Tag: កណ្តាស់

  • និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន (តចប់)

    និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន (តចប់)

    6.ខ្ទប់មាត់ និងលាងដៃពេលកណ្តាស់រួច

    មានមេរោគច្រើនប្រភេទណាស់នៅក្នុងទឹកមាត់ពេលយើងក្អក ឬកណ្តាស់ចេញមក ដូចជា មេរោគផ្តាសាយ មេរោគកញ្រ្ចឹលជាដើម។ល។​ បង្ហាត់ឱ្យក្មេងៗចេះលើកដៃខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រួចហើយលាងដៃនឹងសាប៊ូឱ្យ​បានស្អាតដើម្បីការពារការចម្លងរោគទៅគ្នាទៅវិញទៅមក។

    7.ខំប្រឹង និងព្យាយាម ដើម្បីធ្វើឱ្យបានល្អបំផុត មិនមែនដើម្បីឱ្យក្លាយជាមនុស្សពូកែបំផុតនោះទេ

    នៅក្នុងពិភពនៃការប្រកួតប្រជែង និងសម្ពាធដែលគ្មានហេតុផល គ្មាននរណាម្នាក់ទទួលបានគ្រប់យ៉ាងដែលខ្លួន​​​​ចង់បាននោះឡើយ។ ចូរបង្រៀនឱ្យកូនបានដឹងថា គេបានប្រើប្រាស់ភាពជំនាញរបស់គេយ៉ាងអស់ពីសមត្ថភាពហើយ នោះគឺជា​មោទ​នភាពរបស់ខ្លួនយើង មិនមែនស្ថិតនៅលើការសម្រេចរបស់អ្នកដទៃនោះទេ។ បង្រៀនឱ្យគេយល់ថា កុំរីករាយនឹងរង្វាន់ខ្លាំងជ្រុលពេក តែចូរផ្តល់ភាពសំខាន់ទៅលើការអភិវឌ្ឍ និងលទ្ធផលនៃការព្យាយាមរបស់ខ្លួនយើងវិញ ទើបប្រសើរជាង។

    8.ចេះបរិភោគអាហារដែលមានគុណប្រយោជន៍

    កុំឱ្យកុមារញៀនអាហារដែលមិនសូវមានប្រយោជន៍រហូតក្លាយជានិស្ស័យ ដែលនាំឱ្យកើតរោគធាត់ និងប្រថុយនឹង​ការ​​កើត​​ជំងឺទឹកនោមផ្អែមនៅពេលធំឡើង។ ចូរបង្ហាត់ឲ្យចេះបរិភោគបន្លែ និងផ្លែឈើដែលមានគុណប្រយោជន៍ឱ្យបានញឹកញាប់។

    9.ចូលបន្ទប់ទឹករៀងរាល់ពេលព្រឹក

    កុមារគួរតែត្រូវបានបង្ហាត់ឱ្យយល់ដឹងពីការបន្ទោរបង់ប្រចាំថ្ងៃ​។ គ្រូពេទ្យបានបញ្ជាក់ថា អាការដាស់តឿនទាក់ទិននឹងប្រព័ន្ធបន្ទោរបង់របស់រាងកាយតែងកើតឡើងច្រើនបំផុត គឺក្នុងអំឡុងពេលក្រោយអាហារពេលព្រឹក ហើយក្មេងៗគួរតែមានពេលចូលបន្ទប់ទឹកនៅពេលនោះ។

    10.ចេះគ្រប់គ្រងកំហឹង

    មិនថាតែអាការក្រេវក្រោធ ឬការបញ្ចេញទឹកមុខបង្ហាញពីអារម្មណ៍ជំនួសឱ្យការទម្លាយវាចេញមកក៏ដោយ អាណាព្យាបាលគួរបង្ហាត់ឱ្យកូនៗចេះទប់ និងគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង និងចេះសម្របសម្រួលក្នុងគ្រប់ស្ថានការណ៍ ដោយប្រាប់កូនៗថា អារម្មណ៍ទាំងនោះ។ ត្រូវចេះពិចារណាក្នុងកម្រិតណាមួយសិន មុននឹងបង្ហាញវាចេញមក ឬក៏បោះបង់់វាចោល មិន​បាច់​នឹកដល់វាតែម្តង រឹតតែប្រសើរទៅទៀត។

    រឿងការមើលថែទាំកុមារ ប្រៀបដូចជាការដាំដើមឈើដែរ បើសិនជាមនុស្សធំយកចិត្តទុកដាក់ ឧស្សាហ៍រៀបចំតុបតែង និងផ្តល់ឱ្យនូវអ្វីដែលស័ក្តិសមនោះ ដើមឈើជាទីស្រឡាញ់របស់យើងនឹងរីកលូតលាស់ធំធាត់យ៉ាងល្អស្អាត និងរឹងមាំមិនខាន៕

  • រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិ​សេស​​​​រឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។

    បង្ហើយ : គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅ​ពេលអាយុបានប្រមាណ 6ខែ។

    ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា ​កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។

    ស្លឹកត្រចៀក : គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការ​និយាយក៏មានបញ្ហាដែរ។

    ចំណុចគួរប្រយ័ត្ន ៖ អាចម៍ត្រចៀកនឹងជួយការពារសត្វល្អិតៗ ដូចជាស្រមោច ឬចៃឆ្កែមិនឱ្យចូលបាន ដូច្នេះអ្នកម្ដាយមិនគួរខ្វេះ ឬកេះត្រចៀកឡើយ ព្រោះមិនត្រឹមតែធ្វើឱ្យអាចម៍ត្រចៀកចូលទៅញ៉ុកណែននៅខាងក្នុងប៉ុណ្ណោះទេ តែនៅអាចធ្វើឱ្យកូនតូចឈឺត្រចៀក ឬក្រដាសត្រចៀកអាចនឹងធ្លុះបានទៀតផង។ ជាធម្មតាអាចម៍ត្រចៀកដែលកើតឡើងនោះ នៅពេលដែលវាមានច្រើន វានឹងជ្រុះចេញមកក្រៅ​ដោយឯកឯង។ ចំណែកទារកដែលបានឮជាធម្មតា ត្រូវតែចេះញញឹម ចេះមើលមុខ សម្លឹងភ្នែក និងបែរមើលតាមសំឡេងបាន តែបើកន្លងផុតទៅ 6ខែហើយ នៅតែធ្វើដូចការរៀបរាប់មកមិនបាន នោះបង្ហាញថា កូនតូចអាចនឹងមានបញ្ហាខាងការស្តាប់ឮហើយ ដូច្នេះគួរតែនាំកូនតូចទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    កែវភ្នែក : តាមធម្មជាតិ ក្រពេញទឹកភ្នែកអាចបង្ហូរទឹកភ្នែកចេញមកបាន ដែលប្រកបទៅដោយ អេនហ្សៃម៍ ឡៃសូហ្សៃម៍ (Lysozyme) អាចបំផ្លាញសម្បកកោសិការបស់មេរោគបាក់តេរីបាន ដូច្នេះទើបទឹកភ្នែកជាសារធាតុរលាយដែលការពារការឆ្លងមេរោគនៅក្នុងកែវភ្នែក ។ បើមានវត្ថុចម្លែកចូលក្នុងកែវភ្នែក ក្រពេញទឹកភ្នែកនឹងធ្វើការ ដោយបញ្ចេញទឹកភ្នែកមកភ្លាម ដើម្បីលាងសម្អាតវត្ថុចម្លែកនោះចេញ។

    ចំណុចគួរប្រយ័ត្ន ៖ មិនគួរប៉ះពាល់ ឬរវល់នឹងកែវភ្នែកកូនតូចឡើយ តែបើឃើញមានភាពខុសប្រក្រតីណាមួួយ ដូចជា ភ្នែក​ពណ៌សមិនស តែមានពណ៌ក្រហមព្រឿងៗ ភ្នែកហើមឡើងក្រហម ភ្នែកសើមមានទឹកភ្នែកដក់ជាប់រហូត ឃើញមានចំណុចសៗ​នៅ​​ក្នុងប្រស្រីភ្នែក ភ្នែកញាក់ៗ គ្រាប់ភ្នែកញ័រៗ មានអាចម៍ភ្នែកពណ៌លឿងលាយបៃតង ពេលបើកភ្នែក ត្របកភ្នែកបើក​ឡើងមិនស្មើគ្នា ឬអាយុ 2-3​ ខែហើយ តែនៅមិនទាន់ចេះមើលមុខឪពុកម្តាយ ភ្នែកប៉ះពន្លឺមិនបាន ធ្វើភ្នែកក្រឡឺតក្រឡាប់មិនកើត ពេលសម្លឹងមើលទៅខាងៗក៏បែរទៅទាំងក្បាលជាដើម …បើសង្កេតឃើញមានកើតអាការមួយណាក្នុងចំណោមអាការទាំងអស់ដែលបានរៀបរាប់មកនោះ លោកឪពុកអ្នកម្តាយគួរប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យដើម្បីពិនិត្យកែវភ្នែកកូនជាបន្ទាន់។

    ច្រមុះ : ច្រមុះមានតួនាទីដកដង្ហើម និងហឹតក្លិនផ្សេងៗ។ នៅក្នុងច្រមុះមានរោមតូចៗជាច្រើនដើម្បីការពារកម្ទេចលម្អងធូលី ឬសត្វល្អិតដែលប៉ុនប៉ងចូលទៅក្នុងផ្លូវដង្ហើម ព្រមទាំងមានតួនាទីចាំស្ទាក់ចាប់វត្ថុចម្លែកដែលស្រូបចូលទៅ និងកណ្តាស់ចេញមកវិញ។ សាច់ជាលិកាដែលក្រាលខាងក្នុងប្រហោងច្រមុះ នឹងបំពេញតួនាទីបញ្ចេញជាតិទឹកមកចិញ្ចឹមប្រហោងច្រមុះ ពេលដកដង្ហើមចូលទៅ ជាតិទឹកនៅក្នុងច្រមុះជាអ្នកបន្ថែមសំណើមឱ្យខ្យល់។ បើសាច់ជាលិកាក្នុងច្រមុះរលាក ទឹកច្រមុះនឹងត្រូវបានបញ្ចេញមកច្រើនជាងធម្មតា។

    ចំណុចគួរប្រយ័ត្ន ៖​​ ពេលកូនតូចមិនស្រួលខ្លួន កើតផ្តាសាយ តែងតែមានទឹកសំបោរច្រើន អ្នកម្ដាយគួរយកក្រណាត់ជ្រលក់ទឹកអំបិលជូតថ្នមៗ។ បើប្រើសំឡីត្បារត្រចៀកជូតសម្អាត ត្រូវប្រយ័ត្នពេលកូនតូចរើ ព្រោះអាចនាំឱ្យកើតឧប្បត្តិហេតុបាន ។ រឿង​ដែល​​​​ត្រូវប្រយ័ត្ននោះគឺ អ្នកម្ដាយកុំយកម្រាមដៃរបស់ខ្លួនទៅកេះច្រមុះកូន ព្រោះក្រចកដៃអាចធ្វើឱ្យរយះសាច់ច្រមុះកូនតូចបាន។ ចំណែកច្រមុះដែលមានស្នាមអុចៗសៗ ស្រដៀងមុនខ្សាច់នោះ មិនបាច់កេះចេញទេ ព្រោះវាគ្មានបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីទេ។

    ក្រចកដៃ : ក្រចកដៃមានតួនាទី អេះ កេះ កោស ខ្វាច ហែកចំណីអាហារ ឬរបស់ផ្សេងៗឱ្យក្លាយជាបំណែកតូចៗ។​ ក្រចកដៃ-ជើងរបស់កុមារតូចៗ ក៏ដូចក្រចកដៃ-ជើងរបស់មនុស្សធំដែលឆាប់វែងដែរ។ គេសង្កេតឃើញថា អត្រានៃការដុះរបស់ក្រចកដៃ តែងវែងលឿនជាងក្រចកជើងដល់ទៅ 2ដង ដូច្នេះហើយទើបយើងត្រូវកាត់ក្រចកដៃញឹកញាប់ជាងក្រចកជើង។ ជាធម្មតាគេនិយមកាត់ក្រចករៀងរាល់ 1 – 2សប្តាហ៍ម្តង ចំណែកលក្ខណៈរបស់ក្រចក ជាធម្មតាច្រើនមានពណ៌ផ្កាឈូកស្តើងៗ រាបស្មើគ្នា គ្មានស្នាមរួញ ឬកោងងឡើយ។

    ចំណុចគួរប្រយ័ត្ន ៖ ពេលកាត់ក្រចកដៃឱ្យកូនតូច ត្រូវប្រយ័ត្នកុំឱ្យប៉ះសាច់កូន គួរធ្វើនៅពេលដែលកូនតូចគេងលក់។ គួរជ្រើសរើសប្រើកន្រ្តៃកាត់ក្រចកសម្រាប់ទារក និងពេលកាត់ហើយ គួររូស​ក្រចកឱ្យទាលផង ហើយបើឃើញមានអ្វីខុសប្រក្រ​តីដែលកើតឡើងនៅលើក្រចកកូនតូច គួរទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ ដូចជា ក្រចកឡើងពណ៌ខ្មៅជាំ ឬមានពណ៌ខុស​ប្រក្រតី ក្រចកដុះចេញមកវៀច រួញ ក្រឹន ឬផ្សេងទៀត។ល។

    រន្ធផ្ជិត : ជាប្រក្រតី ចំណែករបស់ទងផ្ជិតនឹងស្ងួតជាបណ្តើរៗ ហើយជ្រុះដោយខ្លួនឯងក្នុងរយ:ពេល 2-3សប្តាហ៍ តែគេក៏​ធ្លាប់ជួបប្រទះដែរថា ទារកខ្លះអាចប្រើពេលយូរជាងនេះទៅទៀត។ តាមការណែនាំរបស់លោកគ្រូពេទ្យ គោលការណ៍នៃ​ការសម្អាត គឺជាវិធីមួយដែលល្អបំផុត ដើម្បីការពារការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់កូនតូចបាន។

    ចំណុចគួរប្រយ័ត្ន ៖ បើទងផ្ចិត និងស្រទាប់ស្បែកជុំវិញឡើងពណ៌ក្រហម និងមានធំក្លិន នោះបញ្ជាក់ថា អាចមានឆ្លងមេរោគ ឬបើសង្កេតឃើញផ្ចិតរបស់កូនឡើងសើម ផ្ចិតរលាកក្លាយ មានឈាមចេញមកតាមផ្ចិត…អ្នកម្តាយគួរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។ សម្រាប់ផ្ចិតប៉ោង ឬទុលឡើង អ្នកម្តាយមិនគួរកង្វល់បារម្ភឡើយ ព្រោះផ្ចិតនឹងរួញចូលវិញដោយឯកឯងក្នុងអំឡុងពេល 2 – 3ខែ ឬមានទារកខ្លះអាចយូរដល់ 1ឆ្នាំក៏មាន។

    ស្បែក : ទារកក្នុងវ័យទើបនឹងកើត អ្នកម្តាយអាចសង្កេតឃើញថា នៅលើស្បែករបស់កូនមានស្នាមអុចៗក្រហមៗពេញ​ខ្លួន ដែលភាគច្រើននឹងរលប់បាត់ទៅវិញដោយឯកឯងនៅពេលដែលធំឡើងជាបណ្តើរៗ តែស្នាមដែលបង្ហាញពីភាពខុសប្រក្រតីខ្លះ ដូចជា ស្នាមនៅលើមុខ ស្នាមនៅលើកំប៉េះគូទ គួរតែប្រញាប់រកមើលមូលហេតុ និងមើលថែទាំតាមអាការ។

    ចំណុចគួរប្រយ័ត្ន ៖ ភាពស្អាតបាតមានអនាម័យ គឺជារឿងសំខាន់ណាស់សម្រាប់ស្បែករបស់ទារក ដូច្នេះបើឃើញមានស្នាមដែលគួរឱ្យសង្ស័យ ដូចជាស្នាមនៅលើគូទ ជាដើម គួរតែសម្អាត ឬជូតឱ្យស្អាត និងផ្លាស់កន្ទបឱ្យរៀងរាល់ពេលបន្ទាប់ពី​ទារកបន្ទោបង់រួច និងមិនគួរស្លៀកខោទឹកនោមគ្រប់ពេលវេលានោះទេ គួរស្លៀកក្រណាត់កន្ទបផាឌិប ឬក៏ឱ្យស្បែកកូនបានប៉ះនឹងខ្យល់អាកាសខ្លះផង៕

  • កណ្តាស់​ញឹកញាប់ កុំ​កន្តើយ អាការ​នេះ​បង្ហាញ​ពី​រោគសញ្ញា​ច្រើនណាស់

    កណ្តាស់​ញឹកញាប់ កុំ​កន្តើយ អាការ​នេះ​បង្ហាញ​ពី​រោគសញ្ញា​ច្រើនណាស់

    ក្នុងអំឡុង​ពេលដែល​អាកាសធាតុ​ប្រែប្រួល រដូវ​កាល​ផ្លាស់ប្តូរ មនុស្ស​ជាច្រើន​តែងមាន​អាការ​កណ្តាស់​ហាច់​ឈីស! ជា​ញឹកញាប់ ដែល​ប្រាកដ​ណាស់ ច្បាស់​ជា​នឹក​ភ្លែត​ឡើង​ថា ប្រហែលជា​កើត​ផ្តាសាយ​មិន​ខាន។ អា៎… កុំអាល​គិតថា អាការ​កណ្តាស់​របស់​យើង​នេះ វា​បញ្ចប់​ត្រឹមតែ​ជំងឺ​ផ្តាសាយ​នោះ ព្រោះ​ការពិតទៅ អ្នកណា​ដែល​កណ្តាស់​ញឹកញាប់ ព្រឹក​ក៏​កណ្តាស់ ល្ងាច​ក៏​កណ្តាស់ កណ្តាស់​ពេញ​មួយថ្ងៃ​នេះ អាច​បណ្តាលមកពី​រាងកាយ​របស់​យើង​មាន​លាក់​បង្កប់​ភាពខុសប្រក្រតី​អ្វី​ម្យ៉ាង ឬ​ច្រើនយ៉ាង​ក៏​អាច​ថា​បានដែរ។

    1/ រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ
    ក្នុងករណី​ដែល​មិនមែនជា​ជំងឺ​ផ្តាសាយ គឺ​មិនបាន​កណ្តាស់ និង​មាន​ទឹកសំបោរ​ខាប់​ស្អិត រួមទាំង​មិនមាន​អាការ​ឈឺក្បាល​ឡើយ ដូច្នេះ​វា​អាចទៅរួច​ថា អាការ​កណ្តាស់​ញឹកញាប់​របស់​អ្នកនេះ អាច​បណ្តាលមកពី​សភា​វ​របស់​រោគ​ប្រតិកម្ម​ចាញ់​ធាតុអាកាស រឹតតែ​នៅលើ​មនុស្ស​ដែលមាន​អាការ​កណ្តាស់​ញឹកញាប់ជាប់ៗគ្នា ឬ​មាន​អាការ​រមាស់​ក្នុង​ភ្នែក ហៀរ​ទឹកភ្នែក​រួមជាមួយ​ផង​នោះ ក៏​រឹតតែ​សង្ស័យថា​អាច​នឹង​កើតរោគ​ប្រតិកម្ម​ចាញ់​អាកា​ធាតុ ឬ​ជំងឺ​ច្រមុះ​បានដែរព្រោះ​រោគ​នេះ​ជា​អា​ការដែល​កើតឡើង​នៅលើ​សាច់​ភ្នាស​ក្នុង​ច្រមុះ ដែល​សាច់​ភ្នាស​ក្នុង​ច្រមុះ​របស់​អ្នក​កើតរោគ​នេះ​នឹង​ឆាប់រហ័ស​មានប្រតិកម្ម​ជាមួយនឹង​កត្តា​ជំរុញ​ជាច្រើន​ដូចជា សភាព​អាកាសធាតុ ធូលី​ដី លំអង​ទឹកភ្លៀង កេសរ​របស់​ផ្កា មេរោគ​ផ្សិត រោមសត្វ ឬ​សូម្បីតែ​ក្លិន និង​វត្ថុ​ដែល​ធ្វើឱ្យ​រលាក​ក្រហាយផ្សេងៗរហូត​បង្ក​ឱ្យ​កើតជា​អាការ​កណ្តាស់​ហាច់​ឈីសៗហ្នឹងឯង។

    2/ រលាក​សាច់​ភ្នាស​ច្រមុះ
    សភាវ​រលាក​សាច់​ភ្នាស​ច្រមុះ​ក៏​អាចជា​មូលហេតុ​របស់​អាកា​រក​ណ្តា​ស់​ញឹកញាប់​នេះ​បានដែរ ដោយ​សាច់​ភ្នាស​ក្នុង​ច្រ​មុះដែល​រលាក​នោះច្រើនតែ​បណ្តាលមកពី​ការឆ្លង​មេរោគ​វីរុស​នៅលើ​ប្រព័ន្ធ​ដកដង្ហើម ឬ​អាចជា​ការឆ្លង​មេរោគ​បាក់តេរី​ដែល​ច្រើនតែ​កើត​នៅលើ​មនុស្ស​ដែលមាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ទាប។ ទាំងអស់នេះ​យើង​អាច​សង្កេត​អាការ​រលាក​សាច់​ភ្នាស​ច្រមុះ​នេះ​បាន​តាមរយៈ​អាការ​កណ្តាស់​ញឹកញាប់ មិន​ព្រម​បាត់ អ្នកខ្លះ​អាចមាន​ក្តៅខ្លួនស្ទិញៗរួមជាមួយ​ផង មាន​ទឹកសំបោរ​ពណ៌​ប្រផេះ លឿង ដែល​បង្ហាញ​ពី​អាការ​ឆ្លង​មេរោគ ហើយ​អ្នកខ្លះ​អាចមាន​អាការ​ឈឺ​ក​រួមជាមួយ​ផងដែរ។

    3/ ជំងឺ​ឫសដូងច្រមុះ
    ឫសដូងច្រមុះ​គឺ សភាវ​ដែល​សាច់​ភ្នាស​នៅក្នុង​ច្រមុះ​មាន​អាការ​រលាក និង​ហើម រហូត​មាន​លក្ខណៈ​លយ​ពក​ចេញមក​ដូចជា​ខ្នែង ដែលច្រើនតែ​បណ្តាលមកពី​ការ​រលាក ឬ​ការឆ្លង​មេរោគ​នៅលើ​សាច់​ភ្នាស​ច្រមុះ​រ៉ាំរ៉ៃ ភាពខុសប្រក្រតី​របស់​ការ​តបស្នង​ចំពោះ​ប្រព័ន្ធ​ប្រសាទ​ដែល​គ្រប់គ្រង​ការធ្វើការ​របស់​សរសៃ​ឈាម​ក្នុង​ផ្នែក​ដែល​ចិញ្ចឹម​សាច់​ភ្នាស​ច្រមុះ ដែលជា​ហេតុ​ធ្វើឱ្យ​កើត​អាការ​ហើម​លើ​សាច់​ភ្នាស​ច្រមុះ។ ភាពខុសប្រក្រតី​ទាំងនោះ​អាច​បង្ហាញ​ចេញមក​ដោយអាការ​តឹង​ណែន​ច្រមុះ កណ្តាស់​ញឹកញាប់ មាន​ទឹកសំបោរថ្លាៗ ឬ​សំបោរ​មាន​ពណ៌​ព្រមជាមួយ​ក្លិន រួមទាំង​មាន​អាការ​ឈឺ​ពើត​នៅត្រង់​ក្តោងច្រមុះ និង​ថ្ពាល់ ឈឺ​ក​រ៉ាំរ៉ៃ និង​អា​ការឈឺ​ងឿង​ក្បាលទៀតផង។

    4/ សភាវ​ឌឺ​ថ្នាំ
    ការប្រើ​ថ្នាំ​ប្រភេទដដែលជាប់ៗគ្នា​យូរ អាច​បង្ក​ឱ្យ​កើត​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​រាងកាយ​បាន ដោយ​ច្រើន​ប្រទះ​ឃើញថា ថ្នាំ​ដែល​អ្នកជំងឺ​លេបជាប់ៗគ្នា​រយៈពេល​យូរ ជាហេតុ​នាំឱ្យ​កើត​អាការ​រលាក ហុច​ផល​ឱ្យ​កើត​អាការ​កណ្តាស់​ញឹកញាប់​មិន​បាត់​បាន​ដូចគ្នា ដោយ​នឹងមាន​ចំណុច​សង្កេត​បន្តិច​ថា អ្នកជំងឺ​នឹងមាន​អាការ​កណ្តាស់​ក្រោយពី​ប៉ះពាល់​នឹង​អ្វី​ដែលជា​កត្តា​ជំរុញ ដូចជា ផ្សែង​បារី ក្លិនឈួល​ខ្លាំង ឬ​ផ្សែង និង​ធូលី​ជាដើម៕