Tag: អភិវឌ្ឍ

  • សុនក​យន្ត​បង្កើត​​កំណត់​ត្រា «​រត់​លឿន​ជាង​គេ​លើពិភពលោក»

    សុនក​យន្ត​បង្កើត​​កំណត់​ត្រា «​រត់​លឿន​ជាង​គេ​លើពិភពលោក»

    HOUND ដែល​ជា​រ៉ូបូតជើង​បួន​របស់​ប្រទេស​កូរ៉េខាងត្បូង បង្កើត​បាន​កំណត់ត្រា​ពិភពលោក​ Guinness នៅ​ពេល​រត់​ចម្ងាយ​ 100 ម៉ែត្រ ដោយ​ប្រើ​ពេល​ត្រឹម​តែ​ 19.87 វិនាទី ក្នុង​ល្បឿន 18.13 គីឡូម៉ែត្រ​/ម៉ោង​។

    យោង​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 13 ធ្នូ សុនក​រ៉ូបូត​ HOUND ដែល​អភីវឌ្ឍ​ដោយ​វិទ្យាស្ថាន​ពិសោធន៍​ផ្នែក​រចនា និង​បញ្ជា​រ៉ូបូត​យន្ត នៃ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ទំនើប​កូរ៉េខាង​ត្បូង (KAIST) រត់​ចម្ងាយ​ 100 ម៉ែត្រ​ ដោយ​ចំណាយ​ពេល​​តិច​បំផុត​ បើ​ធៀប​នឹង​​រ៉ូបូត​ជើង​បួនដែល​បាន​បង្កើត​កំណត់​ត្រា​នា​ពេល​កន្លង​​។ HOUND បំបែក​កំណតត់​ត្រា​ដោយ​ប្រើពេល​ 19.87 វិនាទី ដោយ​រត់​ក្នុង​​ល្បឿន​ 18.13 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

    «រាល់​ចលនា​សុទ្ធ​តែ​បាន​មក​ពី​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​ដែល​ប្រើ​បច្ចេក​វិទ្យា​ «រៀន​បន្ថែម»» នេះគឺជា​ការ​​បក​ស្រាយ​របស់​ Young-Ha Shin ដែល​ជា​អ្នក​រចនា​រ៉ូបូត HOUND​។

    រ៉ូបូត​ដែល​មាន​ទម្ងន់ 45 គីឡូក្រាម​​នេះ​ ក៏​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ដើរ​ឡើង​ទួលចោត 22 ឌឺក្រេ និង​ដើរ​ចម្ងាយ​ 3.2 គីឡូម៉ែត្រ​ ហើយ​ក៏​ឆ្លង​ផុត​ឧបសគ្គ​កម្ពស់ 35 សង់ទីម៉ែត្រ​។

    ក្រុម​ការ​ងារ​ខាងលើ​នឹង​បន្ត​អភិវឌ្ឍ​រូប​រាង​របស់ HOUND ដើម្បី​ឱ្យ​វា​អាច​រត់​បាន​លឿន​ និង​អាច​ធ្វើចលនា​ស្មុគស្មាញ​ជាង​បច្ចុប្បន្ន​៕

  • គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

    គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

    គម្រោងវិនិយោគចំនួន 21 គម្រោង និង​មានទុនវិនិយោគសរុបប្រមាណជិត 619 លានដុល្លារអាម៉េរិក ​ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ក្នុងខែវិច្ឆិកា ឆ្នាំ 2023​។ នេះ​បើ​តាម​ ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា (CDC) ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 08 ធ្នូ​កន្លង​ទៅ​។

    ​CDC ឱ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​ទាំង 21​ ​​ដែល​អាច​បង្កើត​ការ​ងារ​បាន​ជិត 22 ពាន់​កន្លែង​​នេះ មាន​គម្រោង​​មួយ​ចំនួន​ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ គម្រោង​សាងសង់​វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំកណ្ដាល អានុភាព 70 មេហ្កាវ៉ាត់ នៅ​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង, គម្រោង​សាងសង់វារីអគ្គិសនី​វាល​ថ្ម​កំបុត អានុភាព 100 មេហ្កាវ៉ាត់ នៅ​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង, គម្រោង​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ថាមពល​ព្រះ​អាទិត្យ​ អានុភាព 60 មេហ្កាវ៉ាត់​ នៅ​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង និង​គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ស្បែក​ជើង​ និង​គ្រឿង​បន្សំ​ស្បែក​ជើង នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំ​ពេញ​។

    យោង​តាម​ CDC នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​ស្រុក​ចំនួន​ 82.90% ក្នុង​ចំណោម​ទុន​វិនិយោគ​សរុប​ ស្រប​ពេល​ដែល​​ទុន​វិនិយោគ​ពីប្រទេស​ចិន​ មាន​ប្រមាណ 17.10%​៕

  • តំបន់រុនតាឯក នឹង​ក្លាយ​ជា​ទី​ក្រុង​រណប ដែល​បង្កើត​ការ​ងារ​នៅ​នឹង​កន្លែងនា​ពេល​ខាងមុខ​

    តំបន់រុនតាឯក នឹង​ក្លាយ​ជា​ទី​ក្រុង​រណប ដែល​បង្កើត​ការ​ងារ​នៅ​នឹង​កន្លែងនា​ពេល​ខាងមុខ​

    រាជរដ្ឋាភិបាល​កម្ពុជា កំពុងរៀបចំកែប្រែតំបន់ រុនតាឯក ឱ្យក្លាយជា ទីក្រុងរណប​រុនតាឯក ដែលបង្កើតការងារជូនពលរដ្ឋនៅនឹង​កន្លែង នៅ​ពេល​តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។

    ព័ត៌មាន​នេះ​ត្រូវ​បាន​ សម្តេចធិបតីហ៊ុន ម៉ាណែត លើក​ឡើង​នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង​ភូមិរុនតាឯក កាល​ពី​ថ្ងៃ​ទី 8 ធ្នូ 2023 នៅខេត្តសៀមរាប។

    ប្រមុខរាជរដ្ឋាភិបាល​ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯក ហើយ​ថា តំបន់​នេះ​នឹង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​។

    តំបន់​អភិវឌ្ឍ​ រុនតាឯក (ភូមិធម្មជាតិរុនតាឯក) ស្ថិត​ក្នុង​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។ តំបន់​នេះមានចម្ងាយប្រហែល 5គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា បត់ឆ្វេងប្រហែល 4.5 គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ 67 ហើយ​ពេលទៅដល់ផ្លូវបែកជាបួន បត់ស្តាំតាមផ្លូវលេខ 810 ប្រហែល 9 គីឡូម៉ែត្រ រួច​បត់ស្តាំប្រហែល 3 គីឡូម៉ែត្រ ទើប​បត់ឆ្វេងប្រហែល 300 ម៉ែត្រ រួចបត់ស្តាំប្រហែល 450 ម៉ែត្រ ហើយបត់ឆ្វេងប្រហែល 2គីឡូម៉ែត្រទៀត យើងនឹងទៅដល់ភូមិធម្មជាតិរុនតាឯក៕

  • កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ដើម្បីជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ទាក់​ទង​នឹង​ភ្លើង​អគ្គិសនី ក៏ដូច​ជាជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច «រដ្ឋសុខចិត្ត​ខាត» នៅ​ក្នុង​ការ​លក់​អគ្គិសនី​។

    ការ​ថ្លែង​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើងកាលពីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 ​នៅក្នុងពិធីបិទ​ស្ទឹង​សាង​សង់ទំនប់វារីអគ្គិសនីតាតៃលើ ដែល​មាន​អានុភាព​ 150 មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។

    យោង​តាម​ប្រសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល​ នៅក្នុងឆ្នាំ 2023 កម្ពុជា​គ្រោងចំណាយថវិកា 100 លានដុល្លារអាម៉េរិក​ សម្រាប់ការ​ឧបត្ថម្ភធន និង​ទម្លាក់ថ្លៃអគ្គិសនី​ ដោយរដ្ឋសុខចិត្តខាត។

    ទាក់​ទិន​នឹង​វិស័យ​អគ្គិសនី រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​កំណត់​គោលនយោបាយ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី បន្ត​ធ្វើ​ទំនើប​កម្ម​លើ​ការ​ផ្ដល់​សេវាកម្ម​អគ្គិសនី និង​ពិនិត្យ​លទ្ធភាពក្នុង​ការ​​ទម្លាក់​ថ្លៃ​អគ្កិសនី​ឱ្យ​កាន់​តែ​ទាប​ជាងមុន​៕

  • រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    យោង​តាម គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបាន​ប្រកាស​កាល​ពីថ្ងៃទី 30 វិច្ឆិកា 2023​ ក្រុមហ៊ុនចំនួនប្រាំទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់រោងចក្រថ្មីចំនួនប្រាំ ជាមួយ​នឹង​ទុន​វិនិយោគ 35.3 លានដុល្លារ នៅ​ខេត្តតាកែវ កំពង់ស្ពឺ កណ្តាល និងភ្នំពេញ។

    ក្រុម​ហ៊ុន​ទាំង​នេះ​រួម​មាន​៖

    ក្រុម​ហ៊ុន XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD ៖ គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ 13.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 4,370 កន្លែង។

    ក្រុម​ហ៊ុន NEW HUICHEN (CAMBODIA) TEXTILE CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ 499 ផ្លូវលេខ126 ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,896 កន្លែង។

    ក្រុម​ហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.6 លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន 238 កន្លែង។

    ក្រុម​ហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន 1,790 កន្លែង។

    ក្រុម​ហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ69 ផ្លូវជាតិលេខ2 ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 467 កន្លែង។

    ជា​សរុប បណ្ដា​គម្រោង​ដែល​មាន​​សរុប​ 35.3 លានដុល្លារ​​អាម៉េរិក​នេះ អាច​បង្កើត​ការ​ងារ​បានជាង​ 8,700 កន្លែង​៕

  • ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

    ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ដែល​មាន​ឈ្មោះ​ថា Prophetic អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃមួយ​ប្រភេទ​ដែល​អាច​ជួយ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​សុបិន​ឱ្យ​មាន​ប្រយោជន៍​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​។

    ឧបករណ៍​ថ្មី​របស់​ក្រុម​ហ៊ុន​ Prophetic ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «Halo» គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដែល​នឹងបំពាក់​​ទៅ​លើ​ក្បាល​ ដើម្បី​​នាំ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​សភាព​គេងលក់​សុបិន​ល្អ​។ Halo អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ខ្លួន​កំពុង​យល់​សប្ដិ និងអាច​គ្រប់​គ្រង​ខ្លឹម​សារ​នៃ​សុបិន​នោះ​។ ឧបករណ៍​នេះ​ជួយ​ប្រែ​ក្លាយ​សុបិន​ឱ្យ​ទៅ​ជា​កន្លែង​ធ្វើ​ការ​និម្មិត ដែល​​គាំទ្រ​ដល់​សកម្មភាព​ច្នៃប្រឌិន និង​សិក្សា​បែប​ថ្មី​។

    គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Prophetic កំពុង​សហការ​ជាមួយអ្នក​ជំនាញ និង​​ស្ថាប័នកំពូលៗ មាន​ដូចជា Afshin Mehin ដែល​ជា​អ្នក​បង្កើត Card7 និង​ឧបករណ៍​ Neuralink N1 ឱ្យ​ក្រុម​ហ៊ុន​ដាំ​ឈីប​លើ​ខួរ​ក្បាល​របស់​មហា​សេដ្ឋី Elon Musk ដើម្បី​អភិវឌ្ឍ Halo​។ ក្រុម​ហ៊ុន​នេះ​ជឿ​ថា សក្ដានុពល​នៃ​សុបិន​ល្អ​ មិន​ត្រឹម​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់​នោះ​ទេ តែ​ក៏​អាច​បង្កើត​បាន​វិធី​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​នឹង​គំនិត​ស្រមៃ​ដែល​មិន​អាច​គិត​ចេញ​នៅ​ពេល​កំពុង​រលឹក​។

    Prophetic យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវស្ដីពី​ការ​ដាស់​ខួរក្បាល​​របស់​វិទ្យាស្ថាន Donders នៅ​ប្រទេស​ហូឡង់ ដើម្បី​អភិវឌ្ឍផលិត​ផល​របស់​ខ្លួន​។ ពួក​គេ​គ្រោង​នឹង​ប្រមូល​ទិន្នន័យ​នេះ​នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ 2024​ រួច​បង្ហាញ​ឧបករណ៍​របស់​ខ្លួន​នៅ​រដូវ​ផ្ការីក​ឆ្នាំ 2025៕

  • កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​​ថាមពលពី​​ធ្យូង​ថ្ម និង​ពិនិត្យ​លទ្ធភាព​បិទ​ទ្វារ​បណ្ដា​រោង​ចក្រ​ប្រភេទ​នេះ​នៅ​មុន​កាល​កំណត់​។

    ប្រកាស​ខាងលើ​ត្រូវ​បាន​សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ លើក​ឡើង​នៅ​ក្នុង​ពិធីបិទ​ទ្វារ​ទំនប់​សាង​សង់​វារី​អគ្គិសនី​ស្ទឹងតាតៃលើ ក្នុង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2023​។

    យោង​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​ចំពោះគោល​ដៅ​បន្សាប​កាបូន​ និង​គោល​ដៅ​ផ្គត់​ផ្គង់​ថាមពល​​ស្ថិរភាព​ ប្រសិទ្ធភាព និង​តម្លៃ​សម​រម្យ​។

    មុន​នោះ កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ចិត្ត​ផ្អាក​គម្រោង​អភិវឌ្ឍ​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើប្រាស់​ធ្យូង​ថ្ម​កម្លាំង 700 មេហ្គាវ៉ាត់ (MW) នៅ​ក្នុង​ខេត្ត​កោះកុង​ និង​ប្ដូរ​ទៅ​ជា​កម្រោងអភិវឌ្ឍ​​ថាមពល​​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត

    បច្ចុប្បន្ន ក្រសួង​រ៉ែនិង​ថាមពល ក៏​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ ស្ដីពី​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ជំរុញការ​ប្រើប្រាស់​យាន​យន្ត​អគ្គិសនី​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ឥន្ធនៈ និង​ដើម្បី​ការ​ពារ​បរិស្ថាន​៕

  • Toyota ផ្ដល់​អាទិភាពដល់​ការ​ផលិតរថយន្ត​អគ្គិសនី​ពី​អ៊ីដ្រូសែន​ ជាង​ថ្ម​ប្រភេទ​រឹង​

    Toyota ផ្ដល់​អាទិភាពដល់​ការ​ផលិតរថយន្ត​អគ្គិសនី​ពី​អ៊ីដ្រូសែន​ ជាង​ថ្ម​ប្រភេទ​រឹង​

    ក្រុម​ហ៊ុន​ Toyota បញ្ជាក់​ថា ពួក​គេ​កំពុង​បោះមួយ​ជំហាន​ធំ​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​រឹងសម្រាប់​រថយន្ត​អគ្គិសនី​ ខណៈ​គោលដៅ​ពិសេស​​គឺ​អ៊ីដ្រូសែន។

    «ក្នុង​ដំណាក់​កាល​ផលិត​ជា​ទ្រង់​ទ្រាយ​ធំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ 2030 បណ្ដា​ក្រុម​ហ៊ុន​កំពុង​រក​វិធី​បង្កើន​ផលិតភាព​ឱ្យ​ឡើង​ដល់​រាប់​ម៉ឺន​គ្រឿង​ ដើម្បី​សម​ស្រប​នឹង​ផែនការ​ផលិត​​របស់​ Toyota» ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុន ឱ្យ​ដឹង​ដូច្នេះ​។

    កាល​ពី​ដើម​ឆ្នាំ​នេះ Toyota បាន​ប្រកាស​ថា ពួក​គេ​កំពុង​រក​វិធី​លក់​រថយន្ត​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ឱ្យ​បាន​លើស​ពី 100,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ឆ្នាំ 2030​។ ប្រការ​នេះ​បញ្ជាក់​ថា នៅ​ចុង​ទសវត្សរ៍​នេះ Toyota នឹង​ផលិត​រថយន្ត​អ៊ីដ្រូសែន​ច្រើន​ជាង​រថយន្ត​អគ្គិសនី​ដែល​ប្រើ​ថ្ម​រឹង​។

  • ចិន​កំពុង​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស

    ចិន​កំពុង​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស

    (ប្រទេស​ចិន) – គំរូ​ដំបូង​របស់ SSPS ដែល​ជា​ប្រព័ន្ធ​ទាញ​យក​ និង​ប្រើប្រាស់​អគ្គិសនី​ពីព្រះ​អាទិត្យនៅ​ទី​អវកាស​ ដើម្បី​បាញ់​បញ្ជូន​មក​កាន់​ផែនដី និង​បញ្ចូល​ថាមពលឱ្យ​​ផ្កាយ​រណប ត្រូវបាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​។

    ប្រទេស​ចិន​កំពុង​តែ​អភិវឌ្ឍ​ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​អវកាស (SSPS – Space Solar Power System) ដែល​មាន​សមត្ថភាព​បាញ់បញ្ជូន​អគ្គិសនី​ចុះ​មក​កាន់​ផែនដី និង​បញ្ចូល​អគ្គិសនី​ឱ្យ​ផ្កាយរណប​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​។ ស្ថានីយ​គំរូរបស់ SSPS ត្រូវ​បាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ទីក្រុងស៊ីអាន (Xi An) នៃ​ខេត្តសានស៊ី (Shaanxi)។

    គម្រោង​អភិវឌ្ឍ​ SSPS ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា Zhu Ri ដែល​មាន​ន័យ​ថា «ដេញតាម​ព្រះ​អាទិត្យ»​ ចាប់​ផ្ដើម​ដំណើរ​ការ​តាំង​ពី​ 6 ឆ្នាំ​មុន​។ ស្ថានីយ​គំរូ​ដំបូង​នេះ​រួម​មាន គ្រោង​ដែក​កម្ពស់ 75 ម៉ែត្រ និង​មាន​ចាន​ដែក​បំពាក់​ផ្ទាំ​សូឡា​ដ៏ធំ​មួយ​នៅ​ខាងលើ​ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើ​តេស្ត​ប្រព័ន្ធ​ផលិត​អគ្គិសនី​ពេញ​លេញ​មួយ​នៅ​ទីអវកាស​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ដើម្បី​បំប្លែង​ និងផ្គត់ផ្គង់តាម​​តម្រូវ​ការ​។

    SSPS នឹង​បញ្ជាក់​អំពី​លទ្ធភាព និង​សក្ដានុពល​​នៃ​ដំណើរ​ការ​ទាំង​ស្រុង តាំង​ពី​ការ​បំប្លែង​ពន្លឺ​ឱ្យ​​ទៅ​ជា​អគ្គិសនី ការ​បំប្លែង​អគ្គិសនី​ឱ្យ​ទៅ​ជា​​រលកកម្ដៅ​មីក្រូវ៉េវ ការ​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ និងការ​​បំប្លែង​រលកកម្ដៅ​មីក្រូវ៉េវ​​ឱ្យ​ទៅ​ជា​អគ្គិសនី​ចរន្ត​ជាប់​។ នេះ​គឺជា​ប្រព័ន្ធ​ដំបូង​ដែល​ស្ថិត​ក្នុង​ប្រភេទ​នេះ​នៅ​លើ​ពិភពលោក​ ដែល​បាន​ឆ្លង​កាត់​ការ​សាកល្បង​បែប​នេះ​។

    «យើង​សម្រេច​បាន​ការ​សាកល្បង​គំរូ​ដំបូង​នៅ​លើ​ផែនដី» លោក Duan Baoyan ប្រធាន​គម្រោង​ Zhu Ri ​មក​ពី​បណ្ឌិត្យ​សភា​បច្ចេក​ទេស​ចិន​ ឱ្យ​ដឹង​ដូច្នេះ។ លោក​ Baoyan បន្ត​ថា កាល​ពី​ថ្ងៃទី 05 មិថុនា 2022 ប្រព័ន្ធ​នេះ​បាន​ឆ្លង​ផុត​ការ​ត្រួត​ពិនិត្យ​របស់​ក្រុម​ប្រឹក្សា​ជំនាញ​មួយរួច​ទៅ​ហើយ​៕

  • កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

    កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់​ប្រាក់កម្ចីចំនួន 50 លានដុល្លារអាម៉េរិក ដើម្បី​រួម​ចំណែក​ជួយ​កម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ នេះ​បើ​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 របស់ ADB។

    «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា» នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jyotsana Varma ថ្លែងដូច្នេះ។ លោក​ស្រី​បន្ត​ថា វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។

    ADB ដែល​ជាដៃគូគាំទ្រកំណែទម្រង់ PFM (Public Financial Management) របស់កម្ពុជា តាំងពីឆ្នាំ 2008 បានជួយគាំទ្រ​ដល់​គម្រោង​វិនិយោគ​សាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ ក៏ដូច​ជាធានានូវការបែងចែកថវិកាដែលទាក់​ទង​នឹង​ការកសាងភាពធន់នឹងផលប៉ះពាល់ដែល​កើត​ឡើង​ពី​បញ្ហា​ប្រែប្រួលអាកាសធាតុ​ផងដែរ​៕