Tag: ក្ដឹប

  • លោក ខេមរៈ​ សិរីមន្ដ ធ្វើរឿងរំភើបចិត្តមួយដល់នាយ ក្ដឹប រហូតលាន់មាត់ថា…

    លោក ខេមរៈ​ សិរីមន្ដ ធ្វើរឿងរំភើបចិត្តមួយដល់នាយ ក្ដឹប រហូតលាន់មាត់ថា…

    ដូចដែលលោកអ្នកបានស្គាល់ហើយថា លោក ចាន់ សំណាង ហៅ ឌី ជេក្តឹប ជាតារាចម្រៀងរ៉េប និងជាអ្នកនិពន្ធមួយរូប ដែលទទួលបានការគាំទ្រខ្លាំងតាមរយៈ « រាំអ៊ីចេះ »កាលពីឆ្នាំមុន និងមានបទចម្រៀងល្បីៗជាច្រើនបទទៀត ដែលលោកបាននិពន្ធឱ្យកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ លោក ខេមរៈ​ សិរីមន្ដ កញ្ញា ឱក សុគន្ធកញ្ញា លោក និងអ្នកនាង មាស សុខសោភា បានច្រៀងបទចម្រៀងជាស្នាដៃរបស់លោក។ តែមួយរយៈចុងក្រោយនេះ សង្កេតឃើញលោកហាក់បីដូចជាមានជំងឺបាក់ទឹកចិត្តជាខ្លាំងជាមួយអាជីពសិល្បៈដែលខ្លួនបានប្រឡូកអស់ពេលជាង9ឆ្នាំមកនេះ។

    ឌី ជេក្តឹប រមែងបង្ហាញឥរិយាថបប្លែកៗ ប្រៀ​​បមនុស្សបែកសតិ តាមរយៈវីដេអូនៅលើគណនីហ្វេសប៊ុករបស់លោក រហូតដល់ថ្នាក់មហាជនគិតថា លោកជាបុរសកំពូលដ្រាម៉ា ស៊ីអារម្មណ៍ណាស់។ តែនៅពេលថ្មីៗនេះ ស្រាប់តែវត្តមានកំពូលតារាចម្រៀងនៅទ្រនំហង្សមាសលោក ខេមរៈ សិរីមន្ត ស្កាត់ទៅ​ជួបឌីជេល្បីមួយរូបនេះ ដើម្បីលើកទឹកចិត្ត និងវិលត្រឡប់មកធ្វើការរួមគ្នាជាថ្មីម្ដងទៀតវិញ ដោយ ក្ដឹប បានអះអាងថា លោក​ សិរីមន្ដ ជាបុគ្គលមុនគេបង្អស់ដែលផ្ដល់តម្លៃ និងកត្តិយសចំពោះស្នាដៃនិពន្ធរបស់លោក។

    នាយ ក្ដឹប បានរៀបរាប់ថា​« អរុណសួស្ដីស្នាមញញឹមថ្មីលើសពីក្ដីស្រម៉ៃ! បងមន្ត! ហេតុអ្វីបងបង្ហាញខ្លួនពេលនេះចឹង? តើបងអត់ខ្លាចខូចខាតកិត្តិយសដោយសារប្អូនទេអី? បានជាហ៊ានមកលើកទឹកចិត្តប្អូនដល់ថ្នាក់នេះ
    បងដឹងទេថាវត្តមានរបស់បងបានធ្វើឲ្យក្ដីស្រម៉ៃរបស់លោកប៉ាប្អូនបានសម្រេចហើយ ។ មិនគួរណាបុគ្គលដែលផ្ដល់តំលៃនិងកិត្តិយសដល់ស្នាដៃនិពន្ធរបស់ប្អូនមុនគេបង្អស់គឺជាបងអ៊ីចឹងសោះ (ពិតជាមិនខុសពីការរំពឹងទុករបស់ប្អូនមែន)។ នាយបន្ដបញ្ជាក់ទៀតថា « អ៊ីចឹង! តើអោយខ្ញុំគេចទៅងាប់នៅណាកើត (បើទេវតាឱកាសបានបង្ហាញវត្តមានហើយហ្នឹង) ។ ដូច្នេះ! ដល់វគ្គចម្រៀង230បទ កំណត់កម្មសិទ្ធិបញ្ញាលើថ្នាលស្នាដៃរបស់អ្នកនិពន្ធខ្មែរ (ដែលប្អូនតស៊ូ 9ឆ្នាំឡើងចង់ឆ្គួតមែនទែនម្ដងៗហើយ)»៕

  • ឌីជេ ក្ដឹប ប្រកាសឈប់និពន្ធបទចម្រៀងភ្លាម កញ្ញា អេដ ដា និយាយពាក្យបែបនេះភ្លែត

    ឌីជេ ក្ដឹប ប្រកាសឈប់និពន្ធបទចម្រៀងភ្លាម កញ្ញា អេដ ដា និយាយពាក្យបែបនេះភ្លែត

    នៅថ្ងៃម្សិលមិញនេះ លោក ចាន់ សំណាង ហៅឌីជេ ក្ដឹប ដែលជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងថ្មីនៅផលិតកម្មរស្មីហង្សមាសបានចេញឃ្លីបវីដេអូរយៈពេលខ្លីប្រកាសថា ខ្លួននឹងលាឈប់ពីអាជីពនិពន្ធបទចម្រៀងមួយនេះហើយ។ បន្ទាប់ពីបានឃើញ និងដឹងព័ត៌មាននេះភ្លាម តារាចម្រៀង Original Song កញ្ញា អេដ ដា ក៏បានរៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនដែលបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះទេពកោសល្យដែលលោក ចាន់ សំណាង មាន ហើយបានព្យាយាមលះបង់អស់រយៈពេលជាច្រើនឆ្នាំក្នុងការបម្រើអារម្មណ៍មហាជនគ្រប់ស្រទាប់។

    ម្ចាស់បទ «ពីរនាក់បានហើយ​» រូបនេះបានពោលថា «សម្រាប់ខ្ញុំ គឺមានតែសោកស្តាយដែលការមិនឱ្យតម្លៃលើទេពកោសល្យ និងបំភ្លេចស្នាដៃដ៏លេចធ្លោរបស់គាត់ចោល ធ្វើឱ្យពិភពសិល្បៈត្រូវបាត់បង់មនុស្សមានសមត្ថភាពផ្នែកនិពន្ធម្នាក់ ព្រោះតែការបាក់ទឹកចិត្ត។ 10 ឆ្នាំហើយដែលគាត់តស៊ូហែលឆ្លងលើវិស័យនេះ តាំងពីធ្វើការនៅវិទ្យុ រហូតដល់ក្លាយជារ៉េបភើរអនាថាដែលគ្មានផលិតកម្មណាអើពើ ហើយកាលនោះសឹងតែគ្មានតម្លៃទាល់តែសោះ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះគាត់ជោគជ័យហើយ តែបែរជាត្រូវបោះបង់ចោលទៅវិញ!!  តែទោះយ៉ាងណា ខ្ញុំគាំទ្រនូវអ្វីដែលគាត់គិតថាធ្វើឱ្យគាត់សប្បាយចិត្ត ហើយមានតែជូនពរឱ្យក្តឹប ជោគជ័យក្នុងជីវិត និងគ្រប់ការងារដែលក្តឹបចង់ធ្វើ»។

    គួរបញ្ជាក់ផងដែរថា លោក ចាន់ សំណាង បានប្រកាសថា ខ្លួននឹងបញ្ចប់ការងារនិពន្ធបទចម្រៀងនេះហើយ ក្រោយពីលោកមានបញ្ហានៅក្នុងក្រុមគ្រួសារ តែលោកបានសន្យាជាមួយមហាជនថា លោកនឹងវិលត្រឡប់មកវិញនៅក្នុងឱកាសណាមួយដែលលោកមានបំណងចិត្តចង់ធ្វើការនិពន្ធឡើងវិញ។ ហើយលោកក៏បានបញ្ជាក់ទៀតថា លោកគ្រោងនឹងប្រកបរបរមួយជាមួយក្រុមគ្រួសារ និងម្ដាយរបស់លោកដែលរំពឹងទុកថា មហាជនលោកនៅតែស្រឡាញ់ និងគាំទ្រលោកជានិច្ច(បេល ជូនពរឱ្យជោគជ័យណា៎ក្ដឹបណា៎)៕