Tag: ក្រមសីលធម៌

  • AFC ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ករណី​វាយតប់​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេម​នៅ​កម្ពុជា

    AFC ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ករណី​វាយតប់​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេម​នៅ​កម្ពុជា

    កីឡាករ​ចំនួន​ប្រាំ​រូប និង​សមាជិក 9 រូប​ក្នុង​ក្រុម​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ និង​ឥណ្ឌូណេស៊ី ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ហាម​ការចូល​រួម​ប្រកួត​ចំនួន 6 ប្រកួត និង​បង់ប្រាក់​ពិន័យ​យ៉ាងតិច 1,000 ដុល្លារ​អាម៉េរិក។

    កាលពី​ព្រលប់​ថ្ងៃទី 11 កក្កដា 2023 គណៈកម្មការ​វិន័យ និង​ក្រមសីលធម៌​របស់ AFC បាន​បើក​កិច្ចប្រជុំ និង​បានសម្រេច​ពិន័យ​ទាក់ទង​នឹង​ហេតុការណ៍​ប្រវាយប្រតប់​គ្នា​​ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួត​បាល់ទាត់​ផ្នែក​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 រវាង​ថៃ និង​ឥណ្ឌូណេស៊ី ដែល​បាន​ធ្វើឡើង​នៅ​កម្ពុជា។

    សមាជិក​ចំនួន 7 រូប​របស់​ឥណ្ឌូណេស៊ី ក្នុងនោះ​មាន​កីឡាករ 3 រូប និង​ក្រុមមន្ត្រី គ្រូបង្វឹក​ចំនួន 4 រូប ត្រូវបាន​ហាម​មិនឱ្យ​ចូលរួម​ការប្រកួត​ចំនួន 6 លើក។ កីឡាករ​ពីររូប និង​សមាជិក​ក្រុម​គ្រូបង្វឹក 3 រូប ក៏ត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន 1,000 ដុល្លារ​អាម៉េរិក។

    សមាជិក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ចំនួន 7 រូប ក៏ត្រូវ​ទទួល​ការពិន័យ​ដូចគ្នានេះដែរ។ ក្នុងនោះ អ្នកចាំទី មួយរូប និង​ជំនួយការ​គ្រូបង្វឹក​ពីររូប ត្រូវបាន​ហាម​ចូលរួម​ប្រកួត 6 លើក និង​បង់ប្រាក់​ពិន័យ 1,000 ដុល្លារ​អាម៉េរិក។ ចំណែក​កីឡាករ និង​សមាជិក​ពាក់ព័ន្ធ​ចំនួន 4 នាក់​ទៀត ​ត្រូវបាន​ហាម​ចូលរួម​ប្រកួត ប៉ុន្តែ​មិនត្រូវ​បង់ប្រាក់​ពិន័យ។

    AFC ក៏បាន​តម្រូវឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បង់ប្រាក់​ពិន័យ 10,000 ដុល្លារ​អាម៉េរិក ខណៈដែល​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) មិនត្រូវ​បាន​ពិន័យ។

    វគ្គ​ផ្ដាច់ព្រ័ត្រ​បាល់ទាត់​បុរស​ស៊ី​ហ្គេម​ទី 32 នៅលើ​ទីលាន​បាល់ទាត់​នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃទី 16 ឧសភា 2023 ​ត្រូវ​បានបញ្ចប់​ដោយ​លទ្ធផល 5-2 ដែល​ជ័យជម្នះ​បាន​ទៅលើ​ក្រុម​ឥណ្ឌូណេស៊ី ក្រោយពី​ការប្រកួត 120 នាទី។ ការប្រកួត​នេះ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង នៅពេល​សមាជិក​របស់​ក្រុម​ទាំងពីរ​វាយតប់​គ្នា​ពីរលើក។ បញ្ហា​នេះ​បានធ្វើឱ្យ​វិស័យ​បាល់ទាត់​របស់​ប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី ក៏ដូចជា​ស៊ី​ហ្គេម​ទាំងមូល​រង​ផលប៉ះពាល់។

    ក្រោយ​ការប្រកួត​មួយថ្ងៃ ក្រុម​ថៃ​បានចេញ​មុខ​សូម​អភ័យទោស​ចំពោះ​ហេតុការណ៍​ខាងលើ។ ក្រោយមក FAT ក៏បាន​ដាក់ពិន័យ​លើ​ក្រុម​ថៃ។ ចំណែក​ឥណ្ឌូណេស៊ី​វិញ មិនបាន​ពិន័យ​លើ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ដោយ​គិតថា មូលហេតុ​មិនមែន​បង្កឡើង​ដោយ​ភាគី​ខាង​ឥណ្ឌូណេស៊ី៕

  • កម្ពុជា​ចាប់ផ្តើម​មាន​ក្រមសីលធម៌ សម្រាប់​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន ដើម្បី​គាំពារ​ពលករ​ឱ្យ​កាន់តែ​ប្រសើរ

    កម្ពុជា​ចាប់ផ្តើម​មាន​ក្រមសីលធម៌ សម្រាប់​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន ដើម្បី​គាំពារ​ពលករ​ឱ្យ​កាន់តែ​ប្រសើរ

    ក្នុងចំណោម​ប្រទេស​ទាំងឡាយ​ដែល​បញ្ជូន​ពលករ និង​កម្មសិក្សាការី​ទៅធ្វើ​កម្មសិក្សា ក៏ដូចជា​ទៅធ្វើ​ការ​នៅ​បរទេស កម្ពុជា​ក៏​ជា​ប្រទេស​ដ៏​សំខាន់​មួយ​ផងដែរ ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​បំពេញ​សេចក្តីត្រូវការ​ផ្នែក​កម្លាំង​ពលកម្ម​នៅតាម​ប្រទេស​អភិវឌ្ឍន៍​នានា។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេ​សង្កេតឃើញថា ក្រសួង​ការងារ និង​អង្គការ​ដៃគូ​បាន​ព្យាយាម​ដើម្បី​ធ្វើយ៉ាងណា​ពលករ ក៏ដូចជា​កម្មសិក្សាការី​ទាំងអស់​ដែល​ទៅធ្វើ​ការងារ​នៅ​បរទេស ទទួលបាន​សិទ្ធិ និង​មានការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​សម្រាប់​សិទ្ធិ​ការងារ។

    ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការ​គាំពារ​សិទ្ធិ​ពលករ ភាគី​ពាក់ព័ន្ធ​នានា ដូចជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) និង​សមាគមទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា (MAC) បាន​បោះពុម្ពផ្សាយ​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដើម្បី​គាំពារ​សិទ្ធិ​ដល់​ពលករ​ទាំងអស់រ​បស់​កម្ពុជា។

    ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​នេះជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ចូលរួមចំណែក​ពង្រឹង​ប្រសិទ្ធភាព​ការងារ ការលើកកម្ពស់​សិទ្ធិ​ការងារ និង​សុខុមាលភាព​របស់​ពល​ករ។ បន្ថែមពីលើ​នេះ វា​ក៏​អាច​គាំទ្រ​ដល់​ការអនុវត្ត​របស់​ទីភ្នាក់ងារ​ឯកជន​ឱ្យធ្វើ​ការប្រកប​ដោយ​គណ​នេ​យ្យ​ភាព ក្នុងការ​គ្រប់គ្រង ជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​ការគ្រប់គ្រង​ពលករ​ទៅធ្វើ​ការ​នៅ​បរទេស។

    លោកស្រី Anna Engblom តំណាង​ជាន់ខ្ពស់​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានឱ្យដឹងថា ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន មាន​សារៈប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​គ្រប់ភាគី​ជាពិសេស គឺ​ប្រទេស​ដែល​បញ្ជូន​ពលករ​ទៅធ្វើ​ការងារ និង​ប្រទេស​ទទួល​ពលករ។

    លោកស្រី​មានប្រសាសន៍ថា ប្រទេស​ដែល​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការងារ អាច​ទទួល​បានការ​គាំពារ​សិទ្ធិ​ល្អប្រសើរ និង​កាត់បន្ថយ​ភាពក្រីក្រ ចំណែកឯ​ប្រទេស​ទទួលយក​ពលក​រវិ​ញ ក៏​ទទួលបាន​កម្លាំង​ពលកម្ម​ល្អ ដើម្បី​បំពេញបន្ថែម​តម្រូវការ​សម្រាប់​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​ផងដែរ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យ​ប្រើប្រាស់​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​នៅ​កម្ពុជា​នេះ ពិតជា​រឿង​ល្អ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា និង​អូស្ត្រាលី។

    ជាក់ស្តែង​បច្ចុប្បន្ននេះ អូស្ត្រាលី និង​សមាជិក​នៃ​សមាគម​អាស៊ាន​បាន​ខិតខំ​លុបបំបាត់​បញ្ហា ដូចជា​ការរំលោភបំពាន​នានា​លើ​ពលករ ការយកថ្លៃ​ហួសហេតុ ជា​ថ្នូរ​នឹង​ឱកាស​បញ្ជូន​ទៅធ្វើ​ការងា​រ​នៅក្រៅ​ប្រទេស ការធ្វើ​ពលកម្ម​ដោយ​បង្ខំ និង​ការជួញដូរ​មនុស្ស ជាដើម។ តាមរយៈ​ឯកសារ​ដ៏​មាន​សារៈសំខាន់​នេះ ពលករ​អាចមាន​ឱកាស​ក្នុងការ​ចូលរួម​ជា​កម្លាំង​ពលកម្ម​ប្រកបដោយ​អត្ថន័យ និង​អាច​ផ្លាស់ប្តូរ​ដោយ​សេរី​ក្នុង​តំបន់់ ដើម្បី​ចាប់យក​ឱកាស​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព។

    ឯកឧត្តម Pablo Kang មានប្រសាសន៍ថា៖ “ប្រទេស​អូស្ត្រាលី​សង្ឃឹមថា ក្រមសីលធម៌​នេះ​នឹង​ក្លាយជា​ឧបករណ៍​ដើម្បីឱ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​អនុវត្តបាន​កាន់តែ​ត្រឹម​ត្រូវ និង​ចូលរួម​លើកកម្ពស់​សិទ្ធិ​របស់​ព​លករ​បាន​កាន់តែ​ប្រសើរឡើង​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ”។

    រហូតមកដល់​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ប្រមាណ​ជាង 1លាន​នាក់​ទៅធ្វើ​ការងារ​នៅក្នុង 6ប្រទេស ដូចជា​ប្រទេស​ថៃ ប្រទេស​កូរ៉េ ប្រទេស​ម៉ាឡេស៊ី ប្រទេស​សិង្ហ​បុរី និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង៕