Tag: កំប្លែង

  • ការប្រកួត​​ក្នុង​ទ្រុង​ដែក​​រវាង Musk និង Zuckerberg នឹង​កើតឡើង​តាម​បែប​​កំប្លែង

    ការប្រកួត​​ក្នុង​ទ្រុង​ដែក​​រវាង Musk និង Zuckerberg នឹង​កើតឡើង​តាម​បែប​​កំប្លែង

    Linda Yaccarino នាយិកា​ប្រតិបត្តិ​របស់​បណ្ដាញ​សង្គម X (Twitter) និយាយថា បើសិនជា​ត្រូវបាន​រៀបចំឡើង​មែន ការប្រកួត​ក្នុង​ទ្រុង​ដែក​រវាង​មហាសេដ្ឋី Elon Musk និង​មហាសេដ្ឋី Mark Zuckerberg នឹង​កើត​ឡើងទៅ​តាមរបៀប​កំប្លែង។

    «យើង​នឹង​ចាំ​មើលថា តើ​ការប្រកួត​ក្នុង​ទ្រុង​ដែក​នោះ​ពិតជា​កើតឡើង ឬ​អត់។ ប៉ុន្តែ ខ្ញុំ​បាន​អង្គុយ​មើល​លោក Elon Musk ហាត់គុន។ បើសិនជា​ត្រូវបាន​ធ្វើឡើង វា​អាចជា​ការប្រកួត​បែប​កំប្លែង​របស់ Zuckerberg និង Musk» អ្នកស្រី Yaccarino និយាយប្រាប់ CNBC កាលពី​ថ្ងៃទី 10 សីហា​ដូច្នេះ។

    ទោះជា​យ៉ាងណាក៏ដោយ Walter Isaacson ដែល​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សរសេរ​ប្រវត្តិរូប​សង្ខេប​សម្រាប់​លោក Musk និយាយថា លោក​មិន​គិតថា ការប្រកួត​នេះ​នឹង​កើតឡើង​នោះឡើយ។

    អ្នក​ស្រី Linda Yaccarino នាយិកា​ប្រតិបត្តិ​របស់​បណ្ដាញ​សង្គម X (Twitter)

    ការ​បបួល​ប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញ​បណ្ដាញ​សង្គម Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg ព្រោះថា គាត់​ចេះ​ក្បាច់គុន។ សំណេរ​នេះ ភ្លាមនោះ​ក៏​ធ្វើឱ្យ​លោក Musk បបួល​ប្រយុទ្ធ​គ្នា ហើយ Zuckerberg ក៏បាន​យល់ព្រម​យ៉ាង​លឿន។

    យោងតាម Dana White ប្រធាន​ស្ថាប័ន​ក្បាច់គុន UFC ដែល​ធ្លាប់បាន​ជជែក​ជាមួយ​លោក Musk និង Zuckerberg និយាយថា មហាសេដ្ឋី​ទាំងពីរ​រូបនេះ​សុទ្ធតែ​បង្ហាញ​ភាពម៉ឺងម៉ាត់។ ការប្រកួត​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​រកប្រាក់​ចំណូល​បាន​លើស​ពីមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • 30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

    30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

    ការនិយាយជាមួយកូនដើម្បីឱ្យកូនស្ដាប់បង្គាប់ និងធ្វើតាម ពេលខ្លះមិនមែនជារឿងងាយស្រួលឡើយ។ ការនិយាយជាមួយកូនមានភាពសំខាន់ណាស់ ព្រោះវាគឺជាគំរូដើមក្នុងការបង្រៀនកូនឱ្យបានរៀនយល់ដឹងក្នុងការនិយាយស្ដីជាមួយអ្នកដទៃផងដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី មាន 30វិធីងាយៗពីអ្នកជំនាញខាងចិត្តវិទ្យាកុមារមកជម្រាបជូនដូចខាងក្រោម។

    ការនិយាយឱ្យកូនធ្វើតាមដោយមិនពិបាក មានដូចតទៅ

    1 . សម្លឹងមើលមុខមុននឹងនិយាយ មុននឹងចាប់ផ្ដើមនិយាយជាមួយកូន ចូរសម្លឹងមើលមុខកូនជាមុន ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនកំពុងស្ដាប់ រួចអង្គុយចុះក្នុងកម្ពស់ស្មើគ្នា និងសម្លឹងមើលកូនដោយខ្សែភ្នែកនៃសេចក្ដីស្រឡាញ់ មិនមែនការសម្លុតគំរាម។

    2 . ហៅឈ្មោះកូន ចាប់ផ្ដើមការនិយាយដោយការហៅឈ្មោះ ដូចជា កូនតូមី ម៉ាក់សុំឱ្យកូន…។

    3 . និយាយខ្លីៗ តែមានន័យ កុំនិយាយច្រើន ឬរអ៊ូច្រើន ព្រោះកូននឹងចាប់អត្ថន័យមិនបាន និងមិនដឹងថា យើងត្រូវការអ្វី។

    4 . ប្រើពាក្យងាយៗយល់ ប្រើពាក្យសម្ដីដែលងាយស្រួលយល់ និងមានន័យច្បាស់លាស់ជាមួយកូន កុំរអ៊ូ ឬរៀបរាប់ច្រើនពេក ព្រោះនឹងធ្វើឱ្យកូនមិនយល់ ឬធ្វើជាមិនដឹងតែម្ដង។

    5 . ពិសោធពីការយល់ដឹង ដោយឱ្យកូនឆ្លើយមកវិញ បើកូនមិនអាចឆ្លើយតបមកវិញបាន នោះបញ្ជាក់ថា ពិបាកយល់ និងវែងជ្រុលពេកហើយ ធ្វើឱ្យកូនមិនយល់។

    6 . ប្រើជម្រើសផ្សេងដែលមិនមែនជាការដាក់ទោស ជំនួសឱ្យការនិយាយថា បើមិនធ្វើ! ចាំមើលបន្តិចទៀតម៉ាក់មកវិញនឹងវាយឱ្យហើមគូទម្ដង តែគួរតែនិយាយថា បើកូនជួយលាងបន្លែម៉ាក់ កូននឹងអាចជួយម៉ាក់បានច្រើនណាស់ បន្តិចទៀតប៉ាមកវិញ យើងនឹងបានញ៉ាំបាយជុំគ្នាតែម្ដង…ជាដើម។

    7 . ដាក់សំណើដែលកូនមិនអាចបដិសេធបាន ជាពិសេសជាមួយក្មេងអាយុ 2 – 3ឆ្នាំ ជាវ័យដែលប្រកាន់យកខ្លួនឯងជាធំ( Egocentric)ដូច្នេះការដាក់សំណើណាមួយដែលកូននឹងស្ដាប់បង្គាប់ និងធ្វើតាម នឹងជួយកាត់បន្ថយការប្រកែកប្រណាំង ឬការឈ្លោះប្រកែកបាន ដូចជា ប្រាប់កូនថា ទៅស្លៀកពាក់ទៅ បន្តិចទៀតន្អាលនឹងបានចេញទៅលេងខាងក្រៅ។

    8 . និយាយក្នុងផ្លូវវិជ្ជមាន ដូចជា “កុំស្រែកគំហក!” តែយើងគួរនិយាយថា “កុំស្រែកខ្លាំងៗអី ព្រោះវានឹងធ្វើឱ្យយើងឈឺក”។

    9 . និយាយយ៉ាងមានគោលដៅ ដូចជា ម៉ាក់ត្រូវការឱ្យកូនចែកឱ្យប្អូនលេងផង (ជំនួសឱ្យពាក្យថា “ចែកឱ្យប្អូនដែរភ្លាម!”) វិធីនេះប្រើការបានល្អជាមួយក្មេងដែលចូលចិត្តការយកចិត្តយកថ្លើម និងក្មេងដែលមិនចូលចិត្តការបង្ខំ។

    10 . និយាយដល់ហេតុ និងផលដែលនឹងកើតឡើង ដូចជា នៅពេលកូនដុសធ្មេញរួច ម៉ាក់នឹងនិយាយរឿងនិទានឱ្យស្ដាប់ ឬនៅពេលកូនញ៉ាំបាយរួច យើងនឹងចេញទៅញ៉ាំការ៉េមជាមួយគ្នា។

    11 . កុំគិតថា កូនឌឺរឹង និងមិនសហការ តែផ្ទុយទៅវិញ ត្រូវសង្កេតមើលថា តើការនិយាយស្ដីរបស់យើងមានខុសឆ្គងត្រង់ណាទេ?។

    12 . រួមធ្វើកិច្ចការងារជាមួយកូន ជំនួសការចាំតែបញ្ជា ដូចជាថា បិទទូរទស្សន៍ភ្លាម ដល់ម៉ោងញ៉ាំបាយហើយ! តែយើងអាចប្រើវិធីដើរទៅអង្គុយជិតកូន មើលទូរទស្សន៍ជាមួយកូនប្រមាណជា 2 – 3នាទី លុះដល់ពេលផ្សាយពាណិជ្ជកម្ម ក៏ឱ្យកូនបិទទូរទស្សន៍ដោយខ្លួនឯង និងប្រាប់កូនថា ដល់ម៉ោងញ៉ាំបាយហើយ។

    13 . ផ្ដល់ជម្រើសដែលឆ្លាតវៃ ដូចជា តើចង់ស្លៀកខោអាវគេងមុន ឬចង់ដុសធ្មេញមុន? ចង់ពាក់អាវពណ៌ផ្កាឈូក ឬពណ៌បៃតងវិញ? ជាដើម។

    14 . និយាយត្រង់ទៅត្រង់មក ខ្លី និងងាយយល់ ឱ្យស័ក្តិសមនឹងវ័យ និងវិវឌ្ឍនាការក្មេង ដូចជា បើសួរក្មេងអាយុ 3ឆ្នាំថា ហេតុអីបានធ្វើអ៊ីចឹង? ក្មេងអាចនឹងឆ្លើយមិនរួចទេ ដូច្នេះគួរនិយាយជាមួយកូនថា ប្រាប់ម៉ាក់បន្តិចមើល៍ រឿងដែលកូនធ្វើហ្នឹងយ៉ាងម៉េចដែរ?។

    15 . និយាយយ៉ាងសុភាព និងផ្ដល់កិត្តិយស និយាយជាមួយកូនដូចដែលយើងចង់ឱ្យកូននិយាយជាមួយយើង។

    16 . មិនបង្ខំ ព្រោះការបង្ខំសម្លុតគំរាមនឹងធ្វើឱ្យកូនមិនរួមសហការ ដូចជានិយាយថា កូនត្រូវតែធ្វើនេះ ធ្វើនោះឱ្យហើយ! តែគួរប្ដូរមកជា ម៉ាក់ចង់ឱ្យកូនធ្វើរឿងនេះ រឿងនោះ…ម៉ាក់សប្បាយចិត្តណាស់ដែលឃើញកូនធ្វើ ឬជំនួសឱ្យពាក្យថា ជូតតុបាយឱ្យស្អាតភ្លាម! គួរប្ដូរមកជា ម៉ាក់ចង់ឱ្យកូនជូតតុបាយឱ្យស្អាត និងកុំឱ្យជម្រើសបែបអវិជ្ជមានទៅកូន ដូចជានៅពេលធាតុអាកាសរងា ចូរនិយាយជាមួយកូនថា ឱ្យយកអាវរងាមកពាក់ តែកុំប្រើពាក្យថា កូនចង់ពាក់អាវរងាទេ? ជាដើម។

    17 . ហាត់សង្កេតទស្សនគតិ វិធីគិត និងការនិយាយស្ដីរបស់កូន ៈ ដើម្បីនឹងបានតបស្នងតម្រូវការរបស់កូនបានត្រឹមត្រូវ។

    18 . ប្រើប៊ិច ខ្មៅដៃជំនួសការនិយាយ កូនវ័យជំទង់មិនត្រូវការឱ្យយើងនិយាយច្រំដែលៗទេ ព្រោះការនិយាយច្រំដែលៗនេះ សម្រាប់កូនក្នុងវ័យស្ទាវជំទង់ប្រៀបដូចជាការពន្យុះកំហឹង ឬមិនទុកចិត្ត ដូច្នេះការសរសេរកំណត់ត្រាដាស់តឿនគឺជាវិធីមួយដែលជួយឱ្យកូនវ័យជំទង់ផ្ដល់នូវការសហការបានល្អជាងការនិយាយច្រំដែលៗ។ សាកល្បងសរសេរសំណេរដាស់តឿនបែបកំប្លែងៗ នោះអ្នកនឹងឃើញថា វាពិតជាបានផលល្អមែនមិនខាន។

    19 . កុំគិតតែពីនិយាយ តែធ្វើឱ្យឃើញជាគំរូ ក្មេងៗរៀនយល់ដឹងពីទង្វើខ្លាំងជាងពាក្យសម្ដី ដូច្នេះធ្វើជាគំរូដែលល្អដល់កូន ដើម្បីឱ្យកូនធ្វើតាម។

    20 . បំពេញអារម្មណ៍របស់កូនជាមុន រួចសឹមនិយាយ ឬចង្អុលណែនាំដល់កូន ពិនិត្យមើលអារម្មណ៍របស់កូនជាមុន ឱ្យប្រាកដក្នុងចិត្តសិនថា តើគេព្រមនៅក្នុងការស្ដាប់យើងឬទេ? មិនដូច្នោះទេ អ្វីដែលយើងនិយាយទៅ នឹងមិនកើតជាប្រយោជន៍អ្វីឡើយ។

    21 . និយាយជាកំណាព្យកាព្យជួនឱ្យងាយចងចាំ ដូចជា ជួយគេឱ្យច្រើន អ្នកចម្រើនគឺខ្លួនយើង ជាដើម។

    22 . ឱ្យកូនធ្វើត្រាប់តាម ក្មេងតូចត្រូវប្រាប់ច្រើនៗដង ខុសពីកូនវ័យជំទង់។ ក្មេងវ័យ 3 – 6ឆ្នាំចូលចិត្តការធ្វើត្រាប់តាម ដូច្នេះនៅពេលនិយាយប្រាប់ហើយ ចូរធ្វើឱ្យឃើញ និងឱ្យកូនធ្វើតាម ធ្វើដូចជាការលេងសម្ដែងដូច្នោះដែរ។

    23 . ឱ្យកូនគិតដោយខ្លួនឯង បង្ហាត់ឱ្យកូនចេះគិតដោយខ្លួនឯង ដោយជំនួសឱ្យការនិយាយថា មើលចុះ របស់របរអីក៏រាយប៉ាយម្ល៉េះ! ចូរប្ដូរមកនិយាយថា កូនតូមី កូនសាកគិតទៅមើលថា តើយើងនឹងយកអាវយឺត ស្បែកជើង និងតុក្កតាខ្លាឃ្មុំនេះទៅទុកនៅកន្លែងណាស្រួល?។ ឱ្យកូនសាកល្បងគិត និងកែបញ្ហាដោយខ្លួនឯង។

    24 . ធ្វើឱ្យកូនស្ងប់ នៅពេលកូនរឹតតែស្រែក យើងរឹតតែនិយាយឱ្យតិច។ ជួនកាលការធ្វើជាអ្នកស្ដាប់ដ៏ល្អ នឹងជួយបន្ធូរក្ដីវិតក្កកង្វល់របស់កូនបាន ឱ្យកូនដឹងថាយើងកំពុងចាប់អារម្មណ៍ និងចង់ជួយ។ ប្រាប់ទៅកូនថា យើងយល់ និងមានអ្វីខ្លះដែលកូនត្រូវការឱ្យជួយ។ អ្វីទាំងអស់នេះនឹងធ្វើឱ្យកូនស្ងប់ស្ងាត់ទៅវិញ និងនៅពេលកូនខឹងមួម៉ៅ កុំខឹងមួម៉ៅទៅវិញ ព្រោះនឹងធ្វើឱ្យរឿងកាន់តែធំទៅ។

    25 . ផ្ដល់ជម្រើសដែលល្អ ប្រាប់ទៅកូនថា កូនចង់ទៅដើរលេងនៅទីធ្លាទាត់បាល់តែម្នាក់ឯងមិនបានទេ តែកូនអាចដើរលេងនៅក្នុងទីធ្លាមុខផ្ទះបាន។

    26 . ដាស់តឿនជាមុន ដូចជា 5នាទីទៀតយើងនឹងត្រឡប់ទៅផ្ទះវិញហើយ ចូរកូនបា៎យៗរបស់លេង និងពួកម៉ាកកូនទៅ។

    27 . និយាយឱ្យញាប់ញ័ររញ្ជួយចិត្ត វិធីនេះជាការបើកពិភពលោកសម្រាប់ក្មេងៗដែលអៀនខ្មាស់ច្រើន ដូចជាមិនគួរសួរថា ថ្ងៃនេះធ្វើអីខ្លះនៅសាលា? តែគួរប្ដូរមកជា ឯណា? និយាយឱ្យម៉ាក់ស្ដាប់បន្តិចមើល៍ថា ថ្ងៃហ្នឹងធ្វើអីដែលសប្បាយបំផុតនៅសាលា? ជាដើម។

    28 . និយាយពីអារម្មណ៍របស់យើងជាមួយកូន ដូចជា “កូនដឹងទេថា ពេលកូនរត់លេងនៅក្នុងសូភើរ ម៉ាខេត ពេលដែលយើងទៅទិញអីវ៉ាន់ជាមួយគ្នាថ្ងៃនេះ ម៉ាក់ភ័យខ្លាំងណាស់ ខ្លាចថាកូនវង្វេងបាត់…លើកក្រោយកុំធ្វើអ៊ីចឹងទៀតណា៎កូនណា៎”។

    29 . និយាយបញ្ចប់សេចក្ដី នៅពេលកូនមិនព្រមស្ដាប់ ងង៉ក់ ឬតវ៉ា ចូរប្រាប់ទៅកូនថា យ៉ាងណាក៏ម៉ាក់មិនព្រមប្ដូរចិត្តដែរ (ដោយប្រើសំឡេងធម្មតា និងម៉ឺងម៉ាត់) ឱ្យកូនដឹងថា ចាំបាច់ និងជារឿងដែលត្រូវធ្វើ។

    30 . ស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌ និងនិយាយលើកទឹកចិត្តជានិច្ច ដូចជាកុំនិយាយថា បើមិនញ៉ាំបាយ តិចម៉ាក់ឈប់ស្រឡាញ់ បើមិនគេង តិចឆ្កែព្រៃមកខាំ-ល- កុំដាក់លក្ខខណ្ឌជាមួយកូនដោយពាក្យសម្ដីដែលគ្មានហេតុផល តែចូរនិយាយដោយសេចក្ដីស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌជាមួយកូនជានិច្ច៕

  • សើច! អំឡុង​វិបត្តិ​សុខ​ភាព​​ COVID-19 បើសិន​ជា​ចង់​ចេញ​ទៅ​ក្រៅ ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រឌិតបែប​នេះ(វីដេអូ)

    សើច! អំឡុង​វិបត្តិ​សុខ​ភាព​​ COVID-19 បើសិន​ជា​ចង់​ចេញ​ទៅ​ក្រៅ ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រឌិតបែប​នេះ(វីដេអូ)

    វីដេអូ​ឃ្លិប​កំប្លែង​ខាង​ក្រោម​នេះ កំពុង​តែ​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម ដោយ​វា​បាន​ទាក់​ទាញ​មនុស្សចូល​មើល​រាប់​លាន​ដង​។

    ឃ្លិប​វីដេអូ​នេះ​ត្រូវ​បាន​ថត​ដោយ​ប្ដី​-ប្រពន្ធ​មួយ​គូ​ដែល​ជា​អ្ន​កជិ​ត​ខាង​របស់​បុរស​ក្នុង​វីដេអូ​។​ ប្ដីប្រពន្ធ​1គូ គឺ Nicholas Murray និង​ Madeline Mai-Davies ​ថត​បាន​សកម្ម​ភាព​នេះ​ នៅ​ឯ​ទីរួម​ស្រុក Stevenage ក្នុង​តំបន់​ Hertfordshire នៃ​ប្រទេស​អង់គ្លេស​។

    ឃ្លីប​វីដេអូន​នេះបាន​​បង្ហាញអំពី​សកម្ម​ភាព​របស់​បុរស​ម្នាក់​ដែល​បន្លំ​ខ្លួន​ជា​រុក្ខ​ជាតិ​ ដើម្បីអាច​ចេញ​ទៅ​ក្រៅ​​ទិញ​របស់​របរ​ចាំ​បាច់​។ ប៉ុន្តែ​ ប្រហែលជា​មិន​ចង់ជួប​អ្នកណា​ម្នាក់ គាត់​ក៏​សម្រេច​ចិត្ត​តុប​តែង​ខ្លួន​បែប​នេះ​។

    ក៏ប៉ុន្តែ​ យោង​ទៅ​លើ​សកម្ម​ភាព​របស់​គាត់ ហាក់​ដូច​ជា​បង្កប់​ភាព​កំប្លែង​ និង​បញ្ហា​ដែល​គាត់​ រួម​នឹង​អ្នក​ជិត​ខាង​ក៏ដូចជា​មនុស្ស​ទូ​ទៅ​កំពុង​ចួប​ប្រទះ​នៅ​ក្នុង​វបត្តិ​សុខ​ភាព​ COVID-19នេះ​។ វីដេអូនេះ​ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ច្រើន​នៅ​លើ​បណ្ដាញសង្គម​ TikTok។

    https://www.youtube.com/watch?v=glYAQRDzUxI

    ប្រភព៖ Daily Mail/Youtube