Tag: គីមី

  • បន្លែ3ប្រភេទដែលផ្ទុកសារធាតុគីមីខ្ពស់ជាងគេដែលអ្នកបរិភោគត្រូវប្រុងប្រយ័ត្ន!

    បន្លែ3ប្រភេទដែលផ្ទុកសារធាតុគីមីខ្ពស់ជាងគេដែលអ្នកបរិភោគត្រូវប្រុងប្រយ័ត្ន!

    ភ្នំពេញ៖ ការទទួលទានបន្លែ គឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់គ្រួសារពលរដ្ឋខ្មែរយើងគ្រប់ៗគ្នា ប៉ុន្តែបើសិនយើងមិនបានប្រុងប្រយ័ត្នទេនោះ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់យើង ដែលវាអាចបង្កទៅជាជំងឺផ្សេងៗដែលត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ព្យាបាលទៀតផង។

    លោក អ៊ូ ម៉ានូរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលដែលបានដឹកនាំមន្ត្រីជំនាញយករថយន្តចល័តសម្រាប់ពិនិត្យបន្លែ ត្រីសាច់ ម្ហូបអាហារផ្សេងៗ ដែលដាក់លក់នៅតាមទីផ្សារនានានៅក្នុងខេត្តកណ្តាលបានមានប្រសាសន៍ថា បន្លែដែលទើបរកឃើញថ្មីមួយទៀតកាលពីព្រឹកថ្ងៃទី1 ខែសីហានេះគឺ ស្លឹកគូឆាយដែលយើងរកឃើញថា មានផ្ទុកសារធាតុគីមីខ្ពស់ដែលត្រូវបានហាមមិនឱ្យលក់ដូរនៅលើទីផ្សារ។ លោកបញ្ជាក់ដូច្នេះថា «នៅក្នុងការចុះត្រួតពិនិត្យនៅព្រឹកនេះ គឺមន្រ្តីជំនាញយើងបានរកឃើញបន្លែស្លឹកគូឆាយដែលកសិករដាំដោយប្រើថ្នាំសម្លាប់សត្វល្អិត ដែលថ្នាំសម្លាប់សត្វល្អិតនេះមិនមែនជាថ្នាំដែលត្រូវហាមមិនឱ្យប្រើនោះទេ​ គ្រាន់តែថា កសិករបាញ់ថ្នាំនោះរួចហើយ គាត់ប្រញាប់កាត់យកមកលក់លឿនពេក តាមពិតគេតម្រូវឱ្យទុកចោលរយៈពេល5ថ្ងៃក្រោយការបាញ់ថ្នាំសម្លាប់សត្វល្អិតនេះរួចទើប អាចកាត់យកមកលក់ ឬហូបបាន តែភាគច្រើន​ពួកគាត់បាញ់ថ្នាំហើយតែ2ថ្ងៃប៉ុណ្ណោះ ក៏កាត់យកមកលក់តែម្តង»។

     

    គួរបញ្ជាក់ថា នៅក្នុងការចុះពិនិត្យបន្លែនាំចូលពីប្រទេសវៀតណាម មន្រ្តីជំនាញកាំកុងត្រូលក៏បានរកឃើញបន្លែផ្ទុកសារធាតុគីមីជាបន្តបន្ទាប់ដែរ ដោយបន្លែដែលមានផ្ទុកខ្លាំងជាងគេនោះគឺផ្លែម្ទេស ដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារទទួលទានជារៀងរាល់ថ្ងៃហើយស្ទើរមិនអាចអត់បានទៀតផង និងបន្លែមួយប្រភេទទៀតនោះគឺ ផ្កាខាត់ណាហ្នឹងឯង។ លោក អ៊ូ ម៉ានូរិន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការទទួលទានបន្លែទាំង3ប្រភេទនេះ ពិសេសកសិករគួរកុំប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិតដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះហួសកម្រិតពេក ព្រោះថាទាំងអ្នកដាំ ទាំងអ្នកទទួលទានគឺសុទ្ធតែរងផលប៉ះពាល់ដល់សុខភាពដូចគ្នាទាំងអស់ ហើយអ្នកដាំរងផលប៉ះពាល់ខ្លាំងជាងអ្នកទទួលទានទៅទៀត។

    ការទទួលទានបន្លែផ្ទុកសារធាតុគីមី គឺអាចបង្កផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង។ រយៈពេលខ្លីធ្វើឱ្យយើងពុល រាករូស ក្អួតចង្អោរជាដើម តែបើរយៈពេលវែងគឺវាបង្កឱ្យកើតជាជំងឺរុំារ៉ៃផ្សេងៗ ដូចជាជំងឺបេះដូង លើសជាតិខ្លាញ់ ខ្លាញ់ក្នុងសរសៃឈាម ដាច់សរសៃឈាមខួរក្បាល លើសឈាម លើសជាតិស្ករ និងលើសជាតិអាស៊ីតជាដើម ដែលភាគច្រើនជំងឺទាំងនេះសុទ្ធតែពិបាកព្យាបាល និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង៕  

     

  • លាង​សម្អាត​បន្លែ ផ្លែឈើ​តាមរបៀប​នេះ នឹង​កាត់បន្ថយ​ជាតិគីមី​បាន​រហូតដល់ 92%​

    លាង​សម្អាត​បន្លែ ផ្លែឈើ​តាមរបៀប​នេះ នឹង​កាត់បន្ថយ​ជាតិគីមី​បាន​រហូតដល់ 92%​

    ក្រុម​អ្នកជំនាញ​ខាង​អនាម័យ​ចំណីអាហារ​អន្តរជាតិ បានធ្វើ​ការណែនាំ​ឱ្យធ្វើ​កា​រលាង​សម្អាត​បន្លែ ផ្លែឈើ​មុននឹង​នាំយកទៅ​ធ្វើជា​ម្ហូបអាហារ​ដោយ​វិធី​បែបងាយៗ និង​សន្សំសំចៃ​គឺ ត្រាំ​ទឹក​ទុកចោល 10 – 15 នាទី រួចហើយ​លាង​សម្អាត​ដោយ​ទឹក​ហូរ (បើកទឹក​ពី​ក្បាល​ចំពួយ​ដើម្បី​លាង) រយៈពេល 2 នាទី នឹង​ជួយ​កាត់បន្ថយ​សារធាតុ​គីមី ដែល​នៅជាប់​សេសសល់​លើ​បន្លែ​ផ្លែឈើ​ទាំង​នោះបាន​ច្រើន​ដល់​ទៅ 92 % ឯណោះ។

    ចំណុច​ណែនាំ​ក្នុងការ​ជ្រើសរើស​ទិញ​បន្លែស្រស់​ដែល​ស្អាត និង​សុវត្ថិភាព មាន​ដូចតទៅ…

    1 . ជ្រើសរើស​ទិញ​បន្លែស្រស់​ដែល​ស្អាត គ្មាន​ជាប់​ស្នាម​កំណ​កដី ឬ​ស្នាម-សៗរបស់​សារធាតុ​ថ្នាំ​កម្ចាត់​សត្វល្អិត ឬ​ក្លិនឈួល​ខុស​ប្រក្រតី និង​ជ្រើស​រើសយក​បន្លែស្រស់​ណា​ដែលមាន​ស្នាម​ខាំ​ស៊ី​របស់​ដង្កូវ និង​សត្វល្អិត។

    2 . ជ្រើសរើស​ញ៉ាំ​បន្លែ ផ្លែឈើ​តាម​រដូវ​កាល ដោយសារតែ​បន្លែ​ផ្លែឈើ​ដែល​ដាំ​បាន​តាម​រដូវ​កាល​មានឱកាស​រីកលូតលាស់​បានល្អ​ជាង​ក្រៅ​រដូវ​កាល ដែល​ធ្វើឱ្យ​មិនសូវមាន​ការប្រើ​សារធាតុ​គីមី និង​ជី​ប៉ុន្មាន​ឡើយ។

    3 . ជ្រើសរើស​បរិភោគ​បន្លែ​ដែល​ដាំ​ក្នុងភូមិ ដូចជា ម្ជុល​ភ្នំ ស្លឹក​ព្រិច ស្លឹករ​ងាង ត្រួយ​រាំង ត្រួយ​បន្លែ​ផ្អែម ស្លឹក​ញ ត្រួយ​ក​ន្ទុំ​ទេស ត្រួយ​អង្គារ​ដី ឬ​បន្លែ​ដែល​អាច​ដាំ​បាន​ដោយ​ខ្លួនឯងងាយ។

    4 . មិន​បរិភោគ​តែ​បន្លែ​ប្រភេទ​ណាមួយ​ជាប្រចាំ តែ​គួរ​បរិភោគ​ឱ្យបាន​ច្រើនយ៉ាង​ផ្លាស់ប្តូរ​គ្នា ដើម្បី​ទទួលបាន​ប្រយោជន៍​គ្រប់​ខាង​ផ្នែក​ភោជនាហារ និង​ចៀសវាង​ការទទួល​សារធាតុពុល។

    ទាំងអស់នេះ បើ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា បន្លែស្រស់ និង​ផ្លែឈើ​ដែល​ទិញ​មក​បរិភោគ​នោះ​មាន​សុវត្ថិភាព​ពីសារ​ធាតុគីមី​ឬក៏​អត់​នោះ? វិធី​លាង​សម្អាត​យ៉ាង​ត្រឹមត្រូវ​បែបងាយៗ និង​មាន​ប្រសិទ្ធភាព​នោះ គឺ​ការដាក់​ត្រាំ​ទឹក​ទុកចោល 10 – 15 នាទី រួចហើយ​លាង​ដោយ​ទឹក​ហូរ​រយៈពេល 2 នាទី​ទៀត។ វិធី​នេះ​ទទួលបាន​ការអះអាង​ដោយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកជំនាញ​ខាង​សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម​ថា អាច​លាងជម្រះ​សារធាតុ​គីមី និង​ជាតិ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​នៅ​សេ​សល់​ជាប់​នឹង​បន្លែ ផ្លែឈើ​ស្រស់​ទាំង​នោះបាន​ច្រើន​ដល់​ទៅ 92 % ឯណោះ៕

  • ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងពីការទទួលទានអាហារមានសុវត្ថិភាព

    ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងពីការទទួលទានអាហារមានសុវត្ថិភាព

    ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីការទទួលទានបន្លែមានសុវត្ថិភាព (គ្មានជាតិគីមី) ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាមួយនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបង ដើម្បីបញ្ជ្រាបការយល់ដឹងដល់និស្សិត ពលរដ្ឋ ក៏ដូចជាសាធារណជនទូទៅឱ្យមានការប្រុងប្រយ័ត្នចំពោះការទទួលទានអាហារ ដែលមានសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

    សិក្ខាសាលានេះ ធ្វើឡើងចំពេលដែលក្រសួងកំពុងរៀបចំពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរលើកទី2 នៅទីលានបាល់ទាត់ខេត្តបាត់ដំបងចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី28 ខែឧសភា ដោយមានទំនិញជាផលិតផលកសិករខ្មែរគ្រប់ប្រភេទដាក់តាំងលក់នៅទីនោះ។

    ឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា សិក្ខាសាលានេះមានបំណងពន្យល់សិក្ខាកាមឲ្យយល់ច្បាស់អំពីសារៈសំខាន់នៃការប្រើប្រាស់ផលិតផលខ្មែរ ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងផ្តល់ជាពុទ្ធិទាក់ទងនឹងសុវត្ថិភាពទំនិញម្ហូបអាហារ ដែលកំពុងចរាចរលក់នៅលើទីផ្សារ សំដៅទប់ស្កាត់ និងបង្ការមិនឲ្យមានហានិភ័យ ឬផលប៉ះពាល់ផ្សេងៗដល់សុខមាលភាព។

    នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់ចេញនូវយុទ្ធនាការទិញផលិតផលខ្មែរក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការចរចាក្រោមក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ការចូលរួមពិព័រណ៍អន្តរជាតិ ព្រមទាំងការបង្កើតឲ្យមានមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅតាមទីក្រុងធំៗនៃប្រទេសចិនដើម្បីជំរុញការធ្វើពិពិធកម្មវិស័យនាំចេញជាដើម។

    ពាក់ព័ន្ធជាមួយសុវត្ថិភាពម្ហូបអាហារ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនសិក្ខាកាមអំពីការរៀបចំសិក្ខាសាលាខ្លីៗរបស់ក្រសួងដើម្បីអប់រំសាធារណជន ជាពិសេសផលិតករ និងសហគ្រិន នូវរបៀបវេចខ្ចប់ទំនិញប្រកបដោយសោភ័ណភាព មានគុណភាព និងអនាម័យខ្ពស់ស្របតាមបទដ្ឋានស្តង់ដារជាតិ និងអន្តរជាតិដែលអាចទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់។

    សូមជម្រាបថា បច្ចុប្បន្នបន្លែអសុវត្ថិភាពឬហៅថាបន្លែ ត្រី សាច់ ដែលមានសារធាតុគីមីត្រូវបានគេនាំចូលពីប្រទេសជិតខាង ពិសេសវៀតណាម និងថៃ ដើម្បីយកមកដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាដែលប្រជាជនគួរយល់ដឹង និងចេះស្វែងរកអាហារណាដែលគ្មានសារធាតុគីមី សម្រាប់ធ្វើជាអាហារប្រចាំថ្ងៃ ចៀសវាងផលប៉ះពាល់សុខភាពដែលនាំឱ្យខាតបង់ថវិកាក្នុងគ្រួសារ៕