Tag: អគ្គិសនី

  • ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី Tesla បង្ហាញរ៉ូតបូត​រាង​មនុស្ស​ អាច​ចាប់កាន់គ្រាប់​​ស៊ុត និង​ហាត់​យ៉ូហ្គា

    ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី Tesla បង្ហាញរ៉ូតបូត​រាង​មនុស្ស​ អាច​ចាប់កាន់គ្រាប់​​ស៊ុត និង​ហាត់​យ៉ូហ្គា

    Optimus ដែលជារ៉ូបូតរាង​មនុស្ស​ផលិត​ដោយ​ Tesla របស់​មហា​សេដ្ឋី Elon Musk បច្ចុប្បន្ន​អាច​ផ្លាស់​ទី​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ខណៈ​បាត​ដៃ​ និង​ម្រាម​ដៃ​អាច​ចាប់​កាន់​​វត្ថុ​ដែល​មាន​ទំហំ​តូច​។

    វីដេអូ​ដែល​មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ បាន​ចែក​រំលែក​លើបណ្ដាញ​សង្គម​ X កាល​ពី​ថ្ងៃទី 13 ធ្នូ បង្ហាញ​ថា មនុស្ស​យន្ត Optimus បន្ត​ «វិវតន៍» ឡើង​ទៅ​កាន់​កំណែ​ជំនាន់​ទី​ពីរ ដោយ​មាន​បាត​ដៃ​ដ៏រស់​រវើក អាច​ធ្វើ​កិច្ច​ការ​លំបាក​ៗ​។ Optimus អាច​ប្រើ​ម្រាមដៃ​ចាប់​កាន់​គ្រាប់​ស៊ុត​ ដែល​ជា​​កាយវិការ​លំបាក​មួយ​​ដែល​រ៉ូបូត​មុន​ៗ​សុទ្ធ​តែ​មិន​អាច​ធ្វើ​បាន​។

    ក្រៅ​ពី​នេះ Optimus ក៏​អាច​បង្ហាញ​កាយវិការ​ហាត់​យ៉ូហ្គា​ផងដែរ​។ ក្រុម​ហ៊ុន Tesla ឱ្យ​ដឹង​ថា រ៉ូបូង​នេះ​អាច​បំពេញ​ភារកិច្ច​ទាំង​ឡាយ​ណា​ដែល​ «មិន​មាន​សុវត្ថិភាព ត្រូវ​ធ្វើដដែល​ៗ ឬ​គួរ​ឱ្យ​ធុញ​»៕

  • ឥណ្ឌូណេស៊ី​ បញ្ចុះ​អត្រាពន្ធ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​

    ឥណ្ឌូណេស៊ី​ បញ្ចុះ​អត្រាពន្ធ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​

    ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ 2025 ឥណ្ឌូណេស៊ី នឹង​បញ្ចុះ​អត្រា​ពន្ធ​សម្រាប់​បណ្ដា​ក្រុម​ហ៊ុនទាំង​ឡាយ​ណា​ដែល​មាន​គម្រោង​បង្កើត​រោង​ចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ ដែល​នេះ​បញ្ជាក់​ថា ទីក្រុង​ហ្សាការតា កំពុង​រកវិធី​អូស​ទាញ​អ្នកវិនិយោគ​បន្ថែម​ទៀត​។

    យោង​តាម​គោល​ការណ៍​ថ្មី​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី 12 ធ្នូ និង​មាន​សុពលភាព​ចាប់​ពី​ពេល​នេះ​ បណ្ដា​ក្រុម​ហ៊ុន​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ខាងលើ​ រួម​មាន៖ បណ្ដា​ក្រុម​ហ៊ុន​ដែល​បាន​វិនិយោគ​ទៅ​លើ​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី និង​កំពុង​មាន​គម្រោង​បង្កើន​ការ​វិនិយោគ​ទៅ​លើ​រថយន្ត​អគ្គិសនី​ ឬ​មាន​គម្រោង​វិនិយោគ​។

    សេចក្ដី​សម្រេច​ថ្មី​នេះ​នឹង​លុប​បំបាត់​ពន្ធនាំ​ចូល​ និង​ពន្ធ​លើ​ទំនិញប្រណិត​ ចំពោះ​រថយន្ត​​ដំឡើង​រួច​រាល់​ដែល​បាន​នាំ​ចូល​ប្រទេស​នេះ​។ គោលការណ៍​ថ្មី​នេះ​ក៏​ផ្ដល់​អត្ថប្រយោជន៍ដល់​​ប្រភេទ​ពន្ធ​អាករ​ដែល​ត្រូវ​បង់​ជូន​អាជ្ញាធរ​ក្នុង​ស្រុក​ផងដែរ​។

    កាល​ពី​ពេល​កន្លង គោលការណ៍​ចាស់ដែល​បាន​ដាក់ចេញ​ដោយ​ប្រទេសដែល​ជា​ទីផ្សារ​រថយន្ត​ធំជាង​គេ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ផ្ដល់​អត្ថប្រយោជន៍​ដូច​ខាង​លើ​ចំពោះ​តែ​រថយន្ត​មិន​ទាន់​ដំឡើងរួច​រាល់​​ប៉ុណ្ណោះ​។

    ឥណ្ឌូណេស៊ី បាន​កំណត់គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន 600,000 គ្រឿង​នៅ​ឆ្នាំ 2030​។ តួលេខ​នេះ​ខ្ពស់ជាង​ 100 ដង បើ​ធៀប​នឹង​ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ក្នុង​ប្រទេស​នេះ នៅក្នុង​ 6 ខែ​ដំបូង​នៃ​ឆ្នាំ 2023​។

    ក្រុម​ហ៊ុន​មួយ​ចំនួន​ ក្នុង​នោះ​មាន Hyundai របស់​កូរ៉េខាង​ត្បូង ជា​ដើម បាន​ និង​កំពុង​វិនិយោគ​នៅ​ ឥណ្ឌូណេស៊ី​។ Neta EV របស់​ចិន និង Mitsubishi Motors របស់​ជប៉ុន ក៏​បាន​ចូល​រួម​វិនិយោគ​នៅ​ប្រទេស​នេះ​។ បច្ចុប្បន្ន ឥណ្ឌណេស៊ី កំពុង​អូស​ទាញ​ Tesla របស់​អាម៉េរិក និង BYD របស់​ចិន​ បន្ថែម​ទៀត​៕

  • យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

    យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

    យោង​តាម​ស្ថិតិ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​សិង្ហបុរី សេវា​ចែក​រំលែក​រថយន្ត និង​រថយន្ត​សម្រាប់​ជួល កំពុង​តែ​ «ផ្ទុះ​» ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ ដោយ​សារ​តែ​មូលហេតុ​ច្រើន​យ៉ាង​។

    ទំព័រ​ Straits Times ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​សម្រាប់​ជួល​នៅ​ប្រទេស​សិង្ហបុរី បាន​កើន​ 11.3% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំកន្លង​ ដោយ​កើន​ជិត​ដល់ 73,000 គ្រឿង​។

    តំណាង​របស់​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល GetGo ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​កំពុងបន្ត​ការ​ពង្រីង​សេវាកម្ម​របស់​ខ្លួន​។ កាល​ពី​ខែ​កុម្ភៈ GetGo ប្រមូល​ទុន​បាន​ 20 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​ក្រុម​រថយន្ត​ឈ្នួល​របស់​ខ្លួន​ ហើយ​បច្ចុប្បន្ន មាន​ជាង 2,100 គ្រឿង​។ ក្រុម​ហ៊ុន​នេះ​បាន​កំណត់គោល​ដៅ​ មាន​រថយន្តអគ្គិសនី​ 10,000 គ្រឿង​នៅ​ត្រឹម​ឆ្នាំ​ 2030​។

    ចំណែក​តំណាង​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល​រយៈ​ពេល​យូរ​ Kinto Singapore វិញ បាន​ឱ្យ​ដឹង​ថា សេវា​រថយន្ត​ឈ្នួល​របស់​ពួក​គេកំពុង​កើន​ 20% ជា​រៀង​រាល់​ខែ​ ចាប់​ពី​ឆ្នាំ 2022​។ បច្ចុប្បន្ន តម្លៃ​ជួល​រថយន្ត​ទាប​បំផុត​គឺ​ចាប់​ពី​ 1,600 ដុល្លារ​អាម៉េរិក​ ក្នុង​មួយ​ខែ​។

    យោង​តាម PGS Walter Theseira របស់​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សង្គម​សិង្ហបុរី ចំនួន​រថយន្ត​ឈ្នួល​ កន្លង​មក​ធ្លាប់​បាន​ធ្លាក់​ចុះ​នៅក្នុង​អំឡុង​វិបត្តិ​សុខ​ភាព​សាកល ប៉ុន្តែ​ក្រោយ​មក​ក៏​ងើប​ឡើង​វិញយ៉ាង​លឿន​ ដោយ​សារ​កត្តា​ជា​ច្រើន​។

    មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​បាន​ជួយ​ជំរុញ​កំណើន​នៃ​រថយន្ត​ឈ្នួល​ឱ្យ​ងើប​ឡើង​វិញ រួម​មាន ការ​ងើប​ឡើងវិញ​នៃ​វ័យ​ទេសចរណ៍​ ក្រោយ​សម័យ​កូវីដ-19​ ពិសេស​គឺភ្ញៀវ​មក​ពី​ប្រទេស​ចិន​។ មូលហេតុ​ទីពីរ​នោះ​គឺ លិខិត​អនុញ្ញាត​សម្រាប់​ការ​​ក្លាយ​ជា​ម្ចាស់រថយន្ត​នៅ​ប្រទេស​សិង្ហបុរី មាន​តម្លៃ​ខ្ពស់​ខ្លាំង​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​មិន​ពេញ​ចិត្ត ប៉ុន្តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​យល់​ថា នេះ​ជា​វិធី​ល្អ​ដើម្បី​ជួយ​ទប់​ទល់​នឹង​ការ​កក​ស្ទះ​ចរាចរណ៍​។

    យោង​តាម​ក្រុម​ហ៊ុន GetGo «ការ​ផ្លាស់​ប្ដូរ​គំនិតស្ដី​ពី​ការក្លាយជា​ម្ចាស់​រថយន្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថិរភាព» របស់​យុវវ័យ​ ​ក៏​រួម​ចំណែក​ជួយ​ឱ្យ​សេវា​កម្ម​ជួល​រថយន្តមាន​ការ​កើន​ឡើង​ខ្ពស់​។

    និន្នាការ​ខាងលើ​នេះ​មិន​មែន​កើត​មាន​តែ​នៅក្នុង​ប្រទេស​​សិង្ហបុរីឡើយ។ យោង​តាមសារព័ត៌មាន Washington Post នៅ​សហរដ្ឋអាម៉េរិក យុវវ័យ​ក៏​​កំពុង​មាន​និន្នាការ​ដូច​នៅ​សិង្ហបុរី​។ ក្រៅ​ពី​នេះ​ ក៏​អាច​នៅមាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កំពុង​ «ចូលចិត្តជួលរថយន្ត​ជាង​ទិញ​រថយន្ត»៕

  • យន្តហោះ​អគ្គិសនីកូនកាត់ បំបែក​កំណត់​ត្រា​ហោះ​ហើរ​​ជាង 10 ម៉ោង

    យន្តហោះ​អគ្គិសនីកូនកាត់ បំបែក​កំណត់​ត្រា​ហោះ​ហើរ​​ជាង 10 ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ Electric EEL ហោះ​ហើរ​ជាង 2,200 គីឡូម៉ែត្រ ក្នុង​ដែន​អាកាស​កាលីហ្វ័រញ៉ា ប៉ុន្តែ​នៅ​សល់​ឥន្ធនៈ​ និង​ថាមពល​អគ្គិសនី​ជាង​ 2 ម៉ោង​ទៀត​។

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​អាម៉េរិក Ampaire សម្រេច​បាន​ជោគ​ជ័យ​ នៅពេល​យន្ត​ហោះ​ Electric EEL បញ្ចប់​ការ​ហោះ​ហើរ​ 12 ម៉ោង នៅ កាម៉ារីឡូ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី 10 ធ្នូ​កន្លង​ទៅ​។ Ampaire ឱ្យ​ដឹង​ថា ជើង​ហោះ​ហើរ​នេះ​បាន​បំបែក​កំណត់ត្រា​មុន​នោះ ដែល​ទាក់​ទង​នឹង​ពេល​វេលា​នៃ​ការ​ហោះ​ហើរ​របស់​យន្តហោះប្រភេទ​កូន​កាត់​អគ្គិសនី​ – ឥន្ធនៈ​។

    ទន្ទឹម​នឹង​នេះ Electric EEL ក៏​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ នៅពេល​វា​នៅ​សាល់​ឥន្ធនៈ និង​ថាមពល​អគ្គិសនី​ដែលអាច​ហោះ​ហើរ​បាន​ 2 ម៉ោង​ទៀត​ បន្ទាប់​ពី​បាន​ចុះ​ចត។ ក្នុង​ជើង​ហោះ​ហើរ​នេះ Electric EEL បាន​ហោះ​ហើរ​ប្រហែល 2,213 គីឡូម៉ែត្រ។

    Ampaire ឱ្យ​ដឹង​ថា ប្រព័ន្ធ​ម៉ាស៊ីនហាយព្រីតឆ្លាត​វៃ​ជំនាន់​​ដំបូង​ដែលបំពាក់​លើ​ Electric EEL ជួយ​កាត់​បន្ថយ​ការ​ចំណាយលើ​​ឥន្ធនៈ​ពី 50% ទៅ 70%​ និង​បន្ថយ​ការ​ចំណាយ​លើ​ការ​ថែទាំ​ពី 25% ទៅ 50%​ បើ​ធៀប​នឹង​យន្តហោះ​ប្រើ​ឥន្ធនៈ​សុទ្ធ​៕

  • គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន​

    គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន​

    គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ពេញ​លេញ ​នៅ​តំបន់​សមុទ្រ​ខ្សាច់​ ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ម៉ុងហ្គោលី​ខាង​ក្នុង (អ៊ីនណឺរម៉ុងហ្គោលី – Inner Mongolia)។

    យោង​តាម​ក្រុម​ហ៊ុន​អគ្គិសនី​នុយក្លេអែរ​ចិន (CGN) គម្រោង​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ Hinggan League អានុភាព​ប្រចាំ​ឆ្នាំ​លើស​ពី 10 ពាន់​លាន​គីឡូវ៉ាត់​ម៉ោង (kWh) របស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​បណ្ដាញ​អគ្គិសនី​កាល​ពី​ថ្ងៃទី 10 ខែ​ធ្នូ​ ឆ្នាំ 2023​។ នេះ​គឺជា​មួយ​ក្នុង​ចំណោម​ស្ថានីយផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ និង​កម្ដៅ​ព្រះ​អាទិត្យ​ទ្រង់​ទ្រាយ​ធំ​ដំបូង​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​សមុទ្រ​ខ្សាច់​។

    ដោយ​ប្រើប្រាស់​ម៉ូទ័រ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ និង​មាន​អានុភាព​រួម​ 3 លាន​គីឡូវ៉ាត់​ អគ្គិសនី​ដែល​ផលិត​ដោយ​ស្ថានីយ​ខាង​លើ​នេះ​ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​បាន​ប្រហែល 2.96 លាន​តោន​ និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីតប្រហែល​ 8.02 លាន​តោន​ ជា​រៀង​រាល់​ឆ្នាំ​៕

  • គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

    គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

    គម្រោងវិនិយោគចំនួន 21 គម្រោង និង​មានទុនវិនិយោគសរុបប្រមាណជិត 619 លានដុល្លារអាម៉េរិក ​ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ក្នុងខែវិច្ឆិកា ឆ្នាំ 2023​។ នេះ​បើ​តាម​ ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា (CDC) ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 08 ធ្នូ​កន្លង​ទៅ​។

    ​CDC ឱ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​ទាំង 21​ ​​ដែល​អាច​បង្កើត​ការ​ងារ​បាន​ជិត 22 ពាន់​កន្លែង​​នេះ មាន​គម្រោង​​មួយ​ចំនួន​ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ គម្រោង​សាងសង់​វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំកណ្ដាល អានុភាព 70 មេហ្កាវ៉ាត់ នៅ​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង, គម្រោង​សាងសង់វារីអគ្គិសនី​វាល​ថ្ម​កំបុត អានុភាព 100 មេហ្កាវ៉ាត់ នៅ​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង, គម្រោង​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ថាមពល​ព្រះ​អាទិត្យ​ អានុភាព 60 មេហ្កាវ៉ាត់​ នៅ​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង និង​គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ស្បែក​ជើង​ និង​គ្រឿង​បន្សំ​ស្បែក​ជើង នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំ​ពេញ​។

    យោង​តាម​ CDC នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​ស្រុក​ចំនួន​ 82.90% ក្នុង​ចំណោម​ទុន​វិនិយោគ​សរុប​ ស្រប​ពេល​ដែល​​ទុន​វិនិយោគ​ពីប្រទេស​ចិន​ មាន​ប្រមាណ 17.10%​៕

  • រថយន្ត​អគ្គិសនី​របស់ Aion បង្ហាញ​វត្តមាន​នៅ​កម្ពុជា​

    រថយន្ត​អគ្គិសនី​របស់ Aion បង្ហាញ​វត្តមាន​នៅ​កម្ពុជា​

    Aion ដែល​ជា​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ផ្នែក​រថយន្ត​អគ្គិសនី​របស់​សាជីវកម្មរដ្ឋ​ចិន​ GAC បាន​ចូល​មក​កាន់កម្ពុជា ដែលជា​ទីផ្សារ​អន្តរជាតិ​ទីពីរ​របស់​​ក្រុម​ហ៊ុន​នេះ​ បន្ទាប់​ពី​ប្រទេស​ថៃ​។

    GAC Aion បាន​ប្រកាស​ថា បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​មក​កាន់​ទីផ្សារ​កម្ពុជា​ តាម​រយៈ​ព្រឹត្តិការណ៍​មួយ​នៅ​រាជធានី​ភ្នំ​ពេញ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ដោយ​ការ​បង្ហាញ​រថយន្ត​ម៉ូដែល crossover Aion Y Plus។ នេះ​បើ​តាម​ប្រកាស​មួយ​ដែល​ក្រុម​ហ៊ុន​នេះ​លើក​ឡើង​កាល​ពី​ថ្ងៃទី 05 ធ្នូ​។

    GAC Aion នឹង​ដាក់​លក់​រថយន្ត​អគ្គិសនី​ច្រើន​ម៉ូដែល​នៅ​កម្ពុជា​ ដើម្បី​រួមចំណែក​ជំរុញ​វិស័យ​រថយន្ត​ឱ្យ​​ងាក​ទៅ​រក​ថាមពល​​ស្អាត​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​ឱ្យ​ដឹង​សេចក្ដី​លម្អិត​ទាក់​ទង​នឹង​ផែនការ​របស់​ខ្លួន​សម្រាប់​ទី​ផ្សារ​​កម្ពុជា​នៅ​ឡើយ​។

    GAC Aion គឺជា​មួយ​ក្នុង​ចំណោម​យីហោ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​ចិន​។ ក្នុង​ខែ​វិច្ឆិកា 2023 ក្រុម​ហ៊ុន​នេះ​លក់​រថយន្តអគ្គិសនី​បាន​ 41,567 គ្រឿង​ កើនជាង 44% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​ និង​កើន​ 0.15% ធៀប​នឹង​ខែ​តុលា​។ ក្នុង​រយៈ​ពេល​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ GAC Aion លក់​រថយន្ត​បាន​ជាង 436,000 គ្រឿង​ កើន​ជិត 81% ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​៕

  • កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ដើម្បីជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ទាក់​ទង​នឹង​ភ្លើង​អគ្គិសនី ក៏ដូច​ជាជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច «រដ្ឋសុខចិត្ត​ខាត» នៅ​ក្នុង​ការ​លក់​អគ្គិសនី​។

    ការ​ថ្លែង​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើងកាលពីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 ​នៅក្នុងពិធីបិទ​ស្ទឹង​សាង​សង់ទំនប់វារីអគ្គិសនីតាតៃលើ ដែល​មាន​អានុភាព​ 150 មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។

    យោង​តាម​ប្រសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល​ នៅក្នុងឆ្នាំ 2023 កម្ពុជា​គ្រោងចំណាយថវិកា 100 លានដុល្លារអាម៉េរិក​ សម្រាប់ការ​ឧបត្ថម្ភធន និង​ទម្លាក់ថ្លៃអគ្គិសនី​ ដោយរដ្ឋសុខចិត្តខាត។

    ទាក់​ទិន​នឹង​វិស័យ​អគ្គិសនី រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​កំណត់​គោលនយោបាយ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី បន្ត​ធ្វើ​ទំនើប​កម្ម​លើ​ការ​ផ្ដល់​សេវាកម្ម​អគ្គិសនី និង​ពិនិត្យ​លទ្ធភាពក្នុង​ការ​​ទម្លាក់​ថ្លៃ​អគ្កិសនី​ឱ្យ​កាន់​តែ​ទាប​ជាងមុន​៕

  • កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​​ថាមពលពី​​ធ្យូង​ថ្ម និង​ពិនិត្យ​លទ្ធភាព​បិទ​ទ្វារ​បណ្ដា​រោង​ចក្រ​ប្រភេទ​នេះ​នៅ​មុន​កាល​កំណត់​។

    ប្រកាស​ខាងលើ​ត្រូវ​បាន​សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ លើក​ឡើង​នៅ​ក្នុង​ពិធីបិទ​ទ្វារ​ទំនប់​សាង​សង់​វារី​អគ្គិសនី​ស្ទឹងតាតៃលើ ក្នុង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2023​។

    យោង​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​ចំពោះគោល​ដៅ​បន្សាប​កាបូន​ និង​គោល​ដៅ​ផ្គត់​ផ្គង់​ថាមពល​​ស្ថិរភាព​ ប្រសិទ្ធភាព និង​តម្លៃ​សម​រម្យ​។

    មុន​នោះ កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ចិត្ត​ផ្អាក​គម្រោង​អភិវឌ្ឍ​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើប្រាស់​ធ្យូង​ថ្ម​កម្លាំង 700 មេហ្គាវ៉ាត់ (MW) នៅ​ក្នុង​ខេត្ត​កោះកុង​ និង​ប្ដូរ​ទៅ​ជា​កម្រោងអភិវឌ្ឍ​​ថាមពល​​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត

    បច្ចុប្បន្ន ក្រសួង​រ៉ែនិង​ថាមពល ក៏​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ ស្ដីពី​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ជំរុញការ​ប្រើប្រាស់​យាន​យន្ត​អគ្គិសនី​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ឥន្ធនៈ និង​ដើម្បី​ការ​ពារ​បរិស្ថាន​៕

  • Toyota ផ្ដល់​អាទិភាពដល់​ការ​ផលិតរថយន្ត​អគ្គិសនី​ពី​អ៊ីដ្រូសែន​ ជាង​ថ្ម​ប្រភេទ​រឹង​

    Toyota ផ្ដល់​អាទិភាពដល់​ការ​ផលិតរថយន្ត​អគ្គិសនី​ពី​អ៊ីដ្រូសែន​ ជាង​ថ្ម​ប្រភេទ​រឹង​

    ក្រុម​ហ៊ុន​ Toyota បញ្ជាក់​ថា ពួក​គេ​កំពុង​បោះមួយ​ជំហាន​ធំ​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​រឹងសម្រាប់​រថយន្ត​អគ្គិសនី​ ខណៈ​គោលដៅ​ពិសេស​​គឺ​អ៊ីដ្រូសែន។

    «ក្នុង​ដំណាក់​កាល​ផលិត​ជា​ទ្រង់​ទ្រាយ​ធំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ 2030 បណ្ដា​ក្រុម​ហ៊ុន​កំពុង​រក​វិធី​បង្កើន​ផលិតភាព​ឱ្យ​ឡើង​ដល់​រាប់​ម៉ឺន​គ្រឿង​ ដើម្បី​សម​ស្រប​នឹង​ផែនការ​ផលិត​​របស់​ Toyota» ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុន ឱ្យ​ដឹង​ដូច្នេះ​។

    កាល​ពី​ដើម​ឆ្នាំ​នេះ Toyota បាន​ប្រកាស​ថា ពួក​គេ​កំពុង​រក​វិធី​លក់​រថយន្ត​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ឱ្យ​បាន​លើស​ពី 100,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ឆ្នាំ 2030​។ ប្រការ​នេះ​បញ្ជាក់​ថា នៅ​ចុង​ទសវត្សរ៍​នេះ Toyota នឹង​ផលិត​រថយន្ត​អ៊ីដ្រូសែន​ច្រើន​ជាង​រថយន្ត​អគ្គិសនី​ដែល​ប្រើ​ថ្ម​រឹង​។