Tag: ការអប់រំកុមារតូចៗ

  • អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    នៅក្នុងរយៈពេលនៃការរីករាលដាលជំងឺ Covid-19 នេះអង្គការ UNICEF បានបញ្ជាក់ថា កុមារ និងមនុស្សវ័យក្មេងជាង 320លាននាក់ បានរងផលប៉ះពាល់​ដោយសារតែការបិទសាលារៀននៅអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក។

    ក្រៅពីផលប៉ះពាល់នៃ​ការមិនបានទៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ អង្គការដែលធ្វើការងារដើម្បីកុមារខាងលើបានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញជារឿងល្អ តែក្នុងនោះបើអាណាព្យាបាលមិនបានយកចិត្តទុកដាក់ឱ្យបានល្អនោះទេ កុមារអាចនឹងរងគ្រោះថ្នាក់ដូចជាធ្វើឱ្យកុមារងាយរងគ្រោះដោយសារតែ​បញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និងការល្បួងតាមប្រព័ន្ធអនឡាញ ដោយសារតែ​ជនខិលខូច​តែងតែព្យាយាមទាញយកប្រយោជន៍តាមបណ្តាញបច្ចេកវិទ្យា​នៅក្នុងពេលរាតត្បាតជាសកលនៃជំងឺ Covid-19 នេះ។

    ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ UNICEF ណែនាំឱ្យ អាណាព្យាបាល គួរនិយាយទៅកាន់កូនៗអំពីសុវត្ថិភាពអនឡាញដើម្បីធានាថាពួកគេបានយល់ពីវិធីសាស្រ្តក្នុងការ​បញ្ចៀសខ្លួនឯងកុំឱ្យ​ជនដែលមានបំណងមិនល្អដឹងពីទីតាំង ឬសកម្មភាពប្រចាំថ្ងៃ។ ចំណុចបន្ទាប់គឺគួរស្វែងយល់ពី​ឧបករណ៍​រក្សាសុវត្ថិភាពតាមអនឡាញ ដើម្បី​ការពារកូនៗឱ្យជៀសផុតពីការល្បួង ឬការបោកបញ្ឆោតតាមរយៈអនឡាញ។ បន្ថែមពីលើនេះអាណាព្យាបាលគួរស្វែងយល់ពីហានិភ័យ ដែលកុមារអាចជួបប្រទះនៅពេលប្រើប្រាស់អនឡាញ និងជួយតម្រង់ទិសក្នុងករណីដែលគេចូលទៅក្នុងតំបន់គ្រោះថ្នាក់ ឬមានសកម្មភាពណាដែលអាចប្រឈមនឹងគ្រោះថ្នាក់​ដោយសារតែបណ្តាញអនឡាញ។ ចុងក្រោយគឺអាណាព្យាបាល​ត្រូវតាមដានដើម្បីសម្គាល់ដឹងពីសញ្ញាពិបាកចិត្តដែលកើតឡើងពីការប្រើប្រាស់អនឡាញច្រើនហួសកម្រិត និងដឹងពីកន្លែងស្វែងរកជំនួយ​ដូចជា​ការប្រឹក្សាជាមួយសាលារៀន ឬគ្រូពេទ្យចិត្តសាស្ត្រជាដើម៕

  • ការអប់រំកុមារតូចៗ ជំរុញឱ្យមានសណ្តាប់ធ្នាប់សង្គមល្អ

    ការអប់រំកុមារតូចៗ ជំរុញឱ្យមានសណ្តាប់ធ្នាប់សង្គមល្អ

    កុមារតូចៗជាផ្នែកយ៉ាងសំខាន់មួយដែលមិនអាចមើលរំលងបាន ព្រោះពួកគេនឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់នៅថ្ងៃអនាគត។ អ្វីគ្រប់យ៉ាងគឺចាប់ផ្តើមពីក្មេង ប្រសិនបើក្មេងមានគុណភាពនៃគំនិតខ្ពស់ នៅពេលដែលពួកគេធំឡើង គេនឹងក្លាយជាធនធានដែលមានភាពខ្លាំងក្លាសម្រាប់សង្គម។

    នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា នៅតាមដងផ្លូវក្តី នៅក្នុងទីផ្សារមួយចំនួនក្តី និងនៅតាមទីសាធារណៈសំខាន់ៗមួយចំនួនក្នុងទីប្រជុំជនក្តី ទិដ្ឋភាពនៃភាពអនាធិបតេយ្យបានស្តែងចេញតាមរយៈសកម្មភាពរបស់មនុស្សមួយចំនួនធំ ដែលមិនសូវខ្វល់ពីផលប៉ះពាល់នៃទង្វើរបស់ខ្លួន។

    នៅលើដងផ្លូវយើងគ្រប់គ្នាសុទ្ធតែបានឃើញពីការបើកបរដែលរញ៉េរញ៉ៃ និងដណ្តើមគ្នាទៅមុន ឬគោរពច្បាប់ចរាចរណ៍មិនល្អ ដែលបណ្តាលឱ្យមានការកកស្ទះ ចំណែកឯនៅទីសាធារណៈ និងនៅតាមទីផ្សារមួយចំនួនយើងក៏បានឃើញផងដែរពីការចោលសំរាមក្រៅធុងសំរាម រួមទាំងការដាក់តាំងលក់យ៉ាងអនាធិបតេយ្យ។ សកម្មភាពទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើនផ្សេងទៀតដែលព្យាយាមគោរពនូវសណ្តាប់ធ្នាប់ល្អ ក៏ដូចជាគោរពច្បាប់។

    ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកបណ្ឌិត ចាន់ សុផល បានធ្លាប់បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោកថា ការបណ្តុះបណ្តាលទម្លាប់ល្អ ជាពិសេសការបណ្តុះមនុស្សមិនឱ្យចោលសំរាមផ្តេសផ្តាស គឺគួរចាប់ផ្តើមពីកូនក្មេង ព្រោះប្រសិនបើយើងបានបណ្តុះបណ្តាលក្មេងឱ្យមានទម្លាប់ល្អ នៅពេលដែលគេធំឡើង គេនឹងរៀបចំខ្លួនឯងឱ្យមានសណ្តាប់ធ្នាប់។

    ឆ្លើយតបជាមួយនឹងបញ្ហានេះផងដែរ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងផងដែរថា ការអប់រំក្មេងជារឿងមួយ ពេលខ្លះក្មេងនៅសាលាតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ខណៈក្មេងនៅជាមួយអាណាព្យាបាលស្ទើរពេញមួយថ្ងៃ។ ការអប់រំ មនុស្សចាស់ឱ្យបង្កើតគំរូល្អដល់ក្មេងៗក៏ជារឿងសំខាន់មួយដើម្បីលុបបំបាត់ភាពអនាធិបតេយ្យក្នុងសង្គម៕