Tag: ក្រូចឆ្មារ

  • ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ការមើលថែទាំសុខភាពរបស់ស្រ្តីមានគភ៌ ចម្បងៗក៏គឺ ការយកចិត្តទុកដាក់លើការជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយ ព្រោះអាហារដែលល្អពិតជាជួយចិញ្ចឹម និងបំប៉នសុខភាពទារកក្នុងគភ៌ទៅដំណាលគ្នានឹងសុខភាពរបស់ម្ដាយដែរ។ តែបើស្រ្តីមានគភ៌ចង់ឱ្យកូនមានស្បែកសស្អាត សាច់ឈាមស្រស់ថ្លាមានសុខភាពល្អវិញនោះ តើត្រូវញ៉ាំអាហារអ្វីខ្លះទៅ?។ ថ្ងៃនេះ យើងមានអាហារដែលស្រ្តីមានគភ៌ញ៉ាំទៅហើយ កូនតូចនឹងមានស្បែកសស្អាតមកជម្រាបជូន…តើមានអ្វីខ្លះនោះ យើងនាំគ្នាតាមដានដូចតទៅ ៖

    1-ដូងខ្ចី

    ផ្លែដូងខ្ចី ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុអាហារដែលមានប្រយោជន៍ជាច្រើន មិនថាតែកាល់ស្យូម ជាតិដែក ប៉ូតាស្យូម វីតាមីនB អាស៊ីតអាមីណូ និងថែមទាំងប្រកបទៅដោយអ័រម៉ូនអេស្រ្តូជេនខ្ពស់ ដែលជួយជំរុញការសាងខូឡាជេន និងអ៊ីឡាស្ទិកនៅលើស្បែក ជួយឱ្យស្បែកស្អាតភ្លឺថ្លា ទន់ម៉ដ្ឋខៃ និងថែមទាំងជួយបណ្ដេញវត្ថុអាក្រក់ផ្សេងៗចេញពីរាងកាយ បង្កើនប្រព័ន្ធប្រឆាំងជំងឺ កាត់បន្ថយអាការរាករូស និងជួយសម្រាលអាការអាស៊ីតហូរបញ្រ្ចាសសម្រាប់ស្រ្តីជាម្ដាយទៀតផង ដែលយើងអាចហៅបានថា ញ៉ាំចូលទៅហើយ នឹងល្អទាំងម្ដាយ រហូតដល់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ។

    2-ផ្លែឈើរសជាតិជូរ ឬផ្លែប៊ើរីផ្សេងៗ

    ដែលនឹងយកមកញ៉ាំជាទឹកផ្លែឈើស្រស់ៗក៏បានដូចគ្នា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ស្រ្តប៊ើរី ប្លូ៊ប៊ើរី រ៉ាស់ប៊ើរី ម្នាស់ ឬទំពាំងបាយជូរ។ល។ ផ្លែឈើរសជាតិជូរទាំងអស់នោះមានវីតាមីនខ្ពស់ណាស់ និងនៅមានអាស៊ីតAHA ដែលចូលទៅថែបំប៉នស្បែកដោយផ្ទាល់ ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជំរុញការសាងខូឡាជេន ជួយបំប៉នស្បែកឱ្យសថ្លាសុខភាពល្អ ជួយឱ្យកោសិកាស្បែករឹងប៉ឹង ពណ៌ស្បែកស្មើមិនមានស្នាមអុចខ្មៅ និងអាចជួយសាងក្រោះការពារដែលរឹងមាំឱ្យស្បែកអាចតតាំងនឹងសភាវមិនល្អបានទាំងអ្នកម្ដាយ និងកូនក្នុងផ្ទៃ។

    3-សាច់ត្រី

    នៅក្នុងសាច់ត្រីមានជាតិប្រូតេអ៊ីនខ្ពស់ដែលងាយរំលាយ និងបឺតជ្រាបបានងាយ។ ជួយឱ្យគ្រោងសាងសាច់ស្បែកមានភាពរឹងមាំ និងថែមទាំងមានអាស៊ីតខ្លាញ់អូមេហ្កា3 និងអូមេហ្កា6 ដែលជួយឱ្យស្បែកមើលទៅមានសំណើម និងសុខភាពល្អ និងមានបរិមាណជាតិខ្លាញ់ដែលល្មមសមរម្យជាក្រោះការពារសភាវមិនល្អផ្សេងៗបាន និងថែមទាំងជួយបំប៉នខួរក្បាលទាំងរបស់អ្នកម្ដាយ និងទារកក្នុងគភ៌ទៀតផង។

    4-សណ្ដែកលឿង និងផលិតផលធ្វើពីសណ្ដែកលឿងផ្សេងៗ

    ដូចជា ទឹកតៅហ៊ូ តៅហ៊ូដុំប្រភេទផ្សេងៗ ទឹកសណ្ដែកលឿង-ល- ព្រោះនៅក្នុងសណ្ដែកលឿងសម្បូរទៅដោយអៃសូហ្វ្លាវ៉ូន និងនៅមានអាស៊ីតអាមីណូដែលជួយតតាំងសភាវមិនល្អផ្សេងៗ ធ្វើឱ្យស្បែករឹងប៉ឹង ស្អាតភ្លឺថ្លា ហើយសណ្ដែកលឿងថែមទាំងជួយជំរុញវិវឌ្ឍនាការរបស់កូនក្នុងគភ៌បានទៀតផង។

    5-ធញ្ញជាតិប្រភេទផ្សេងៗ រួមទាំងស៊ុតមាន់ផង

    ទាំងប្រូតេអ៊ីនដែលមាននៅក្នុងធញ្ញជាតិ និងក្នុងស៊ុតមាន់ នឹងរួមកម្លាំងជាមួយខេរ៉ាទីន ជួយក្នុងការការពារស្បែកពីសភាវមិនល្អផ្សេងៗ ភ្ជាប់កោសិកាស្បែក ជួសជុលសាច់ភ្នាស ប្រឆាំងនឹងមេរោគបាក់តេរី ធ្វើឱ្យស្បែករឹងមាំ អាចទប់ទល់នឹងសភាវអាកាសធាតុក្ដៅសើមរបស់ប្រទេសយើងបាន។

    6-មើមរមៀត

    ឱសថបុរាណតុបតែងពណ៌ និងក្លិនអាហារប្រភេទនេះ យើងទាំងអស់គ្នាដឹងច្បាស់ថា មើមរមៀតមានគុណសម្បត្តិធ្វើឱ្យស្បែករឹងមាំ ព្រោះមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ទើបអាចជួយការពារស្បែកពីពន្លឺថ្ងៃ ធ្វើឱ្យស្បែកម៉ដ្ឋស្អាត ពណ៌ស្បែកស្មើ និងថែមទាំងជួយឱ្យស្រ្តីមានគភ៌កើតអាការចាញ់កូនតិចតួច និងក្រៅពីនេះនៅជួយបញ្ចេញទឹកដោះបានច្រើនក្រោយពេលឆ្លងទន្លេរួច និងថែទាំសុខភាពរាងកាយទាំងម្ដាយ និងកូនតូចឱ្យរឹងមាំទៀតផង។

    អាហារស្បែកស្អាតប្រភេទនីមួយៗដែលបានរៀបរាប់មក សុទ្ធតែមិនពិបាករកឡើយនៅក្នុងប្រទេសយើង។ ពិតហើយថា អាហារទាំងនេះមិនអាចផ្លាស់ប្ដូរពូជអម្បូរបានមែន តែអ្វីដែលអាហារទាំងនោះអាចជួយបានពិតប្រាកដនោះគឺ វាជួយឱ្យសាច់ស្បែករឹងមាំ មិនងាយរងប្រតិកម្មចាញ់ អាចបង្កើនភាពតតាំងប្រឆាំងនឹងសភាវមិនល្អផ្សេងៗ និងថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹងជាមួយគ្នាទាំងម្ដាយ និងកូន៕

  • អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

    អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

    មានមិត្តភ័ក្តិរបស់នាងខ្ញុំ(អ្នកគ្រូ ឆវី)ម្នាក់តែងតែរអ៊ូឱ្យនាងខ្ញុំបានឮជាញឹកញាប់ថា គាត់ទើបតែចាប់ផ្តើមពពោះទេ តែហេតុអីបានជាចេះតែឈឺក្បាល ឈឺខ្នង ឈឺស្មា ឆ្អល់ពោះ អាហារមិនសូវរំលាយ លនិងល មិនឈប់ឈរសោះដូច្នេះ?។ ពេល​បានឮហើយ ធ្វើឱ្យនឹកអាណឹតអ្នកមានផ្ទៃពោះមែនទែន ព្រោះទម្រាំតែឆ្លងផុតរយៈពេល 9ខែនៃការពពោះជាទីស្រឡាញ់មួយនេះបាន អ្នក​ម្តាយគ្រប់រូបសុទ្ធតែត្រូវឆ្លងកាត់ឧបសគ្គដែលធ្វើឱ្យមានកង្វល់ និងរៀនយល់ដឹងពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលកើតឡើងនេះ​ឱ្យ​បានសឹងតែគ្រប់គ្នាទាំងអស់ ដូច្នេះមិនមែនត្រឹមតែជាការមើលថែទាំរាងកាយ និងសុខភាពឱ្យរឹងមាំប៉ុណ្ណោះទេ តែត្រូវមើលថែទាំផ្លូវចិត្តឱ្យរឹងប៉ឹង​ផង​ដែរ។

    លេខនេះ ទស្សនាវដ្តី ឡារ៉ែន នឹងជម្រាបស្ត្រីមានគភ៌ទាំងឡាយអំពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលធ្វើឱ្យមានកង្វល់ និងរំខានចិត្តដែលកើតឡើងក្នុងអំឡុងពេលមានគភ៌នេះ ដើម្បីឱ្យទាំងអស់គ្នាបានសប្បាយចិត្តក្នុងការពពោះរយ:​ពេល 40​សប្តាហ៍​​​​​ចាប់ពីពេលនេះទៅ ។

    អាការរំខានចិត្តរបស់ស្ត្រីមានផ្ទៃពោះ៖

    .អាការក្អួតចង្អោរ : អាចកើតឡើងដោយសារតែកម្រិតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុង​ពេល​​មាន​គភ៌ ដូចជា អ័រម៉ូន hCG, និងអ័រម៉ូន អេសត្រូជេន ជាដើម ដោយអ័រម៉ូនទាំងនេះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ធ្វើឱ្យ​ស្រ្តីមានគភ៌ធំក្លិនអ្វីក៏មិនបាន ច្រើនតែមានអាការក្អួតចង្អោរ វឹលមុខក្នុងអំឡុងពេលពពោះដំបូងៗ។

    ការមើលថែទាំខ្លួនឯង : ស្រ្តីមានគភ៌គួរចៀសវាងពីអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លិន ដូចជាក្លិន​អា​ហារ ជាដើម ។ អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លិនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរ​នេះ​បានយ៉ាងឆាប់រហ័ស ដូច្នេះបើស្រ្តីមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការ​អនុញ្ញាតពីគ្រូពេទ្យ​ឡើយ ។

    .អាការថប់ៗដង្ហើម ដកដង្ហើមមិនស្រួល និងវិលមុខ : ស្រ្តីមានគភ៌តែងមានចង្វាក់នៃការដកដង្ហើមលឿន ហើយវែង ខណៈពេលជាមួយគ្នា ស្បូនដែលពង្រីកខ្លួនតាមការរីកចម្រើនធំធាត់របស់ទារកក៏នឹងខឹតចូលទៅបៀតសួត និងក្បាំងខ្យល់របស់អ្នកមានផ្ទៃពោះ ធ្វើឱ្យទីកន្លែងដែលទទួលផ្ទុកខ្យល់អុកស៊ីហ្ស៊ែននៅសល់តិច ធ្វើឱ្យពេលខ្លះអ្នកមានគភ៌មាន​អារម្មណ៍ថា ដកដង្ហើមមិនស្រួលបាន។

    ការមើលថែទាំខ្លួនឯង : នៅពេលមានអារម្មណ៍ថា ដកដង្ហើមមិនស្រួល ចូរអង្គុយសម្រាក ហើយដកដង្ហើមចេញចូលយឺតៗ មួយៗ។ បើមានអារម្មណ៍ថា រកកល់ងងឹតមុខ ហាក់ដូចជាចង់ខ្យល់គ ចូរអង្គុយចុះ ហើយ​ឱន​​​​ក្បាលចុះនៅត្រង់ចន្លោះក្បាលជង្គង់ទាំងសងខាង ដើម្បីជួយឱ្យឈាមហូរឡើងមកចិញ្ចឹមខួរក្បាលឱ្យបានកាន់តែលឿនឡើង នឹងធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍ស្រួលឡើងវិញ។ អាការនេះកើតឡើងដោយសារតែកម្រិតជាតិស្ករនៅក្នុងឈាមថយចុះ ដូច្នេះពេលមានផ្ទៃពោះចូរឧស្សាហ៍ទទួលទានអាហារបង្អែម ចម្អាបឱ្យបានញឹកញាប់ ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។

    .អាការតឹងឆ្អល់ក្នុងពោះ : អ័រម៉ូនដែលរាងកាយបញ្ចេញមកក្នុងអំឡុងពេលមានគភ៌ ហុចផលឱ្យសាច់ដុំបន្ទះបង្រួញខ្លួន ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការយឺត ជាហេតុធ្វើឱ្យស្រ្តីមានគភ៌ងាយនឹងកើតអាការឆ្អល់ណែន​ក្នុង​ពោះ រួមជាមួយមូលហេតុផ្សេងទៀតក្នុងការទទួលទានអាហារផងដែរ។

    ការមើលថែទាំខ្លួនឯង : អ្នកមានផ្ទៃពោះគួរទទួលទានអាហារដែលមានកាកសរសៃឱ្យបានច្រើន ដូចជា បន្លែ និងផ្លែឈើស្រស់ រួមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ពិសាទឹកឱ្យបានច្រើន ហើយបើសិនជាអាការណែនឆ្អល់ពោះនោះមានកម្រិតខ្លាំង ស្ត្រីមានគភ៌គួរតែទៅប្រឹក្សានឹងគ្រូពេទ្យដែលពិនិត្យគភ៌ ព្រោះគ្រូពេទ្យនឹងផ្តល់នូវពាក្យណែនាំបានយ៉ាងត្រឹម​ត្រូវអំពីអាការនេះ ។

    .អាការប្រគ្រីវកាច់ជើង : អាចបណ្តាលមកពីការខ្វះជាតិកាល់ស្យូម និងបញ្ហានៃលំហូរវិលរបស់ឈាម។

    ការមើលថែទាំខ្លួនឯង : ក្នុងខណ:កើតអាការប្រគ្រីវកាច់នោះ ចូរចាប់ក្តោបចុងជើងឱ្យជាប់ ហើយ​ទាញវាមករកស្មងជើងឱ្យខ្លាំង ដើម្បីជួយយឹតសាច់ដុំបរិវេណកំភួនជើងឱ្យត្រង់ឡើងវិញ។ មិនគួរសណ្តូកជើង នៅពេលម្រាមជើងចង្អុលត្រង់​ទៅ​ខាងមុខឡើយ ព្រោះនឹងរឺតតែធ្វើឱ្យសាច់ដុំកំភួនជើងកើតអាការរឹងខ្លាំងឡើង និងកើតប្រគ្រីវកាច់កាន់តែខ្លាំងឡើងដែរ ហើយនៅពេលគេងពេលយប់អ្នកមានផ្ទៃពោះគួរតែពាក់ស្រោមជើង ដើម្បីឱ្យចុងជើងកក់ក្តៅ វាអាចជួយកាត់បន្ថយអាការប្រគ្រីវកាច់បាន។

    .អាការឈឺខ្នង : ស្រ្តីភាគច្រើនតែងតែមានអាការឈឺខ្នងកើតឡើងក្នុងអំឡុងពេលតាំងគភ៌។ ទាំងអស់នេះ​ មានមួយចំណែកបណ្តាលមកពីទំហំរបស់គភ៌ដែលចេះតែរីកធំឡើង និងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ដែលទៅបង្កើន​កម្លាំង​សង្កត់លើឆ្អឹងកងខ្នង ហុចផលឱ្យរាងកាយមិនកើតមានតុល្យភាពខាងទម្ងន់។

    ការមើលថែខ្លួនឯង : ដើម្បីឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍កាន់តែសប្បាយស្រួលខ្លួន រួចផុតពីការឈឺខ្នងនេះ ពេលអង្គុយ គួរតែមានខ្នើយមួយកល់នៅត្រង់ចង្កេះផ្នែកខាងក្រោម លើកជើងដាក់លើកូនកៅអីសំរាប់ទ្រជើង ជាដើម។ ពេលឈរ គួរដាក់​ជើងម្ខាងនៅលើកូនកៅអីទាបៗមួយ និងឧស្សាហ៍ផ្លាស់ជើង ម្តងខាងឆ្វេង ម្តងខាងស្តាំផង វានឹងជួយឱ្យអាការឈឺខ្នងបានធូរស្រាលឡើង៕

  • កសិករ​ខ្មែរ​នាំគ្នា​ងាក​មក​ដាំ​ក្រូចឆ្មារ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ពី​ប្រទេសជិតខាង

    កសិករ​ខ្មែរ​នាំគ្នា​ងាក​មក​ដាំ​ក្រូចឆ្មារ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ពី​ប្រទេសជិតខាង

    ក្រូចឆ្មារ​ត្រូវបាន​គេ​ចាត់ទុកថា ជា​រុក្ខជាតិ​ងាយស្រួល​ដាំ និង​ងាយស្រួល​ទទួលផល តែ​ការដាំ​ដើម​-ក្រូចឆ្មារ​ទាំង​លក្ខណៈ​គ្រួសារ​សម្រាប់​ផ្គត់ផ្គង់​ការ-ហូបចុក​ផ្ទាល់ខ្លួន និង​ការដាំ​ជា​លក្ខណៈ​ធ្វើ​អាជីវកម្ម​នៅក្នុង​ស្រុក គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ ថ្វីដ្បិតតែ​ប៉ុន្មាន​ឆ្នាំនេះ​គេ​បានឃើញ​សកម្មភាព​ដាំ​ក្រូចឆ្មារ​តាមបែប​វិទ្យាសាស្ត្រ​ដើម្បី​បំពេញ​តម្រូវ​លើ​ទីផ្សារ​មានការ​កើនឡើង​មែន តែ​ផ្លែក្រូច​ឆ្មារ​ដែល​គេ​ឃើ​ញដាក់លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ភាគច្រើន​លើសលប់​គឺ​នាំចូល​ពី​ប្រទេសជិតខាង ជាពិសេស​នាំចូល​ពី​ប្រទេស​វៀតណាម​តែម្ដង។

    អាជីវករ​នៅ​ផ្សារ​នាគ​មាស ក្រុងភ្នំពេញ បានឱ្យដឹងថា បន្លែ​ក្រូចឆ្មារ​ដែល​ដាក់លក់​នៅក្នុង​ស្តង់​របស់​ពួកគេ គឺ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម​ទាំងអស់។ កត្តា​ដែលនាំឱ្យ​ផ្លែក្រូច​ឆ្មារ​ត្រូវ​នាំចូល​ពី​ប្រទេស​វៀតណាម ដោយសារតែ​ក្រូចឆ្មារ​ដែល​ដាំ​នៅក្នុង​ស្រុក​មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​គ្រប់គ្រាន់ និង​លក់បាន​ថ្លៃ​ជាង​ទៀតផង។

    តម្លៃ​ផ្លែ​ក្រូចឆ្មារ គឺ​អាស្រ័យ​លើ​រដូវ​ប្រមូល​ផល​របស់​ក្រូចឆ្មារ​ដែល​សម្បូរ ឬ​មិន​សម្បូរ។ សម្រាប់​រដូវ​ដែល​សម្បូរ​ក្រូចឆ្មារ គឺ​លក់​ចេញ​ក្នុងតម្លៃ​ពី3,000 – 4,000រៀល​ក្នុង​មួយ​គីឡូក្រាម និង​សម្រាប់​ខែ​ដែល​មិនសូវ​សម្បូរ គឺ​លក់​ចេញ​ក្នុងតម្លៃ​ចាប់ពី4,000 – 6,000រៀល​ក្នុង​មួយ​គីឡូក្រាម ដោយ​នេះ​ជា​តម្លៃ​បោះ​ដុំ តែ​អ្នក​ដែល​ទិញ​យកទៅ​លក់រាយ​វិញ អាច​លក់បាន​ថ្លៃ​ជាង​នេះ។

    ក្នុង​មួយថ្ងៃ ស្តង់​មួយ​មាន​តម្រូវការ​ផ្លែក្រូច​ឆ្មារ​នាំចូល​ក្រូចឆ្មារ​ពី​ប្រទេស​វៀតណាម​ពី400 ទៅ500គីឡូក្រាម និង​ធ្វើ​ការលក់​បន្តទៅ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​តម្រូវ​ការប្រើ​ប្រាស់​ហូបចុក​ប្រចាំថ្ងៃ។ នៅ​ផ្សារ​នាគ​មាស​តែមួយ មាន​ស្តង់​លក់​ផ្លែ​ក្រូចឆ្មារ​ប្រមាណ​ជិត 20ស្តង់។

    តាមរយៈ​ការស្រាវជ្រាវ​របស់​អង្គការ​សេ​ដាក​បាន​រកឃើញថា ក្នុងមួយឆ្នាំៗ កម្ពុជា​បាន​នាំចូល​បន្លែ​ប្រមាណ 80%នៃ​ចំនួន​សរុប ខណៈ​កម្ពុជា​អាច​ផលិត​បាន​ប្រមាណ​តែ 20%ប៉ុណ្ណោះ។ ក្នុងនោះ​ក្នុង​មួយថ្ងៃ​កម្ពុជា​បាន​នាំចូល​ក្រូចឆ្មារ​យ៉ាងតិច 10តោន​ពី​ប្រទេស​វៀតណាម។

    ហេតុ​ដូច្នេះហើយ​បានជា​កសិករ​ក្នុងស្រុក​មួយចំនួន​បាននាំគ្នា​ងាក​មក​ដាំ​ដំណាំ​ក្រូចឆ្មារ​យ៉ាងច្រើន​គួរឱ្យកត់សម្គាល់ ដូចជា​លោក ញឹម សំអាត កសិករ​នៅ​ភូមិ​ស្ពានដែក​ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យខេត្តកំពង់ឆ្នាំង បាន​ដាំ​ដើម​ក្រូចឆ្មារ​លើដី​ចំនួន 34ហិកតា ដែល​បច្ចុប្បន្ន​ក្រូចឆ្មារ​របស់គាត់​បាន​ទទួលផល​ប្រមាណ​ជាង 10ហិកតា​ហើយ។

    លោក ញឹម សំអាត បានឱ្យ​សារព័ត៌មាន ឡា​រ៉ែ​ន ពាណិជ្ជ ដឹងថា ក្នុងមួយថ្ងៃៗមាន​ផ្លែ​ក្រូចឆ្មារ 2ប្រភេទ​ដែល​លោក​បាន​ដាំ និង​កំពុង​ប្រមូល​ផលបណ្ដើរៗនោះ គឺ​ទី1-ផ្លែក្រូច​ឆ្មារ​ពណ៌​លឿង(ដែល​គេ​ច្រើន​យកទៅ​ធ្វើ​ម្ហូប​សម្រាប់​ហាងធំៗ និង​ធ្វើជា​តែ​ជ្រក់) និង​ទី2-ផ្លែក្រូច​ឆ្មារ​ប្រភេទ​ពណ៌​បៃតង​ធម្មតា ជា​ក្រូចឆ្មារ​ដែល​សម្រាប់​ធ្វើជា​ម្ជូរ​គ្រប់​ប្រភេទ។

    លោក​បានឱ្យដឹងថា ការដាំ​ក្រូចឆ្មារ​តាមបែប​បុរាណ គឺ​ពិបាក​ថែទាំ មាន​អាយុ​ខ្លី ក្រ​ឱ្យ​ផល និង​ទទួលបាន​ផល​តិច​ទៀតផង តែ​បច្ចុប្បន្ន​គេ​ដាំ​ក្រូចឆ្មា​តាមបែប​វិទ្យាសាស្ត្រ គឺ​ប្ដូរ​ពី​ដាំ​បែប​បណ្ដុះ​កូនមកជា​ដាំ​ដោយ​បំបៅ(ផ្សាំ)មែក​វិញ ដែល​ធ្វើឱ្យ​ងាយស្រួល​ដាំ និង​ថែទាំ និង​ឆាប់​ឱ្យ​ផល គឺ​រយៈពេល​តែ 8ខែ ទៅ 1ឆ្នាំ​ប៉ុណ្ណោះ វា​នឹង​ចេញ​ផ្កា-ផ្លែ​ហើយ និង​ថែមទាំង​ឱ្យ​ផល​ច្រើន​ទៀតផង តែ​វា​ត្រូវការ​ទឹក​ឱ្យ​គ្រប់គ្រាន់។

    លោក សំអាត បញ្ជាក់ថា ចំពោះ​ក្រូចឆ្មារ​ប្រភេទ​ពណ៌​បៃតង​ក្នុង​រយៈពេល 2ឆ្នាំ​វា​នឹង​ផ្តល់​ផល​ឱ្យ​ហើយ តែ​ក្រូចឆ្មារ​ប្រភេទ​ពណ៌​លឿង​វិញ ត្រឹម1ឆ្នាំ​ជាង យើង​អាច​ប្រមូល​ផល​បានជាបណ្តើរៗហើយដូច​ក្រូចឆ្មារ​ដែល​លោក​ដាំ​នេះ កំពុង​ឱ្យផល​ជាង 10ហិកតា​ហើយ​ដែល​ក្នុងនោះ​មាន​ក្រូចឆ្មារ​ពណ៌​បៃតង​ចំនួន 2,500ដើម និង​ក្រូចឆ្មារ​ពណ៌​លឿង 500ដើម ដែល​ក្នុង1ដើមៗ យើង​ទទួលបាន​ផល​ប្រមាណ​ជា 50 ទៅ 60ផ្លែ។ លោក​បាន​អះអាង​ទៀតថា បច្ចុប្បន្ន​ក្រូចឆ្មារ​លក់​មិនសូវ​បាន​ថ្លៃ​ទេ ក្នុង​ចម្ការ​រ​របស់លោក​ក្នុង 1ថ្ងៃ​អាច​ប្រមូល​ផល និង​លក់បាន​ប្រហែលជា 1,500ដុល្លារ(1គីឡូក្រាម​តម្លៃ4,000រៀល ឬ1ដុល្លារ)។ ចំពោះ​រដូវ​ដែល​ក្រូចឆ្មារ​ហុច​ផល​ល្អ និង​លក់បាន​ថ្លៃ​នោះ គឺ​ចាប់ពី​ខែ11 ដល់​ខែ4 ដែល​លក់​នៅពេល​លោក​អាច​លក់​បា​ន​ក្នុង1គីឡូក្រាម​តម្លៃ 7,000-8,000រៀល។

    ការដែល​គាត់​បានចាប់ផ្តើម​ដាំ​ក្រូចឆ្មារ​នេះ ដោយសារតែ​ដំណាំ​ក្រូចឆ្មារ ត្រូវ​នាំចូល​ពី​ប្រទេស​វៀតណាម ព្រោះ​ក្រូចឆ្មារ​ដែល​ដាំ​នៅក្នុង​ស្រុក​ពុំ​អាច​ផ្គត់ផ្គង់​បាន ទើប​គាត​ចង់​ជំរុញដំណាំ​នេះ​ឱ្យជួយ​កាត់​បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ផង ក៏ដូចជា​កាត់បន្ថយ​ដំណាំ​​ដែល​ប្រើ​គីមី​ផងដែរ។

    បច្ចុប្បន្ន លោក សំអាត កំពុង​ទាក់ទង​ជាមួយ​កសិករ​តាម​បណ្តា​ខេត្ត​មួយចំនួន​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​ដាំ​ដើម​ក្រូចឆ្មារ​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ផ្លែក្រូច​ឆ្មារ​ពី​ប្រទេសក្រៅ ដែល​មិនសូវមាន​សុវត្ថិភាព ដោយ​កសិករ​ដែល​លោក សំអាត​បាន​ទំនាក់ទំនង​នោះ​រួមមាន កសិដ្ឋានធំៗខេត្ត​ព្រះសីហនុ(ព្រៃនប់) ក​សិ​ករ​នៅ​ខេត្តកំពង់ធំ បាត់ដំបង និង​មាន​ចម្ការតូចៗជាច្រើន​ខេត្តសៀមរាប និង​កំពង់ចាម៕

  • ភ្លា​សាច់ជ្រូក​ក្រូចឆ្មារ

    ភ្លា​សាច់ជ្រូក​ក្រូចឆ្មារ

    មុខម្ហូប​មួយ​មុខ​ទៀត​ហើយពី​អ្នកស្រី Sakorak Thonn ដែលជា​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​គ្រួសារ​របស់​អ្នកស្រី នឹង​ជា​អ្នក​ដែល​និយម​ចូលចិត្ត​ចម្អិនម្ហូប​អាហារឆ្ងាញ់ៗ និងប្លែកៗ ដើម្បី​ទទួលទាន​នៅក្នុង​គ្រួសារ និង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មេផ្ទះ​ទាំងឡាយ ដើម្បី​បញ្ចេញថ្វីដៃ​ចម្អិន​អាហារ​សម្រាប់​សមាជិកគ្រួសា​រ​ជាទី​ស្រឡាញ់​ទទួលទាន​យ៉ាង​ឆ្ងាញ់​មាត់​ជុំគ្នា។ ម្ហូប​មួយ​មុខ​នេះ​គឺ “ភ្លា​សាច់ជ្រូក​ក្រូចឆ្មារ” ដូច្នេះសូម​តាមដាន​នូវ​គ្រឿ​ផ្សំ និង​របៀប​ធ្វើ​មុខម្ហូប​នេះ​ទាំងអស់គ្នា។

    + គ្រឿងផ្សំ
    • សាច់ជ្រូក 3ខាំ
    • ទឹកត្រី 2ស្លាបព្រា​បាយ
    • ស្ករស 1ស្លាបព្រា​កាហ្វេ
    • ខ្ទឹមស 1មើម
    • ក្រូចឆ្មារ 3ផ្លែ
    • ម្ទេស 6ផ្លែ
    • ខាត់ណា 1ដើម

    + របៀប​ចម្អិន

    របៀប​ចម្អិន ដំបូង​ត្រូវ​សក​ដើម​ខាត់ណា រួច​លាង​ទឹក​ឱ្យ​ស្អាត បន្ទ​ប់បាយ​កមក​កាត់​ជា​កង់​តូច​ល្មម ហើយ​យកទៅ​ក្លាសេ​ជាមួយ​ទឹកកក​ឱ្យ​ត្រជាក់ ទុក​មួយអន្លើ។ បន្ទាប់មក​សឹម​ហាន់​ខ្ទឹមស និង​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួច​ចិត​ក្រូចឆ្មារ​ជា​ចំណិត និង​ហាន់​ម្ទេស​ស្រស់​ឱ្យ​ល្អិត ដើម្បី​ធ្វើ​ទឹកត្រី​ជូរអែម។ លាយ​ទឹកត្រី ជាមួយ​ស្ករស​ក្នុង​បរិមាណ​ដូច​រៀបរាប់​ពី​ខាងលើ រួច​ច្របាច់​ក្រូចឆ្មារ​ចូល និង​ដាក់​ខ្ទឹមស​ចិញ្ច្រាំ និង​ម្ទេស​ចូល កូរ​ឱ្យ​សព្វ និង​ចូលជាតិ​គ្នា​ល្អ ទុក​មួយអន្លើ​សិន។ រួច​យក​សាច់ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត ហើយ​យកមក​ហាន់​ជា​ចំណិតស្តើង។ បន្ទាប់មកទៀត​សឹម​ដាក់​ឆ្នាំង​នៅលើ​ភ្លើង​ដាំទឹក​ឱ្យ​ពុះ​ល្អ សឹម​ដាក់​សាច់ជ្រូក​ចូល​ស្ងោរ​ឱ្យ​ឆ្អិនល្មមៗបាន​ហើយ។ យក​ចាន​មក​ដាក់​សាច់ជ្រូក ដែល​ស្ងោរ​ឆ្អិន​នោះ​ឱ្យមាន​របៀប រួច​ចាក់​ទឹកត្រី​ជូរអែម​ពីលើ និង​បន្ថែម​ដោយ​ដើម​ខាត់ណា ដែល​កាត់​ជា​ដុំតូចៗលម្អ និង​ទុក​ទទួលទាន​ជា​អន្លក់​ដូច​រូប​ជាការ​ស្រេច៕