Tag: កូរ៉ូណា

  • មន្ទីរ​ពេទ្យដំបូង​សម្រាប់​អ្នក​ជំងឺ​ Corona នៅ​ Wuhan ត្រៀម​ដាក់​ឱ្យ​ដំណើរ​ការ​

    មន្ទីរ​ពេទ្យដំបូង​សម្រាប់​អ្នក​ជំងឺ​ Corona នៅ​ Wuhan ត្រៀម​ដាក់​ឱ្យ​ដំណើរ​ការ​

    អាជ្ញាធរ​ក្រុង Wuhan ប្រគល់​ “មន្ទីរ​ពេទ្យ​ប្រឆាំង​ Corona” ដំបូង​ទៅ​ឱ្យ​ពេទ្យ​យោធា​នៅ​ថ្ងៃ​នេះ ដើម្បី​រួម​ចំណែក​ទប់​ទល់​អាសន្នរោគ​រលាក​សួត​ថ្មី​នេះ។

    គ្រូពេទ្យ​យោធា​ចិន​​ចំនួន 1,400នាក់​​នឹង​ចូល​មក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ ​Huoshenshan ដែល​មាន​ដាក់​គ្រែ​ចំនួន 1,000​​ចាប់​ដំណើរ​ការ​​ពី​ថ្ងៃ​ទី​ 3កុម្ភៈ​ខាង​មុខ។ មន្ទីរ​ពេទ្យ​នេះ បាន​ចាប់​ផ្ដើម​សាង​សង់​តាំង​ពី​ថ្ងៃ​ទី 25​មករា ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​មន្ទីរ​ពេទ្យ​នៅ​ក្រុង​ Wuhan ដែលជា​សម្បុក​មេរោគ​​រលាក​សួត​ថ្មី Corona។

    មន្ទីរ​​ពេទ្យ​ទី​ពីរ​មាន​ឈ្មោះថា Leishenshan មាន​គ្រែ​ចំនួនប្រហែល 1,600 ក៏គ្រោង​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ថ្ងៃ​ទី 5កុម្ភៈខាង​មុខ។ ទន្ទឹម​និង​នេះ​ក៏មាន​មន្ទីរ​ពេទ្យ​មួយ​ផ្សេង​ទៀត​ដែលអាច​ដាក់​បាន​ 600គ្រែ ​កំពុង​ត្រូវ​សាង​សង់​​នៅ​ក្រុង​ Ezhou នៃ​ខេត្ត​ Hubei នេះ​ផងដែរ។

    អាសន្ន​រោគ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរូស nCoV (Corona) បាន​ចាប់​ផ្ដើម​ឆ្លង​រាត​ត្បាត​ពីទី​ក្រុង​ Wuhan​ និង​កំពុង​រាល​ដាល​ទូទាំង​ពិភព​លោក។ មេរោគ​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ 305នាក់​ និង​ 14,628នាក់​ផ្សេង​ទៀត​កំពុង​មាន​ផ្ទុក​មេរោគ​នេះ នៅ​ទូទាំង​ពិភព​លោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ករណី​ស្លាប់​ដោយ​សារ​មេរោគ​ Corona ដំបូង​បង្អស់នៅ​ខាង​ក្រៅ​ប្រទេស​ចិន​

    ករណី​ស្លាប់​ដោយ​សារ​មេរោគ​ Corona ដំបូង​បង្អស់នៅ​ខាង​ក្រៅ​ប្រទេស​ចិន​

    ​​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​ Corona ម្នាក់​បាន​ស្លាប់​នៅ​ឯក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែល​​នេះ​គឺ​ជា​ករណី​ដំបូង​បង្អស់​ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ នេះ​បើ​យោង​តាម​អង្គ​ការ​សុខ​ភាព​ពិភពលោក​។

    តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោកប្រចាំ​​​ហ្វី​លីពីន លោក Rabindra Abeyasinghe បាន​មាន​ប្រសាសន៍​​កាល​ពី​ព្រឹក​មិញ​ថា “អ្នក​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​ជនជាតិ​ចិន មក​ពី​ក្រុង​ Wuhan ដែល​ជាតំបន់​កំណើត​នៃ​វីរុស​ Corona (nCoV)។ នេះ​ជា​ករណី​ស្លាប់​ដំបូង​បង្អស់​នៅ​ក្រៅ​ប្រទេស​ចិន​”។

    ជន​រងគ្រោះ​ដោយ​សារ​អាសន្នរោគ​ Corona ខាង​លើ មាន​អាយុ 44ឆ្នាំ ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ក្រុង​ម៉ានីល។ តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​សុខាភិបាល បុរស​នេះ​ប្រហែល​បាន​ឆ្លង​មេរោគ​ដ៏​ប្រល័យ​នេះ​កាល​ពី​នៅ​ប្រទេស​ចិន មុន​ពេល​រួម​ដំណើរ​ជា​មួយ​ស្ត្រី​ម្នាក់​មក​កាន់​ហ្វីលីពីន​។ ស្ដ្រី​ម្នាក់​នេះ ត្រូវ​បាន​គេ​បញ្ជាក់​ថាជា​អ្នក​​មាន​ផ្ទុក​មេរោគ​ Corona ដំបូង​នៅ​ហ្វីលីពីន។​ ​បច្ចុប្បន្ន ស្ត្រី​នេះ​ទទួល​ការ​ព្យា​បាល​នៅឯ​មន្ទីរ​ពេទ្យមួយ​នៃ​ប្រទេស​នេះ​។

    លោក Rabindra Abeyasinghe បាន​បន្ត​ថា ៖ “យ៉ាង​នេះ​ក្ដី គេ​ត្រូវ​ដឹង​ថា អ្នក​ជំងឺ​មិន​មែនជា​ករណី​ឆ្លង​រោគ​នៅ​ទី​នេះ​។ អ្នក​ជំងឺ​មក​ពី​តំបន់​កណ្ដាល​នៃ​អាសន្ន​រោគ (Wuhan)​”។

    ហ្វីលីពីន កាល​ពី​បួន​ថ្ងៃ​មុនបាន​ប្រកាស​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​នៅ​នឹង​កន្លែង​ថ្មី​សម្រាប់​ពលរដ្ឋ​ចិន​ ដើម្បី​កាត់​បន្ថយចំនួន​នៃ​​ក្រុម​អ្នក​ទេស​ចរណ៍។ មន្ត្រី​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ហ្វីលីពីន បាន​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​មិន​ទាន់​បាន​ហាម​ពល​រដ្ឋ​ចិន​មក​កាន់​ប្រទេស​នេះ​នៅឡើយ​ ប៉ុន្តែ​ពួកគេ​ស្នើ​ឱ្យ​ពល​រដ្ឋ​ចិន​ធ្វើ​តេសត៍​រក​មេរោគ nCoV មិន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​​ប្រទេស​ហ្វីលីពីន។ ចំណែក​នាយក​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ហ្វី​លីពីន បាន​ផ្អាក​ការ​ហោះ​ហើរ​ត្រង់​ពី​ក្រុង​ Wuhan។

    ផែនទី​បង្ហាញ​ពី​វត្តមាន​របស់​អ្នក​​បាន​ឆ្លង​វីរូស​រលាក​សួត​ Corona

    អាសន្ន​រោគ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរូស nCoV​ (Corona) បាន​កើន​ឡើង​នៅ​ក្រុង​ Wuhan តាំង​ពី​ថ្ងៃ​ទី 12​ធ្នូ ឆ្នាំ2019 ក្រោយ​មក​វា​បាន​រាល​ដាល​ដល់ 31ខេត្ត​ក្រុង​នៃ​ប្រទេស​ចិន​។ គិត​មកត្រឹម​​ថ្ងៃ​នេះ (2កុម្ភៈ) ​អ្នក​សា្លប់​ដោយ​សារ​មេរោគ​នេះ​ កើន​ដល់​ 304នាក់​នៅ​ប្រទេស​ចិន​ និង​មាន​អ្នក​ឆ្លង​មេរោគ​នេះចំនួន 14,451​នាក់។ នៅ​ខាង​ក្រៅ​ប្រទេស​​ចិន​វិញ មានប្រទេស​ និង​តំបន់​ចំនួន​26 ត្រូវ​គេ​រាយការណ៍​ថា មាន​អ្នក​ឆ្លង​វីរូស​នេះ ក្នុង​នោះ​មាន​ម្នាក់បាន​បាត់​បង់​ជីវិត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ផ្អាកការហោះហើរទៅ-មកប្រទេសចិន ក្នុងនោះមាន…

    ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ផ្អាកការហោះហើរទៅ-មកប្រទេសចិន ក្នុងនោះមាន…

    ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន 29ក្រុមហ៊ុន បានផ្អាក លុបចោល ឬពន្យាពេលជើងហោះហើរទៅ-មកប្រទេសចិន ដោយសារបារម្ភអំពីអាសន្នរោគក្នុងប្រទេសនេះ។

    ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ដែលបានផ្អាក ឬប្រកាសផ្អាកការហោះហើរទៅ-មកប្រទេសចិន មានដូចជាក្រុមហ៊ុនរបស់អាមេរិក បារាំង ឥណ្ឌា កាណាដា កូរ៉េខាងត្បូង អង់គ្លេស និងវៀតណាម។

    អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី 30មករាកន្លងទៅ បានប្រកាសអាសន្ននៅទូទាំងពិភព​លោកចំពោះអាសន្នរោគនេះ ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ បង្កើនការការពារ និងប្រយុទ្ធប្រឆាំងអាសន្នរោគនេះ។

    ឆ្លើយតបទៅនឹងការប្រកាសអាសន្នខាងលើ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា Cathay Pacific Airways, Singapore Airlines និង Turkish Airlines បានចេញសេចក្ដីប្រកាសលុបចោលជើងហោះហើរទៅ-មកប្រទេសចិន។ Air Tanzania ក៏បានប្រកាសពន្យាពេលជើងហោះហើរដំបូងក្នុងខែកុម្ភៈទៅកាន់ប្រទេស​ចិន។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានឱ្យដឹងថា នឹងលុបចោលជើងហោះហើរចំនួន 332 រវាងទីក្រុងមួយចំនួននៅអាមេរិក និងក្រុងប៉េកាំង សៀងហៃ និងហុងកុងផងដែរ។ ចំណែកក្រុមហ៊ុន Vietnam Airlines ក៏ប្រកាសដែរថា នឹងផ្អាកជើងហោះហើរទៅ-មកក្រុងប៉េកាំង សៀងហៃ ខ្វាងចូវ និងក្រុងសិនជិន ចាប់ពីថ្ងៃទី6កុម្ភៈខាងមុខ និងក្រុងចេងឌូ ចាប់ពីថ្ងៃទី5កុម្ភៈ និងក្រុងម៉ាកាវ ចាប់ផ្ដើមផ្អាកការ​ហោះ​ហើរ​ពីថ្ងៃទី6កុម្ភៈ ឆ្នាំ2020។ ក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតរបស់វៀតណាមគឺ Vietjet ក៏​នឹងផ្អាក​ជើង​ហោះ​ហើរ​ទាំងអស់របស់ខ្លួន ដែលហោះហើរទៅ-មកប្រទេសចិន ចាប់ពីថ្ងៃទី1កុម្ភៈនេះ។


    បណ្ដាក្រុមហ៊ុនអាកាសចរណ៍ដែលផ្អាកការហោះហើរ​ទៅកាន់ប្រទេសចិន រួមមាន ៖

    ក្រុម​ហ៊ុន​អាកាស​ចរណ៍ Air Canada, Air France, Air India, Air Seoul, American Airlines, Austrian Airlines, British Airways, Delta Air Lines, Egyptair, El Al Israel Airlines, Etihad Airways, Finnair, Kenya Airways, Lion Air, LOT, Lufthansa, NordStar, Royal Air Maroc, RwandAir, S7 Airlines, SAS, Scoot, Shanghai Airlines, Swiss, Ural Airlines, Vietjet, Vietnam Airlines, Virgin Atlantic និងក្រុមហ៊ុន Yakutia Airlines។

    សូមរំឭកថា អ្នកជំនាញខាងរោគឆ្លងបានឱ្យដឹងថា ហានិភ័យនៃការឆ្លងមេរោគ Corona គឺមានខ្ពស់ណាស់ នៅពេលមនុស្សម្នាក់នៅក្បែរអ្នកជំងឺក្នុងរង្វង់ក្រោម 2ម៉ែត្រ។ កត្តានេះក៏ជាមូលហេតុដែលនាំឱ្យការឆ្លង​រាល​ដាលនៃមេរោគនេះ កើនឡើងដល់ 11,791នាក់ និងអ្នកស្លាប់កើនដល់ 259នាក់ គិតមកត្រឹមព្រឹកនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ខ្សិកខ្សួលអួលដើម-ក ពេលបានអានសំបុត្ររបស់អ្នកគ្រូពេទ្យចិនម្នាក់ សរសេរទុកឱ្យកូនប្រុស ពេលខ្លួនឯងចូលទៅ “សមរភូមិវូហាន”

    ខ្សិកខ្សួលអួលដើម-ក ពេលបានអានសំបុត្ររបស់អ្នកគ្រូពេទ្យចិនម្នាក់ សរសេរទុកឱ្យកូនប្រុស ពេលខ្លួនឯងចូលទៅ “សមរភូមិវូហាន”

    “កូនសម្លាញ់ តើកូនធ្លាប់បានឃើញកែវភ្នែករបស់អ្នកជំងឺ និងគ្រួសាររបស់ពួកគេដែលអង្វរសុំឱ្យជួយសង្គ្រោះជីវិតដែរឬទេ? កែវភ្នែកពួកគេដែលសម្លឹងមកម្ដាយ ហាក់ដូចជាផ្ញើសេចក្ដីទុកចិត្ត សេចក្ដីសង្ឃឹម និងការប្រាថ្នាសុំរស់បន្តទៀត”។

    ខាងលើនេះ គឺជាការចាប់ផ្ដើមបន្ទាត់ដំបូងនៃសំបុត្រដែលលោកស្រីវេជ្ជបណ្ឌិត Cao Xiaoying អាយុ 56ឆ្នាំ ជាប្រធានមជ្ឈមណ្ឌលព្យាបាលរោគឆ្លងនៃមន្ទីរពេទ្យប្រជាជនលេខ2 ក្នុងខេត្ត Hebei ប្រទេសចិន ដែលសរសេរទុកឱ្យកូនប្រុសរបស់គាត់ មុនពេលឈានជើងចូលក្នុងតំបន់ “សមរភូមិវូហាន” ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរលាកសួត Corona។

    សំបុត្រនោះបានសរសេរទៀតថា ៖ “ម្ដាយយល់អំពីអាការព្រួយភ័យ និងក្ដីទុក្ខលំបាក ដែលពួកគេទទួលរងពីអាសន្នរោគដ៏អាក្រក់នេះ”។

    លោកស្រីវេជ្ជបណ្ឌិត Cao Xiaoying បានចូលនិវត្តន៍នៅមុនរដូវបុណ្យចូលឆ្នាំចិន ប៉ុន្តែ បន្ទាប់ពីអាជ្ញាធរខេត្ត Hunan ប្រកាសអំពីការផ្ទុះឆ្លងរាលដាលនៃមេរោគវីរុស Corona លោកស្រីបានសម្រេចចិត្ត ប្រញាប់ត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ ដើម្បីបានរួមដំណើរជាមួយក្រុមគ្រូពេទ្យចំនួន 60នាក់ផ្សេងទៀត ស្ម័គ្រចូលទៅប្រយុទ្ធប្រឆាំងមេរោគវីរុស Corona ដ៏សាហាវនោះ។ ជាមួយនឹងបទពិសោធជាង 30ឆ្នាំក្នុងការប្រឆាំងនឹងបណ្ដាមេរោគឆ្លងទាំងឡាយ លោកស្រីបានទទួលព្យាបាលអ្នកជំងឺរលាកសួតដោយការឆ្លងមេរោគវីរុស Corona ដំបូងនៅជនបទ។

    នៅចំពោះមុខការសម្រេចចិត្តនេះ កូនប្រុសរបស់លោកស្រីបានជំទាស់យ៉ាងខ្លាំងក្លា។ កូនប្រុសរបស់លោកស្រីមានគម្រោងនាំមិត្តស្រីរបស់គេមកជម្រាបសួរលោកស្រីក្នុងរដូវចូលឆ្នាំចិនឆ្នាំនេះ។
    មុនពេលត្រឡប់ទៅមន្ទីរពេទ្យវិញ លោកស្រីបានរៀបចំអ្វីៗគ្រប់សព្វបែបយ៉ាងរួចរាល់ ដើម្បីឱ្យកូនប្រុសរបស់គាត់ស្វាគមន៍មិត្តស្រីរបស់គេ ព្រមទាំងបានសរសេរសំបុត្រមួយច្បាប់ទុកឱ្យកូនប្រុសរបស់គាត់ ដោយក្ដីសង្ឃឹមថា កូនប្រុសគាត់នឹងយល់អំពីអារម្មណ៍របស់លោកស្រី។

    ក្នុងសំបុត្រនោះ លោកស្រីវេជ្ជបណ្ឌិត បានសុំទោសកូនប្រុសរបស់គាត់ ព្រោះមិនទាន់បានបំពេញភារកិច្ចជាម្ដាយដ៏ល្អ ប៉ុន្តែ លោកស្រីបានរំឭកជាច្រើនលើកច្រើនសាថា លោកស្រីពិតជាស្រឡាញ់រូបគេខ្លាំងណាស់។

    “កូនប្រុសម្ដាយ ម្ដាយបានសម្រេចជ្រើសរើសមុខរបរជាគ្រូពេទ្យ ដូច្នេះយ៉ាងណាក៏ដោយ យើងមិនអាចនៅជុំគ្នាបានពេញលេញនោះទេ។ ម្ដាយស្រឡាញ់កូន100% ប៉ុន្តែ ពេលវេលារបស់ម្ដាយមិនអាចផ្ដល់ឱ្យកូនបាន 100%​ឡើយ។ ម្ដាយដឹងអំពីភាពគ្រោះថ្នាក់នៃអាសន្នរោគដ៏អាក្រក់នេះ ម្ដាយអាចដឹងបានអំពីការឈឺចាប់ និងការរងទុក្ខវេទនាពីមេរោគនេះ។ បំណងរបស់ម្ដាយក្នុងជាតិនេះ គឺការបំបាត់ចោលរាល់បញ្ហាអាក្រក់ទាំងអស់នេះ។ សុំទោសណា៎ កូនប្រុសម្ដាយ ការបែកគ្នាមួយរយៈខ្លីរបស់យើង គឺជាសំឡេងសើចរីករាយរបស់មនុស្សរាប់លាននាក់ដែលគេត្រូវការម្ដាយណា៎កូន។ នេះគឺជាប្រការមួយដែលគ្រូពេទ្យទាំងឡាយត្រូវតែធ្វើ”។

    នៅទីបញ្ចប់នៃសំបុត្រ ស្ត្រីម្នាក់នេះបានសរសេរថា ៖ “កូនប្រុស ក្រដាសវាខ្លីពេក ប៉ុន្តែក្ដីស្រឡាញ់ដែលម្ដាយមានចំពោះកូន គឺវែងជាងនេះឆ្ងាយណាស់។ ម្ដាយនឹងស្លៀកឈុតការពារមេរោគជាប់ជានិច្ច កូនកុំបារម្ភ ហើយចូរកូនធ្វើជំនួសម្ដាយ ក្នុងការការពារក្រុមគ្រួសារយើង ណា៎កូនណា៎។ ម្ដាយត្រូវការពារ និងបំពេញកាតព្វកិច្ចរបស់ម្ដាយ។ ពេលអាសន្នរោគអាក្រក់នេះបានថមថយចុះ ម្ដាយសន្យាថា នឹងត្រឡប់ទៅនៅក្បែរកូនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ម្ដាយជឿថា កូននឹងយល់ចំពោះរឿងទាំងអស់នេះ មែនទេកូន?”។

    ថ្ងៃទី26 មករា បន្ទាប់ពីសំបុត្រខាងលើត្រូវបានគេបង្ហោះ និងចែករំលែកក្នុងបណ្ដាញសង្គមចិន មានអ្នកលេងអ៊ីនធើណិតជាច្រើន បានបង្ហាញពីអារម្មណ៍របស់ខ្លួនដោយការ Comment។

    អ្នកលេងបណ្ដាញសង្គម Weibo ម្នាក់បានបញ្ចេញមតិថា ៖ “នៅក្នុងអំឡុងពេលដែលអាសន្នរោគកំពុងរាតត្បាត សំបុត្ររបស់អ្នកគ្រូពេទ្យ Cao Xiaoying បានធ្វើឱ្យខ្ញុំរំភើប អួលដើម-ក និងពិតជាកោតសរសើរចំពោះស្មារតីជួយអ្នកជំងឺយ៉ាងអស់ពីចិត្តរបស់លោកស្រី”។

    អ្នកលេងបណ្ដាញសង្គមម្នាក់ទៀតសរសេរថា ៖ “សង្ឃឹមថា ទេវតាអាវពណ៌សទាំងឡាយ ដែលនៅតំបន់ជួរមុខនឹងបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព និងបានជួបជុំគ្រួសារ”។

    សូមបញ្ជាក់ថា គិតដល់រសៀលថ្ងៃទី31មករានេះ មានអ្នកឆ្លងមេរោគ Corona សរុបជាង 9,800នាក់ ក្នុងនោះមាន 9700នាក់ស្ថិតនៅក្នុងប្រទេសចិន រួមទាំងហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់ផងដែរ។ ចំណែកអ្នកស្លាប់ដោយសារមេរោគវីរុស Corona នេះ បានកើនឡើងដល់ 213នាក់ ដែលជនរងគ្រោះទាំងនោះ សុទ្ធតែស្ថិតនៅក្នុងប្រទេសចិន ពិសេសគឺ ក្នុងតំបន់ Wuhan ដែលជាកន្លែង “ចាប់កំណើត” នៃមេរោគវីរុស Corona ដ៏គួរ​ឱ្យភ័យខ្លាចនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • បុរសអាមេរិកាំងម្នាក់ឆ្លងមេរោគវីរុស corona ទាំងមិនបានទៅប្រទេសចិនសោះ…

    បុរសអាមេរិកាំងម្នាក់ឆ្លងមេរោគវីរុស corona ទាំងមិនបានទៅប្រទេសចិនសោះ…

    មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការរោគអាមេរិក Centers for Disease Control and Prevention (CDC) កាល​ពី​​ថ្ងៃទី30 មករា បានឱ្យដឹងថា ករណីឆ្លងមេរោគ corona ថ្មីបំផុតនៅប្រទេសនេះ គឺ​មាន​ជាប់​ទាក់​ទិន​នឹងប្ដី​ប្រពន្ធ​ 1គូនៅក្រុង Chicago រដ្ឋ Illinois។

    បុរសដែលបានឆ្លងមេរោគនេះ មិនដែលធ្លាប់បានទៅប្រទេសចិនម្ដងណាឡើយ ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​ត្រូវ​បាន​គេ​រកឃើញថា មានផ្ទុកមេរោគនេះ បន្ទាប់នាងពីត្រឡប់មកពីក្រុង Wuhan នៃប្រទេសចិនដែលជា “សម្បុក​មេរោគ” corona។

    នេះគឺជាករណីឆ្លងមេរោគវិរុស corona ពីមនុស្សទៅមនុស្សដំបូងគេនៅសហរដ្ឋអាមេរិក និង​ជា​ករណី​ដែល​អ្នក​ចម្លងមិនទាន់បង្ហាញអាការរោគអ្វីទាំងអស់ តែអាចចម្លងទៅអ្នកជិតខាងបាន។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​អាមេរិក​នៅតែអះអាងថា ចំពោះមុខ ហានិភ័យនៃការឆ្លងមេរោគនេះនៅអាមេរិក គឺនៅទាបនៅឡើយ។

    យ៉ាងនេះក្ដី អគ្គនាយកនៃ CDC លោក Robert Redfield បានថ្លែងថា នឹង​មាន​ការ​ឆ្លង​មេរោគ​នេះ​ពី​មនុស្ស​ទៅ​មនុស្សជាច្រើនករណីបន្ថែមទៀតនៅអាមេរិក។

    បច្ចុប្បន្ន អាមេរិកមានអ្នកផ្ទុកមេរោគវីរុស corona សរុបចំនួន 6នាក់។ ក្រៅ​ពី​ករណី​ថ្មី​បំផុត​ដែល​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស គឺមាន 5ករណី ដែលសុទ្ធតែជាអ្នកទើបត្រឡប់មកពីប្រទេសចិនទាំងអស់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្រសួងទេសចរណ៍ ដាក់ចេញវិធានការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមថ្មី Corona

    ក្រសួងទេសចរណ៍ ដាក់ចេញវិធានការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមថ្មី Corona

    ក្រសួងទេសចរណ៍របស់កម្ពុជា ថ្មីៗនេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយទាក់ទិននឹងវិធានការទប់ស្កាត់មេរោគរលាកសួត Corona។

    នៅលើទំព័រ Facebook របស់ខ្លួន ក្រសួងទេសចរណ៍បានសរសេរថា៖ “ទោះជាពិភពលោកកំពុងប្រឈមនឹងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus)ក៏ដោយ ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ដោយធានាបាននូវការគ្រប់គ្រងបញ្ហាជំងឺថ្មីនេះ ដោយហ្មត់ចត់”។

    ក្រសួងទេសចរណ៍បានសរសេរទៀតថា៖ “ទោះជាយ៉ាងនេះក្តី ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកំពុងផ្ទុះជំងឺនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ”។

    ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់​បាន​ប្រកាសដោយភាពជឿជាក់ថា កម្ពុជានៅតែជាគោល​ដៅទេសចរណ៍ដ៏កក់ក្តៅសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ដែលនៅតែមានការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់ នៅតែត្រៀមទទួលស្វាគមន៍ វត្តមានភ្ញៀវអន្តរជាតិជានិច្ច ពិសេសគឺធានាបានការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (coronavirus) បានយ៉ាងជឿជាក់បំផុត។

    ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ អំពីវិធានការមួយចំនួនដែលឆ្លើយតបនឹងការផ្ទុះជំងឺផ្លូវដង្ហើមថ្មី Corona ៖


    ប្រភព​៖ ក្រសួងទេសចរណ៍