កសិកររីករាយដោយសារតម្លៃជ័រកៅស៊ូងើបឡើងវិញ
កសិករប្រកបរបរកសិកម្មដាំដំណាំកៅស៊ូ បានសម្តែងក្តីរីករាយដោយសារតម្លៃជ័រកៅស៊ូក្នុងឆ្នាំនេះបានងើបឡើងវិញ បន្ទាប់ធ្លាក់ចុះអស់រយៈពេលជិត10ឆ្នាំជាបន្តបន្ទាប់ រហូតធ្វើឱ្យកសិករដាំដើមកៅស៊ូជាលក្ខណៈគ្រួសារមួយចំនួនកាប់ដើមកៅស៊ូចោល ហើយងាកទៅដាំដំណាំផ្សេងវិញ។ កសិករ វេន ពិសិដ្ឋ ដែលប្រកបរបរដាំដំណាំកៅស៊ូជាលក្ខណៈគ្រួសារនៅខេត្តរតនគីរី បានសម្តែងក្តីរីករាយ ដោយផ្តល់បទសម្ភាសក្នុងទឹកមុខញញឹមថា តម្លៃកៅស៊ូក្នុងឆ្នាំនេះមួយគីឡូ អាចលក់បានជាមធ្យម 3500រៀល ខណៈកាលពីឆ្នាំទៅក៏ដូចជាប៉ុន្មានឆ្នាំកន្លងមកនេះតម្លៃកៅស៊ូធ្លាក់ចុះយ៉ាងខ្លាំង មួយគីឡូតម្លៃចន្លោះតែពី 1800-2000 រៀលប៉ុណ្ណោះ។ លោកមានប្រសាសន៍ដូច្នេះថា «កសិករនៅក្នុងខេត្តរតនគីរីមួយចំនួន អស់សង្ឃឹមអំពីតម្លៃកៅស៊ូធ្លាក់ចុះនេះ ហើយអ្នកខ្លះគាត់បានកាប់ដើមកៅស៊ូចោលទៅដាំស្វាយចន្ទី ឬដាំម្រេចវិញក៏មានដែរ ហើយឆ្នាំនេះទៀតម្រេចក៏ធ្លាក់ថ្លៃដែរ កាលឆ្នាំមុនមួយគីឡូជាង40.000រៀល ឥឡូវសល់តែ14.000រៀលទេក្នុងមួយគីឡូក្រាម»។ លោកថា សម្រាប់គ្រួសារលោកមានដីមិនច្រើនទេ ប្រមាណតែ 10ហិកតាប៉ុណ្ណោះ ព្រោះដាំជាលក្ខណៈគ្រួសារ កាលមុនចៀរជ័រលក់ស្ទើរមិនរួចថ្លៃ ជួលកម្លាំងពលកម្មផង ប៉ុន្តែឥឡូវសេដ្ឋកិច្ចគ្រួសារលោកបានប្រសើរឡើងវិញ ដោយសារតម្លៃកៅស៊ូកើនឡើងនេះ។ លោកបន្តថា ការដាំដំណាំកៅស៊ូក៏គេត្រូវចំណាយទុនខ្ពស់គួសមដែរ ដោយក្នុងមួយហិកតាចំណាយអស់ប្រមាណពី 6000ទៅ7000ដុល្លារ គិតចាប់ពីពេលដាំរហូតដល់ទទួលបានផល ក្នុងអំឡុងពេល5ទៅ6ឆ្នាំ ហើយនៅពេលឱ្យផលវាផ្តល់ចំណូលក្នុងមួយឆ្នាំប្រហែលជាង 2000ដុល្លារក្នុងមួយឆ្នាំ ដែលគេអាចប្រមូលផលពីវាបានប្រមាណជាង 30ឆ្នាំឯណោះទើបដើមវាចាស់លែងផ្តល់ផល។ ដំណាំកៅស៊ូមិនសូវរើសដីទេ ដីក្រហម ដីខ្មៅ និងដីស អាចដាំបានដូចគ្នា គ្រាន់តែឱ្យផលខុសគ្នាពោលគឺដីក្រហមឲ្យផលបានល្អជាងគេ។ សព្វថ្ងៃនេះកសិករ និយមដាំកៅស៊ូច្រើនប្រភេទដូចជាពូជប្រភេទ PB 260 … Read more