Tag: ខេត្តក្រចេះ

  • គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

    គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន 45%។

    ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នារសៀលថ្ងៃទី 14 ខែមីនានេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់​។

    ក្នុង​ឱកាស​នោះ នៅ​ចំពោះ​មុខ​​ក្រុម​មន្ត្រី​ និង​តំណាង​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារ ក៏​ដូច​ជា​ស្ដង់ដា​សំណង់​ឱ្យបានច្បាស់លាស់។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ គិត​មកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពាន​នេះ​ សម្រេចបាន 45% ហើយ​គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ គ្រា​ដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន 15%។

    ជារួម វឌ្ឍនភាពគម្រោងទាំងមូលសម្រេចបានប្រមាណជិត 30%។ យោង​តាម​ក្រសួខាង​លើ តួលេខ​នេះ​បង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។

    គម្រោង​ស្ពាននេះ ត្រូវបានផ្តល់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ចំនួនជិត 112​លានដុល្លារ​អាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរនេះ រួមនឹងការស្តារឡើងវិញនូវផ្លូវជាតិលេខ 7។

    គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុបជាង 33 គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ 7 (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ 60B ក្នុងនោះការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ មានប្រវែងជាង​ 1,700 ម៉ែត្រ ទទឹងជាង 13 ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិច ត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

    គម្រោង​នេះនឹងចាយ​ពេល​សាងសង់​ប្រមាណ 42 ខែ និង​​អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាព ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន របស់​ចិន​៕

  • ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    កាល​ពី​ថ្ងៃទី 12 ធ្នូ 2023 ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង បាន​ចូល​រួម​វេទិកា ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម ឆ្នាំ 2023​ ដែល​ធ្វើ​ឡើង​នៅ​ ហាណូយ​ ប្រទេស​វៀតណាម និង​បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​។

    នៅ​ក្នុង​ជំនួប​ខាងលើ លោក ត្រឹង បាយឿង បាន​រាយការណ៍​អំពី​គម្រោង និង​សកម្មភាព​វិនិយោគ​ ផលិត ក្នុង​វិស័យ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​ហ៊ុន THACO នៅ​ កម្ពុជា​។

    បន្ទាប់​ពី​ចូល​គ្រប់​គ្រង​ក្រុម​ហ៊ុន​ចំនួន​ 6 របស់ HAGL Agrico កាល​ពី​ឆ្នាំ 2020 THACO AGRI (ឈ្មោះ​ថ្មី) មាន​កម្មករ​ក្នុង​ដៃ​ជាង 17,000 នាក់​នៅ​ កម្ពុជា​។ ចាប់​ពី​ឆ្នាំ 2022 ដល់​បច្ចុប្បន្ន THACO AGRI បាន​ចាប់​ផ្ដើម​វិនិយោគ​សាក​ល្បង​លើ​ការ​ដាំ​ចេក ឈើ​ហូប​ផ្លែ​ – ចិញ្ចឹម​គោ និង​ពពែ​។

    បច្ចុប្បន្ន សកម្មភាព​វិនិយោគ​សាកល្បង​របស់​ក្រុម​ហ៊ុន​ខាងលើនៅ​ កម្ពុជា បាន​ទទួល​ជោគ​ជ័យ និង​អាច​វិនិយោគ​ទ្រង់​ទ្រាយ​ធំ​​។ ប្រការ​នេះត្រូវ​បាន​បញ្ជាក់​ដោយ​​​ប្រធាន​ក្រុម​ហ៊ុន THACO AGRI តាម​រយៈ​ការ​ស្នើសូម​ការ​អនុញ្ញាត​ពីសម្ដេចធិបតី ហ៊ុន​ ម៉ាណែត ដើម្បី​​បង្កើត​ក្រុម​ហ៊ុន​វិនិយោគ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​ចំនួន​ពីរ​នៅ​ក្នុង​ស្រុកស្នួល ខេត្តក្រចេះ និង​ស្រុក​លំផាត់ ខេត្ត​រតនគីរី។ គម្រោង​នេះ​អាច​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ 2024​។

    ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ កាល​ពិ​ថ្ងៃទី 12 ធ្នូ 2023 នៅ​ ហាណូយ ប្រទេស​វៀតណាម

    THACO AGRI ក៏​គ្រោង​នឹង​​វិនិយោគ​​នៅ​តំបន់​សេដ្ឋកិច្ច​ក្បែរ​ព្រំ​ដែន​ គម្រោង​ផលិត​ម៉ាស៊ីន​ ​ឧស្សាហកម្ម​ជំនួយ​ ក៏ដូច​ជា​ពាណិជ្ជកម្ម និង​សេវា​កម្ម​ជា​ដើម​។ល។

    ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ THACO AGRI សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​អបអរសាទរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​វិនិយោគ​របស់ THACO AGRI ក្នុង​វិស័យ​កសិកម្ម​នៅ​ កម្ពុជា ព្រម​ទាំង​គាំទ្រ​ចំពោះ​​ការ​អនុវត្ត​គម្រោង​វិនិយោគ​នា​ពេល​ខាង​មុខ​ របស់​ក្រុម​ហ៊ុន​វៀតណាម​មួយ​នេះ​ផងដែរ​៕

  • គណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តលើសំណើចុះបញ្ជីក្រុមហ៊ុនថ្មី មានទុនសរុប 146 លានដុល្លារអាម៉េរិក

    គណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តលើសំណើចុះបញ្ជីក្រុមហ៊ុនថ្មី មានទុនសរុប 146 លានដុល្លារអាម៉េរិក

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង​វិនិយោគជូនដល់ក្រុមហ៊ុនថ្មី​ចំនួន​ដប់​ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន 146.45 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការ​ងារ​ថ្មី​សរុបប្រមាណ​ 14,350 កន្លែង​។

    គម្រោង​វិនិយោគ​ទាំង​ដប់​នេះ​រួម​មាន​៖

    “CAMBODIAN TRANSMISSION II CO., LTD” ៖ គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ 230​ គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ 92.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 464 កន្លែង។

    “HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 8.9 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 3,618 កន្លែង។

    “APOLLO PET PRODUCTS (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុង​ទុន​វិនិយោគប្រមាណ 8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,126 កន្លែង។

    “PRIME STORAGE SOLUTION (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5,8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 150 កន្លែង។

    “INTEGRITY UNION PACKAGING MATERIAL CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5,7 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 537 កន្លែង។

    “NEOCAMBO TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 2,759 កន្លែង។

    “FONTERNIG GARMENT CO., LTD” ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 2 ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,686 កន្លែង។

    “XIANGRUIFENG PACKAGING TECHNOLOGY CO., LTD” ៖ គម្រោងវិនិយោគកម្មន្តសាលសម្ភារៈធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 191 កន្លែង។

    “INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុង​ទុន​វិនិយោគប្រមាណ 5.03 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,281 កន្លែង។

    “HONGRUI BAG (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.02 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 2,540 កន្លែង។

  • ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​មានទីផ្សារ​ខ្លាំង បន្ទាប់ពី​ទទួលបាន​ឈ្មោះជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ

    ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​មានទីផ្សារ​ខ្លាំង បន្ទាប់ពី​ទទួលបាន​ឈ្មោះជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ

    ក្រោយពី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ផលិតផល​សម្គាល់​ភូមិសាស្ត្រ(GI)កាលពី​ខែមិថុនា​ឆ្នាំមុន ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទាំង​ក្នុង​តំបន់ និង​នៅតាម​បណ្តា​ខេត្ត​នានា។

    ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទី3 បន្ទាប់ពី​ម្រេច​ខេត្តកំពត និង​ស្ករត្នោត​កំពង់ស្ពឺ។ ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ គឺជា​ផលិតផល​ដំណាំ​ហូប​ផ្លែ​ប្រពៃណី ហើយ​វា​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​លើកកម្ពស់​ប្រាក់ចំណូល​ប្រជាជន​ក្នុង​តំបន់ និង​ជួយ​បង្កើន​ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​រមណីយដ្ឋាន​កោះ​ទ្រង់ ខេត្តក្រចេះ​ទៀតផង។

    ចាប់តាំងពី​ក្រូចថ្លុង​កោះ​ទ្រង់ ត្រូវបាន​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មក ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​កោះ​ទ្រង់ ខេត្តក្រចេះ​ចាប់ផ្តើម​ពង្រីក​ការដាំដុះ​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់ និង​បំពេញតម្រូវការ​ទីផ្សារ។ នេះ​បើ​យោងតាម​លោកស្រី គាន រី​ណា ប្រធាន​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ-​ទ្រង់​ក្រចេះ។

    លោកស្រី រី​ណា មានប្រសាសន៍ថា សព្វថ្ងៃ​សមាគម​របស់​លោកស្រី​មាន​សមាជិក​ចំនួន 226គ្រួសារ ដែលមាន​ក្រូចថ្លុង​ប្រមាណ​ជាង 1ម៉ឺន​ដើម ដោយឡែក​ក្រូចថ្លុង​ដែល​កំពុងផ្តល់​ផល​មាន​ប្រមាណ​តែ​ជាង 2ពាន់​ដើម​ប៉ុណ្ណោះ។

    លោកស្រី រី​ណា​​ បន្ថែមទៀតថា ទ​និ្ន​ផលរបស់​ក្រូចថ្លុង​កោះ​ទ្រង់ អាស្រ័យ​លើ​អាយុកាល​របស់​ដើម​ក្រូច​ដោយ​លោកស្រី​ពន្យល់ថា ដើម​ក្រូចថ្លុង​ដែល​លូតលាស់ថ្មីៗ ផ្តល់​ផល​ឆ្នាំ​ដំបូង​បាន​ប្រមាណ​តែ4 ទៅ10ផ្លែ​តែប៉ុណ្ណោះ ដោយឡែក​ដើម​ក្រូចថ្លុង​ដែលមាន​អាយុកាល​ចាប់ពី2 ទៅ3ឆ្នាំ ទិន្នផល​នឹង​ទទួលបាន​ប្រមាណ​ពី50 ទៅ50ផ្លែ​ក្នុង​មួយ​ដើម ហើយ​ចាប់ពី 3ឆ្នាំ​ឡើងទៅ ទ​ន្និ​ផល​នឹង​ទទួលបាន​កាន់តែ​ច្រើនឡើង​ដែរ។

    លោកស្រី​បាន​បន្តថា៖“ឥឡូវនេះ​មានការ​ទទួលស្គាល់​ច្រើន​លើ​រសជាតិ​របស់​ក្រូចថ្លុង​កោះ​ទ្រង់ហើយ​ក្រោយពី​ទទួលបាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ កាន់តែ​មានការ​ទទួល​ស្គាល់​ថែមទៀត​ពី​សំណាក់​អ្នក​និយម​ទទួលទាន​ក្រូចថ្លុង​កោះ​ទ្រង់ ឯ​តម្លៃ​វិញ ក្រូចថ្លុង​មួយ​ផ្លែ​មានតម្លៃ​ប្រមាណ​ជា 14,000រៀល ឬ3.5ដុល្លារ​អាមេរិក”។

    លោកស្រី រី​ណា បាន​បញ្ជាក់ថា ក្រូចថ្លុង​កោះ​ទ្រង់​ភាគច្រើន​គេ​យកមក​លក់​នៅ​ភ្នំពេញ ហើយ​ឥឡូវ​ការផ្គត់ផ្គង់​នៅមានកម្រិត​នៅឡើយ ដោយសារ​ក្រូចថ្លុង​កោះ​ទ្រង់​ផ្លែ​តាម​រដូវ ដោយ​រដូវ​ប្រមូល​ផល​ក្រូចថ្លុង​កោះ​ទ្រង់ គឺ​ចាប់ពី​ខែតុលា ដល់​ខែធ្នូ ហើយ​បើ​ផុតពី​រដូវ​ប្រមូល​ផល រសជាតិ​ក៏​មិនសូវ​ឆ្ងាញ់​ដូច​រដូវ​ប្រមូល​ផល​ដែរ។

    លោកស្រី​មានប្រសាសន៍ថា នៅពេលនេះ​យើង​កំពុងធ្វើការ​ពង្រីក​ការដាំដុះ​បន្ថែមទៀត ដោយសារតែ​ឃើញ​ក្រូចថ្លុង​របស់​យើង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន។ កាលពីមុន កសិករ​មានការ​ពិបាក​លក់​បន្តិច ប៉ុន្តែ​ឥឡូវនេះ​មាន​ការបញ្ជាទិញ​ច្រើន ដែល​សឹងតែ​គ្មាន​ក្រូចថ្លុង​លក់​ឱ្យគេ​ទៀតផង។ ជាទូទៅ ការទិញ​ក្រូចថ្លុង​កោះ​ទ្រង់​ភាគច្រើនគឺ​គេ​យកទៅ​បរិភោគ​ជា​លក្ខណៈ​គ្រួសារ ដោយឡែក​ក៏មាន​អាជីវករ​មួយចំនួន​ចាប់ផ្តើម​ទាក់ទង​មក​ទំនាក់ទំនង​សមាគម​ដើម្បី​ម៉ៅ​ទិញ​យកទៅលក់​បន្ត​ផងដែរ។

    លោក ប៊ុន បាន ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ បាន​ថ្លែងថា រមណីយដ្ឋាន​កោះ​ទ្រង់​មិន​ត្រឹមតែ​ជា​តំបន់​ក​សិ-ទេសចរណ៍​ប៉ុណ្ណោះ​ទេប៉ុន្តែ​វា​ថែមទាំង​មាន​ឆ្នេរ​ខ្សាច់​វែង លាតសន្ធឹង​ប្រមាណ​ជាង 4គីឡូម៉ែត្រ​ទៀតផង។

    លោក​បាន​បន្ថែមថា៖“យើង​ថែមទាំង​មាន​សមាគម​ផលិត​បន្លែ​សម្រាប់​ផ្គត់ផ្គង់​សហគមន៍​ផ្ទះសំណាក់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ លើកលែងតែ​បន្លែ​មួយចំនួន​ដែល​ពិបាក​រក។ យើង​មាន​ដំណាំ​ហូប​ផ្លែ​តាម​រដូវ​កាល​ដូចជា ក្រូចថ្លុង ខ្នុរ ផ្លែ​ទឹកដោះគោ​ជាដើម”។

    លោក​ថា៖“យើង​បាន​ចងក្រង​ជា​សហគមន៍សមាគម និង​ជា​ក្រុមតូចៗដើម្បី​បម្រើ​សេវាកម្ម​ទេសចរណ៍ ដូចជា​រទេះសេះ រទេះគោ រ៉ឺម៉ក​កង់​បី កង់ ទូក​ជិះ​កម្សាន្ត និង​ផ្ទះ​ស្នាក់នៅ ជាដើម យើង​បង្កើត​មុខរបរ​បានជា​ច្រើន និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទៀតផង។

    លោក បាន​ បានបន្តថា ទេសចរ​ជាច្រើន​បាន​ទៅលេង​រមណីយដ្ឋាន​កោះ​ទ្រង់ ដោយនៅ​ឆ្នាំ2018 ទេសចរ​ជាតិ​ដែល​បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​កោះ​ទ្រង់មាន​ជាង 17,000នាក់ និង​ភ្ញៀវ​បរទេស​មាន​ជាង 300នាក់​បានមក​កម្សាន្ត​ឆ្នេរ​ខ្សាច់។

    ដោយឡែក​លោក អប់ រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថាបច្ចុប្បន្នកម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ជាង 20មុខ​ទៀត​ដែល​អាចនឹងទទួល​បាន​វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នាពេល​អនាគត ដូចជា អំបិល​កំពត ទុរេន​កំពត សូត្រ​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រូវ​សែន​ក្រអូប​ខេត្តបាត់ដំបង និង​ប្រហុក​ខេត្តសៀមរាបជាដើម៕