Tag: ក្រសួងអប់រំ

  • ក្រសួងអប់រំនឹងប្រើពេល 1សប្តាហ៍ដើម្បីដោះស្រាយបញ្ហាមិនសុខចិត្តរបស់សិស្សទូទាំងប្រទេស

    ក្រសួងអប់រំនឹងប្រើពេល 1សប្តាហ៍ដើម្បីដោះស្រាយបញ្ហាមិនសុខចិត្តរបស់សិស្សទូទាំងប្រទេស

    បន្ទាប់ពីមានការកើតទុក្ខមិនសុខចិត្តពីសំណាក់សិស្សានុសិស្សនៅទូទាំងប្រទេសចំពោះ​លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ជាពិសេស​លើមុខវិជ្ជាគណិតវិទ្យានោះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញសេចក្តីប្រកាស​ឱ្យ​អ្នក​ចង់តវ៉ាទាំងអស់​ដាក់ពាក្យបណ្តឹងមកកាន់ក្រសួងដោយផ្ទាល់។

    ស្របពេលជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីប្រកាសកាលពីថ្ងៃពុធផងដែរថា ក្រសួងនឹងរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យ​ដោះស្រាយឡើងវិញចំពោះការមិនពេញចិត្ត លើលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង 20សីហា ឆ្នាំ2018 កន្លងទៅនោះ។

    ចំពោះគណៈកម្មការ​កោសល្យវិច័យនេះ នឹងចាប់ផ្តើមដំណើរការងារចាប់ពីថ្ងៃទី12 ខែកញ្ញាទៅ ដោយចំណាយពេល 1សប្តាហ៍ដើម្បីដោះស្រាយ។

    មជ្ឈដ្ឋានជាច្រើនកំពុងតែតាមដានមើលយ៉ាងល្អិតល្អន់ចំពោះការដោះស្រាយបញ្ហានេះ ខណៈសិស្សពូកែជាច្រើន រួមទាំងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាផង ក៏បានចូលរួមតវ៉ាផងដែរ ចំពោះលទ្ធផល​នៃការផ្ដល់ពិន្ទុគណិតវិទ្យាដែលភាគច្រើនមានផលប៉ះពាល់ថា ពួកដែលបាននិទ្ទេស F គឺដោយសារការទាញថយនៃពន្ទុគណិតវិទ្យាដែលធ្វើឱ្យលទ្ធផលការប្រឡងទាំងមូលរបស់គេធ្លាក់ចុះ ដែលធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការប្រឡងយកអាហារូបករណ៍ ប្រឡងចូលសាលាល្បីៗ ឬប្រឡង​ទៅសិក្សានៅក្រៅប្រទេសជាដើម៕

  • ក្រសួងអប់រំ ស្នើឱ្យគ្រប់ភាគីសម្រួលការស្នាក់នៅសម្រាប់សិស្សប្រឡងបាក់ឌុបដែលខ្វះលទ្ធភាព

    ក្រសួងអប់រំ ស្នើឱ្យគ្រប់ភាគីសម្រួលការស្នាក់នៅសម្រាប់សិស្សប្រឡងបាក់ឌុបដែលខ្វះលទ្ធភាព

    ការប្រឡងបាក់ឌុបជារឿងសំខាន់បំផុតសម្រាប់ជីវិតសិស្សវិទ្យាល័យ ហើយនៅពេលដែលប្រឡងបាក់ឌុបម្តងៗ សិស្សទាំងអស់ត្រូវចំណាយថវិកាច្រើនដើម្បីរៀបចំខ្លួនប្រឡង ការស្នាក់នៅ ចំណីអាហារ រួមទាំងសម្ភារៈមួយចំនួនទៀតដែលត្រូវការសម្រាប់ការប្រឡង។

    ជាទូទៅ សិស្សដែលមានជីវភាពធូរធាមិនសូវជាមានបញ្ហាប៉ុន្មានទេជាមួយនឹងរឿងចំណាយទាំងអស់នេះ តែសម្រាប់សិស្សក្រីក្រ ហើយផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡងវិញ វាជាបន្ទុកយ៉ាងធ្ងន់មួយសម្រាប់ពួកគាត់ ហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតជូនទៅអភិបាលរាជធានី-ខេត្ត នានានៅកម្ពុជាដើម្បីជួយសម្រួលដល់បញ្ហាទាំងអស់នេះ។

    នៅក្នុងលិខិតលេខ 4856 អយក.មចទ ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីជាការចូលរួមចំណែកសម្រាលបន្ទុកដល់បេក្ខជន ដែលមកពីគ្រួសារមានជីវភាពលំបាក ព្រមទាំងចូលរួមជួយជ្រោមជ្រែងជាកម្លាំងស្មារតីផង ក្រសួងអប់រំ ស្នើសុំកិច្ចគាំទ្រ និងកិច្ចសហការពីអភិបាលនៃគណៈអភិបាលរាជធានីខេត្តសូមឱ្យសម្របសម្រួលដល់បេក្ខជនក្នុងអំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិលើបញ្ហាមួយចំនួនដែលក្នុងនោះក៏មានការស្នាក់នៅ និងការសម្រួលចរាចរណ៍ផងដែរ។

    សម្រាប់ការស្នាក់នៅ ក្រសួងអប់រំ ស្នើរសុំឱ្យអភិបាលខេត្តនានាជួយធ្វើយ៉ាងណាទប់ស្កាត់សណ្ឋាគារ និងផ្ទះសំណាក់កុំឱ្យដំឡើងថ្លៃ ឬអាចសម្រួលរៀបចំឱ្យសិស្សស្នាក់នៅក្នុងវត្ត និងសាលារៀនដែលនៅជិតមណ្ឌលប្រឡង។ ហើយចំពោះចរាចរណ៍វិញ គឺស្នើរសុំឱ្យធ្វើមានកម្លាំងសម្រួលដែលធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះដើម្បីឱ្យសិស្សបានចូលប្រឡងទាន់ពេលវេលាកំណត់៕

  • តើអ្នកណាខ្លះដឹងពីអត្ថន័យរូបសញ្ញាក្រសួងអប់រំ?

    តើអ្នកណាខ្លះដឹងពីអត្ថន័យរូបសញ្ញាក្រសួងអប់រំ?

    អ្នកគ្រប់គ្នាសុទ្ធតែបានឃើញរូបសញ្ញានៃក្រសួងអប់រំ យុវជន និងកីឡា ដែលមាននៅគ្រប់សៀវភៅសិក្សារបស់ក្រសួង សាលារៀន និងទីកន្លែងសំខាន់ៗជាច្រើនទៀត រួមទាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមថែមទៀតផង តែមានមនុស្សជាច្រើនមិនទាន់បានដឹងថារូបសញ្ញានេះមានអត្ថន័យយ៉ាងណានោះទេ។

    ទន្ទឹមនឹងនេះក៏មិនទាន់មានមនុស្សច្រើនប៉ុន្មានទេដែលដឹងពីប្រវត្តិនៃការកកើតរូបសញ្ញានេះ ថាកើតឡើងនៅពេលណា ហើយផ្នែកនីមួយៗនៅក្នុងរូបសញ្ញានេះបង្កប់អត្ថន័យអស្ចារ្យអ្វីខ្លះ?

    តាមរយៈទស្សនាវដ្តីគ្រូបង្រៀនលេខ 1 ដែលសរសេរដោយលោក យ៉ង់ ធី បានបង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡា មានសញ្ញាសម្គាល់ផ្ទាល់ខ្លួនតាំងពីឆ្នាំ 1948 ដែលសញ្ញានេះកើតឡើងដោយព្រះរាជក្រឹត្យលេខ 13 ស.ន ចុះថ្ងៃទី20 ខែមករា ឆ្នាំ1948។ អត្ថន័យនៃរូបសញ្ញានេះ ត្រូវបានគេកំណត់ និងបង្ហាញពីខ្លឹមសារដែលបានស្នើសុំប្រើប្រាស់ជាថ្មីនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ1993 ដោយក្រសួងអប់រំបានបែងចែកជាផ្នែកៗដូចជា៖

    – រូបសញ្ញាមានរង្វង់មូលព័ទ្ធជុំវិញដោយក្បាច់ភ្ញីទេសពណ៌មាស ជាតំណាងឱ្យវប្បធម៌ខ្មែរ និងជានិមិត្តរូបស្រទាប់យុវជនកំពុងសិក្សាអប់រំ ដែលមានការរីកចម្រើនលូតលាស់ជាផ្កា ជាផ្លែ របស់ប្រទេសជាតិទៅអនាគត ។
    – នៅចំកណ្ដាលពីលើកម្រងផ្កាក្បាច់ភ្ញីទេស មានកងរង្វង់មូលទ្រភ្លើងពណ៌មាស ជានិមិត្តរូបវិស័យកីឡា ដែលមានយុវវ័យជាអ្នកទ្រទ្រង់ និងបន្តវេន ។
    – នៅលើផ្ទៃសញ្ញា មានកាំរស្មីពណ៌មាសចាំងបំភ្លឺគ្រប់ទិសទីលើផ្ទៃពណ៌ផ្ទៃមេឃ ជាពន្លឺនៃវិជ្ជាអប់រំ សតិបញ្ញា ស្មារតីដល់ប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ។
    – ក្រណាត់ខ្សែបូ ពណ៌ផ្ទៃមេឃដែលមានចារឹកអក្សរពណ៌មាសក្រសួងអប់រំ យុវជន និងកីឡា ទ្រពីក្រោមជានិមិត្តរូបវិស័យអប់រំសិក្សា ដែលមានទំនាក់ទំនងជាមួយអន្តរជាតិ៕

  • អង្គការមូលនិធិអាស៊ីនៅកម្ពុជា រួមគ្នាជាមួយក្រសួងអប់រំ ផលិតវីដេអូស្តីពីអាជីពការងារ

    អង្គការមូលនិធិអាស៊ីនៅកម្ពុជា រួមគ្នាជាមួយក្រសួងអប់រំ ផលិតវីដេអូស្តីពីអាជីពការងារ

    អាជីពការងារ ជាប្រធានបទសំខាន់មួយដែលត្រូវបានមនុស្សគ្រប់មជ្ឈដ្ឋានលើកឡើង ហើយវាក៏ជាចំណុចស្នូលមួយសំខាន់ផងដែរនៃផ្នែកធនធានមនុស្សនៅក្នុងសង្គម។ និស្សិតជាច្រើននៅកម្ពុជាមិនទាន់បានយល់ដឹងច្បាស់នៅឡើយពីអាជីពការងារដែលសម្បូរបែបនៅក្នុងសង្គម ហើយធ្វើឱ្យពួកគេជ្រើសរើសយកតែជំនាញណាដែលពួកគេស្គាល់ ដែលវាបង្កើតឱ្យមានវិសមភាពនៃអាជីពការងារនៅក្នុងសង្គម។

    ដោយមើលឃើញពីភាពចាំបាច់នៃការស្វែងយល់ពីអាជីពការងារនៅកម្ពុជា អង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ផលិតវីដេអូស្តីពីអាជីពការងារ ឬ Career Introductory Video ដើម្បីផ្តល់ព័ត៌មានជាមូលដ្ឋានផ្នែកអាជីពការងារដល់សិស្សនិស្សិត ពីជម្រើសការងារ ទីផ្សារការងារ និងការរៀបចំខ្លួន តម្រង់ទិសមុខវិជ្ជាទៅថ្ងៃអនាគត។ វីដេអូទាំងអស់នេះត្រូវបានផ្សាយជាសាធារណៈនៅក្នុងបណ្តាញ Youtube និងទំព័រ Facebook ជាផ្លូវការរបស់ក្រសួង អប់រំ យុវជន និងកីឡា។

    ក្នុងចំណោមវីដេអូទាំងអស់នោះ មានបង្ហាញពីអាជីពសំខាន់ៗមួយចំនួនដូចជា វិស្វករសំណង់ស៊ីវិល អ្នកដឹកនាំខ្សែភាពយន្ត វេជ្ជបណ្ឌិតវះកាត់ វិស្វករអគ្គិសនី អ្នកស្រាវជ្រាវបរិស្ថាន និងអាជីពដែលកំពុងមានក្នុងទីផ្សារនៅកម្ពុជាជាច្រើនទៀត៕

    ព័ត៌មានលម្អិតចូលទៅកាន់ Facebook ក្រសួងអប់រំ

  • ក្រសួងអប់រំ ប្រកាសជ្រើសរើសអ្នកជំនាញវ័យក្មេងទៅបម្រើការនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ

    ក្រសួងអប់រំ ប្រកាសជ្រើសរើសអ្នកជំនាញវ័យក្មេងទៅបម្រើការនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ

    នាពេលថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីវ័យក្មេង (Young Professionals) ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដោយក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ថា យុវជនកម្ពុជាដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬមានសញ្ញាបត្រស្មើអាចដាក់ពាក្យដើម្បីស្នើសុំបម្រើការងារនេះបាន។

     

    លក្ខខណ្ឌនៃការទទួលយកសម្រាប់បំពេញភារកិច្ចនេះ គឺចាំបាច់ត្រូវតែជាយុវជនដែលមានអាយុក្រោម ៣២ឆ្នាំ ចេះភាសាបារាំង និងអង់គ្លេសច្បាស់លាស់។ អ្នកដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យក្នុងកម្មវិធីនេះត្រូវចុះឈ្មោះ និងបំពេញពាក្យសុំតាមបណ្តាញ Online ដែលប្រកាសដោយក្រសួង និងផុតកំណត់នៅខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីចូលរួមប្រឡងនៅខែធ្នូ ឆ្នាំ២០១៧។

    ចំពោះកាលបរិច្ឆេទនៃការប្រឡងជាក់លាក់ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជម្រាបជូនសាធារណជនតាមគេហទំព័រផ្លូវការរបស់ក្រសួងនៅពេលក្រោយ៕