Tag: កំណើនសេដ្ឋកិច្ច

  • ទំហំសហហិរញ្ញប្បទានរបស់ធនាគារ SME បានកើនដល់ 150លានដុល្លារ សម្រាប់ជួយដល់វិស័យ SME ក្នុងស្រុក

    ទំហំសហហិរញ្ញប្បទានរបស់ធនាគារ SME បានកើនដល់ 150លានដុល្លារ សម្រាប់ជួយដល់វិស័យ SME ក្នុងស្រុក

    ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ត្រូវបានរាជរដ្ឋាភិបាលបង្កើត​ឱ្យ​មានឡើង ដើម្បីផ្តល់ប្រាក់កម្ចីដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ខណៈ​ដែល​ធនាគារនេះមានដើមទុនដំបូងរបស់ខ្លួនចំនួន 100លានដុល្លារ ដែលនឹង​ផ្តល់ជូន​ដល់​អ្នកវិនិយោគលើវិស័យ SMEs នូវអត្រាការប្រាក់ទាប ត្រឹមតែ 7%ប៉ុណ្ណោះក្នុង 1ឆ្នាំ។

    ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2020 ស្ដីពី «គម្រោងសហ​ហិរញ្ញ​ប្បទានទ្រទ្រង់​សហគ្រាស​ធុន​តូច​ និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាស​ធុន​តូច និង មធ្យម» ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា រហូត​មក​ដល់ពេលនេះ ទំហំសហហិរញ្ញប្បទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) បានកើនឡើងដល់ 150លានដុល្លារអាមេរិក ដែលត្រៀមសម្រាប់ជួយដល់វិស័យ SMEs នៅក្នុងប្រទេសកម្ពុជា។

    លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ដំបូងឡើងនៅពេលរាជរដ្ឋាភិបាលបង្កើតធនាគារ SMEs យើងមានទុនដំបូងតែចំនួន 100លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកធនាគារឯកជន បាន​សហការជា​មួយធនាគារ SMEs ដែលធ្វើឱ្យដើមទុនកើនឡើងរហូតដល់ 150លានដុល្លារអាមេរិកនៅពេលនេះ។

    លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអះអាងថា៖ «រហូតមកដល់ពេលនេះ មានសេចក្ដីរាយ​ការណ៍ថា មានធនាគារចំនួន 33ទៀត បានបរិច្ចាគជួយដល់ធនាគារ SMEs ដូច្នេះធនាគារ SMEs មានទុនចូលដល់ 150លានដុល្លារ ដែលនឹងផ្ដល់កម្ចីក្នុងអត្រាការប្រាក់7%»។

    ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានអះអាងដែរថា ចំពោះឥណ​ទាននេះ នឹងផ្ដល់ឱកាសឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ទទួលបានឥណ​ទានក្នុងទុនបង្វិល 20​ម៉ឺន​ដុល្លារ ហើយចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៊ីន នឹងបាន​រហូត​ដល់ 30ម៉ឺនដុល្លារ ក្នុង 1ក្រុម​ហ៊ុន។

    លោកឧកញ៉ា ក៏បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងដល់ធនាគារ SMEs ដែលបានកៀរ​គរ​ប្រភព​ទុនមួយចំនួនបន្ថែមទៀតនេះ ហើយលោកក៏នឹងចូលរួមចំណែកដល់ការបន្ធូរបន្ថយលើនីតិវិធី​ក្នុងការខ្ចី​លុយនេះផងដែរ។ លោកឧកញ៉ា បានសំណូមពរដល់ធនាគារ ដែលជាដៃគូសហការទាំងអស់ ត្រូវផ្ដោតទៅ​លើ​គម្រោងនៃការវិនិយោគរបស់អ្នកខ្ចី ទើបអាចគ្រប់គ្រងបាន។

    លោកឧកញ៉ា បានស្នើដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank)និង​ធនា​គារ​ដៃគូទាំង33 សូមកុំមានការតឹងតែងខ្លាំងពេកលើវត្ថុបញ្ចាំ ចំពោះម្ចាស់សហគ្រាសធុនតូច និង​មធ្យម (SME) ដែលមានបំណងមកទទួលឥណទាន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។

    លោកឧកញ៉ា តែ តាំងប៉បានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះបញ្ហាការដាក់វត្ថុបញ្ចាំ ក្នុងនាម ខ្ញុំជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខ្ញុំកំពុងធ្វើការសម្របសម្រួល ព្រោះសហគ្រាសធុនតូច និងមធ្យម(SME) ភាគច្រើន មិនមែននៅពេញទូទាំងប្រទេសនោះទេ គឺនៅតាមបណ្ដាខេត្តមួយចំនួន និងជាពិសេសនៅក្នុងរាជធានី មានច្រើនជាងគេ ដូច្នេះខ្ញុំសំណូមពរឱ្យវត្ថុបញ្ចាំ​ កុំឱ្យមាន​ការ​តឹងតែងពេក កាលណាតឹងតែងពេក SME អាចនឹងខ្ចីអត់បាន»។

    លោកឧកញ៉ា បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមដែលទទួលបានកម្ចី នឹងមិន​រត់ចោល​ស្រុកនោះទេ គឺទទួលឥណទានមកដើម្បីអភិវឌ្ឍន៍ ហើយលោកចង់​ឱ្យធនាគារសហ​គ្រាស​ធុនតូច និង​មធ្យមមានការទុកចិត្ដគ្នា។ លើសពីនោះទៀត លោកថ្លែងថា សម្ព័ន្ធសមាគម​សហគ្រាសធុនតូច និង​មធ្យម​កម្ពុជា កំពុងដាក់ពាក្យស្នើទៅក្រុមការងារ SMEs Bank ឱ្យបន្ដនីតិវិធីដល់ 6ឆ្នាំ ដើម្បីសង​ត្រឡប់​ទៅវិញ ខណៈសព្វថ្ងៃមានរយៈពេល 4ឆ្នាំ។

    បច្ចុប្បន្នវិស័យសេដ្ឋកិច្ចរបស់កម្ពុជា បានទទួលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលនៃជំងឺ COVID-19 ដែលកំពុងតែរីករាលដាល ក្នុងនោះវិស័យសហគ្រាសធុនតូច និងមធ្យម ក៏បានធ្វើឱ្យ​ជួបនូវ​បញ្ហា​​​ប្រឈម​នេះដូចគ្នាផងដែរ តែផ្នែកដែលផលិតផលិតផលមិនមែនចំណីអាហារ កំពុងរងផលប៉ះពាល់ខ្លាំង​ជាង SMEs ដែលផលិតចំណីអាហារ។

    លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃ​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ផលប៉ះពាល់របស់ SMEs ដែល​ផលិត​ផលិតផលមិន​មែនចំណីអាហារ គឺកង្វះវត្ថុធាតុដើម ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយមានកិច្ចសម្របសម្រួល​ពីថ្នាក់ដឹកនាំពាក់ព័ន្ធ គឺយើងបានរួមគ្នាដោះស្រាយបានមួយ​កម្រិត​ហើយ ពាក់ព័ន្ធនឹងបញ្ហាកង្វះវត្ថុធាតុដើមនេះ។

    លោក ឈា ឡាយហ៊ី បានបញ្ជាក់ថា ដោយឡែក បញ្ហាប្រឈមមួយទៀតដែល SMEs កំពុង​ជួប​ប្រទះ​នេះ គឺទាក់ទងទៅនឹងបញ្ហា​ទី​ផ្សារ ដែលបញ្ហានេះគឺជារឿងសំខាន់ ដោយសាររហូតមក​ដល់ពេល​នេះ ប្រជាពលរដ្ឋ​មិនទាន់ដឹងថា ជំងឺCOVID-19 នឹងអូសបន្លាយដល់ពេលណានោះ​ទេ ដូច្នេះ​ថវិកា​របស់​ពួកគាត់នៅមានកម្រិត។ កត្តាទាំងនេះ នាំឱ្យការផលិត និងតម្រូវការមិន​ទាន់​បន្ស៊ី​គ្នាបាននៅឡើយទេ។

    បើតាមលោក ឈា ឡាយហ៊ី ក្នុងពេលអន្ដរកាលនេះ ក្រុមការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានកោះប្រជុំ​ក្រុមការងារ​ស្ទើរតែ​រាល់​សប្ដាហ៍ ដើម្បីដោះស្រាយបញ្ហានេះ និងកំណត់​អ្វីដែលជាទំនិញយុទ្ធសាស្ដ្រផ្សេងៗ សម្រាប់​ត្រៀម​បង្ការករណី ដែលមានរលកទី2 នៃជំងឺCOVID-19 នេះ៕

  • រដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច

    រដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច

    មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយថា រាជរដ្ឋាភិបាល​កំពុង​មាន​ផែនការ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​ពី​អ្នក​ធុរកិច្ច និង​វិនិយោគិន​ក្នុង​ស្រុកលើ​គ្រប់វិស័យ​ដើម្បី​ជួយ​ដល់​កំណើនសេដ្ឋកិច្ច ខណៈដែល​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ភាគច្រើន​ជា​អ្នកវិនិយោគ​បរទេស។

    ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​ស្តីពី​ម៉ាក្រូសេដ្ឋកិច្ច និង​ការគ្រប់គ្រងថវិកា​ឆ្នាំ2019 ឯកឧត្តម វ​ង្សី​ វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា នីតិកាល​ទី6នេះ រាជរដ្ឋាភិបាល​នឹង​បង្កើន​ការគ្រប់គ្រង​លើ​វិស័យសេដ្ឋកិច្ច​ឱ្យ​កាន់​តែមាន​តម្លាភាព និង​ប្រសិទ្ធភាព​ឡើង។

    ទោះជា​កម្ពុជា​សម្បូរ​កម្លាំង​ពលកម្ម​បម្រើ​ក្នុង​វិស័យ​ការងារ​ច្រើន​មែន តែ​ក៏​មិន​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយតប​នឹង​ការរីកចម្រើន​នោះដែរ ដូច្នេះ​យើង​ត្រូវ​ជំរុញ និង​ធ្វើការ​លើកទឹកចិត្ត​ឱ្យមាន​អ្នកវិនិយោគទុន​ក្នុងស្រុក​ចូលរួម​វិនិយោគ​កាន់តែច្រើន ព្រោះ​បច្ចុប្បន្ន​ការវិនិយោគ​ក្នុងស្រុក​ភាគច្រើន​ជា​ជនបរទេស។

    ឯកឧត្តម​បាន​បន្ថែមថា ធនធានមនុស្ស និង​កម្លាំង​ការងារ គឺ​មិន​គ្រប់គ្រាន់​ទេ។ ដូច្នេះ​ក្នុង​រយៈពេល 5ឆ្នាំ​ក្នុង​អាណត្តិ​នេះ រាជរដ្ឋាភិបាល​នឹង​ជំរុញ​បង្កើន​អ្នកវិនិយោគ​ជា​ជនជាតិខ្មែរ​នៅក្នុង​ស្រុក​ឱ្យ​កាន់តែច្រើន ដោយ​រដ្ឋាភិបាល​បាន​ត្រៀម​នូវ​កញ្ចប់​ថវិកា​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន។ ឯកឧត្ដម​មានប្រសាសន៍​ថា៖ “នៅក្នុង​អាណត្តិ​នេះ​រដ្ឋាភិបាល​នឹង​ជួយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​កម្ពុជា​បន្ថែមទៀត និង​រៀបចំ​ថវិកា​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន​ដោយមាន​ផែនការ​ច្បាស់លាស់ និង​គោលនយោបាយ​ត្រឹមត្រូវ‟។

    ឯកឧត្តម វ​ង្សី វិស្សុត ​មានប្រសាសន៍​ទៀតថា ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ ស្រប​ពេលដែល​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី4 កំពុងដំណើរការ រដ្ឋាភិបាល​កម្ពុជា​កំពុងធ្វើការ​ងារ​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រយៈពេល 15ឆ្នាំ​របស់ខ្លួន​ជាមួយនឹង​គោលនយោបាយ​ត្រឹមត្រូវ ដើម្បីឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​យ៉ាង​ឆាប់រហ័ស។

    នៅក្នុង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ការគ្រប់គ្រង​ថវិកា​ឆ្នាំ2019 រដ្ឋាភិបាល​នៅតែ​បន្ត​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន4 ដូចជា៖ ប្រជាជន ផ្លូវថ្នល់ អគ្គីសនី និង​ទឹក និង​ការងារ​ផ្សេងទៀត​ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​ប្រទេស។ ឯកឧត្តម​បាន​មានប្រសាសន៍ថា៖“ផ្អែកលើ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលការណ៍​ពង្រីក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ កិច្ចការ​ទាំងនោះ​កំពុង​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 របស់​រដ្ឋាភិបាល‟។

    ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី11មករា​កន្លងមកនេះ បានប្រកាស​ដាក់ចេញ​នូវ​យុទ្ធនា​ការពង្រឹង​ឯករាជភាព​របស់​កម្ពុ​ជាតា​មរយៈ​ការកែទម្រង់​លើ​វិស័យសំខាន់ៗជាច្រើន ពិសេស​សម្តេច​បានប្រកាស​ពី​ផែន​ការជួយ​សម្រួល​ដល់ Camcontrol ពី​ភារកិច្ច​ធ្វើ​អធិការកិច្ច​នៅតាម​ច្រកព្រំដែន​ដើម្បី​កាត់បន្ថយ​បន្ទុក​ដល់​អាជីវករ។

    សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​យុទ្ធនាការ​ថ្មី​មួយ​ដើម្បី​ជំរុញ​ឯករាជភាព​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​អនុគ្រោះ​ដែល​ផ្តល់​ដោយ​បណ្តា​ប្រទេស​ជឿនលឿន ដោយ​

    សម្ដេច​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​នឹង​ផ្តល់​ការសម្របសម្រួល​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន និង​លុបបំបាត់​នីតិវិធី​មិនចាំបាច់។ សម្តេច​នឹង​ចុះហត្ថលេខា​ដើម្បី​ដក​មន្ត្រី​មួយចំនួន​ចេញពី​ព្រំដែន​ទាំងអស់​ដោយ​ទុក​តែម​ន្ត្រី​គយ និង​អន្តោប្រវេសន៍​ប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​តម្លៃ​នៃ​ការនាំចេញ និង​ជួយ​ជំរុញ និង​លើកកម្ពស់​ការធ្វើ​ធុរកិច្ច ធ្វើយ៉ាងណា​ឱ្យ​អ្នក​ធុរកិច្ច​ក្នុងស្រុក​បាន​ចំណេញ​ច្រើន។

    សម្តេច​បន្តថា៖“ការដាក់​មន្ត្រី​ច្រើន​នៅតាម​ព្រំដែន​មិនមែនជា​ដំណោះស្រាយ​ទេ តែ​វា​ធ្វើឱ្យមាន​ការបង្កើន​ការចំណាយ​ក្នុងការ​នាំចេញ-នាំចូល។ សេដ្ឋកិច្ចកម្ពុជា​មិនអាច​ពឹង​លើ​វិស័យ​តែមួយ​ទេ យើង​មិនអាច​ឱ្យគេ​ខ្ទប់​រន្ធ​ច្រមុះ​មួយ​ហើយ​យើង​ស្លាប់​នោះទេ យើង​មាន​វិស័យ​ជាច្រើន​ទៀត​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​យើង‟។

    សេចក្តីថ្លែងការណ៍​រប​ស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បានឱ្យដឹងថា “យើង​តែងតែ​បង់ថ្លៃ​សេវា​សម្រាប់​ការត្រួតពិនិត្យ​ទំនិញ​តាម​គយ និង​កាំកុងត្រូល ដូច្នេះ​ការសម្រេច​ដកយក​ Camcontrol ចេញពី​នីតិវិធី​ត្រួតពិនិត្យ​ទំនិញ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ។ ថ្លៃឈ្នួល​សម្រាប់​ការត្រួតពិនិត្យ​កាំកុងត្រូល គឺជា​ផ្នែក​មួយ​នៃ​បន្ទុក​ចំណាយ​របស់​យើង ហើយ​វា​ធ្វើឱ្យ​តម្លៃ​នៃ​ឯកសារ​នៅក្នុង​ប្រទេស​របស់​យើង​ខ្ពស់ជាង​ប្រទេស​ដទៃទៀត‟។

    លោក ច័ន្ទ សុផល នាយក​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​បាន​ថ្លែង​ទាក់ទង​នឹង​បញ្ហា​នេះ​ថា​នេះ​គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ដើម្បី​កែលម្អ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​សម្បទាន​ពាណិជ្ជកម្ម​ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ កម្ពុជា​អាចមាន​ការងារ​ច្រើន​ថែមទៀត​ដែល​ត្រូវធ្វើ ដើម្បី​ជំរុញ​ឱ្យក្លាយ​ទៅជា​ប្រទេសមួយ​មាន​សមត្ថភាព​ប្រកួតប្រជែង​ដោយ​ពេញលេញ​នៅលើ​ទីផ្សារ​ពិភពលោក៕

  • ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ: ការបង្កើន​ថវិកា​នៅ​ឆ្នាំ2019 ស្របទៅនឹង​កំណើនសេដ្ឋកិច្ច

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ: ការបង្កើន​ថវិកា​នៅ​ឆ្នាំ2019 ស្របទៅនឹង​កំណើនសេដ្ឋកិច្ច

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានការ​ពារ និង​ពន្យល់​ពី​ការបង្កើន​ថវិកា​នៅ​ឆ្នាំក្រោយ​ដែល​បាន​ស្នើឡើង​នោះ ដោយ​និយាយថា វា​ស្របទៅនឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស។ ការពន្យល់​នេះ​ត្រូវបាន​ធ្វើឡើង​នៅមុខ​អ្នកចូលរួម​មកពី​ព្រឹទ្ធសភារដ្ឋសភា និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត និង​ត្រូវបានសង្ខេប​អំពី​សេចក្តីព្រាង​ថវិកា​ឆ្នាំ2019 ក្នុងអំឡុងពេល​សិក្ខាសាលា​ស្តីពី​ការកសាង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ពង្រាងច្បាប់​ស្តីពី​ថវិកាជាតិ​ឆ្នាំ2019។

    ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ផលប៉ះពាល់​នៃ​សេដ្ឋកិច្ចពិភពលោក​មក​លើ​ប្រទេស​កម្ពុជា​ត្រូវបាន​សរសេរ​បញ្ចូល​ក្នុង​សេចក្តីព្រាង​នៃ​ថវិកា។ លោក​បាន​កត់សម្គាល់ថា សមិទ្ធផលពីមុនៗ រួមមាន​សន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ និង​សាមគ្គីភាព​ជាតិ ក៏ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ផងដែរ​នៅក្នុង​សេចក្តីព្រាង​នោះ។

    សូមបញ្ជាក់ថា កាលពី​ថ្ងៃទី26 ខែតុលា ទីស្តីការគណៈរដ្ឋមន្ត្រី​បានអនុម័ត​សេចក្តីព្រាង​ថវិកាជាតិ​ប្រមាណ 6.7 ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ2019 ពោលគឺ​កើនឡើង 11,4% លើស​ឆ្នាំ2018។ យោងតាម​សេចក្តីព្រាង​ថវិកា​ឆ្នាំ2019 នឹងមាន​ប្រហែល 6.7ពាន់​លាន​ដុល្លារ គឺ​កើនឡើង​ពី 6.09ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ។

    រដ្ឋបាល​ទូទៅ​ត្រូវបាន​គ្រោង​នឹង​ទទួលបាន605.29លាន​ដុល្លារ។ 1.1ពាន់​លាន​ដុល្លារ​សម្រាប់​ផ្នែក​សន្តិសុខ និង​ការពារ។ 1.78ពាន់​លាន​ដុល្លារ​សម្រាប់​សុខុមាលភាព​សង្គម។ 1.62ពាន់​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច និង1.25ពាន់​លាន​ដុល្លារ គឺ​សម្រាប់​មូលនិធិ​សង្គ្រោះបន្ទាន់។

    ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ទទួលបាន​កញ្ចប់​ថវិកា​ខ្ពស់បំផុត​ចំនួន 899.67លាន​ដុល្លារ​បន្ទាប់មក​ក្រសួង​កិច្ចការ​សាធារណៈ​មាន​ទឹកប្រាក់​ចំនួន 735.7លាន​ដុល្លារ ក្រសួងការពារជាតិ​ចំនួន593.71លាន​ដុល្លារ ក្រសួងមហាផ្ទៃ​ចំនួន 454.88លាន​ដុល្លារ និង​ក្រសួងសុខាភិបាល​ចំនួន 447.4 លាន​ដុល្លារ។

    ថវិកា​នេះ​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ដោយមាន​ទឹកប្រាក់ 6.03ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ធៀប​នឹង​ឆ្នាំ2017 ដែលមាន​ចំនួន 5.23ពាន់​លាន​ដុល្លារ។ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​មានការ​កើនឡើងក្នុង​អត្រា 7% ជា​រៀងរាល់ឆ្នាំ​ដោយ​វិស័យ​សំណង់ និង​វិស័យ​ទេសចរណ៍​រួមចំណែក​ច្រើន​បំផុត។

    កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ2019 នឹង​ស្ថិតក្នុង​រង្វង់ 7.1% ស្របពេល​ផលិតផល​ក្នុងស្រុក​សរុប(ផសស)របស់​ប្រទេស​កម្ពុជា​នឹង​កើន​ដល់​ប្រមាណ27,222លាន​ដុល្លា​អាមេរិក ហើយ​ប្រាក់ចំណូល​សម្រាប់​មនុស្ស​ម្នាក់​នឹង​កើនឡើង​ដល់ 1,706ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។ កំណើន​នេះ​ត្រូវបាន​ទ្រទ្រង់​ដោយ​ការលូតលាស់​នៃ​វិស័យសំខាន់ៗចំនួន3 រួមមាន វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម​ និង​វិស័យ​កសិកម្ម។ នេះ​បើ​យោងតាម​ឯកសារ​ស្តីពី​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ2019។

    នៅក្នុង​ឆ្នាំ2019ខាងមុខ វិស័យធំៗចំនួន3 នៅតែ​បន្ត​រក្សា​កំណើន​ល្អ ក្នុងនោះ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​នឹង​បន្ត​រក្សា​ភាពរឹងមាំ ដែល​នឹង​សម្រេចបាន​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់10% ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់។ វិស័យ​កាត់ដេរ​នឹង​បន្ត​រក្សា​កំណើន​ដូច​ឆ្នាំ​កន្លងទៅ ស្របគ្នា​នឹង​សម្ទុះ​កំណើន​ខ្ពស់​នៃ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ទាំង​សម្រាប់​នាំចេញ និង​បម្រើ​ក្នុង​ទីផ្សារ​ក្នុងស្រុក។ រីឯ​វិស័យ​កសិកម្ម​វិញ អាច​សម្រេចបាន​ក្នុង​កំណើន​រង្វង់ 1.8% ដែល​ទ្រទ្រង់​ដោយ​អនុវិស័យ​ដំណាំ និង​ជលផល ក្នុងនោះ​អនុវិស័យ​ដំណាំ​ត្រូវបាន​រំពឹងថា នឹងមាន​កំណើន​ប្រហែល​ឆ្នាំ​កន្លងទៅ គឺ​ដោយសារ​អំណោយផល​នៃ​កត្តា​អាកាសធាតុភាពល្អប្រសើរ​ឡើង​នៃ​ប្រព័ន្ធធារាសាស្ត្រ និង​កំណើន​ឡើង​នៃ​តម្លៃ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ការកើនឡើង​នៃ​ដំណាំ​កសិផល​ដែល​បម្រើឱ្យ​ការនាំចេញ​ដូចជា​កៅស៊ូ និង​ផ្លែ​ចេក​ជាដើម ចំណែក​ពាក់ព័ន្ធ​អនុវិស័យ​នេសាទ និង​អនុវិស័យ​ចិញ្ចឹមសត្វ​វិញ​ក៏​ត្រូវបាន​រំពឹងថា មាន​កំណើន​ល្អ​ឡើង​ដែរ។

    របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា វិស័យ​សេវាកម្ម​នៅ​កម្ពុជា​ក៏​ត្រូវបាន​រំពឹងថា នឹង​បន្ត​មាន​កំណើន​ប្រមាណ7% គាំទ្រ​ដោយ​កំណើន​នៃ​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ។ ចំណែក​វិស័យ​លក់ដុំ-រាយ​នឹង​រក្សា​កំណើន​បានល្អ​ដែល​គាំទ្រ​ដោយ​កំណើន​នៃ​ការប្រើប្រាស់​ក្នុងស្រុក​ដោយសារ​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន។ រីឯ​វិស័យ​អចលនទ្រព្យ​ក៏ត្រូវ​បាន​រំពឹងថា​នឹង​បន្ត​មាន​កំណើន​ខ្ពស់ ស្របតាម​និន្នាការ​នៃ​អនុវិស័យ​សំណង់​ដែរ ខណៈដែល​អនុវិស័យ​ដឹកជញ្ជូន​ក៏​ត្រូវបាន​រំពឹងថា នឹង​បន្ត​រក្សា​កំណើន​បាន​ដូចគ្នា។

    អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​ស្ថិតក្នុង​កម្រិត​គ្រប់គ្រង​បាន គឺ​ក្នុង​អត្រា3.1%នៅ​ឆ្នាំ2019 គឺ​ស្របតាម​កំណើន​រំពឹងទុក​នៃ​កំណើន​យឺត​នៃ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ និង​កំណើន​យឺត​ជាង​មុន​នៃ​តម្លៃ​ម្ហូបអាហារ។ ចំពោះ​អត្រា​ប្តូរប្រាក់​រៀល​វិញ គឺ​ស្ថិតក្នុង​រង្វង់ 4,050រៀល​ក្នុង1ដុល្លារ​នៅ​ឆ្នាំ2019។

    ចំណែក​ទុនបម្រុង​អន្តរជាតិ ត្រូវបាន​រដ្ឋាភិបាល​រំពឹងថា នឹង​បន្ត​កើន​ឡើងដល់​ប្រមាណ11,059លាន​ដុល្លារ​ដែល​ធានា​ការនាំចេញ​បាន5-6ខែ​នៅក្នុង​ឆ្នាំ2019ខាងមុខនេះ។ ទោះបី​យ៉ាងនេះ​ក្ដី កម្ពុជានឹងត្រូវ​បន្ដ​ប្រឈម​នឹង​ហានិភ័យ​ដែល​បណ្ដាលមកពី​កត្តា​ខាងក្រៅ និង​កត្តា​ខាងក្នុង​មួយចំនួន​ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ចរ​បស់​កម្ពុជា។

    អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​បញ្ជាក់ថា ការកសាង​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2019 មាន​គោលដៅ​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការអនុវត្ត​អាទិភាព​គោលនយោបាយសំខាន់ៗ និង​វិធានការ​កែទម្រង់​ជាក់ស្តែង​នានា​ដែល​នឹងត្រូវ​ផ្តើម​អនុវត្ត​នៅក្នុង​ឆ្នាំ2019ខាងមុខ៕

  • កម្ពុជាកំពុងដោះស្រាយបញ្ហាប្រឈមដើម្បីរក្សាកំណើនសេដ្ឋកិច្ច

    កម្ពុជាកំពុងដោះស្រាយបញ្ហាប្រឈមដើម្បីរក្សាកំណើនសេដ្ឋកិច្ច

    ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាក៏កំពុងជួបប្រទះនូវបញ្ហាមួយចំនួនដែលត្រូវដោះស្រាយជាចាំបាច់ផងដែរដើម្បីបន្តរក្សាបាននូវចីរភាពកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រា៧ភាគរយក្នុង 1ឆ្នាំ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ។

    ក្នុងជំនួបជាមួយអគ្គនាយករងមូលនិធិរូបិយប័ណ្ណអន្តរជាតិ ហៅកាត់ថា IMF លោក Mr. Mitsuhiro Furusawa លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានថ្លែងថា ស្របនឹងសមិទ្ធផលល្អប្រសើរ ទាំងផ្នែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងផ្នែកសារពើពន្ធនោះ កម្ពុជាក៏កំពុងជួបប្រទះនូវបញ្ហាមួយចំនួនដែលត្រូវដោះស្រាយជាចាំបាច់ផងដែរ ដើម្បីបន្តរក្សាបាននូវចីរភាពកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រា៧ភាគរយក្នុង 1ឆ្នាំ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ ដូចជាការបង្កើនសមត្ថភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជាការធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេច និងការពង្រឹងភាពធន់មាំនៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់ នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ពាណិជ្ជកម្មអន្តរជាតិ និងសន្តិសុខជាសកល។

    លោក មិស៊ូហ៊ីរ៉ូ ហ្វូរូសាវ៉ា នាយកគ្រប់គ្រងរងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសម្ដែងនូវការរីករាយ និងអបអរសាទរចំពោះភាពរីកចម្រើននានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ពិសេសនៅលើផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ នៅក្នុងឱកាសនោះដែរ នាយកគ្រប់គ្រងរងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ IMF ថា នឹងបន្តផ្តល់នូវកិច្ចសហការខ្ពស់បន្ថែមទៀត ចំពោះរាល់ការងារទាក់ទងនឹងផ្នែកសេដ្ឋកិច្ច និងសារពើពន្ធ ព្រមទាំងការបន្តគាំទ្រយ៉ាងពេញទំហឹងក្នុងការកសាង និងពង្រឹងសមត្ថភាពមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្តោតលើការផ្តល់ជំនួយបច្ចេកទេសលើវិស័យរដ្ឋបាល និងគោលនយោបាយពន្ធ ក៏ដូចជាការបន្តពង្រឹងសមត្ថភាពព្យាករម៉ាក្រូសេដ្ឋកិច្ចផងដែរ៕