នៅមុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន10នាក់បន្ថែមទៀត។ ដូច្នេះ ចំនួនអ្នកបានឆ្លងមេរោគកូរ៉ូណានៅកម្ពុជា បានកើនដល់ 47នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។


នៅមុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន10នាក់បន្ថែមទៀត។ ដូច្នេះ ចំនួនអ្នកបានឆ្លងមេរោគកូរ៉ូណានៅកម្ពុជា បានកើនដល់ 47នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។


ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសចិន បានឱ្យដឹងថា ថ្នាំប្រឆាំងមេរោគ HIV (អេដស៍) ដែលមានឈ្មោះថា Kaletra មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ COVID-19 នៅលើអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរនោះឡើយ។
ការរកឃើញខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវេជ្ជសាស្ត្រនៃប្រទេសចិន និងត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដីវេជ្ជសាស្ត្រ New England កាលពីថ្ងៃទី18មីនា ឆ្នាំ2020។
Kaletra គឺជាថ្នាំមួយប្រភេទដែលមានសមាសធាតុនៃថ្នាំ2ប្រភេទផ្សេងទៀត គឺ lopinavir និង ritonavir ដែលត្រូវបានគេផលិតឡើងដើម្បីប្រឆាំងនឹងមេរោគ HIV ដែលបង្កជំងឺអេដស៍។ ចាប់តាំងពីខែមករា ក្រុមវេជ្ជបណ្ឌិតនៅប្រទេសចិន បានប្រើប្រាស់ថ្នាំទាំង2ប្រភេទនេះដើម្បីព្យាបាលអ្នកជំងឺ COVID-19។
បន្ទាប់ពីបានសិក្សាស្រាវជ្រាវគ្រប់ជ្រុងជ្រោយ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បានសន្និដ្ឋានថា “ថ្នាំ Kaletra មិនមានប្រសិទ្ធភាពច្បាស់លាស់នោះទេ”។
ក្រុមអ្នកវិទ្យាសាស្ត្រនេះ បានពិសោធថ្នាំខាងលើ នៅលើអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរ ចំនួន199នាក់ នៅឯមន្ទីរពេទ្យ Jin Yin-Tan ក្នុងទីក្រុង Wuhan។ អ្នកជំងឺទាំងនេះ មានវ័យចាប់ពី48ឆ្នាំ ដល់68ឆ្នាំ។ នេះគឺជាការពិសោធធំដំបូងមួយ ទៅលើអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរ នៅប្រទេសចិន។
ក្នុងរយៈពេល14ថ្ងៃ ពាក់កណ្ដាលនៃអ្នកជំងឺ COVID-19 ត្រូវបានថែទាំតាមស្ដង់ដាបច្ចុប្បន្ន រួមមានការប្រើប្រាស់វិធីព្យាបាលជំងឺរលាកសួតធម្មតា និងឱ្យប្រើអ៊ុកស៊ីហ្ស៊ែនពេលចាំបាច់។ អ្នកជំងឺក្រៅពីនេះ ត្រូវព្យាបាលដោយប្រើថ្នាំអេដស៍ Kaletra។ ក៏ប៉ុន្តែ លទ្ធផលបានបង្ហាញថា ថ្នាំអេដស៍នេះ មិនអាចជួយឱ្យអ្នកជំងឺប្រសើរឡើង ឬជួយទប់ស្កាត់ហានិភ័យនៃការស្លាប់នោះឡើយ។
បើទោះជាថ្នាំអេដស៍ខាងលើ មិនបានបង្ហាញប្រសិទ្ធភាពជាក់ស្ដែងក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា នេះមិនមែនជាលទ្ធផលចុងក្រោយនោះដែរ។ គេត្រូវធ្វើការពិសោធជាច្រើនទៀត ដើម្បីឱ្យដឹងអំពីប្រសិទ្ធភាពរបស់វា ក្នុងករណីអ្នកជំងឺត្រូវបានព្យាបាលដោយប្រើថ្នាំអេដស៍ បូករួមជាមួយថ្នាំផ្សេងៗទៀត។
បច្ចុប្បន្ន មិនទាន់មានថ្នាំ “ពិសេស” ណាមួយ ដែលមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាល COVID-19 បាននៅឡើយ។ ក្រុមគ្រូពេទ្យនៅលើពិភពលោក កំពុងធ្វើការពិសោធឆ្នាំជាច្រើនប្រភេទផ្សេងៗគ្នា ដោយសង្ឃឹមថា នឹងអាចរកឃើញវិធីជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 បានច្រើនជាងពេលនេះ។
មនុស្សមួយចំនួនត្រូវបានព្យាបាលដោយថ្នាំ អង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) និងថ្នាំប្រឆាំងវីរុស ដើម្បីទប់ស្កាត់ការឆ្លងរោគ និងកាត់បន្ថយការវិវត្តទៅរកភាពធ្ងន់ធ្ងរនៃជំងឺ។ អ្នកខ្លះក៏ព្យាបាលដោយប្រើថ្នាំ steroid ដើម្បីកាត់បន្ថយការរលាកសួតខ្លាំង និងដើម្បីទប់ស្កាត់ប្រតិកម្មហួសកម្រិតរបស់ប្រព័ន្ធភាពស៊ាំ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
ក៏ប៉ុន្តែ មិនទាន់មានថ្នាំណាដែលត្រូវបានបញ្ជាក់ថា មានប្រសិទ្ធភាពនោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពអាសន្ននេះ ក្រុមគ្រូពេទ្យត្រូវតែប្រើប្រាស់រាល់វិធីដែលអាចធ្វើទៅបាន បើទោះវាមានប្រសិទ្ធភាពតិចតួច ឬបណ្ដោះអាសន្នក៏ដោយ។ មានវេជ្ជបណ្ឌិតខ្លះ ថែមទាំងបានបង្កើតស្ដង់ដានៃកម្រិតថ្នាំដោយខ្លួនឯង សម្រាប់ប្រើដើម្បីព្យាបាលអ្នកជំងឺទៀតផង។
មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិក បានផ្ដល់អនុសាសន៍ជាសាធារណៈ ដើម្បីឱ្យមានការជួយព្យាបាលដល់អ្នកជំងឺទូទៅ ប៉ុន្តែក៏បានរំឭកថា ប្រភេទថ្នាំប្រឆាំងវីរុស ឬប្រឆាំងការរលាក អាចនឹងមិននាំមកនូវក្ដីសង្ឃឹមនោះឡើយ។ នេះបើតាម NY Times។
កន្លងមក ក៏មានមន្ទីរពេទ្យមួយចំនួន បានប្រើប្រាស់ថ្នាំគ្រុនចាញ់ hydroxychloroquine ដែលមានតម្លៃទាប និងសុវត្ថិភាពបង្គួរ ដើម្បីព្យាបាលជំងឺ COVID-19 ផងដែរ។ ការសិក្សាស្រាវជ្រាវ បានបញ្ជាក់ថា ថ្នាំនេះអាចទប់ស្កាត់វីរុស COVID-19 មិនឱ្យជ្រៀតចូលបានទៅក្នុងកោសិកាមនុស្ស។ របាយការណ៍ពីប្រទេសចិន និងប្រទេសបារាំង បានឱ្យដឹងថា វិធីព្យាបាលនេះ អាចមានប្រសិទ្ធភាព ប៉ុន្តែ បច្ចុប្បន្ន មិនទាន់មានទិន្នន័យគ្រប់គ្រាន់ដែលអាចបញ្ជាក់ឱ្យច្បាស់អំពីប្រការនេះនៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស

“បើសិនជាប្រទេសណាដែលធ្វើបានល្អទៅលើការដាក់បម្រាមគោចរ និងធ្វើតេស្ត បន្ទាប់ពី6-10សប្ដាហ៍ទៅមុខ ចំនួនករណីឆ្លងរោគក្នុងប្រទេសទាំងនោះ នឹងថយចុះមកនៅតិចតួចបំផុត ហើយអាចដកបម្រាមគោចរឡើងវិញបាន” លោក Bill Gates មានប្រសាសន៍ឆ្លើយតបទៅនឹងសំណួរ1 នៅលើបណ្ដាញសង្គម Teddit កាលពីថ្ងៃពុធកន្លងទៅ។
ដោយចង់ជំរុញឱ្យមនុស្សគ្រប់គ្នារក្សាភាពនឹងនរ និងធ្វើតាមវិធានការសុវត្ថិភាព លោក Bill Gates ដែលជាស្ថាបនិក និងជាសប្បុរសជនរបស់ក្រុមហ៊ុន Microsoft បានថ្លែងថា បណ្ដាប្រទេសដែលបានចាត់វិធានការផ្សេងៗបានល្អ ដូចជាការធ្វើសេស្តរកវីរុសកូរ៉ូណា និងផ្អាករាល់សកម្មភាពមិនចាំបាច់ ប្រទេសទាំងនោះនឹងបានឃើញសេដ្ឋកិច្ច និងសុខុមាលភាពប្រជាជន ល្អប្រសើរឡើងវិញនាប៉ុន្មានសប្ដាហ៍ខាងមុខ។
មហាសេដ្ឋ Bill Gates ថ្លែងថា ការរួមផ្សំរវាងការធ្វើតេស្តរកមេរោគ និងការដាក់ឱ្យនៅដាច់ដោយឡែក គឺពិតជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មេរោគកូរ៉ូណាបានយ៉ាងល្អ។
លោក Bill Gates បានសេរសេរបន្តថា “ដំណាក់កាលបច្ចុប្បន្ន មានការឆ្លងរាលដាលមេរោគដ៏ច្រើនករណី នៅក្នុងបណ្ដាប្រទេសអ្នកមាន។ ជាមួយនឹងសកម្មភាពត្រឹមត្រូវ រួមមានការធ្វើតេស្ត និងបម្រាមគោចរ (ដែលខ្ញុំហៅថា “shut down”) នៅក្នុងរយៈពេលពី2-3ខែទៅមុខទៀត ប្រទេសអ្នកមានទាំងនោះ នឹងអាចគេចផុតពីការឆ្លងរាលដាលកម្រិតខ្ពស់មិនខាន”។
គាត់បន្តថា “ខ្ញុំមានការព្រួយបារម្ភអំពីការខាតបង់ផ្នែកសេដ្ឋកិច្ច ប៉ុន្តែ បញ្ហាអាក្រក់ជាងនេះ នឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ជាបណ្ដាប្រទេសដែលមិនអាចដាក់បម្រាមគោចរដូចទៅនឹងបណ្ដាប្រទេសអ្នកមាន ហើយប្រព័ន្ធសុខាភិបាលក៏នៅមានកម្រិត”។
មហាសេដ្ឋីរូបនេះ ថ្លែងថា មូលនិធិ Gates Foundation បានសន្យាថា នឹងផ្ដល់ថវិកាចំនួនដល់ទៅ100លានដុល្លារអាមេរិក ដើម្បីជួយដោះសា្រយបញ្ហាវិបត្តិសុខភាព COVID-19 នៅទូទាំងពិពលោក ក៏ដូចជាការផ្ដល់5លានដុល្លារអាមេរិក ដើម្បីជួយដល់រដ្ឋ Washington ដែលជាសម្បុកមេរោគកូរ៉ូណាដ៏ធំមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង New York។
លោក Bill Gates ឱ្យដឹងថា មូលនិធិ Gates Foundation កំពុងតែធ្វើការជាមួយក្រុមនានា ដែលធ្វើសកម្មភាពទាក់ទិននឹងរោគវិនិច្ឆ័យ ការព្យាបាល និងវ៉ាក់សាំង ដើម្បីធានាឱ្យបានប្រាកដថា កិច្ចខិតខំប្រឹងប្រែងត្រឹមត្រូវ ត្រូវបានផ្តល់អាទិភាព។
“យើងចង់ធ្វើឱ្យប្រាកដថា ប្រទេសទាំងអស់ ទទួលបានជំនួយទាំងនេះ។ យើងបានបរិច្ចាគចំនួន 100លានដុល្លារអាមេរិក នៅក្នុងខែកុម្ភៈ សម្រាប់កិច្ចការផ្សេងៗជាច្រើន ហើយយើងនឹងធ្វើច្រើនជាងនេះទៀត”។
“អាទិភាពសំខាន់មួយ នោះគឺជាការធានាឱ្យបាននូវលទ្ធភាពនៃការផលិតថ្នាំព្យាបាល និងថ្នាំវ៉ាក់សាំងការពារ។ យើងខ្ញុំក៏បាន និងកំពុងខិតខំជួយជ្រោមជ្រែងវិស័យផ្សេងៗ ដូចជាក្រុមអប់រំរបស់យើង ដែលកំពុងធ្វើការដើម្បីធានាឱ្យធនធាននៅលើអនឡាញសម្រាប់សិស្សានុសិស្ស មានប្រយោជន៍ច្រើនបំផុត តាមដែលអាចធ្វើទៅបាន” នេះបើតាមការបញ្ជាក់របស់មហាសេដ្ឋី Bill Gates៕
ប្រភព៖ សារព័ត៌មានបរទេស

មែននី ប៉ាកគីអាវ កំពូលអ្នកប្រដាល់ វីរបុរសជនជាតិហ្វីលីពីន បានសហការជាមួយអ្នកជំនួញល្បីឈ្មោះលំដាប់ពិភពលោក ជែក ម៉ា ចែកឈុតពិនិត្យរកមេរោគវីរុសកូវីដ-19 ដល់ប្រជាជននៅក្នុងប្រទេសកំណើតរបស់ខ្លួន ក្រោយកើតការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស។
ហ្វីលីពីន ក៏ជាប្រទេសមួយ ដែលគេចមិនផុតពីការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 មកពីប្រទេសចិនដែរ និងយ៉ាងណាក្ដី ក្នុងនាមជាវីរបុរសនៃប្រទេសហ្វីលីពីន មែននី ប៉ាកគីអាវ ដែលមានមុខតំណែងជាតំណាងរាស្ត្រនៅក្នុងសភា ក៏មិនអាចបោះបង់ចោលប្រជាជនបានដែរ។
កំពូលអ្នកប្រដាល់ជនជាតិតាកាឡុក បានថ្លែងប្រាប់តាមរយៈសារព័ត៌មានថា ខ្លួនបានប្រើថវិកាក្នុងមូលនិធិផ្ទាល់ខ្លួន មែននី ប៉ាកគីអាវ ហ្វោនដេស្សិន និងអាស្រ័យភាពជិតស្និទ្ធស្អិតល្មួតជាមួយ ជែក ម៉ា បានរួមគ្នាចែកឈុតពិនិត្យរកមេរោគកូវីដ-19 ហ្វ្រ៊ី ជូនប្រជាជនហ្វីលីពីន ដើម្បីពិនិត្យរកមេរោគរយៈដំបូង មុននឹងទៅជួបគ្រូពេទ្យ។
“យើងមានអារម្មណ៍រំភើបចិត្តខ្លាំងណាស់ ដែលបានប្រកាសថា មូលនិធិរបស់ ជែក ម៉ា បានសហការជាមួយមូលនិធិរបស់ មែននី ប៉ាកគីអាវ ចែកឈុតពិនិត្យមេរោគវីរុសកូវីដ-19 នៅក្នុងប្រទេសហ្វីលីពីន ចំនួន 50,000ឈុត ដោយរឿងរ៉ាវដែលកើតឡើងនៅលើពិភពលោកថ្ងៃនេះ គ្មានអ្វីប្រសើរជាងការជួយសង្គ្រោះរវាងគ្នានឹងគ្នាឡើយ”
សម្រាប់ ប៉ាកគីអាវ អាយុ 41ឆ្នាំ ម្ចាស់ខ្សែក្រវាត់ជើងឯកពិភពលោកទម្ងន់ វែលធើរវេធ របស់សមាគមប្រដាល់ពិភពលោក(WBA) កាលពីពេលមុននេះ មានប្រូក្រាមវិលត្រឡប់ទៅកាន់សង្វៀនវិញនៅក្នុងឆ្នាំនេះ តែក៏ត្រូវបត់គម្រោងការនេះទុកបណ្ដោះអាសន្នសិន ក្រោយកើតការឆ្លងរាលដាលរបស់មេរោគវីរុសដ៏កំណាចនេះ។
ប្រភព៖ ព័ត៌មានបរទេស

ទីក្រុងវូហាន មណ្ឌលកណ្ដាលនៃការឆ្លងរាលដាលវីរុសកូវីដ-19 ក្នុងប្រទេសចិន លែងរកឃើញអ្នកឆ្លងមេរោគថ្មីទៀតហើយ សូម្បីតែម្នាក់ជាលើកដំបូង ចាប់តាំងពីធ្លាប់បានប្រឈមនឹងការឆ្លងរាតត្បាតយ៉ាងធ្ងន់ធ្ងរ រហូតដល់ត្រូវបិទទីក្រុងកាលពីពេលកន្លងមក។

ថ្ងៃទី19 មីនា ឆ្នាំ2020 នេះ រដ្ឋបាលទីក្រុងវូហាន បានបង្ហើបឱ្យដឹងអំពីរបាយការណ៍ថ្មីចុងក្រោយបំផុតថា លែងរកឃើញអ្នកឆ្លងមេរោគវីរុសកូវីដ-19ថ្មីទៀតហើយ សូម្បីតែម្នាក់ជាលើកដំបូង ដូចគ្នានឹងទីក្រុងផ្សេងៗទៀតក្នុងមណ្ឌលហ៊ូពេយរបស់ចិន ដែលក៏លែងរកឃើញអ្នកឆ្លងមេរោគថ្មីទៀតដូចគ្នាដែរ ជិត 2សប្ដាហ៍មកហើយ និងបើសិនជានៅតែមិនមានអ្នកឆ្លងមេរោគថ្មីនៅក្នុងវូហានជាប់ៗគ្នាដល់ 14ថ្ងៃទៀតនោះ អាចនឹងមានបញ្ជាឱ្យបញ្ឈប់ការបិទទីក្រុងវូហាន រដ្ឋធានីចម្បងរបស់មណ្ឌលហ៊ូពេយបាន មិនហួសពីចុងខែមីនានេះឡើយ។
កាលពីពេលមុននេះ ទីក្រុងវូហានត្រូវបានបិទចោលទូទាំងទីក្រុង តាំងពីពាក់កណ្ដាលខែមករាកន្លងមក ដែលអ្នកជំនាញការបានបញ្ជាក់ថា ទោះជាបញ្ឈប់ការបិទទីក្រុងហើយក៏ដោយ តែវិធានការដើម្បីគ្រប់គ្រង និងការពារមេរោគ នឹងនៅតែប្រតិបត្តិជាបន្តបន្ទាប់យ៉ាងម៉ឺងម៉ាត់ដដែល ដើម្បីការពារការវិលត្រឡប់មកឆ្លងរាលដាលជាថ្មី៕
ប្រភព៖ សារព័ត៌មានបរទេស

ប្រទេសអ៊ីតាលី មានអ្នកស្លាប់ដោយសារឆ្លងវីរុស COVID-19 ចំនួន2,978នាក់ បន្ទាប់ពីអ្នកស្លាប់បានកើន475នាក់បន្ថែមទៀតក្នុងរយៈពេលតែមួយថ្ងៃ គឺជិតស្មើនឹងចំនួនអ្នកស្លាប់នៅប្រទេសចិន(3.249នាក់)។
នាយកដ្ឋានការពារជនស៊ីវិលនៃប្រទេសអ៊ីតាលី បានឱ្យដឹងថា ប្រទេសនេះ មានអ្នកស្លាប់ដោយសារ COVID-19 ចំនួន475នាក់បន្ថែមទៀត ដែលជាតួលេខនៃការស្លាប់ក្នុង1ថ្ងៃខ្ពស់បំផុតក្នុងពិភពលោក តាំងពីប្រទេសបានចាប់ផ្ដើមប្រកាសអំពីតួលេខទាក់ទិននឹងរោគរាតត្បាតកូរ៉ូណានេះ។
គិតមកដល់ថ្ងៃទី19មីនានេះ មានអ្នកជំងឺសរុប 35,713នាក់ អ្នកស្លាប់ 2,978នាក់ និងអ្នកដែលបានជាសះស្បើយចំនួន4,025នាក់ នៅប្រទេសអ៊ីតាលី។ តួលេខនៃអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសអ៊ីតាលី ស្មើនឹង 1/3 នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក ខណៈដែលប្រទេសនេះ បានបិទក្រុមហ៊ុនទាំងអស់ និងហាមមិនឱ្យមានការជួបជុំនៅទីសាធារណៈ។
អត្រាអ្នកស្លាប់នៅប្រទេសអ៊ីតាលី ស្មើនឹង 8.3% ខ្ពស់ជាងទ្វេដង បើធៀបនឹងអត្រាមធ្យម 4.1% នៅទូទាំងពិភពលោក។ មានមូលហេតុជាច្រើនដែលនាំឱ្យអត្រានៃអ្នកស្លាប់ដោយសារ COVID-19 ខ្ពស់នៅប្រទេសអ៊ីតាលី ក្នុងនោះ ចំនួនប្រជាជនវ័យចំណាស់ច្រើន និងកង្វះខាតមន្ទីរពេទ្យគឺជាកត្តាចម្បងបំផុត។
នៅតំបន់អឺរ៉ុប ក្រៅពីប្រទេសអ៊ីតាលី ក៏នៅមានប្រទេសមួយចំនួនទៀតដែលរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 ក្នុងនោះ ប្រទេសអេស្ប៉ាញ មានអ្នកឆ្លងមេរោគជាង14,700នាក់ និងស្លាប់638នាក់ ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងរោគជាង12,300នាក់ និងស្លាប់28នាក់ ប្រទេសបារាំងមានអ្នកឆ្លងរោគ9,100នាក់ និងស្លាប់264នាក់ ប្រទេសអង់គ្លេសមានអ្នកឆ្លងជាង2,600នាក់ និងស្លាប់104នាក់។
COVID-19 បានឆ្លងរាលដាលនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 ហើយបានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន173 នៅទូទាំងពិភពលោក ធ្វើឱ្យមនុស្សជាង218,000នាក់កើតជំងឺ ជាង9,000នាក់ស្លាប់ និងជាង84,000នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស

វីរុសធ្វើឱ្យពួកយើងត្រូវតែ “ឈានរំលង” ក្ដីភ័យខ្លាចទៅមុខឱ្យបាន
និងរួមកម្លាំងកាយ កម្លាំងចិត្តគ្នា ធ្វើនូវអ្វីដែលម្នាក់ៗអាចធ្វើបានដោយមិនពិបាក
ដើម្បី “បញ្ឈប់ការឆ្លងរាលដាល” របស់មេរោគវីរុសកូវីដ-19
ដោយវិធីមួយ គឺ “ផ្អាកការធ្វើដំណើរ” និង “ស្ថិតនៅក្នុងផ្ទះ” ក្នុងអំឡុងពេលនេះ។
វេបសាយព័ត៌មាន UPI បានរាយការណ៍ថា ថ្មីៗនេះ មានអ្នកបើកយន្តហោះជនជាតិអូទ្រីសម្នាក់
បាននាំយន្តហោះម៉ាស៊ីន1 ប្រភេទ ដៃម៉ន់ ឌីអេ 40 ដៃម៉ន់ ស្តារ៍
បើកហោះឡើងចេញពីអាកាសយានដ្ឋាន វីនើ ណយឆ៍ ដាត់ថ៍ ក្នុងប្រទេសអូទ្រីស
ឆ្ពោះទៅទីក្រុង ហ្គ្រាស ភាគខាងត្បូងទីក្រុង វៀនណា ដោយប្រើរយៈពេលហោះហើរ 24នាទី…។
ទាំងអស់នេះ គឺមិនមែនដើម្បី “ដឹកជញ្ជូនអ្នកដំណើរ” នោះទេ
តែ ត្រូវការ “ផ្ញើសារ” ឱ្យមនុស្សគ្រប់គ្នា ពួតដៃគ្នា “ស្ថិតនៅក្នុងផ្ទះ”
ផ្អាកការធ្វើដំណើរដែលមិនសំខាន់ ឬមិនចាំបាច់ក្នុងអំឡុងពេលនេះ
ដើម្បីជួយគ្នាបញ្ឈប់ការឆ្លងរាលដាលរបស់វីរុសកូវីដ-19 ដោយខ្សែផ្លូវហោះហើរ ដែលអ្នកបើកយន្តហោះរូបនោះបានហោះឆ្លងកាត់
ពេលគូសភ្ជាប់គ្នាជាខ្សែតាមប្រព័ន្ធរ៉ាដាហើយនោះ វាចេញជាតួអក្សរដែលមានន័យថា “STAY HOME”
ឬ “ស្ថិតនៅក្នុងផ្ទះ” ណា៎ទាំងអស់គ្នា!!!
ប្រភព៖ សារព័ត៌មានបរទេស

កោះតៃវ៉ាន់ បានប្រកាសហាមមិនឱ្យផ្ដល់ទិដ្ឋាការចំពោះជនបរទេស រាប់ចាប់ពីថ្ងៃស្អែកតទៅ ខណៈដែលជនបរទេសដែលបានមកកាន់តៃវ៉ាន់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 កាន់តែច្រើនឡើងៗ។
សេចក្ដីប្រកាសកន្លងមករបស់កោះតៃវ៉ាន់ បានឱ្យដឹងថា អ្នកដែលបានចូលមកកោះនេះ ត្រូវតែបង្ខាំងខ្លួនដាច់ដោយឡែករយៈពេល14ថ្ងៃ។
មេដឹកនាំក្រសួងការបរទេសតៃវ៉ាន់ Joseph Wu ក្រោយមកទៀត ក៏បានប្រកាសសាជាថ្មីថា តៃវ៉ាន់នឹងចាប់ផ្ដើមផ្អាកផ្ដល់ទិដ្ឋាការចំពោះជនបរទេសទូទៅ លើកលែងតែអ្នកដែលមានលិខិតបញ្ជាក់ថា ជាអ្នករស់នៅតៃវ៉ាន់ពីមុនមក និងអ្នកការទូត រួមនឹងអ្នកជំនួញដែលមានលិខិតបញ្ជាក់ពិសេសពីតៃវ៉ាន់។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន 160 នៅទូទាំងពិភពលោក ធ្វើឱ្យមនុស្សចំនួនជិត 200,000នាក់ បានកើតរោគ និងជិត 8,000នាក់បានស្លាប់។ កោះតៃវ៉ាន់ មកដល់ពេលនេះ មានអ្នកស្លាប់ដោយសារមេរោគ COVID-19 ត្រឹមតែ1ករណីប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មានបរទេស

ផ្លូវលំតូចមួយនៅឯតំបន់ Virginia ខាងលិច ក្បែរជើងភ្នំ Appalachia នាំទៅកាន់ជំរំមួយដែលស្ថិតនៅក្នុងព្រៃរបស់មនុស្សមួយក្រុមដែលគេចាត់ទុកថាជាអ្នកកាន់ “លទ្ធិការពារខ្លួន” (survivalism)។
ក្រុមនេះ បានចាប់ផ្ដើមត្រៀមតាំងពីយូរមកហើយ សម្រាប់ការដួលរលំនៃអរិយធម៌របស់មនុស្សជាតិ មុនពេលរោគរាតត្បាត COVID-19 បានមកដល់។
ជាមួយនឹងសម្ភារប្រើប្រាស់ ស្បៀងអាហារដែលមានសុពលភាពប្រើប្រាស់ដល់ទៅ25ឆ្នាំ រួមនឹងអង្ករ និងម្សៅមីជាដើម មនុស្សទាំងនេះ បាននាំគ្នាគេចចេញពីតំបន់ដែលអាចឆ្លងរោគ COVID-19 ទៅរស់នៅក្នុងតំបន់សុវត្ថិភាពដែលស្ថិតនៅក្នុងព្រៃជ្រៅ។ ស្បៀងអាហាររបស់ពួកគេត្រូវបានតម្រៀបយ៉ាងមានរបៀប នៅក្នុងឃ្លាំងក្រោមដី ដែលធ្វើអំពីបេតុង និងដែកយ៉ាងរឹងមាំ។
ក្រុមមនុស្សកាន់ “លទ្ធិការពារខ្លួន” ដែលគេហៅក្រុម Fortitude Ranchនេះ សម្បូរទៅដោយសម្ភារចាំបាច់ដែលកំពុងត្រូវបានគេតាម “ប្រមាញ់” នៅទូទាំងពិភពលោក នោះគឺ ក្រដាសអនាម័យ និងម៉ាស់។
Steve Rene ជាអ្នកគ្រប់គ្រងជំរំលាក់ខ្លួនដែលមានផ្ទៃដីទំហំ 40ហិកតា បានឱ្យដឹងថា “ពេលនេះ វា (ជំរំលាក់ខ្លួន) មានតម្លៃខ្លាំងណាស់”។
បាវចនារបស់ក្រុម Fortitude Ranch គឺ “ត្រៀមរួចរាល់សម្រាប់ស្ថានភាពអាក្រក់បំផុត និងរីករាយនឹងបច្ចុប្បន្នភាព!”។ ជារៀងរាល់ឆ្នាំ សមាជិកក្នុងក្រុមនេះ មានពេល2សប្ដាហ៍ដើម្បីមកលេង និងសម្រាកលម្ហែកាយក្នុងតំបន់ដាច់ស្រយាល និងពោរពេញដោយសម្រស់ធម្មជាតិ ព្រមទាំងអាចដើរកម្សាន្ត ឬស្ទូចត្រី នៅក្នុងទន្លេដែលមានឈ្មោះថា “Lost”។ ក្រុមនេះ ក៏មានសាខាមួយផ្សេងទៀត នៅក្នុងរដ្ឋ Colorado ផងដែរ។
លោក Rene ដែលសមាជិកម្នាក់ក្នុងក្រុម “លទ្ធិការពារខ្លួន” Fortitude Ranch បានឱ្យដឹងថា “នេះមិនមែនជាក្រុមមនុស្សល្ងង់ល្ងីល្ងើ ដែលចេះតែគិតអំពីថ្ងៃអវសាននៃពិភពលោកនោះទេ។ យើងមិនបានរើសអើង ហើយយើងក៏មិនមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធណាមួយនោះដែរ”។
ប៉ុន្តែ នៅលើទីតាំងនៃមុមទាំង4របស់ជំរំនៃក្រុម Fortitude Ranchនេះ សុទ្ធតែមានប៉មយាម ហើយក្នុងបន្ទប់ទទួលភ្ញៀវក៏មានកាំភ្លើងកាណុងវែង1ដើមផងដែរ ដើម្បីបង្ហាញថា ក្រុមនេះ ធ្វើសកម្មភាពយ៉ាងហ្មត់ចត់។ Rene និយាយថា “ក្រុមមនុស្សដែលអស់សង្ឃឹម គឺគេធ្វើរឿងអស់សង្ឃឹម”។
ក្រុម Fortitude Ranch នេះ មិនបានចាត់ទុកកម្លាំងបរទេស ឬកម្លាំងពិភពខាងក្រៅ ជាការគំរាមកំហែងលើពួកគេនោះទេ ប៉ុន្តែ ពួកគេបានចាត់ទុកជនជាតិអាមេរិកាំងខ្លួនឯង ដែលមានភាពច្របូកច្របល់ អាចមានសកម្មភាពប្លន់ស្បៀងអាហាររបស់ពួកគេ នៅពេលមានការវាយប្រហារដោយអាវុធនុយក្លេអែរ ឬអាវុធជីវសាស្ត្រ ការបះបោរផ្នែកនយោបាយ និងមហារោគរោគរាតត្បាត។ល។
“ជាក់ស្ដែងបញ្ហាខាងលើនេះ កម្រនឹងកើតឡើង ប៉ុន្តែ វានៅតែមានលទ្ធភាពអាចកើតឡើង។ បើសិនអ្នកមិនបានត្រៀមខ្លួន អ្នកនឹងមិនដឹងថាត្រូវទៅណា និងធ្វើអ្វីនោះទេ។ ពេលមានអាសន្នធំកើតឡើង ភាពច្របូកប្របល់នឹងធ្វើឱ្យមនុស្សអាចដណ្ដើមគ្នារស់ ហើយនិងមានបញ្ហាជាច្រើនហួសពីសមត្ថភាពទប់ទល់របស់យើង” លោក Rene រៀបរាប់។
គណៈកម្មការនៃក្រុមខាងលើនេះ មានសមាជិកចំនួន5នាក់ ក្នុងនោះមាន Rene ផងដែរ។ ក្នុងករណីបន្ទាន់ Rene នឹងសម្រេចចិត្តថាតើត្រូវប្រកាសអាសន្នដែរ ឬអត់។ ពេលនោះ សមាជិកនៃគណៈកម្មការ នឹងត្រូវបានអញ្ជើញមកកាន់ជំរំខាងលើ។ អ្នកដែលមានបំណងចូលកាន់ជំរំរបស់ក្រុម Fortitude Ranch គឺត្រូវតែប្រើប្រាស់ពាក្យសម្ងាត់ដែលក្រុមនេះបានកំណត់។
ករណីមានមហារោគរាតត្បាតកើតឡើងទូទាំងប្រទេស អ្នកចំណូលថ្មីដែលចូលមកកាន់ជំរំនេះ នឹងត្រូវវាស់កម្ដៅខ្លួន មុនពេលត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ដែលមានប្រព័ន្ធអេកូឡូស៊ី ដែលអាចចិញ្ចឹមជីវិតដោយខ្លួនឯងបាន។ នៅក្នុងជំរំនេះ មានអណ្ដូងទឹក ប្រព័ន្ធថាមពលព្រះអាទិត្យ វិទ្យុ ផ្ទះកញ្ចក់ សត្វចិញ្ចឹមផ្សេងៗ ដូចជា មាន់ ពពែ គោ រួមនឹងកន្លែងរំលាយសាកសពអ្នកជំងឺដែលស្លាប់ដោយសាររោគរាតត្បាត។
ស្ថាបនិករបស់ Fortitude Ranch គឺ Drew Miller ដែលជាអតីតអ្នកជំនាញផ្នែកចារកម្មយោធា ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard។
ខុសពីប្រព័ន្ធបន្ទប់លាក់ខ្លួននៅក្រោមដីដ៏មានតម្លៃថ្លៃ ដែលមហាសេដ្ឋីនានាបានសាងសង់ Fortitude Ranch របស់ Drew Miller ផ្ដោតទៅលើក្រុមមនុស្សដែលមានទ្រព្យធម្យម និងទាប។ អ្នកដែលចូលមកសម្រាកនៅទីនេះ គ្រាន់តែចំណាយ1,000ដុល្លារអាមេរិកប៉ុណ្ណោះក្នុង1ឆ្នាំ សម្រាប់កញ្ចប់ទាបបំផុតដែលមានគ្រែ1នៅក្នុងបន្ទប់ក្រោមដី។
ថ្មីៗនេះ Rene ទទួលបានការស្នើ និងសាកសួរព័ត៌មានជាច្រើនតាមរយៈអ៊ីម៉េល ខណៈដែលរោគរាតត្បាត COVID-19 កំពុងបង្កភាពវឹកវរនៅពាសពេញសហរដ្ឋអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស

ជនជាតិម៉ាឡេស៊ីចំនួនរាប់ពាន់នាក់ នាំគ្នាយួរកាបូបដាក់សម្ភារចាំបាច់ និងសម្លៀកបំពាក់ ធ្វើដំណើរឆ្លងព្រំដែនចូលទៅប្រទេសសិង្ហបុរី កាលពីអំឡុងពេលល្ងាចថ្ងៃអង្គារម្សិលមិញ(ទី17មីនា) ត្រៀមខ្លួនចាកចេញពីស្រុកកំណើតរយៈពេល 2សប្ដាហ៍ នៅប៉ុន្មានម៉ោង មុនពេលវិធានការបិទព្រំដែនរបស់រដ្ឋបាលម៉ាឡេស៊ីត្រូវបានអនុវត្ត។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ។
ដោយសារក្លាយជាប្រទេសដែលបានរកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ម៉ាឡេស៊ីមានវិធានការហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរចេញទៅក្រៅប្រទេស និង ហាមជនបរទេសចូលមកក្នុងប្រទេសដូចគ្នា ចាប់តាំងពីអធ្រាត្រថ្ងៃទី17 មីនាកន្លងទៅ រហូតដល់ថ្ងៃទី31 មីនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគមរណៈនោះ។
ទាំងអស់នេះ ជាធម្មតា មានប្រជាជនម៉ាឡេស៊ីជាង 300,000នាក់ ដែលធ្វើដំណើរចេញ-ចូលទៅធ្វើការនៅក្នុងប្រទេសសិង្ហបុរីក្នុង 1ថ្ងៃៗ ហើយសេចក្ដីថ្លែងការណ៍កាលពីយប់ថ្ងៃចន្ទ(ទី16មីនា) អាចនឹងធ្វើឱ្យពួកគេត្រូវរស់នៅដោយគ្មានប្រាក់ចំណូលក្នុងរយៈពេលយូរ ដោយសារវិធានការបិទប្រទេសក្នុងគ្រានេះ។
ឡៅ តុងលីន អាយុ 21ឆ្នាំ បានប្រាប់ថា គេមានផែនការទៅសុំស្នាក់អាស្រ័យនៅជាមួយបងប្អូនជីដូនមួយនៅក្នុងប្រទេសសិង្ហបុរី “បើខ្ញុំមិនទៅទេ ខ្ញុំអាចចាំបាច់ត្រូវសុំច្បាប់ឈប់ដោយមិនបានទទួលប្រាក់ឈ្នួល និងខ្លាំងជាងនោះទៅទៀត គឺខ្ញុំខ្លាចអត់ការងារធ្វើ”
ប្រទេសសិង្ហបុរី ជាប្រទេសដែលមានប្រជាជនជាង 5.7លាននាក់ ដែលត្រូវពឹងលើជនជាតិម៉ាឡេស៊ីពីរដ្ឋយ៉ះហូរ យ៉ាងច្រើន សម្រាប់ធ្វើជាធនធានបុគ្គលិកក្នុងមុខជំនួញផ្សេងៗ រាប់តាំងពីភោជនីយដ្ឋាន រហូតទៅដល់ផ្នែកផលិត សឺមីខន់ដាក់ទើរ។
រដ្ឋបាលសិង្ហបុរី បានប្រាប់ថា នឹងជួយសង្គ្រោះក្រុមហ៊ុនផ្សេងៗ ដែលចាំបាច់ត្រូវរៀបចំត្រៀមកន្លែងស្នាក់នៅឱ្យពលករម៉ាឡេស៊ី ក្នុងនោះរួមទាំងសាលារៀន និងបន្ទប់ស្នាក់នៅតម្លៃថោកឱ្យពួកគេផងដែរ។
ក្រសួងការងារ បានបញ្ជាក់ថា នឹងឧបត្ថម្ភប្រាក់ចំនួន 50ដុល្លារសិង្ហបុរី(ប្រមាណ 30ដុល្លារអាមេរិក)ក្នុង 1យប់ ក្នុងរយៈពេល 14យប់ សម្រាប់ពលករម្នាក់ៗដែលក្រុមហ៊ុនមួយៗត្រូវតែជួយសម្រួលឱ្យ។
ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ(ទី17មីនា) បានរាយការណ៍ថា រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីថែមទៀតចំនួន 23នាក់ ជាថ្ងៃដែលមានអ្នកឆ្លងមេរោគច្រើនបំផុត ចាប់តាំងពីការរកឃើញមានការឆ្លងរាលដាលមក ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគនៅពេលនេះកើនឡើងដល់ 266នាក់ហើយ៕
ប្រភព ៖ ព័ត៌មានបរទេស