Tag: ការ​នាំចេញ

  • ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

    ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

    យោង​តាម​តួលេខ​របស់​អគ្គនាយកដ្ឋាន​គយ​វៀតណាម ការ​នាំចេញ​ទំនិញ​វៀតណាម​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ នៅក្នុង​ខែមករា ឆ្នាំ 2024 សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 18.7% បើធៀប​នឹង​ខែ​ធ្នូ 2023​ និង​កើន 17.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​។

    នាំមុខ​គេ​នៅ​ក្នុង​ចំណោម​ទំនិញ​នាំ​ចេញ​ក្នុង​ខែ​មករា 2024 គឺ​​កុំព្យូទ័រ ផលិតផល​អេឡេចត្រូនិច និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ 852.9 លាន​ដុល្លារ​ រួម​ចំណែក​ 18.7% នៃ​ទំនិញ​នាំចេញ​សរុប​។ បន្ទាប់​មក​គឺ​ទូរស័ព្ទ​ និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ជាង​ 734 លាន​ដុល្លារ​ រួម​ចំណែក​ 16.1%​ នៃ​ផលិតផល​នាំ​ចេញ​សរុប​។

    ឆ្នាំ​ 2024 វៀតណាម​នៅ​តែ​ចាត់​ទុក​ប្រទេស​ចិន​ជា​ទីផ្សារ​នាំ​ចេញ​សំខាន់​របស់​កសិផល​ ដោយ​សង្ឃឹម​ថា ការ​នាំ​ចេញ​ប្រភេទ​ទំនិញ​នេះ​នឹង​កើន​ឡើង​ខ្ពស់​។

  • ថៃ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សាច់មាន់​ធំ​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក

    ថៃ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សាច់មាន់​ធំ​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក

    ប្រទេស​ថៃ​បាន​នាំចេញ​សាច់​មាន់​ជាង 100,000 តោន​ ដែល​ស្មើ​នឹង​ជាង 100 ពាន់​លាន​បាត​ (ប្រហែល​នឹង 2.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅ​ក្នុង​ឆ្នាំ 2023​។

    លោក​ស្រី Chaweewan Kampa ប្រធាន​សមាគម​ជំរុញ​បសុបក្សី​ថៃ ឱ្យ​ដឹង​ថា លំដាប់​ថ្នាក់​របស់​ថៃ​បាន​ប្រសើរ​ឡើង​មួយ​ថ្នាក់​ បើ​ធៀប​នឹង​ចំណាត់ថ្នាក់​ទី​បួន​របស់​ឆ្នាំ 2022​។

    លោក​ស្រី​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​មាន​វិធាន​ការ​ជំរុញ​ការ​នាំចេញ​ ក៏ដូច​ជា​សម្រេច​ចិត្ត​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ពន្យារ​ពេល​សម្រាប់​​ការ​នាំ​ចូល​ម្សៅ​សណ្ដែក​សៀង​ ទៅ​តាម​​កិច្ច​ព្រម​ព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ថែម​មួយ​ឆ្នាំ​ទៀត​ ដែលនេះ​នឹង​​​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ និង​បញ្ហា​ឡើង​ថ្លៃ​របស់​ចំណី​សត្វ​។

    ក្រុម​អ្នក​ចិញ្ចឹម​សត្វ​នៅ​ប្រទេស​ថៃ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​ពន្យារ​ពេល​សម្រាប់​ការ​នាំ​ចូល​ចំណី​សត្វ​បន្ថែម​ទៀត​ ទន្ទឹម​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចុះ​អត្រា​ពន្ធ​នាំចូល​ចំណី​សត្វ​ ដើម្បីរួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ផលិត​៕

  • ក្រុមហ៊ុនមួយ​របស់​កូរ៉េខាងត្បូង មាន​គោលដៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

    ក្រុមហ៊ុនមួយ​របស់​កូរ៉េខាងត្បូង មាន​គោលដៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

    គណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. របស់​កូរ៉េខាងត្បូង បាន​បង្ហាញ​ទិសដៅ​នៃ​ការ​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​បង្គុំរថយន្ត​អគ្គិសនី​នៅ​កម្ពុជា។

    ការ​បង្ហាញ​ទិស​ដៅ​របស់​ក្រុម​ហ៊ុន​ខាងលើ​ ត្រូវ​បាន​លើក​ឡើង​​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជាដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ប្រតិភូ​កូរ៉េខាង​ត្បូង​ដែល​ដឹក​នាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ករ៉េ លោក Chung Sye-Kyun កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា 2024​។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។

    ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការដំឡើង​រថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងរថយន្ត សម្រាប់​ការ​នាំចេញ។ ចំណែក​​ក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ ក៏​បានបង្ហាញទិសដៅនៃការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់ការ​នាំចេញទៅទីផ្សារអន្តរជាតិ​។

  • ការ​នាំចេញ​កាហ្វេ​ក្នុង​ឆ្នាំ 2023 របស់​វៀតណាម សម្រេច​បាន​ 1.61 លាន​តោន​

    ការ​នាំចេញ​កាហ្វេ​ក្នុង​ឆ្នាំ 2023 របស់​វៀតណាម សម្រេច​បាន​ 1.61 លាន​តោន​

    យោង​តាម​អគ្គនាយកដ្ឋាន​ស្ថិតិ​របស់​វៀតណាម ឆ្នាំ 2023 ប្រទេស​នេះ​បាន​នាំ​ចេញ​កាហ្វេ​​ប្រមាណ 1.61 លាន​តោន​ កើន​ 3.1% និង​មាន​តម្លៃ​សរុប​ 4.18 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ក្នុង​ខែ​ធ្នូ 2023 ការ​នាំ​ចេញ​កាហ្វេ​របស់​វៀតណាម​ សម្រេច​បាន​ខ្ពស់​បំផុត​ក្នុង​អំឡុង 9 ខែ​កន្លង​ ពោល​គឺ 190,000 តោន​ កើន 59.3% ធៀប​នឹង​ខែ​វិច្ឆិកា 2023។ ក្នុង​ខែ​ធ្នូកន្លង តម្លៃ​នាំ​ចេញ​សម្រេច​បាន​ 538 លាន​ដុល្លារ​ កើន 51% ធៀប​នឹង​ខែ​វិច្ឆិកា 2023 និង​កើន 26.4% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​​។

    ជា​រួម ក្នុង​ឆ្នាំ 2023 ការ​នាំចេញ​កាហ្វេ​របស់វៀតណាម សម្រេច​បាន​ប្រមាណ 1.61 លាន​តោន​ ថយ​ចុះ 9.6% ធៀប​នឹង​ឆ្នាំ 2022​។ ក៏ប៉ុន្តែ ដោយ​សារកាហ្វេ​ឡើង​ថ្លៃ​​ខ្ពស់ ទើប​​តម្លៃ​នៃ​ការ​នាំ​ចេញសរុប​​នៅ​តែ​កើន​ 3.1% ដោយ​សម្រេច​បាន​ 4.18 ពាន់​លាន​ដុល្លារ​ ដែល​ជា​កំណត់​ត្រា​ថ្មី​។

    កាហ្វេ​នាំ​ចេញ​ ជាមធ្យម​ មាន​តម្លៃ​ 2,834 ដុល្លារ​/តោន​ នៅ​ក្នុង​ខែ​ធ្នូ 2023 ធ្លាក់​ថ្លៃ 5.2% ធៀប​នឹង​ខែ​មុន​ និង​កើន​ 31.1% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ នៅក្នុង​ឆ្នាំ 2023 កាហ្វេ​នាំ​ចេញ ជា​មធ្យម​មាន​តម្លៃ​ 2,604 ដុល្លារ​/​តោន​ កើន 14.1% ធៀប​នឹង​ឆ្នាំ 2022​៕

  • ការ​នាំចេញ​​របស់កម្ពុជា​ទៅ​កាន់ទីផ្សារ​​អាម៉េរិក​សម្រេច​បានជាង 8 ពាន់​លាន​ដុល្លារ​ ខណៈទីផ្សារ​ចិន​សម្រេច​បាន​ 1.31 ពាន់​លាន​ដុល្លារ

    ការ​នាំចេញ​​របស់កម្ពុជា​ទៅ​កាន់ទីផ្សារ​​អាម៉េរិក​សម្រេច​បានជាង 8 ពាន់​លាន​ដុល្លារ​ ខណៈទីផ្សារ​ចិន​សម្រេច​បាន​ 1.31 ពាន់​លាន​ដុល្លារ

    (ភ្នំពេញ) – ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ​សរុប​ជាង 20.49 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 1.2% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​។ នេះ​បើ​តាម​ អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។

    យោង​តាមស្ថិតិ​របស់ GDCE ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ សហរដ្ឋ​​អាមេរិក សម្រេច​បាន​ 8.14 ​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដែលនេះ​​​ប្រហែល​នឹង​ 39.7% បើ​ធៀប​នឹង​តម្លៃ​​នាំចេញ​សរុប​ ប៉ុន្តែ​ថយ​ចុះ 0.9% បើ​​ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​។ សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​គឺជា​ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​។

    ក្រៅ​ពី​ទីផ្សារ​ខាងលើ កម្ពុជា​ក៏​នៅ​មាន​ទីផ្សារ​នាំ​ចេញ​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត ក្នុង​នោះ​វៀតណាម​ជា​ទីផ្សារ​នាំ​ចេញ​ធំទីពីរ​របស់​កម្ពុជា ដោយ​តម្លៃ​នៃ​ការ​នាំ​ចេញ​សម្រេច​បាន​ 2.61 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ខណៈ​ដែលទីផ្សារ​​ចិនសម្រេច​បាន​ 1.31 ពាន់​លាន​ដុល្លារ​ ជប៉ុន​សម្រេច​បាន​ 1.06 ពាន់​លាន​ដុល្លារ​ និង​កាណាដា​សម្រេច​បាន​ជាង 774 ពាន់​លាន​ដុល្លារ​​។​

    ​ជា​រួម តម្លៃ​នៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ធំៗ​ចំនួន​ប្រាំ​ខាងលើ រួម​ចំណែក​រហូត​ដល់ 67.8% នៅ​ក្នុង​តម្លៃ​នាំ​ចេញ​សរុបជាង 20.49 ពាន់​លាន​ដុល្លារ​អាម៉េរិក​របស់​កម្ពុជា​ ក្នុង​រង្វង់ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ និង​កើន 4.45% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​៕

  • កម្ពុជា​ គឺជា​ទីផ្សារ​នាំ​ចេញចំណី​សត្វ​​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ វៀតណាម

    កម្ពុជា​ គឺជា​ទីផ្សារ​នាំ​ចេញចំណី​សត្វ​​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ វៀតណាម

    យោង​តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយវៀតណាម ការ​នាំ​ចេញ​ចំណី​សត្វនៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ​របស់​ប្រទេស​នេះ​ សម្រេច​បាន​ជាង 1.11 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ កម្ពុជា​ គឺជា​ទីផ្សារ​នាំ​ចេញធំលំដាប់​ទីពីរ​របស់​ វៀតណាម​។

    ក្នុងខែ​វិច្ឆិកា 2023 ការ​នាំចេញ​ចំណី​សត្វរបស់​វៀតណាម ទៅ​កាន់​ប្រទេស​​ចិន ដែល​ជា​ទីផ្សារ​នាំ​ចេញ​ចំណី​សត្វ​ធំជាង​គេ​បង្អស់របស់​ វៀតណាម បាន​ថយ​ចុះ 28% ធៀប​នឹង​ខែ​តុលា ឆ្នាំ 2023​ ប៉ុន្តែ​កើន 12% បើ​ធៀប​នឹង​ខែ​វិច្ឆិកា 2022​ ដោយ​សម្រេច​បាន​ជាង 43.47 លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​​ចំណីសត្វ​​របស់​ វៀតណាម ទៅ​កាន់​ទីផ្សារ​មួយ​នេះ​​​​​​​​​​​ សម្រេច​បាន 539.75 លាន​ដុល្លារ​ កើន​ជាង 32% បើធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ និង​រួម​ចំណែកជាង 48% នៅ​ក្នុង​ការ​នាំចេញ​ចំណី​សត្វ​សរុប​របស់​ វៀតណាម​។

    ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំនេះ ​ការ​នាំ​ចេញ​ទំនិញ​នេះ​មក​កាន់​ ​កម្ពុជា ដែល​ជា​ទីផ្សារ​នាំចេញ​ចំណី​សត្វ​ធំជាង​គេ​លំដាប់​ទីពីរ​របស់ វៀតណាម ​សម្រេច​បាន​ជាង 155 លាន​ដុល្លារ​ ដោយ​កើន 0.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង និង​រួម​ចំណែក 14% ក្នុង​ការ​នាំ​ចេញ​ចំណី​សត្វ​សរុប​របស់​ វៀតណាម​។

    ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​លំដាប់​ទីបីរបស់ វៀតណាម សម្រាប់​មុខ​ទំនិញ​នេះ​គឺ ម៉ាឡេស៊ី​ ដោយ​សម្រេច​បាន​ជាង 108 លាន​ដុល្លារ​អាម៉េរិក ​កើន​ជាង 30% បើធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​៕

  • វៀតណាម​មាន​ទំនិញនាំចេញ​ 6 មុខ​ ដែល​​មួយ​មុខ​ៗមាន​ចំណូល​​លើស​ពី​ «ដប់​ពាន់​លាន​ដុល្លារ​»

    វៀតណាម​មាន​ទំនិញនាំចេញ​ 6 មុខ​ ដែល​​មួយ​មុខ​ៗមាន​ចំណូល​​លើស​ពី​ «ដប់​ពាន់​លាន​ដុល្លារ​»

    ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​មាន​ទំនិញនាំចេញ​ 31 មុខ​ដែល​សម្រេច​បាន​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹង 92.2% បើ​ធៀប​នឹង​តម្លៃ​នៃ​ការ​នាំចេញ​សរុប​​របស់​ប្រទេស​នេះ។

    យោង​តាម​អគ្គនាយកដ្ឋាន​ស្ថិតិវៀតណាម ចំណូល​ពី​ការ​នាំ​ចេញ​-នាំចូល​សរុប​ក្នុង​ខែ​កញ្ញា 2023 របស់​វៀតណាម សម្រេច​បាន​ប្រមាណ​ 60.5 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ថយ​ចុះ 2.5% ធៀប​នឹង​ខែ​មុន និង​កើន 3.6% ធៀប​នឹង​ខែ​កញ្ញា 2022​។ ក្នុង​នោះ ការ​នាំ​ចេញ​សម្រេច​បាន 31.4 ពាន់​លាន​ដុល្លារ​ កើន​ 4.6% និង​ការ​នាំ​ចូល​​សម្រេច​បាន 29.1 ពាន់​លាន​ដុល្លារ​ កើន​ 2.6%​ ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    ក្នុង​ត្រីមាស​ទីបី ការ​នាំ​ចេញ​-នាំចូល​សរុប​សម្រេច​បាន​ 180 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 10% ធៀប​នឹង​ត្រី​មាស​ទី​ពីរ​។ គិត​ជា​រួម ក្នុង​ 9 ខែដំបូង​នៃ​ឆ្នាំ​នេះ​ តម្លៃ​សរុបនៃការ​នាំ​ចេញ​-​នាំ​ចូល​របស់វៀតណាម​ សម្រេច​បាន​ 497.66 ពាន់​លាន​ដុល្លារ​ ថយ​ចុះ​ 11% ធៀប​នឹង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ក្នុង​នោះ ការ​នាំ​ចេញ​ថយ​ចុះ 8.2% និង​ការ​នាំ​ចូល​ថយ​ចុះ 13.8%​។

    ដូច្នេះ តុល្យភាព​ពាណិជ្ជកម្ម​ក្រោយ​រយៈ​ពេល 9 ខែ​ មាន​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ 21.68 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ខ្ពស់​ជាង​ 3.3 ដងធៀប​នឹង​​អតិរេកពាណិជ្ជកម្ម​ក្នុង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ (6.52 ពាន់​លាន​ដុល្លារ​)​។

    យោង​តាម អគ្គនាយកដ្ឋាន​ស្ថិតិវៀតណាម នៅ​ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​មាន​ទំនិញនាំ​ចេញ​ 31 មុខ​ដែល​រក​ចំណូល​បាន​លើស​ពី​ «ពាន់​លាន​ដុល្លារ​អាម៉េរិក»​។ ក្នុង​នោះ​ក៏​មាន​ទំនិញ​នាំ​ចេញ​ 6 មុខ​ដែល​​រក​បាន​ចំណូល​បាន​លើស​ពី 10 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ទំនិញ​នាំ​ចេញ​ទាំង​ 6 មុន ដែលមួយ​មុខ​ៗ​​រក​ចំណូល​បាន​លើស​ពី 10 ពាន់​លាន​ដុល្លារ​អាម៉េរិក រួម​មាន៖

    1-កុំព្យូទ័រ និង​គ្រឿង​បន្លាស់​, គ្រឿង​អេឡិចត្រូនិច
    2-ទូរស័ព្ទ និង​គ្រឿង​បន្លាស់
    3-ឧបករណ៍​ ម៉ាស៊ីន​ និង​គ្រឿង​បន្លាស់​ដទៃ​
    4-វាយនភ័ណ្ឌ​ កាត់ដេរ
    5-ស្បែកជើង
    6-មធ្យោបាយ​ដឹក​ជញ្ជូន​ និង​គ្រឿង​បន្លាស់

  • ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

    ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

    ការ​នាំ​​ចេញ​ផលិតផល​​របស់​ប្រទេសថៃ​ក្នុង​ខែ​សីហា 2023 បាន​កើន​​ឡើង​ជា​លើក​ដំបូង​​ ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី 26 កញ្ញា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Kirati Ratchano បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ក្នុង​ខែ​សីហា 2023 បាន​កើន​ 2.6% បើ​ធៀប​នឹង​ខែ​សីហា 2022 ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​។

    លោក Kirati បញ្ជាក់​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ក្នុង​ខែ​សីហា 2023 សម្រេច​បាន​ប្រហែល​ 8.25 ពាន់​លាន​បាត (242,796 លាន​ដុល្លារ​អាម៉េរិក)​។ ការ​នាំ​ចូល​ក្នុង​ដំណាក់​កាល​ដូច​គ្នា​នេះ​ថយ​ចុះ 12.8% មក​នៅ​ត្រឹម​ 8.23 ពាន់​លាន​បាត​។

    គិត​ជារួម​ ក្នុង​រយៈ​ពេល​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ តម្លៃ​នៃ​ការ​នាំចេញ​របស់ប្រទេស​ថៃ​សម្រេច​បាន​ជាង 6.3 ទ្រីលាន​បាត​ (187.6 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ថយ​ចុះ​ 4.5% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​របស់​ឆ្នាំ​មុន​ ខណៈ​ការ​នាំ​ចូល​ថយ​ចុះ​ 5.7% មក​នៅ​​ប្រហែល​ 6.7 ទ្រីលាន​បាត​ នាំ​ឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រហែល​ជាង​ 300 ពាន់​លាន​បាត​។

    លោក Kirati ឱ្យ​ដឹង​ថា ការ​នាំចេញ​របស់​ប្រទេស​ថៃ​ងើប​ឡើងវិញ​ដោយ​សារ​ការ​នាំ​ចេញ​កសិផល​កើន 4.2% ដែល​ជា​ការ​កើន​ឡើង​ដំបូង​ក្រោយ​រយៈ​ពេល​ 4​ ខែ​។ ​ការ​នាំ​ចេញ​ផ្លែ​ឈើ​បង្កក​ និង​ក្រៀម​កើន 99.8%​, ការនាំចេញ​អង្ករ​កើន 10%, បន្លែ​ប្រអប់​ និង​កែច្នៃ​កើន​ 26.5%, ទឹក​ដោះ និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​កើន​ 13.2%, បន្លែ​បង្កក​ និង​ក្រៀម​កើន 22.8%​។

    ការ​នាំ​ចេញ​ផលិត​ផល​ឧស្សាហកម្ម​ក្នុង​ខែសីហា​កើន 2.5% ក្នុង​នោះ​ ​រថយន្ត​ និង​គ្រឿង​បន្លាស់​កើន​ 5.2%​។

    ក្នុង​ខែ​សីហា 2023 ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ទៅ​កាន់​ទីផ្សារ​ធំៗ​កើន​ 2.3% ក្នុង​នោះ​ ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​កើន​ 21.7%, ជប៉ុន​កើន​ 15.7% និង​ប្រទេស​ចិន​កើន​ 1.9%​។

    ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ព្យាករ​ថា ការ​នាំ​ចេញ​ក្នុង​ខែ​កញ្ញា និង​ត្រីមាស​ចុង​ក្រោយ​របស់​ឆ្នាំ​នេះ​នឹង​ងើប​ឡើង​វិញ​៕

  • តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ធ្លាក់​ចុះ​ បើ​ទោះ​រុស្ស៊ី​ហាម​ឃាត់​ការ​នាំចេញ​ឥន្ធនៈ

    តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ធ្លាក់​ចុះ​ បើ​ទោះ​រុស្ស៊ី​ហាម​ឃាត់​ការ​នាំចេញ​ឥន្ធនៈ

    ចប់​ការ​ជួញដូរក្នុង​​ថ្ងៃ​ទី 21 កញ្ញា ​ប្រេង​ Brent ប្រគល់​ក្នុង​ខែ​វិច្ឆិកា 2023 បាន​ធ្លាក់​ថ្លៃ​​ 23 សេន​អាម៉េរិក ​មក​នៅ​ត្រឹម​ 93.30 ដុល្លារ​/ធុង​បារ៉ែល ស្រប​ពេល​ដែល​ប្រេង​ឆៅ WTI របស់​អាម៉េរិក ថយ​ចុះ 3 សេន​អាម៉េរិក មក​នៅ​ត្រឹម​ 89.63​ ដុល្លារ​/ធុង​។

    ប្រេងឆៅ​​ពិភពលោក​កាលពី​ថ្ងៃទី 21 កញ្ញា​ ​ត្រូវ​បាន​ជួញដូរ​​ក្នុង​កម្រិត​ទាប​ ក្រោយ​ពី​ឡើង​ថ្លៃ​មួយ​ដុល្លារ​អាម៉េរិក ដោយ​សារ​តែ​បទបញ្ជា​ហាម​នាំ​ចេញ​ឥន្ធនៈ​របស់​រុស្ស៊ី​។ ក៏ប៉ុន្តែ ការ​សម្រេច​ចិត្ត​នានា​ស្ដី​ពី​ការ​ប្រាក់​បាន​ធ្វើ​ឱ្យ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​មួយ​ដុល្លារ​។

    ចប់​ការ​ជួញដូរ​ក្នុង​ថ្ងៃ​ទី 21 កញ្ញា តម្លៃ​ប្រេង​ Brent ប្រគល់​នៅ​ក្នុង​ខែ​វិច្ឆិកា 2023 ថយចុះ​ 23 សេន​អាម៉េរិក មក​នៅ​ត្រឹម 93.30 ដុល្លារ​/ធុង​បារ៉ែល​ ស្រប​ពេល​ដែល​ប្រេង​ឆៅ​​អាម៉េរិក WTI ធ្លាក់​ថ្លៃ​ 3 សេន​ មក​នៅ​ត្រឹម​ 89.63 ដុល្លារ​/ធុង​។ កិច្ច​សន្យា​ជួញដូរ​ប្រេង​ទាំង​ពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​មាន​តម្លៃ​ឡើង​ចុះ​ប្រហែល​មួយ​ដុល្លារ​មុន​នោះ​ ក្នុង​ថ្ងៃទី 21 កញ្ញា​។

    តម្លៃ​ប្រេង​នៅ​តែ​ទទួល​បាន​ការ​ «គាំទ្រ» ពី​ការ​ព្រួយ​បារម្ភ​ទាក់​ទង​នឹង​ប្រភព​ផ្គត់​ផ្គង់​ដែល​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ទូទាំង​សកល​លោក​ នៅ​ពេលឈាន​ចូល​ដល់​ត្រីមាស​ទី​បួន​ ឆ្នាំ 2023​។ បរិមាណ​ប្រេង​ឆៅ​ក្នុង​ឃ្លាំង​នៅ Cushing ដែល​ជា​មជ្ឈមណ្ឌល​ចែក​ចាយ​ប្រេង WTI កំពុង​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​រាប់​ចាប់​ពី​ខែ​កក្កដា 2022 នៅ​ពេល​ដែល​អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ (OPEC) និង​ដៃគូ​សហការ OPEC+ សម្រេច​ចិត្ត​រក្សា​ការ​កាត់​បន្ថយ​​ការ​ផលិត៕

  • ការ​នាំ​ចេញ​នៃ​វិស័យ​វាយនភ័ណ្ឌ​វៀតណាម​ក្នុង​ 8 ខែ​ដើម​ឆ្នាំ​ សម្រេច​បាន​ជាង 26 ពាន់​លាន​ដុល្លារ​

    ការ​នាំ​ចេញ​នៃ​វិស័យ​វាយនភ័ណ្ឌ​វៀតណាម​ក្នុង​ 8 ខែ​ដើម​ឆ្នាំ​ សម្រេច​បាន​ជាង 26 ពាន់​លាន​ដុល្លារ​

    (វៀតណាម) – ក្នុង​ 8​ ខែ​ដើម​ឆ្នាំ​ 2023 ការ​នាំ​ចេញ​ផលិត​ផល​ក្នុង​​វិស័យ​វាយនភ័ណ្ឌ​សម្រេច​បាន​ 26.1 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 16% បើ​ធៀប​នឹង​ដំណាក់​​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ និង​សម្រេចបាន​ 65% នៃ​​ផែនការ​នាំ​ចេញ​ តម្លៃ​ 40 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2023​។

    ទិន្នន័យ​របស់​សមាគម​វាយនភ័ណ្ឌ​វៀតណាម​បង្ហាញ​ថា ក្នុង​ខែសីហា 2023 ការ​នាំ​ចេញ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​សម្រេច​បាន​ជិត​ 3.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ថយ​ចុះ 6% បើធៀប​នឹង​ខែ​កក្កដា 2023 និង​ថយ​ចុះ​ 21.៥% បើ​ធៀប​នឹង​ខែ​សីហា 2022​។

    ក្នុង​ 8​ ខែ​ដើម​ឆ្នាំ​ 2023 ការ​នៃ​ចេញ​របស់​វិស័យ​វាយនភ័ណ្ឌ​សម្រេច​បាន​ 26.1 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 16% បើ​ធៀប​នឹង​ដំណាក់​​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022។ យោង​ទៅ​តាម​លទ្ធផល​នេះ វិស័យវាយនភ័ណ្ឌ​​វៀតណាម​សម្រេចបាន​ 65% នៃ​​ផែនការ​នាំ​ចេញតម្លៃ​​ 40 ពាន់​លាន​ដុល្លារ​ដែល​បាន​កំណត់​ជាគោល​ដៅ​សម្រាប់​​ឆ្នាំ 2023​។

    ស្ថិតិបង្ហាញ​ថា រាល់​មុខ​ទំនិញ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​សុទ្ធ​តែ​មាន​ការ​ថយ​ចុះ​បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ ក្នុង​នោះ​ ការ​នាំចេញ​សម្លៀក​បំពាក់​សម្រេច​បាន​ 20.5 ពាន់​លាន​ដុល្លារ ថយ​ចុះ​ 16%​ និង​មាន​ចំណែក​ 78.5% ក្នុង​ចំណោម​ផលិត​ផលវាយនភ័ណ្ឌ​ដែល​ត្រូវ​បាន​​នាំ​ចេញ​​ក្នុង​ 8 ខែ​ដើម​ឆ្នាំ​ 2023 នេះ។

    វៀតណាម​រំពឹង​ថា ការ​នាំ​ចេញ​នៃវិស័យ​វាយនភ័ណ្ឌ​របស់​ប្រទេសនេះ​​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក ​ក្នុង​ 6 ខែ​ចុង​ឆ្នាំ​ 2023 ​នឹង​កើន​ 10% បើ​ធៀប​នឹង​ 6 ខែ​ដើម​ឆ្នាំ​។ ចំណែក​​ឯ​​​ទីផ្សារ​ជប៉ុន​វិញ ក៏​ត្រូវ​បានវៀតណាម​​រំពឹង​ថា នឹង​កើន​ឡើង​បន្ត​ពី​ 6 ខែ​ដើម​ឆ្នាំ 2023​​៕