Tag: អភិវឌ្ឍ

  • អ្នកវិភាគថា កម្ពុជានៅមិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយទេ

    អ្នកវិភាគថា កម្ពុជានៅមិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយទេ

    បច្ចុប្បន្នប្រទេសកម្ពុជាត្រូវគេមើលឃើញថាមានការអភិវឌ្ឍឆាប់រហ័សស្ទើរគ្រប់វិស័យ ប៉ុន្តែទោះជាដូច្នេះក្តី ក៏អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ការអភិវឌ្ឍរបស់កម្ពុជានាពេលនេះនៅមិនទាន់មានភាពពេញលេញល្អនៅឡើយទេ ដោយសារតែវិស័យមួយចំនួននៅដើរតាមក្រោយប្រទេសជិតខាងក្នុងតំបន់នៅឡើយ។

    លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា បើសិនជាយើងធ្វើការប្រៀបធៀបជាមួយប្រទេសបណ្តាជាមិត្តនៅក្នុងតំបន់ យើងនឹងឃើញថា កម្ពុជាជាប្រទេសមួយដែលមានចំណូលទាបជាងគេនៅឡើយ ដោយចំណូលសរុបរបស់ប្រជាពលរដ្ឋម្នាក់(GDP) មានត្រឹមតែជាង 1000ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ ហើយបើយើងក្រឡេកមើលវិស័យនានា សម្រាប់ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចវិញ គឺនៅមានភាពចង្អៀតខ្លាំង ដោយសារកម្ពុជាផ្តោតទៅលើការនាំចេញខ្លាំងពេក ដូចជាវិស័យកាត់ដេរ កសិកម្ម និងវិស័យសំណង់ មានន័យថាការធ្វើពិពិធកម្មទៅរកវិស័យផ្សេងៗទៀតនៅមានកម្រិត ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានៅមានហានិភ័យខ្ពស់ និងមានចំណុចផុយស្រួយនៅឡើយ។

    យើងដឹងហើយថា ការអភិវឌ្ឍប្រទេសត្រូវពឹងផ្អែកលើធនធានមនុស្សដែលមិនអាចខ្វះបានហើយបច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្ម និងធនធានមនុស្សច្រើន ប៉ុន្តែអ្វីដែលសំខាន់គឺកម្ពុជានៅមិនទាន់មានធនធានមនុស្សដែលមានជំនាញពលកម្ម សមត្ថភាព និងចំណេះដឹងច្បាស់លាស់នៅឡើយ។ ចំណែកការវិវឌ្ឍផ្នែកបច្ចេកវិទ្យាវិញ ក៏នៅមានកម្រិតនៅឡើយដែរ ជាពិសេសការ-អភិវឌ្ឍឧស្សាហកម្មជំហានទី4.0នេះតែម្ដង គឺស្ថិតនៅក្នុងកម្រិតថ្នាក់មូលដ្ឋានដែលទើបចាប់ផ្តើមដំបូងទីនៅឡើយ ប៉ុន្តែនៅប្រទេសថៃវិញ គេបង្កើតឧស្សាហកម្មឌីជីថល និងសេដ្ឋកិច្ច (Industrial of Digital and Economy) តាំងពី 4ឆ្នាំមុនមកម្ល៉េះ ដែលធ្វើឱ្យវិស័យបច្ចេកវិទ្យានៅប្រទេសថៃមានការរីកចម្រើនខ្លាំងជាងយើង។ឧទាហរណ៍ ដូចនៅក្នុងខេត្តភូកេតគេមាន Phuket App ដែលផ្តល់ព័ត៌មានទូលំទូលាយទាក់ទងនឹងវិស័យទេសចរណ៍ ចំណែកយើងទើបតែចាប់ផ្តើមគិតគូរពីបញ្ហានេះនៅឡើយ គឺចំណុចនេះហើយដែលគេមើលឃើញថា យើងនៅដើរក្រោយគេមួយជំហាននោះ។

    បើគេក្រឡេកមើលពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការដឹកជញ្ជូន និងការផ្គត់ផ្គង់ថាមពលអគ្គិសនីវិញ ក៏នៅមានតម្លៃថ្លៃជាងប្រទេសជិតខាងដែរពិសេសប្រទេសវៀតណាម និងប្រទេសថៃតែម្តង។ បច្ចេកវិទ្យារបស់គេមានការរីកចម្រើនខ្លាំង ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរខ្លាំង តម្លៃអគ្គិសនីមានតម្លៃទាប ហើយមានតែប្រទេសឡាវប៉ុណ្ណោះដែលនៅប្រហាក់ប្រហែលយើង។

    លោកបន្តថា យ៉ាងណារដ្ឋាភិបាលមានផែនការទៅតាមនិន្នាការសម្រាប់ការអភិវឌ្ឍជាបណ្តើរៗហើយ ដូចជាការសាងសង់ទំនប់វារីអគ្គិសនីកាន់តែច្រើន ការស្ថាបនាផ្លូវថ្នល់ដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង ដូចជាផ្លូវរថភ្លើង និងផ្លូវល្បឿនលឿនជាដើម។ ប៉ុន្តែការកែច្នៃរបស់កម្ពុជាអាចនិយាយបានថា ស្ទើរតែគ្មានតែម្តង ពោលគឺមានតែវិស័យស្រូវអង្ករប៉ុណ្ណោះដែលយើងអាចនាំយកទៅលក់នៅទីផ្សារអឺរ៉ុបបាន តែទោះជាដូច្នេះក្ដី ក៏សហគ្រិនក្នុងស្រុក និងអ្នកវិនិយោគមួយចំនួនចាប់-ផ្តើមគិតគូរធ្វើរោងចក្រកែច្នៃផលិតផលក្នុងស្រុកសម្រាប់ការនាំចេញជាបណ្តើៗដែរហើយ ដូចជាការកែច្នៃគ្រាប់ស្វាយចន្ទី ផ្លែស្វាយ និងផ្លែឈើផ្សេងៗមួយចំនួនទៀត។

    ក្នុងយុគសម័យប្រកួតប្រជែងនេះ កម្ពុជាគួរទាញប្រយោជន៍ពីការចូលរួមក្នុងផែនការសមាហរណកម្មអាស៊ាន ឱ្យបានកាន់តែច្រើនឡើងតាមរយៈការទទួលបានទីផ្សារលក់ចេញផលិតផលរបស់ខ្លួនឱ្យបានច្រើន ការទាក់ទាញវិនិយោគឱ្យចូលមកកាន់តែច្រើន។ ទោះជាកម្ពុជាមានទីផ្សារតូច មានប្រជាជនត្រឹមតែជាង 15លាននាក់មែន តែសំណាងល្អដែលកម្ពុជាមានទីផ្សារធំនៅអឺរ៉ុប ហើយបើមានទីផ្សារក្នុងតំបន់អាស៊ានទៀត យើងប្រាកដជានឹងទទួលបានផលចំណេញច្រើនមិនខាន ហើយដើម្បីទទួលបានផលចំណេញនេះ អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានជំរុញដល់សហគ្រិនក្នុងស្រុក និងអ្នកវិនិយោគឱ្យគិតគូរពីការកែច្នៃផលិតផលក្នុងស្រុកឱ្យបានចំនួនកាន់តែច្រើនឡើង កាន់តែប្រសើរ។ ក្រៅពីប្រយោជន៍រូបិយខាងលើហើយ កម្ពុជាក៏ទទួលបានប្រយោជន៍អរូបិយច្រើនដែរ តាមរយៈការធ្វើឱ្យបរទេសស្គាល់កម្ពុជាកាន់តែច្បាស់ និងមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ខណៈដែលបច្ចុប្បន្នបរទេសភាគច្រើនមិនបានស្គាល់កម្ពុជាទេ គឺស្គាល់តែសៀមរាបអង្គរប៉ុណ្ណោះ ពោលគឺនៅពេលគេមកលេងប្រទេសថៃ ទើបគេបន្តចូលមកស្នាក់នៅខេត្តសៀមរាប និងទស្សនាប្រាសាទអង្គរវត្តក្នុងរយៈពេលខ្លី ដែលអាចនិយាយបានថា យើងទទួលបានប្រយោជន៍ពីប្រទេសថៃតែប៉ុណ្ណោះ។

    ករណីនេះ កម្ពុជាគួរចរចាជាមួយភាគីប្រទេសជិតខាងជាមិត្ត ដើម្បីបែងចែកប្រយោជន៍នេះមកឱ្យកម្ពុជា ជាពិសេសប្រទេសថៃដើម្បីឱ្យគេជួយណែនាំភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង ហើយចំណែកកម្ពុជាខ្លួនឯងផ្ទាល់ក៏គួរកែច្នៃតំបន់ទេសចរណ៍ឱ្យកាន់តែសម្បូរបែប និងមានសក្តានុពលខ្លាំងឡើងដែរ ដើម្បីឱ្យទេសចរចូលមកកាន់តែច្រើន ដែលវានឹងជួយផ្តល់ការងារដល់ពលរដ្ឋបានកាន់តែច្រើន ក៏ដូចជាជួយដល់កំណើនសេដ្ឋកិច្ចជាតិឱ្យមានស្ថិរភាពយូរអង្វែង។

    យោងតាមទិន្នន័យតួលេខរបស់ធនាគារពិភពលោកបានបង្ហាញថា កាលពីឆ្នាំ2017កន្លងទៅ GDP របស់ប្រជាជនកម្ពុជាមានចំណូល 1,384.42ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងរយៈពេលមួយឆ្នាំ ចំណែក GDP ប្រជាជនថៃមានចំណូល 6,593.82ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ GDPរបស់ហ្វីលីពីន2,988.95ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំប្រជាជនវៀតណាមមាន 2,343.12ដុល្លារ ចំណូលប្រជាជនឡាវមានចំនួន 2,457.38ដុល្លារក្នុងមួយឆ្នាំ និងប្រជាជនមីយ៉ាន់ម៉ា មានចំណូល 1,298.88ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងរយៈពេលមួយឆ្នាំ៕

  • កិច្ចប្រជុំអាស៊ានលើកទី33 សំដៅលើការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ

    កិច្ចប្រជុំអាស៊ានលើកទី33 សំដៅលើការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ

    បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន ទោះជាមានកំណត់គោលដៅរួម “សហគមន៍តែមួយ វាសនាតែមួយ” ក៏ដោយ ប៉ុន្តែគម្លាតនៃការអភិវឌ្ឍហាក់មានភាពខុសគ្នាខ្លាំងនៅឡើយនៅក្នុងសហគមន៍មួយនេះ ដូចជាប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ជាដើម ត្រូវបានគេមើលឃើញថា ការអភិវឌ្ឍហាក់មានភាពលេចធ្លោខ្លាំងជាងប្រទេសមួយចំនួនទៀត ដូចជាប្រទេសភូមា ឡាវ និងកម្ពុជាជាដើម។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី33 កាលពីសប្តាហ៍មុនបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗដែលជាសមាជិកអាស៊ានបានផ្លាស់ប្តូរយោបល់ទៅលើបញ្ហាសំខាន់ៗជាច្រើនដូចជា ការតភ្ជាប់ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ បណ្តាញទីក្រុងឆ្លាតអាស៊ាន បដិវត្តន៍ឌីជីថល និងបញ្ហាផ្សេងៗទៀតដែលជាកង្វល់រួមដែលប៉ះពាល់ដល់តំបន់ និងពិភពលោក។ ក្រឡេកមើលទិដ្ឋភាពសេដ្ឋកិច្ចវិញ ថ្នាក់ដឹកនាំបានកត់សម្គាល់ដោយការពេញចិត្តដែលតំបន់សម្រេចបាន GDP រួមគ្នា 2.8ទ្រីលានរៀលនៅក្នុងឆ្នាំ2017 និងបានកត់សម្គាល់កំណើនដែលរំពឹងថានឹងរក្សាស្ថិរភាពក្នុងអត្រា5.1ភាគរយ និង5.2ភាគរយនៅក្នុងឆ្នាំ2018 និងឆ្នាំ2019ខាងមុខ។ វឌ្ឍនភាពដែលសម្រេចបានប្រកបដោយខ្លឹមសារនៅក្នុងការចរចាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក្នុងឆ្នាំ2018 និងបានប្តេជ្ញាចិត្តសាជាថ្មីក្នុងការបញ្ចប់ (RCEP) ដែលមានលក្ខណៈទំនើបមានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៅក្នុងឆ្នាំ2019។

    សម្រាប់ការអភិវឌ្ឍផ្នែកសង្គម និងវប្បធម៌ បណ្តាមេដឹកនាំប្រទេសក្នុងសហគមន៍បានស្វែងរកដំណោះស្រាយរួមគ្នាក្នុងការធ្វើឱ្យស្គាល់អត្តសញ្ញាណអាស៊ាន និងអាស៊ានរួម និងបានស្វែងរកមធ្យោបាយនវានុវត្តន៍ក្នុងការផ្តល់នូវជំនាញដល់ប្រជាជន ដែលអាចជួយឱ្យអាស៊ាននៅតែរក្សាបាននូវភាពរស់រវើក បរិយាប័ន្ន និងជាកន្លែងប្រកបដោយថាមវន្តសម្រាប់ប្រជាជនរស់នៅ ធ្វើការ និងកម្សាន្តជាដើម។

    ក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ពីជំហរសំខាន់ៗមួយចំនួនដូចជា៖
    1.ស្នើឱ្យគ្រប់ភាគីបន្ត ពិភាក្សាស្តីពីការអនុវត្តក្របខ័ណ្ឌទីក្រុងឆ្លាតឆ្នាំ2018 និងរិះរកមធ្យោបាយដើម្បីធ្វើសមាហរណកម្ម និងធ្វើសុខដុមនីយកម្មផែនការមេស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតរបស់ខ្លួនទៅក្នុងយន្តការតំបន់រួមមួយដែលអាចសម្របសម្រួល និងមានតុល្យភាព។

    2.គូសបញ្ជាក់ពីសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពក្នុងតំបន់ និងបានស្នើដល់ប្រទេសថៃដែលជាប្រធានអាស៊ានឆ្នាំ2019ខាងមុខ ដាក់បញ្ហានេះទៅក្នុងរបៀបវារៈចម្បងរបស់កិច្ចប្រជុំអាស៊ានលើកក្រោយ។

    3.ទំនាក់ទំនងក្រៅតំបន់អាស៊ាន ប្រមុខរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដល់ផលប្រយោជន៍ដល់ការតភ្ជាប់តំបន់ ការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានព្រមទាំងលក្ខណៈបើកចំហបរិយាប័ន្ន និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

    លទ្ធផលនៃកិច្ចប្រជុំលើកទី33នេះ បណ្តាមេដឹកនាំអាស៊ានបានអនុម័តឯកសារសំខាន់ៗចំនួន7 រួមមាន៖
    1.ក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន។

    2. សេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍ណែនាំ ស្តីពីជំនួយផ្នែកកុងស៊ុលដោយស្ថានបេសកកម្មការទូតនានានៃបណ្តាប្រទេសសមាជិកអាស៊ាន នៅក្នុងបណ្តាប្រទេសទី3 ដល់ជនជាតិនៃប្រទេសសមាជិកអាស៊ានដទៃទៀត។

    3. ផែនការសម្រាប់ការជំរុញអាស៊ានឆ្នាំ2025 ការបញ្ជ្រាបចំណេះដឹងជនពិការ។

    4. សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការលើកកម្ពស់ការងារបៃតង សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងសមធម៌ក្នុងសហគមន៍អាស៊ាន។

    5. សេចក្តីប្រកាសរួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុជូនសន្និសីទលើកទី24 នៃភាគីពាក់ព័ន្ធ (COP 24) ចំពោះអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)​ និង6.សម្រាប់សេចក្តីប្រកាសរួម អាស៊ាននឹងដាក់ជូនកិច្ចប្រជុំលើកទី14 នៃសន្និសីទរបស់ភាគីអនុ-សញ្ញាស្តីពីពិពិធភាពជីវចម្រុះ (CBD COP 14)។

    គួរបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំកំពូលលើកទី33 បណ្តាមេដឹកនាំប្រទេសអាស៊ានក៏បានជួបប្រជុំកំពូលក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំអាស៊ាន-អូស្រ្តាលី កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី21 កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី20 ក្នុងការជំរុញសេដ្ឋកិច្ចដែលបើកចំហប្រកបដោយថាមពល និងដែលអាចប្រកួតប្រជែងបានសម្រាប់ប្រយោជន៍រួមរបស់តំបន់ ហើយបានប្តេជ្ញាបង្កើនពាណិជ្ជកម្មតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការលើការវិនិយោគដើម្បីឱ្យមានកំណើនការភ្ជាប់ទំនាក់ទំនងប្រជាជននឹងប្រជាជន និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការច្រើនថែមទៀត៕