Tag: គុណវិបត្តិ

  • ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ស្ត្រីដែលទើបតែមានគភ៌ជាលើកដំបូងដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវមើលថែទាំអ្វីខ្លះទៀត ក្រៅពីការជ្រើសរើសចំណីអាហារត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាកយ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? និងកិច្ចការងារពីមុនដែលធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា?។ ចំណុចសង្ស័យទាំងនេះ សុទ្ធតែជារឿងដែលអ្នកមានផ្ទៃពោះនៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។

    1-ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកមានគភ៌

    បើអ្នកមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វិតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត សារធាតុដែក)នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា 12 -15គីឡូក្រាម ជាមធ្យមកើន 1ខែ 2គីឡូក្រាម តែក្នុងត្រីមាសដំបូងទម្ងន់ខ្លួនអាចថយចុះ ដោយសារតែអាការចាញ់កូនដែលធ្វើឱ្យក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី2 ជាអំឡុងពេលអស់អាការចាញ់កូនហើយ ស្ត្រីមានគភ៌អាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់ខ្លួនកើនឡើងលឿនជ្រុលពេក។ ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់ បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក។ ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។

    2-បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងពេលមានគភ៌ត្រីមាសដំបូងដោយសារតែមិនដឹង តើនឹងមានគ្រោះថ្នាក់អ្វីដែរទេ?

    បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ និងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។​ ពេញមួយរយៈពេល 9ខែ ស្ត្រីមានគភ៌អាចត្រូវចូលទៅទទួលយកការចាក់វ៉ាក់សាំងការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់ រឹងប៉ឹង និងពេញលេញ ប្រាសចាកជំងឺតម្កាត់។

    3-តើវីតាមីនបន្ថែម ចាំបាច់ដែរឬទេ?

    សារធាតុអាហារដែលអ្នកមានគភ៌គួរទទួលទានបន្ថែមនោះគឺ សារធាតុដែកដែលជួយគាំទ្រការធ្វើការងាររបស់ហ៊ីម៉ូគ្លោប៊ីនក្នុងគ្រាប់ឈាមក្រហម ដែលជាអ្នកនាំអុកស៊ីហ្ស៊ែនឆ្ពោះទៅទារកដែលនៅក្នុងផ្ទៃ បើអ្នកមានគភ៌បានទទួលសារធាតុដែកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យកើតសភាវលោហិតស្លេកស្លាំង ហុចផលឱ្យកើតអាការនឿយល្វើយ ហត់ និងដកដង្ហើមមិនស្រួល។ ទាំងអស់នេះ ការទទួលទានសារធាតុដែកគួរស្ថិតក្នុងបរិមាណដែលសមល្មមតាមដែលរាងកាយត្រូវការ ចំណែកវិតាមីន និងសារធាតុអាហារផ្សេងទៀត បើទទួលទានអាហារគ្រប់ 5ប្រភេទក្រុមតាមពាក្យណែនាំរបស់គ្រូពេទ្យហើយនោះ មិនចាំបាច់ទទួលទានវីតាមីនបន្ថែមក៏បានដែរ តែគួរញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីបង្កើនភាពរឹងមាំដល់ឆ្អឹងរបស់ទារកនៅក្នុងផ្ទៃ មិនគួរទទួលទានថ្នាំសារធាតុដែកលាយគ្នាជាមួយទឹកដោះគោឡើយ ព្រោះវាធ្វើឱ្យមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។

    4-ស្វាមីទ្រាំមិនបាន សុំមានភេទសម្ព័ន្ធក្នុងអំឡុងពេលមានគភ៌

    ការមានភេទសម្ព័ន្ធ មិនមែនជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ លើកលែងតែខាងប្រុសមានជំងឺកាមរោគ។ ក្នុងអំឡុងត្រីមាសទី3 សូមឱ្យលោកប្ដីអត់ទ្រាំបន្តិច ព្រោះជាដំណាក់កាលសំខាន់ណាស់ គភ៌របស់ភរិយាមិនគួរទទួលរងកម្លាំងញ័ររញ្ជួយអ្វីទាំងអស់ ដើម្បីការពារការប្រសូតមុនកំណត់ និងអាចធ្វើឱ្យទារកមិនរឹងប៉ឹងបាន។ បើត្រីមាសទី1 និង 2 ស្ត្រីមានគភ៌គួរសង្កេតមើលផងថា តើមានអាការខុសប្រក្រតីអ្វីឬទេ? ដូចជា ឈឺពោះមុនពេលកំណត់ និងមានឈាមធ្លាក់ចេញពីមាត់ស្បូន ជាដើម។ បើមានអាការទាំងនេះ គួរបញ្ឈប់ការមានភេទសម្ព័ន្ធ និងប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

    5-ទឹកដោះដែលគួរញ៉ាំ

    ក្នុងអំឡុងពេលមានគភ៌ ស្ត្រីអាចញ៉ាំទឹកដោះបានគ្រប់ប្រភេទ ទាំងទឹកដោះគោ ទឹកដោះពពែ ឬទឹកសណ្តែកលឿង (មិនចាំបាច់តែទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏បានដែរ) និងគួរញ៉ាំឱ្យបានទ្វេដង ព្រោះរាងកាយរបស់អ្នកមានគភ៌ត្រូវការកាល់ស្យូម និងកូនតូចក៏ត្រូវការកាល់ស្យូមដែរ ព្រោះកាល់ស្យូមនេះជួយការពារសភាវលើសឈាមបាន។

    6-មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌…

    …គួរប្រឹក្សាជាមួយគ្រូពេទ្យសម្ភព គឺជាវិធីដែលល្អបំផុត ព្រោះថ្នាំប្រភេទខ្លះមានគ្រោះថ្នាក់ដល់ទារក ដូចជាស្ត្រីមានគភ៌ដែលរក្សាសម្ផស្ស ត្រូវការញ៉ាំថ្នាំព្យាបាលមុន និងថ្នាំព្យាបាលមុនខ្លះជាប្រភេទលាប និងខ្លះទៀតជាប្រភេទលេប ដែលអាចចាត់ទុកថាជាប្រភេទថ្នាំគ្រោះថ្នាក់ ដែលមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងគភ៌ អាចធ្វើឱ្យកើតពិការភាពបាន ដូច្នេះមុននឹងប្រើថ្នាំគួរប្រឹក្សាជាមួយគ្រូពេទ្យ និងត្រូវប្រាប់គ្រូពេទ្យគ្រប់ពេលថា ខ្លួនឯងមានគភ៌ ដើម្បីបានទទួលការផ្តល់ថ្នាំដែលត្រឹមត្រូវ។

    7-មានដុំសាច់ដុះលើរាងកាយក្នុងអំឡុងពេលមានគភ៌

    ភាពគ្រោះថ្នាក់ អាស្រ័យលើទីតាំង និងលក្ខណៈរបស់សាច់ដុះនោះ។ នៅពេលស្ទាបប៉ះ ស្ត្រីមានគភ៌គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃពីដុំសាច់ដុះនោះ និងធ្វើការព្យាបាលជាបន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួនជាស្រេចមុនពេលមានគភ៌ គឺជារឿងចាំបាច់ ដូចជា ពិនិត្យរកមើលសាច់ដុះ និងធ្វើការព្យាបាលឱ្យជាសះស្បើយមុនពេលសម្រេចចិត្តមានគភ៌ វានឹងជួយកាត់បន្ថយសភាវគភ៌ប្រថុយប្រថានបាន។

    ការមើលថែទាំគភ៌យ៉ាងត្រឹមត្រូវតាមគោលភោជនាហារ និងពាក្យណែនាំរបស់ពេទ្យ ទារកនឹងធំធាត់ឡើងយ៉ាងល្អឥតខ្ចោះ និងរឹងប៉ឹង។ នៅពេលគេធំឡើង ឪពុក-ម្តាយនឹងមានមោទនភាពដែលបានមើលថែទាំគភ៌យ៉ាងល្អ។ បើមានចំណុចសង្ស័យអ្វីផ្សេងក្រៅពីនេះ ការប្រឹក្សាជាមួយពេទ្យសម្ភព នឹងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ ព្រោះរាងកាយស្ត្រីម្នាក់ៗ មិនដូចគ្នាទេ ដូច្នេះហើយការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញពេញមួយរយៈពេល 9ខែនោះ នឹងយល់បានច្បាស់ល្អជាង៕

  • ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

    ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

    ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?
    បើឱ្យអង្គុយប្រកែកគ្នាម្នាក់មួយចំណុច ប្រហែលជាប្រកែកមិនចប់ឡើយ ព្រោះវាជាប្រ-ធានបទដែលបើសិនយើងទៅសួរអ្នកដែលជក់បារី ប្រាកដណាស់ ញ៉ាំស្រាត្រូវតែយ៉ាប់យ៉ឺនខ្លាំងជាងមិនខាន ទាំងស្រវឹងអួទីនួ ញ៉ាំច្រើន ថ្លើមនឹងក្រិន ថែមទាំងអាចជួបគ្រោះថ្នាក់ចរា-ចរណ៍ទៀតផង។ ដល់ទៅសួរអ្នកដែលញ៉ាំស្រាប្រាកដណាស់ នឹងនិយាយថាអ្នកជក់បារីត្រូវតែយ៉ាប់យ៉ឺនជាង ព្រោះវានឹងបំផ្លាញទាំងខ្លួនឯង
    ប្រថុយនឹងការកើតសភាវមហារីកសួត ហើយថែមទាំងសាងជាតិពុលខាងខ្យល់អាកាសដល់មនុស្សជុំវិញខ្លួនទៀតផង។ ប្រកែកគ្នាមិនចប់នោះទេ…។

    គិតទៅគិតមក ជាតិអាល់កុល និងបារីនេះគឺជាសារធាតុញៀនដូចគ្នាទាំងពីរ តែញៀនម្នាក់មួយបែប និងញៀនម្នាក់មួយកម្រិត។ អ្នកខ្លះញ៉ាំស្រាតែនៅពេលជប់លៀងកម្សាន្តសប្បាយចូលរួមសង្គម តែអ្នកខ្លះញៀនរហូតដល់ថ្នាក់ត្រូវញ៉ាំរាល់ថ្ងៃ។ ឯអ្នកដែលញៀនបារីក៏ដូចគ្នាដែរ អ្នកខ្លះជក់តែពេលណាមានអារម្មណ៍តានតឹង ឬពេលចូលរួមសង្គម តែក៏មានអ្នកដែលត្រូវតែជក់រៀងរាល់ថ្ងៃ មួយថ្ងៃៗច្រើនដើម ព្រោះ
    តែញៀនផងដែរ។

    បើសួរពីគុណវិបត្តិរបស់ទាំងបារី និងស្រា (ជាតិអាល់កុល) ក៏ត្រូវប្រាប់ថា ទាំងពីរយ៉ាងនេះផ្ដល់គុណវិបត្តិបែប “សន្សឹមៗ ម្ដងបន្តិចៗ” សន្សំពិន្ទុម្ដងបន្តិចៗ រង់ចាំថ្ងៃផ្ទុះឡើងនៅក្នុងខ្លួនពេលវាប្រមូលសន្សំច្រើនដល់ចំណុចមួយ។ ដូច្នេះសូមតាមដានដូចតទៅ៖

    មនុស្សយើងមិនបានស្រវឹងលេងៗទេ…
    យើងតែងតែបានឮថា ញ៉ាំស្រាធ្វើឱ្យកើតរោគក្រិនថ្លើម តែវាមិនមែនអស់ត្រឹមប៉ុណ្ណឹងឯណា វានៅមានឱកាសកើតជំងឺពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ សរសៃឈាម និងបេះដូង មហារីក និងជំងឺជាច្រើនរាប់សិបមុខទៀតយ៉ាងសន្ធឹកសន្ធាប់ ដែលនឹងកើតឡើង រួមទាំងស្រានៅធ្វើឱ្យមនុស្សបាត់បង់សតិស្មារតីរហូតដល់អាចកើតបញ្ហា និងគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតទៀតផង។

    ស្ថិតិក៏មានឱ្យយើងឃើញ (កើនឡើងរាល់ឆ្នាំ) ជាមួយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវថ្នល់ដែលបណ្ដាលមកពីការស្រវឹងហើយបើកបរ។ បើមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ 100នាក់ នឹងបង្ហាញថា មានមូលហេតុមកពីការញ៉ាំស្រាស្រវឹង 50នាក់បាត់ទៅហើយ ហើយថែមទាំងការឈ្លោះទាស់ទែងរហូតដល់កាប់សម្លាប់គ្នា ដែលមានមូលហេតុមកពីការស្រវឹងស្រាទៀតផង។
    ហើយបើអីុចឹង តើយើងគួរតែញ៉ាំស្រាបន្តទៀតឬយ៉ាងណា?

    បារី ជក់ម្នាក់ឯង តែអូសអ្នកដទៃឱ្យស្លាប់ជាមួយដែរ…
    ហាក់ដូចជាកម្មវិធីប្រូម៉ូស្សិនចែកថែមអ្វីម្យ៉ាងដែលយើងមិនចង់បាន។ ពេលជក់បារី ដូចដែលយើងតែងឃើញស្រាប់ហើយថា អ្វីដែលផ្លុំចេញមកតាំងពីចាប់ផ្ដើមអុច គឺជាផ្សែងពុលដែលហុយសាយភាយពេញអាកាស អាចបំផ្លាញមនុស្សជុំវិញនោះបាន។

    ពេលយើងនឹកដល់គុណវិបត្តិរបស់បារីនោះ គឺមានតែថង់ខ្យល់នៅក្នុងសួតហើមប៉ោង និងមហារីកសួត តែមានឯណា! យើងមិនដឹងឡើយថា គុណវិបត្តិរបស់បារីនៅមានទៀតមួយគំនរ…។

    ចាប់ផ្ដើមពីកម្រិតស្រាលៗ ដូចជា ពុកធ្មេញធ្មេញខ្មៅ ឆាប់ចាស់ រហូតទៅដល់ជំងឺពាក់ព័ន្ធនឹងបេះដូង និងសម្ពាធឈាមជាដើម។

    វាជារឿងមួយដែលគួរឱ្យសោកសៅបំផុតដែលមនុស្សមិនជក់បារីផង តែត្រូវធុំក្លិនផ្សែងបារី ព្រោះតែនៅក្នុងគ្រួសារមានអ្នកជក់បារី ឬអ្នករួមដំណើរដែលជក់បារីតាមផ្លូវ ក៏ធ្វើឱ្យអ្នកដែលមិនជក់បារីមានឱកាសកើតជំងឺចង្រៃទាំងនោះមិនខុសពីអ្នកជក់បារីដែរ។

    ទោះជាការជក់បារីមិនបានធ្វើឱ្យយើងស្រវឹងបាត់បង់សតិស្មារតី ឬបើកឡានទៅបុកនរណាមែន តែលទ្ធផលដែលនឹងកើតឡើងក្នុងអំឡុងពេលច្រើនឆ្នាំខាងមុខទៀតនោះ អាចបំផ្លាញ យើង និងមនុស្សជុំវិញខ្លួន ឱ្យរ៉ាំរ៉ៃរហូតវេទនាមិនចាញ់គ្នាប៉ុន្មានឡើយ។ ដូច្នេះ អានមកដល់ត្រឹមនេះហើយ សឹងតែមិនចាំបាច់គិតថា តើគួរឈប់មួយណាមុន?… គឺឈប់ដំណាលគ្នាទាំងអស់តែម្ដង! ព្រោះផលល្អដែលបានមកពីការជក់បារី និងញ៉ាំស្រាដែលនឹងធ្វើឱ្យយើងរីករាយសប្បាយ បាត់ភាពធុញថប់តានតឹងនោះ វាជាការដូរដោះគ្នាដែលមិនរួចខ្លួនទាល់តែសោះ សូម្បីតែបន្តិចពាក់ព័ន្ធនឹងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ មិនថាតែបញ្ហាសុខភាព ឬឧប្បត្តិហេតុក៏ដោយ។

    ប្រាកដណាស់! គ្មានអ្វីងាយស្រួលនោះទេក្នុងការបញ្ឈប់ការញៀននឹងអ្វីម្យ៉ាងហើយនោះ…តែចុងក្រោយទៅ យើងត្រូវតែចាប់ផ្ដើម និងស៊ូទ្រាំ។ ស្វែងរកកម្លាំងជំរុញចិត្តអ្វីម្យ៉ាងដើម្បីបញ្ឈប់ការញៀនស្រា និងបារី ធ្វើឱ្យជីវិត និងសុខភាពរបស់ខ្លួនយើងល្អឡើង។ អ្នកខ្លះបានកម្លាំងជំរុញចិត្តពីការដែលខ្លួនឯងមានកូន ទើបធ្វើឱ្យតាំងចិត្តឈប់ជក់បារី ឈប់ញ៉ាំស្រា ដើម្បីកុំឱ្យប៉ះពាល់ដល់ក្រុមគ្រួសារ នេះគឺជាគំរូដ៏ល្អមួយ ដែលធ្វើឱ្យអាចចាប់ផ្ដើមធ្វើរឿងអ្វីមួយបានកាន់តែងាយឡើង៕​​

  • គុណវិបត្តិ​របស់​កាហ្វេ និង​ផលប៉ះពាល់​ចំពោះ​សុខភាព

    គុណវិបត្តិ​របស់​កាហ្វេ និង​ផលប៉ះពាល់​ចំពោះ​សុខភាព

    ជឿថានៅរៀងរាល់ព្រឹករបស់អ្នក​ដែលនិយមទទួលទានកាហ្វេច្បាស់ជាមិនខកខានឱកាសក្នុងការស្វែងរកកាហ្វេអ៊ី​ន​មក​បន្ថែម​ភាពស្រស់​ស្រាយ​ឱ្យ​រាងកាយ​នោះឡើយ។ ដោយ​ភាព​ក្រអូប​ឈ្ងុយ និង​រស់ជាតិ​ដែល​ធ្វើឱ្យមាន​អារម្មណ៍​ថា​ក្លៀវក្លា​ស្វាហាប់​នោះ ទើប​វា​មិនមែនជា​រឿង​ប្លែក​ឡើយ ដែល​កាហ្វេ​ក្លាយជា​ភេសជ្ជៈ​កំពូល​ពេញនិយម​ដែល​មនុស្ស​ជាច្រើន​មិនអាច​ខ្វះ​បាន។ តែ​ភេសជ្ជៈ​ដែល​មនុស្ស​មិនអាច​ខ្វះ​បាន ដូចជា “កាហ្វេ” នេះ ទោះជា​ផ្តល់​ប្រយោជន៍​ក្នុង​រឿង​ភាព​ស្រស់ស្រាយ​ស្វាហាប់​មែន តែបើ​ទទួលទាន​ច្រើន​ជ្រុល​ពេក ក៏​ផ្តល់នូវ​គុណវិបត្តិ​ចំពោះ​រាងកាយ​ក្នុង​រយៈពេល​វែង​បានដែរ ព្រោះ​ក្រៅពី​កាហ្វេ​មាន​ជាតិ “កាហ្វេ​អ៊ី​ន” ហើយ​នោះ លោកអ្នក​ដឹង​ឬទេ​ថា តើ​វា​នៅមាន​សារធាតុ​អ្វីដែល​ផ្តល់​ទោស​ដល់​រាងកាយ​ទៀត​ដែរឬទេ?

    សារធាតុ​ដែល​ផ្តល់នូវ​គុណវិបត្តិ​នៅក្នុង​កាហ្វេ
    1. សារធាតុ​ធី​អូ​ហ្វ៊ីល​លីន (Theophylline) ជា​សារធាតុ​នៅក្នុង​កាហ្វេ​អ៊ីន​ដែល​ធ្វើឱ្យ​បំពង់ខ្យល់​រីក និង​បញ្ចេញ​ឬ​ទ្ធិ​ជំរុញ​ប្រព័ន្ធ​ប្រសាទ។ នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ សារធាតុ​នេះ​គេ​ប្រើ​ជាមួយ​អ្នក​ជំងឺហឺត​ដង្ហក់ ដើម្បី​ជំរុញ​ការដកដង្ហើម បើ​បានទទួល​សារធាតុ​នេះ​ក្នុង​បរិមាណ​ច្រើន អាច​នឹង​ហុច​ផល​ឱ្យ​រាងកាយ​បាត់បង់​តុល្យការ ដោយសារតែ​វា​ទៅ​ជំរុញ​ប្រព័ន្ធ​ខួរក្បាល​ផងដែរ ទើប​មិន​ស័កិ្តសម​ជាមួយ​អ្នក​ដែល​កើត​ជំងឺ​បេះដូង​នោះទេ។

    2. សារធាតុ ស៊ែ​ន​ធី​ន អាល់​ខា​លយ​ដ៍ (Xanthine Alkaloid) ជា​សារធាតុ​ដែល​បញ្ចេញ​ឬ​ទ្ធិ​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល ដែល​ធ្វើឱ្យមាន​អារម្មណ៍​ក្លៀវក្លា រាងកាយ​ស្វាហាប់ បើសិន​បានទទួល​ក្នុង​បរិមាណ​ច្រើន អាចធ្វើឱ្យ​បេះដូង​ដើរ​លឿន​ខុស​ប្រក្រតី​បាន ទើប​សារធាតុ​នេះ​ត្រូវបាន​ប្រើ​ជា​ចំណែក​ផ្សំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ទឹក​ភេសជ្ជៈ​កំប៉ុងផ្សេងៗ ជា​សារធាតុ​ដែលមាន​នៅក្នុង​កាហ្វេ​អ៊ីន មាន​របាយការណ៍​ខ្លះ​បាន​ប្រាប់ថា សារធាតុ​នេះ​ប្រើ​លាយ​ផ្សំ​នៅក្នុង​ថ្នាំ​សម្លាប់​សត្វល្អិត ព្រោះ​កាហ្វេ​អ៊ីន​អាចធ្វើឱ្យ​សត្វល្អិត​ស្លាប់​បាន។ សារធាតុ​នេះ​ធ្វើឱ្យ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុង​រាងកាយ​ធ្លាក់​ចុះខ្សោយផងដែរ។

    សភាវ​ពុល​កាហ្វេ​អ៊ីន
    សភាវ​ពុល​កាហ្វេ​អ៊ី​ន​កើត​នៅលើ​អ្នក​ដែល​ញៀន​កាហ្វេ​អ៊ី​ន​ខ្លាំងមែនទែន ដែល​ហុច​ផល​ឱ្យ​កើត​ដំបៅ​នៅក្នុង​ក្រពះ ទើប​ធ្វើឱ្យ​អ្នក​ដែលមាន​ជំងឺ​ក្រពះ​ស្រាប់​ហើយ មាន​អាការ​ចុកពោះ​នៅពេល​ទទួល ទាន​កាហ្វេ​ពេល​ពោះ​ទំនេរ។ អ្នក​ដែល​កើត​សភាវ​ពុល​កាហ្វេ​អ៊ីន នឹង​វិលមុខ មាន​អារម្មណ៍​រសាប់រសល់ និង​ហុច​ផល​ដល់​សុខភាព​ផ្លូវចិត្ត ធ្វើឱ្យ​ងាយ​កើត​អាការ​ធុញថប់​តានតឹង។ អាការ​បន្ទាប់បន្សំ​ដែល​ជួបប្រទះ​ញឹកញាប់​គឺ ការ​បត់ជើងតូច​ញឹកញាប់​ខុស​ប្រក្រតី បេះដូង​លោត​ញាប់ខ្លាំងៗ និង​គេង​លក់​មិន​ស្រួល គ្រោះថ្នាក់​ម្យ៉ាងទៀត​ដែល​អាច​កើតឡើង​បាន​ចំពោះ​អ្នកញៀន​កាហ្វេ​អ៊ីន​នោះ​គឺ សភាវ​ពុល​កាហ្វេ​អ៊ីន​នៅក្នុង​ឈាម​ខ្ពស់​ដែល​ហុច​ផល​ឱ្យ​កើត​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ធ្វើឱ្យ​ខ្លាញ់​នៅក្នុង​ឈាម​កើនឡើង​ដែរ ដែលជា​លទ្ធផល​ធ្វើឱ្យ​ក្រពះ​ផលិត​អាស៊ីត​ចេញមក​បន្ថែម ធ្វើឱ្យ​ងាយ​កើត​ដំបៅ​ក្នុង​ក្រពះ​ខ្លាំង​ជាង​មនុស្ស​ប្រក្រតី។ ចំណែក​ផលប៉ះពាល់​ដែល​កើត​នៅលើ​មនុស្ស​ស្រី​វិញ កាហ្វេ​អ៊ី​ន​ក្នុង​បរិមាណ​ច្រើន​នឹងធ្វើ​ឱ្យ​ងាយ​កើត “ដុំ​គីស” ជាង​មនុស្ស​ប្រក្រតី និង​ប្រថុយប្រថាន​ក្នុង​ការកើត​មហារីក ឬ​ដុះ​សាច់​នៅក្នុង​សុដន់​ទៀតផង។

    ញៀន​កាហ្វេ​អ៊ី​ន​ខ្លាំង​ប៉ុនណា… ក៏​អាច​ឈប់​បាន​ដោយ​វិធី​ខាងក្រោម​នេះដែរ
    1. បន្ថយ​បរិមាណ
    សម្រាប់​អ្នក​ដែល​ញៀន​កាហ្វេ ហើយ​ត្រូវ​ការចង់​ឈប់​ទទួលទាន​កាហ្វេ​យ៉ាង​ដាច់ខាត​តែ​ម្តងនោះ ដំបូងៗអាចមាន​អាការ​ឈឺ-ក្បាល និង​មាន​អារម្មណ៍​ឡេះឡះ​នៅពេល​មិនបាន​ទទួលទាន​កាហ្វេ។ ដំណាក់កាល​ដំបូង​សុំឱ្យ​សាកល្បង​ប្តូរ​ពី​កាហ្វេ​ខ្មៅសុទ្ធមកជា​កាហ្វេ​ទឹកដោះគោ​ប្រមាណ​ជាមួយ​អាទិត្យ រួចហើយ​សឹម​បញ្ចុះ​មក ជា​ការ​ទទួលទាន​ទឹកដោះគោឆៅ​ក្តៅឧណ្ហៗលាយ​កាហ្វេស្តើង។ ក្នុងអំឡុងពេល​ថ្ងៃ ចូរ​ប្តូរ​ពី​កាហ្វេ​មកជា​កូ​កូ​ក្តៅ​ជំនួស​វិញ ព្រោះ​កូ​កូ​ក៏មាន​កាហ្វេ​អ៊ីន​ដូចគ្នា​ដែរ តែ​តិចជាង​កាហ្វេ។

    ការឈប់​ទទួលទាន​កាហ្វេ​បែប​ដាច់ខាតភ្លាមៗ នឹង​ហុច​ផល​អាក្រក់​ច្រើនជាង​ផល​ល្អ និង​អាចធ្វើឱ្យ​កាន់តែ​ពិបាក​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ​ខ្លាំង​ឡើងទៅ​វិញ​ទេ ដូច្នេះ​ទើប​គួរប្រើ​វិធី​កាត់បន្ថយ​បរិមាណ ដែល​អាច​ហៅ​បាន​ថា ជាការ​ដកខ្លួន​ថយ​ឆ្ងាយ​ពី​គុណវិបត្តិ​របស់​កាហ្វេ​បន្តិចម្តងៗទើប​ជាការ​ប្រសើរ។

    2. ទទួលទាន​ទឹកតែ​ ឱសថ​បុរាណ និង​ភេសជ្ជៈ​ក្លិន​ខា​រ៉ា​មេ​ល
    តែ​ប្រភេទ​ខ្លះ​គ្មាន​កាហ្វេ​អ៊ីន​ឡើយ ហើយ​ថែមទាំង​ក្លិន​របស់​ទឹកតែ​ឆុងចាស់ៗ នឹង​ជួយ​ឱ្យមាន​អារម្មណ៍​ស្រស់ថ្លា អាច​ជំនួស​ឱ្យ​ការ​ញៀន​កាហ្វេ​បាន។ តែ​ឱសថ​បុរាណ ដូចជា តែ​យឹ​ន​ស៊ិ​ន តែ​ព្នៅ តែ​ខ្ញី តែ​បៃតង មាន​ក្លិនក្រអូប និង​ជួយ​បំប៉ន​សុខភាព ជួយ​សម្រួល​តុល្យ​ការឱ្យ​រាងកាយ។ ការរក​អ្វី​ផ្សេង​មក​ទទួលទាន​ជំនួស​កាហ្វេ​ក៏​អាចជួយ​បានដែរ បើ​លោកអ្នក​មិន​ចូលចិត្ត​ទឹកតែ ចូរ​ប្តូរ​មក​ទទួលទាន​ទឹកដោះ​ក្រឡុក​លាយ​ក្លិន​ខា​រ៉ា​មេ​ល ឬ​បាត់​ធើ​រ៍ ស្ក​ត់ ក៏​ជា​ភេសជ្ជៈ​មួយទៀត​ដែល​អាច​ជំនួស​កាហ្វេ​បានដែរ ព្រោះ​ទាំង​ខា​រ៉ា​មេ​ល និង​បាត់​ធើ​រ៍ ស្ក​ត់​នឹង​ផ្តល់នូវ​ក្លិន​ស្រដៀង​កាហ្វេ​ខ្លាំង​បំផុត។

    នៅពេល​ដឹង​ពី​គុណវិបត្តិ​របស់​កាហ្វេ​ហើយ ក៏​គួរតែ​បន្ថយ​បរិមាណ​ការទទួល​ទាន​កាហ្វេ​ឱ្យមាន​តុល្យភាព​ជាមួយ​ការទទួល​ទាន​អាហារផ្សេងៗ គួបផ្សំ​ជាមួយ​ការទទួល​ទាន​បន្លែ​ផ្លែឈើ​ដែលមាន​ប្រយោជន៍​ដល់​រាងកាយ និង​ទទួលទាន​ទឹកស្អាត​ឱ្យបាន​ញឹកញាប់​ឡើង ដើម្បី​លាងជម្រះ​ឬ​ទ្ធិ​របស់​កាហ្វេ​អ៊ីន​ឱ្យ​ថយចុះ​ខ្លះ៕