ហើយក៏បានដកកាំភ្លើងបាញ់សម្លាប់លោកមេបញ្ជាការម្នាក់នោះ រួចបានយកកាំភ្លើងពីជនរងគ្រោះ រត់ចេញទៅក្រៅ បាញ់សម្លាប់មិត្តរួមការងារ 2នាក់ថែមទៀត។

    បន្ទាប់មក ខ្មាន់កាំភ្លើងក៏បានចូលទៅក្នុងឃ្លាំងអាវុធ រួចប្រមូលយកអាវុធជាច្រើនបន្ថែមទៀត ព្រមទាំងបានលួចយករថយន្តពាសដែក 1គ្រឿង និងបានបើកចេញពីបន្ទាយ មុននឹងធ្វើការបាញ់រះទៅលើហ្វូងមនុស្ស និងរថយន្តនគរបាល ពេលមកដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ក្នុងខេត្តខាងលើ។

    មុនពេលចូលដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ខ្មាន់កាំភ្លើងឈ្មោះ Jakrapanth នេះ បានបាញ់ទៅលើធុងខ្យល់ជាច្រើនធុង បណ្ដាលឱ្យមានការផ្ទុះឆេះនៅខាងក្រៅផ្សារទំនើប។ នៅក្នុងការបាញ់រះដ៏សាហាវនេះ ជនម្នាក់នេះថែមទាំងបានផ្សាយផ្ទាល់ (live video) នៅលើបណ្ដាញសង្គម និងថតសែលហ្វ៊ីជាមួយកាំភ្លើង 2ដើមដែលខ្លួនកំពុងកាន់ រួមទាំងកន្សែងយ័ន្តការពារខ្លួនដែលចងជាប់នឹងកាំភ្លើង ហើយប្រកាសថា ខ្លួនកំពុង “សងសឹក”។

    “ធ្វើមានធ្វើបាន ដោយសារអំពើពុករលួយ និងកេងប្រវ័ញ្ចអ្នកដទៃ ពួកគេគិតថានឹងអាចយកលុយតាមខ្លួនទៅកាន់ស្ថាននរកមែនទេ!?”។ នេះជាសំណេររបស់ខ្មាន់កាំភ្លើងនៅលើបណ្ដាញសង្គម ដែលមិនដឹងថា សំដៅលើអ្នកណាឡើយ។

    សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងផ្សារទំនើបនោះបណ្ដើរ បាញ់រះបណ្ដើរ បណ្ដាលឱ្យមនុស្សម្នាភ័យស្លន់ស្លោ រត់ចែកជើងគ្នាប្រសាច។

    អ្នកនាំពាក្យនៃក្រសួងការពារប្រទេសថៃ លោក ឃុងឈីប តាន់ត្រាវ៉ានិតនិយាយថា តុល្យការបណ្ដោះអាសន្ននៃការបាញ់ប្រហារនោះ គឺមានអ្នកស្លាប់ប្រមាណជា 24នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • វៀតណាមប្រើកម្លាំងចម្រុះជាង ៥០០នាក់ ឡោមព័ទ្ធ​ចាប់​បុរសម្នាក់ ដែលសង្ស័យថាបានសម្លាប់មនុស្ស ៥នាក់

    វៀតណាមប្រើកម្លាំងចម្រុះជាង ៥០០នាក់ ឡោមព័ទ្ធ​ចាប់​បុរសម្នាក់ ដែលសង្ស័យថាបានសម្លាប់មនុស្ស ៥នាក់

    នគរបាលចម្រុះជាង 500នាក់ ដែលមានអាវុធគ្រប់ដៃ មានអាវក្រោះការពារ ត្រូវបានដាក់ពង្រាយ និងឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់ដែលមានឈ្មោះ Le Quoc Tuan (ជាមន្ត្រីនគរបាលខណ្ឌ11 នៃក្រុងព្រៃនគរ) ដែលត្រូវបានសង្ស័យថា បានបាញ់សម្លាប់មនុស្សចំនួន 4នាក់ នៅស្រុក Cu Chi ជាយក្រុងហូជីមិញ (Sai Gon/ព្រៃនគរ)។

    ព្រឹកព្រលឹមថ្ងៃទី30 មករា អាជ្ញាធរក្រុងហូជីមិញ នាំមុខដោយរថពាសដែក រួមនឹងនគរបាលរាប់រយនាក់ និងសុនខជំនាញហិតក្លិន បានឡោមព័ទ្ធតំបន់ព្រៃកៅស៊ូមួយនៅឃុំ Trung An ជាយក្រុងព្រៃនគរ ជាតំបន់ដែលជនសង្ស័យអាយុ 33ឆ្នាំខាងលើបានលាក់ខ្លួន បន្ទាប់ពីបានបាញ់សម្លាប់មនុស្សចំនួន 4នាក់ ដោយសារមានជម្លោះក្នុងពេលលេងល្បែង នៅក្នុងឃុំ Tan Than Dong ជាយក្រុងព្រៃនគរ កាលពីម្សិលមិញ (29មករា 2020)។

    ក្រុមនគរបាលមូលដ្ឋានបានបើកឡាន និងម៉ូតូទៅកាន់តំបន់ដែលជនសង្ស័យកំពុងជ្រកពួន ហើយប្រកាសប្រាប់ឱ្យប្រជាជនទាំងអស់សម្ងំនៅក្នុងផ្ទះដើម្បីការពារសុវត្ថិភាព។

    ក្នុងការចុះព័ទ្ធចាប់ជនសង្ស័យនេះ គេឃើញមានវត្តមានរបស់អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ រួមនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃក្រសួងនេះ។

    ពលរដ្ឋនៅតំបន់ក្បែរនោះបាននិយាយថា ពួកគេបានឃើញកងកម្លាំងសមត្ថកិច្ចចម្រុះមានវត្តមាននៅក្បែរផ្ទះពួកគេតាំងតែពីម៉ោង 4:30នាទីទៀបភ្លឺ។

    នៅប្រហែលម៉ោងជាង 10ព្រឹក គេឮសូរស្នូរកាំភ្លើងលាន់ឮឡើងជាច្រើនគ្រាប់។ ក្រុមនគរបាលដែលស្លៀកពាក់ស៊ីវិលរាប់រយនាក់ បានដឹកគ្នាដោយម៉ូតូ បើកបរយ៉ាងលឿនចូលទៅក្នុងព្រៃដើម្បីឡោមព័ទ្ធចាប់ជនសង្ស័យ។ ក្រោយមកបន្តិច ទាហានយ៉ាងច្រើនក៏បង្ហាញខ្លួននៅជុំវិញតំបន់ដែលត្រូវឡោមព័ទ្ធ។ នៅពេលងើបមើលទៅលើអាកាស គេឃើញមានកូនយន្តហោះគ្មានមនុស្សបើក (drone) ជាច្រើនគ្រឿង ហោះឆ្វែលស្វែងរកជនសង្ស័យ។

    ជនសង្ស័យឈ្មោះ Le Quoc Tuan គឺជាមន្ត្រីនគរបាលម្នាក់ដែលធ្វើការនៅមន្ទីរឃុំឃាំងបណ្ដោះអាសន្ននៃអធិការដ្ឋាននគរបាលសង្កាត់11 ដែលមានឋានន្តរស័ក្តិអនុសេនីយ៍ទោពិសេស(ស័ក្តិ2 ត្រៀមឡើងស័ក្តិ3)។ ជនសង្ស័យនេះមានកូន 2នាក់ និងជាមនុស្សញៀនល្បែងស៊ីសងរយៈពេលច្រើនឆ្នាំមកហើយ។

    លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា នៅថ្ងៃទី29 មករា ឆ្នាំ2020 ជនសង្ស័យ Le Quoc Tuan ជាមួយឈ្មោះ Le Quoc Minh បានទៅដល់វង់ល្បែងក្នុងចម្ការមៀនក្បែរផ្ទះ ដែលមានចម្ងាយពីមជ្ឈមណ្ឌលក្រុងព្រៃនគរប្រហែល 30គីឡូម៉ែត្រ ដើម្បីលេងល្បែង។ ពេលលេងបានមិនយូរប៉ុន្មាន Le Quoc Tuan ក៏មានទំនាស់ជាមួយអ្នកលេងក្នុងវង់ល្បែង ហើយក៏បានស្រែកជេរគេយ៉ាងខ្លាំងៗ ប៉ុន្តែបន្ទាប់មកក៏បានចេញបាត់ទៅ។ មួយសន្ទុះក្រោយមក Le Quoc Tuan បានត្រឡប់មកវិញជាមួយនឹងកាំភ្លើង AK 1ដើម រួចហើយក៏ “ប៉័ងៗៗៗៗៗៗ!!” ស្នូរកាំភ្លើងបានផ្ទុះឡើងយ៉ាងគួរឱ្យភ័យខ្លាច ហើយអ្នកលេងល្បែងក្នុងវង់ទាំងប៉ុន្មាន ក៏បានចែកជើងគ្នារត់បាត់ស្រមោលអស់ នៅសល់តែមនុស្សប្រហែល 4នាក់ ដែលកំពុងដេកដួលលើដីក្នុងថ្លុកឈាម ក្នុងនោះ មានម្នាក់រងរបួសធ្ងន់ និង 3នាក់ទៀតបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

    តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនសង្ស័យ Le Quoc Tuan បានជិះម៉ូតូ ពាក់ម៉ាស់បាំងមុខ និងដាក់កាំភ្លើងនៅពីមុខ ជិះគេចខ្លួនពីកន្លែងកើតហេតុភ្លាមៗដែរ។ លុះដល់ម៉ោង 3 និង 10នាទីរសៀលថ្ងៃដដែល Le Quoc Tuan ដែលកាន់កាំភ្លើងក្នុងដៃ បានភ្ជង់ប្លន់ស្ត្រីម្នាក់យកម៉ូតូ 1គ្រឿងទៅបាត់ទៀត។

    ជនសង្ស័យដែល​កំពុង​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន

    លុះព្រឹកឡើង គេបានប្រទះឃើញសាកសពបុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្បែរតំបន់ដែលកងកម្លាំងចម្រុះកំពុងឡោមព័ទ្ធនោះ។ ក្រុមនគរបាលបានរកឃើញសម្បកគ្រាប់កាំភ្លើងដូចគ្នានឹងប្រភេទគ្រាប់ដែលជនសង្ស័យ Le Quoc Tuan បានបាញ់សម្លាប់មនុស្សនៅក្នុងវង់ល្បែងដែរ។
    មកដល់ពេលនេះសមត្ថកិច្ចចម្រុះជាង 500នាក់នោះ នៅតែកំពុងដុតដៃដុតជើងឡោមព័ទ្ធ និងតាមរកចាប់ខ្លួនជនសង្ស័យរូបនោះនៅឡើយ។

    ព័ត៌មានថ្មីៗបន្ថែមទៀត គេហទំព័រឡារ៉ែន នឹងយកមកជម្រាបជូនមិត្តអ្នកអានជាបន្តបន្ទាប់នៅពេលក្រោយទៀត៕

    ប្រភព៖ សារព័ត៌មានបរទេស