Tag: កម្ពុជា U17

  • ក្រុមកម្ពុជា U17 ចាញ់ តែគ្រូបង្វឹកវៀតណាមសរសើរ

    ក្រុមកម្ពុជា U17 ចាញ់ តែគ្រូបង្វឹកវៀតណាមសរសើរ

    គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម17ឆ្នាំ បានសម្តែងនូវការកោតសរសើរ ក៏ដូចជាបានកត់សម្គាល់ពីការរីកចម្រើនរបស់ក្រុមយុវជនកម្ពុជា បើទោះបីក្រុមរបស់លោកបានលត់ក្រុមម្ចាស់ផ្ទះយ៉ាងចាស់ដៃក្នុងលទ្ធផល 4-0 ក្នុងការប្រកួតមិត្តភាពអន្តរជាតិដើម្បីអបអរដល់ខួបទី50 នៃទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម នាពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃម្សិលមិញក៏ដោយ។

    ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់ការប្រកួត លោក Dinh The Nam គ្រូបង្វឹកនៃក្រុមយុវជនវៀតណាម បានប្រាប់អ្នកយកព័ត៌មានថា៖ «ក្រុមទាំងពីរសុទ្ធសឹងបានបង្ហាញពីទម្រង់លេងដ៏ល្អដូចគ្នា ប៉ុន្តែគ្រាន់តែកម្ពុជាគ្មានសំណាងប៉ុណ្ណោះ។ នេះគឺជាការបង្ហាញពីអនាគតកីឡាបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា និងវៀតណាម»។

    នៅពេលដែលត្រូវបានចោទសួរថា តើលោកបានមើលឃើញពីចំណុចខ្សោយអ្វីខ្លះក្នុងក្រុមកម្ពុជា? លោក Dinh បានឲ្យដឹងថា៖ «លទ្ធផលនេះ មិនបានបង្ហាញពីភាពខុសគ្នាខ្លាំងរវាងកម្ពុជា និងវៀតណាមឡើយ។ ក្រុមយុវជនរបស់កម្ពុជាបានបង្កើតឱកាសល្អៗជាច្រើន ជាពិសេសក្នុងតង់ទី1 ប៉ុន្តែធ្វើមិនបានសម្រេច។ យើងបានបង្កើតឱកាសល្អៗដូចគ្នា ប៉ុន្តែយើងធ្វើបានសម្រេច។ បើធៀបកាលពីឆ្នាំមុន ឥឡូវក្រុមកម្ពុជាអាយុក្រោម17ឆ្នាំនេះមានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់។ កីឡាករដែលខ្ញុំចាប់អារម្មណ៍ក្នុងក្រុមកម្ពុជា គឺកីឡាករពាក់អាវលេខ7 លេខ8 និងលេខ11»។ កីឡាករពាក់អាវលេខ7 គឺខ្សែបម្រើ តាន់ រិទ្ធីវីវត្ថិ ខ្សែបម្រើសិទ្ធិ ម៉ាន់សូត្រ ពាក់អាវលេខ8 និងខ្សែការពារឡុង ម៉េងហាវ ដែលពាក់អាវលេខ11។

    ក្នុងការប្រកួតក្រោមដំណក់ទឹកភ្លៀងកាលពីល្ងាចថ្ងៃម្សិលមិញ ក្រុមអាយុក្រោម17ឆ្នាំ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកោតសរសើរ ហើយពួកគេក៏បានបង្កើតឲ្យមានឱកាសបានគ្រាប់បាល់ផងដែរ តែធ្វើមិនបានសម្រេច មុននឹងក្រុមភ្ញៀវ បានរកគ្រាប់បាល់នាំមុខបាន 2-0 ក្នុងតង់ទី1 មុននឹងបន្ថែម 2គ្រាប់ទៀតក្នុងតង់ទី2៕

  • កម្ពុជា U17 និងវៀតណាម U17 នឹងប្រើកីឡាករខ្លាំងៗដូចគ្នាពេលល្ងាចនេះ

    កម្ពុជា U17 និងវៀតណាម U17 នឹងប្រើកីឡាករខ្លាំងៗដូចគ្នាពេលល្ងាចនេះ

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម 17ឆ្នាំ និងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម 17ឆ្នាំ សុទ្ធសឹងប្តេជ្ញាថា នឹងប្រឹងឲ្យអស់ពីលទ្ធភាពដូចគ្នា នៅពេលដែលក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅកីឡដ្ឋានជាតិអូឡាំពិក ក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះចាប់ពីម៉ោង 6:30ល្ងាចតទៅ។ នេះបើយោងទៅតាមការបញ្ជាក់ពីគ្រូបង្វឹកនៃក្រុមទាំងពីរកាលពីថ្ងៃម្សិលមិញ។

    នៅមុនពេលការប្រកួតមិត្តភាពអន្តរជាតិនៅល្ងាចនេះ ដើម្បីអបអរដល់ខួបទី 50ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ទាំងលោក Inoue Kazunori គ្រូបង្វឹករបស់កម្ពុជា និងលោក Dinh The Nam គ្រូបង្វឹករបស់វៀតណាម បានអះអាងដូចគ្នាថា លោកនឹងប្រើប្រាស់ក្រុមជម្រើសដំបូងដែលប្រជុំដោយកីឡាករឆ្នើមៗ បើទោះបីវាគ្រាន់តែជាការប្រកួតមិត្តភាពក៏ដោយ។

    គ្រូបង្វឹកសញ្ជាតិជប៉ុន Kazunori របស់ក្រុមកម្ពុជា អាយុក្រោម 17ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃម្សិលមិញថា៖ «ពិតណាស់ យើងត្រៀមលក្ខណៈរួចរាល់ហើយថា យើងនឹងប្រើប្រាស់ក្រុមខ្លាំងរបស់យើង បើទោះបីវាគ្រាន់តែជាការប្រកួតមិត្តភាពក៏ដោយ។ យើងនឹងប្រើប្រាស់កីឡាករខ្លាំងៗដើម្បីសាកល្បងទៅលើកម្រិតការលេងរបស់យើង»។

    ជាមួយគ្នានេះដែរ លោក Dinh The Nam គ្រូបង្វឹករបស់ក្រុមវៀតណាមអាយុក្រោម17ឆ្នាំ ក៏បានអះអាងក្នុងសន្និសីទសារព័ត៌មានដូចគ្នាផងដែរថា៖ «យើងនឹងប្រើប្រាស់ក្រុមខ្លាំងរបស់យើង។ យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើង ហើយជាការរំពឹងទុក ក្រុមទាំងពីរនឹងបង្ហាញពីទម្រង់លេងយ៉ាងល្អ ក៏ដូចជាការផ្តល់ភាពរំភើបដល់អ្នកគាំទ្រទាំងអស់ដែរ»។

    ក្រុមទាំងពីរធ្លាប់បានជួបគ្នាមួយលើករួចមកហើយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF U-16 Youth Championship ឆ្នាំ2016 ដោយកាលនោះកម្ពុជាU16 បានចាញ់នៅលើទឹកដីខ្លួនក្នុងលទ្ធផល 1-០៕