Tag: អភិវឌ្ឍ

  • គម្រោង​ធំ​ៗ​ចំនួន​ពីរ​នឹងជួយ​ឱ្យ​​ខេត្ត​ព្រះ​សីហនុ​ ក្លាយ​ជាច្រករបៀងសេដ្ឋកិច្ចមួយ​របស់​កម្ពុជា

    គម្រោង​ធំ​ៗ​ចំនួន​ពីរ​នឹងជួយ​ឱ្យ​​ខេត្ត​ព្រះ​សីហនុ​ ក្លាយ​ជាច្រករបៀងសេដ្ឋកិច្ចមួយ​របស់​កម្ពុជា

    យោង​តាម​ក្រសួង​ព័ត៌មាន គម្រោងវិនិយោគ​ចំនួនពីរ​ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត 600 លានដុល្លារ​អាម៉េរិក​ ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ និង​កម្ពុជា​។

    កាល​ពី​ថ្ងៃទី 28 កុម្ភៈ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក – CDC) បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​គម្រោង​វិនិយោគរបស់​ក្រុម​ហ៊ុន​​ចំនួន​ពីរ​ រួម​មាន​ដូច​ខាង​ក្រោម​៖

    ទីមួយ​ ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ 574,000,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ 5 នៅក្នុងតំបន់ពយតាម៉ូង សង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    ទីពីរ​ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគជាង​ 12,350,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

    យោងតាម​ ក.អ.ក គម្រោងវិនិយោគទាំងពីរ​នេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ឱ្យ​កាន់តែប្រសើរឡើង និង​ជួយ​ឱ្យខេត្តព្រះសីហនុ ក្លាយជាច្រករបៀងសេដ្ឋកិច្ចសំខាន់​មួយ​របស់​កម្ពុជា៕

  • តាក់ស៊ីហោះ​អគ្គិសនីរបស់​ចិន​ បញ្ចប់​ជើង​ហោះ​ហើរ​អន្តរទីក្រុងជា​លើក​ដំបូង​

    តាក់ស៊ីហោះ​អគ្គិសនីរបស់​ចិន​ បញ្ចប់​ជើង​ហោះ​ហើរ​អន្តរទីក្រុងជា​លើក​ដំបូង​

    (ប្រទេស​ចិន) – ជើង​ហោះ​ហើរ​ពី​​ទីក្រុងមួយ​ទៅ​​ទីក្រុង​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​ ដែល​ធ្វើ​ឡើង​ដោយ​តាក់​ស៊ី​ហោះ​អគ្គិសនី​ប្រភេទ​ហោះ​ឡើង​ និង​ចុះ​ចតបញ្ឈរ​​ត្រង់នេះ​ អូស​បន្លាយ​ពេល​ប្រហែល 20 នាទី​ កាល​ពីថ្ងៃទី 27 កុម្ភៈ 2024​។

    AutoFlight ដែល​ជា​អ្នក​អភិវឌ្ឍ​យាន​ជំនិះ​ប្រភេទ​ហោះ​ឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ចិន និង​អាល្លឺម៉ង់ បាន​បញ្ចប់​ជំហាន​ដ៏​សំខាន់​នៅ​ក្នុងវិស័យ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ក្នុង​ក្រុង​ កាល​ពី​ថ្ងៃទី 27 ខែ​កុម្ភៈ ជាមួយ​នឹង​ជើង​ហោះ​ហើរ​អន្តរ​ទីក្រុង​ស្វ័យ​ប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក​។

    ក្នុង​ជើង​ហោះ​ហើរ​នេះ តាក់ស៊ី​ហោះ​ 5 កៅអី Prosperity របស់​ AutoFlight ធ្វើ​ដំណើរ​រវាង​ទីក្រុង​ Shenzhen និង Zhuhai របស់​ប្រទេស​ចិន​ ដោយ​បាន​ឆ្លង​កាត់​គម្លាត​ 50 គីឡូម៉ែត្រ​។ ជើង​ហោះ​ហើរ​នេះ​ចំណាយ​ពេល​ប្រហែល​ 20 នាទី លឿន​ជាង​ឆ្ងាយ​បើធៀប​នឹង​ 3 ម៉ោង​នៃ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​។

    Prosperity អាច​ហោះ​ហើរ​បាន​ចម្ងាយ​ 250 គីឡូម៉ែត្រ និង​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 200 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ជើង​ហោះ​ហើរ​នេះ​បាន​បង្ហាញយ៉ាង​ច្បាស់​អំពី​សក្ដានុពល​​បច្ចេកវិទ្យា​​របស់ AutoFlight ក៏ដូចជា​ការ​គាំទ្រ​របស់​អាជ្ញាធរ​ចិន​ នៅ​ក្នុង​ការ​បំពាក់​ eVTOL៕

  • កាមេរូន និង​ប៉ូឡូញ​អភិវឌ្ឍ​ «កាក់​ហោះ» ដូច​ UFO ដំបូង​គេ​លើ​ពិភពលោក

    កាមេរូន និង​ប៉ូឡូញ​អភិវឌ្ឍ​ «កាក់​ហោះ» ដូច​ UFO ដំបូង​គេ​លើ​ពិភពលោក

    ធនាគារ​ជាតិ​កាមេរូន និង​រោង​ចក្រ​​ស្ល​កាក់​ប្រាក់​ប៉ូឡូញ Mennica Polska ថ្មី​ៗ​នេះ​បាន​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​កាក់​ UFO MP-1766 ដែល​ជា​ឧបករណ៍​ហោះ​ហើរ​ស្រប​ច្បាប់​ដំបូង​គេ​លើ​ពិភពលោក​។

    យោង​តាម​ទំព័រ Oddity Central (អង់គ្លេស) ឈ្មោះ​របស់​កាក់​នេះ​ត្រូវ​បាន​ដាក់​ទៅ​តាម​លំនាំ​នៃ​ថាស​ហោះ​ និង​សមត្ថភាព​វិល​យឺត​ក្នុង​អាកាស​ដូច​ទៅ​នឹង​យាន​អវកាស​របស់​មនុស្ស​ពិភព​ផ្កាយ (UFO)​។ ចំណែក​លេខ 1766 គឺជា​ថ្ងៃ​បង្កើត​នាយកដ្ឋាន​ស្លកាក់​ប្រាក់​ប៉ូឡូញ​ ក៏​ដូច​ជា​តម្លៃ​របស់​កាក់​ 1,766 ហ្វ្រង់កាមេរូន ដែល​ប្រហែល​នឹង 2.91 ដុល្លារ​អាម៉េរិក​។

    កាក់​ប្រាក់​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​កាមេរូន​។ ជាង​នេះ តម្លៃ​របស់​វា​ក៏​ខ្ពស់​ជាង​បើ​ធៀប​នឹង​តម្លៃ​ផ្លូវ​ការ​របស់​វា​។ ដោយ​សារ​តែ​បរិមាណ​មាន​កំណត់ត្រឹម​តែ​ 510 កាក់ ​នៅ​ទូទាំង​សកល​លោក​ មួយ​កាក់ UFO MP-1766 មាន​តម្លៃ​ជាង 1,000 ដុល្លារ​អាម៉េរិក​ នៅ​ពេល​កក់​មុន​។

    Mennica Polska មិនទាន់​​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​លម្អិត​អំពី​បច្ចេកវិទ្យា​នៅ​ពី​ក្រោយ UFO MP-1766 ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ដែលបាន​​លេច​ធ្លាយ​ កាក់​នេះ​ត្រូវ​បាន​បំពាក់​កូន​ម៉ាស៊ីន​មួយ​គ្រឿង​នៅ​ខាង​ក្នុង និង​ត្រូវ​បញ្ឆេះ​ដោយ​កម្លាំង​ម៉ាញ៉េទិច​​ដែល​បង្កើត​ឡើង​រវាង​កាក់ និង​រចនា​សម្ព័ន្ធ​ពិសេស​ដែល​អម​ជាមួយ​។ ប្រការ​នេះ​អនុញ្ញាត​ឱ្យ​កាក់ UFO MP-1766 អាច​បណ្ដែត​ខ្លួន​ និង​វិល​ដូច​ទៅ​នឹង​ថាស​ហោះ (UFO)។

    ក្រៅ​ពី​នេះ UFO MP-1766 ក៏​ត្រូវ​បាន​បំពាក់​សមាសធាតុ​ដែល​បញ្ចេញ​ពន្លឺ​ក្នុង​ទីងងឹត​ ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​ភាព​ទាក់​ទាញ​៕

  • យានអវកាស​ឯកជន​អាម៉េរិក បញ្ជូន​រូបថត​ដំបូង​ពី​ឋាន​ព្រះ​ចន្ទ​មក​កាន់​ផែនដី

    យានអវកាស​ឯកជន​អាម៉េរិក បញ្ជូន​រូបថត​ដំបូង​ពី​ឋាន​ព្រះ​ចន្ទ​មក​កាន់​ផែនដី

    យាន Odysseus បញ្ជូន​រូប​ថត​ពីរ​សន្លឹក​ស្ដី​ពី​ផ្ទៃ​ព្រះ​ចន្ទ​ មក​កាន់​ផែនដី នៅ​មុន​ពេល​បញ្ចប់​បេសក​កម្ម​ឆាប់​ជាង​ច្រើន​ថ្ងៃ​ បើ​ធៀប​នឹង​គម្រោង​ដំបូង​។

    យោង​តាម​សារព័ត៌មាន Space កាល​ពី​ថ្ងៃទី 26 កុម្ភៈ ក្រុម​ហ៊ុន Intuitive Machines ប្រកាស​លើ​បណ្ដាញ​សង្គម​ X ថា​ យាន​ Odysseus នៅ​តែ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​​គ្រប់​គ្រង​នៅ​លើ​ផែនដី​ បើ​ទោះ​វា​ដួល​ផ្អៀង​ទៅ​ម្ខាង​ បន្ទាប់​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​។ យាន​នេះ​ក៏​បញ្ជូន​រូប​ថត​ពីរ​សន្លឹក​ពី​ឋាន​ព្រះ​ចន្ទ​មក​កាន់​ផែនដី ក្នុង​នោះ​មាន​មួយ​សន្លឹក​ត្រូវ​បាន​ថត​នៅ​ពេល​យាន​ចុះ​ដល់​ទីតាំង​ចុះ​ចត​ដែល​មាន​ឈ្មោះ​ថា Malapert A ខណៈ​រូប​មួយ​សន្លឹក​ទៀត​គឺជា​រូប​ថត​លើ​ផ្ទៃ​ព្រះចន្ទ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ស្ដី​ពី​ផ្ទៃ​ភព​រណប​នេះ​។

    យាន Lunar Reconnaissance របស់​ណាសា ដែល​មាន​ជំនាញ​ខាង​ស្កេន​ព្រះ​ចន្ទ​ពី​គន្លង​តារា​វិថី​តាំង​ពី​ឆ្នាំ 2009 ក៏​បាន​ថត​រូប​ភាព​របស់​យាន Odysseus ពី​កម្ពស់ 90 គីឡូម៉ែត្រ​។ រូប​ភាព​ពី​កាម៉េរិក​របស់​យាន Lunar Reconnaissance បញ្ជាក់​ថា Odysseus បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​ ពី​កម្ពស់ 2,759 ម៉ែត្រ​។

    Intuitive Machines ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ហោះ​ហើរ​ជាង 965,600 គីឡូម៉ែត្រ​ យាន Odysseus ក៏​បាន​ចុះ​ចតលើ​ទីតាំង​ដែល​មាន​ចម្ងាយ​ពី​គោលដៅ Malapert A 1.5 គីឡូម៉ែត្រ​។ ក្រុម​គ្រប់​គ្រង​បេសក​កម្ម​បញ្ជាក់​ថា Odysseus រអិល​​ដួល​ផ្អៀង​ទៅ​ម្ខាង​ សង្កត់​លើ​ថ្ម​មួយ​ដុំ ធ្វើ​ឱ្យ​អង់តែន​មួយ​ចំនួន​របស់​វាត្រូវ​បែរ​ទិស​ខុស​ពី​ការ​កំណត់​។ ផ្អែក​លើ​ទីតាំង​របស់​ផែនដី និង​ព្រះ​ចន្ទ ក្រុម​ហ៊ុន​ខាងលើ​គណនា​ឃើញ​ថា ក្រុម​អ្នក​គ្រប់​គ្រង​យាន​អាច​បន្ត​ទាក់​ទង​ជាមួយ​ Odysseus រហូត​ដល់​ព្រឹក​ថ្ងៃទី 27 កុម្ភៈ 2024 ឆាប់​ជាង​ច្រើន​ថ្ងៃ​ បើ​ធៀប​នឹង​ 9 ថ្ងៃ​ ដែល​ជា​ការ​គ្រោង​ទុក​ដំបូង​​។

    យាន​ Odysseus ត្រូវ​បាន​បាញ់​បង្ហោះ​លើ​រ៉ុក្កែត​ Falcon 9 របស់ SpaceX ពី​មជ្ឈមណ្ឌល​អវកាស Kennedy របស់​ណាសា នៅ Cape Canaveral រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី 15 កុម្ភៈ 2024 និង​ហោះ​ចូល​ដល់​គន្លង​តារា​វិថី​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 21 កុម្ភៈ​។ យាន​នេះ​បាន​ចុះ​ចត​លើ​ដី​ក្បែរ​មាត់​រណ្ដៅ​ Malapert A នៅ​ប៉ូល​ខាង​ត្បូង​របស់ព្រះ​ចន្ទ​។ យោង​តាម​ណាសា នេះ​គឺជា​តំបន់ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​វិទ្យាសាស្ត្រ​តាំង​ពី​យូរ​មក​ហើយ​ ព្រោះ​តែ​វត្តមាន​របស់​ផ្ទាំង​ទឹកកក​ ដែល​អាច​បំបែក​ទៅ​ជា​អ៊ីដ្រូសែន និង​អុកស៊ីសែន សម្រាប់​ប្រើ​ប្រាស់​ជា​ឥន្ធនៈ​របស់​រ៉ុក្កែត​នា​ពេល​អនាគត​។

    បេសកកម្ម Odysseus ស្ថិត​ក្នុង​កម្មវិធី Commercial Lunar Payload Services របស់​ណាសា​ ដែល​ជួយ​ជំរុញ​ការអភិវឌ្ឍ​យាន​ចុះ​ចត​ឯក​ជន​។ ណាសា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ឯកជន ដើម្បី​ដឹក​ទំនិញ និង​ឧបករណ៍​វិទ្យាសាស្ត្រ​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​។ នៅមុន​ជោគ​ជ័យ​របស់ Odysseus ក៏​មាន​យាន​ 5 គ្រឿង​បាន​បរាជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​នា​ពេល​ថ្មី​ៗ​នេះ ក្នុង​នោះ​ក៏​មាន​បេសក​កម្ម​ឯកជន Peregrine ដែល​បាន​បរាជ័យ​កាល​ពី​ខែ​មុន​ផងដែរ​៕

  • យានអវកាស​ឯកជនអាម៉េរិក ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ

    យានអវកាស​ឯកជនអាម៉េរិក ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ

    យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ត្រូវ​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់​ពី​​​បាន​ក្លាយ​ជា​យាន​អវកាស​ឯក​ជន​ដំបូង​គេ​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ កាល​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 កុម្ភៈ ឆ្នាំ​ 2024​ ម៉ោង​នៅ​កម្ពុជា​។

    នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ទីអវកាស​។ កន្លង​មកពុំ​ដែល​មាន​យាន​អវកាស​ឯកជន​ណាមួយ​​ធ្លាប់បាន​​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ និង​មិន​ទាន់​មាន​យាន​អវកាស​ណា​មួយ​របស់​អាម៉េរិក​ ចុះ​ចត​លើ​ផ្ទៃ​ឋាន​រណប​នេះនៅ​ឡើយ​ រាប់​ចាប់​ពី​ក្រោយ​ការ​ចុះ​ចត​របស់​យាន​មាន​មនុស្ស​ Apollo 17 កាលពី​ខែ​ធ្នូ ឆ្នាំ 1972​។

    ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) មាន​ផែនការ​កសាង​មូលដ្ឋាន​មាន​មនុស្ស​សម្រាប់​កម្មវិធី​ Artemis នៅ​តំបន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ផ្ទុក​ទឹក​កក​យ៉ាង​ច្រើន​។ ក៏ប៉ុន្តែ មុន​នឹង​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ទី​នោះ ណាសា​ចង់​ប្រមូល​ទិន្នន័យ​បន្ថែម​ទៀត​ ទាក់​ទង​នឹង​តំបន់​ដែល​មិន​សូវ​មាន​ការ​ស្រាវ​ជ្រាវ​ច្រើន​មួយ​នេះ ក្នុង​នោះ​រួម​មាន​ទាំង​ប្រភព​ទឹកជា​ដើម​។

    ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខាងលើ ណាសា​ក៏​បាន​បង្កើត​កម្មវិធី​ដោយ​ឡែក​មួយ​ដែលមាន​ឈ្មោះ​ថា CLPS (Commercial Lunar Payload Services) អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក​ អភិវឌ្ឍ​យាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​បែប​ស្វ័យ​ប្រវត្តិ ​ដើម្បី​ដឹក​ឧបករណ៍​វិទ្យាសាស្ត្រ​ ហើយ​យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ក៏​ស្ថិត​ក្នុង​កម្មវិធី​នេះ​ផងដែរ​៕

  • រោង​ចក្រ​ផលិត​ឱសថ​ក្នុង​ទីអវកាស​ ហោះ​ត្រឡប់​មក​កាន់​ផែនដី

    រោង​ចក្រ​ផលិត​ឱសថ​ក្នុង​ទីអវកាស​ ហោះ​ត្រឡប់​មក​កាន់​ផែនដី

    (សហរដ្ឋ​អាម៉េរិក) – កាប៊ីន​យាន W-1 ដែល​ដឹក​ធាតុ​រាវ​នៃ​ថ្នាំ​ព្យាបាល​ HIV និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C របស់​ក្រុម​ហ៊ុន Varda Space Industries ត្រឡប់មក​កាន់​ផែនដី​ ក្រោយ​រយៈ​ពេល​ជិត 8 ខែ​ ដែល​​បាន​ស្ថិត​នៅ​លើ​គន្លង​តារាវិថី​ ហើយ​គ្រោង​នឹង​ចុះ​ដល់​ដី​ដោយ​ប្រើ​ប្រាស់​ឆត្រ​យោង​ នៅ​វេលាម៉ោង​ 03:40 ថ្ងៃទី 22 កុម្ភៈ ម៉ោង​នៅ​កម្ពុជា​។

    យោង​តាម Space កាប៊ីន​យាន​ពី​បេសក​កម្ម W-1 របស់​ក្រុម​ហ៊ុន Varda Space Industries ចុះ​ចត​ពី​លើ​តំបន់​ភាគ​ខាង​ជើង​របស់​រដ្ឋ Utah កាល​ពី​ល្ងាច​ថ្ងៃទី 21 កុម្ភៈ នាំ​មក​ជាមួយ​នូវ​ធាតុ​រាវ​របស់​ឱសថ​ប្រឆាំង​វីរុស​ដែល​អភិវឌ្ឍ​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ ជោគ​ជ័យ​នេះ​ធ្វើ​ឱ្យ​ Varda ក្លាយ​ជា​ក្រុម​ហ៊ុន​ទីបី​ដែលបញ្ជា​ឱ្យ​​យាន​អវកាស​ត្រឡប់​មក​វិញ​ប្រកប​ដោយ​សុវត្ថិភាព​។ ក្រុម​ហ៊ុន​ទីមួយ និង​ទីពីរ​ដែល​បាន​ទទួលជោគជ័យ​ដូច​គ្នា​នេះ​គឺ SpaceX ដែល​មាន​កាប៊ីន​យាន Dragon និង Boeing ដែល​មាន​កាប៊ីនយាន Starliner។

    Varda បាន​រៀប​គម្រោង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំមួយ​ដែល​ផលិត​នៅ​ខាង​ក្រៅ​ផែនដី។ «ការ​ចាត់​ចែង​វត្ថុធាតុ​ក្នុង​បរិស្ថាន​មាន​ទំនាញ​ផែនដី​តិច​បំផុត​ ផ្ដល់​នូវ​បរិស្ថាន​ពិសេស​ដែល​នៅលើ​ផែនដី​មិន​មាន​។ ផល​ប្រយោជន៍ភាគ​ច្រើន​គឺ​បាន​​មក​ពី​ការ​មិន​មាន​បាតុភូត​ចរន្តជា​ដើម​នៅ​ក្នុង​​វត្ថុធាតុ​រាវ​ ដោយសារ​ទំនាញផែនដី​ ក៏ដូច​ជា​លទ្ធភាព​កកើត​រចនា​សម្ព័ន្ធ​ល្អ​ជាង​ ដោយ​សារ​ការ​ថយ​ចុះ​នៃ​សម្ពាធ» ក្រុម​ហ៊ុន​ខាង​លើ​ពន្យល់​ដូច្នេះ​។

    ក្រោយ​ពី​ការ​ចុះ​ចត​ កាប៊ីន​យាន​អវកាស​នេះ​នឹង​ត្រូវ​បាន​នាំ​យក​ទៅកាន់​មូលដ្ឋាន​របស់ Varda នៅ Los Angeles ដើម្បី​វិភាគ​។ ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បេសក​កម្ម​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​នឹង​ទ័ព​អាកាស​អាម៉េរិក និង​ណាសា ទៅ​តាម​កិច្ច​ព្រម​ព្រៀង​រវាង​ស្ថាប័ន​ទាំង​នេះ​៕

  • ទុន​ជាង 444 លាន​ដុល្លារ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ 15 ថ្ងៃ​ដំបូង​នៃ​ខែ​កុម្ភៈ 2024

    ទុន​ជាង 444 លាន​ដុល្លារ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ 15 ថ្ងៃ​ដំបូង​នៃ​ខែ​កុម្ភៈ 2024

    (ភ្នំពេញ) – ពាក់​កណ្ដាល​ដើម​​ខែកុម្ភៈនេះ ក្រុម​​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន 22 ដែលមានទុនវិនិយោគសរុបប្រមាណជាង 444 លានដុល្លារអាម៉េរិក​។

    យោង​តាម​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពូជា (CDC) បណ្ដា​ខេត្ត​ដែល​ទទួល​បាន​ការ​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់ រួម​មាន​ រាជធានី​ភ្នំពេញ និង​ខេត្ត​ស្វាយ​រៀង ដោយ​មាន​ទុន​វិនិយោគ​ 4 គម្រោងដូច​គ្នា​។ ក្រៅ​ពី​នេះ ខេត្តព្រះ​សីហនុ និង​ខេត្ត​កំពង់​ស្ពឺ ក៏ទទួលបាន​ការ​វិនិយោគ​ 3 គម្រោង​ដូច​គ្នា​​ផង​ដែរ​។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដី​ប្រកាស​របស់ CDC ដែល​មាន​ដូច​ខាង​ក្រោម​៖

  • ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

    (ភ្នំពេញ) – ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Jonh Riady នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

    យោង​តាម​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុងជំនួបនេះ លោក Jonh Riady បានបង្ហាញ​ចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជា រួមមានជា​អាទិ៍ វិស័យអចលនទ្រព្យ ផ្សារទំនើប សុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។

    ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ 60 ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម។ នេះបើ​តាម​ CDC ចេញផ្សាយ​នា​យប់​ថ្ងៃទី 19 កុម្ភៈ 2024​៕

  • គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    (ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

    កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

  • កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ចាប់តាំងពីសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពោលគឺ ចាប់ពីខែសីហា ឆ្នាំ 2023 មកដល់បច្ចុប្បន្ន កម្ពុជា​​ទាក់ទាញបាន​ការ​វិនិយោគប្រមាណ 172​គម្រោង ដែល​មាន​ទុន​សរុប​​ជិត​ 4 ពាន់លានដុល្លារ និងអាចបង្កើតការងារបាន​ជាង 19 ម៉ឺនកន្លែង។

    ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីដូច​ខាងលើនេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុងពិធី «​បិទ​សន្និបាត​បូក​សរុបការងារឆ្នាំ 2023 និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ 2024 របស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្តន៍ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី 08 ខែកុម្ភៈឆ្នាំ 2024  នៅសណ្ឋាគារសុខាភ្នំពេញ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋ។

    យោង​តាម​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា កន្លងមក កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺមានប្រមាណ 7% រាប់​ចាប់​​តាំងពីពេលដែលកម្ពុជា​ទទួលបានសន្តិភាព រហូតមកទល់ពេលផ្ទុះជំងឺកូវីដ-19៕