Tag: ក្រសួងសាធារណការ

  • ក្រុមហ៊ុន Beijing Municipal Construction ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា

    ក្រុមហ៊ុន Beijing Municipal Construction ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា

    នារសៀលថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2024 ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Municipal Construction Group Co.,Ltd (BMCG) ដែលដឹកនាំដោយលោក Zhai Yongshan នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BMCG ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

    ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យកិច្ចសហការ សិក្សាឱកាសវិនិយោគ និងសក្កានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅកម្ពុជា។

    គណៈប្រតិភូក្រុមហ៊ុន BMCG ​បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​គម្រោង​វិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

  • គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

    គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន 45%។

    ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នារសៀលថ្ងៃទី 14 ខែមីនានេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់​។

    ក្នុង​ឱកាស​នោះ នៅ​ចំពោះ​មុខ​​ក្រុម​មន្ត្រី​ និង​តំណាង​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារ ក៏​ដូច​ជា​ស្ដង់ដា​សំណង់​ឱ្យបានច្បាស់លាស់។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ គិត​មកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពាន​នេះ​ សម្រេចបាន 45% ហើយ​គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ គ្រា​ដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន 15%។

    ជារួម វឌ្ឍនភាពគម្រោងទាំងមូលសម្រេចបានប្រមាណជិត 30%។ យោង​តាម​ក្រសួខាង​លើ តួលេខ​នេះ​បង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។

    គម្រោង​ស្ពាននេះ ត្រូវបានផ្តល់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ចំនួនជិត 112​លានដុល្លារ​អាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរនេះ រួមនឹងការស្តារឡើងវិញនូវផ្លូវជាតិលេខ 7។

    គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុបជាង 33 គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ 7 (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ 60B ក្នុងនោះការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ មានប្រវែងជាង​ 1,700 ម៉ែត្រ ទទឹងជាង 13 ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិច ត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

    គម្រោង​នេះនឹងចាយ​ពេល​សាងសង់​ប្រមាណ 42 ខែ និង​​អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាព ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន របស់​ចិន​៕

  • ក្រុម​ហ៊ុន​មួយ​របស់​ហុងកុង ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​មួយ​របស់​ហុងកុង ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

    (ភ្នំ​ពេញ) – នារសៀលថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តមរដ្ឋលេខាធិការ ហេង ណន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្ដែងការគួរសមពីសំណាក់លោក Francois Shih អគ្គនាយកក្រុមហ៊ុន Sharpland Group។

    ក្នុង​ឱកាស​នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងព័ត៌មាន តំណាងក្រសួងមហាផ្ទៃ និងគណ:ប្រតិភូក្រុមហ៊ុន Sharpland Investment Holding, Ltd និងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងផងដែរ។

    យោង​តាម​ក្រសួង​សាធារណការ​ និ​ងដឹក​ជញ្ជូន​ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីឱកាស ក៏ដូចជាសក្កានុពលវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងកំពង់ផែ និងស្នើសុំការគាំទ្រ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងលើគម្រោងរបស់ខ្លួនផងដែរ។

    ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា​ ដែលផ្ដោតជាសំខាន់លើវិស័យអាទិភាពសំខាន់ៗរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅគន្លឹះដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 ខាងមុខ តាមគោលដៅដែលបានដាក់ចេញប្រកបដោយចីរភាព៕

  • ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នឹង​បើក​ជា​ផ្លូវ​ការ​នៅ​​ខែ​កុម្ភៈ​ខាង​មុខ​

    ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នឹង​បើក​ជា​ផ្លូវ​ការ​នៅ​​ខែ​កុម្ភៈ​ខាង​មុខ​

    ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុង​ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ ដែល​ស្ថិត​នៅ​​រាជ​ធានី​ភ្នំពេញ ​ត្រង់​តំបន់​ចាក់អង្រែក្រោម-ព្រែកប្រា នៅ​ថ្ងៃទី 19 កុម្ភៈ 2024 ខាងមុខ។

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​​ដោយ​​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ​នា​ថ្ងៃ​ទី 31 មករា​ ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​គណៈក​ម្មការ​សម្រាប់​រៀប​ចំ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​ (ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា) និង​ផ្លូ​វតភ្ជាប់​ ដែល​ដឹក​នាំ​ដោយ​ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

    ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ឱ្យ​ដឹង​ថា គម្រោង​សាង​សង់​ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដែល​ទទួល​បាន​​ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹង​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​​​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃចន្ទ ទី 19 ខែកុម្ភៈ ឆ្នាំ 2024​៕

  • ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា​នេះ ឯកឧត្ដម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជុន ​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

    យោង​តាម​ក្រសួង​ខាងលើ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ត្រូវ​បាន​សាងសង់​​ឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។

    ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន 5,827 ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -22 អង្សាសេ ដល់ 15 អង្សាសេ​។

    ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 ដែលនឹងធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់ ដោយឃ្លាំងនេះ នឹងផ្តល់នូវតម្លៃសេវាបន្ថែម ជាពិសេស សេវាស្តុកទំនិញត្រជាក់ ស្របតាមស្តង់ដារអន្តរជាតិ។

    ជាងនេះទៅទៀត ឃ្លាំងនេះនឹងចូលរួមគាំទ្រផែនការអាទិភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកកាន់តែមានភាពប្រកួតប្រជែង និងការផ្តល់សេវាកាន់តែមានភាពឆាប់រហ័ស្ថ តម្លាភាព និងប្រសិទ្ធភាព៕

  • គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    (ភ្នំពេញ) ៖ «យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះ» ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ដូច្នេះ​។

    ប្រសាសន៍​​ស្ដី​ពី​​ព្រែក​ជីក​ជា​ប្រវត្តិសាស្ត្រ​ដែលជា​គម្រោង​​ធ្លាប់ត្រូវ​បាន​វៀតណាម​សម្ដែង​ការ​ព្រួយ​បារម្ភ​នា​ពេល​កន្លង ត្រូវ​បាន​លើក​ឡើង​នាព្រឹក​​ថ្ងៃទី 17 មករា​ 2024 នេះ​ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក ព្រែក​ជីក​ហ្វូណន​តេជោ ដែល​នឹង​លាត​សន្ធឹង​លើ​ខេត្ត​ចំនួន​ 4 គឺ ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប​ នេះ​ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធលទ្ធផលរួចរាល់ និង​គ្រោងចំណាយទុនវិនិយោគ 1.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ព្រែក​ជីក​នេះ​ នឹង​​មានប្រវែង 180 គីឡូម៉ែត្រ លាត​សន្ធឹង​​ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ក្នុង​ស្រុកកោះធំ ហើយបញ្ចប់​នៅ​ត្រង់​ដៃសមុទ្រខេត្តកែប៕

  • ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រីជា​​មន្ត្រី និងបុគ្គលិក កម្មករ​ និយោជិត​នៃ​កំពង់ផែ​​។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាង​លើ​នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។

    ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​មាន​ផ្ទៃ​ដី​ទំហំ​ 4 ហិកតា ខណៈ​ដែល​ចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ផ្ទៃ​ដី​ទំហំ​16.3 ហិកតា និង​ចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដីទំហំ 18.6 ហិកតា។

    គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណងទាំង​នេះ គឺ​ដើម្បីធ្វើ​ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ មាន​ដូចជា គ្រឿងសំណង់ ដំឡូងមី ចំណីសត្វ កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ល។

  • ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

    ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

    ភ្នំពេញ៖ លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាល​ពី​ថ្ងៃទី 1 ខែវិច្ឆិកាម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើ​ទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។

    គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទីពីរ នៃខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខ។

    ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ 3 ហិកតា ស្ថិតនៅភូមិព្រែកតាគង់មួយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង​មានតម្លៃប្រមាណ 20 លានដុល្លារអាមេរិក៕

  • ក្រសួងសាធារណការ គ្រោងចំណាយ 64លានដុល្លារសាងសង់ផ្លូវជាតិលេខ2 នៅឆ្នាំក្រោយ

    ក្រសួងសាធារណការ គ្រោងចំណាយ 64លានដុល្លារសាងសង់ផ្លូវជាតិលេខ2 នៅឆ្នាំក្រោយ

    ភ្នំពេញ៖ ផ្លូវជាតិលេខ2 គឺជាផ្លូវសេដ្ឋកិច្ចដ៍សំខាន់មួយដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅប្រទេសវៀតណាម ឆ្លងកាត់តាមខេត្តកណ្តាលឆ្ពោះទៅច្រកអន្តរជាតិកម្ពុជា-វៀតណាម «ភ្នំឌិន» ក្នុងខេត្តតាកែវ។ ដោយសារមើលឃើញពីសក្តានុពលនៃការដឹកជញ្ជូនទំនិញចេញ-ចូលរបស់ប្រទេសទាំងពីរ រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ប្រមាណជា 64លានដុល្លារ​ សាងសង់ផ្លូវនេះឱ្យមានភាពល្អប្រសើរឡើងវិញនៅដើមឆ្នាំក្រោយ បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងរ។

    ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូអញ្ជើញ​ចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ2 កាលពីម្សិលមិញនេះ និងបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាប្រមាណ 56លានដុល្លារអាមរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ 8.5លានលើចម្ងាយផ្លូវប្រវែងសរុប66គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់រង្វង់មូលអូរចំបក់មានប្រវែង 57គីឡូម៉ែត្រ និង9គីឡូមែត្រនៅលើផ្លូវជាតិលេខ22 ក្រាលកៅស៊ូAC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឱ្យបាន13ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាលចាប់ពីរង្វង់មូលកួរស្រូវទៅទិសខាងត្បូងប្រវែង8គីឡូម៉ែត្រគម្រោងសាងសង់ជាបួនគន្លង។ បច្ចុប្បន្នដៃគូអភិវឌ្ឍន៍ភាគីកូរ៉េកំពុងជ្រើសរើសទីប្រឹក្សាបច្ចេកទេសដើម្បីអាចចាប់ផ្តើមរៀបចំ design និងជ្រើសរើសក្រុមហ៊ុនសាងសង់ដែលនឹងចំណាយពេលប្រហែល1ឆ្នាំ មុននឹងចាប់ផ្តើមសាងសង់។

    ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីក្រោមឱវាទធ្វើរបាយការណ៍ដាក់ជូនសម្តេចនាយករដ្ឋមន្ត្រីដើម្បីស្នើសុំគោលការណ៍ស្វែងរកកញ្ចប់ថវិកាពិសេសមួយដើម្បីដោះស្រាយជួសជុលបណ្តោះអាសន្នអោយបានទាន់ពេលវេលា៕