Tag: គំនិត

  • កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    “ម៉ាក់អ៊ើយ អាបងចូលមកក្នុងបន្ទប់កូនទៀតហើយ!”

    “ម៉ាក់!! អាអូនមិនព្រមឱ្យកូនលេងរបស់លេងដែរទេ”

    “ឱ្យប្អូនលេងសិនទៅ”

    “អត់ទេ! កូនលេងមុន!”

    “ដណ្ដើមហ្អេ៎? នេះនែ!!(ផាច់ៗ…វាយគ្នា)”

    ស្ថានការណ៍បែបហ្នឹង ធ្លាប់ជួបទេ? បើសិនជាផ្ទះរបស់អ្នកមានអាល្អិតយ៉ាងតិច 2នាក់រស់នៅក្រោមដំបូលតែមួយ ប្រាកដណាស់ថា ហេតុការណ៍ស្រដៀងៗដែលអ្នកគ្រូ ឆវី លើកជាឧទាហរណ៍ខាងលើនេះ ប្រហែលជាធ្លាប់កើតឡើងចំពោះអ្នកខ្លះមិនខាន។ ការឈ្លោះទាស់ទែងគ្នារវាងបង-ប្អូន គឺជារឿងប្រក្រតីដែលកើតឡើងគ្រប់ផ្ទះ ហើយបើសិនជាលោកឪពុកអ្នកម្ដាយចេះទប់ទល់យ៉ាងត្រូវវិធី វានឹងជួយកាត់បន្ថយបញ្ហាដែលអាចនឹងកើតឡើងក្នុងរយៈពេលវែងបាន។ ខាងក្រោមនេះគឺ វិធី និងគន្លឹះល្អៗដើម្បីឱ្យឪពុកម្ដាយអាចដោះស្រាយបញ្ហាកូនៗឈ្លោះគ្នាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ…។

    • បំបែកជើងខ្លាំងទាំងពីរចេញពីគ្នា ទុករហូតទាល់តែស្ងប់អារម្មណ៍ ៈ ក្នុងករណីខ្លះអាចត្រឹមតែឱ្យកូនទាំងពីរឈប់និយាយ និងឈប់ធ្វើអ្វីគ្រប់យ៉ាងសិន មុននឹងលោកអ្នកចូលទៅកែបញ្ហាជម្លោះទាស់ទែងនោះ តែបើលោកអ្នកត្រូវការឱ្យរឿងហ្នឹងក្លាយជាបទពិសោធដែលកូនៗនឹងបានរៀនយល់ដឹង គួរតែរង់ចាំរហូតទាល់តែអារម្មណ៍របស់ពួកគេស្ងប់ទៅវិញសិន សឹមអប់រំពួកគេ។
    • កុំដាក់សម្ពាធ ឬព្យាយាមរកអ្នកខុស ៈ នៅពេលកូនទាំង 2នាក់ឈ្លោះគ្នា រឿងដែលកើតឡើងក្មេងទាំងពីរត្រូវតែទទួលខុសត្រូវរួមគ្នា។
    • ព្យាយាមសាងស្ថានការណ៍ដែលគ្រប់គ្នាទទួលបានប្រយោជន៍ ៈ ដូចជាហៅថា ស្ថានការណ៍ឈ្នះ-ឈ្នះ(win-win situation)ដើម្បីឱ្យគ្រប់គ្នាបានរៀនយល់ដឹងពីអ្វីម្យ៉ាង ដូចជា នៅពេលដែលកូន 2នាក់ត្រូវការលេងរបស់លេងតែមួយដូចគ្នា អ្នកអាចនឹងប្ដូរទៅជាឱ្យកូនៗបានលេងហ្គេមណាដែលអាចលេងដំណាលគ្នាបានទាំងពីរនាក់ជំនួសវិញ ជាដើម។

    កែសម្រួលនិស្ស័យ បង-ប្អូនត្រូវតែមិនឈ្លោះគ្នា

    តទៅនេះ គឺជារឿងងាយៗដែលលោកអ្នកអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកាត់បន្ថយជម្លោះរវាងបង-ប្អូន។

    • ដាក់ច្បាប់ ជាពិសេសក្នុងរឿងទង្វើ ៈ ប្រាប់កូនៗថា ក្មេងៗមិនគួរនិយាយពាក្យអាក្រក់ស្ដាប់ ស្រែកគំហកដាក់មុខគ្នា ឬធ្វើមុខមាំកាចដាក់គ្នាទេ និងអធិប្បាយឱ្យស្ដាប់ថា នឹងមានអ្វីកើតឡើងបើសិនជាកូនល្មើសច្បាប់ដោយការបញ្ចេញទង្វើដែលមិនគួរឱ្យប្រាថ្នាផ្សេងៗចេញមក ដើម្បីឱ្យក្មេងៗបានដឹងថា គេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់គេ។
    • កុំបណ្ដោយឱ្យកូនៗធ្វើឱ្យអ្នកគិតថា អ្នកត្រូវតែបង្ហាញពីភាពយុត្តិធម៌គ្រប់ពេលឱ្យសោះ ព្រោះក្នុងករណីខ្លះ អាល្អិតម្នាក់ក៏នឹងចាំបាច់ត្រូវទទួលខុសត្រូវលើទង្វើរបស់ខ្លួនច្រើនជាងអាល្អិតម្នាក់ទៀតដែរ។
    • ផ្ដល់នូវការចាប់អារម្មណ៍ចំពោះកូនៗយ៉ាងស្មើភាពគ្នាជាប់ជានិច្ច ជាពិសេសក្រោយការឈ្លោះទាស់ទែងគ្នា។ បើកូនបងចង់ចេញទៅដើរលេង ក៏គួរតែនាំគេទៅ តែពេលត្រឡប់មកវិញ បើកូនប្អូនត្រូវការឱ្យអ្នកនិយាយរឿងនិទានឱ្យស្ដាប់ អ្នកក៏ត្រូវតែធ្វើដែរ។
    • ប្រាកដក្នុងចិត្តថា កូនម្នាក់ៗមានទីកន្លែងផ្ទាល់ខ្លួន និងមានពេលវេលាផ្ទាល់ខ្លួនដែលគេអាចនឹងបានលេងដូចដែលគេត្រូវការដោយមិនចាំបាច់មានបង ឬប្អូនតាមជាប់ទៅជាមួយផង។
    • សម្ដែងឱ្យកូនឃើញ និងអធិប្បាយឱ្យកូនយល់ថា សម្រាប់រូបអ្នក សេចក្ដីស្រឡាញ់ជារឿងដែលត្រូវមានព្រំដែន។
    • ធ្វើឱ្យកូនដឹងថា ពួកគេមានភាពសំខាន់ និងនឹងបានទទួលការមើលថែទាំឱ្យមានសុវត្ថិភាព រួមទាំងតម្រូវការទាំងឡាយដែលស្ថិតលើហេតុផលរបស់កូនដែលនឹងបានទទួលការតបស្នង។
    • ធ្វើកិច្ចការងាររួមគ្នាទាំងគ្រួសារ ព្រោះវានឹងជួយកាត់បន្ថយភាពតានតឹងរវាងបងប្អូនដែលឈ្លោះគ្នាបាន ព្រោះក្នុងកិច្ចការងារទាំងនោះ គ្រប់គ្នានឹងបានទទួលការយកចិត្តទុកដាក់យ៉ាងស្មើៗគ្នា។
    • បើកូនឈ្លោះគ្នាដដែលៗ ក្នុងរឿងដដែលៗ ដូចជាដណ្ដើមគ្នាប្រើកុំព្យូទ័រ ជាដើម អាណាព្យាបាលគួរតែធ្វើតារាងកាលវិភាគការប្រើការរឿងអ្វីមួយនោះសម្រាប់កូនម្នាក់ៗ តែបើនៅតែឈ្លោះគ្នាទៀត ពួកគេទាំងពីរនឹងលែងទទួលបានឱកាសនោះទៀត។
    • បើកូនៗនៅតែឈ្លោះគ្នាញឹកញាប់ លោកអ្នកគួរណាត់ថ្ងៃនិយាយគ្នាក្នុងក្រុមគ្រួសារ ដើម្បីរំឭកអំពីច្បាប់ដែលប្រើក្នុងគ្រួសារ និងរំឭកឡើងវិញនូវភាពជោគជ័យក្នុងការកែបញ្ហាឈ្លោះទាស់ទែងដែលទាំងអស់គ្នាអាចធ្វើបានកាលពីពេលកន្លងៗមក។ លោកអ្នកអាចសាកល្បងប្រើវិធីឱ្យរង្វាន់នៅពេលកូនអាចលេង ឬធ្វើការអ្វីមួយរួមគ្នាបានដោយមិនមានជម្លោះ ដូចជាបើកូនមិនមានឈ្លោះគ្នាសោះក្នុងមួយថ្ងៃ កូនៗនឹងបានជ្រើសទិញនំដែលខ្លួនឯងចូលចិត្តញ៉ាំ ឬមិនមានឈ្លោះគ្នាមួយសប្ដាហ៍ ប៉ាម៉ាក់នឹងនាំទៅដើរលេង ជាដើម។
    • កុំភ្លេចថា ក្មេងៗម្នាក់ៗត្រូវការពេលវេលានៅឆ្ងាយពីបងប្អូន និងក្រុមគ្រួសារខ្លះដែរ ដូច្នេះលោកអ្នកអាចនឹងរៀបចំឱ្យកូនៗបានទៅលេងផ្ទះមិត្តភក្តិជិតដិត ឬឱ្យកូនម្នាក់ៗទៅដើរលេងតែម្នាក់ឯងជាមួយអ្នកក៏បាន។

    *** ខណៈដែលកូនៗរៀនយល់ដឹងក្នុងការចេះរម្ងាប់អារម្មណ៍ គេក៏ថែមទាំងបានរៀនយល់ដឹងពីជំនាញសំខាន់ដែលនឹងប្រើប្រាស់ក្នុងការរស់នៅ ដូចជារឿងការទទួលយកគំនិតយោបល់របស់អ្នកដទៃ ការសម្រុះសម្រួល ការតវ៉ា និងការគ្រប់គ្រងទង្វើច្រងេងច្រងាងរបស់ខ្លួនឯង ជាដើម។

    ប៉ាម៉ាក់មិននៅ កូនៗមិនឈ្លោះគ្នា

    កុំភ្លេចណា៎ថា ការដែលអាល្អិតៗរបស់លោកអ្នកឈ្លោះគ្នា ពេលខ្លះក៏ដើម្បីទាមទារការចាប់អារម្មណ៍អំពីលោកឪពុកអ្នកម្ដាយដែរ ដូច្នេះ នៅពេលដែលវាអ៊ីចឹង លោកអ្នកក៏គួរតែរកមើលពេលវេលាទំនេរខ្លះដើម្បីឱ្យខ្លួនឯងបានធ្វើអ្វីម្យ៉ាងដែលជាការងារផ្ទាល់ខ្លួនដោយគ្មានកូនៗនៅក្បែរខ្លះផង ព្រោះ…ជឿអ្នកគ្រូ ឆវី ចុះថា នៅពេលដែលលោកអ្នកមិននៅ កូនៗនឹងរស់នៅជាមួយគ្នាបានយ៉ាងល្អប្រសើរ៕

  • កាដូ 5 យ៉ាងដែលកូនចង់បានពីឪពុកម្ដាយបំផុត…

    កាដូ 5 យ៉ាងដែលកូនចង់បានពីឪពុកម្ដាយបំផុត…

    នាឱកាសឆ្នាំថ្មីខាងមុខនេះ អ្នកគ្រូ ឆវី ជឿថាអាណាព្យាបាលជាច្រើនប្រហែលជាត្រៀមវត្ថុអនុស្សាវរីយ៍ ឬកាដូសម្រាប់ឱ្យកូនជាទីស្រឡាញ់ខ្លះៗហើយមើលទៅ តែសម្រាប់ផ្ទះណាដែលកំពុងស្វែងរកកាដូដែលត្រូវចិត្តមិនទាន់បាននោះ អ្នកគ្រូ ឆវីសូមណែនាំតែម្ដងទៅចុះថា កាដូកំពូលវិសេស 5ប្រអប់ 5យ៉ាងតទៅនេះ ជឿចុះថា កូនៗគ្រប់ផ្ទះនឹងចង់បានយ៉ាងពិតប្រាកដ។ មិនខុសពីកាដូដ៏សែនពេញចិត្តដែលកូនៗធ្លាប់ចង់បាននោះឡើយ ដូច្នេះសូមលោកឪពុកអ្នកម្ដាយនាំគ្នាមកមើលថា កាដូកំពូលវិសេសដែលកូនៗចង់បាននោះ តើលោកអ្នកអាចឱ្យកូនបានឬទេ?។

    កាដូប្រអប់ទី1 ៈ ឪពុកម្ដាយស្រឡាញ់គ្នា និងបង្ហាញសេចក្ដីស្រឡាញ់នោះឱ្យកូនបានឃើញ

    កាដូប្រអប់នេះ អាចធ្វើបានយ៉ាងងាយ គ្រាន់តែឪពុកម្ដាយស្រឡាញ់គ្នា បង្ហាញពីសេចក្ដីស្រឡាញ់ ក្ដីបារម្ភកង្វល់ដែលមានចំពោះគ្នាឱ្យកូនបានឃើញប៉ុណ្ណោះ។ ហេសៗ…មើលទៅដូចជាមិនឃើញមានពាក់ព័ន្ធអីជាមួយកូនៗសោះ តែការពិតវិញ នៅពេលដែលកូនបានទទួលវាហើយ កូននឹងមានអារម្មណ៍ល្អ មានសេចក្ដីសុខ មានអារម្មណ៍កក់ក្ដៅ និងមានភាពជឿជាក់នឹងនរខាងផ្លូវចិត្តខ្លាំងសម្បើមណាស់។

    កាដូប្រអប់ទី2 ៈ សាងបរិយាកាសសុខសាន្តក្នុងផ្ទះ

    កាដូប្រអប់នេះនឹងមកក្នុងរូបបែបនៃការនិយាយស្ដី ការប្រតិបត្តិចំពោះកូនៗ និងចំពោះគ្នាទៅវិញទៅមករបស់សមាជិកគ្រប់គ្នានៅក្នុងផ្ទះក្នុងផ្លូវវិជ្ជមាន។ នៅពេលកូនបានទទួល កូននឹងបានគំរូដ៏ល្អក្នុងការគិត ការនិយាយ ការមើលអ្វីៗជុំវិញខ្លួន បរិយាកាសបែបនេះពេញទៅដោយថាមពលល្អៗ ស្ថិតក្នុងរលកធាតុអាកាសកម្រិតខ្ពស់។ ថាមពលល្អច្បាស់ជានឹងធ្វើឱ្យកើតរឿងល្អៗតាមមក ដូច្នេះ នៅពេលក្នុងផ្ទះយើងពោរពេញទៅដោយបរិយាកាសសុខសាន្ត មិនថាតែយើងចង់អភិវឌ្ឍ ឬឈានដើរទៅទិសខាងណា ក៏មិនពិបាកធ្វើដែរ។ អ្នកគ្រូ ឆវី ធានាថា បរិយាកាសបែបហ្នឹង វាល្អមែនទែន!!។

    កាដូប្រអប់ទី3 ៈ ឱ្យសេចក្ដីស្រឡាញ់បែបគ្មានលក្ខខណ្ឌ(Unconditional Love)

    ក្មេងៗគ្រប់រូបត្រូវការសេចក្ដីស្រឡាញ់ ហើយប្រភេទរបស់សេចក្ដីស្រឡាញ់ដែលក្មេងៗត្រូវការខ្លាំងបំផុតនោះគឺ សេចក្ដីស្រឡាញ់បែបគ្មានលក្ខខណ្ឌ គ្មានចង់បានអ្វីមកវិញទាំងអស់ មិនថាយ៉ាងណា ក៏ឪពុកម្ដាយនៅតែស្រឡាញ់កូនៗ។ កាដូប្រអប់នេះ នៅពេលកូនបានទទួលហើយ កូននឹងមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សសំខាន់ ជាមនុស្សពិសេស និងកូនមានអារម្មណ៍ថា ខ្លួនឯងមានគុណតម្លៃ។

    កាដូប្រអប់ទី4 ៈឱ្យពេលវេលាទៅកូន

    កាដូប្រអប់នេះ នៅពេលកូនបានទទួល កូននឹងមានអារម្មណ៍ថា ឪពុកម្ដាយស្រឡាញ់រូបគេ គេជាមនុស្សសំខាន់សម្រាប់ឪពុកម្ដាយ ឪពុកម្ដាយរៀបលំដាប់ភាពសំខាន់ចំពោះគេមុនអ្វីៗទាំងអស់។ “ក្មេងៗវាស់បរិមាណសេចក្ដីស្រឡាញ់ ពីចំនួនពេលវេលាដែលឪពុកម្ដាយមានចំពោះគេ”។

    កាដូប្រអប់ទី5 ៈ ឱ្យការទទួលស្គាល់នូវអ្វីដែលជារូបគេ(កូន)

    មនុស្សគ្រប់រូបកើតមកមានភាពពិសេស មានឯកលក្ខណៈដោយឡែករបស់ខ្លួនដែលមិនដូចអ្នកណា យើងកើតមកដើម្បីសាងភាពខុសប្លែកពីគ្នា សាងរឿងល្អៗឱ្យពិភពលោកមួយនេះ។ កូនៗយើងក៏ដូចគ្នាដែរ កាដូប្រអប់នេះ យើងឱ្យកូនបានដោយការទទួលស្គាល់នូវបុគ្គលក្ខណៈប្រចាំខ្លួនរបស់កូន ទទួលស្គាល់ថា កូនមានភាពត្រឹមត្រូវ មានរសនិយម មានចំណូលចិត្ត មានចំណាប់អារម្មណ៍ មានក្ដីស្រមៃរបស់ខ្លួនគេ។ ទទួលស្គាល់នូវគំនិតយោបល់ និងអ្វីៗគ្រប់យ៉ាងដែលជារូបគេ។

    កាដូ ឬអំណោយ ឬវត្ថុអនុស្សាវរីយ៍ដែលប្រគល់ទៅឱ្យកូន ក្រៅពីការទទួលស្គាល់នូវភាពជារូបគេហើយ ថែមទាំងជាការមិនព្យាយាមផ្លាស់ប្ដូរកូន ឱ្យកូនក្លាយជាអ្វី ឬទៅតាមបែបដែលយើងត្រូវការទៀតផង។ ឧបត្ថម្ភគាំទ្រឱ្យកូនប្រើប្រាស់កាដូប្រអប់នេះឱ្យអស់តម្លៃ ដោយអនុញ្ញាតឱ្យកូននាំយកឯកលក្ខណៈពិសេសដែលមិនដូចអ្នកណារបស់គេមកប្រើឱ្យកើតប្រយោជន៍ចំពោះពិភពលោកមួយនេះ ព្រោះពិភពលោកនាយុគសម័យខាងមុខ មិនត្រូវការមនុស្សដដែលៗដែលធ្វើតាមៗគ្នានោះទេ តែត្រូវការអ្នកដឹកនាំដែលមកសាងភាពខុសប្លែក និងអ្វីដែលថ្មី៕

  • ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

    ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

    បើសិនថយក្រោយទៅសម័យកាលពី 20 – 30ឆ្នាំមុន អាណាព្យាបាលទាំងឡាយប្រហែលជាធ្លាប់ឮស៊ាំត្រចៀកជាមួយនឹងវិធីការបង្ហាត់បង្រៀនកូនៗកំពូលរពឹសដែលថា “ចង់ឱ្យកូនល្អ ត្រូវតែវាយ” ដែលសូម្បីតែក្នុងពេលបច្ចុប្បន្ននេះ ក្នុងយុគសម័យដែលមាន 4G តិចណូឡូជីដ៏លឿនរហ័សហើយក៏ដោយ ក៏ប្រយោគខាងលើនៅតែនៅមាននៅឡើយ។ អ្នកណាដែលនៅតែបង្រៀនកូនដោយការវាយផាច់ៗខ្លះ សូមមកមើលពីហេតុផលដែលបង្កប់នៅពីក្រោយសំឡេងរំពាត់ប៉ះនឹងសាច់កូនៗថា តើវាហុចផលប៉ះពាល់អវិជ្ជមានទៅដល់ផ្លូវចិត្តរបស់កូនយ៉ាងណាខ្លះ?។

    ហេតុផលដែលឪពុកម្ដាយប្រើវិធីបង្រៀនកូនដោយការវាយ

    ដោយសារតែ “ក្ដីស្រឡាញ់ + បំណងល្អ + ក្ដីបារម្ភ + យកចិត្តទុកដាក់ + ត្រូវការបង្ហាត់បង្រៀនអ្វីម្យ៉ាងដល់កូន + ចង់ឱ្យកូនស្ដាប់បង្គាប់ + ចង់ឱ្យកូនស្ថិតនៅក្នុងរបៀបវិន័យដែលឪពុកម្ដាយរៀបចំទុក + និងចុងក្រោយគឺ អារម្មណ៍ក្រោធខឹងរបស់ឪពុកម្ដាយក្នុងពេលខ្លះដែលខ្វះភាពហាមឃាត់ចិត្តខ្លួនឯង ហើយចុងក្រោយក៏ទៅលួចអង្គុយសោកស្ដាយស្រក់ទឹកភ្នែកខ្លួនឯង។

    ផលប៉ះពាល់ផ្នែកវិជ្ជមានពីរំពាត់ដែលវាត់ប៉ះនឹងសាច់ឆ្លុះបញ្ចាំងទៅដល់ផ្លូវចិត្តកូន ដែលឪពុកម្ដាយនឹកស្មានមិនដល់

    ធ្វើឱ្យកូនមិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងចេញមក ដូចជាអារម្មណ៍ខឹង ខូចចិត្ត ជាដើម ព្រោះខ្លាចថា បើបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនចេញទៅ ខ្លាចប៉ាម៉ាក់អាចនឹងខឹង និងត្រូវទទួលទោសបន្ថែម។

    ធ្វើឱ្យកូនមានសម្ពាធ និងលាក់ទុកក្នុងចិត្ត ពេលមានទុក្ខ ឬកើតបញ្ហា មិនហ៊ានក្នុងការប្រឹក្សានឹងឪពុកម្ដាយ ព្រោះខ្លាចត្រូវទទួលទោស ទើបមិនហ៊ាននិយាយប្រឹក្សាជាមួយអ្នកណា។

    ធ្វើឱ្យកូនខ្វះភាពជឿជាក់លើខ្លួនឯង មិនហ៊ានធ្វើអ្វី រហូតលែងហ៊ានធ្វើអ្វីទាំងអស់ ព្រោះគិតតែថា រឿងដែលចង់ធ្វើ អាចនឹងខុសទៀតក៏បានដែរ។

    ធ្វើបាបផ្លូវចិត្តកូនដោយមិនដឹងខ្លួន ព្រោះក្នុងគំនិតរបស់កូនៗ អ្នកដែលនៅមើលថែទាំ និងជិតស្និទ្ធជាមួយរូបគេដូចឪពុកម្ដាយ គឺត្រូវតែនៅចាំមើលថែទាំ និងការពាររូបគេ តែផ្ទុយទៅវិញ មនុស្សទាំងពីរនោះបែរជាធ្វើបាបលើរាងកាយ(ដាក់ទោសដោយការវាយ) និងផ្លូវចិត្តកូនទៅវិញ(តាមរយៈអារម្មណ៍ដែលទាំងក្រេវក្រោធផង ទាំងស្រឡាញ់ផងរបស់ឪពុកម្ដាយដែលលាយឡំចូលគ្នាខណៈពេលវាយកូន)។

    ធ្វើឱ្យភាពរឹងទទឹងច្រងេងច្រងាងដែលដក់ជាប់នៅក្នុងចិត្តកូន ដោយអារម្មណ៍ក្រោធខឹង ខូចចិត្ត ដែលកូនមិនអាចបង្ហាញចេញមកឱ្យឪពុកម្ដាយឃើញបាននោះ កូនអាចនឹងងាកទៅបង្ហាញភាពច្រងេងច្រងាងដាក់អ្នកដទៃ ដូចជាធ្វើបាបមិត្តភ័ក្តិ ជាដើម(ប៉ាម៉ាក់ចេះវាយកូនបាន រឿងអីកូនសាកវាយអ្នកផ្សេងខ្លះមិនបាន?)

    ធ្វើឱ្យកូនភ័យខ្លាចការត្រូវវាយធ្វើបាប សម្រាប់មនុស្សធំអាចមើលឃើញថា ការវាយ គឺដើម្បីបង្រៀនប្រដៅ តែសម្រាប់ក្មេងវិញ ការវាយធ្វើឱ្យកើតក្ដីភ័យខ្លាច និងមានអារម្មណ៍ថា កំពុងត្រូវធ្វើបាបលើរាងកាយធ្វើឱ្យមានអារម្មណ៍ឈឺចាប់ «ការវាយកូនគឺដើម្បី…ប្រដៅ តែខណៈពេលជាមួយគ្នា ពាក្យប្រដៅ ក៏ត្រូវបិទបាំងជិតដោយក្ដីភ័យខ្លាច ដែលកើតឡើងបន្តិចម្ដងៗនៅក្នុងផ្លូវចិត្តកូន»

    តាមរយៈផលប៉ះពាល់អវិជ្ជមានដែលបង្កប់នៅក្នុងនោះ អាចនិយាយបានថា ការវាយដំ ៈ ធ្វើឱ្យឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ទាំងឪពុកម្ដាយ និងកូនៗទៀតផង។ អ្នកគ្រូ ឆវី ចង់និយាយថា បើធាតុពិតរបស់ការវាយ គឺ ពាក្យប្រដៅ…ដូច្នេះនៅពេលកូនធ្វើខុស សូមសាកល្បងឆ្លងរំលងដំណាក់កាលហ្នឹងចោល…ហើយប្រើពាក្យប្រៀនប្រដៅ ប្រើការយល់ចិត្ត និងប្រើហេតុផលក្នុងការបង្រៀនប្រៀនប្រដៅកូនវិញម្ដង ល្អដែរទេ?។

    ព្រោះការប្រៀនប្រដៅកូនឱ្យស្គាល់ខុស និងត្រូវ…ដោយហេតុផល…ក៏ជាការបង្ហាត់ឱ្យកូនចេះប្រើទាំងហេតុ និងផលក្នុងការធ្វើទង្វើអ្វីផ្សេងៗនាពេលអនាគតដូចគ្នា៕

  • ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    កុំគិតថា កូននៅក្មេងមិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសំដីរបស់ឪពុកម្ដាយមានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ ខាងក្រោមនេះគឺជាចំណុចល្អៗទទួលបានពីជជែកលេងជាមួយកូន ដែលឪពុកម្ដាយគួរតែប្រតិបត្តិដើម្បីជាប្រយោជន៍ដល់កូន។

    1 . កូនបានរៀនយល់ដឹងពីភាសា ៈ តាមរយៈការធ្វើត្រាប់តាមពាក្យសំដីដែលឪពុកម្ដាយប្រើ តាមរយៈបទសន្ទនាតាមបែបផ្សេងៗដែលបានជជែកឆ្លើយឆ្លងគ្នា រឹតតែយើងបានជជែកគ្នាបានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងកាន់តែច្រើនឡើងប៉ុននោះដែរ។

    2 . ជំរុញខួរក្បាល ៈ ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងឆ្លាត ព្រោះមានឱកាសសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។

    3 . បង្កើនចំណេះដឹង ៈ ចំណេះដឹងមិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែមួយផ្នែកក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។

    4 . យល់ពីខ្លួនឯង យល់ពីអ្នកដទៃ ៈ ការបបួលកូនជជែកគ្នាដើម្បីឱ្យកូនបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។

    5 . ចេះឆ្លើយឆ្លងទាក់ទង ៈ ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿងការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ និងជាពិសេស បង្ហាត់កូនៗរបស់យើងឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕

  • ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ឪពុកម្ដាយ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការអប់រំបណ្ដុះគំនិតនិស្ស័យ និងបុគ្គលិកលក្ខណៈដល់កូន ជាពិសេសក្នុងអំឡុងបឋមវ័យដែលក្មេងនឹងជ្រួតជ្រាបយកអ្វីៗគ្រប់យ៉ាង ទាំងពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែលឪពុក និងម្ដាយ ឬអ្នកចិញ្ចឹមថែទាំបានធ្វើចំពោះរូបគេ។ នៅពេលកូនធំធាត់ឡើង បទពិសោធក្នុងវ័យកុមារ ក៏នឹងហុចផលដល់ទស្សនគតិ និងទង្វើរបស់គេនៅពេលធំឡើង ដូច្នេះហើយទើបយើងត្រូវដឹងថា តើយើងគួរស្រឡាញ់កូន និងនៅរង់ចាំជួយគេដោយរបៀបយ៉ាងណានោះ។

    ការចិញ្ចឹមកូន និងស្រឡាញ់កូនដែលត្រឹមត្រូវនេះ ត្រូវចាប់ផ្ដើមពីចិត្តគំនិតរបស់ឪពុកម្ដាយជាមុន។ ឪពុកម្ដាយដែលល្អគួរធ្វើខ្លួនឱ្យដូចជាមិត្តភ័ក្ដិដ៏ល្អរបស់កូន ស្ថិតនៅក្បែររូបគេជានិច្ច។ ឪពុកម្ដាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតពេលខ្លះខ្លាចកូនលំបាក ខ្លាចកូនហត់ ខ្លាចកូនឈឺ រហូតដល់គិត ឬធ្វើជំនួសកូនគ្រប់សព្វបែបយ៉ាង ក្លាយជាថា នៅពេលកូនធំឡើងកូនក៏ក្លាយជាក្មេងដែលអាត្មានិយម ប្រើតែអារម្មណ៍(មិនចេះគិត) ឬជាក្មេងដែលឌឺរឹង ដែលអ្វីទាំងអស់នេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ឪពុកម្ដាយគួរតែដឹងពីតម្រូវការរបស់កូនថា ក្នុងអំឡុងវ័យនីមួយៗរបស់កូនហ្នឹង ធម្មជាតិរបស់ក្មេងនឹងត្រូវការអ្វីខ្លះ?។

    ខាងក្រោមនេះគឺជាតម្រូវការរបស់ក្មេងតាមអំឡុងវ័យ

    អំឡុងអាយុ និងអ្វីដែលកូនត្រូវការ និងអ្វីខ្លះដែលឪពុកម្ដាយគួរតែប្រតិបត្តិចំពោះកូន ៈ

    វ័យទើបកើតដំបូង ៈ កូនត្រូវការការមើលថែទាំយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយទើបឪពុកម្ដាយគួរតែចេះនិយាយ ឬលេងជាមួយកូនដើម្បីឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព និងបានទទួលសេចក្ដីស្រឡាញ់។

    អំឡុងវ័យចេះលូនវារ ៈ កូនកំពុងហ្វឹកហាត់អភិវឌ្ឍរាងកាយ អាចនឹងមានរពឹសនៅមិនស្ងៀមខ្លះដែរ(ដូចជា ចូលចិត្តវារទៅនេះទៅនោះ)។ ឪពុកម្ដាយគួរឱ្យកូនសាកល្បងធ្វើ សាកល្បងលូនវារ និងផ្ដល់ពេលវេលាឱ្យកូន លេងជាមួយកូន ផ្ដល់កម្លាំងចិត្តដល់កូនក្នុងការអភិវឌ្ឍរាងកាយ។

    អំឡុងវ័យហាត់ឈរ ៈ ក្នុងវ័យនេះ កូនត្រូវការចង់ហាត់ក្រោកឈរដោយខ្លួនឯង ចូលចិត្តតោងរបស់នេះរបស់នោះដើម្បីលើកខ្លួនឯងឡើង(ព្យាយាមឈរឱ្យបាន)។ ឪពុកម្ដាយគួរយកចិត្តទុកដាក់ថែទាំ និងនៅចាំជួយជិតៗឱ្យកូនបានហាត់ឈរ និងអភិវឌ្ឍសាច់ដុំផ្សេងៗ។

    អំឡុងពេលចាប់ផ្ដើមដើរ ៈ នៅពេលកូនអាចដើរដោយខ្លួនឯងបាន ឪពុកម្ដាយគួរឱ្យកូនហាត់ដើរដោយខ្លួនឯង អាចនឹងដឹកដៃកូនដើរលេងនៅលើវាលស្មៅខាងមុខផ្ទះ ឬតាមសួនច្បារសាធារណៈ។ កុំសូវបី ឬពកូនទៀត តែឱបថើបកូនឱ្យច្រើនឡើង។

    ពេលចាប់ផ្ដើមចូលរៀនសាលាមត្តេយ្យ ៈ កូននឹងចាប់ផ្ដើមចង់ធ្វើអ្វីៗដោយខ្លួនឯង ដូចជាដួសបាយញ៉ាំខ្លួនឯង ញ៉ាំទឹកខ្លួនឯង ជាដើម។ល។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនបានហាត់ធ្វើដោយខ្លួនឯង ទោះជាប្រឡាក់ប្រឡូសខ្លះ ក៏ត្រូវតែបណ្ដោយដែរ និងបង្ហាត់បង្រៀនជាបណ្ដើរៗថា តើត្រូវធ្វើយ៉ាងណាខ្លះ។ មិនគួរប្រញាប់បង្ខំឱ្យកូនត្រូវតែទៅរៀនយល់ដឹងរឿងនេះរឿងនោះតាមដែលឪពុកម្ដាយចង់ឱ្យកូនចេះនោះឡើយ។

    នៅពេលកូនចូលរៀនបឋមសិក្សា ៈ កូននឹងចូលចិត្តលេង មានកិច្ចការងារជាមួយពួកម៉ាកមិត្តភ័ក្តិជាច្រើន។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនលេង និងផ្ដល់កម្លាំងចិត្តក្នុងកិច្ចការងារផ្សេងៗដែលគេមានចំណែករួម។ ឪពុកម្ដាយគួរធ្វើខ្លួនឱ្យដូចពួកម៉ាក បើកូនត្រូវការឱ្យឪពុកម្ដាយចូលរួមក្នុងកិច្ចការងារណាមួយផងដែរនោះ។

    នៅពេលកូនចូលអនុវិទ្យាល័យ ៈ សាកល្បងបណ្ដោយឱ្យកូនមានឥស្សរភាពខាងការគិត បង្ហាត់ឱ្យកូនសាកល្បងពិចារណាពីហេតុផល និងឪពុកម្ដាយត្រូវទទួលស្ដាប់នូវអ្វីដែលកូននិយាយ និងរឿងដែលកូនគិតឱ្យបានច្រើន កុំយកគំនិតរបស់ខ្លួនឯងជាគោល។ បើកូនត្រូវការធ្វើកិច្ចការងារ ឬធ្វើអ្វីមួយ បើជារឿងដែលមិនបង្កគ្រោះថ្នាក់ ឪពុកម្ដាយគួរផ្ដល់កម្លាំងចិត្ត និងនៅចាំធ្វើជាទីប្រឹក្សាដល់កូន។

    នៅពេលកូនឡើងវិទ្យាល័យ ៈ កូននឹងមានគំនិតជារបស់ខ្លួនឯង ចង់រួមក្រុមជាមួយមិត្តភ័ក្តិ ឬទៅណាមកណាជាមួយមិត្តភ័ក្តិកាន់តែច្រើនឡើង។ បើឪពុកម្ដាយមើលថែទាំកូន ធ្វើខ្លួនជាមិត្តដ៏ល្អរបស់កូនមកតាំងពីដំបូង កូននឹងមិនស្រឡាញ់មិត្តភ័ក្តិរហូតដល់ភ្លេចឪពុកម្ដាយនោះទេ ដូច្នេះឪពុកម្ដាយគួរតែនៅតែធ្វើខ្លួនជាមិត្តល្អ ជាទីប្រឹក្សា នៅចាំគាំទ្រ និងលើកទឹកចិត្តកូនជានិច្ច។ កុំធ្វើខ្លួនជាអ្នកកំណត់ជោគជតាជីវិតរបស់កូន ឬហាមធ្វើរឿងនេះ ហាមធ្វើរឿងនោះ។ ការចិញ្ចឹមមើលថែកូនក្នុងវ័យនេះ ត្រូវប្រើការនិយាយស្ដីដោយហេតុ និងផល កុំប្រើអារម្មណ៍មួម៉ៅខឹងសម្បាឱ្យសោះ។

    នៅពេលកូនចូលរបងមហាវិទ្យាល័យ ៈ កូននឹងបានជួបសង្គមដែលកាន់តែធំឡើង បញ្ហាផ្សេងៗក៏នឹងមានច្រើនឡើងដែរ។ ឪពុកម្ដាយគួរខ្លួនធ្វើជាទីប្រឹក្សា ជជែកនិយាយពិភាក្សាគ្រប់រឿងជាមួយកូន។ នៅធ្វើជាកម្លាំងចិត្តដល់កូន កុំឱ្យកូនមានអារម្មណ៍ថា ត្រូវរងសម្ពាធពីសេចក្ដីសង្ឃឹមរបស់ឪពុកម្ដាយ តែគួរធ្វើឱ្យកូនបានដឹងថា ប៉ាម៉ាក់នៅចាំធ្វើជាកម្លាំងចិត្តដល់កូនជានិច្ច។

    នៅពេលឪពុកម្ដាយបានដឹងពីតម្រូវការគោលៗរបស់កូនក្នុងវ័យនីមួយៗហើយ ឪពុកម្ដាយក៏អាចត្រៀមខ្លួនឯងឱ្យព្រមរួចជាស្រេចបានយ៉ាងត្រឹមត្រូវដែរ ហើយកូនរបស់យើងក៏នឹងធំធាត់ឡើងក្លាយជាមនុស្សល្អ មានសភាវអារម្មណ៍ និងចិត្តគំនិតដែលល្អ ដែលទាំងអស់នោះប្រហែលជាអ្វីដែលឪពុកម្ដាយគ្រប់រូបរំពឹងសង្ឃឹមចង់ឱ្យកូនរបស់ខ្លួនក្លាយជាបែបហ្នឹងដូចគ្នា៕

  • គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    ចាប់ផ្ដើមពីវ័យកើតដំបូង រហូតចូលដល់បឋមវ័យ(6 ឆ្នាំដំបូង) កូនរបស់យើងនឹងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតឆាប់រហ័សខ្លាំងណាស់ បើយើងអាចជួយបន្ថែមឱ្យកូនមានវិវឌ្ឍនាការដែលត្រឹមត្រូវ ស័ក្តិសមតាមវ័យរបស់គេបានទៀតផងនោះ នឹងរឹតតែធ្វើឱ្យកូនរបស់យើងក្លាយជាក្មេងដែលមានអាកប្បកិរិយា និងទង្វើដែលល្អ មានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ខ្ពស់ជាមិនខាន។

    យើងអាចជួយបន្ថែមវិវឌ្ឍនាការផ្សេងៗរបស់កូនបានតាមវិធី 4 យ៉ាងតទៅនេះ ៈ

    1 . ឱ្យកូនបានឃើញនូវអ្វីដែលល្អ

    កូនរបស់យើង(ទោះជាទើបនឹងកើតក្ដី)អាចរៀនយល់ដឹងនូវអ្វីដែលខ្លួនឯងមើលឃើញបាន។ ការមើលឃើញនេះ មានន័យរួមទាំងទង្វើមួយចំនួនរបស់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមដែលធ្វើចំពោះកូនរបស់យើងផងដែរ ដោយទង្វើផ្សេងៗដែលក្មេងមើលឃើញនោះ គេនៅមិនទាន់អាចញែកបំបែកបានថា រឿងនោះជារឿងត្រឹមត្រូវ ឬស័ក្តិសមនោះទេ តែក្មេងនឹងជ្រួតជ្រាបនូវអ្វីដែលបានឃើញទាំងអស់ ហើយចុងក្រោយក៏នឹងក្លាយជាទង្វើរបស់កូនខ្លួនឯងតែម្ដង ដូចជា ក្មេងដែលមើលឃើញឪពុកម្ដាយចូលចិត្តច្រៀង មានអារម្មណ៍ល្អ ឬលេងតន្រ្តី នៅពេលកូនធំឡើង កូនក៏នឹងមានសេចក្ដីស្រឡាញ់ក្នុងផ្នែកតន្រ្តី មានផ្លូវចិត្តទន់ភ្លន់ ឬករណីដែលឪពុកម្ដាយ ឬអ្នកចិញ្ចឹមមិនចូលចិត្តញ៉ាំបន្លែ នៅពេលកូនធំឡើងក៏ច្រើនតែមិនញ៉ាំបន្លែដែរ។

    2 . ឱ្យកូនបានឮនូវអ្វីដែលល្អ

    ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារកទើបនឹងកើតក៏អាចដឹងបានដែរ ជាពិសេសក្មេងក្នុងអំឡុងបឋមវ័យ(កើតដំបូង-6ឆ្នាំ) ក្មេងនឹងតាំងចិត្តស្ដាប់ និងមានអារម្មណ៍ឆាប់ចាំបានចំពោះសំឡេងផ្សេងៗ។ បើអ្នកណាដែលធ្លាប់ចិញ្ចឹមកូន នៅពេលកូនតូចអាយុបានប្រមាណ 3 – 4 ខែនឹងបានឃើញថា ពេលដែលយើងពកូនហើយនិយាយជាមួយកូន កូននឹងធ្វើមាត់ជីបអូចៗ កែវភ្នែកនឹងសម្លឹងចំមុខឪពុក ឬម្ដាយដែលកំពុងពគេ។ គេនឹងតាំងចិត្តស្ដាប់សំឡេងផ្សេងៗដែលបន្លឺមករកគេ ដូច្នេះ សំឡេង ឬពាក្យសម្ដីផ្សេងៗដែលមិនល្អ ជាពិសេសពាក្យលាន់មាត់ ពាក្យជេរបញ្ចោរដែលច្រើនតែជាពាក្យខ្លីៗ(1 – 2 ម៉ាត់)នឹងក្លាយជាពាក្យដែលក្មេងបឋមវ័យអាចចងចាំបានយ៉ាងងាយ ដូច្នេះបើមិនចង់ឱ្យកូននិយាយស្ដីអាក្រក់ស្ដាប់ ឪពុកម្ដាយ និងអាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែង កុំប្រើពាក្យសម្ដីណាដែលមិនល្អឱ្យក្មេងបានឮ។ កុំគិតថា កូននៅតូច នៅមិនទាន់ស្ដាប់យល់ឱ្យសោះ ព្រោះក្មេងអាចចងចាំលក្ខណៈការបញ្ចេញសំឡេងខ្លីៗទាំងនោះ និងអាចនិយាយចេញមកដោយមិនដឹងពីអត្ថន័យបាន ដែលទម្រាំឪពុកម្ដាយដឹងថា កូនរបស់ខ្លួនធ្លាប់មាត់នឹងពាក្យសម្ដីអាក្រក់ ជេរបញ្ចោរទាំងនោះ អាចនឹងពិបាកកែកុនក៏ថាបានដែរ។

    3 . ឱ្យកូនលេង និងធ្វើកិច្ចការងារល្អៗ

    ក្មេងក្នុងបឋមវ័យច្រើនតែចូលចិត្តលេងដែលជាធម្មជាតិរបស់កុមារ។ ឪពុកម្ដាយដែលយល់ដឹងពីវិវឌ្ឍនាការរបស់កូនក៏អាចនឹងរកមើលកិច្ចការងារណា ឬការលេងណាដែលស៊ីគ្នាជាមួយនឹងអំឡុងអាយុរបស់កូនបានដែរ។ ក្រៅពីនោះ ការលេងរបស់កុមារនេះនឹងក្លាយជាការរៀនយល់ដឹងដែលជំរុញប្រព័ន្ធប្រសាទទាំង 5 របស់គេបានយ៉ាងល្អ។

    4 . ផ្ដល់ការអប់រំបង្ហាត់បង្រៀនកូនតាំងពីនៅក្មេង

    ក្មេងក្នុងអំឡុងបឋមវ័យ មានភាពចង់ដឹងចង់ឃើញគ្រប់ពេលវេលា គេនឹងមានភាពក្លៀវក្លាស្វាហាប់ក្នុងការរៀនយល់ដឹងគ្រប់អ្វីៗដែលនៅជុំវិញខ្លួន ដូច្នេះការអប់រំបង្ហាត់បង្រៀនគឺជារឿងចាំបាច់ណាស់ ដោយការបង្ហាត់បង្រៀននោះគួរជាការបង្ហាត់បង្រៀនក្នុងលក្ខណៈអធិប្បាយ មិនមែនជាការបញ្ជា ឬហាមនោះទេ។ ទោះជាក្មេងក្នុងវ័យនេះនៅមិនទាន់អាចយល់នូវអ្វីដែលឪពុកម្ដាយអធិប្បាយបានទាំងអស់ក៏ដោយ តែការអធិប្បាយឱ្យកូនបានស្ដាប់តាំងពីតូច ឬបណ្ដោយឱ្យគេបានសាកល្បងធ្វើដោយខ្លួនឯង(ជាកិច្ចការងារដែលមិនបង្កគ្រោះថ្នាក់) ហើយឪពុកម្ដាយនៅចាំណែនាំចង្អុលបង្ហាញថា ហេតុអ្វីបានក្លាយជាបែបហ្នឹង នឹងថ្វើឱ្យកុមារអាចរៀនយល់ដឹង និងយល់ច្បាស់បានយ៉ាងឆាប់រហ័សជាងការបង្ហាត់បង្រៀនបែបប្រើពាក្យសម្ដីតែម្យ៉ាង ដូចជា ការបង្ហាត់កូនឱ្យចេះដុសធ្មេញ ដោយប្រើសម្ភារប្រដូច ដូចជាធ្មេញក្លែងក្លាយជាដើម។ ឱ្យកូនបានហាត់កាន់ច្រាសដុសធ្មេញដោយខ្លួនឯង និងឪពុកម្ដាយចង្អុលបង្ហាញថា ហេតុអីបានត្រូវដុសធ្មេញ ហេតុអីបានត្រូវកាន់ច្រាសដុសធ្មេញបែបហ្នឹង និងដុសរបៀបម៉េច ជាដើម៕

  • ការយល់ឃើញ​ 7យ៉ាង​ដ៏​ត្រឹមត្រូវ​របស់​អ្នកមាន​ និង​ការ​គិត​ផ្ទុយ​របស់​អ្នកក្រ​

    ការយល់ឃើញ​ 7យ៉ាង​ដ៏​ត្រឹមត្រូវ​របស់​អ្នកមាន​ និង​ការ​គិត​ផ្ទុយ​របស់​អ្នកក្រ​

    គម្លាត​រវាង​អ្នកមាន​ និង​អ្នកក្រ​ មិនមែន​ស្ថិតនៅ​លើ​ត្រឹមតែ​ទំហំ​ទ្រព្យសម្បត្តិ​នោះ​ទេ​ តែ​វា​ស្ថិតនៅ​ត្រង់​ការយល់ឃើញ​របស់​ពួកគេ​។

    តើ​ការ​គិត​របស់​អ្នកមាន​ និង​អ្នកក្រ​ ខុសគ្នា​ត្រង់ណា​ខ្លះ​? ខាងក្រោម​នេះ​ គឺជា​ឧទាហរណ៍​មួយចំនួន​ដែល​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​៖

    ​1.ការទិញ​ទំនិញ​តាម​អន​ឡាញ​៖

    ​   -ចំពោះ​អ្នកមាន​ ពួកគេ​ទិញ​តែ​របស់​ណា​ដែល​ចាំបាច់​សម្រាប់​បំពេញការងារ​ ពោល​គឺ​ ពួកគេ​នឹង​មិន​ខ្ជះខ្ជាយ​ប្រាក់​កាស់​ទៅលើ​របស់​ដែល​មិន​ចាំបាច់​នោះ​ឡើយ​។

    ​-ចំពោះ​អ្នកក្រ​វិញ​ ពួកគេ​ប្រឹង​ប្រមូល​លុយ​ដែល​ខ្លួន​មាន​ទៅ​បង្គ្រប់​ទិញ​របស់​ដែល​ខ្លួន​ចូលចិត្ត​ ដើម្បី​ឱ្យ​បាន​ “Free​” លើ​ការ​ដឹកជញ្ជូន​ ឬការ​ថែម​អ្វីមួយ​ ខណៈ​ទំនិញ​ដែល​ពួកគេ​បាន​ទិញ​នោះ​ មិនមែន​ជា​របស់​ចាំបាច់​ប៉ុន្មាន​ឡើយ​ ហើយ​ករណី​ខ្លះទៀត​ រយៈពេល​រាប់​ខែ​ទើប​ប៉ះ​របស់​នោះ​ម្ដង​។

    ​2.បន្ទាប់ពី​ជ្រុល​ទិញ​សំបុត្រ​ចូល​មើលកុន​ប៉ះ​រឿង​មិនល្អ​មើល​៖

    ​-អ្នកមាន​គិតថា​ វា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ដ៏​មានតម្លៃ​ ហើយក៏​ប្រញាប់​ត្រឡប់ទៅ​ផ្ទះ​។

    ​-អ្នកក្រ​វិញ​គិតថា​ ថ្វីបើ​ជា​រឿង​មិនល្អ​មើល​ ប៉ុន្តែ​ជ្រុល​ជា​បាន​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​ទៅ​ហើយ​ នៅ​មើល​ឱ្យ​ចប់​សាច់រឿង​សិន​។

    ​3.ប្រភព​ចំណូល​ថ្មី​៖

    ​-ការ​គិត​របស់​អ្នកមាន​ នៅពេល​មាន​ប្រភព​ចំណូល​ថ្មី​ គឺ​ពួកគេ​សប្បាយចិត្ត​ និង​គិតថា​ វា​ជា​ប្រភព​ទុន​មួយទៀត​ដែល​អាចយ​កទៅ​បង្កើន​ការ​វិនិយោគ​។

    -រី​ឯអ្នកក្រ​វិញ​បែរជា​គិតថា​ ខ្លួន​អស្ចារ្យ​ ហើយ​ត្រៀម​យក​ប្រាក់ចំណូល​បន្ថែម​នោះ​ ដាក់​ចូល​ទៅ​ក្នុង​ខ្ទង់​សន្សំ​។

    4.ភាព​ខុសគ្នា​ធំ​បំផុត​ក្នុង​គំនិត​របស់​ពួកគេ​នោះ​គឺ​ អ្នកក្រ​តែង​គិត​អំពី​ប្រយោជន៍​ចំពោះមុខ​ ចំណែក​អ្នកមាន​វិញ​ ពួកគេ​គិត​អំពី​ផលប្រយោជន៍​យូរអង្វែង​។

    5.សម្រាប់​អ្នកក្រ​ ការ​សន្សំ​គឺ​ ជា​និយមន័យ​ត្រឹមត្រូវ​តែមួយគត់​ក្នុង​គំនិត​របស់​ពួកគេ​ ឯអ្នកមាន​វិញ​ ពួកគេ​គិតដល់​តម្លៃ​មើល​មិនឃើញ​ដែល​លុយ​នឹង​នាំមក​ឱ្យ​ពួកគេ​។

    6.នៅពេល​មាន​ថ្ងៃឈប់​សម្រាក​ ឬទំនេរ​ពី​ការងារ​ អ្នកក្រ​នឹង​គិតដល់​គម្រោង​ដើរលេង​កន្លែងណា​មួយ​ដើម្បី​ចាយ​លុយ​ ប៉ុន្តែ​ចំពោះ​អ្នកមាន​វិញ​ គេ​គិតទៅ​លើ​ពាក្យមួយម៉ាត់​គត់​ នោះ​គឺ​ “វិនិយោគ​” ហើយ​ការ​ដើរលេង​ គឺជា​រឿង​បន្ទាប់បន្សំ​។

    7.ខណៈ​ដែល​អ្នកក្រ​គិតថា​ ខ្លួន​កំពុង​មានការ​ងារ​ច្រើន​ ការងារ​សំខាន់​ត្រូវ​ធ្វើ​ ត្រូវ​បារម្ភ​ ឯអ្នកមាន​វិញ​ មិន​គិត​បែបនេះ​ឡើយ​ ពួកគេ​តែង​ចង់​ធ្វើការងារ​ច្រើន​ និង​ការងារ​ធំដុំ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​