Tag: ក្រសួង

  • ក្រសួងត្រៀមចាត់វិធានការលើទំនិញគ្រោះថ្នាក់

    ក្រសួងត្រៀមចាត់វិធានការលើទំនិញគ្រោះថ្នាក់

    ដោយសង្កេតឃើញថា ទំនិញអសុវត្ថិភាពផ្ទុកសារធាតុគីមីកំពុងចរាចរយ៉ាងគគ្រឹកគគ្រេងនៅលើទីផ្សារកម្ពុជាក្រសួងឧស្សាហកម្ម និងសិប្បកម្មបានរៀបចំកិច្ចប្រជុំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយទំនិញគ្រោះថ្នាក់ទាំងនោះសំដៅធានាការពារសុវត្ថិភាពសុខភាពរបស់មនុស្ស សត្វរុក្ខជាតិ ទ្រព្យសម្បត្តិ និងបរិស្ថាន។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ  បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះថាដោយពិនិត្យឃើញពីតម្រូវការចាំបាច់ក្នុងការបន្តឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ការពារសុខមាលភាពសុវត្ថិភាពសាធារណៈ បរិស្ថាន និងសង្គម ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់គណៈកម្មាធិការក្រសួងមានតួនាទី និងភារកិច្ចសំខាន់ដើម្បីបំពេញការងារជាសេនាធិការជូនរាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការសិក្សាពីកាតព្វកិច្ច និងតម្រូវការរបស់ប្រទេសជាតិលើការចូលរួមគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់សម្រាប់ធ្វើជាមូលដ្ឋាននៃការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងទំនិញគ្រោះថ្នាក់ទាំងនោះឱ្យទទួលបាននូវសុវត្ថិភាពរួមទាំងការរៀបចំគ្រប់គ្រង និងបង្កើតប្រព័ន្ធទិន្ន​ន័យជាតិផ្តល់ព័ត៌មានជាប្រចាំរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធទាក់ទងនិងទំនិញគ្រោះថ្នាក់ព្រមទាំងធ្វើការពិនិត្យវិភាគ និងវាយតម្លៃទិន្នន័យនៃភាពមិនប្រក្រតី ដើម្បីគ្រប់គ្រងទំនិញគ្រោះថ្នាក់ឱ្យបានហ្មត់ចត់ និងឱ្យមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយហានិភ័យ ធានាក្នុងការផលិត ការប្រើប្រាស់ ការដឹកជញ្ជូន ការនាំចូលការនាំចេញ និងការស្តុកទុកទំនិញគ្រោះថ្នាក់។

    គួរបញ្ជាក់ថា អាជ្ញាធរនៅតាមព្រំដែនជាច្រើនតែងបើកដៃឱ្យទំនិញអសុវត្ថិភាពផ្ទុកសារធាតុគីមីទាំងនោះឱ្យចូលមកចរាចរលើទីផ្សារយ៉ាងទូលំទូលាយដោយគេមិនទាន់ឃើញមានស្ថាប័នជំនាញណាមួយមានវិធានការទប់ស្កាត់នៅឡើយទេរហូតមកដល់ពេលនេះ៕

  • ក្រសួងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក

    ក្រសួងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក

    នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានសម្ពោធដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក” ដើម្បីជួយសម្រួលដល់វិស័យឯកជន និងសាធារណជនក្នុងការស្នើសុំចុះបញ្ជី និងទទួលបានសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម។

    ពិធីសម្ពោធត្រូវបានរៀបចំឡើងកាលពីថ្ងៃទី25 ខែឧសភានេះ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) តំណាងការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន មន្ត្រីអន្តរក្រសួងដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងតំណាងវិស័យឯកជន និងសាធារណជនប្រមាណ 200នាក់។

    ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេសផ្សេងៗរបស់អង្គការ WIPO ព្រមទាំងដៃគូអភិវឌ្ឍន៍នានាក្នុងការជំរុញ និងលើកកម្ពស់ការអនុវត្តកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកដែលបានដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO។

    ឯកឧត្តមបានគូសបញ្ជាក់ថា «ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការលើកកម្ពស់សេវាសាធារណៈ ពិសេសចូលរួមអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា»។

    ប្រព័ន្ធថ្មីនេះនឹងផ្តល់ភាពងាយស្រួលជាងមុន ដោយអាចជួយកាត់បន្ថយពេលវេលា និងថវិកាចំណាយក្នុងការស្វែងរកលទ្ធភាពចុះបញ្ជីម៉ាក និងការស្នើសុំសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីម៉ាក ប្រកបដោយប្រសិទ្ធភាព។

    គួរបញ្ជាក់ថា នៅលើពិភពលោក កម្មសិទ្ធិបញ្ញាត្រូវបានទទួលស្គាល់ថា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងព័ត៌មានវិទ្យា។ ដើម្បីជំរុញការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបានប្រឹងប្រែងចូលជាសមាជិកនៃអង្គការ WIPO និងបានចុះកិច្ចព្រមព្រៀង ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិសំខាន់ៗមួយចំនួនទៀតដែរ។

    លើសពីនេះ ក្រសួងបានខិតខំតាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងម៉ាកពាណិជ្ជកម្ម ក្រោមការជួយជ្រោមជ្រែងពីដៃគូអង្គការអន្តរជាតិនានា សំដៅការពារអត្ថប្រយោជន៍វិស័យឯកជន និងសាធារណជនជាតិ ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការរំលោភបំពានកម្មសិទិ្ធបញ្ញានៅក្នុងប្រទេស។

    តាមរយៈប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកដែលដាក់ឲ្យដំណើរការនេះ សាធារណជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្មនេះ ដែលនឹងធ្វើឡើងនៅគ្រប់ទីកន្លែង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.efiling.cambodia.gov.kh របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ៕

  • ក្រសួងអប់រំកម្ពុជា ពិភាក្សាការរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ

    ក្រសួងអប់រំកម្ពុជា ពិភាក្សាការរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ

    ថ្មីៗនេះកម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិ សម្រាប់ការរង្វាយតម្លៃកម្រិតសិស្សអន្តរជាតិដើម្បីការអភិវឌ្ឍលើកទី៤ និងកម្មវិធីប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍលើកទី៥ នៅខេត្តសៀមរាប។

    បើតាមការបង្ហាញជាផ្លូវការនៅក្នុងគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធីនេះបានធ្វើឡើងក្រោមការសម្របសម្រួល និងរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសំណាក់ប្រតិភូមកពីបណ្តាប្រទេសជាសមាជិកមួយចំនួនដូចជា អេក្វាឌ័រ ហ្គាតេម៉ាឡា ហុងឌុយរ៉ាស់ ប៉ាណាម៉ា ប៉ារ៉ាហ្កាយ សេណាហ្គាល់ ហ្សំប៊ី ប្រេស៊ីល កូសូវ៉ូ និងបុគ្គលិកអប់រំ អ្នកជំនាញ មកពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) តំណាងអង្គការជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត។

    ប្រធានបទសំខាន់នៃកិច្ចប្រជុំខាងលើនេះគឺការពិនិត្យឡើងវិញ និងការពិភាក្សាពីលទ្ធផលនៃការអនុវត្តការសិក្សាសំខាន់ៗដើម្បីផ្តល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានឱកាសក្នុងការវាយតម្លៃ និងយកបទពិសោធនៃការវាយតម្លៃនោះទៅប្រើប្រាស់ដើម្បីកែលម្អ ឬអភិវឌ្ឍគោលនយោបាយអប់រំ យុទ្ធសាស្រ្តអប់រំ កម្មវិធីសិក្សា និងការបង្រៀនជាដើម៕

  • កំណែទម្រង់ថ្មីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

    កំណែទម្រង់ថ្មីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

    ដើម្បីជំរុញឱ្យវិស័យសំណង់ ស្ថាបត្យកម្ម និងនគរូបនីយកម្ម ព្រមទាំងអចលនទ្រព្យកាន់តែមានការរីកចម្រើន និងទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកកាន់ប្រទេសកម្ពុជាកាន់តែច្រើននោះ កាលពីពេលកន្លងទៅ ក្រសួងរៀបចំដែនដីនគរូបនីយកមុ្ម និងសំណង់បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធប្រតិបត្ដិការការងារកាន់តែមានភាពល្អប្រសើរ និងរលូនឡើង។

    ឯកឧត្ដម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានលើកឡើងថា ថ្មីៗនេះឯកឧត្ដមទេសរដ្ឋមន្រី្ដ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដោយបានដាក់បញ្ជាឱ្យមន្រ្ដីជំនាញទាំងអស់នៅក្នុងក្រសួងត្រូវតែលប់បំបាត់ឱ្យអស់នូវការិយាធិបតេយ្យ បន្ថយបរិបទសេវាកម្ម កែសម្រួលនូវអាកប្បកិរិយា ឥរិយាបថរបស់មន្រី្ដរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងទាំងអស់ឱ្យងាកមកបម្រើរសេវាកម្មជូនប្រជាពលរដ្ឋ និងវិនិយោគិនជាតិ និងអន្ដរជាតិឱ្យបានល្អ លឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។ ទាំងអស់នេះយោងទៅតាមពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិបាលដែលធ្លាប់បានលើកឡើងថា៖”សូមធ្វើឱ្យបាន ធ្វើឱ្យលឿន ជាពិសេសធ្វើឱ្យមានតម្លាភាព”។

    រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបន្ដទៀតថា៖ «ជាមួយនិងការធ្វើកំណែទម្រង់ស៊ីជម្រៅខាងលើនេះខ្ញុំសូមធ្វើការរំឭកដល់បណ្ដាស្ថាបត្យករ វិស្វករ ក្រុមហ៊ុនសាងសង់ អ្នកប្រឹក្សាយោបល់ អ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងការដ្ឋានសំណង់សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវបទដ្ឋានបច្ចេកទេសនៃព្រះរាជាណាចក្រកម្ពុជា និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន»
    ជាងនេះទៅទៀតឯកឧត្ដមភឿង សោភ័ណ្ឌ បានអំពាវនាវដល់ស្ថាបត្យករឱ្យរក្សាឱ្យបាននូវអត្ដសញ្ញាណជាតិដែលស្របគ្នាទៅនឹងការដាក់ចេញរបស់ថ្នាក់ដឹកនាំក្រសួងដែលតម្រូវឱ្យគណៈស្ថាបត្យករកម្ពុជាមានការចងក្រងនូវលក្ខណៈក្បាច់ក្បូរស្ថាបត្យកម្មណាដែលមានលក្ខណៈល្អ ទុកជូនវិនិយោគិនជាតិ និងអន្ដរជាតិយកធ្វើជាគំរូខ្លះៗសម្រាប់ការងារវិនិយោគរបស់ពួកគេ៕