Nicola Zingaretti ដែលជាមេដឹកនាំរបស់បក្សប្រជាធិបតេយ្យដែលស្ថិតក្នុងសម្ព័ន្ធភាពនៃក្រុមគ្រប់គ្រងអំណាចរបស់អ៊ីតាលី បានឱ្យដឹងថា លោកបានឆ្លងមេរោគ Covid-19 បន្ទាប់ពីបានធ្វើតេស្ត។
“លោកគ្រូពេទ្យប្រាប់ថា ខ្ញុំវិជ្ជមានជាមួយនឹង Covid-19។ ប៉ុន្តែ ខ្ញុំមានសុខភាពល្អ ហើយខ្ញុំនឹងនៅផ្ទះមួយរយៈពេល។ ខ្ញុំនឹងនៅតែបន្តតាមដានការងារដែលត្រូវធ្វើ” នេះគឺជាការអះអាងរបស់លោក Zingaretti អាយុ54ឆ្នាំ ជាប្រធានបក្សប្រជាធិបតេយ្យរបស់អ៊ីតាលី។
លោក Zingaretti ក៏បានឱ្យដឹងថា គ្រួសាររបស់លោក កំពុងតែអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ត។
មេដឹកនាំរូបនេះបន្តថា “ខ្ញុំធ្លាប់និយាយហើយថា ចូររួមគ្នាប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ។ ខ្ញុំនឹងធ្វើជាគំរូ និងអនុវត្តតាមការកំណត់របស់ក្រុមគ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រដែលបានលើកឡើង”។
លោក Zingaretti គឺជាមេដឹកនាំរបស់បក្សប្រជាធិបតេយ្យ (PD) តាំងពីឆ្នាំ2019។ គណបក្សនេះ បានរួមដៃជាមួយបក្ស ចលនាផ្កាយ5 (Five Star Movement) បង្កើតបានជារដ្ឋាភិបាលចម្រុះរបស់អ៊ីតាលី។ ករណីរបស់លោក Zingaretti បានធ្វើឱ្យមានការព្រួយបារម្ភខ្លាំងពីសំណាក់មន្ត្រីរដ្ឋាភិបាលចម្រុះនេះ ព្រោះថា មន្ត្រីជាន់ខ្ពស់ជាច្រើនធ្លាប់នៅក្បែរលោក មុនពេលលោកត្រូវបានគេរកឃើញថាមានផ្ទុក Covid-19។
ចំណែករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនៃប្រទេសអ៊ីតាលី លោក Stefano Patuanelli ក៏បានបង្ខាំងខ្លួនឯង បន្ទាប់ពីជំនួយការម្នាក់របស់លោកបានឆ្លងមេរោគកូរ៉ូណានេះ។ រីឯ Attilio Fontana ដែលជាអភិបាលតំបន់ Lombardy (ដែលជាតំបន់សម្បុកមេរោគមួយរបស់អ៊ីតាលី) ក៏បានធ្វើដូចគ្នានេះដែរ៕
ប្រភព៖ សារព័ត៌មានបរទេស





ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគកូរ៉ូណា រដ្ឋាភិបាលប្រទេសអ៊ីតាលី កាលពីសប្ដាហ៍មុន បានចេញបទបញ្ជា ហាមមិនឱ្យប្រជាជនប្រមូលផ្ដុំគ្នា នៅឯភាគខាងជើងប្រទេស ហើយក៏បានបិទទ្វារសាលារៀនរហូតដល់ថ្ងៃទី8មិនាទៀតផង។
នៅឯប្រទេសកូរ៉េខាងត្បូងវិញ នៅថ្ងៃទី26 ខែកុម្ភៈនេះ បានរាយការណ៍ថា ប្រទេសនេះមានអ្នកឆ្លងមេរោគកូរ៉ូណាថ្មីបន្ថែមចំនួន169នាក់ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅប្រទេសនេះឡើងដល់1,146នាក់។ រីឯចំនួនអ្នកស្លាប់វិញបានកើនដល់12នាក់។
មន្ត្រីអ៊ីតាលី2រូប កាលពីម្សិលមិញបានឱ្យដឹងថា ប្រទេសនេះ មិនទាន់រកឃើញ “អ្នកជំងឺលេខ 0” (ប្រភពចម្លងដំបូងគេដំបូងក្នុងប្រទេសនេះ) នៅឡើយ។ Nott Angelo Borrelli ដែលជាប្រធាននៃគណៈកម្មការការពារពលរដ្ឋរបស់អ៊ីតាលី បានឱ្យដឹងថា “ប្រការដែលសំខាន់គឺត្រូវរកឱ្យឃើញថា តើអ្នកនោះមកពីទីណា ដើម្បីអាចទប់ស្កាត់ការបន្តចម្លងវីរុសពីប្រភពមេរោគនេះ”។
