Tag: កសិផល

  • ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

    ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

    យោង​តាម​តួលេខ​របស់​អគ្គនាយកដ្ឋាន​គយ​វៀតណាម ការ​នាំចេញ​ទំនិញ​វៀតណាម​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ នៅក្នុង​ខែមករា ឆ្នាំ 2024 សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 18.7% បើធៀប​នឹង​ខែ​ធ្នូ 2023​ និង​កើន 17.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​។

    នាំមុខ​គេ​នៅ​ក្នុង​ចំណោម​ទំនិញ​នាំ​ចេញ​ក្នុង​ខែ​មករា 2024 គឺ​​កុំព្យូទ័រ ផលិតផល​អេឡេចត្រូនិច និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ 852.9 លាន​ដុល្លារ​ រួម​ចំណែក​ 18.7% នៃ​ទំនិញ​នាំចេញ​សរុប​។ បន្ទាប់​មក​គឺ​ទូរស័ព្ទ​ និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ជាង​ 734 លាន​ដុល្លារ​ រួម​ចំណែក​ 16.1%​ នៃ​ផលិតផល​នាំ​ចេញ​សរុប​។

    ឆ្នាំ​ 2024 វៀតណាម​នៅ​តែ​ចាត់​ទុក​ប្រទេស​ចិន​ជា​ទីផ្សារ​នាំ​ចេញ​សំខាន់​របស់​កសិផល​ ដោយ​សង្ឃឹម​ថា ការ​នាំ​ចេញ​ប្រភេទ​ទំនិញ​នេះ​នឹង​កើន​ឡើង​ខ្ពស់​។

  • ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

    ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

    (ភ្នំពេញ)៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​។

     

    កិច្ចប្រជុំដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 23 មករា 2024 នៅទីស្តីការក្រសួងពាណិជ្ជកម្មខាងលើ​នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង តំណាងនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម និងចូលរួមតាមប្រព័ន្ធអនឡាញ ពីតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាសមាជិក-សមាជិកានៃក្រុមការងារជាច្រើនរូបផងដែរ។

     

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាម បណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ទិញ-លក់ទំនិញជាកសិផល សំដៅជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។

  • ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រីជា​​មន្ត្រី និងបុគ្គលិក កម្មករ​ និយោជិត​នៃ​កំពង់ផែ​​។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាង​លើ​នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។

    ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​មាន​ផ្ទៃ​ដី​ទំហំ​ 4 ហិកតា ខណៈ​ដែល​ចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ផ្ទៃ​ដី​ទំហំ​16.3 ហិកតា និង​ចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដីទំហំ 18.6 ហិកតា។

    គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណងទាំង​នេះ គឺ​ដើម្បីធ្វើ​ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ មាន​ដូចជា គ្រឿងសំណង់ ដំឡូងមី ចំណីសត្វ កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ល។

  • ប្រទេស​ស្វ៊ីស លុប​ចោល​ពន្ធ​នាំចូល​ទំនិញ​ឧស្សាហកម្មជា​ផ្លូវ​ការ

    ប្រទេស​ស្វ៊ីស លុប​ចោល​ពន្ធ​នាំចូល​ទំនិញ​ឧស្សាហកម្មជា​ផ្លូវ​ការ

    ចាប់​ពី​ថ្ងៃទី 01 មករា 2024 ផលិត​ផល​ឧស្សាហកម្ម​នានា​ត្រូវ​បាន​លើក​លែង​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​ស្វ៊ីស​ជា​ផ្លូវ​ការ​ បើទោះ​មាន​ប្រភព​មក​ពី​ប្រទេស​ណា​ក៏​ដោយ​។ នេះ​គឺជា​គោល​នយោបាយ​​ពាណិជ្ជកម្ម​សំខាន់​ដែល​ត្រូវ​បាន​ប្រទេស​នេះ​អនុវត្ត​ បន្ទាប់​ពី​បាន​សិក្សា និង​ត្រៀម​ខ្លួន​​អស់ជា​ច្រើន​ឆ្នាំ​។

    នៅ​ប្រទេស​ស្វ៊ីស ​ផលិតផល​ឧស្សាហកម្ម​នានា​ដែល​រួម​មាន ​​បណ្ដា​ផលិត​ផលិត​មិន​ទាន់​សម្រេច​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​ផលិត​ មាន​ដូច​ជា វត្ថុធាតុ​ដើម ផលិតផល​ពាក់​កណ្ដាល​សម្រេច​ គ្រឿង​ម៉ាស៊ីន អំបិល និង​អំបិល​ឧស្សាហកម្ម ក៏ដូចជា​យាន​ជំនិះ​ សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ សម្លៀក​បំពាក់​ជា​ដើម។

    ក៏ប៉ុន្តែ ផលិតផល​កសិកម្ម​ រួម​មាន​ដូចជា សត្វ​ និង​រុក្ខជាតិ​រស់​ អាហារ កសិផល​កែច្នៃ គ្រាប់​ពូជ ចំណី​សត្វ និង​ត្រី​ជា​ដើម មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ផលិតផល​ឧស្សាហកម្ម​។ ដូច្នេះ ពន្ធ​នាំចូល​នៅ​តែ​ត្រូវ​បាន​អនុវត្ត​សម្រាប់​ផលិតផល​ទាំង​នេះ​។

    ការ​លើកលែង​ពន្ធ​នាំ​ចូល​ទំនិញ​ឧស្សាហកម្ម​នេះ មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ក្នុង​ដំណើរ​ការ​ត្រួត​ពិនិត្យ​របស់​គយ​។ អ្នក​នាំ​ចូល​នៅ​តែ​ត្រូវ​បំពេញ​បែប​បទ​ និង​ទូទាត់​ការ​ចំណាយ​នានា និង​ថ្លៃ​សេវា​ដែល​កើត​មាន​នៅ​ពេល​នាំចូល​ រួម​ទាំងអាករ​លើ​តម្លៃ​បន្ថែម​ (VAT) ផងដែរ​។

    ការ​សម្រេច​លើកលែង​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ឧស្សាហកម្ម​ ត្រូវ​បាន​សភា​ប្រទេស​ស្វ៊ីស​លើក​ឡើង​កាល​ពី​ឆ្នាំ 2021 តាម​រយៈ​ការ​ធ្វើវិសោធនកម្ម​ច្បាប់​ស្ដីពី​គយ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​កាលពី​ខែ​កុម្ភៈ 2022 រដ្ឋាភិបាល​ស្វ៊ីស​បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​នេះ​ចាប់​ពី​ថ្ងៃទី 01 មករា 2024​។

    បន្ទាប់​ពី​ច្បាប់​នេះ​ចាប់​ផ្ដើម​មាន​សុពលភាព អាជ្ញាធរ​ស្វ៊ីស​នឹង​តាម​ដាន​ផល​ប៉ះពាល់​របស់​គោលនយោបាយ​នេះ​ទៅ​លើ​តម្លៃ​ទំនិញ​ក្នុង​ស្រុក។

    ក្នុង​ដំណាក់​កាល​ត្រៀម​ខ្លួន រដ្ឋាភិបាល​ស្វ៊ីស បាន​ធ្វើ​ការ​សិក្សា​ស្វែង​យល់​អំពីផល​ប៉ះពាល់​នៃ​ការ​លុប​បំបាត់​ពន្ធ​នាំ​ចូល​ទំនិញ​ឧស្សាហកម្ម​។ យោង​ទៅ​លើ​ទិន្នន័យ​ពាណិជ្ជកម្ម​របស់ឆ្នាំ 2016 ​គោលនយោបាយ​ថ្មី​នេះ​​នឹង​នាំ​មក​នូវ​ផល​ចំណេញ​ប្រហែលមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដល់​សេដ្ឋកិច្ច​ជាតិ​៕

  • ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

    ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

    ការ​នាំ​​ចេញ​ផលិតផល​​របស់​ប្រទេសថៃ​ក្នុង​ខែ​សីហា 2023 បាន​កើន​​ឡើង​ជា​លើក​ដំបូង​​ ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី 26 កញ្ញា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Kirati Ratchano បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ក្នុង​ខែ​សីហា 2023 បាន​កើន​ 2.6% បើ​ធៀប​នឹង​ខែ​សីហា 2022 ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​។

    លោក Kirati បញ្ជាក់​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ក្នុង​ខែ​សីហា 2023 សម្រេច​បាន​ប្រហែល​ 8.25 ពាន់​លាន​បាត (242,796 លាន​ដុល្លារ​អាម៉េរិក)​។ ការ​នាំ​ចូល​ក្នុង​ដំណាក់​កាល​ដូច​គ្នា​នេះ​ថយ​ចុះ 12.8% មក​នៅ​ត្រឹម​ 8.23 ពាន់​លាន​បាត​។

    គិត​ជារួម​ ក្នុង​រយៈ​ពេល​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ តម្លៃ​នៃ​ការ​នាំចេញ​របស់ប្រទេស​ថៃ​សម្រេច​បាន​ជាង 6.3 ទ្រីលាន​បាត​ (187.6 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ថយ​ចុះ​ 4.5% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​របស់​ឆ្នាំ​មុន​ ខណៈ​ការ​នាំ​ចូល​ថយ​ចុះ​ 5.7% មក​នៅ​​ប្រហែល​ 6.7 ទ្រីលាន​បាត​ នាំ​ឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រហែល​ជាង​ 300 ពាន់​លាន​បាត​។

    លោក Kirati ឱ្យ​ដឹង​ថា ការ​នាំចេញ​របស់​ប្រទេស​ថៃ​ងើប​ឡើងវិញ​ដោយ​សារ​ការ​នាំ​ចេញ​កសិផល​កើន 4.2% ដែល​ជា​ការ​កើន​ឡើង​ដំបូង​ក្រោយ​រយៈ​ពេល​ 4​ ខែ​។ ​ការ​នាំ​ចេញ​ផ្លែ​ឈើ​បង្កក​ និង​ក្រៀម​កើន 99.8%​, ការនាំចេញ​អង្ករ​កើន 10%, បន្លែ​ប្រអប់​ និង​កែច្នៃ​កើន​ 26.5%, ទឹក​ដោះ និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​កើន​ 13.2%, បន្លែ​បង្កក​ និង​ក្រៀម​កើន 22.8%​។

    ការ​នាំ​ចេញ​ផលិត​ផល​ឧស្សាហកម្ម​ក្នុង​ខែសីហា​កើន 2.5% ក្នុង​នោះ​ ​រថយន្ត​ និង​គ្រឿង​បន្លាស់​កើន​ 5.2%​។

    ក្នុង​ខែ​សីហា 2023 ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ទៅ​កាន់​ទីផ្សារ​ធំៗ​កើន​ 2.3% ក្នុង​នោះ​ ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​កើន​ 21.7%, ជប៉ុន​កើន​ 15.7% និង​ប្រទេស​ចិន​កើន​ 1.9%​។

    ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ព្យាករ​ថា ការ​នាំ​ចេញ​ក្នុង​ខែ​កញ្ញា និង​ត្រីមាស​ចុង​ក្រោយ​របស់​ឆ្នាំ​នេះ​នឹង​ងើប​ឡើង​វិញ​៕

  • កសិករ​ចិន ឡាយ​លក់​កសិផល រកបាន​ប្រាក់​ខ្ទង់លាន​ដុល្លារ​អាមេរិក

    កសិករ​ចិន ឡាយ​លក់​កសិផល រកបាន​ប្រាក់​ខ្ទង់លាន​ដុល្លារ​អាមេរិក

    ឆ្នាំ 2018 Jin Guowei នៅ​ជំពាក់​បំណុល​គេ​វ័ណ្ឌក​នៅឡើយ និង​លក់​ផ្លែ​ឈើជូន​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​ទីក្រុង Lijiang នៃ​ខេត្ត Yunnan ប្រទេស​ចិន ប៉ុន្តែ បច្ចុប្បន្ន​គាត់​បាន​ក្លាយជា​សេដ្ឋី​ប្រាក់​ដុល្លារ​ទៅហើយ។

    ជាមួយនឹង​រហ័ស​នាម​ថា Brother Pomegranate លោក Jin Guowei បច្ចុប្បន្ន គឺជា​បុគ្គល​ល្បីឈ្មោះ​នៅលើ​អ៊ីនធឺណិត ដោយមាន​អ្នកតាមដាន​ជាង 7.3 លាន​នាក់ និង​រកបាន 300 លាន​យុន (46 លាន​ដុល្លារ​អាមេរិក) កាលពី​ឆ្នាំ 2020។ Jin Guowei ធ្លាប់​រកបាន​ប្រាក់ 6 លាន​យុន ក្នុង​រយៈពេល 20 នាទី ដោយ​ការលក់​ផ្លែ​ទទឹម តាមរយៈ​ការ​ឡាយ (livestream) លើ​បណ្ដាញ​សង្គម។

    ខាងលើនេះ​គឺជា​ការពេញនិយម​ថ្មី​ដែល​កំពុង​ផ្ទុះឡើង​នៅ​ទីជនបទ​របស់​ប្រទេស​ចិន។ កសិករ និង​អ្នកជំនួញ​ផ្នែក​ផលិតផល​កសិកម្ម នៅតាម​បណ្ដា​ខេត្តឆ្ងាយៗ នៃ​ប្រទេស​ចិន កំពុង​នាំគ្នា​ឡាយ​លក់​ផលិតផល​ដោយផ្ទាល់ ឱ្យ​អតិថិជន​នៅ​ទីក្រុង។ ប្រាក់ចំណូល​ដែល​បានមកពី​វីដេអូ​ស្ដីអំពី​ជនបទ នៅលើ Douyin (កំណែ​ក្នុងស្រុក​របស់ TikTok) របស់ ByteDance បាន​កើន 15 ដង បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា កាលពី​ឆ្នាំ 2020។

    កសិករ​មួយរូប​ផ្សេងទៀត ដែលមាន​ឈ្មោះថា Guo Chengcheng «ទំនាក់ទំនង» ជាមួយនឹង​អ្នកគាំទ្រ Douyin ជាង 2.5 លាន​នាក់ ពី​ចំការ​របស់ខ្លួន។ នៅពេល​ផ្ទះ​របស់​នាង​កំពុង​ប្រមូល​ផល អ្នកទស្សនា​អាច​ចុច​ទៅលើ​តំណ​ភ្ជាប់​លើ​អេក្រង់ ដើម្បី​ទិញ​ផលិតផល។

    Guo លក់​កសិផល​គ្រប់មុខ តាំងពី​ល្ពៅ​ប្រភេទ​តូច រហូតដល់​ដើម​ផ្កា​អង្គាសីល ដែល​ផ្គត់ផ្គង់​ដោយ​ប្រជាជន​ក្នុងភូមិ។ កន្លងមក នាង​ធ្លាប់​លក់ទំនិញ​នៅលើ WeChat របស់ Tencent ហើយ​ទទួលបាន​ការបញ្ជាទិញ​ប្រហែល 100 លើក ជា​រៀងរាល់ថ្ងៃ។ បច្ចុប្បន្ន Guo អាច​រកបាន​អតិថិជន​រហូតដល់ 50,000 នាក់ រាល់ពេល​នាង​ឡាយ​លក់ ដែល​នេះ ជួយ​ឱ្យ​នាង​រកបាន​ប្រាក់​យ៉ាងតិច 9 លាន​យុន ជា​រៀងរាល់ខែ។

    Guo Chengcheng កំពុង​ឡាយ​លក់​ផ្លែឈើ

    Guo Chengcheng និង Brother Pomegranate គឺជា​ផ្នែក​មួយ​នៅក្នុង​ចំណោម​ពលរដ្ឋ​ទាំងឡាយ​ដែល​ត្រលប់​ទៅ​ស្រុកកំណើត ក្រោយពី​បានរស់នៅ និង​ធ្វើការ​នៅ​ទីក្រុង​អស់​ជាច្រើន​ទសវត្សរ៍។ បណ្ដាញ​សង្គម Douyin បានឱ្យដឹងថា 54% នៃ influencer (អ្នក​ដែលមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម) នៅតាម​ជនបទ គឺជា ក្រុម​យុវវ័យ​ដែល​ត្រលប់​មកពី​ទីក្រុង។

    ការនិយម​ថ្មី​នេះ កាន់តែ​បង្ហាញ​យ៉ាងច្បាស់ ចាប់ពី​ប្រទេស​ចិន មាន​វិបត្តិ Covid-19។ ពលរដ្ឋ​ចំណាកស្រុក​ជាង 23 លាន​នាក់ បាន​ត្រលប់មក​ស្រុកកំណើត។ ពេល​ប្រព័ន្ធ​គមនាគមន៍​របស់​ជាតិ ផ្អាក​ដំណើរការ​បណ្ដោះ​អាសន្នកាល​ពី​ឆ្នាំទៅ កសិផល​នានា​ត្រូវ​ខូច​ក្នុង​ឃ្លាំង ចំណែក​អ្នកទិញ​ក៏ត្រូវ​ជាប់​ក្នុងផ្ទះ នាំឱ្យ​តម្រូវការ​នៃ​ការ​ចម្អិន​អាហារ​នៅផ្ទះ កើនឡើង​ខ្ពស់ជាងពេលណាៗទាំងអស់។ តម្រូវការ​ទំនិញស្រស់ៗដែល​លក់​តាម​អន​ឡាញ ក៏​កើនឡើង​ខ្ពស់ ខណៈ​បណ្ដាញ​សង្គម និង​ផ្សារ​អន​ឡាញ បង្ក​ភាពងាយស្រួល​ដល់​ការរកស៊ី​របស់​កសិក​រ។

    នៅលើ​ផ្សារ​អន​ឡាញ Taobao Live របស់ Alibaba មាន​កសិករ​ជាង 100,000 នាក់ បាន​ឡាយ​លក់​កសិផល​ប្រមាណ 2.52 លាន​លើក នៅក្នុង​ឆ្នាំសារពើពន្ធ​ដែល​បានបញ្ចប់​កាលពី​ខែមីនា​កន្លងទៅ។ ចំនួន​អ្នក​ឡាយ​ទាក់ទិន​នឹង​កសិកម្ម​ដែលមាន​មនុស្ស​តាមដាន​ជាង 10,000 នាក់ នៅលើ​បណ្ដាញ​សង្គម Douyin បាន​កើន 5 ដង រាប់​ចាប់ពី​ឆ្នាំ 2019-2020។

    ដើម្បី​ដឹកជញ្ជូន​ទំនិញ​ឱ្យ​អតិថិជន កសិករ​ចិន ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​របស់​បណ្ដា​ក្រុមហ៊ុន​ផ្សារ​អន​ឡាញធំៗ ដូចជា JD Logistics ឬ Cainiao របស់ Alibaba ឬក៏​ប្រើ​សេវាកម្ម​របស់ SF Express។

    ក្រុម​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អន​ឡាញ និង​ក្រុម​អ្នកមាន​បទពិសោធន៍​ច្រើន​ខាង​ការ​ឡាយ បានឱ្យដឹងថា អាថ៌កំបាំង​ដើម្បី​ជោគជ័យ​នៃ​ការ​ឡាយ​លក់​កសិផល​របស់​កសិករ​ចិន នោះ​គឺ ការរួម​ផ្សំ​រវាង​ការ​នឹករលឹក​ធម្មជាតិ​របស់​អ្នកក្រុង ការបាត់បង់​ជំនឿ​ទៅលើ​ផ្សារ​បុរាណ ព្រោះតែ​បញ្ហា​សុវត្ថិភាព​នៃ​ទំនិញ​ជា​កសិផល រួម​នឹង​ការចូល​ចិត្ត​ទស្សនា​ទិដ្ឋភាព​ស្រស់បំព្រង​នៃ​ជនបទ របស់​អ្នកទស្សនា៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • រដ្ឋាភិបាល​ផ្ដល់​ការអនុគ្រោះ​ ដោយព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធលើ​ប្រាក់ចំណូល​ប្រចាំខែរបស់​សហគ្រាស​​កែច្នៃកសិផល

    រដ្ឋាភិបាល​ផ្ដល់​ការអនុគ្រោះ​ ដោយព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធលើ​ប្រាក់ចំណូល​ប្រចាំខែរបស់​សហគ្រាស​​កែច្នៃកសិផល

    រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពីចុងខែមករា បានសម្រេច​ផ្តល់​ការអនុគ្រោះ​ព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ​រយៈពេល 5ឆ្នាំ​ដល់​សហគ្រាស​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ កសិកម្ម។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ប្រកាស​ស្តីពី​ការព្យួរ​ទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម ដែល​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ និង​គាំទ្រ​ដល់​ផលិតកម្ម និង​ការនាំចេញ​ផលិតផល​កសិកម្ម​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

    ការសម្រេច​នេះ​មាន​គោលដៅ​ព្យួរទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ប្រកប​អាជីវកម្ម​ផលិត និង​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន ដោយ​នឹង​អនុវត្ត​ចំពោះ​សហគ្រាស​ដាំ​ដុះ ផលិត និង​ផ្ត​ត់​ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន។ ប្រកាស​នេះ​បានកំណត់​នូវ​ផលិតផល​កសិកម្ម​មួយចំនួន ដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូង​មី និង​កៅស៊ូ។

    សេចក្តីសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច​បានបញ្ជាក់​ថា៖“ចំពោះ​សហគ្រាស​ដាំ​ដុះ ផលិត និង​ផ្ត​ត់​ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិតផល​កសិកម្ម ត្រូវបាន​អនុគ្រោះ​ព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធ(ដែលមាន​ចំនួន 1ភាគរយ) លើ​ប្រាក់ចំណូល​ប្រចាំខែ​រយៈពេល 5ឆ្នាំ គិត​ចាប់ពី​ខែមករា ឆ្នាំ2019 តរៀង​ទៅ”។

    ប្រកាស​នេះ​បាន​បន្តថា ការព្យួរ​ទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ ត្រូវ​ផ្សារភ្ជាប់​ជាមួយនឹង​អនុលោមភាព​សារពើពន្ធ ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ដោយ​ក្រុមហ៊ុន​កាន់​បញ្ជិកា​គណនេយ្យ​ឱ្យបាន​ត្រឹមត្រូវ​តាម​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណនេយ្យ​ជា​ធរមាន និង​ប្រកាស​បង់ពន្ធ​អាករ​ដទៃ​ទៀត​ជា​ធរមាន​ទៅតាម​កាលកំណត់។ ប្រកាស​នេះ​ទៀតសោត​បាន​បញ្ជាក់ថា ក្នុងករណី​សហគ្រាស​មិន​គោរព​តាម​លក្ខខណ្ឌ​ទាំង2 ខាងលើ ការព្យួរ​ទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ អាច​ត្រូវបាន​ដកហូត ហើយ​សហគ្រាស​ត្រូវ​ទទួល​រង​ទោសទណ្ឌ​នានា​តាមច្បាប់​ជា​ធរមាន។

    លោក សុង សារ៉ន អគ្គនាយក​នៃ​ក្រុមហ៊ុន អេ​ម​រុរាយ​ស៍ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី (AMRU Rice Cambodia Co.,Ltd) បានឱ្យដឹងថា លោក​ស្វាគមន៍​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​ការលើកកម្ពស់​ភាព​ប្រកួតប្រជែង ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​យើង។

    លោក​បន្តថា វា​ជា​ជំហាន​មួយ​ដ៏​ប្រសើរ​ក្នុង​ការជួយ​ដល់​សហគ្រិន​កម្ពុជា និង​ជួយ​ឱ្យ​រោងចក្រ​កែច្នៃ​មានលទ្ធភាព​ប្រកួតប្រជែង​បាន​នៅលើ​ទីផ្សារ​អន្តរជាតិ។

    លោក ​សារ៉ន​ ឱ្យដឹងទៀតថា៖“យើង​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ពិនិត្យ​បន្ថែមទៀត និង​កែសម្រួល​នីតិវិធីផ្សេងៗទៀត​ក្រៅពី​ពន្ធ​នេះ”។

    លោក​អគ្គនាយកក្រុមហ៊ុនបានបន្តថា ពន្ធ​នេះ​មាន​ចំនួន 1ភាគរយ​នៃ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុនតែមាន​ពន្ធ​ជាច្រើន​ទៀត​បន្ត​នៅជាប់​ដូចជា សម្ភារម៉ាស៊ីនផ្សេងៗដែល​យកមក​ដំឡើង​សម្រាប់​កែច្នៃ​លើ​កសិផល​របស់​កម្ពុជាដែល​នៅតែមានការជាប់​ពន្ធ និង​ពន្ធ​កាត់​ទុកផ្សេងៗនៅតែមាន ដោយ​យើង​ពិនិត្យឃើញថា កម្ពុជា​នាំចេញ​ផលិតផល​វត្ថុធាតុដើម 100ភាគរយ។

    លោក សារ៉ន បញ្ជាក់ថា៖“វា​ជា​រឿង​ល្អ ការណ៍​នេះ​វា​នឹង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន ជាពិសេស​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ហើយ​យើង​ចង់ឱ្យ​រដ្ឋាភិបាល​ពិនិត្យមើល​ពន្ធផ្សេងៗទៀតផង​ដើម្បី​ជួយ​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​បង្កើន​តម្លៃបន្ថែម កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង”។

    គួរ​បញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាល​បានប្រកាស​លុបចោល​ស្ថាប័ន​ជាន់គ្នា​មួយចំនួន ព្រមទាំង​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ណ៍​កាំសាប ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ការធ្វើ​ធុរកិច្ច និង​ធ្វើឱ្យ​ផលិតផល​កម្ពុជា​មា​នភា​ពប្រកួតប្រជែង​ខ្ពស់៕

  • អ្នកជំនាញ​កសិកម្ម៖ កសិករ​គួរ​ចូលរួម​ក្នុង​សហគមន៍​កសិកម្ម​ដើម្បីឱ្យ​កសិផល​មាន​ទីផ្សារ

    អ្នកជំនាញ​កសិកម្ម៖ កសិករ​គួរ​ចូលរួម​ក្នុង​សហគមន៍​កសិកម្ម​ដើម្បីឱ្យ​កសិផល​មាន​ទីផ្សារ

    កសិករ​ខ្មែរ​នៅ​ឃុំ​សំបូរ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​បាន​រួមគ្នា​បង្កើតជា​សហ​គម​ន៍​ដាំ​ដំណាំ​កសិកម្ម​បន្ទាប់បន្សំ​មួយចំនួន​ដែលមាន​ដូចជា ជីរ ម្ទេស ត្រប់ឪឡឹក ចេក ម្នាស់ ស្លឹកគ្រៃ ល្ហុង ជាពិសេស ឪឡឹក ចេក និង​ម្នាស់ កន្លងមក​ត្រូវបាន​នាំទៅ​កាន់​ផ្សារ​ម៉ាក្រូ រីឯ​ស្លឹកគ្រៃ និង​ល្ហុង ដែល​ទទួលបាន​ផល​ច្រើនជាងគេ​នោះ ត្រូវបាន​សហគមន៍​នៅ​ទីនោះ​នាំចេញ(សរុប​ជាង 3តោន)មកកាន់​ទីផ្សារ​ក្រុងភ្នំពេញរៀងរាល់ថ្ងៃ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​សហគមន៍​កសិកម្ម សំបូរ​មានជ័យ។

    សហគមន៍​កសិកម្ម សំបូរ​មានជ័យ បានឱ្យដឹងថា នៅពេល​ចាប់ផ្តើម​បង្កើត​ចេញ​ជា​សហគមន៍​នេះ​ឡើង ដំបូងៗមានការ​ចូលរួម​ពី​ប្រជាកសិករ​មិន​ច្រើន​គ្រួសារ​ទេ គឺ​មានតែ​ចំនួន 88គ្រួសារ និង​មាន​ដើមទុន​ត្រឹមតែ 5លាន​រៀល បូករួម​នឹង​អំណោយ​របស់​អភិបាលខេត្ត 3លាន​រៀល​ផង គឺមាន​ទុន​តែ 8លាន​រៀល​ប៉ុណ្ណោះ។

    លោក ឆេង ថុង អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​ប្រធាន​សហគមន៍​បាន​បញ្ជាក់ថា៖ “រហូតមកដល់​ពេលនេះ សហគមន៍​សំបូរ​មានជ័យ មានការ​រីកចម្រើន មាន​កសិករ​ចូលរួម​ក្នុង​សហគមន៍​ជាង 200គ្រួសារ​ហើយ និង​មាន​ដើមទុន​ចំនួន​ជាង 1,176លាន​រៀល និង​ទទួលបាន​ភាពជោគជ័យ​ច្រើន”។ បានន័យថា សហគមន៍​កាន់តែ​មានការ​អភិវឌ្ឍ​ឡើង ព្រោះ​កាលណា​យើង​មាន​គ្នាច្រើន វារឹតតែ​ល្អ វា​មិន​លំបាក​ទេ​សម្រាប់​ការធ្វើ​ទីផ្សារ បើ​យើង​មាន​ផលិតផល​ច្រើន​សម្រាប់​សហគមន៍​កសិក​ម្ម គឺ​យើង​មាន​អាទិភាព តែបើ​មាន​គ្នា​តិច យើង​អាច​ពិបាក​ទៅវិញ។

    លោក​ប្រធាន​សហគមន៍​បានបញ្ជាក់​បន្ថែមថា សហគមន៍​កសិកម្ម​សំបូរ​មានជ័យ គឺជា​អ្នកសិក្សា​ជាមុន សិក្សា​រក​ទីផ្សារ សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​សិក្សា​ថា តើ​គេ​ប្រើ​ពូជ​ដំណាំ​អី​បាន​ទិន្នផល​ច្រើន? ខែ​ណា​ដែល​លក់បាន​ថ្លៃ? ខែ​ណា​ចុះថោក? យើង​សិក្សា​រួចហើយ ទើប​រៀបចំ​ផែន​ការជូន​កសិករ​ដែ​ល​ចូលរួម ឯ​ទីផ្សារ​ដែល​ធំ​សម្រាប់​ស្លឹកគ្រៃ និង​ផ្លែ​ល្ហុង គឺ​យើង​នាំទៅ​ផ្សារ​ដើម​គរ ផ្សារ​នាគ​មាស និង​ផ្សារ​ថ្មី​មួយទៀត គឺ​ផ្សារ​បុរី​អង្គរ ដែល​យើង​ទើបនឹង​ទំនាក់ទំនង​បាន ដោយសារ​ផ្សារ​ខ្លះ​គាត់​មាន​ដៃគូ​សហការ​របស់គាត់​រួចហើយ យើង​ពិបាក​ក្នុងការ​ជ្រៀតចូល ដូចជា​ផ្សារ​ម៉ាក្រូ​ជាដើម យើង​អាចដាក់​កសិផល​របស់​យើង​បាន​តិចតួច​នៅឡើយ។

    លោក​បាន​បញ្ជាក់ថា៖ “ទោះយ៉ាងណា​ក្តី ក៏​សហគមន៍​យើង​អាច​ផលិត​បាន​នូវ​កសិផល​ដោយ​ទទួលបាន​លទ្ធផល​ល្អ​គួរសម​ដែរ ដូចជា​ការនាំចេញ​ស្លឹកគ្រៃ​ក្នុង​មួយថ្ងៃ 3.5តោន និង​ផ្លែ​ល្ហុង 2 ទៅ 3តោន​ក្នុង​មួយថ្ងៃ​ទៅកាន់​ផ្សារ​បន្លែ​នៅ​ផ្សារ​ដើម​គរ ខណៈ​ការ-នាំចេញ​កសិផល​ដទៃ​ទៀត ដូចជា​ផ្លែ​ចេក យើង​អាចនាំចេញ​ក្នុង​មួយខែ​បាន 1,000ស្ទង ឪឡឹក 5,000ផ្លែ និង​ម្នាស់ 500ផ្លែ​ក្នុង​មួយខែ​សម្រាប់​ផ្សារ​ម៉ាក្រូ គ្រប់​តាម​ចំនួន​ដែល​គេ​បាន​បញ្ជា​ទិញ”។

    លោក​ថុង​បានឱ្យដឹងថា ពីមុនមក កសិករ​ធ្លាប់មាន​ផ្ទៃដី​នៅ​ជុំវិញ​ផ្ទះ​ទំនេរ បើទោះជា​មាន​ដាំ​ដំណាំ ក៏​ជា​ដំណាំ​មិន​ច្បាស់លាស់​ដែរ។ ឧទាហរណ៍​បើ​ដាំ​ស្លឹកគ្រៃ ក៏​ដាំ​រួច ទុកឱ្យ​ងាប់​ចោល ពីព្រោះ​មិនមាន​ទីផ្សារ​នាំចេញ។ តែ​បច្ចុប្បន្ន​ផ្ទៃដី​ទំនេរ​ទាំងអស់នោះបានប្រែក្លាយ​ទៅជា​ផ្ទៃដី​ដាំ​ដំណាំ​ស្លឹកគ្រៃ និង​ដំណាំផ្សេងៗទៀត​ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម។ បើ​គិតពី​ផ្ទៃដី យើង​មាន​ច្រើន​តាម​គ្រួសារនីមួយៗ និង​បើ​គិតពី​ដំណាំ​ស្លឹកគ្រៃ​វិញ យើង​មាន​ប្រមាណ​ជា 3,000 ទៅ4,000គុម្ព លើ​ផ្ទៃដី​ប្រមាណ​ជា 20ហិកតា។ ឯ​ដំណាំ​ល្ហុង​វិញ ប្រហែល​ជាង 10ហិកតា​ប្រមាណ​ជា 20,000ដើម។

    សព្វថ្ងៃ​សហគមន៍​យើង​ធ្វើ​តាមបែប​ការយក​កម្រៃ​សេវា ដោយ​យើង​បានរៀបចំ​ជា​សហគមន៍​បំផុស​ឱ្យ​ពួកគាត់​ដាំ​ដំណាំ​បន្លែ ដូចជា​ស្លឹកគ្រៃ ដែល​យើង​បាន​សិក្សា​អំពី​ទីផ្សារ​ឱ្យ​គាត់ រួច​ដល់ពេល​ប្រមូល​ផល​យើង​បាន​ប្រមូល​ពី​គ្រួសារ​កសិករ​ដែល​ជាស​មា​ជិ​ក និង​យកទៅលក់​នៅក្នុង​ទីផ្សារ​ដែល​យើង​បានកំណត់​គោលដៅ​រួចហើយនោះ ដោយ​យើង​បាន​កាត់ថ្លៃ​សេវា 30រៀល ក្នុង 1គីឡូក្រាម។ ឯ​តម្លៃ​លក់ គឺ​ឡើង​ចុះ​តាម​តម្លៃ​ក្នុង​ទីផ្សារ។

    លោក​ក៏បាន​បញ្ជាក់ដែរថា ចំពោះ​ផលចំណេញ​ពី​ការដាំដុះ​វិញ បើ​ធ្វើតាម​ការពន្យល់​ណែនាំ​របស់​ខាង​កសិកម្ម​ណែនាំ​នោះ យើង​នឹង​បាន​ចំណេញ​ច្រើន ព្រោះ 1ហិកតា​នឹង​ទទួលផល 20តោន ហើយ​លក់​ត្រឹម​មួយ​គីឡូ​តម្លៃ 1,000រៀល​ប៉ុណ្ណោះ ដូច្នេះ​ប្រាក់ចំណេញ​នឹង​ទទួលបាន 2លាន​រៀល។

    លោក ឆេង ថុង បាន​ប្រាប់​ពី​មហិច្ឆតា​របស់លោក​ថា ទិសដៅ​ទៅ​ថ្ងៃមុខ​របស់​សហគមន៍​របស់លោក គឺ​សម្រេច​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​ស្លឹកគ្រៃ​ឱ្យ​គ្រប់​តម្រូវការ​ទីផ្សារ​ក្នុងប្រទេស​សិន គឺ​ពី3.5 ទៅ5.5តោន​ក្នុង​មួយថ្ងៃ ដោយសារ​កន្លងមក​ស​ហគ​មន៍​បានដឹង​រួចមកហើយ​ថា ទីផ្សា​បច្ចុប្បន្ន​នៅ​ផ្សារ​ដើម​គ​មាន​តម្រូវការ​ស្លឹកគ្រៃ​ប្រមាណ​ជា 70តោន​ក្នុង1ថ្ងៃហើយ​ក៏មាន​សហគមន៍​ខ្លះ​បាន​ផ្គត់ផ្គង់​ដែរ តែ​មិនទាន់បាន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ទីផ្សារ​នេះ​នៅឡើយ។

    លោក​បានបញ្ជាក់​អំពី​ទិសដៅ​បន្តទៅទៀត​របស់​សហគម​ន៍​លោ​កថា លោក​នឹង​ចាប់ផ្តើម​ជំរុញ​ការដាំ​ដំណាំ​បន្លែ​ទ្រើង ដូចជា​ត្រឡាច ននោង ឃ្លោកជាដើម ដែល​ដំណាំ​នេះ​អំណោយផល​សម្រាប់​សហគម​ន៍​របស់លោក ដោយ​លោក​បាន​អះអាងថា “យើង​មាន​ប្រឡាយទឹក​វែង ប្រវែង​ប្រមាណ 3,000 ទៅ 4,000ម៉ែត្រ​ស្រាប់​សម្រាប់​បន្លែ​មួយចំនួន ដែល​នេះ​គឺជា​ការងាយស្រួល​សម្រាប់​ការផ្គត់ផ្គង់​ទឹកជា​មួយ​ការដាំ​ដំណាំ​ពពួក​នេះ ដែល​យើង​អាច​ធ្វើជា​ទ្រើង​តាម​សងខាង​បណ្តោយ​ប្រឡាយ​នោះ។ យើង​នឹងមិន​ចំណាយ​អ្វី​ច្រើន​ឡើយ ហើយ​យើង​នឹង​ទទួលបាន​ផល​ទៅតាម​អ្វីដែល​យើង​បាន​គ្រោងទុក​សម្រាប់​ការរីកចម្រើន​របស់​ស​ហគ​មន៍​ផង និង​សម្រាប់​ការរីកចម្រើន​ផ្នែក​កសិកម្ម​របស់​ប្រទេស​ផង​ជាមិនខាន”៕

  • ខេត្តកំពង់ចាមបង្កើតផ្សារសរីរាង្គដំបូងគេឱ្យកសិករលក់កសិផលមិនប៉ះពាល់សុខភាព

    ខេត្តកំពង់ចាមបង្កើតផ្សារសរីរាង្គដំបូងគេឱ្យកសិករលក់កសិផលមិនប៉ះពាល់សុខភាព

    ក្នុងគោលបំណងលើកកំពស់ ដំណាំកសិកផលកសិករដែលគ្មានជាតិគីមី អាជ្ញាធរខេត្តកំពង់ចាមបានបង្កើតផ្សារសរីរាង្គដំបូងគេ ដែលមានឈ្មោះថា«ផ្សារណាត់» សម្រាប់ឱ្យពលរដ្ឋដាក់លក់បន្លែសរីរាង្គឬបន្លែសុវត្ថិភាពសម្រាប់លើកកម្ពស់សុខភាពឱ្យកាន់តែប្រសើរឡើង។

    ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា ការបង្កើតផ្សារនេះឡើងគឺដើម្បីផ្តល់ឱកាស ឱ្យកសិករបានដាក់ទិញទំនិញកសិផលរបស់ខ្លួន ដែលជាចំណែកដ៍សំខាន់ក្នុងការរកទីផ្សារជូនពួកគេ ដើម្បីរកប្រាក់កម្រៃបានកាន់តែប្រសើរ សម្រាប់ផ្គត់ផ្គត់ការចំណាយផ្សេងៗក្នុងគ្រួសារ។

    ផ្សារណាត់នេះ គឺតម្រូវឱ្យលក់ផលិតផលកសិកម្ម រួមមានបន្លែ ផ្លែឈើស ត្រី សាច់ផ្សេៗ ជាប្រភេទសរីរាង្គ ឬអាហារសុវត្ថិភាព ដែលមិនមានជាតិគីមី មិនប៉ះពាល់សុខភាពដល់អ្នកទទួលទាន។ ឯកឧត្តមបញ្ជាក់ថា ការទទួលទានបន្លែសរីរាង្គឬបន្លែសុវត្ថិភាពនេះ គឺជួយឱ្យសុភាពយើងបានប្រសើរ មិនសូវមានជំងឺឈឺថ្កាត់ កាត់បន្ថយថវិកាក្នុងការចំណាយប្រាក់ព្យាបាលជំងឺផ្សេងៗ។

    គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗផលិតផលស្រូវរបស់កសិករខេត្តកំពង់ចាម នៅសល់ប្រមាណជាង 2០ម៉ឺនតោន ដែលជាកង្វល់របស់អាជ្ញាធរក្នុងការស្វែងរកទីផ្សារជូនកសិករ។ ហើយការបង្កើតផ្សារនេះ គឺដើម្បីផ្តល់ឱកាសឱ្យកសិករអាចលក់ផលិតផល ស្វែងរកដៃគូលក់ផលិតផលចេញបានកាន់តែប្រសើរឡើង៕