Tag: covid-19

  • អាជ្ញា​ធរ​ទីក្រុង​​ក្វាង​ចូវ ហាមអ្នក​ទិញ​ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន

    អាជ្ញា​ធរ​ទីក្រុង​​ក្វាង​ចូវ ហាមអ្នក​ទិញ​ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន

    ប្រទេស​ចិន៖ អាជ្ញាធរនៃ​ទីក្រុងក្វាង​ចូវ (​Guangzhou) បាន​ហាម​មនុស្ស​ម្នា​ ហូប​អាហារ​នៅ​ក្នុង​អាហារ​ដ្ឋាន​ ឬ​ភោជនីយដ្ឋាន ប៉ុន្តែ អនុញ្ញាតឱ្យ​បញ្ជា​ទិញ​តាម​អ៊ីនធើណិត និង​ខ្ចប់​យកទៅ​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ថែម​នៃ​ជំងឺ​រលាក​សួត​ថ្មីកូរ៉ូណា Covid-19។

    យោង​តាម​សេចក្ដី​ប្រកាស​កាល​ពី​ម្សិល​មិញ អាហារ​ដ្ឋាន និង​ភោជនីយ​ដ្ឋាន​ទាំង​អស់​នៅក្នុង​ទី​​ក្រុងក្វាង​ចូល​​ ខេត្ត​ក្វាង​តុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ត្រូវ​បាន​ហាម​មិន​ឱ្យ​លក់អាហារ​ដែល​ហូប​នៅ​នឹង​កន្លែងដូច​សព្វ​ដង។ ជំនួស​មក​វិញ អតិថិជន​ត្រូវ​តែ​បញ្ជា​ទិញ​តាម​អនឡាញ និង​ទូរស័ព្ទ ឬ​ទៅ​ទិញ​យក​មក​ហូប​នៅ​ឯផ្ទះ​។ ប៉ុន្តែ អាជ្ញា​ធរ​បាន​ផ្ដល់​អនុសាសន៍​ថា ការ​ទិញ​តាម​ទូរស័ព្ទ​ ឬ​តាម​អ៊ីនធើណិត​ គឺ​ជា​វិធី​ដែល​មាន​សុវត្ថិភាព​ជាង​គេ​។

    អ្នក​នៅ​ក្នុង​ក្រុងក្វាង​ចូវ ក៏ដូចជា​បណ្ដា​ក្រុង​ផ្សេង​ៗ​ បាន​ចាប់​ផ្ដើម​ត្រឡប់​ចូល​​ធ្វើ​ការវិញ​ បន្ទាប់​ពី​បាន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិនមួយ​រយៈ​ពេល​វែង​ ព្រោះតែអាសន្ន​រោគ​កូរ៉ូណា។ ដូច្នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​បន្ថែម​ទៀត អាជ្ញា​ធរ​ក៏​បាន​ប្រើ​វិធី​នេះ។ បទ​បញ្ជា​នេះ អនុវត្ត​តែ​ទៅ​លើ​អាហារ​ដ្ឋាន​ខាង​ក្រៅ និង​ភោជ​នីយដ្ឋាន​តែ​ប៉ុណ្ណោះ ចំណែកបុគ្គលិក​ការិយាល័យ​វិញ នៅ​តែ​អាច​ហូប​អាហារ​ក្នុង​អាហារដ្ឋាន​របស់​​ក្រុម​ហ៊ុន​ដែល​ពួកគេ​កំពុង​ធ្វើ​ការ​​នោះបាន​។

    ការ​ទៅ​កាន់​ភោជនីយដ្ឋាន​ដើម្បី​ផឹក​តែ និង​ហូប​អាហារ​ចិន Dim sum (Dim sum គឺជា​ម្ហូប​ចិនមួយ​​បែប ដែល​អាហារ​​ទាំង​នោះ​​ ត្រូវ​បាន​គេ​រៀបចំ​ជា​ផ្នែក​តូចៗ ដាក់​​ក្នុង​កន្ត្រក​ចំហុយ​តូច ឬនៅ​លើចាន​តូចទាប​​មួយៗ) ​គឺជា​ទម្លាប់​របស់​អ្នក​ក្រុង​ក្វាង​ចូវ។

    លោក​ He Zhijuan អាយុ 73ឆ្នាំ បាន​និយាយ​ថា ៖ “សូម្បីតែ​នៅ​ពេល​ប្រទេស​ចិន​ ជួប​នឹង​​គ្រោះ​អត់​ឃ្លាន​កាល​ពីឆ្នាំ1959 ដល់​1961 ខ្ញុំនៅ​ចាំ​ថា អាហារ​ដ្ឋាន​នានា​នៅ​តែ​បើក​ដំណើរ​ការ។ ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ ពេល​អាជ្ញាធរ​ចេញ​បទ​បញ្ជា​ហាម​បែប​នេះ។ ខ្ញុំ​គិត​ថា អាសន្ន​រោគ​នេះ ប្រាកដ​ជា​ធ្ងន់​ធ្ងរ​ណាស់​ហើយ ទើប​ក្វាង​ចូវ ប្រើ​យុទ្ធ​សាស្ត្រ​នេះ​”។

    អាសន្ន​រោគ​កូរ៉ូណា Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាល​ដាល​ តាំង​ពី​ខែ​ធ្នូ ឆ្នាំ2019 នៅទី​ក្រុង​​អ៊ូហាន (Wuhan)​ ប្រទេស​​ចិន។ មក​ដល់​ពេល​នេះ ពិភព​លោក​ទាំង​មូល មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់​ 1,383នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ កើនដល់​ទៅ 64,437នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជិត 5,000នាក់​បន្ថែម​ទៀត​ហើយ ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា

    ជិត 5,000នាក់​បន្ថែម​ទៀត​ហើយ ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា

    គណៈកម្មការ​សុខា​ភិបាល​ខេត្ត Hubei ថ្ងៃ​នេះ បាន​ប្រកាស​ថា មាន​អ្នក​ស្លាប់​ថ្មី​ចំនួន 116នាក់ និង​ 4,823នាក់បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូរ៉ូណា Covid-19​។

    ខេត្ត​ Hubei​ មាន​ករណី​ស្លាប់បន្ថែម​ដោយ​សារ​មេរោគ​កូរ៉ូណា ចំនួន 116នាក់ ធ្វើ​ឱ្យ​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ (ដីគោក) ឡើង​ដល់ 1,485នាក់។ ខេត្ត​នេះ​ក៏មាន​ករណី​ឆ្លង​ថ្មី​ចំនួន 4,823នាក់បន្ថែម​ទៀត ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​​ក្នុង​ខេត្ត​នេះ ឡើង​ដល់ 51,986​នាក់ និង​ទូទាំង​ប្រទេស​ចិន​(ដីគោក) ឡើង​ដល់ 64,627នាក់។

    ខេត្ត Hubei មាន​អ្នក​ជំងឺ​ 36,719នាក់ចូល​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ ក្នុង​នោះមាន​ 1,685​នាក់ កំពុង​ស្ថិត​ក្នុងស្ថានភាព​​គ្រោះ​ថ្នាក់ និង​ 4,131នាក់ បាន​ជាសះស្បើយ​ពី​ជំងឺ។

    គិត​មក​ដល់​ពេល​នេះ ទូទាំងពិភពលោក មាន​ករណី​ផ្ទុក​មេរោគសរុប​​ចំនួន​ 65,209នាក់ និង​អ្នក​ស្លាប់មាន​ចំនួន 1,489នាក់ និង​អ្នក​ដែល​បាន​ជា​សះស្បើយ​ចំនួន 7,063​នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​ គឺ​មាន​ 3ករណី​ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន(ដីគោគ) ក្នុង​នោះ មាន​មួយ​ករណី​នៅ​ហ្វីលីពីន មួយ​ករណី​នៅ​ហុង​កុង និង​មួយ​ករណី​ទៀត​នៅ​ជប៉ុន

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • រក​ឃើញ​មេរោគកូរ៉ូណាជាង​ 500ប្រភេទ​​ នៅ​លើ​សត្វ​ប្រចៀវ ក្នុង​ប្រទេស​ចិន

    រក​ឃើញ​មេរោគកូរ៉ូណាជាង​ 500ប្រភេទ​​ នៅ​លើ​សត្វ​ប្រចៀវ ក្នុង​ប្រទេស​ចិន

    នៅ​ពេល​ពិនិត្យ​លម្អិត​​ទៅ​លើសត្វ​​ប្រចៀវ​មួយ​ប្រភេទដែល​គេ​ហៅ​ថាប្រចៀវ Rhinolophus ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​វីរុស​កូរ៉ូណា​ដល់​ទៅ 500ប្រភេទ​ ដែល​នេះ​ភ័ស្តុតាង​មួយ​បន្ថែម​ទៀត​បញ្ជាក់​ថា មេរោគកូរ៉ូណា​គឺ​បាន​ឆ្លង​ពី​ប្រចៀវ​មក​មនុស្ស​។

    របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ថ្ងៃ​ទី​ 11កុម្ភៈ បាន​ឱ្យ​ដឹង​ថា​ ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​នានា បាន​បង្ហាញ​​ភ័ស្តុ​តាង​កាន់​តែ​ច្រើន​ឡើង​ៗថា ​អាសន្ន​រោគ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា (Covid-19) ​មាន​ជាប់​ទាក់​ទិន​នឹង​វីរុស​កូរ៉ូណា​នៅ​លើ​សត្វ​ប្រចៀវ​ Rhinolophus។

    ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ខាង​លើនេះ បាន​រក​ឃើញ​វីរុសកូរ៉ូណា​ចំនួនជាង​ 500ប្រភេទនៅ​លើ​សត្វ​ប្រចៀវ ​Rhinolophus នេះ នៅ​ក្នុង​ប្រទេស​ចិន។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ជាង​នេះ គឺ​ថា ការ​ធ្វើ​តេស្ត​ឈាម​នៅ​លើ​មនុស្ស​មួយ​ចំនួន​ដែល​រស់​នៅ​ក្បែរ​តំបន់​មាន​សត្វ​​ប្រចៀវ​រស់នៅ បង្ហាញ​ថា អត្រា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា គឺ 2,9%។ ភាគ​រយ​នេះ ក៏​បង្ហាញ​ថា ហានិភ័យ​នៃ​ការ​ឆ្លង​ដោយ​សារ​មនុស្ស​ប៉ះពាល់​សត្វ​ប្រចៀវ​នេះ គឺ​មាន​ខ្ពស់​ពិត​មែន។

    យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា របៀប​​ឆ្លងរបស់​​មេរោគ Covid-19 ចាប់តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ដំបូង នៅ​តែ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​។ សម្មតិកម្ម​នា​បច្ចុប្បន្ន យល់​ថា ប្រភេទ​សត្វ​ផ្សេង​មួយ​ទៀត​ មាន​តួនាទី​ចម្លង​មេរោគកូរ៉ូណា​ ដែល​ដូចទៅ​នឹង​មេរោគ​ SARS កាល​ពី​ឆ្នាំ 2003។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​ China News។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន និង​អន្តរ​ជាតិ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​ការ​កំណត់​ឱ្យ​បាន​ច្បាស់​នូវ​ប្រភព​សត្វ​ដែល​បាន​ចម្លង​មេរោគ​កូរ៉ូណា​ Covid-19 ដើម្បី​ធានា​ឱ្យ​បាន​ថា បញ្ហា​ដដែល​នេះ​នឹង​មិន​អាច​កើត​ឡើង​នៅ​ពេល​អនាគត។ ការ​សិក្សា​ស្រាវ​ជ្រាវ​ក៏​នឹង​ជួយបង្កើន​​ការ​យល់​ដឹង​ច្រើនអំពី​របៀប និង​ផ្លូវ​ដែល​វីរុស​នានា ឆ្លង​ពី​សត្វ​មក​មនុស្ស។

    អាសន្ន​រោគ​ Covid-19 បាន​ផ្ទុះ​ឆ្លងកាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ2019 ដែល​វា​មាន​ប្រភព​ចេញ​មក​ពី​ផ្សារ​ Huanan នៅ​ក្នុង​ទីក្រុង​ Wuhan ដែល​មាន​លក់​សត្វ​ព្រៃ​រស់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • កម្ពុជា អនុញ្ញាតឱ្យនាវាផ្ទុកអ្នកទេសចរដែលជិតអស់ស្បៀង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

    កម្ពុជា អនុញ្ញាតឱ្យនាវាផ្ទុកអ្នកទេសចរដែលជិតអស់ស្បៀង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

    ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam នៅថ្ងៃទី12 កុម្ភៈនេះ បានប្រកាសឱ្យដឹងថា កម្ពុជាបានយល់ព្រមឱ្យនាវាដឹកអ្នកដំណើរទេសចរណ៍របស់ខ្លួន ចូលចតនៅកំពង់ផែរបស់កម្ពុជាហើយ។

    កប៉ាល់ដឹកអ្នកដំណើរទេសចរណ៍ដែលមានឈ្មោះថា MS Westerdam នេះ ធ្លាប់ត្រូវបានប្រទេសជាច្រើនមិនអនុញ្ញាតឱ្យចូលចតនៅឯកំពង់ផែរបស់ពួកគេ។ ប្រទេស និងកោះដែលបានបដិសេធនាវានេះ រួមមានប្រទេស ជប៉ុន តៃវ៉ាន់ ថៃ ហ្វីលីពីន និងកោះហ្គ័ម (Guam)។ មូលហេតុនៃការបដិសេធខាងលើនេះ គឺដោយសារប្រទេសទាំងនោះ មានការភ័យខ្លាច និងសង្ស័យថា អ្នកទេសចរ និងក្រុមបុគ្គលិកនៅលើកប៉ាល់នេះ អាចមានផ្ទុកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី Covid-19។

    កាលពីសប្ដាហ៍មុន អ្នកនាំពាក្យនៃនាវាទេសចរណ៍ខាងលើ បានឱ្យដឹងថា ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះថា ស្បៀងអាហារនៅលើកប៉ាល់នេះ ជិតអស់ទៅហើយ តែនៅទីបំផុត ទីភ្នាក់ងារសារព័ត៌មាន The guardian របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា អាជ្ញាធរកម្ពុជាបានអនុញ្ញាតឱ្យនាវានេះចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃស្អែក (13កុម្ភៈ)ហើយ។

    គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរទេសចរណ៍ចំនួន 1,455នាក់ និងក្រុមនាវិក 802នាក់នេះ បាននិងកំពុងស្ថិតក្នុងការត្រួតពិនិត្យសុខភាពជាប្រចាំ។ ក្រុមអ្នកគ្រប់គ្រងនាវានេះ បានឱ្យដឹងថា អ្នកទេសចរ និងក្រុមនាវិកនៅលើនាវានេះ ពុំមាននរណាម្នាក់ មានផ្ទុកមេរោគកូរ៉ូណា Covid-19 នោះទេ។

    បើយោងតាមអង្គភាពព័ត៌មាន Fresh News របស់កម្ពុជា ក៏បានរាយការណ៍ដូចគ្នាដែរថា នាវាទេសចរណ៍ដ៏ធំ ឈ្មោះ MS Westerdam ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង 7ព្រឹក នៃថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2020 ស្អែកនេះហើយ ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។

    ការអនុញ្ញាតឱ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាយ៉ាងច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់នៅលើកប៉ាល់មួយនេះ មិនមាននរណាម្នាក់ ផ្ទុកមេរោគវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕