Tag: គេហដ្ឋាន

  • ពន្ធ​លើ​អចលនទ្រព្យ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី

    ពន្ធ​លើ​អចលនទ្រព្យ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី

    ពន្ធលើអចលនទ្រព្យគឺជា​ពន្ធ​មួយ​ប្រភេទ​ដែល​បង្ហាញ​វត្តមាន​តាំង​ពី​បុរាណ​​​រហូត​ដល់​បច្ចុប្បន្ន ហើយ​តែង​តែ​ផ្ដោត​ទៅ​លើ​ដីធ្លី និង​សំណង់​នៅលើ​ដីធ្លី​។ តាំង​ពី​បណ្ដា​ឆ្នាំ​ 200 មុន​គ្រិស្តសករាជ ដល់​ឆ្នាំ 300​ នៃ​គ្រិស្តសករាជ ជនជាតិ​រ៉ូម៉ាំង​បាន​យក​ពន្ធលើដីធ្លី និង​សំណង់​នៅ​លើដី​។ បច្ចុប្បន្ន ពន្ធ​លើ​អចលនទ្រព្យ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ ដោយ​ប្រើប្រាស់​រូបមន្ត​ និង​ឈ្មោះ​ផ្សេង​ៗ​គ្នា​ មានជា​អាទិ៍ ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ ពន្ធ​លើ​ការ​ផ្ទេរសិទ្ធិកាន់​កាប់​​អចលនទ្រព្យ​ ពន្ធ​លើ​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​ ពន្ធ​មរតក ពន្ធ​លើ​អំណោយ​ដែល​សំដៅ​លើ​អចលនទ្រព្យ​ដែល​ជា​មរតក ឬ​អំណោយ​​ជា​ដើម​។

    យោង​តាម​និយមន័យ​ដែល​កំណត់​ដោយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និង​អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធ​លើ​អចលនទ្រព្យ​គឺជា​ខ្ទង់​ប្រាក់ដែល​​រដ្ឋ​ប្រមូល​​​តាម​កាល​កំណត់​ ឬ​មិន​តាម​​កាល​កំណត់​ ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ កាន់​កាប់​ និង​ផ្ទេរសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​។ គោលដៅ​​ដែល​ត្រូវ​ជាប់​​ពន្ធ​នេះ​​ភាគ​ច្រើន​គឺជា​ផ្ទះ និង​ដី ប៉ុន្តែ អាច​ខុស​គ្នា​ខ្លះ​ទៅ​តាម​ប្រទេស​នីមួយ​ៗ​។ ឧទាហេរណ៍​ នៅ​ប្រទេស​ចិន ពន្ធ​ដែល​ទាក់​ទង​នឹង​អចលនទ្រព្យ​រួម​មាន ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ដី​ក្រុង ពន្ធ​លើ​គេហដ្ឋាន​ ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ក្រុង និង​ពន្ធ​លើ​ការ​ប្រើប្រាស់​ដី​កសិកម្ម​ជា​ដើម​។ នៅប្រទេស​ថៃ មុន​ឆ្នាំ 2016 ​អចលនទ្រព្យ​ដែល​ជាប់​ពន្ធ​​រួម​មាន ​ផ្ទះ ដី និង​​ការ​អភិវឌ្ឍ​ដី​ធ្លី​។ល។

    បច្ចុប្បន្ន ពន្ធ​លើអចលនទ្រព្យ​កាន់​តែ​មាន​តួនាទី​សំខាន់​នៅ​ក្នុងខ្ទង់​​ប្រាក់​ចំណូល​សរុប​របស់​ប្រទេស​នានា ដោយ​មាន​អត្រា​ជា​មធ្យម​ពី 3 ទៅ 4% បើ​ធៀប​នឹង​ប្រាក់​ចំណូល​សរុប​ដែល​បាន​ពី​ពន្ធ​នៅ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ​ ខណៈ​ប្រទេស​ខ្លះ​ដូច​ជប៉ុន​ជា​ដើម អត្រា​នេះ​ឡើង​ជិត​ដល់ 8%​។

    ខាង​ក្រោម​នេះ​គឺជា​តារាងសមាមាត្រ​នៃ​ចំណូល​បាន​ពី​ពន្ធ​លើអចលនទ្រព្យ​ ធៀប​នឹង​ចំណូលសរុប​ដែល​បាន​ពី​​ពន្ធ​​​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី​៖

    ប្រទេស2005200620072008200920102011201220132014
    ជប៉ុន7.36.86.87.37.97.77.576.86.4
    កូរ៉េខាងត្បូង2.43.13.63.63.23.13.03.03.13.2
    ឥណ្ឌូណេស៊ី4.34.84.53.63.63.73.12.72.11.8
    ម៉ាឡេស៊ី3.94.243.63.943.53.23.23.4
    ហ្វ៊ីលីពីន32.62.42.42.62.42.52.42.22.2
    សិង្ហបុរី7.17.06.67.65.46.78.57.58.28.0

     

  • តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    ក្រោយពីរៀបការរួចហើយ គូស្នេហ៍ជាច្រើនគូអាចកំពុងតែនឹកស្រមៃដល់ផែនការការធ្ចើដំណើរទេសចរណ៍ទៅទីឆ្ងាយៗ ផែនការទិញផ្ទះ កែសម្រួលគេហដ្ឋាន ឬសន្សំលុយទិញឡានថ្មីជាដើម តែ ស្រាប់តែមកដឹងខ្លួនថា ខែនេះអ្នកកំពុងតែជិតក្លាយខ្លួនជាអ្នកម្តាយថ្មីម្នាក់ទៅវិញ នោះគឺការមានគភ៌ដោយមិនបានតាំងចិត្ត ដែលវាអាចកើតឡើងដោយសារការពន្យារកំណើតខុសឆ្គង។ ទាំងអស់នេះ វាអាចធ្វើឱ្យគូស្វាមីភរិយា​​ខ្លះ​ស្រាប់តែកើតមានសភាវតានតឹងក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ឬមិនដឹងជារៀបចំខ្លួនយ៉ាងណាជាមួយនឹង​ការជិត​មាន​សមាជិក​ថ្មីម្នាក់​នៅក្នុងផ្ទះ។

    ថ្ងៃនេះឡា រ៉ែនមានដំបូន្មានល្អៗអំពីរឿងនេះមកជម្រាបជូនដូចខាងក្រោម៖

    តាំងស្មារតី

    អាចមិនមែនជារឿងងាយប៉ុន្មានឡើយក្នុងការរៀបចំផ្លូវចិត្តដើម្បីទទួលយកការប្រែប្រួលដ៏ធំធេងលើកនេះ ដូច្នេះអ្វីដែលល្អបំផុត​គឺ សូមកុំភ្ញាក់ផ្អើល ឬភិតភ័យអ្វីខ្លាំងជ្រុលពេក។ អាចនឹងសុំឈប់សម្រាកពីការងារ 1ថ្ងៃ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចក្នុង​ផ្នែកផ្សេងៗ ដែលទោះជាជួនកាលអាចមើលឃើញថា មិនទាន់ពេញលេញល្អប៉ុន្មានក្ដី ទាំងរឿងប្រាក់ចំណូល ពេលវេលា ឬលក្ខណៈ​​ការងារក៏ដោយ តែគួរសម្លឹងមើលក្នុងន័យវិជ្ជមានជាមុនសិន ព្រោះជួនកាលការមានសមាជិកថ្មីនៅក្នុងផ្ទះ អាចជាអ្វីមួយដែលក្រុមគ្រួសាររបស់អ្នកប្រាថ្នាចង់បានស្រាប់ទៅហើយ គ្រាន់តែបន្ថយពេលវេលាឱ្យឆាប់ជាងមុន និងពិភាក្សាគ្នាដើម្បីកែសម្រួលផែនការជីវិតជាថ្មីប៉ុណ្ណោះ ដូច្នេះចូរនាំគ្នាគិតម្តង 1ចំណុចៗ ជឿថា អ្វីៗគ្រប់យ៉ាងនឹងមិនមែនជារឿងពិបាកឡើយ។

    ប្រឹក្សាជាមួយមនុស្សចាស់ និងអ្នកជិតដិត

    កុំសន្សំទុកភាពតានតឹងនៅក្នុងខ្លួនតែម្នាក់ឯង បើមានអារម្មណ៍ថាខ្លាចក្នុងការបង្ហើបប្រាប់ទៅមិត្តរួមការងារ សាច់ញាតិ ឬមនុស្ស​ក្នុងគ្រួសារ ក្នុងករណីដែលអ្នកមិនធ្លាប់ប្រាប់ពួកគេពីមុនមកថា មានផែនការចង់បានបុត្រនោះ ចូរគិតជាប់ជានិច្ចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលជានិច្ច ហើយមនុស្សដែលសំខាន់បំផុតគឺ ខ្លួនអ្នកហ្នឹងឯង។ បើការមានគភ៌ គឺជាដំណឹងល្អរបស់អ្នក ចូរព្យា​យាមរកពេលវេលាល្អៗប្រាប់ទៅអ្នកដទៃ និងជឿថា គ្រប់គ្នានឹងច្បាស់ជាសប្បាយចិត្តដែរមិនខាន បើខ្លួនអ្នកមានសេចក្តីសុខ រួចហើយ​ចូរកុំភ្លេចសុំពាក្យណែនាំ ឬដំបូន្មានល្អៗពីមនុស្សចាស់ដែលធ្លាប់មានបទពិសោធពីមុនផង។

    ទៅពិនិត្យរាងកាយភ្លាម

    នេះគឺជារឿងទី1 ដែលត្រូវតែធ្វើ បន្ទាប់ពីដឹងខ្លួនថាមានគភ៌ ដែលវាមានភាពសំខាន់ខ្លាំងណាស់ចំពោះការសម្រេចចិត្តថាតើអ្នកមានភាពត្រៀមខ្លួនជាស្រេចសម្រាប់ការមានគភ៌នេះឬទេ? ជាពិសេសភាពត្រៀមជាស្រេចរបស់រាងកាយ ដែលកម្មវិធីការពិនិត្យនោះ នឹងមានទាំងការពិនិត្យឈាម ពិនិត្យរកមើលរោគប្រចាំកាយ និងផ្សេងៗទៀត ដើម្បីគ្រូពេទ្យបានផ្តល់នូវពាក្យណែនាំដែលល្អៗបំផុតសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយ។

    ទៅពិនិត្យគភ៌ក្នុងអំឡុង 2 – 3 ខែ

    ការពិនិត្យគភ៌ មិនត្រឹមតែនឹងធ្វើឱ្យអ្នកដឹងពីការប្រែប្រួលរបស់គភ៌ប៉ុណ្ណោះទេ​ តែនៅបានដឹងពីពាក្យណែនាំក្នុងការថែទាំគភ៌ ការថែទាំខ្លួនរបស់ស្ត្រីក្នុងអំឡុងពេលមានគភ៌រហូតដល់ពេលប្រសូត្រ។ ការកែបញ្ហាសភាវជ្រៀតជ្រែកផ្សេង​​​ៗ និងបានទទួល​ការ​ពិនិត្យ​គភ៌ជាដំណាក់​កាលយ៉ាងជាប់លាប់ទៀតផង។ ក្នុងករណីដែលកូននៅក្នុងផ្ទៃមានភាពខុសប្រក្រតីណាមួយ ក៏នឹង​អាចជួយកែ​បញ្ហា​បានទាន់ពេលវេលា។

    រៀបចំតារាងពេលវេលារង់ចាំទទួលកូនសម្លាញ់

    កត់ជាកំណត់ហេតុទុកនូវគ្រប់រឿងរ៉ាវដែលកើតឡើង និងសាកល្បងគិតទៅដល់ 9ខែខាងមុខទៀត ដើម្បីរាប់ពេលវេលាថយក្រោយថា ក្នុងខែនីមួយៗ ក្នុងអំឡុងពេលនីមួយៗ តើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីផ្តល់ពេលវេលាមួយរយៈសម្រាប់ការត្រៀមខ្លួនជាស្រេច។ ឡារ៉ែនជឿថា ទំរាំតែដល់ថ្ងៃនោះ អ្នកនឹងមានភាពត្រៀមខ្លួនជាស្រេច និងមានសេចក្តីសុខសម្រាប់ការប្រសូតសមាជិកតូចមួយចេញមក ដោយគ្មានអ្វីមួយរញ៉េរញ៉ៃ ឬតក់ក្រហល់ឡើយ៕

  • ទីផ្សារ​លំនៅឋាន​នៅតែមាន​ភាពល្អប្រសើរ ខណៈ​ការអភិវឌ្ឍ​គេហដ្ឋាន​តម្លៃ​សមរម្យ​កំពុង​អនុវត្ត

    ទីផ្សារ​លំនៅឋាន​នៅតែមាន​ភាពល្អប្រសើរ ខណៈ​ការអភិវឌ្ឍ​គេហដ្ឋាន​តម្លៃ​សមរម្យ​កំពុង​អនុវត្ត

    អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា វិស័យ​លំនៅឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារតែ​តម្រូវការ​នៅតែ​បន្ត​កើនឡើង និង​កំណើនសេដ្ឋកិច្ច​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ស្ថិរភាព។ កំណើន​នៃ​ការសាងសង់ និង​អភិវឌ្ឍន៍​វិស័យ​លំនៅឋាន​បាន​កើតឡើង​ស្ទើរ​គ្រប់​តំបន់ ជាពិសេស​នៅតាម​តំបន់ជាយៗក្រុង ដោយ​គេ​កត់សម្គាល់​ឃើញថា មានការ​កើនឡើង​ខ្ពស់ ដែល​ស្របទៅនឹង​តម្រូវការ​នៃ​ការរស់នៅ​ជា​កម្មសិទ្ធិ ដែល​កំពុង​ស្ថិតនៅក្នុង​អត្រា​ខ្ពស់​នៅឡើយ។

    លោក សន សៀ​ប ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Key Real Estateបាន ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណា​នោះទេ តម្រូវការ​លំនៅ​ឋានស​ម្រា​ប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅតែ​បន្ត​មាន​ជានិច្ច។

    លោក​បាន​បញ្ជាក់ថា៖“ចំពោះ​លំនៅឋាន​ដែល​ជាប់​ដី នៅមាន​ទីផ្សារ ភាគច្រើន​មាននៅ​តាម​តំបន់​ជាយក្រុង ហើយ​តម្លៃ​លក់ គឺ​ពី5 ទៅ 10ម៉ឺន​ដុល្លារ ដែលមាន​នៅលើ​ទីផ្សារ​ច្រើន ជា​គម្រោងថ្មីៗដែល​ត្រូវបាន​គេ​ប្រកា​សលក់។ ប៉ុន្តែ​នៅក្នុង​ហ្នឹង វា​មាន​ប្រភេទ​តម្លៃ​ថ្លៃ និង​តម្លៃថោក ទៅតាម​អ្វី​គេ​រៀបចំ​ឌី​ហ្សា​ញ​ឡើង ដែល​គេ​ឃើញថា នឹង​ទទួលបាន​ភាពជោគជ័យ”។

    លោក​អគ្គនាយក​បានបញ្ជាក់​ទៀតថា៖“ជាទូទៅ​តម្រូវការ​លំនៅឋាន​សម្រាប់​ស្នាក់នៅ ភាគច្រើន​ជា​ប្រភេទ​លំនៅឋាន​ដែលមាន​តម្លៃ​មធ្យម និង​ក្រោម​មធ្យម ដែល​អាចមាន​តម្លៃ​ត្រឹម 7ម៉ឺន​ដុល្លារ​ចុះក្រោម ដោយសារតែ​អត្រា​នៃ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​អាចមាន​លទ្ធភាព​ក្នុង​ការរក ចំណូល​បាន​កម្រិត​មធ្យម​ចាប់ពី400 ទៅ 800ដុល្លារ​ក្នុង 1ខែ ឬ​លើសពីនេះ​តិចតួច​ហាក់​មាន​កម្រិត​នៅឡើយ”។

    លោក​បាន​បន្តទៀតថា៖“និន្នាការ​ក្នុង​ការទិញ​លំនៅឋាន​សម្រាប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ បច្ចុប្បន្ននេះ គឺ​ស្ថិតក្នុង​រូបភាព​ការទិញ​ដោយ​ការបង់​រំលស់​ប្រចាំខែ​ជាមួយ​ធនាគារ​ទៅលើ​លំនៅឋាន ដែលមាន​តម្លៃ​ត្រឹម 5ម៉ឺន​ដុល្លារ​ចុះក្រោម​ក្នុង​រយៈពេល​ជាង10 ទៅ 15ឆ្នាំ ហើយ​តម្លៃ​ថ្លៃ​ជាង​នេះ គឺអាច​លើសពី​លទ្ធភាព​របស់​ពួកគាត់ ប៉ុន្តែ​ចំពោះ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​វិញ នឹងមាន​តម្លៃ មិន​លើសពី 3ម៉ឺន​ដុល្លារ​ទេ”។

    លោក​ឧកញ៉ា តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន R Investment Group ត្រូវបាន​គេ​ស្រង់​សម្តី​ថា តម្រូវការ​លំនៅឋាន​នៅ​កម្ពុជា​ពិតជា​មាន​កំណើន​ខ្ពស់​មែន ខណៈដែល​ការផ្គត់ផ្គង់​ហាក់​នៅមានកម្រិត។ លោក​បាន​មានប្រសាសន៍ថា លំនៅឋាន​ដែល​កំពុងមាន​ទីផ្សារ​ទូ​លាយ​នៅពេលនេះ គឺជា​លំនៅឋាន​កម្រិត​មធ្យម ដែលមាន​តម្លៃ​មិន​លើសពី 7ម៉ឺន​ដុល្លារ។

    លោក​ឧកញ៉ា បាន​មានប្រសាសន៍ថា៖“តម្លៃ​ផ្ទះ​ថ្លៃ ឬ​ថោក គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​សំណង់ និង​ទីតាំង​អភិវឌ្ឍន៍ ហើយ​ភាគច្រើន ផ្ទះ​ដែលមាន​តម្លៃ​សមរម្យ និង​ក្រោម​មធ្យម ត្រូវបាន​អ្នក​អភិវឌ្ឍន៍​ធ្វើឡើង​តម្រូវ​ទៅតាម​តំបន់ ស្របទៅនឹង​កម្រិតជីវភាព​របស់​ប្រជាជន​ដែលមាន​តម្រូវការ”។

    លោក​ឧកញ៉ា​បន្តទៀតថា សម្រាប់​ផ្ទះ​ដែលមាន​តម្លៃ​ចាប់ពី​ជាង10 ម៉ឺន​ឡើងទៅ​រហូតដល់ 30ម៉ឺន​ដុល្លារ ក៏មាន​តម្រូវការ​ដូចគ្នា ប៉ុន្តែ​សម្រាប់​ប្រភេទ​អតិថិជន​ដែលមាន​ចំណូល​ខ្ពស់ និង​ស្ថិតនៅក្នុង​ទីតាំង​ល្អ នៅក្បែរ​ក្រុង និង​ជាទី​ប្រជុំជន ងាយ​អាស្រ័យ​ផល​ពី​ការធ្វើ​អាជីវកម្ម ហើយ​ផ្ទះ​ប្រភេទ​នេះ ច្រើន​ត្រូវបាន​គេ​សាងសង់​ជា​ប្រភេទ Shop House។ បច្ចុប្បន្ន សម្រាប់​លំនៅឋាន ដែលមាន​តម្លៃ​មធ្យម និង​ក្រោម​មធ្យម ត្រូវបាន​អ្នកវិនិយោគ សាងសង់​ឡើងជា​ប្រភេទ​វីឡា​ទោល ឬ​បែប​វីឡា​កូនកាត់ ខណៈដែល​លំនៅឋាន​ប្រភេទ​នេះ​កំពុងតែ​មានការ​ពេញនិយម។

    ដោយឡែក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2020 បានប្រកាសថា ក្រោម​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន និង​គោលនយោបាយ​ស្តីពី​ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់ឱកាស​ជូន​ប្រជាជន​ទូទាំងប្រទេស​ឱ្យមាន​លំនៅឋាន​សមរម្យ អាច​រស់​នៅបាន​ប្រកបដោយ​ផាសុកភាព សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ ជាពិសេស​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ តាមរយៈ​ការផ្តល់​ជា​កញ្ចប់​វិធានការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ ផ្នែក​វិនិយោគសាធារណៈ និង​ផ្នែក​និយតកម្ម ដើម្បី​ទាក់ទាញ​ការចូលរួម​ពី​វិស័យ​ឯកជន ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ។ ដើម្បី​ទទួលបាន​គោលនយោបាយ​លើកទឹកចិត្ត​ទាំងនេះ គម្រោង​នានា​ត្រូវមាន​លំនៅឋាន​ចំនួន 100ខ្នង​មានតម្លៃ​ទាប ចន្លោះ​ពី 15,000ដុល្លារ ទៅ 30,000ដុល្លារ ហើយ​គម្រោង​ទាំងអស់​ក៏ត្រូវ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ 20គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ និង​ត្រូវមាន​ទីធ្លា​បៃតង។

    គួរ​បញ្ជាក់ដែរថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​នេះ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​កំពុង​អភិវឌ្ឍ​លើ​គម្រោង​ចំនួន5 ដែល​គម្រោង​ទាំងនោះ​មាននៅ​រាជធានី​ភ្នំពេញ​ចំនួន 2គម្រោង ខេត្តកណ្តាលចំនួន 2គម្រោង និង​ខេត្តបន្ទាយមានជ័យ ចំនួន 1គម្រោង ដែល​អាច​សាងសង់​លំនៅឋាន​សរុប​បាន​ប្រមាណ​ជា 8,331ខ្នង។ លំនៅឋាន​ដែលជា​ចំណែក​ឯកជន នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ 30,000(បី​ម៉ឺន)ដុល្លារ​អាមេរិក​ចុះក្រោម។

    ឯកឧត្តម​ ជា សុផារ៉ា(កណ្តាល) រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់

    ឯកឧត្តម​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ​នេះ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃសមរម្យ​របស់​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ ហូ​ម(World-Bridge Homes Co)ដែលជា​គម្រោង1 ក្នុងចំណោម​គម្រោង​ទាំង5 របស់​ក្រុមហ៊ុន​នេះ។

    សម្រាប់​គម្រោង​របស់​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ ហូ​ម​ ដែល​ឯកឧត្ដម ជា សុផារ៉ា ចុះទៅពិនិត្យ​ខាងលើនេះ កំពុង​សាងសង់​លើ​ផ្ទៃដី​សរុប​ប្រមាណ 23ហិកតា មាន​លំនៅឋាន​ចំនួន 2,457ខ្នង ស្ថិតនៅ​ក្នុងភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ចម្ងាយ8គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ ដែលមាន​ទុនវិនិយោគ​ប្រមាណ 73លាន​ដុល្លារ​អាមេរិក។ ដោយសារតែ​នេះ​ជា​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ​ដំបូង​គេ​នៅ​កម្ពុជា ក្រុមហ៊ុន​បានកំណត់​គុណភាព និង​ស្តង់ដា សម្រាប់​ឱ្យ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​បន្តបន្ទាប់​អាច​យក​ធ្វើជា​គំរូ​បាន។

    គម្រោង​នេះ​នឹង​រួមបញ្ចូល​ទាំង​ឧទ្យាន និង​សួនច្បារ ទីធ្លា​បៃតង ផ្សារ សាលារៀន មន្ទីរពេទ្យ និង​អាច​នឹងមាន​ស្ថានីយ​រថយន្តក្រុង​សាធារណៈ និង​មាន​បម្រុង​ដី​ទុក​សម្រាប់​ក្រុម​អាជីវកម្មតូចៗផងដែរ។ មកដល់ពេលនេះ ក្រុមហ៊ុន​បាន​លក់​ផ្ទះ​អស់​ចំនួន 1,088ខ្នង​ហើយ ដែល​ស្មើនឹង 44% នៃ​ចំនួន​ផ្ទះ​សរុប ក្នុងនោះ​អតិថិជន​ជា​មន្ត្រីរាជការ​មាន​ចំនួន​ជាង 23%។

    ក្រុមហ៊ុន​បានបញ្ចប់​ការសាងសង់​ផ្ទះ​ជា​ស្ថាពរ​ចំនួន 603ខ្នង ដោយ​គ្រោង​នឹង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​គម្រោង​ទាំងមូល​នៅមុន​ដំណាច់ឆ្នាំ2020 នេះ។ នេះ​បើតាម​ការ​ឱ្យដឹងពី​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ខាងលើ៕