Tag: អាណាព្យាបាល

  • អាណាព្យាបាលគួរគិតគូរពីឯករាជភាពរបស់កូនៗក្នុងវ័យជំទង់

    អាណាព្យាបាលគួរគិតគូរពីឯករាជភាពរបស់កូនៗក្នុងវ័យជំទង់

    យុវវ័យ ឬវ័យជំទង់ ជាវ័យដែលកូនៗចាប់ផ្តើមបញ្ចេញការជំទាស់ច្រើនបំផុត ដែលធ្វើឱ្យអាណាព្យាលឈឺក្បាលវិលមុខមិនស្ទើរឡើយ។ វ័យនេះជាវ័យដែលអាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត ព្រោះថានៅពេលដែលឥទ្ធិពលនៃឯករាជភាពរបស់គេបានស្តែងចេញមកជាសកម្មភាពអវិជ្ជមាន វាអាចធ្វើឱ្យយុវជននោះក្លាយជាមនុស្សខូច និងបាត់បង់អនាគតតែម្តង។

    ឯករាជភាពរបស់យុវវ័យ ឬមនុស្សវ័យជំទង់ ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យអាណាព្យាបាលភាគច្រើនឈឺក្បាល ហើយស្វែងរកវិធីបង្ក្រាបពួកគេ។ ពាក្យខ្មែរយើងក៏បានលើកឡើងផងដែរថា លត់ដែកទាន់នៅក្តៅ អប់រំកូនចៅទាន់នៅក្មេង។ ពាក្យនេះសំខាន់ណាស់សម្រាប់ការអប់រំកូនៗ តែប្រសិនបើអាណាព្យាបាលអនុវត្តខុស ឃ្លាមួយនេះក៏នឹងផ្តល់ផលអវិជ្ជមានខ្លាំងផងដែរ។

    អ្នកចិត្តវិទ្យាមនុស្សវ័យជំទង់នៅបស្ចិមប្រទេសភាគច្រើន បានយល់ស្របដូចៗគ្នាថា ដោយសារតែយុវវ័យ ជាវ័យដែលគ្រប់ផ្នែកនៃរាងកាយមានការផ្លាស់ប្តូរ ចិត្តគំនិតរបស់ពួកគេក៏ត្រូវផ្លាស់ប្តូរដូចគ្នា។ នៅពេលដែលរាងកាយរបស់ពួកគេគ្រប់លក្ខណៈដូចមនុស្សធំពេញវ័យ គេក៏ចាប់ផ្តើមចង់ធ្វើអ្វីៗគ្រប់យ៉ាងដូចមនុស្សធំតាមវិធីរបស់គេផ្ទាល់។ វិធីនៃការគិត និងការដោះស្រាយបញ្ហាដោយឯករាជនេះ ពេលខ្លះមើលទៅគឺហាក់បីដូចជាឆ្គងខ្លាំងណាស់សម្រាប់មនុស្សចាស់ និងគ្រប់យ៉ាងដែលមនុស្សចាស់ផ្តល់ទៅឱ្យពួកគេ ក៏ត្រូវបានជំទាស់ពីពួកគេវិញដូចគ្នា។

    អាណាព្យាបាលមួយចំនួនបានធ្វើឱ្យកូនៗមិនចូលចិត្ត ឬគិតថាឪពុកម្តាយកំពុងដាក់គំនាបដល់ពួកគេ ធ្វើឱ្យទំនាក់ទំនង និងសម្ព័ន្ធភាពរវាងកូន និងឪពុកម្តាយកាន់តែឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗ ហេតុនេះដើម្បីកុំឱ្យឯករាជភាពរបស់កូនៗដែលស្ថិតក្នុងវ័យជំទង់ក្លាយជាសកម្មភាពអវិជ្ជមាន និងដើម្បីឱ្យកូនៗនៅតែចូលចិត្ត ស្រឡាញ់ និងគោរពស្តាប់បង្គាប់នោះ អាណាព្យាបាលគួរតែសាកល្បងបើកចិត្តឱ្យទូលាយទទួលយកនូវគំនិតរបស់កូនៗជាមុនសិន។

    ចុងក្រោយនេះ ដើម្បីជាដំណោះស្រាយ អាណាព្យាបាលគួរតែទទួលស្តាប់នូវរាល់ទស្សនៈ គំនិតយោបល់ និងការសម្រេចចិត្តផ្សេងៗរបស់កូន និងបណ្តោយឱ្យពួកគេមានសេរីភាពខ្លះផង ដើម្បីឱ្យពួកគេទទួលបាននូវភាពធូរស្រាលមួយសម្រាប់ការរស់នៅ និងរៀនអភិវឌ្ឍខ្លួនឯងដោយខ្លួនឯង។ នៅពេលដែលអាណាព្យាបាលទុកចន្លោះសម្រាប់ការរស់នៅដោយឯករាជភាពដល់កូនៗហើយនោះ ពួកគេក៏នឹងមានអារម្មណ៍ថា ធូរស្រាល ហើយនិងព្យាយាមងាកមកស្តាប់យោបល់ ឬសុំការប្រឹក្សាពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេវិញដោយឯកឯងនៅពេលណាដែលពួកគេត្រូវការ ហើយប្រសិនបើអ្នកគិត និងមិនទុកចិត្តថាកូនអាចនឹងមិនមកប្រឹក្សាជាមួយអ្នក អ្នកអាចសាកល្បងឧស្សាហ៍ស្តាប់នូវគំនិត និងបញ្ហារបស់កូនៗ ហើយចូលខ្លួនធ្វើជាទីប្រឹក្សាសម្រាប់ពួកគេតាមរយៈការជជែក និងផ្តល់យោបល់ដោយស្លូតបូត និងផ្តល់តម្លៃដល់ពួកគេ។

    អាណាព្យាបាល អាចសាកល្បងអប់រំពួកគេតាមរយៈការដាក់ខ្លួនឱ្យទាប ហើយបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗដោយការជជែកលេង ឬតំណាលរឿងរ៉ាវល្អៗដែលជាមេរៀនជីវិត ដើម្បីបង្កើតការចងចាំល្អៗ និងធ្វើជាគំរូនៃគំនិតដល់ពួកគេ ដើម្បីឱ្យពួកគេយកទៅប្រើនៅពេលចាំបាច់ ហើយនៅពេលនោះ អាណាព្យាបាល ឬឪពុកម្តាយគ្រប់រូបនឹងទទួលបានទាំងទំនាក់ទំនងល្អអំពីកូន ទាំងការគោរពស្រឡាញ់ និងការស្តាប់បង្គាប់ពីសំណាក់កូនៗជាទីស្រឡាញ់របស់លោកអ្នកជាមិនខាន៕

  • រឿងតុក្កតាមួយចំនួនកំពុងបំផ្លាញក្មេងៗដែលអាណាព្យាបាលនឹកស្មានមិនដល់

    រឿងតុក្កតាមួយចំនួនកំពុងបំផ្លាញក្មេងៗដែលអាណាព្យាបាលនឹកស្មានមិនដល់

    អាណាព្យាបាលមួយចំនួនធំបានបណ្តោយឱ្យកូនតូចៗនៅជាមួយឧបករណ៍អេឡិចត្រូនិក ឬបណ្តោយកុមារតូចៗឱ្យមើលរឿងតុក្កតាដោយរំពឹងថា អាចនឹងធ្វើឱ្យពួកគេឆ្លាតជាងមុន តែថ្មីៗនេះមានអ្នកជំនាញខាងចិត្តវិទ្យាកុមារបានរកឃើញថា មានរឿងតុក្កតាមួយចំនួនកំពុងបំផ្លាញក្មេងៗទៅវិញ។

    យោងតាមគេហទំព័រ novakdjokovicfoundation.org ដែលជាគេហទំព័រនិយាយអំពីការអប់រំ និងអំពើហិង្សាបានបង្ហាញថា ក្មេងៗជាច្រើនលើពិភពលោក កំពុងងប់ងល់ជាមួយនឹងរឿងតុក្កតាខណៈរឿងតុក្តតាទាំងអស់នោះមានបង្កប់ដោយអំពើហិង្សា និងគំរូអាក្រក់ជាច្រើនដល់ពួកគេ។ ខាងក្រោមនេះជារឿងតុក្កតាមួយចំនួនដែលត្រូវបានគេរកឃើញភាពអវិជ្ជមានជាច្រើន។

    ១. រឿងឆ្មា និងកណ្តុរ (Tom and Jerry)


    អាណាព្យាបាលជាច្រើនប្រហែលជាមិននឹកស្មានដល់ទេថា រឿងតុក្កតាកំប្លុកកំប្លែង Tom and Jerry ដែលសូម្បីតែមនុស្សធំក៏ចូលចិត្តដែរនោះ ជារឿងដែលបង្កប់ដោយហិង្សា។ ក្នុងវគ្គជាច្រើនរបស់រឿងឆ្មា និងកណ្តុរបានបង្ហាញពីឈុតឆាកវាយប្រហារ រួមទាំងការដោះស្រាយបញ្ហាដោយការសងសឹកគ្នាទៅវិញទៅមក។ នៅពេលដែលក្មេងៗបានមើលរឿងនេះហើយ ពួកគេអាចនឹងយកគំរូតាម ដោយប្រើប្រាស់ហិង្សាដើម្បីទាមទារនូវអ្វីដែលគេចង់បាន ឬដើម្បីយកឈ្នះលើក្មេងដទៃទៀតដែលមានគំនិតមិនស្របជាមួយនឹងខ្លួន។

    ២. រឿង Pokemon


    Pokemon ជារឿងដែលបានបង្កើតឡើងដោយផលិតករ Satoshi Tajiri នៅក្នុងឆ្នាំ 1995។ តាមពិតទៅរឿងនេះមានចំណងជើងពីដំបូងគឺ “Pocket Monster” តែក្រោយមកគឺត្រូវបានហៅកាត់មកត្រឹម Pokemon វិញ។
    រឿងមួយនេះត្រូវបានរដ្ឋាភិបាលជប៉ុនបញ្ឈប់ការចាក់ផ្សាយ បន្ទាប់ពីមានក្មេងៗជាច្រើនត្រូវចូលមន្ទីរពេទ្យនៅក្នុងឆ្នាំ 1997 ដោយសារតែបញ្ហាភ្លើង Flash ពណ៌ក្រហម និងពណ៌ខៀវនៅក្នុងវគ្គខ្លះរបស់រឿងតុក្កតានេះដែលធ្វើឱ្យក្មេងៗមានបញ្ហាភ្នែក។ ទូរទស្សន៍ជាច្រើនបានបញ្ឈប់ការចាក់ផ្សាយរឿងមួយនេះបន្ទាប់ពីមានការប្រកាសអាសន្នថាបានប៉ះពាល់ដល់សុខភាពភ្នែករបស់ក្មេងៗ តែនៅកម្ពុជា រឿងតុក្កតាមួយនេះនៅតែមានវត្តមាននៅឡើយក្នុងបណ្តាញ YouTube និងបណ្តាញសង្គម ដែលអ្នកខ្លះបានយកមកបង្ហោះសាឡើងវិញ។

    ៣. រឿង Oggy and the Cockroaches


    Oggy and the Cockroaches ជាប្រភេទរឿងតុក្កតាភាគថ្មីមួយទៀតដ៏មានប្រជាប្រិយភាពដែលគ្រប់គ្នាសុទ្ធតែដឹងថា មានលក្ខណៈស្រដៀងនឹងរឿងឆ្មា និងកណ្តុរដែរ។ រឿងមួយនេះ វគ្គខ្លះក៏បានបង្ហាញដល់ក្មេងៗនូវគុណវិបត្តិផងដែរ តាមរយៈឈុតឆាកអវិជ្ជមានមួយចំនួនដែលក្មេងៗមិនគួរធ្វើតាម ឬធ្វើឱ្យក្មេងៗក្លាយជាមនុស្សខូច ហើយទន្ទឹមនឹងនោះ នៅមានវគ្គខ្លះទៀតសុទ្ធសឹងតែជាសកម្មភាពហិង្សា ដែលអាចប៉ះពាល់ដល់ការគិតរបស់កុមារ។ រឿងមួយនេះបានបង្ហាញផងដែរអំពីការពួនស្ទាក់ដើម្បីដណ្តើមរបស់របរគ្នា រួមជាមួយនឹងការប្រើល្បិចជាច្រើនដើម្បីបំផ្លាញគ្នា។ ហេតុនេះអាណាព្យាបាលគួរពិចារណាឱ្យបានច្បាស់មុននឹងអនុញ្ញាតឱ្យកូនៗមើលរឿងតុក្កតាណាមួយនោះ៕

  • វាយកូនមិនមែនជាវិធីបង្រៀនរបស់អាណាព្យាបាលដែលឆ្លាតវៃទេ

    វាយកូនមិនមែនជាវិធីបង្រៀនរបស់អាណាព្យាបាលដែលឆ្លាតវៃទេ

    អាណាព្យាបាលភាគច្រើនតែងតែបង្រៀនកូន ឬអប់រំកូនដោយការវាយ និងការគំរាមដើម្បីឱ្យកូនឈប់ធ្វើរឿងទាំងឡាយណាដែលពួកគាត់គិតថាមិនត្រឹមត្រូវ។ ការធ្វើបែបនេះ ត្រូវបានគេរកឃើញថាជាវិធីមិនត្រឹមត្រូវដែលអាចជះផលអវិជ្ជមានដល់កូនៗនៅថ្ងៃអនាគត ដូចជាធ្វើឱ្យកូនមានភាពភ័យខ្លាចច្រើន ខ្វះភាពជាអ្នកដឹកនាំ និងមិនហ៊ានសម្រេចចិត្តលើបញ្ហាសំខាន់ៗក្នុងជីវិតជាដើម។

    ខាងក្រោមនេះជាវិធីមួយចំនួនសម្រាប់អាណាព្យាបាលដើម្បីអប់រំកូនៗកុំឱ្យធ្វើខុស និងស្គាល់ពីកំហុសខ្លួនឯង។
    ១. ប្រាប់ហេតុផលឱ្យបានច្បាស់លាស់
    ជាទូទៅក្មេងដែលធ្វើខុសគឺបណ្តាលមកពីពួកគេមិនយល់ពីហេតុផល និងផលប៉ះពាល់នៃទង្វើរបស់ខ្លួន។ មានក្មេងខ្លះមិនទាំងដឹងថាហេតុអ្វីបានជាអាណាព្យាបាលវាយ ឬជេរស្តីលើរូបគេផង ព្រោះគេមិនដឹងថាសកម្មភាពដែលគេកំពុងធ្វើនេះជាអំពើខុសឆ្គងនោះទេ។ ជម្រើសល្អបំផុតសម្រាប់អាណាព្យាបាល គឺឧស្សាហ៍បង្រៀនកូនៗពីហេតុ និងផលនៃសកម្មភាពដែលខុសឆ្គង រួមទាំងបង្ហាញផ្លូវដែលល្អដល់កូនៗដើម្បីជាជម្រើសសម្រាប់ពួកគេ។

    ជាធម្មតានៅពេលដែលពួកគេយល់ច្បាស់ពីហេតុផលហើយ ក្មេងៗឆាប់ទទួលយកបំផុត នៅពេលនោះគេនឹងស្អប់អំពើអាក្រក់ ហើយថែមទាំងហ៊ានប្រដៅដល់មនុស្សចាស់ថែមទៀតផង នៅពេលដែលមនុស្សធំនោះភ្លេចខ្លួនធ្វើរឿងរ៉ាវណាដែលខុសឆ្គង។ បើកូនរបស់អ្នកស្ថិតក្នុងស្ថានភាពចាស់ទុំបែបនេះអ្នកប្រាកដជាលែងចង់វាយ ឬសម្លុតទៀតហើយ។

    ២. ត្រូវចេះលើកទឹកចិត្ត កុំចេះតែចាប់កំហុស
    អាណាព្យាបាលជាច្រើនគិតថា ការមិនសូវធ្វើល្អដល់កូនគឺកុំឱ្យកូនស្គាល់ចិត្ត ឬកុំឱ្យកូនបានចិត្តជាដើម។ ហេតុនេះនៅពេលដែលកូនធ្វើល្អ គាត់មិនបានបង្ហាញពីការគាំទ្រដល់កូននោះទេ តែនៅពេលដែលកូនធ្វើខុសគាត់បែរជាដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទៅវិញ។ ទង្វើបែបនេះ អាចធ្វើឱ្យអាណាព្យាបាលបង្រៀនកូនបានតែរូបភាពខាងក្រៅប៉ុណ្ណោះ កូនៗអាចគ្រាន់តែខ្លាច តែមិនគោរពនោះទេ។ រាល់សកម្មភាពមិនល្អគេគ្រាន់តែផ្អាកមួយរយៈនៅពេលដែលអាណាព្យាបាលស្ថិតនៅចំពោះមុខពួកគេ ហើយលួចធ្វើវិញនៅពេលដែលយើងមិននៅ។

    ចំណុចសំខាន់ដែលគួរធ្វើគឺ ចេះលើកទឹកចិត្តនៅពេលដែលកូនបានធ្វើល្អ ដើម្បីឱ្យពួកគេរក្សាបាននូវទង្វើទាំងអស់នោះ ហើយបង្រៀនពួកគេឱ្យស្គាល់ពីកំហុស និងហ៊ាននិយាយដោយត្រង់ថាទង្វើណាដែលមិនគួរធ្វើ ឬសកម្មភាពណាដែលយើងនឹងដាក់ពិន័យដល់ពួកគេប្រសិនបើគេធ្វើដដែលៗ។

    ៣. ធ្វើជាគំរូល្អដល់កូន
    អាណាព្យាបាលភាគច្រើនសម្លុតកូន នៅពេលដែលឃើញកូនប្រើសម្តីមិនល្អដាក់អ្នកដទៃ តែភ្លេចថាកូនចេះការប្រើភាសាមិនល្អនេះពីខ្លួនឯង ហេតុនេះ ដើម្បីមិនឱ្យកូនមានចំណុចខុសឆ្គងច្រើន អាណាព្យាបាលត្រូវកាត់បន្ថយកំហុសឆ្គងរបស់ខ្លួនឱ្យបានជាមុនសិន៕

  • វិធីសាស្រ្តសម្រាប់អាណាព្យាបាល និងគ្រូបង្រៀនក្នុងការយកចិត្តក្មេងៗ

    វិធីសាស្រ្តសម្រាប់អាណាព្យាបាល និងគ្រូបង្រៀនក្នុងការយកចិត្តក្មេងៗ

    ក្មេងជាវ័យដែលត្រូវការក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ពីអាណាព្យាបាល ព្រោះមានក្មេងខ្លះកាន់តែរីកលូតលាស់ធំឡើង កាន់តែពូកែប្រឆាំងជំទាស់ ឬកាន់តែឃ្លាតឆ្ងាយពីអាណាព្យាបាល។ មានអាណាព្យាបាល និងអ្នកអប់រំជាច្រើនបានបង្ហាញក្តីកង្វល់របស់ខ្លួនពីបញ្ហាពិបាកក្នុងការធ្វើឱ្យក្មេងចូលចិត្ត ហើយស្តាប់តាម ឬនិយាយឱ្យងាយស្រួលគឺឱ្យក្មេងស្រឡាញ់ចូលចិត្ត។

    ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីធ្វើឱ្យក្មេងៗចូលចិត្ត និងទទួលយកបំណងល្អដែលយើងផ្តល់ជូនទៅកាន់គាត់៖

    1.និយាយពីអ្វីដែលក្មេងចូលចិត្ត កុំនិយាយពីអ្វីដែលយើងចង់បានខ្លួនឯងនៅពេលដែលអាណាព្យាបាល ឬអ្នកបង្រៀនចង់ឱ្យក្មេងធ្វើអ្វីមួយតាមដែលខ្លួនចង់បាន ពួកគេមួយចំនួនបានធ្វើការបង្ខំ ឬពន្យល់តែអ្វីដែលពួកគាត់ចង់ធ្វើតែប៉ុណ្ណោះដែលធ្វើឱ្យក្មេងកាន់តែប្រឆាំង ព្រោះគំនិតនេះអាចមិនស្របជាមួយនឹងកម្រិតយល់ដឹងរបស់ក្មេង។

    ចំណុចល្អដែលអាណាព្យាបាលគួរធ្វើគឺ បំផុសសំណួរមួយចំនួនដើម្បីឱ្យក្មេងជាអ្នកឆ្លើយហើយយើងគ្រាន់តែសម្រួល លើចម្លើយដែលគេឆ្លើយនោះដោយប្រើហេតុផលមួយចំនួនទៅកាន់ក្មេងៗនោះគេនឹងគិតថាអាណាព្យាបាលកំពុងឱ្យតម្លៃលើរូបគេ។ ការបញ្ចូលនូវគំនិតមួយចំនួនដែលយើងចង់ឱ្យក្មេងយល់នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នហើយធ្វើយ៉ាងណាឱ្យក្មេងយល់ថា យើងកំពុងតែស្របតាមអ្វីដែលគេឆ្លើយ ហើយយើងលើកទឹកចិត្តឱ្យមានការអនុវត្តនូវគំនិតនោះដោយគ្រាន់តែបញ្ចូលលក្ខណៈកាន់តែល្អៗមួយចំនួនប៉ុណ្ណោះ។ នៅពេលដែលក្មេងគិតថាមនុស្សចាស់អនុវត្តតាមការសម្រេចចិត្តរបស់គេ គេក៏នឹងផ្តល់ក្តីគោរពមកវិញ ហើយរីករាយនឹងធ្វើតាមអ្វីដែលអាណាព្យាបាលចង់ឱ្យគេធ្វើដោយក្តីពេញចិត្ត និងយល់ហេតុផល។

    2.ត្រូវធ្វើជាអ្នកស្តាប់ដ៏ពូកែក្មេងជាវ័យដែលចូលចិត្តបង្ហាញពីអ្វីរឿងល្អៗដែលគេធ្វើបាន ឬរឿងអស្ចារ្យដែលគេគិតថាមិនធ្លាប់បានធ្វើពីមុនមក។ អារម្មណ៍ចង់បង្អួតស្នាដៃរបស់ក្មេង អាចធ្វើឱ្យមនុស្សធំចំណេញបានផលយ៉ាងច្រើន ព្រោះប្រសិនបើយើងអាចដាក់ចិត្ត ដាក់កាយស្តាប់គេតែបន្តិច យើងនឹងក្លាយជាអ្នកដែលគេចូលចិត្តរួចបាត់ទៅហើយ ព្រោះក្មេងនៅត្រូវការយើងដើម្បីស្តាប់រឿងអស្ចារ្យរបស់គេជាច្រើនទៀត។

    ប្រសិនបើអាណាព្យាបាលឆ្លាត យើងគួរចំណាយពេលសួរនាំ និងចេះសរសើរនៅពេលដែលក្មេងបង្ហាញពីសកម្មភាពវិជ្ជមាន ឬអួតពីសមត្ថភាពរបស់គេ។ ទន្ទឹមនឹងនេះ អាណាព្យាបាលក៏អាចបង្ហាញពីផ្លូវដែលកាន់តែអស្ចារ្យ និងរីករាយដើម្បីឱ្យកូនកាន់តែខិតខំប្រឹងប្រែងដើម្បីយកវាឱ្យបាន ដូចជាលើកទឹកចិត្តឱ្យខំប្រឹងប្រែងយកពានរង្វាន់ បង្ហាញផ្លូវបង្កើតផលិតផលងាយៗ ក៏ដូចជាវិធីសាស្រ្តនិយាយឱ្យកាន់តែមានភាពចាស់ទុំជាដើមដល់កូនៗ។

    3.ត្រូវធ្វើជាអ្នកពូកែនិយាយរឿងក្រៅពីការលេង ក្មេងចូលចិត្តបំផុតគឺការស្តាប់រឿងរ៉ាវដែលមនុស្សធំនិយាយ ព្រោះពួកគេចង់ធ្វើដូចមនុស្សធំ។ ចំណុចដែលអាណាព្យាបាលអាចទាក់ទាញចំណាប់អារម្មណ៍ពីក្មេង គឺយករឿងល្អៗ ឬគំរូនៃមេរៀនជីវិតដែលមានប្រយោជន៍ដំណាលប្រាប់ក្មេង។ នៅពេលនោះ ក្មេងនឹងយល់ថាយើងជាអ្នកដែលធ្វើឱ្យគេរីករាយ ខណៈពេលដែលយើងកំពុងបង្រៀនគេដោយសីលវិធីល្អបំផុតមួយ៕