Tag: covid-19

  • សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងនូវចំណុចសំខាន់ៗចំនួន 8ចំណុច ទាក់ទងនឹងវិធានការចូលរួមទប់ស្កាត់ជំងឺកូវីដ19

    សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងនូវចំណុចសំខាន់ៗចំនួន 8ចំណុច ទាក់ទងនឹងវិធានការចូលរួមទប់ស្កាត់ជំងឺកូវីដ19

    នៅព្រឹកថ្ងៃចន្ទទី30 ខែមីនា ឆ្នាំ2020 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។

    នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន 8ចំណុច ទាក់ទងទៅនូវវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា៖
    1) សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ19។ ដោយសម្តេចតេជោបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ19។

    2) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញ៉ាប់។ ប៉ុន្តែសម្តេចតេជោបន្ថែមថា ច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ19 រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។

    3) សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឱ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី05 ខែមេសា ឆ្នាំ2020 តទៅ។ ការសម្រេចនេះ ដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

    4) សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី01 ខែមេសា ឆ្នាំ2020 តទៅ ។ការប្រកាសទុកពេលរហូតដល់ថ្ងៃទី1 មេសា នោះគឺដើម្បីទុកពេលឱ្យថៅកែកាស៊ីណូ នីមួយៗ រៀបចំគិតគូទូទាត់ប្រាក់ខែដល់បុគ្គលិកកម្មករ របស់ខ្លួន ហើយនេះគឺដើម្បីជាវិធានការទប់ទល់នឹងការរីករាលដាលជំងឺកូវីដ19។ តែការសម្រេចបិទកាស៊ីណូនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់ទេ។

    5) ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឱ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19។ ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ19 សូមកុំឱ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ19 នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 នោះទេ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ19 គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង។

    6) សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវអោយប្រជាពលរដ្ឋបង្វែរការភ័យខ្លាចទៅជាវិធានកាតទប់ស្កាត់ការពារខ្លួនពីជម្ងឺនេះ។ សម្តេចតេជោបានអរគុណដល់បណ្តាញផ្សព្វផ្សាយ យុទ្ធនាការអប់រំ , អ្នកនិពន្ធបទចម្រៀង និងការផលិតវីដេអូអប់រំខ្លីៗ។ ក្នុងនោះសម្តេចតេជោសុំអោយបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃជាង៥ម៉ឺននាក់នោះ ត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែក 14ថ្ងៃ រងចាំការធ្វើតេស្តសិន និងត្រូវចេះការពារខ្លួនឯងទប់ស្កាត់ការចម្លងទៅក្រុមគ្រួសារ។

    7) សម្តេចតេជោ ហ៊ុន សែន ស្នើសូមអោយគ្រប់វិស័ឯកជន និងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់រៀងៗខ្លួន ដូចជាការពន្យានៃការបង់ការប្រាក់ បង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងតែជួបបញ្ហាក្នុងរយៈពេលខ្លីនេះ។

    8) សម្តេចតេជោ ហ៊ុន សែន បានអរព្រះគុណចំពោះព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ និងបណ្តាសប្បុរសជនទាំងអស់ដែលបានប្រទាន និងបរិច្ចាគក្នុងការទប់ស្កាត់ជម្ងឺកូវីដ19នេះ។ ថវិកាដែលទទួលបានរហូតមកដល់ពេលនេះគឺមានជាង 10លានដុល្លារ បូករួមប្រាក់រៀល។ សម្តេចតេជោបានប្រកាសថាជំហ៊ានដំបូងសម្តេចតេជោនឹងប្រើប្រាស់ថវិកានោះទៅទិញម៉ាសចំនួន 3លានម៉ាសន្ថែមទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវពេទ្យប្រមាណ 5ពាន់ សម្រាប់ ដែលខោអាវពេទ្យនោះមួយផ្នែកយកពីស្វាយរៀង មួយផ្នែកយកពីកំពង់ចាម និងទិញពីក្រៅប្រទេសបន្ថែមទៀត។

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសុំអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជម្ងឺនេះទាំងអស់គ្នា៕

    ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

  • ពិភពលោក កាលពីសប្ដាហ៍មុន…(បណ្ដុំរូបភាព)

    ពិភពលោក កាលពីសប្ដាហ៍មុន…(បណ្ដុំរូបភាព)

    ពិភពលោក កាលពីសប្ដាហ៍មុន...(បណ្ដុំរូបភាព)-ព្រះអង្គម្ចាស់ ឆារ៍លស៍ នៃរាជវង្សអង់គ្លេស ទ្រង់មានលទ្ធផល “វិជ្ជមាន” ពីការពិនិត្យរកមេរោគកូវីដ-19 ដោយនៅក្នុងសេចក្ដីថ្លែងការណ៍ពីព្រះរាជដំណាក់ ឃ្លែរេនស៍ បានបញ្ជាក់កាលពីថ្ងៃទី25 ថា ព្រះអង្គ ទ្រង់នៅតែមានព្រះរាជសុខភាពល្អដូចមុនជាធម្មតា និងព្រះអង្គទ្រង់បានបង្ខាំងព្រះកាយនៅក្នុងប្រទេសស្កុតលែនដ៍

    ខាងក្រោមនេះ គឺបណ្ដុំរូបភាពព័ត៌មានអន្តរជាតិជុំវិញពិភពលោក កាលពីសប្ដាហ៍កន្លងទៅ…

    -អ្នកជំនាញការនៃកងទ័ពរុស្ស៊ី កំពុងឈរនៅខាងក្រៅកន្លែងសម្រាកថែទាំ នើសស៊ីង ហូម(Honneger) ដែលមានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 មិនតិចជាង 35នាក់ឡើយ នៅក្នុងតំបន់ Albino អ៊ីតាលី(រូបភាពកាលពីថ្ងៃសៅរ៍ ទី28មីនា របស់ AFP)

    ពិភពលោក កាលពីសប្ដាហ៍មុន...(បណ្ដុំរូបភាព)-ស្លាកសញ្ញាណែនាំពីការរក្សាគម្លាតឆ្ងាយពីគ្នា នៅក្នុងប្រទេសសហរដ្ឋអាមេរិក(AP)

    ពិភពលោក កាលពីសប្ដាហ៍មុន...(បណ្ដុំរូបភាព)-លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងពិធីចុះហត្ថលេខាលើបទបញ្ជាប្រកាសឱ្យប្រើច្បាប់ The CARES act ដែលជាច្បាប់ប្រើប្រាស់ថវិកាគ្រាអាសន្ន ដើម្បីជួយដល់ផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋអាមេរិកាំង ក្នុងស្ថានការណ៍វិបត្តិកូវីដ-19 ចំនួន 2លានលានដុល្លារ នៅក្នុងបន្ទប់ធ្វើការរាងពងក្រពើ ប្រចាំសេតវិមាន កាលពីថ្ងៃសុក្រ ទី27 មីនា(AFP)

    ពិភពលោក កាលពីសប្ដាហ៍មុន...(បណ្ដុំរូបភាព)-អាជ្ញាធរ និងមន្ត្រីយោធា នេសឹននែល ហ្គាដ ក្នុងទីក្រុងនីវយ៉ក ដើរនៅពីមុខតង់កៅស៊ូ ដែលសាងឡើង សម្រាប់ធ្វើជាកន្លែងតម្កល់សាកសពបណ្ដោះអាសន្ន នៅបរិវេណខាងក្រៅមន្ទីរពេទ្យ Bellevue ក្នុងទីក្រុងនីវយ៉ក កាលពីថ្ងៃពុធ ទី25 មីនា(AFP)

    ពិភពលោក កាលពីសប្ដាហ៍មុន...(បណ្ដុំរូបភាព)-រូបភាពបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកទីក្រុងវូហាន…បុគ្គលិកអ្នកបញ្ជូនម្ហូបអាហារម្នាក់ កំពុងឈររង់ចាំហុចកញ្ចប់ចំណីអាហារពីលើរបារបាំងឃាំងផ្លូវចូលតំបន់ស្នាក់អាស្រ័យមួយក្នុងទីក្រុង។ រូបភាពកាលពីថ្ងៃអាទិត្យ ទី29 មីនា(រ៉យទ័រ)

    ពិភពលោក កាលពីសប្ដាហ៍មុន...(បណ្ដុំរូបភាព)-ពលករចំណាកស្រុកជនជាតិមីយ៉ាន់ម៉ា កំពុងប្រជ្រៀតគ្នាដើរឆ្លងស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ដើម្បីត្រឡប់ចូលទៅក្នុងខេត្ត មៀវ៉ាឌី ប្រទេសកំណើតរបស់ពួកគេវិញ ក្រោយវីរុសកូវីដ-19 រាតត្បាតនៅក្នុងប្រទេសថៃ ហើយរដ្ឋបាលថៃបានប្រកាសប្រើច្បាប់ស្ថានការណ៍អាសន្ននៅក្នុងសប្ដាហ៍នេះ។ រូបភាពកាលពីថ្ងៃពុធ ទី25 មីនា(រ៉យទ័រ)

    ពិភពលោក កាលពីសប្ដាហ៍មុន...(បណ្ដុំរូបភាព)-សម្ដេចសង្ឃ សាន់តាប៉ាប៉ា ហ្វ្រានស៊ីស ប្រារព្ធពិធីជូនពរ Urbi et Orbi ជាភាសាឡាទីន ឬប្រែថា “ជូនចំពោះទីក្រុងនេះ និងពិភពលោកទាំងមូល” នៅផ្នែកខាងលើបំផុតនៃជណ្ដើររបស់ព្រះមហាវិហារអ្នកឆ្លងបុណ្យ ប៉េត្រូ តែព្រះអង្គឯង។ រូបភាពកាលពីថ្ងៃសុក្រ ទី27 មីនា(AFP)

    ពិភពលោក កាលពីសប្ដាហ៍មុន...(បណ្ដុំរូបភាព)-លោកនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស បូរីស ចនសុន កំពុងអ្គុយនៅក្នុងបន្ទប់ធ្វើការ ក្នុងផ្ទះលេខ10 ផ្លូវ ដាវនីង ក្នុងអំឡុងពេលចូលរួមក្នុង វីដេអូ ខន់ហ្វ៊ើរេនស៍ ជាមួយមេដឹកនាំក្រុមប្រទេសG-20 ដទៃទៀត។ កាលពីពេលមុនហ្នឹង លោក ចនសុន បានចេញសេចក្ដីថ្លែងការណ៍ តាមរយៈប្រព័ន្ធធ្វីតធើរថា លោកបានកើតជំងឺដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មីហើយ។ រូបភាពកាលពីថ្ងៃព្រហស្បតិ៍ ទី27 មីនា(រ៉យទ័រ)

    ពិភពលោក កាលពីសប្ដាហ៍មុន...(បណ្ដុំរូបភាព)-បុគ្គលិកពេទ្យផ្នែកសង្គ្រោះបន្ទាន់បារាំង កំពុងនាំខ្លួនអ្នកជំងឺកូវីដ-19 ឡើងជិះរថភ្លើងល្បឿនលឿន TGV ក្នុងតំបន់ Mullhouse ភាគខាងកើត ដើម្បីធ្វើការជម្លៀសទៅកាន់មន្ទីរពេទ្យក្នុងភូមិភាគផ្សេងទៀតនៃប្រទេស។ រូបភាពកាលពីថ្ងៃអាទិត្យ ទី29 មីនា(AFP)

    ប្រភព ៖ សារព័ត៌មានបរទេស

  • សហរដ្ឋអាមេរិក អនុញ្ញាត​ឱ្យ​ពល​រដ្ឋ​យក​សំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួន​ឯង​ ហើយផ្ញើទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើតេស្តរកមេរោគCOVID-19

    សហរដ្ឋអាមេរិក អនុញ្ញាត​ឱ្យ​ពល​រដ្ឋ​យក​សំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួន​ឯង​ ហើយផ្ញើទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើតេស្តរកមេរោគCOVID-19

    ពលរដ្ឋ​អាមេរិកាំង​ដែល​សង្ស័យ​ថា​បាន​ឆ្លង​វីរុស​COVID-19 អាច​យក​សំណាក​វត្ថុ​វិភាគ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ ហើយ​ផ្ញើ​ទៅកាន់​មន្ទីរ​ពិសោធន៍ ដែល​ប្រការ​នេះនឹង​​ជួយ​បង្កើន​ល្បឿននៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​​COVID-19។

    នាយក​ដ្ឋាន​គ្រប់​គ្រង​អាហារ​ និង​ឱសថ​នៃ​សហ​រដ្ឋ​អាមេរិក​ បាន​អនុញ្ញាត​ឱ្យ​មាន​ការ​យកសំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួនឯង​ ចំពោះ​រាល់​ពលរដ្ឋ​ដែល​សង្ស័យ​ថា​ខ្លួន​បាន​ឆ្លង​COVID-19 ដោយ​​វិធាន​ការ​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​សប្ដាហ៍​នេះ​ត​ទៅ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងរបស់​ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ Brett Giroir​ កាល​ពី​ថ្ងៃទី​29​មីនា​​ឆ្នាំ​2020។

    អ្នក​ដែល​សង្ស័យ​ថាខ្លួន​បាន​ឆ្លង​COVID-19 នឹង​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​សម្លី​​កប្បាស​ដើម្បី​ផ្ដិត​យក​សំណាក​វត្ថុ​វិភាគ​ក្នុង​ច្រមុះ(ទឹក​សម្បោរ​) ក្រោយ​មក​ដាក់​វា​នៅ​ក្នុង​កូនថង់​ផ្លាស្ទិក រួច​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍​។ ប្រការ​នេះ​នឹង​ជួយ​ឱ្យ​ពលរដ្ឋ​ និង​ក្រុម​គ្រូពេទ្យ ​អាច​កាត់​បន្ថយ​បាន​ភាព​តាន​តឹង​យ៉ាង​ច្រើន​។

    ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ Brett Giroir​ (រូបខាងស្ដាំគេ​បង្អស់)

    ​ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាមេរិកាំង លោក Brett Giroir ថ្លែង​ថា “ដំណើរ​ការ​នេះ​នឹង​ជួយ​បន្ថែម​ល្បឿន​នៃ​ការ​ធ្វើ​តេស្ត​ កាត់​បន្ថយចំនួន​លើក​នៃ​​ការ​ប្ដូរផ្លាស់​ឈុត​ការ​ពារចាំបាច់​​របស់​ក្រុម​គ្រូពេទ្យ​។ វា​ក៏​ជួយ​សន្សំ​សំចៃកម្លាំង​ធនធាន​ដ៏​មាន​តម្លៃ​ ដើម្បី​ទុក​សម្រាប់​មន្ទីរពេទ្យ​ផ្សេង​ៗ​ទៀត​ផងដែរ​”។

    យោងតាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ Johns Hopskins នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​29​មីនា បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​បាន​កើន​ជិត​18,000​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​មេរោគ​​COVID-19 ទូទាំង​ប្រទេស​ ឡើង​ដល់​ជាង​141,000​ករណី​។ រីឯ​ចំនួន​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​247​ករណី ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ កើន​ដល់​2,458​ករណី​។

    មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹ​ង​ថា ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ប្រមាណ​ជា​894,000​ករណី​ ចាប់​តាំង​ពី​COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​សហរដ្ឋអាមេរិក​។

    ក្រុម​អ្នកជំនាញ​ការ​បាន​ព្រមាន​ថា ទីក្រុង​ New York នឹង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ទីក្រុង​ Wuhan របស់​ប្រទេស​ចិន ឬ​តំបន់ Lombardy របស់​ប្រទេស​អ៊ីតាលី​ទៅ​ទៀត បើ​សិនជា​​ល្បឿន​នៃ​ការ​ឆ្លង​មេរោគ​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ដូច​សព្វ​ថ្ងៃ​។

    សហរដ្ឋ​អាមេរិក អនុញ្ញាត​ឱ្យ​ពលរដ្ឋ​យក​សំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួន​ឯង ហើយ​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍
    អ្នក​ដែល​សង្ស័យ​ថាខ្លួន​បាន​ឆ្លង​COVID-19 នឹង​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​សម្លី​​កប្បាស​ដើម្បី​ផ្ដិត​យក​សំណាក​វត្ថុ​វិភាគ​ក្នុង​ច្រមុះ(ទឹក​សម្បោរ​) ក្រោយ​មក​ដាក់​វា​នៅ​ក្នុង​កូនថង់​ផ្លាស្ទិក រួច​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍​

    គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន33,976​នាក់ និង​អ្នក​កំពុង​ប្រឈម​នឹងការ​ស្លាប់មាន​ចំនួន​​26,681​នាក់​ ក្នុង​ចំណោម​អ្នក​បាន​ឆ្លង​វីរុស​សរុប 722,196​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • លោកយាយវូហាន អាយុ 103ឆ្នាំ ជាមនុស្សចាស់បំផុតដែលឈ្នះវីរុសកូរ៉ូណា

    លោកយាយវូហាន អាយុ 103ឆ្នាំ ជាមនុស្សចាស់បំផុតដែលឈ្នះវីរុសកូរ៉ូណា

    សារព័ត៌មាន Independent របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា រកឃើញស្ត្រីចំណាស់ អ្នកស្រុកវូហានម្នាក់ អាយុ 103ឆ្នាំ គឺជាមនុស្សដែលមានវ័យច្រើនបំផុត ដែលបានយកឈ្នះមេរោគវីរុសកូរ៉ូណាប្រភេទថ្មី និងព្យាបាលជា បានត្រឡប់ទៅផ្ទះវិញហើយ។

    លោកវេជ្ជបណ្ឌិត ស៊ឹង យូឡាន់ អ្នកព្យាបាលលោកយាយចាង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន Chutian Metropolis Daily ថា ស្ថិតិនៃការធូរស្បើយយ៉ាងឆាប់រហ័សរបស់មនុស្សដែលមានអាយុខ្ទង់រយឆ្នាំនេះ គឺមកពីលោកយាយគ្មានលក្ខខណ្ឌផ្នែកសុខភាពផ្សេងទៀត ក្រៅពីអាការមិនសូវជាធ្ងន់ធ្ងរប៉ុន្មានរបស់ជំងឺរលាកបំពង់ខ្យល់រ៉ាំរ៉ៃ។

    លោកយាយជរា ចាង បានទទួលការវិនិច្ឆ័យថា បានឆ្លងមេរោគវីរុសកូវីដ-19 នៅឯមន្ទីរពេទ្យ លី យួន នៃ​មហា​វិទ្យាល័យវេជ្ជសាស្ត្រ តុង ជិ ក្នុងទីក្រុងវូហាន កាលពីថ្ងៃទី1 មីនាកន្លងទៅ និងបានទទួលការព្យាបាលរហូតដល់ជា ក្លាយជាបុគ្គលចំណាស់បំផុតដែលបានជាសះស្បើយពីជំងឺគ្រោះថ្នាក់នោះរហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីលោកតា អាយុ 101ឆ្នាំម្នាក់ដែលជាសះស្បើយពីវីរុសនេះ នៅក្នុងវូហានដូចគ្នាកាលពីពេលមុន។

    គួររំឭកដែរថា អ្នករស់នៅក្នុងទីក្រុងវូហានទាំង 11លាននាក់ ត្រូវបានបង្ខាំង(មិនឱ្យចេញទៅណា)តាំងពីចុងខែមករា។ ជំងឺនេះមានអ្នកឆ្លងមេរោគជាង 80,700នាក់នៅក្នុងប្រទេសចិន និងមានអ្នកស្លាប់ជាង 3,000នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • WHO ប្រកាស៖ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនជាងកន្លះលាន ចំណែកវ៉ាក់សាំង គ្មានផ្លូវកាត់ទេ ត្រូវរង់ចាំ 1ឆ្នាំ

    WHO ប្រកាស៖ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនជាងកន្លះលាន ចំណែកវ៉ាក់សាំង គ្មានផ្លូវកាត់ទេ ត្រូវរង់ចាំ 1ឆ្នាំ

    ទីក្រុងហ្សឺណែវ ថ្ងៃទី27 មីនា អង្គការសុខភាពពិភពលោក ឬ WHO បានបង្ហើបឱ្យដឹងថា ចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ដែលបានអះអាងហើយទូទាំងពិភពលោក បានកើនឡើងដល់ជាងកន្លះ លាននាក់ និងមានអ្នកស្លាប់ច្រើនជាង 20,000នាក់ហើយ ដែលនេះជា “ស្ថិតិដ៏គួរឱ្យសោកសៅ” បំផុត។

    WHO បានបញ្ជាក់ថា ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោកបានកើនឡើងដល់ 509,164នាក់ គិតត្រឹមម៉ោង10 ម៉ោងនៅអឺរ៉ុប នៃថ្ងៃសុក្រ ទី27 មីនា ដោយវីរុសបានឆ្លងសាយភាយទូទាំងប្រទេស និងភូមិភាគ ជាង 200កន្លែង និងធ្វើឱ្យមានអ្នកស្លាប់ច្រើនរហូតដល់ 23,335នាក់។

    លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា នៅតែត្រូវរង់ចាំយ៉ាងហោចណាស់ក៏ 12-18ខែទៀតដែរ ទម្រាំនឹងមានវ៉ាក់សាំងការពារមេរោគមួយនេះ…។ លោកព្រមទាំងបាននិយាយសង្កត់ធ្ងន់ទៅលើភាពចាំបាច់យ៉ាងបន្ទាន់ក្នុងការព្យាបាលអ្នកជំងឺ និងបន្ថយចំនួនអ្នកស្លាប់ ទៀតផង។

    “ការសាកល្បងដែលបានរួមដៃគ្នាជាធ្លុងមួយ មានន័យអំពីការសាកល្បងខាងការព្យាបាលរបស់ប្រទេសជាច្រើន ដើម្បីស្វែងរកវិធីព្យាបាលជំងឺដែលបណ្ដាលមកពីវីរុសកូវីដ-19 គឺជាការសាកល្បងជាប្រវត្តិសាស្ត្រ ដែលវានឹងជួយឱ្យការពិសោធភ័ស្តុតាងពាក់ព័ន្ធនឹងថ្នាំដែលមានប្រសិទ្ធផលខាងការព្យាបាល”

    លោក ថេដ្រូស បានប្រកាសថា អ្នកជំងឺ 1ឈុតដំបូងនៅក្នុងប្រទេសន័រវេយ៍ និងអេស្បាញ នឹងចូលរួមការសាកល្បងខាងការព្យាបាលក្នុងពេលឆាប់ៗនេះ ដើម្បីប្រៀបធៀបពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ឱសថតែមួយ ឬឱសថផ្សំ ដែលអាចមានសក្ដានុពលព្យាបាលជំងឺដ៏សាហាវមួយនេះ ចំនួន 4មុខ”

    “រឹតតែមានប្រទេសផ្សេងៗ ចូលរួមការសាកល្បងកាន់តែច្រើនឡើង នឹងរឹតតែជួយឱ្យយើងបានទទួលលទ្ធផលកាន់តែលឿនឡើង”។ លោកបានបន្តទៀតថា បច្ចុប្បន្ន មានប្រទេស និងភូមិភាគប្រមាណជា 45 កំពុងរួមដៃគ្នាសាកល្បងខាងគ្លីនិក ដើម្បីស្វែងរកវិធីការព្យាបាល និងសង្ឃឹមថា នឹងមានអ្នកចូលរួមកើនឡើងទៀត។

    ខណៈពេលជាមួយគ្នា លោក ថេដ្រូស បានអំពាវនាវឱ្យចៀសវាងពីវិធីព្យាបាលដែលមិនបានបង្ហាញពីប្រសិទ្ធផល ដោយលោកបានសង្កត់ធ្ងន់ថា វា “គ្មានផ្លូវកាត់” ទេ និងត្រូវតែប្រកាន់យកភ័ស្តុតាងដែលមានការពិសោធសាកល្បង និងរៀនយល់ជាបន្តបន្ទាប់ថា តើវិធីការមួយណាដែលទទួលបានលទ្ធផល៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់ បាន​​បាត់​ស្លាប់​ដោយ​សារ​ COVID-19

    អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់ បាន​​បាត់​ស្លាប់​ដោយ​សារ​ COVID-19

    លោក Patrick Devedjian អាយុ​75​ឆ្នាំ ដែល​ជា​អតីត​រដ្ឋមន្ត្រីម្នាក់​​របស់​ប្រទេស​បារាំង​ បាន​ក្លាយ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ដំបូងបង្អស់​​របស់​ប្រទេស​នេះ បាន​ស្លាប់​ដោយ​សារ​ COVID-19។

    Patrick Devedjian​ គឺជា​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​របស់​ប្រទេស​បារាំង​ ក្រោយ​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​2008។ លោក​ក៏ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​អតីត​ប្រធានា​ធិបតី​បារាំង​ Nicolas Sarkozy ផងដែរ​។ អតីត​រដ្ឋ​មន្ត្រី​រូប​នេះ បាន​ប្រកាស​ថា លោក​មាន​រោគ​សញ្ញា​ឆ្លង​ COVID-19 កាល​ពី​ថ្ងៃទី​25មិនា​។

    លោក Devedjian ធ្លាប់​បាន​កាន់​កាប់​តំណែង​ជា​ច្រើន​ តាំង​ពី​បាន​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​ចាប់​ពី​ឆ្នាំ​1983។ លោក​ក៏ធ្លាប់​បាន​ធ្វើ​ជា​អភិបាល​ក្រុង​ Antony មុន​ពេល​ចូល​កាន់​តំណែង​ប្រធាន​តំបន់​​ Haut-de-Seine នៅ​ជាយ​ក្រុង​​ភាគ​ខាង​លិច​នៃរដ្ឋធានី​​បារីស​។

    គិតមក​ដល់​ពេលនេះ ប្រទេស​បារាំង​ បាន​រកឃើញ​អ្នកជំងឺ​ COVID-19 ចំនួន​38,105​នាក់​ ក្នុង​នោះ​មាន 2,317​​នាក់​បាន​​បាត់​បង់ជីវិត​ និង​ជិត​6,000​នាក់​បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់ ស្លាប់​ដោយ​សារ​​ធ្វើ​អត្តឃាត​ ព្រោះ​តែ​​បារម្ភ​អំពី COVID-19

    រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់ ស្លាប់​ដោយ​សារ​​ធ្វើ​អត្តឃាត​ ព្រោះ​តែ​​បារម្ភ​អំពី COVID-19

    Thomas Schaefer ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ Hesse នៃ​​ប្រទេស​អាល្លឺម៉ង់ ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ធ្វើ​អត្តឃាត​​ព្រោះ​តែ​ “មាន​ការ​បារម្ភ​ជ្រុល​” អំពី​វិធាន​ការ​ទប់​ទល់​នឹង​ហានិភ័យ​ដួល​រលំ​នៃ​សេដ្ឋ​កិច្ច​ជាតិ​ ដោយ​សារ​តែ​ COVID-19។

    Schaefer មាន​អាយុ​54​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​ផ្លូវ​រថភ្លើង​មួយ​កន្លែង​កាល​ពី​ថ្ងៃទី​28​មីនា​កន្លង​ទៅ​។ ការិយាល័យរដ្ឋ​អាជ្ញា​នៃ​តុលា​ការ​ក្រុង​ Wiesbaden បាន​ឱ្យ​ដឹង​ថា ពួកគេ​ជឿ​ថា រដ្ឋ​មន្ត្រី​រូប​នេះ បាន​ធ្វើ​អត្ត​ឃាត​។

    “យើង​ពិត​ជា​តក់ស្លុត​​ខ្លាំង​ណាស់​…។ យើង​ពិត​ជា​មាន​ការ​សង្វេគ​ខ្លាំង​ណាស់​” អភិបាល​រដ្ឋ Hesse លោក Volker Bouffier មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុងសេចក្ដី​ប្រកាស​របស់​លោក​ បន្ទាប់​ពី​ករណី​ខាង​លើ​បាន​កើត​ឡើង​។

    លោក Bouffier បាន​ឱ្យ​ដឹង​ថា លោក Schaefer បាន​កាន់​កាប់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​រដ្ឋ​ Hesse អស់​រយៈ​ពេល​10​ឆ្នាំ​មក​ហើយ​។ លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ “មិន​ថា​យប់​ថ្ងៃ​” ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​នានា និងកម្មករ​ទូទៅ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​សេដ្ឋ​កិច្ច​ពី​ COVID-19។

    អភិបាល​រដ្ឋ Hesse បាន​ថ្លែង​ថា “យើង​ជឿ​ថា គាត់​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​។ នេះ​ពិត​ជា​ដំណាក់​កាល​ដ៏​លំបាកដែល​យើង​ត្រូវ​ការ​មនុស្ស​ដូច​គាត់​”។

    Schaefer កន្លង​មក​នេះ ត្រូវ​បាន​គេ​យល់​ថា​ជា​អ្នក​បន្ត​វេន​របស់​អភិបាល​រដ្ឋ Hesse គឺ​លោក Bouffier។ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​រូប​នេះ បាន​លាចាក​លោក​នេះ​ទៅ ដោយ​បន្សល់​ទុក​ភរិយា​ និង​កូន​2​នាក់​ឱ្យ​រស់​នៅ​ដោយ​គ្មាន​ស្វាមី និង​ឪ​ពុក​។

    គិត​ត្រឹម​ម៉ោង​នេះ ប្រទេស​អាល្លឺម៉ង់ បាន​រកឃើញ​អ្ន​កផ្ទុក​មេរោគ​COVID-19 ចំនួន​ 58,247នាក់ និង​ស្លាប់​ចំនួន​​455​នាក់​​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ក្រោយ​ពី​បាន​ជា​សះ​ស្បើយ​ អ្នក​ជំងឺ​COVID-19 នៅ​តែ​មាន​ផ្ទុក​វីរុស​នេះ​រយៈ​ពេល​8​ថ្ងៃ​បន្ត​ទៀត

    ក្រោយ​ពី​បាន​ជា​សះ​ស្បើយ​ អ្នក​ជំងឺ​COVID-19 នៅ​តែ​មាន​ផ្ទុក​វីរុស​នេះ​រយៈ​ពេល​8​ថ្ងៃ​បន្ត​ទៀត

    អ្នក​​ផ្ទុក​​វីរុស​COVID-19 ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ និង​លែង​មាន​អាការ​រោគ នៅ​តែ​អាច​បញ្ចេញ​វីរុស​ក្នុង​អំឡុង​ពេល​ពី​1ថ្ងៃទៅ​8​ថ្ងៃបន្ត​ទៀត​​។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​មន្ទីរ​ពេទ្យ​ PLA នៃ​ប្រទេស​ចិន និង​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​ Yale របស់​សហរដ្ឋ​អាមេរិក​ បាន​រកឃើញ​ថា ពាក់​កណ្ដាល​នៃ​អ្នកជំងឺ​COVID-19 កម្រិត​ស្រាល​ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ នៅ​តែ​មាន​ផ្ទុក​វីរុស​នេះ​រហូត​ដល់​8​ថ្ងៃ​ ក្រោយ​ពី​លែង​មាន​រោគ​សញ្ញា​។ លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី​23​មីនានៅ​លើ​ទស្សនាវដ្ដី​ Respiratory and Critical Care Medicine របស់​សមាគម​​ American Thoracic Society នៅ​សហ​រដ្ឋ​អាមេរិក​។​

    សាស្ត្រាចារ្យ​ Lixin Xie និង​វេជ្ជ​បណ្ឌិត Lokesh Sharma រួម​នឹង​សហការី​ បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ​COVID-19ចំនួន​16​នាក់​ ដែល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ PLA ក្នុង​ទីក្រុង​ប៉េកាំង​ ចាប់​ពី​ថ្ងៃទី​28​មករា ដល់​ថ្ងៃទី​9មីនា​ ឆ្នាំ​2020។ អ្នក​ជំងឺ​ទាំង​នេះ មាន​វ័យ​ជា​មធ្យម​ 35.5​ឆ្នាំ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ពិសោធ​ទៅ​លើ​សំណាក​វត្ថុ​វិភាគ​របស់​អ្នក​ជំងឺ ដែល​បាន​ជា​សះស្បើយ​ ដោយមាន​លទ្ធ​ផល​​អវិជ្ជ​មាន​2លើក​បន្ត​បន្ទាប់​គ្នា​នៅ​ពេល​ធ្វើ​តេស្ត។

    ​វេជ្ជ​បណ្ឌិត Lokesh Sharma
    លោក​​វេជ្ជ​បណ្ឌិត Lokesh Sharma

    “របក​គំហើញ​សំខាន់​បំផុត​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​នោះ​គឺ​ ពាក់កណ្ដាល​នៃ​អ្នក​ជំងឺ​ នៅ​តែ​បន្ត​បញ្ចេញ​វីរុស​ បើ​ទោះ​ពួក​គេ​​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​អាការ​រោគ​” នេះ​បើ​តាម​ប្រសាសន៍​របស់​វេជ្ជ​បណ្ឌិត​ Sharma មក​ពី​សាកល​​វិទ្យាល័យវេជ្ជ​សាស្ត្រ​​ Yale។ លោក​ Sharma បន្ត​ថា “ករណី​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ អាច​នឹង​នៅ​តែ​បញ្ចេញ​វីរុស​ក្នុង​រយៈ​ពេល​យូរ​”។

    ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​នេះក៏បាន​បង្ហាញថា រយៈ​ពេល​នៃ​ការ​សម្ងំ​លាក់​ខ្លួន​របស់​វីរុស​ ភាគ​ច្រើន​អូស​បន្លាយ​ពេល​5​ថ្ងៃ​។ រយៈ​ពេល​ដែល​​អ្នក​ជំងឺអាច​​ចេញ​រោគ​សញ្ញា​ គឺ​8​ថ្ងៃ ហើយ​រយៈ​ពេល​ដែល​ពួក​គេ​នៅ​មាន​ផ្ទុក​វីរុស​ក្រោយ​ពី​លែង​មាន​រោគ​សញ្ញា​ គឺ​ចាប់​ពី​1ថ្ងៃ​ដល់​8​ថ្ងៃ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​បាន​សង្កាត់​ធ្ងន់​ថា ចំនួន​អ្នក​ជំងឺ​ដែល​ពួកគេ​បាន​វិភាគ​ គឺ​មាន​ចំនួន​តិច​តួច​ពេក ហើយ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​ដែល​មាន​អាការ​រោគ​ស្រាល​ៗ។ ពួកគេ​និយាយ​ថា ពួក​គេ​ត្រូវ​ការ​សិក្សា​បន្ថែម​ច្រើន​ជាង​នេះ​ទៀត​ដើម្បី​ទទួល​បាន​លទ្ធ​ផល​សុក្រឹត​ជាង​នេះ៕

    ប្រភព៖ Phys.org

  • ការ​ផលិត​ម៉ាស់​​នៅ​ប្រទេស​ចិន ប្រៀប​ដូចជា​ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់​

    ការ​ផលិត​ម៉ាស់​​នៅ​ប្រទេស​ចិន ប្រៀប​ដូចជា​ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់​

    នៅពេល​ដែល​ COVID-19 រាតត្បាត​ពេញ​ពិភពលោក​ ក៏ជា​ពេល​ដែល​រោង​ចក្រ​ជា​ច្រើន​​នៅ​ប្រទេស​ចិន​​​បង្វែរ​ទិស​ដៅ​របស់​ខ្លួន​​ឆ្ពោះ​​ទៅ​ក្នុង​ទី​ផ្សារ​ដ៏​ធំ​ធេង​លាត​សន្ធឹងទូទាំង​ពិភព​លោក​​ ដែល​រក​​ប្រាក់​ចំណេញ​បាន​ច្រើន​មិន​ធ្លាប់​មាន​ពីមុន​មក នោះ​គឺ​ការ​ផលិត​ម៉ាស់។

    កាល​ពី​ដើម​ខែ​កុម្ភៈ ជា​ពេល​ដែល​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី​ កំពុង​តែ​អុក​ឡុក​ប្រទេស​ចិន ក្រុម​ហ៊ុន​របស់​ Guan Xunze អាយុ​34​ឆ្នាំ​ បាន​សាង​សង់រោង​ចក្រ​ថ្មី​មួយ​ដើម្បី​ផលិត​ម៉ាស់​ ​ដោយ​ប្រើ​ពេល​ត្រឹម​តែ​7​ថ្ងៃ​ប៉ុណ្ណោះ​។

    រោង​ចក្រ​របស់​ Guan ដែល​មាន​ខ្សែ​ចង្វាក់​ផលិត​កម្ម​ចំនួន​5 និង​ស្ថិត​នៅ​ភាគឦសាន​ប្រទេស​ចិន​នេះ ផ្គង់​ផ្គង់​ម៉ាស់​ប្រភេទ​ N95 ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដ៏​ច្រើន​របស់​ទី​ផ្សារ​ ខណៈ​ដែល​តួលេខ​នៃ​ការ​ឆ្លង​វីរុស​COVID-19 នៅ​តែ​កើន​ឡើង​យ៉ាង​គំហុក​ជា​រៀង​រាល់​ថ្ងៃ​។

    បច្ចុប្បន្ន បើ​ទោះ​ជា​ចំនួន​អ្នក​ឆ្លង​មេរោគ​នៅ​ប្រទេស​ចិន​បាន​ថយ​ចុះ​ក៏ដោយ ប៉ុន្តែ​ Guan នៅ​តែ​បន្ត​រក​ប្រាក់​ចំណេញ​បានយ៉ាង​​ច្រើន​ ដោយ​នាំ​ម៉ាស់​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​អ៊ីតាលី ជា​កន្លែង​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 10,023​នាក់​ ពោល​គឺច្រើន​ជាង​ប្រទេស​ចិន​ដែល​មាន​អ្នក​ស្លាប់​ត្រឹម​តែ​3,304​នាក់​​។

    នៅ​ទូទាំង​ពិភព​លោក ករណី​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19​នេះ កើន​ដល់ជិត​​680,000​នាក់​ ហើយ​តម្រូវ​ការ​សម្ភារ​ការ​ពារ​សុវត្ថិ​ភាព​សុខ​ភាព​កំពុង​តែ​កើន​ឡើង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

    Shi Xinghui ដែល​ជា​នាយក​ផ្នែក​ទីផ្សារ​ម្នាក់​របស់​ក្រុម​ហ៊ុន​ផ្គត់ផ្គង់ម៉ាស៊ីន​ផលិត​ម៉ាស់មួយ​ នៅ​ក្នុងខេត្ត​ក្វាង​ទុង​ ប្រទេស​ចិន​និយាយ​ថា “ម៉ាស៊ីន​ផលិត​ម៉ាស់ គឺប្រៀប​ដូច​ជា​ម៉ាស៊ីន​បោះពុម្ភ​ក្រដាស​ប្រាក់ពិត​ៗ​​”។ លោក​បន្ថែម​ថា ប្រាក់​ចំណេញ​ដែល​បាន​មក​ពី​ការ​ផលិត​ម៉ាស់​ បាន​កើន​ឡើង​ច្រើន​ដងធៀប​នឹង​មុន​នេះ​។

    ចំណែក​ Qi Guangtu បាន​វិនិយោគ​ប្រាក់​7លាន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើត​រោង​ចក្រ​ផលិត​ម៉ាស់​របស់​ខ្លួន​។ រោង​ចក្រ​របស់​ Qi ធ្វើ​ការ​មិន​ឈប់​ឈរ​សូម្បី​តែ​1វិនាទី​ ចាប់​ពី​ថ្ងៃដំណើរ​ការ​ដំបូង​រហូត​ដល់​ពេល​នេះ​។

    Qi បាន​ឱ្យ​ដឹង​ថា “ការ​ស្វែង​រក​​ទុន​ មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ​”។ ក្រោយ​រយៈ​ពេល​2ខែ​ ក្រុម​ហ៊ុន​របស់​គាត់​ លក់​ដាច់​ម៉ាស់​ចំនួន​70​ឈុត​ ក្នុង​1ឈុត​ៗមាន​តម្លៃ​ 71,000​ដុល្លារ​អាមេរិក​។ ថៅកែ​រូប​នេះ​កំពុង​មានអតិថិ​ជន​​ក្នុង​ដៃ​ចំនួន​ជាង​200​នាក់​។ ការ​បញ្ជា​ទិញ​ពី​អតិថិ​ជន​ទាំង​នេះ មាន​តម្លៃ​សរុប​ឡើង​ដល់​ 14​លាន​ដុល្លារ​អាមេរិក​។

    ការ​ផលិត​ម៉ាស់​​នៅ​ប្រទេស​ចិន ប្រៀប​ដូចជា​ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់​“ក្រោយ​ពី​ទិញ​ម៉ាស៊ីន​ និង​ដំណើរ​ការ​ក្នុង​រយៈ​ពេល​15ថ្ងៃ​ យើង​រកបាន​​ប្រាក់​ចំណេញ​ស្មើ​នឹង​ទុនវិនិយោគ​សរុប​ទៅ​ហើយ​” នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​​ Qi។

    You Lixin មិន​ធ្លាប់​បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ផលិត​ម៉ាស់​នោះ​ទេ​ ប៉ុន្តែ​ដោយ​ឃើញ​ឱកាស​ល្អ​ You ក៏​បាន​លោត​ចូល​វិស័យ​នេះ​ និង​បង្កើត​បាន​រោង​ចក្រ​ផលិត​ម៉ាស់​មួយកន្លែង​ ​ដោយ​ប្រើ​ពេល​តែ​10​ថ្ងៃក្នុង​ការ​សាង​សង់​​រោង​ចក្រ​នេះ​។

    You ថ្លែង​ថា “ខ្ញុំ​គេង​បាន​តែ​2-3​ម៉ោង​ប៉ុណ្ណោះ​ក្នុង​1ថ្ងៃ​។ អតិថិ​ជន​របស់​ខ្ញុំ​ក៏​ដូច្នេះ​ដែរ”។ You ឱ្យ​ដឹង​ថា ពេល​ខ្លះ អតិថិ​ជន​របស់​គាត់​ ត្រូវ​​គេង​នៅ​ក្នុង​រោង​ចក្រ​របស់​គាត់​ទៀត​ផង​ ដើម្បី​រង់​ចាំ​ទទួល​ទំនិញ។

    ការ​ផលិត​ម៉ាស់​ចេះ​តែ​កើន​ឡើង​ ហើយ​តម្លៃ​វត្ថុ​ធាតុ​ដើម​ (ក្រណាត់) ក៏ចេះ​តែ​កើន​ឡើង​ពី1,400ដុល្លារ​ ដល់​ជិត​68,000​ដុល្លារ​ក្នុង​1តោន​។ ថ្វី​បើ​ការ​ផលិត​ត្រូវ​ចំណាយទុន​​ច្រើន​ ប៉ុន្តែ​ប្រាក់​ចំណេញ​ក៏​នៅ​តែ​មាន​ទំហំ​ធំ​ដដែល។

    បរិមាណ​ម៉ាស់​ដែល​ផលិត​នៅ​ប្រទេសចិន​ ​គឺ​ច្រើន​ជាង​116​លាន​បន្ទះក្នុង​1ថ្ងៃ​ ដែល​នេះ​គ្រប់​គ្រាន់​សម្រាប់​ផ្គង់​ផ្គង់​ក្នុង​ស្រុក​ និង​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ខ្លះ​ផងដែរ​៕

    ប្រភព៖ AFP

  • កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​​COVID-19​ចំនួន​103​ករណី​ ខណៈ​ប្រទេស​ថៃ​កើន​​ជិតដល់​​1,400​ករណី​​ និង​វៀត​ណា​​ច្រើន​ជាង​​កម្ពុជា​ជិត​ទ្វេ​ដង​

    កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​​COVID-19​ចំនួន​103​ករណី​ ខណៈ​ប្រទេស​ថៃ​កើន​​ជិតដល់​​1,400​ករណី​​ និង​វៀត​ណា​​ច្រើន​ជាង​​កម្ពុជា​ជិត​ទ្វេ​ដង​

    នៅ​ព្រឹក​នេះ កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ជំងឺCOVID-19​ថ្មី​ចំនួន​1ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​COVID-19 សរុប​ឡើង​ដល់​103​ករណី​។

    កម្ពុជា

    អ្នក​ផ្ទុក​ជំងឺ​COVID-19 ដែលទើប​ត្រូវ​បាន​រក​ឃើញ​នេះ​ ជា​ស្ត្រី​វ័យ​36​ឆ្នាំ ​​ធ្វើ​ការ​នៅ​ Star TV និង​រស់នៅក្នុង​​ភូមិ​បា​លេ​ឡៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។ បច្ចុប្បន្ន​​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

    ​អ្នក​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​រលាក​សួត​ប្រភេទថ្មី​នេះ មាន​ចំនួន​8​ករណី​ ក្នុង​នោះ​មាន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ​ស្ត្រីជន​ជាតិ​​អង់គ្លេស​ម្នាក់ បុរស​ជនជាតិ​បារាំង​ម្នាក់ និងបុរស​ជនជាតិខ្មែរ​5នាក់។

    គិត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​103​នាក់ ក្នុង​នោះ អ្នក​ជំងឺ​​កំពុង​ទទួល​ការ​ព្យាបាល​មាន​ចំនួន​82​នាក់ អ្នក​បាន​ជាសះស្បើយ​មាន​ចំនួន​21​នាក់​។ កម្ពុជា​មិន​ទាន់មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ឡើយ​។

    នៅ​ប្រទេស​វៀតណាម បច្ចុប្បន្ន មាន​អ្នក​ឆ្លងមេរោគ​COVID-19 សរុប​188 ករណី ក្នុង​នោះ​មាន​28​ករណី​បាន​ជាសះស្បើយ​។ ក្នុង​ចំណោម​អ្នកបាន​ឆ្លង​មេរោគសរុប មាន​71ករណី​​នៅ​ឯ​រដ្ឋធានី​ហាណូយ ​45​ករណី​​នៅ​ទីក្រុង​សៃហ្គន​(ហូជីមិញ) និង​ក្រៅ​ពី​នេះ​គឺ​នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ​ទៀត​។

    ប្រទេស​ថៃ មាន​អ្នក​ឆ្លង​មេរោគ​សរុប​1.388​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់7ករណី និង​ជាសះស្បើយ97​ករណី​។ ចំណែក​អ្នក​ជំងឺ​ដែល​កំពុង​ទទួល​ការ​ព្យា​បាល​មាន​1,284​ករណី​។

    គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​678.910ករណី​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​31.771​ករណី​ និង​ជា​សះស្បើយ​ចំនួន​146.319​ករណី​៕