Tag: ក្រិក

  • រកឃើញ​ព្រះ​ចន្ទ​ថ្មី​ចំនួន​បី​ដួងទៀត នៅក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​

    រកឃើញ​ព្រះ​ចន្ទ​ថ្មី​ចំនួន​បី​ដួងទៀត នៅក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​

    សហព័ន្ធ​តារា​សាស្ត្រ​អន្តរជាតិ (IAU) ទើប​តែ​បាន​ទទួល​ស្គាល់​ «ពលរដ្ឋ» ថ្មី​ចំនួន​ 3 ទៀត ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ដែល​រួម​មាន​ ព្រះ​ចន្ទ​ពីរ​ដួង​របស់​ភព​ណិបទូន និង​ព្រះ​ចន្ទ​មួយ​ដួង​របស់​ភពអ៊ុយរ៉ានុស​។

    ព្រះ​ចន្ទ​ថ្មី​ចំនួន​បី​ដួង​នេះ​ នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ទៅ​តាម​តួអង្គ​ក្នុង​ទេវកថា​ក្រិក និង​​ល្ខោន Shakespeare។

    ព្រះ​ចន្ទ​វិល​ជុំវិញ​ភព​អ៊ុយរ៉ានុស​ដែល​មាន​ស្លាក​លេខ​ S/2023 U1 គឺជា​ព្រះ​ចន្ទ​ទី 28 ដែល​ត្រូវ​បាន​រក​ឃើញ​របស់​ភព​នេះ​។ ព្រះ​ចន្ទ​ដែល​​មាន​អង្កត់​ផ្ចិត​ប្រហែល​តែ​ 8 គីឡូម៉ែត្រ​នេះ គឺជា​មួយ​ក្នុង​ចំណោម​ព្រះ​ចន្ទ​តូច​បំផុត​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ S/2023 U1 ត្រូវ​ការ​ពេល​វេលា​ប្រហែល 680 ថ្ងៃ ដើម្បី​គោចរ​បាន​មួយ​ជុំ​ភព​អ៊ុយរ៉ានុស។

    ជា​ធម្មតា​ ព្រះ​ចន្ទ​របស់​ភព​អ៊ុយរ៉ានុស​ នឹង​ត្រូវ​បាន​ដាក់​ឈ្មោះផ្លូវ​ការ​​ទៅ​តាម​តួអង្គ​​ណា​មួយ​នៅ​ក្នុងល្ខោន​ Shakespeare ដូច​ទៅ​នឹង​ Titania, Oberon និង Puck ដែល​ជា​បង​ប្អូន​របស់​វា​។

    ព្រះ​ចន្ទ​ថ្មី​របស់​ភព​ណិបទូន​ដែល​មាន​ស្លាក​លេខ​ S/2022 N5 និង S/2021 N1 ដែល​មាន​អង្កត់​ផ្ចិត​ 23 និង 14 គីឡូម៉ែត្រ ចំណាយ​ពេល​ 9 ឆ្នាំ និងជិត 27 ឆ្នាំ ដើម្បី​គោចរ​បាន​មួយ​ជុំ​ភព​មេ​ដ៏​ធំ​របស់​ពួក​វា​។

    ព្រះ​ចន្ទ​ទាំង​ពីរ​ដួង​ខាង​លើ​នេះ​ នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ទៅ​តាមឈ្មោះ​​បុត្រី​របស់​​ព្រះ​ម៉ែនាគី Nereus នៅ​ក្នុង​ទេវកថា​ក្រិក​។ មុន​នោះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ព្រះ​ចន្ទ​ចំនួន 16 របស់​ភព​ណិបទូន​។

    កន្លង​មក កាល​ពី​ដើម​ឆ្នាំ 2023 IAU ក៏ធ្លាប់​បាន​បង្កើន​តួលេខ​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​ឡើង​ដល់ 92 ដួង ក្រោយ​ពី​បាន​រក​ឃើញ​ព្រះ​ចន្ទ​ថ្មី​ចំនួន 12 ដួង​ទៀត​របស់​ភព​នេះ​។ ច្រើន​ខែ​បន្ទាប់​មក ភព​សៅរ៍​ក៏​បន្ត​មាន​ព្រះ​ចន្ទ​ថ្មី​ចំនួន 62 ដួង​​ ធ្វើ​ឱ្យ​ភព​នេះ​ក្លាយ​ជា​ភព​ដែល​មាន​ព្រះ​ចន្ទ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ដោយ​មានព្រះ​ចន្ទ​សរុប​ 145 ដួង​៕

  • ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​ជាង​គេ​នៅ​តាម​បណ្ដា​ប្រទេស​ជាសមាជិក ​សហភាព​​អឺរ៉ុប​នឹង​​អាច​ប្រមូល​ថវិកា​បាន​ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    គំនិត​ខាងលើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៃ​​ក្រុម​សម្ព័ន្ធ​សេរីភាព​របស់​សភា​អឺរ៉ុប​ដែល​ទើប​តែត្រូវ​បាន​ប្រកាសបន្ទាប់​ពី​​អ្នក​សេដ្ឋកិច្ច និង​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 នៅ​ញូវដែលីប្រទេស​ឥណ្ឌាកាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ​​ បាន​​អំពាវនាវ​ឱ្យ​មាន​ការ​យក​ពន្ធ​លើ​ក្រុម​អ្នក​មាន​កំពូល​ៗ​។

    យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​ បើ​សិន​រដ្ឋយក​ពន្ធលើ​ទ្រព្យ​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហភាព​នេះ​នឹង​ប្រមូល​ប្រាក់​បាន​ជាង 213 ពាន់​លាន​អឺរ៉ូ (ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ជា​រៀង​រាល់​ឆ្នាំ​។ ក្រុម​មនុស្ស​ 0.5% នេះ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ជិត 20% របស់​អឺរ៉ុប​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រព្យ 3.5% របស់​ក្រុម​ពលរដ្ឋប្រហែល​ពាក់​កណ្ដាល​ដែល​​​ក្រីក្រ​បំផុត​។ ជាង​នេះ ទ្រព្យ​របស់​ក្រុម​អ្នក​មាន 0.5% ក៏​បាន​កើន​ 35% ក្នុង​ដប់​ឆ្នាំ​កន្លង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ទទួល​​បាន​​សិទ្ធិ​​ចាត់​ចែង​​ដោយ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បណ្ដាញ​យុត្តិធម៌​ពន្ធដារ​។

    ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នឹង​ប្រមូល​ប្រាក់​បាន​ច្រើន​ជាង​គេ​បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​អ្នក​មាន​ ក្នុង​នោះ អាល្លឺម៉ង់​នឹង​ទទួល​បាន​ជាង 65 ពាន់​លាន​អឺរ៉ូ (69.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក​បារាំង​នឹង​ទទួល​បាន​ជាង 46 ពាន់​លាន​អឺរ៉ូ (49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ នៅ​អឺរ៉ុប​ខាង​ត្បូង ប្រទេស​អ៊ីតាលី​នឹង​ប្រមូល​ប្រាក់​ពន្ធ​នេះ​បាន​ 27.2 ពាន់​លាន​អឺរ៉ូ (28.9 ពាន់​លាន​ដុល្លារ​អាម៉េរិក) ស្រប​ពេល​ដែល​ព័រទុយហ្កាល់​​នឹង​ប្រមូល​បាន 3.7 ពាន់​លាន​អឺរ៉ូ និង​ក្រិក​​ប្រមូល​បាន​ 1.4 ពាន់​លាន​អឺរ៉ូ (1.49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    រូបមន្ត​នៃ​ការ​យក​ពន្ធ​លើ​អ្នក​មាន​ដែល​ត្រូវ​បាន​ស្នើ​ដោយ​ក្រុម​សម្ព័ន្ធ​សេរីខាងលើ​ មិន​ដូច​ទៅ​នឹង​រូបមន្ត​យក​ពន្ធ​លើ​អ្នក​មាន​នៅ​​អេស្ប៉ាញ​ ឬ​ពន្ធ​អចលនទ្រព្យ​របស់​បារាំង​នោះឡើយ។ សំណើ​ពន្ធ​នេះ​នឹង​អនុវត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ​គ្រប់ប្រភេទ តាំង​ពី​អចលនទ្រព្យ​ ប្រាក់​ផ្ញើនៅ​ធនាគារ ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ រហូត​ដល់​ស្នាដៃ​សិល្បៈ​។

    បើ​សិន​ជា​ត្រូវ​បាន​អនុវត្ត ខ្ទង់ប្រាក់​ដែល​បាន​ពី​ពន្ធ​ទ្រព្យ​អ្នក​មាន​នេះ​នឹង​រួម​ចំណែក​​ 1.35% នៃ​ GDP របស់​សហភាព​អឺរ៉ុប​។ នេះ​មិន​ទាន់​និយាយ​ដល់​ឥទ្ធិពល​បន្ថែម​ដែល​កើត​ឡើង​ក្នុង​ពេល​ដោះ​ស្រាយ​បញ្ហា​គេច​ពន្ធ​របស់​បុគ្គល​អ្នក​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មិនយក​ពន្ធ ឬ​យក​ពន្ធ​តិចតួច​លើ​ទ្រព្យ​សម្បត្តិ​៕

  • Mbappe ថា ខ្លួន​ស័ក្ដិសម​នឹង​ការទទួលបាន​បាល់​មាស​នៅ​រដូវ​កាល​នេះ

    Mbappe ថា ខ្លួន​ស័ក្ដិសម​នឹង​ការទទួលបាន​បាល់​មាស​នៅ​រដូវ​កាល​នេះ

    (បារាំង) – ខ្សែប្រយុទ្ធ Kylian Mbappe យល់ថា ដោយបាន​រួមចំណែក​នៅ​ក្នុង​ក្លឹប​បាល់ទាត់ PSG និង​ក្រុម​ជម្រើសជាតិ​បារាំង គាត់​ពិតជា​បាន​បំពេញ​តាម​​លក្ខខណ្ឌ​នានា​សម្រាប់​ពានរង្វាន់​គ្រាប់​បាល់​មាស​ឆ្នាំ 2023។

    កាលពី​ព្រលប់​ថ្ងៃទី 19 មិថុនា បន្ទាប់ពី​ទាត់​ចូល​ទី​បាន​មួយ​គ្រាប់ ជួយ​ឱ្យ​បារាំង​ឈ្នះ​ក្រិ​ក 1-0 នៅក្នុង​វគ្គ​ជម្រុះ Euro 2024  Mbappe ត្រូវបាន​សួរថា តើ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ស័ក្ដិសម​ជាមួយនឹង​គ្រាប់​បាល់​មាស​ឆ្នាំ 2023 ឬទេ។ Mbappe ឆ្លើយថា «ខ្ញុំ​នឹង​និយាយថា​មាន។ ខ្ញុំ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ។ ប៉ុន្តែ​ពានរង្វាន់​នេះ​អាស្រ័យទៅលើ​សន្លឹកឆ្នោត»។

    ក្នុងការ​ប្រកួត​នៅលើ​ទីលាន Stade de France កំពូល​កីឡាករ Mbappe បាន​ទាត់​បាល់​ពិន័យ​រកបាន​មួយ​គ្រាប់​គត់​នៅ​នាទី​ទី 55។ នេះ​គឺជា​គ្រាប់​បាល់​ទី 54 របស់ Mbappe រាប់​ចាប់តាំងពី​ដើមរដូវ​កាល 2022-2023 ដែល​នេះ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​កីឡាករ​បារាំង​ដែល​រកបាន​គ្រាប់​បាល់​ឈ្នះ​ច្រើនជាងគេ​បំផុត​ក្នុង​មួយ​រដូវ​កាល។

    ពានរង្វាន់​គ្រាប់​បាល់​មាស​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី​បារាំង France Football។ អ្នកចូលរួម​បោះឆ្នោត​ជ្រើសរើស​ម្ចាស់​គ្រាប់​បាល់​មាស​គឺជា​អ្នកសារព័ត៌មាន​មកពី​ជុំវិញ​ពិភពលោក។ ថ្ងៃទី 30 តុលា 2023 France Football នឹង​ប្រគល់​ពានរង្វាន់​នេះ​នៅ​ទីក្រុង​ប៉ារីស។ Messi កំពុង​កាន់កាប់​កំណត់ត្រា​គ្រាប់​បាល់​មាស ខណៈ Mbappe និង Haaland មិនទាន់​ទទួលបាន​ពានរង្វាន់​នេះ​នៅឡើយ៕

    Mbappe ទាត់ចូលទីបានមួយគ្រាប់ ជួយឱ្យបារាំងឈ្នះក្រិក 1-0 នៅក្នុងការប្រកួតវគ្គជម្រុះ Euro 2024 កាលពីថ្ងៃទី 19 មិថុនា 2023
    Mbappe ថា ខ្លួន​ស័ក្ដិសម​នឹង​ការទទួលបាន​បាល់​មាស​នៅ​រដូវ​កាល​នេះ

    https://www.youtube.com/watch?v=Topwjxtlbeo

  • (វីដេអូ)-ព្រែកជីក​ដែលមាន​ជម្រៅ​ជ្រៅ​បំផុត​ក្នុង​ពិភពលោក

    (វីដេអូ)-ព្រែកជីក​ដែលមាន​ជម្រៅ​ជ្រៅ​បំផុត​ក្នុង​ពិភពលោក

    (ប្រទេស​ក្រិ​ក)-ព្រែកជីក Corinth មាន​ជញ្ជាំង​ទាំងសងខាង​ខ្ពស់​រហូតដល់ ៧៩ ម៉ែត្រ ចំណែក​ទទឹង​វិញ មាន​កន្លែង​ខ្លះ​ត្រឹមតែ ២0 ម៉ែត្រ​ប៉ុណ្ណោះ។

    Corinth គឺជា​ព្រែក​ដ៏​ធំ​មួយ​ដែល​មនុស្ស​បាន​បង្កើតឡើង។ ជញ្ជាំង​របស់​ព្រែក​នេះ​មាន​កម្ពស់ ៧៩ ម៉ែត្រ ធ្វើឱ្យ​វា​ក្លាយជា ព្រែក​ដែល​ជ្រៅ​បំផុត​ក្នុង​ពិភពលោក។ ប៉ុន្តែ វា​មាន​ទទឹង​ត្រឹមតែ ២៥ ម៉ែត្រ​ប៉ុណ្ណោះ ធ្វើឱ្យ​កប៉ាល់ធំៗ ពិបាក​ឆ្លងកាត់។

    ព្រែកជីក​នេះ​គឺជា​ផ្លូវទឹក​ដែលមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​កប៉ាល់​ជាង ១១,០០០ គ្រឿង ឆ្លងកាត់​ក្នុង ១ ឆ្នាំ។

    វិស្វករ Haris Saraglou នៅតែ​បន្ត​ដើរ​ត្រួតពិនិត្យ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា ជញ្ជាំង​របស់​ព្រែកជីក​នេះ​នៅតែ​រឹងមាំ និង​សុវត្ថិភាព។ លោក Haris Saraglou ថ្លែងថា Corinth គឺជា​កន្លែង​ដែល​សំខាន់​ខ្លាំង ព្រោះ​វា​ជា​ច្រកទ្វារ​ដែល​នាំទៅ​កាន់ Peloponnese ហើយ​វា​ក៏​ប្រសព្វ​មុខ​គ្នា​ជាមួយនឹង​សមុទ្រ និង​ដីគោក។

    នៅពេល​ការស្ថាបនា​ព្រែកជីក Corinth បាន​រួចរាល់​កាលពី​ឆ្នាំ ១៨៩៣ ពេលនោះ​កប៉ាល់​នានា​មាន​ទំហំ​តូច​ជាង​កប៉ាល់​នៅ​សម័យនេះ​ឆ្ងាយ​ណាស់។ បច្ចុប្បន្ន មាន​កប៉ាល់ធំៗជាច្រើន​គ្រឿង​ធ្លាប់បាន​ឆ្លងកាត់​ព្រែកជីក​នេះ ដោយ​កប៉ាល់​ខ្លះ​ស្ទើរតែ​មិនអាច​ជៀត​ចូល​បាន។ ការធ្វើដំណើរ​របស់​ក​ប៉ាល់ធំៗទាំងនោះ គឺជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ប្រទេស​ក្រិ​ក នៅពេល​គេ​មើល​ពីលើ​ទី​ខ្ពស់។

    កាលពី​ខែតុលា ឆ្នាំ ២០១៩ កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​មួយ ប្រវែង ១៩៥ ម៉ែត្រ ដែលមាន​ឈ្មោះថា Braemar បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រែកជីក Corinth។ កប៉ាល់​ដែលមាន​ទម្ងន់ ២៤,៣៤៤ តោន​នេះ គឺជា​កបាល់​ធំ​បំផុត​ដែល​ធ្លាប់បាន​ឆ្លងកាត់​ផ្លូវទឹក​ដ៏​ចង្អៀត​នេះ។

    ការមើល​ពីលើ​ទី​ខ្ពស់ ជួយ​ឱ្យ​យើង​បាន​គយគន់​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ។ ចំណែក​អ្នកបើកបរ​កប៉ាល់​ខ្នាត​យក្ស​ដែល​ឆ្លងកាត់​ព្រែក​នេះ​ក៏ត្រូវ​តែមាន​ស្មារតី​រឹងមាំ​ទើប​អាចទៅរួច។ ត្រង់​កន្លែង​ចង្អៀត​បំផុត ចន្លោះ​ពី​កប៉ាល់​ទៅ​ជញ្ជាំង​ទាំងសងខាង នៅសល់​មិន​ដល់ ១ ម៉ែត្រ​នោះទេ។

    ពេល​កប៉ាល់ នាវា​ឆ្លងកាត់​ព្រែកជីក Corinth មានន័យថា ពួកវា​កំពុងតែ​សម្រេចបាន​នូវ​មហិច្ឆតា​បុរាណ​មួយ ដែល​ត្រូវការ​ពេលវេលា​ជាង ២,០០០ ឆ្នាំ ទើប​អាច​ធ្វើបាន។ ជនជាតិ​ក្រិ​ក​បុរាណ ចង់​ជីក​ព្រែក​នៅទីនេះ ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា នេះ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់។ ពួកគេ​អាច​ជំរុញ​សកម្មភាព​ជំនួញ និង​រកបាន​ផលប្រយោជន៍​យ៉ាងច្រើន​ផ្សេងទៀត​បើ​គិត​អំពី​វិធីសាស្ត្រ​អភិវឌ្ឍ​អារ្យធម៌។ ព្រែកជីក Corinth ត្រូវបាន​ចាប់ផ្ដើម​ស្ថាបនា​ដោយ​អធិរាជ​រ៉ូ​ម៉ាំង Nero កាលពី​សតវត្សរ៍​ទី១ ប៉ុន្តែ ស្ថាបត្យកម្ម​នេះ​ត្រូវបានធ្វើ​ឡើងដល់​ត្រឹម​ដំណាក់កាល​ជីក​កកាយ​ដី​ផ្នែក​ខាងលើ​ប៉ុណ្ណោះ ទ្រង់​ក៏បាន​សោយ​ទិវង្គត។

    បន្ទាប់ពី​ធ្វើដំណើរ​បាន​ចម្ងាយ ៦ គីឡូម៉ែត្រ ដែល​ហាក់ដូច​មានការ​លំបាក​ខ្លាំង ចុងក្រោយ កប៉ាល់ Braemar ក៏បាន​រុលចូល​ទៅដល់​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រែកជីក Corinth៕