Tag: កូនបៅដោះ

  • អ្នកម្ដាយថ្មោងថ្មី និងជំនឿខុសៗ 4យ៉ាងក្នុងការបំបៅដោះកូន

    អ្នកម្ដាយថ្មោងថ្មី និងជំនឿខុសៗ 4យ៉ាងក្នុងការបំបៅដោះកូន

    ពេលនិយាយពីការបំបៅដោះកូន មានជំនឿជាច្រើន និងការនិយាយប្រាប់តៗគ្នាមក រហូតអាចធ្វើឱ្យអ្នកម្ដាយជាច្រើននាក់យល់ច្រឡំ និងវិលវល់មិនប្រាកដក្នុងចិត្តថា តើជំនឿទាំងនោះត្រឹមត្រូវឬទេ? ដូច្នេះថ្ងៃនេះ យើងនឹងនាំយកចំណេះដឹងល្អៗមកជម្រាបជូនអ្នកម្ដាយថ្មោងថ្មី ដើម្បីបានកែខៃជំនឿខុសៗក្នុងការបំបៅទឹកដោះកូន ដូចតទៅ…។

    1.យកចិត្តទុកដាក់បំបៅដោះកូន រហូតភ្លេចមើលថែទាំសុខភាពខ្លួនឯង

    អ្នកម្ដាយភាគច្រើនតែងកើតមានបញ្ហាលើការមិនមើលថែទាំសុខភាពខ្លួនឯង ព្រោះគិតថា ការបំបៅទឹកដោះកូន គឺជារឿងបន្ទាន់ និងសំខាន់បំផុតដែលត្រូវធ្វើមុនគេបង្អស់ តែបែរជាភ្លេចនឹកគិតថា ទឹកដោះសុទ្ធតែប្រកបទៅដោយសារធាតុអាហារចេញពីរាងកាយរបស់ស្ត្រីជាម្ដាយទាំងអស់។ បើម្ដាយមានសុខភាពមិនល្អ ទឹកដោះក៏មិនមានសារធាតុអាហារគ្រប់ចំនួនដែរ ដូច្នេះស្ត្រីជាម្ដាយត្រូវយកចិត្តទុកដាក់លើរឿងសុខភាព ញ៉ាំអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ និងគួរញ៉ាំអាហារបំប៉ន មិនថាតែវីតាមីន សារធាតុរ៉ែ កាល់ស្យូម ស័ង្កសី-ល-ដើម្បីឱ្យរាងកាយរឹងប៉ឹងមាំមួនល្អ និងផលិតទឹកដោះដែលមានគុណភាពឱ្យកូនកូចបាន។

    2.កូនគេងលក់ពេលបៅដោះ បញ្ជាក់ថា កូនឆ្អែតហើយ

    អ្នកម្ដាយថ្មីថ្មោងជាច្រើន លួចនឹកសប្បាយនៅក្នុងចិត្ត ពេលបំបៅដោះកូនហើយកូនគេងលក់ទៅ យល់ថាកូនបៅទឹកដោះឆ្អែតរហូតដល់គេងលក់ តែការពិតវិញ កូនតូចអាចគេងលក់នៅក្នុងរង្វង់ដៃបីឱ្យបៅលើទ្រូងម្ដាយបានដោយមិនចាំបាច់មឹមឆ្អែតបាន ព្រោះស្រួលខ្លួន មានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាព ដូច្នេះការឧស្សាហ៍សង្កេតមើលកូន និងជួនកាលអាចប្ដូរឥរិយាបទកូនឱ្យបែរមកបៅដោះម្ខាងទៀត ឬឱ្យសម្រាកបៅមួយភ្លែតៗ​ ដើម្បីជំរុញឱ្យកូនមិនភ្លេចខ្លួនគេងលក់ បៅឱ្យបានឆ្អែតពេញលេញ ដើម្បីការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់កូនតូចយើងហ្នឹងឯង។

    3.ស្ដាប់តាមអ្នកដទៃពីការបំបៅទឹកដោះកូន

    ការបំបៅទឹកដោះ គ្មានច្បាប់ទម្លាប់កំណត់ច្បាស់នោះទេ អ្នកម្ដាយត្រូវចេះសង្កេតមើលកូន និងកែសម្រួលការឱ្យកូនបៅទឹកដោះឱ្យត្រឹមត្រូវ។ កូនខ្លះ បៅដោះ 5-10នាទី ឬ 20នាទីទើបឆ្អែត។ អ្នកម្ដាយខ្លះ ក៏ឱ្យកូនបៅដោះត្រឹមតែ 6ខែប៉ុណ្ណោះ អ្នកខ្លះ 1ឆ្នាំ ដល់ 2ឆ្នាំ ទើបលែងឱ្យបៅ…ទាំងអស់នេះ គ្មានខុស ឬត្រូវទេ។ អ្នកម្ដាយគួរសិក្សាព័ត៌មានពីប្រភពដែលគួរឱ្យជឿទុកចិត្តបាន ហើយយកមកកែសម្រួលធ្វើតាមឱ្យបានស័ក្តិសមបំផុត។

    4.យល់ថា ការឈឺដោះបណ្ដាលមកពីការបំបៅកូន ជារឿងប្រក្រតី

    អ្នកម្ដាយជាច្រើនយល់ខុសថា ការឈឺដោះ គឺជារឿងប្រក្រតីរបស់ការបំបៅដោះកូន តែការពិតវិញ វាអាចបណ្ដាលមកពីបញ្ហាបង្កប់មួយចំនួន ដូចជា ដោះតឹងណែនខះដោយសារតែកូនបៅទឹកដោះតិចពេក ឬអ្នកម្ដាយប្រើវិធីបឺតយកទឹកដោះទុកឱ្យកូនបៅ ខុសវិធី ជាដើម។ អាការទាំងនេះ បើទុកចោលរយៈពេលយូរ នឹងកើតការតឹងណែនខះក្នុងដោះជាបន្តបន្ទាប់ រហូតនាំឆ្ពោះទៅរកការរលាកក្លាយខាងក្នុងដោះ ឬករណីខ្លះ ក៏ជាមូលហេតុមកពីកូនកើតសភាវជាប់អណ្ដាត ធ្វើឱ្យបៅដោះយូរ តែមិនឆ្អែត ដែលអ្នកម្ដាយត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងកែបញ្ហានេះ។

    ជំនឿទាំង 4ខាងលើនេះ សុទ្ធតែត្រូវបានប្រាប់តៗគ្នាមក រហូតដល់អាចនឹងធ្វើឱ្យវិលវល់យល់ច្រឡំបាន ដូច្នេះពេលអ្នកម្ដាយបានដឹងពីការពិតហើយ ក៏សូមឱ្យនាំយកទៅប្រើ និងប្រតិបត្តិខ្លួនយ៉ាងត្រឹមត្រូវតាមវិធី ដើម្បីកូនតូចរបស់អ្នក៕

  • ឱ្យកូនបៅដោះហើយ ដោះនឹងយារធ្លាក់មែនឬ? និងវិធីការពារសុដន់យារធ្លាក់ក្រោយពេលកូនលែងបៅ

    ឱ្យកូនបៅដោះហើយ ដោះនឹងយារធ្លាក់មែនឬ? និងវិធីការពារសុដន់យារធ្លាក់ក្រោយពេលកូនលែងបៅ

    “សុដន់ ឬដោះ” ត្រូវបានធម្មជាតិសាងឡើងដើម្បីផលិតទឹកដោះឱ្យកូនដែលជាទារកទើបនឹងកើត តែខណៈពេលជាមួយគ្នា ក៏ជាផ្នែកមួយដែលធ្វើឱ្យស្ត្រីមានមន្តស្នេហ៍ក្នុងខ្សែភ្នែកបុរសដែរ ដូច្នេះហើយទើបមានស្ត្រីជាម្ដាយមួយចំនួនកង្វល់បារម្ភរឿងសុដន់យារធ្លាក់ក្រោយពេលមានកូន និងឱ្យកូនបៅទឹកដោះគោ ជំនួសការឱ្យកូនបៅទឹកដោះខ្លួនឯង ព្រោះតែយល់ថា “ឱ្យកូនបៅដោះយូរៗទៅ នឹងធ្វើឱ្យដោះធ្លាក់យារ!!” ទាំងការពិតវិញ ចង់ឱ្យកូនបៅដោះ ឬមិនឱ្យកូនបៅដោះ ក៏សុដន់ស្ត្រីជាម្ដាយត្រូវតែយារធ្លាក់គ្រប់តែគ្នាហ្នឹង…បើមិនចេះមើលថែទាំខ្លួន។

    មូលហេតុបណ្ដាលមកពីអ្វី?

    • គ្រាន់តែមានគភ៌ ក៏យារបាត់ទៅហើយ ៈ សុដន់របស់មនុស្សស្រីនឹងចាប់ផ្ដើមយារតាំងពីពេលចាប់ផ្ដើមតាំងគភ៌ម្ល៉េះ។ មូលហេតុ មកពីទំហំរបស់ “សុដន់” ដែលនឹងមានការរីកធំឡើង ដើម្បីត្រៀមជាស្រេចក្នុងការផលិតទឹកដោះឱ្យកូន និងបរិវេណក្បាលសុដន់ក៏នឹងធំឡើង និងមានពណ៌ស្រអាប់ឡើងដែរ។ សរសៃឈាមខ្មៅនឹងមានខ្នាតធំឡើង រហូតមើលឃើញយ៉ាងច្បាស់ ដូច្នេះទោះជាក្រោយពេលឆ្លងទន្លេ មិនបានឱ្យកូនបៅដោះក៏ដោយ ក៏នៅតែយារដូចគ្នា ដោយនឹងចាប់ផ្ដើមយារធ្លាក់ចុះម្ដងបន្តិចៗ ហើយនឹងខ្លាំង ឬតិចប៉ុនណា អាស្រ័យលើទំហំរបស់សុដន់ បរិមាណខ្លាញ់ក្នុងខ្លួន និងអាយុរបស់ស្រ្តីខ្លួនឯង។
    • ក្រុមអ្នកម្ដាយដែលមានទឹកដោះច្រើនខ្លាំងពេក ៈ ស្ត្រីជាម្ដាយដែលឡើងដោះខ្លាំង មានឱកាសសុដន់រីកយារខ្លាំងជាងស្ត្រីជាម្ដាយដែលមានសុដនតូច ព្រោះសុដន់ក៏ដូចប៉ឺតប៉ោងដែរ ពេលវាប៉ោង វាក៏ណែនខ្លាំង ពេលឈប់ឱ្យកូនបៅដោះ វាក៏ធូរស្ពេតខ្លាំងដូចគ្នា។ តែទាំងអស់នេះ ក៏មិនមែនមានន័យថា វានឹងកើតឡើងចំពោះស្ត្រីជាម្ដាយគ្រប់គ្នានោះដែរ ព្រោះបើសិនជាស្ត្រីជាម្ដាយមើលថែទាំខ្លួនឯងបានល្អ ចេះហាត់ប្រាណពង្រឹងសាច់ដុំសុដន់ ទោះជាកូនញឹក(ច្រើន) ឬឱ្យកូនបៅដោះរយៈពេលយូរប៉ុនណា ក៏សុដន់អាចនឹងត្រឡប់មកតែងណែនដូចដើមបានដែរ។

    បច្ច័យផ្សេងៗទៀតដែលមិនពាក់ព័ន្ធនឹងការឱ្យកូនបៅដោះ

    1. បារី ៈ មិនជឿ ក៏ត្រូវតែជឿដែរថា បារីជាវត្ថុគ្រោះថ្នាក់ដែលធ្វើឱ្យស្រ្តីសុដនយារខ្លាំងជាងឱ្យកូនបៅទៅទៀត។
    2. អាយុ ៈ មិនថានឹងមានកូន ឬមិនមានកូននោះទេ នៅពេលមនុស្សស្រីអាយុកើនច្រើនឡើង “ភាពចាស់ជរា” នឹងធ្វើឱ្យសុដន់យារធ្លាក់ទៅតាមវ័យជាបណ្ដើរៗ។
    3. អម្បូរពូជ ៈ បើសិនជាម្ដាយ ឬលោកយាយរបស់អ្នកមានអម្បូរពូជសុដនយារធ្លាក់ អ្នកខ្លួនឯងក៏មានភាគរយខ្ពស់ក្នុងការដែលសុដននឹងយារធ្លាក់បានដូចគ្នា។
    4. ភាពធាត់ ៈ ស្រ្តីមានគភ៌មិនគួរបណ្ដោយខ្លួនឱ្យធាត់ជ្រុលពេកទេ! ព្រោះទម្ងន់ខ្លួនដែលឡើងលឿន ចុះលឿន នឹងធ្វើឱ្យស្បែកយារធ្លាក់​ដែលមិនមែនត្រឹមតែសុដន់ប៉ុណ្ណោះទេ គឺទូទាំងដងខ្លួនតែម្ដង។
    5. ពាក់អាវទ្រនាប់ដែលមិនសមល្មមនឹងសុដន ៈ រឹបណែនជ្រុល ឬរលុងជ្រុលពេករហូតមិនអាចទទួលទ្រទម្ងន់របស់សុដន់បាន។

    មកដល់ពេលនេះហើយ ឡារ៉ែនជឿថា ស្រ្តីដែលមានកូន មិនថាទីបំផុតទៅ សុដន់នឹងតឹងណែន ឬនឹងយារធ្លាក់ក្ដី ក៏ប្រហែលជាមិនសំខាន់ស្មើនឹងការបំបៅដោះកូនដែរ ព្រោះខ្លាំងជាការបំបៅដោះកូនដើម្បីឱ្យកូនបានទទួលសារធាតុអាហារដែលមានប្រយោជន៍ពីទឹកដោះម្ដាយនោះ ការលើកកូនបីឱ្យបៅដោះ គឺជាការបញ្ជូនក្ដីស្រឡាញ់ ភាពកក់ក្ដៅដែលគ្មានវិធីណាល្អស្មើនឹងវិធីនេះឡើយ៕

  • ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។

    ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    1. ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។
    2. កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។
    3. គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។
    4. គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។
    5. ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ ក៏នឹងថយចុះដែរ។
    6. ភ្ជាប់ចំណងសម្ព័ន្ធរវាងម្ដាយ និងកូន ការឱ្យកូនបានបៅទឹកដោះពីទ្រូងម្ដាយ ជាអារម្មណ៍ដែលពិបាកនឹងបរិយាយណាស់ មានតែម្ដាយដែលធ្លាប់ឱ្យកូនបៅទឹកដោះពីទ្រូងខ្លួនឯងប៉ុណ្ណោះទើបអធិប្បាយពីអារម្មណ៍ និងសេចក្ដីសុខក្នុងចិត្តដែលកើតឡើងក្នុងខ្លួនរបស់ម្ដាយម្នាក់នោះបានដោយខ្លួនឯង។ ក្រៅពីនោះ គ្រប់ពេលដែលកូនបៅទឹកដោះម្ដាយ ពីទ្រូងម្ដាយ កូននឹងសម្លឹងមើលមុខម្ដាយរបស់ខ្លួន ដែលអំឡុងពេលបំបៅដោះកូននោះ គឺជាអំឡុងពេលដ៏មានគុណតម្លៃបំផុត ព្រោះម្ដាយ-កូននឹងបានមើលមុខគ្នា បាននិយាយគ្នា បានសម្ដែងសេចក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យកូនតូចអាចដឹងបានថា ម្ដាយរបស់គេស្រឡាញ់គេខ្លាំងប៉នណា។ ក្រៅពីនោះ ការដែលកូនបៅទឹកដោះចេញពីទ្រូងរបស់ម្ដាយញឹកញាប់ នឹងធ្វើឱ្យកូនចងចាំក្លិន សំឡេង មុខមាត់ និងការប៉ះពាល់ផ្សេងៗរបស់ម្ដាយបានលឿនជាងក្មេងដែលបៅទឹកដោះពីដបទឹកដោះ។
    7. រាងកាយរបស់ម្ដាយនឹងឆាប់ស្គមឡើងវិញ ក្រោយពីឆ្លងទន្លេរួច រាងកាយរបស់អ្នកម្ដាយ ទោះជាទម្ងន់ខ្លួនស្រកចុះខ្លះមែន តែប្រព័ន្ធខាងក្នុង រួមទាំងស្បូនផងអាចនឹងមិនទាន់ស្រួលបួលឡើងវិញនៅឡើយ ការចិញ្ចឹមកូនដោយឱ្យកូនបៅទឹកដោះចេញពីទ្រូងម្ដាយ នឹងជួយជំរុញរាងកាយរបស់ម្ដាយឱ្យបញ្ចេញអ័រម៉ូន 1ប្រភេទ(ដែលនឹងចេញមកចំពោះតែពេលដែលឱ្យកូនបៅដោះប៉ុណ្ណោះ)ដោយអ័ម៉ូនប្រភេទនេះ នឹងជួយឱ្យស្បូនបង្រួញខ្លួនស្រួលបួលវិញបានយ៉ាងឆាប់រហ័ស។ ក្រៅពីនោះ ការដែលរាងកាយអ្នកម្ដាយត្រូវផលិតទឹកដោះ វានឹងជួយដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗនៅតាមក្បាលពោះចេញអស់ផងដែរ ធ្វើឱ្យរូបរាងរបស់អ្នកម្ដាយទើបប្រសូតបុត្ររួច ត្រឡប់មកស្គមស្វែលបានឆាប់រហ័សជាងអ្នកម្ដាយដែលចិញ្ចឹមកូនដោយទឹកដោះគោ។ ជាមធ្យមទៅ ការដែលចិញ្ចឹមកូនដោយខ្លួនឯង ឱ្យកូនបៅទឹកដោះពីទ្រូងម្ដាយ ទម្ងន់ខ្លួនរបស់ម្ដាយនឹងថយចុះជាមធ្យម 1ខែពី 1-2គីឡូក្រាម ដូច្នេះបើយើងឱ្យកូនបៅទឹកដោះម្ដាយពេញមួយរយៈពេល 6ខែដំបូងក្រោយពេលប្រសូត ទម្ងន់ខ្លួន និងរូបរាងរបស់អ្នកម្ដាយ នឹងល្អឡើងវិញ និងសឹងតែជិតដូចប្រក្រតីវិញ។
    8. ជាអាហារដែលងាយស្រួលបំផុតសម្រាប់កូនពេញ 24ម៉ោង ទឹកដោះម្ដាយ ជាប្រភពបង្កើនថាមពលរបស់កូនតូចរបស់យើងដែលអាចឱ្យកូនបៅបានពេញ 24ម៉ោង។ ពេលណាកូនឃ្លាន យើងក៏អាចឱ្យកូនបៅទឹកដោះពីដើមទ្រូងរបស់យើងបានភ្លាមតែម្ដង មិនចាំបាច់ដាក់ដបទឹកដោះគោតាមខ្លួន មិនបាច់មានទឹកក្ដៅ ឬម្សៅទឹកដោះគោ-ល-នាំឱ្យពិបាកឡើយ ងាយស្រួល និងឆាប់រហ័សទាន់ចិត្តកូនជាទីបំផុត។
    9. ជាទឹកដោះក្ដៅឧណ្ហៗ អាចបៅបានភ្លាមជាប់ជានិច្ចពីទ្រូងម្ដាយ គុណសម្បត្តិពិសេសដែលរកទឹកដោះណាផ្សេងទៀតក្នុងពិភពលោកនេះមកធៀបមិនបាននោះគឺ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយហ្នឹងឯង។ ម្ដាយមិនចាំបាច់កង្វល់ថា ទឹកដោះខ្លួនឯងហ្នឹងនឹងក្ដៅខ្លាំងពេក ឬត្រជាក់ជ្រុលពេកសម្រាប់កូនឡើយ ព្រោះទឹកដោះម្ដាយដែលចេញមកពីដើមទ្រូងម្ដាយនេះ នឹងមានសីតុណ្ហភាពដែលល្មមសមរម្យចំពោះកូនរបស់យើងភ្លាមតែម្ដង តែបើចិញ្ចឹមកូនដោយទឹកដោះគោ យើងត្រូវពិនិត្យមើលជាមុនសិនជានិច្ចថា ទឹកដោះដែលលាយហើយនោះ វានឹងក្ដៅ ឬត្រជាក់ជ្រុលពេកទេដឹង?។
    10. មិនចាំបាច់អស់លុយថ្លៃទឹកដោះថ្លៃៗ រួមទាំងឧបករណ៍ផ្សេងៗទៀត តម្លៃទឹកដោះម្សៅប្រភេទផ្សេងៗនោះ បច្ចុប្បន្ន តម្លៃបានហក់ឡើងខ្ពស់ខ្លាំងណាស់ ណាថ្លៃដបទឹកដោះគោ ណាថ្លៃទឹកសាប៊ូលាងដបទឹកដោះគោ ថ្លៃឧបករណ៍ដុសសម្អាតដបទឹកដោះគោ-ល- ថ្លៃចាយវាយទាំងអស់នេះ នឹងមិនកើតមានឡើយ បើយើងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង។

    ទឹកដោះម្ដាយនឹងមានច្រើន ឬតិច នឹងមានប្រព័ន្ធប្រឆាំងជំងឺច្រើន ឬតិច អាស្រ័យលើចំណីអាហារ ការគេងសម្រាក និងអារម្មណ៍របស់ម្ដាយជាចម្បង។ បើអ្នកម្ដាយមើលថែទាំរាងកាយយ៉ាងល្អ ញ៉ាំអាហារដែលមានប្រយោជន៍ គេងលក់បានគ្រប់គ្រាន់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងល្អជាប់ជានិច្ចនោះ ក៏នឹងមានទឹកដោះច្រើនគ្រប់គ្រាន់ឱ្យកូនរបស់យើងបានបៅយ៉ាងពិតប្រាកដ ដែលបច្ចុប្បន្ននេះ ឡារ៉ែនសូមណែនាំឱ្យកូនបានបៅទឹកដោះម្ដាយយ៉ាងតិចបំផុតរយៈពេល 1ឆ្នាំដំបូង៕

  • តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ? ជាសំណួរមួយដែលជួបប្រទះជាញឹកញាប់ថា តើបើឈឺបែបហ្នឹងឱ្យកូនបៅដោះតាមប្រក្រតីបានទេ? ហើយបើឱ្យកូនបៅដោះម្ដាយដែលកំពុងឈឺ តើកូននឹងឈឺតាមម្ដាយឬទេ?។ ដោយសារតែក្មេងតូចមានប្រព័ន្ធការពារជំងឺតិចជាមនុស្សធំ ដូច្នេះអ្នកម្ដាយគួរបង្កើនប្រព័ន្ធការពាជំងឺដល់កូនដោយឱ្យកូនបានបៅទឹកដោះម្ដាយឱ្យបានច្រើនបំផុត តែ…ចុះបើម្ដាយកំពុងឈឺវិញ? សូមឆ្លើយនៅពេលនេះតែម្ដងចុះថា អ្នកម្ដាយអាចឱ្យកូនរូចបៅដោះបានតាមប្រក្រតី។

    ក្នុងខណៈដែលម្ដាយឈឺ ឬប្រព័ន្ធការពារជំងឺថយចុះ គ្រាប់ឈាមសនឹងបញ្ជូនសញ្ញាទៅក្រពេញទឹករងៃ បន្ទាប់ពីនោះរាងកាយក៏នឹងប្រញាប់ផលិតប្រព័ន្ធការពារជំងឺចេញមក ហើយប្រព័ន្ធការពារជំងឺនេះក៏នឹងត្រូវបញ្ចេញមកតាមសុដន់ម្ដាយភ្លាមៗ ដូច្នេះពេលកូនបៅទឹកដោះម្ដាយចូលទៅ ក៏នឹងទទួលបានប្រព័ន្ធការពារជំងឺទៅជាមួយដែរ។

    ឧទាហរណ៍ដូចជា អ្នកម្ដាយកើតជំងឺកញ្ជ្រិល ដែលបណ្ដាលមកពីមេរោគវីរុស វ៉ារិសេលឡាក៏អាចឱ្យកូនតូចបៅដោះបានតាមប្រក្រតី គ្រាន់តែប្រយ័ត្នប្រយែងកុំឱ្យពងអុចកញ្រ្ជិលទៅប៉ះនឹងខ្លួនកូនប៉ុណ្ណោះ។ រឹតតែស្រ្តីជាម្ដាយណាកើតរោគប្រតិកម្មចាញ់ រឹតតែត្រូវឱ្យកូនបៅដោះឱ្យយូរ និងច្រើនបំផុត។

    តែបើសិនជាឈឺធ្ងន់រហូតដល់អាចត្រូវញ៉ាំថ្នាំ អ្នកម្ដាយអាចញ៉ាំថ្នាំបាន។ ថ្នាំដែលអ្នកម្ដាយអាចញ៉ាំបាន ភាគច្រើនជាថ្នាំធម្មតាទូទៅដែលញ៉ាំដើម្បីព្យាបាលរោគ ឬអាការឈឺថ្កាត់ផ្សេងៗ ដូចជាផ្ដាសាយ ឈឺក ថ្នាំបញ្ចុះកម្ដៅ បំបាត់ការឈឺចាប់ វីតាមីន និងថ្នាំអង់ទីប៊ីយ៉ូទិក។ ថ្នាំពពួកនេះជាថ្នាំដែលមិនមានផលគ្រោះថ្នាក់ដល់ម្ដាយ និងកូនតូចឡើយ លើកលែងតែថ្នាំមួយប្រភេទដែលមានឈ្មោះថា តេត្រាស៊ីគ្លីន( Tetracycline) ព្រោះថ្នាំនេះនឹងធ្វើឱ្យធ្មេញកូនតូចឡើងពណ៌លឿង។

    ដូចដែលបានរៀបរាប់មកហើយ អាការឈឺថ្កាត់របស់ម្ដាយគ្មានផលប៉ះពាល់អ្វីជាមួយការឱ្យកូនបៅដោះទេ ព្រោះទឹកដោះម្ដាយមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូន។ ការឱ្យកូនតូចបៅទឹកដោះម្ដាយមានចំណុចលើកលែងមិនច្រើនប៉ុន្មានទេ ដូចជារឿងការទទួលទានអាហារ និងការញ៉ាំថ្នាំប្រភេទខ្លះតែប៉ុណ្ណោះ៕​

  • តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ? ជាសំណួរមួយ ដែលជួបប្រទះជាញឹកញាប់ថា តើបើឈឺបែបហ្នឹងឱ្យកូនបៅដោះតាមប្រក្រតីបានទេ? ហើយបើឱ្យកូនបៅដោះម្ដាយដែលកំពុងឈឺ តើកូននឹងឈឺតាមម្ដាយឬទេ?ដោយសារតែក្មេងតូចមានប្រព័ន្ធការពារជំងឺតិចជាងមនុស្សធំ ដូច្នេះអ្នកម្ដាយគួរបង្កើនប្រព័ន្ធការពាជំងឺដល់កូនដោយឱ្យកូនបានបៅទឹកដោះម្ដាយឱ្យបានច្រើនបំផុត តែ… ចុះបើម្ដាយកំពុងឈឺវិញ? សូមឆ្លើយនៅពេលនេះតែម្ដងចុះថា អ្នកម្ដាយអាចឱ្យកូនតូចបៅដោះបាន តាមប្រក្រតី។

    ក្នុងខណៈដែលម្ដាយឈឺ ឬប្រព័ន្ធការពារជំងឺថយចុះ គ្រាប់ឈាមស នឹងបញ្ជូនសញ្ញាទៅក្រពេញទឹករងៃ បន្ទាប់ពីនោះរាងកាយក៏នឹងប្រញាប់ផលិតប្រព័ន្ធការពារជំងឺចេញមក ហើយប្រព័ន្ធការពារជំងឺនេះក៏នឹងត្រូវបញ្ចេញមកតាមសុដន់ម្ដាយភ្លាមៗ ដូច្នេះពេល កូនបៅទឹកដោះម្ដាយ ចូលទៅ ក៏នឹងទទួលបានប្រព័ន្ធការពារជំងឺទៅជាមួយដែរ។

    ឧទាហរណ៍ដូចជា អ្នកម្ដាយកើតជំងឺកញ្ជ្រិលដែលបណ្ដាលមកពីមេរោគវីរុស វ៉ារិសេលឡា ក៏អាចឱ្យកូនតូចបៅដោះបានតាមប្រ្រកតី គ្រាន់ តែប្រយ័ត្នប្រយែងកុំឱ្យពងអុចកញ្រ្ជិល ទៅប៉ះនឹងខ្លួនកូនប៉ុណ្ណោះ។ រឹតតែស្រ្តីជាម្ដាយណាកើតរោគប្រតិកម្មចាញ់ រឹតតែត្រូវឱ្យកូនបៅដោះឱ្យយូរ និងច្រើនបំផុត។

    តែបើសិនជាឈឺធ្ងន់រហូតដល់ត្រូវញ៉ាំថ្នាំអ្នកម្ដាយអាចញ៉ាំថ្នាំបាន។ ថ្នាំដែលអ្នកម្ដាយអាចញ៉ាំបាន ភាគច្រើនជាថ្នាំធម្មតាទូទៅដែលញ៉ាំដើ​ម្បី​ព្យាបាលរោគ ឬអាការឈឺថ្កាត់ផ្សេងៗដូចជា ផ្ដាសាយ ឈឺក ថ្នាំបញ្ចុះកម្ដៅ បំបាត់ការឈឺចាប់ វីតាមីន និងថ្នាំអង់ទីប៊ីយ៉ូទិក។ ថ្នាំពពួកនេះជាថ្នាំដែលមិនមានផលគ្រោះថ្នាក​់ដល់ ម្ដាយ និងកូន​​​​តូច​ឡើយ លើកលែងតែថ្នាំមួយប្រភេទដែលមានឈ្មោះថា តេត្រាស៊ីគ្លីន(Tetracycline) ព្រោះថ្នាំនេះនឹងធ្វើឱ្យធ្មេញ​កូនតូចឡើង​ពណ​៌​លឿង។

    ដូចដែលបានរៀបរាប់មកហើយ អាការឈឺថ្កាត់របស់ម្ដាយមិនមានផលប៉ះពាល់អ្វីជាមួយការឱ្យកូនបៅដោះនោះទេ ព្រោះទឹកដោះម្ដាយមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនស្រាប់ហើយ។ ការឱ្យកូនតូចបៅទឹកដោះម្ដាយមានចំណុចលើកលែងមិនច្រើនប៉ុន្មានទេ ដូចជារឿងការទទួលទានអាហារ និងការញ៉ាំថ្នាំប្រភេទខ្លះតែប៉ុណ្ណោះ៕​