Tag: កូដកម្ម

  • AI នឹង «លុបបំបាត់» ការងារ​របស់​អ្នកសរសេរ​កម្មវិធី​នៅ​ប្រាំ​ឆ្នាំ​ខាងមុខ​?

    AI នឹង «លុបបំបាត់» ការងារ​របស់​អ្នកសរសេរ​កម្មវិធី​នៅ​ប្រាំ​ឆ្នាំ​ខាងមុខ​?

    Emad Mostaque ដែលជា CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Stability AI យល់ថា នៅ​ប្រាំ​ឆ្នាំ​ខាងមុខ AI (បញ្ញា​សិប្បនិម្មិត) នឹង​ដណ្ដើម​ការងារ​ទាំងអស់​របស់​អ្នកសរសេរ​កូដ​កម្មវិធី ហើយ​បង្កើតបានជា​បដិវត្តន៍​ផ្នែក​ទំនាក់ទំនង។

    នៅក្នុង​កិច្ច​សម្ភាស​លើ​ទំព័រ Mindsets Podcast លោក Emad Mostaque សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Stability AI បាន​វាយតម្លៃ​ប្រកបដោយ​ភាពអវិជ្ជមាន​ទាក់ទិន​នឹង​អនាគត​របស់​អ្នកសរសេរ​កម្មវិធី ដោយសារតែ​ឥទ្ធិពល​របស់ AI។

    ដើម្បី​បន្ថែម​ពីលើ​ការអះអាង​ដែលថា «ប្រាំ​ឆ្នាំ​ទៀត​នឹង​មិនមាន​អ្នកសរសេរ​កូដ​ណា​ម្នាក់​ជាម​នុស្ស» លោក Mostaque បាន​លើកយក​របាយការណ៍រ​បស់ GitHub ដែល​បញ្ជាក់ថា ក្នុងចំណោម​កូដ​ដែល​ត្រូវបាន​ក្រុម​អ្នកសរសេរ​​កម្មវិធី​​ដាក់ចូល​ក្នុង​ថ្នាល​បច្ចេកវិទ្យា​មួយ​នេះ ​គឺមាន 41% ជា​កូដ​ដែល​ត្រូវបាន​សរសេរ​ដោយ​បញ្ញា​សិប្បនិម្មិត។

    «ក្នុង​បី​ខែ​កន្លង Stability AI បាន​យកឈ្នះ​លើ Bitcoin និង Ethereum នៅលើ GitHub ដោយ​ក្លាយជា Open Source ដែល​ពេញនិយម​ជាងគេ​លើ​ពិភពលោក។ ប្រការនេះ​បានបង្ហាញ​អំពី​ភាព​ទាក់ទាញ​ដ៏​ខ្លាំងក្លា​របស់ AI…» លោក Mostaque ថ្លែង​ដូច្នេះ។

    នៅលើ​បណ្ដាញ​សង្គម​អន្តរជាតិ មាន​មនុស្ស​ជាច្រើន​បានដាក់​ជា​សំណួរ​ថា «តើ AI អាច​ដណ្ដើម​ការងារ​ពី​អ្នកសរសេរ​កូដកម្ម​វិធី ឬ​អត់?»។ ចំណែក​មនុស្ស​ជាច្រើន​ផ្សេងទៀត​ក៏​និយាយថា «ដំណាក់កាល​ដ៏​អស្ចារ្យ​របស់​អ្នកសរសេរ​កូដកម្ម​វិធី​ត្រូវបាន​បញ្ចប់​ហើយ»។

    Emad Mostaque ជា CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Stability AI

    អ្នកសរសេរ​កូដកម្ម​វិធី​មួយរូប​របស់​ក្រុមហ៊ុន Microsoft សរសេរថា «ការងារ​ជា​វិស្វករ​ផ្នែក​ទន់​កំពុងតែ​ស្លាប់​បន្តិច​ម្ដងៗ​។ ChatGPT ឆ្លាត​ខ្លាំងណាស់ ហើយ​គ្រប់គ្នា​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​លំបាក»។

    មនុស្ស​ម្នាក់​ក៏បាន​បង្កើត​បញ្ជី​​ស្រង់​មតិ​នៅលើ Blind ដោយ​ដាក់​ជា​សំណួរ​ថា «តើ​វិស្វករ​ផ្នែក​ទន់​វ័យក្មេង​ជិត​បាត់បង់​ការងារ​មែន ឬទេ?» ហើយ​ក៏​​ទទួលបាន​ការជ្រើសរើស​ចំនួន 12,000 លើក។ ក្នុងនោះ​មាន 41.3% យល់ស្រប ខណៈ 37% យល់ថា «ការងារ​នៅតែ​មិន​ផ្លាស់ប្ដូរ» និង 21.7% អះអាងថា «បច្ចុប្បន្ន​មាន​ការងារ​ដែលមាន​ស​ក្ដា​នុព​ល​ច្រើនជាង​មុន»៕

  • បុគ្គលិក​ពេទ្យ​ 7,000នាក់​ ធ្វើកូដកម្ម​នៅ​ក្រុង​ហុង​កុង ខណៈអាសន្ន​រោគ​កូរ៉ូណារាត​ត្បាត​កាន់​តែ​ខ្លាំង​

    បុគ្គលិក​ពេទ្យ​ 7,000នាក់​ ធ្វើកូដកម្ម​នៅ​ក្រុង​ហុង​កុង ខណៈអាសន្ន​រោគ​កូរ៉ូណារាត​ត្បាត​កាន់​តែ​ខ្លាំង​

    នៅ​ក្រុង​ហុង​កុង បុគ្គលិក​ពេទ្យ​ប្រមាណជា​ 7,000នាក់ បាន​នាំ​គ្នា​ធ្វើកូដកម្ម​ថ្ងៃ​ទីបួន​ដើម្បីប្រឆាំង​ទៅ​នឹង​វិធានការ​ទប់​ទល់​នឹង​អាសន្នរោគ​កូរ៉ូណាដែល​អាជ្ញាធរ​បាន​ និង​កំពុង​ធ្វើ​។

    ចំនួន​អ្នក​ចូល​រួម​ធ្វើ​កូដកម្ម​នេះ​ មាន​ប្រហែល​ 10% នៃ​បុគ្គលិក​ពេទ្យ​នៅ​តំបន់​ស្វយ័ត​ពិសេស​នេះ នាំ​ឱ្យ​ក្រុម​មន្ត្រី​គ្រប់​គ្រងម​ន្ទីរពេទ្យ​រដ្ឋ​នៅ​ហុង​កុង​ ចេញ​សេច​ក្ដី​ជូន​ដំណឹង​ក្នុង​ថ្ងៃ​នេះ​ថា​ ពេល​នេះ​មន្ទីរ​ពេទ្យ​រដ្ឋ បាន​ត្រឹម​តែ​ផ្ដល់​សេវា​កម្ម​​ចាំ​បាច់​​ប៉ុណ្ណោះ។

    ក្រុម​មន្ត្រី​ខាង​លើ​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ដែល​មាន​បញ្ហា​សុខ​ភាព​កម្រិត​ស្រាល​ ​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន​ “ដោយ​សារ​តែ​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ មាន​បុគ្គលិក​​តិច​ប្រចាំ​ការ​សម្រាប់​ករណី​បន្ទាន់​ប៉ុណ្ណោះ។ មន្ត្រី​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​ក៏​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​គ្រូពេទ្យ​ដែល​បាន​ទៅ​ចូល​រួម​ធ្វើ​កូដកម្ម​ ​ត្រឡប់​មកចូល​ធ្វើ​ការ​វិញ​ ដើម្បី​ផល​ប្រយោជន៍​របស់​អ្នក​ជំងឺ”។

    សូម​បញ្ជាក់​ថា បុគ្គលិក​ពេទ្យ​​រាប់​ពាន់​នាក់​មក​ពីមន្ទីរពេទ្យ​រដ្ឋ​នានា​ក្នុង​ក្រុង​ហុង​កុង បាន​​ផ្ដើម​ធ្វើ​កូដកម្ម​ចាប់ពី​ថ្ងៃ​ទី​ 3កុម្ភៈ ក្នុង​បំណង​​ដាក់​សម្ពាធ​ទៅ​លើ​អាជ្ញាធរ​ហុង​កុង​ ឱ្យបិទ​ច្រក​ព្រំ​ដែន​ទាំង​អស់​ជាមួយ​ចិន​ដីគោក ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ ដែល​បច្ចុប្បន្ន​ មាន​មនុស្ស​ 28,296នាក់ បាន​ឆ្លង​មេរោគ​នេះ និង​ 565នាក់​ផ្សេង​ទៀត​បាន​បាត់​បង់​ជីវិត​។

    ក្រុម​បាតុករ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​ថា​ ចាត់​​វិធានការ​មិន​សម​ស្របទៅ​នឹង​ស្ថាន​ការណ៍ដ៏គួរ​ឱ្យ​ខ្លាច​នៃ​ការ​រាត​ត្បាត​របស់​មេរោគ​សាហាវ​នេះ​។

    ក្រៅ​ពី​ស្នើ​ឱ្យ​អាជ្ញាធរ​បិទ​ច្រក​ព្រំដែន​ទាំង​អស់​ជា​មួយ​ចិន​ដី​គោក បុគ្គលិក​ពេទ្យ​ដែល​ជា​ក្រុម​បាតុករ​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញា​ធរ​ផ្ដល់​សម្ភារ​វេជ្ជ​សាស្រ្ត​ចាំបាច់​ឱ្យ​បាន​គ្រប់​គ្រាន់​ដល់​បុគ្គលិក​ពេទ្យ​ និង​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ឱ្យ​ត្រូវ​តាម​វេជ្ជ​សាស្ត្រ​។

    មេដឹកនាំ​ក្រុង​ហុង​កុង​ លោក​ស្រី Carrie Lam បាន​រិះ​គន់​ទៅ​លើ​ក្រុម​បាតុករ​ថា ៖ បាន​ធ្វើ​ឱ្យ​ផ្នែក​សុខា​ភិបាល​​ក្រុង​ត្រូវ​ថម​ថយ​កម្លាំង​ក្នុង​គ្រា​សំខាន់​ ហើយ​បុគ្គលិក​ដែល​នៅ​ធ្វើ​ការ​ត្រូវ​រ៉ាប់​រង​ការ​ងារ​​ធ្ងន់​ធ្ងរ​ជាង​មុន​ ដើម្បី​ជំនួស​ក្រុម​ការ​ងារ​ដែល​អវត្តមាន​” នេះ​បើ​តាម​សារ​ព័ត៌​មាន​ CNN។

    ក្រុង​ហុង​កុង មក​ដល់​ពេល​នេះ​ បាន​បិទ​ច្រក​ព្រំដែន​ចំនួន 10​ ក្នុង​ចំណោម​ច្រកព្រំដែន​ទាំង​13កន្លែង​ជាមួយ​ចិន​ដីគោក​។ អាជ្ញាធរ​ក្រុង​ហុង​កុង​ក៏បាន​និយាយ​ថា ចំនួនអ្នក​ដំណើរ​មក​ពី​ចិន​ដីគោក បាន​ថយ​ចុះ​យ៉ាង​ច្រើន​។ មេដឹក​នាំ​ក្រុងហុង​កុង​កាលពី​ម្សិល​មិញ​ក៏​បាន​​ប្រកាស​ថា​ នឹងចាត់​វិធានការ​បន្ទាន់​ថ្មីជា​ច្រើន​ទៀត​ ដើម្បី​ទប់​ស្កាត់​អាសន្នរោគ​ រួម​មាន​ដូច​ជា​ ការ​ដាក់​អ្នក​ដំណើរ​ទាំង​អស់​ដែល​មក​ពី​ចិន​ដី​គោក​ចំនួន 14ថ្ងៃ ដោយ​រួម​ទាំង​ពល​រដ្ឋ​​ក្រុង​ហុង​កុង​ផងដែរ បន្ទាប់​ពី​មាន​ករណី​ស្លាប់ដំបូង​​ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា​ កាល​ពី​ថ្ងៃ​ទី​ 4កុម្ភៈ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស