Tag: ការ​នាំចេញ

  • ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ក្នុង​ 6 ខែ​ដើម​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ជាង 2.3 លាន​គ្រឿង​ ច្រើន​ជាង​ជប៉ុន និង​ក្លាយ​ជា​ប្រទេស​​​ដែល​នាំ​ចេញ​រថយន្ត​​ច្រើន​ជាង​គេ​បង្អស់​លើពិភពលោក​។

    ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​នាំ​ចេញ​រថយន្ត​ សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​នៅ​ប្រទេស​ចិន​ បាន​ដក​ស្រង់​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​របស់​​ប្រទេស​នេះ​ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល 6 ខែ​ដើម​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ចំនួន 2.34 លាន​គ្រឿង​ កើន​ 76.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    ដោយ​ឡែក យោង​តាម​ទិន្នន័យ​ដែល​បាន​ប្រកាស​ដោយ​សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​ជប៉ុន​ តួលេខ​រថយន្ត​ដែល​បាន​នាំ​ចេញ​​របស់​ប្រទេស​នេះ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ 2023 មាន​ 2.02 លាន​គ្រឿង​ កើន​ 17% បើ​ធៀប​នឹង​ឆមាស​ទី​មួយ​ឆ្នាំ​ 2022​។

    នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​​តួលេខ​នៃការ​នាំ​ចេញ​រថយន្ត​ក្នុង 6 ខែ​ដើម​ឆ្នាំ 2023 របស់​ប្រទេស​ចិន​ មាន​ចំនួន​ច្រើន​ជាង​ជប៉ុន និង​ឈរ​លំដាប់​ទី​មួយ​លើ​ពិភពលោក​។

    ទិន្នន័យ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា មាន​មូលហេតុ​សំខាន់​ពីរ​ដែល​ធ្វើ​ឱ្យ​ការ​នាំចេញ​រថយន្ត​របស់​ប្រទេស​ចិន​កើន​ឡើងខ្ពស់​ខ្លាំង​ក្នុង​ឆ្នាំ​នេះ នោះគឺ​ចំនួន​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេសរុស្ស៊ី​បាន​កើន​ឡើង​គួរឱ្យ​ចាប់អារម្មណ៍​។ ទន្ទឹម​នឹង​នេះ រថយន្ត​អគ្គិសនី​ក៏​ត្រូវ​បាន​នាំ​ចេញ​​​​ទៅ​កាន់​​​​ទីផ្សារ​អឺរ៉ុប​ និង​ទី​ផ្សារ​អាស៊ី​អាគ្នេយ៍​ កាន់​តែ​ច្រើន​៕

  • ការនាំចេញ-​នាំចូល​ទំនិញ​​ក្នុង​ឆ្នាំ ២០២២ របស់ វៀតណាម អាច​​នឹង​សម្រេចបាន ៧៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ការនាំចេញ-​នាំចូល​ទំនិញ​​ក្នុង​ឆ្នាំ ២០២២ របស់ វៀតណាម អាច​​នឹង​សម្រេចបាន ៧៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    រយៈពេល ៨ ខែ​ដើម​ឆ្នាំនេះ ជាធ​ម្យ​ម​ក្នុង​មួយខែ ការនាំចេញ-នាំចូល​ទូទាំងប្រទេស​របស់ វៀតណាម សម្រេចបាន​ជាង ៦២ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    យោងតាម​ព័ត៌មាន​ពី​អគ្គនាយកដ្ឋាន​គយ​វៀតណាម ក្នុង​ខែសីហា ២០២២ ការនាំចេញ-នាំចូល​ទំនិញ​របស់ វៀតណាម សម្រេចបាន ៦៥.៩៨ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៧.៩% (ស្មើនឹង ៤.៨៤ ពាន់​លាន​ដុល្លារ) ធៀប​នឹង​ខែកក្កដា។ ក្នុងនោះ ការនាំចេញ​ទំនិញ សម្រេចបាន ៣៤.៩២ ពាន់​លាន​ដុល្លារ កើន ១៤.១% (ស្មើនឹង ៤.៣១ ពាន់​លាន​ដុល្លារ) និង​ការ​នាំចូល​សម្រេចបាន ៣១.០៦ ពាន់​លាន​ដុល្លារ កើន ១.៧% (ស្មើនឹង ៥២៦ លាន​ដុល្លារ)។

    គិត​ជារួម ក្នុង​រយៈពេល ៨ ខែ​ដើមឆ្នាំ ២០២២ ការនាំចេញ-នាំចូល​របស់ វៀតណាម សម្រេចបាន ៤៩៩.៧១ ពាន់​លាន​ដុល្លារ កើន ១៥.៩% (ស្មើនឹង ៦៨.៦៩ ពាន់​លាន​ដុល្លារ) ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១។ ក្នុងនោះ ការនាំចេញ​សម្រេចបាន ២៥២.៦០ ពាន់​លាន​ដុល្លារ កើន ១៨.២% (ស្មើនឹង ៣៨.៨៥ ពាន់​លាន​ដុល្លារ) និង​ការ​នាំចូល​សម្រេចបាន ២៤៧.១១ ពាន់​លាន​ដុល្លារ កើន ១៣.៧% (ស្មើនឹង ២៩.៨៤ ពាន់​លាន​ដុល្លារ)។

    ក្នុង​ខែសីហាកន្លង​ទៅ  អតិរេក​ពាណិជ្ជកម្ម​របស់ វៀតណាម សម្រេចបាន ៣.៨៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។ គិត​ជារួម ចាប់ពី​ដើមឆ្នាំ​ដល់​ដំណាក់​ខែសីហា ២០២២ វៀតណាម សម្រេចបាន អតិរេក​ពាណិជ្ជកម្ម ចំនួន ៥.៤៩ ពាន់​លាន​ដុល្លារ។

    ដូច្នេះ ក្នុង ៨ ខែ​ដើម​ឆ្នាំនេះ ជា​មធ្យម ការនាំចេញ-នាំចូល​របស់ វៀតណាម សម្រេចបាន ៦២.៥ ពាន់​លាន​ដុល្លារ/ខែ។ បើសិនជា​នៅតែ​រក្សាបាន​កម្រិត​ធ​ម្យ​ម​នេះ ពេញ​មួយឆ្នាំ ២០២២ ការនាំចេញ-នាំចូល​ទំនិញ​របស់ វៀតណាម នឹង​ឡើងដល់ ៧៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៨១ ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ ២០២១៕