Tag: អគ្គិសនី

  • ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​បុរស​​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ថៃ បាន​អះអាងថា មិន​ព្រួយបារម្ភ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន​ជំនួយ​ពី​បច្ចេកវិទ្យា VAR នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​បំផុត​សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ កាលពី​ល្ងាច​ថ្ងៃទី 28 មេសា ក្រុម U-22 ថៃ បានធ្វើការ​ហ្វឹកហាត់​ថ្ងៃទី​ពីរ​នៅឯ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា (EDC) នៅ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Issara Sritaro ។

    នៅពេល​ត្រូវបាន​សួរ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល​នៅ​ស៊ី​ហ្គេម​លើក​នេះ គ្រូបង្វឹក Sritaro ឱ្យដឹងថា លោក​មិនមាន​ការព្រួយបារម្ភ​ចំពោះ​អាជ្ញាកណ្ដាល បើ​ទោះ​បច្ចេកវិទ្យា VAR ដែល​ជួយ​ផ្ដល់​ភាព​សុក្រឹត​ដល់​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល មិន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023។

    គ្រូបង្វឹក​របស់ U-22 ថៃ និយាយថា «នោះ​គឺជា​កត្តា​ខាងក្រៅ។ យើង​មិនអាច​គ្រប់គ្រង​បាន ដូច្នេះ U-22 ថៃ នឹងមិន​ផ្ដោតអារម្មណ៍​ច្រើន​ទៅលើ​អាជ្ញាកណ្ដាល»។ លោក Sritaro បន្ថែមថា «យើង​មិន​ខ្លាច ហើយ​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព។ … កីឡាករ​របស់​យើង​ក៏ត្រូវ​បាន​រម្លឹក​អំពី​បញ្ហា​មួយចំនួន មានដូចជា ការបង្ក​កំហុស​នៅក្នុង​តំបន់​គ្រោះថ្នាក់ និង​អក​ហ្សឺ​ជាដើម»។

    កីឡដ្ឋាន​ EDC កាលពីឆ្នាំ 2018

    ទន្ទឹមនឹង​បញ្ហា​ខាងលើ គ្រូបង្វឹក​អាយុ 43 ឆ្នាំ​របស់ U-22 ថៃ ក៏បាន​ឱ្យដឹងថា លោក​មិន​ពេញចិត្ត​ចំពោះ​ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​កម្ពុជា​ផ្ដល់ឱ្យ U-22 ថៃ។ ក្រុម​គ្រូបង្វឹក​ថៃ​ក៏បាន​សម្រេចចិត្ត​ស្វែងរក​ទីលាន​ហ្វឹកហាត់​ថ្មី​ដើម្បី​មាន​លក្ខខណ្ឌ​ល្អ​បំផុត​សម្រាប់ U-22 ថៃ នៅ​ស៊ី​ហ្គេម។

    លោក Sritaro ពន្យល់ថា «ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​ផ្ដល់ជូន U-22 ថៃ ប្រើប្រាស់​ស្មៅ carpet ខុសពី​ស្មៅ bermuda នៅ​កីឡដ្ឋាន​ព្រី​នស៍…។ ផ្ទៃ​របស់​ទីលាន EDC រឹង​ខ្លាំងពេក ដូច្នេះ​ហានិភ័យ​រងរបួស​រប​ស់​កីឡាករ​ក៏មាន​កម្រិត​ខ្ពស់។ យើង​ពិតជា​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ»។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 U-22 ថៃ ស្ថិតក្នុង​ពូ​ល B ជាមួយនឹង​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ (FAT) បានដាក់​គោលដៅ​ឱ្យ​ក្រុម U-22 ថៃ និង​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ប្រទេស​នេះ ត្រូវ​ដណ្ដើម​ឱ្យបាន​មេដាយមាសពី​​ស៊ី​ហ្គេម​នៅ​កម្ពុជា៕

  • គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​អង់គ្លេស Foster + Partners បានលើកឡើង​គំនិត​ស្ដីពី​រចនាសម្ព័ន្ធ​យន្តហោះ​ថ្មី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ​ត្រង់។

    ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ត​ភ្ជាប់​បណ្ដា​ទីតាំងល្បីៗរបស់​ឌូ​បៃ និង​ផ្ដល់​សេវាកម្ម​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន មិន​បញ្ចេញ​ឧស្ម័ន​ពុល។ ស្ថាបត្យកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​កិច្ចសហការ​របស់​ក្រុមហ៊ុន Skyports Infrastructure ហើយ​ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជា​ព្រះរាជា​របស់​រាជាណាចក្រ​ឌូ​បៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏បាន​អនុម័ត​រួចរាល់។ ព្រលានយន្តហោះ​ថ្មី​នេះ តាម​គម្រោង​នឹង​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ (DXB) ដែល​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អាកាសយានដ្ឋាន​បច្ចុប្បន្ន ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នានា។

    គំនូរ​ប្លង់​បង្ហាញថា ព្រលានយន្តហោះ​នេះ​ស្ថិតលើ​ផ្ទៃរាប​នៅ​ទី​ខ្ពស់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការហោះ​ឡើង និង​ចុះចត។ អគារ​នានា​ស្ថិតនៅ​ជុំវិញ​ព្រលានយន្តហោះ​ដែល​ត​ភ្ជាប់​ជាមួយនឹង​បន្ទប់​រង់ចាំ​សម្រាប់​​អ្នកដំណើរ ព្រមទាំង​អាចឱ្យ​អ្នកដំណើរ​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​បណ្ដា​យន្តហោះ និង​ទីក្រុង​ទាំងមូល។ Foster + Partners ក៏​ជ្រើសរើស​ពណ៌​យ៉ាង​សម​ស្រប​ និង​វត្ថុ​ធាតុ​ធម្មជាតិ​សម្រាប់​ផ្នែក​ខាងក្នុង​អាកាសយានដ្ឋាន បង្កើតបានជា​បរិយាកាស​ធូរស្រាល និង​បរិស្ថាន​ស្និទ្ធស្នាល​នឹង​ធម្មជាតិ។

    កាលពី​ខែកុម្ភៈ ក្សត្រា​របស់​រាជាណាចក្រ​ឌូ​បៃ បានប្រកាសថា ស្ថានីយ​តាក់ស៊ី​ហោះ​ទាំងឡាយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឌូ​បៃ បន្ទាប់​ពី​​រយៈពេល​បី​ឆ្នាំ​ទៀត​។

    ឌូ​បៃ​បាន​រៀប​ផែនការ​សម្រាប់​សេវាកម្ម​តាក់ស៊ី​ហោះ​មិន​បំភាយ​ឧស្ម័ន​ពុល​​តាំងពី​យូរ​មកហើយ និង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អត្តរ​ជាតិ​ផងដែរ ពិសេស​គឺ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន៕

  • ក្រុមហ៊ុន​ឡាវ អភិវឌ្ឍ​គម្រោងផលិត​​អគ្គិសនី​ពី​ថាមពល​​ព្រះអាទិត្យ តម្លៃ​ជាង ៦៩ លាន​ដុល្លារ​អាម៉េរិក

    ក្រុមហ៊ុន​ឡាវ អភិវឌ្ឍ​គម្រោងផលិត​​អគ្គិសនី​ពី​ថាមពល​​ព្រះអាទិត្យ តម្លៃ​ជាង ៦៩ លាន​ដុល្លារ​អាម៉េរិក

    ក្រុមហ៊ុន​ទទួលខុស​ត្រូវមាន​កម្រិត Solar Attapeu Power Sole (SAPC) ទើបតែ​បាន​សម្ពោធ​បើក​ការដ្ឋាន​អនុវត្ត​គម្រោង​ថាមពល​អគ្គិសនី​ព្រះអាទិត្យ Attapeu (SAPP) តម្លៃ ៦៩.២ លាន​ដុល្លារ​នៅ​ស្រុក Xaysettha ក្នុង​ខេត្ត Attampeu ប្រទេស​ឡាវ។

    លោក Sisavath Souvannavong ប្រធាន​ក្រុមហ៊ុន SAPC ឡាវ បានឱ្យដឹងថា គម្រោង​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ Attapeu នេះ គ្រោង​នឹង​ត្រូវបាន​ស្ថាបនា​រួចរាល់​នៅ​ចុងឆ្នាំ ២០២៣ ហើយ​​នឹង​មាន​​កម្លាំង​ដំឡើង ៦៤MWdc/៥០MWac។ គម្រោង​នេះ​ត្រូវបាន​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ ២០១៤។

    គម្រោង​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ Attapeu ​​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ថាមពល​ រួមចំណែក​ក្នុងការ​ធានា​សន្តិសុខ​ថាមពល បង្កើត​ការងារ​នៅក្នុង​តំបន់ និង​ផ្ដល់​អគ្គិសនី ១២៨GWh ជា​រៀងរាល់ឆ្នាំ សម្រាប់​ប្រទេស​ និង ​ប្រជាជន​ឡាវ។

    រដ្ឋាភិបាល​ឡាវ កំពុងតែ​អនុវត្ត​គោលនយោបាយ​អនុគ្រោះ ដើម្បី​លើកទឹកចិត្ត​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​វិស័យ​ផលិត​ថាមពល​ស្អាត មាន​ដូចជា អគ្គិសនី​ផលិត​ពី​ថាមពលព្រះអាទិត្យ អគ្គិសនីផលិតពី​ថាមពល​​​ខ្យល់ និង​ថាមពលជីវម៉ាស​ជាដើម៕

  • ក្រុមហ៊ុន​អាម៉េរិក ​​វិនិយោគ ១៣ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ វៀតណាម

    ក្រុមហ៊ុន​អាម៉េរិក ​​វិនិយោគ ១៣ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ វៀតណាម

    បន្ទាប់ពី​គម្រោង​ថាមពល Mong Duong 2 និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន Son My 2 សាជីវកម្ម AES របស់ សហរដ្ឋ​អាម៉េរិក បន្ត​ជំរុញ​ការវិនិយោគ​លើ​វិស័យ​ថាមពល​នៅ វៀតណាម ជាមួយនឹង​ផែនការ​បណ្ដាក់ទុន ១៣ ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​នេះ។

    ក្នុង​ក្របខណ្ឌ​នៃ​កិច្ចពិភាក្សា​ប្រចាំឆ្នាំ​ស្ដីពី​សន្តិសុខ​ថាមពល​រវាង សហរដ្ឋ​អាម៉េរិក និង វៀតណាម នាពេលថ្មីៗនេះ ក្រុមហ៊ុន AES បានបង្ហាញ​អំពី​បំណង​អនុវត្ត​គម្រោង​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅលើ​លម្ហ​សមុទ្រ​នៃ​ខេត្ត Binh Thuan ប្រទេស​វៀតណាម​ ជាមួយនឹង​ទុនវិនិយោគ ១៣ ពាន់​លាន​ដុល្លារ និង​អាច​ផលិត​អគ្គិសនី​បាន ៤,០០០ MW។

    សាជីវកម្ម AES របស់ សហរដ្ឋ​អាម៉េរិក បាន និង​កំពុង​វិនិយោគ​លើ​វិស័យ​ថាមពល​មួយ​ចំនួន​​នៅ វៀតណាម មានដូចជា រោងចក្រ​អគ្គិសនី BOT Mong Duong 2 នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ ដោយ​ប្រើប្រាស់​ទុន​ជាង ២ ពាន់​លាន​ដុល្លារ។

    គម្រោង Mong Duong 2 ត្រូវបាន​អភិវឌ្ឍ​ដោយ​សាជីវកម្ម AES (សហរដ្ឋ​អាម៉េរិក), Posco (កូរ៉េ​ខ​ង​ត្បូង) និង CIC (ចិនដីគោក)។ ឆ្នាំ ២០០៨ គម្រោង​បណ្ដាក់ទុន​រួមគ្នា​នេះ​បាន​បង្កើត​ក្រុមហ៊ុន​សាជីវកម្ម AES-TKV Mong Duong ដើម្បី​ដំណើរការ​គម្រោង​ថាមពល​នេះ​ជាមួយនឹង​អត្រា​ទុន ៥១%, ៣០% និង ១៩%។

    ចុងឆ្នាំ ២០២០ AES បាន​លក់​ភាគហ៊ុន​របស់ខ្លួន​ដែលមាន​នៅក្នុង AES-TKV Mong Duong ទៅឱ្យ​ភាគី​មួយ​នៅ សហរដ្ឋ​អាម៉េរិក។ តម្លៃ​នៃ​ការទិញ​ដូរ​​ភាគ​ហ៊ុន​នេះ​មិនទាន់​ត្រូវបាន​បង្ហើ​ប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ អាច​នឹង​ត្រូវបាន​ទូទាត់​រួចរាល់​នៅ​ដើមឆ្នាំ​ក្រោយ។

    ទន្ទឹម​នឹង​នេះ AES ក៏​សហការ​ជាមួយ ក្រុមហ៊ុន​វៀតណាម PV Gas ក្នុងការ​អភិវឌ្ឍ​គម្រោង​ឃ្លាំង​កំពង់ផែ​នាំចូល​ឧស្ម័ន​រាវ (LNG) Son My ដែល​គ្រោង​នឹងមាន​តម្លៃ ១.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ក្រៅពីនេះ ក្រុមហ៊ុន​អាម៉េរិក AES ក៏​ថែមទាំង​ជា​អ្នក​អភិវឌ្ឍ​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន Son My 2 (Son My 2 CCGT) ដោយ​មាន​​​ទុនវិនិយោគ ១.៧ ពាន់​លាន​ដុល្លារ​ទៀតផងដែរ៕

  • ទីតាំង​ផលិត​អគ្គិសនី​ប្រើ​កម្លាំង​ខ្យល់​ធំជាងគេ​ក្នុង​លោក​នៅលើ​លម្ហ​សមុទ្រ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ2021

    ទីតាំង​ផលិត​អគ្គិសនី​ប្រើ​កម្លាំង​ខ្យល់​ធំជាងគេ​ក្នុង​លោក​នៅលើ​លម្ហ​សមុទ្រ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ2021

    ក្រុមហ៊ុន Vineyard Wind បានប្រកាស​អំពី​គម្រោង​សាងសង់​ទីតាំង​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​នៅក្នុង​លម្ហ​សមុទ្រ ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ​បង្អស់​នៅ​សហរដ្ឋអាមេរិក និង​នៅក្នុង​ពិភពលោក ជាមួយនឹង​ទួ​រ​ប៊ី​ន​កង្ហារ​ដែលមាន​កម្ពស់​ដល់​ទៅ 260ម៉ែត្រ។

    ទីតាំង​ផលិត​អគ្គិសនី​ដែលមាន​ទួ​រ​ប៊ី​ន​កង្ហារ​យក្ស​ចំនួន​ជាង 60 នឹងត្រូវ​បាន​ដំឡើង​នៅក្នុង​លម្ហ​សមុទ្រ​ដែលមាន​ចម្ងាយ​ប្រហែល 24គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ Martha’s Vineyard នៃ​រដ្ឋ Massachusetts។ នៅពេល​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ 2023 មូលដ្ឋាន​នេះ​នឹង​ផលិត​បាន​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រួសារ​ចំនួន 400,000គ្រួ នៅ​តំបន់ New England។

    ដោយមាន​កម្ពស់​ដល់​ទៅ 260ម ទួ​រ​ប៊ី​ន Haliade-X នីមួយៗ មាន​កម្លាំង 13MW ដែល​ខ្លាំង​ដល់​ថ្នាក់ ការវិល​មួយ​ជុំ​របស់​កង្ហារ អាច​ផលិត​អគ្គិសនី​បាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​មួយ​គ្រួសារ​ប្រើប្រាស់​ក្នុង​រយៈពេល 2ថ្ងៃ នេះ​បើតាម ​ក្រុម​ហ៊ុន​ GE Renewable Energy។ ទាំងនេះ​គឺជា​ម៉ូ​ដែល​ទួ​រ​ប៊ី​ន​ខ្យល់​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។

    ទីតាំងផលិតអគ្គិសនីប្រើកម្លាំងខ្យល់ធំជាងគេក្នុងលោកនៅលើលម្ហសមុទ្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ2021
    លោក Lars T. Pedersen នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Vineyard Wind

    ជាមួយនឹង​ទួ​រ​ប៊ី​ន​សរុប​ចំនួន 62 នៅពេល​ដំណើរការ​អស់ពី​សមត្ថភាព ទីតាំង​ផលិត​អគ្គិសនី Vineyard Wind នេះ នឹង​អាច​ផលិត​បាន​អគ្គិសនី​ចំនួន 312 MWh/ថ្ងៃ ច្រើនជាង 10% បើ​ធៀប​នឹង​ឯតទគ្គ​កម្ម 262 MWh ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ទីតាំង​ទួ​រ​ប៊ី​ន​ខ្យល់​នៅ​ប្រទេស​ហូ​ឡង់។

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vineyard Wind លោក Lars T. Pedersen បញ្ជាក់ថា៖ «នេះ​គឺជា​គម្រោង​ដ៏​សំខាន់​សម្រាប់​យើងខ្ញុំ និង​សម្រាប់​អនាគត​នៃ​វិស័យ​ថាមពល​ស្អាត ដែល​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នាពេលខាងមុខ»។

    ការ​ប្រៀប​ធៀប​រវាង​បង្គោល​កង្ហារ Haliade-X របស់​ក្រុមហ៊ុន​ Vineyard Wind ជាមួយ​នឹង​សំណង់​ខ្ពស់​ៗ​ក្នុង​ពិភពលោក

    គម្រោង​ខាងលើនេះ ក៏ត្រូវ​បាន​គេ​សង្ឃឹមថា នឹង​ជួយ​កាត់បន្ថយ​ឧស្ម័ន​កា​បោ​ន​ចំនួន​ជាង 1.6លាន​តោន​ក្នុងមួយឆ្នាំៗ ដែល​នេះ​នឹង​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ពិភពលោក​ផងដែរ។

    ក្រុមហ៊ុន Vineyard Wind ឱ្យដឹងថា ការសាងសង់​ទីតាំង​ផលិត​អគ្គិសនី​នេះ​នឹង​ចាប់ផ្ដើម​ធ្វើឡើង​នៅ​ពាក់​កណ្ដាល​​ចុងឆ្នាំ 2021 ជាមួយនឹង​ទុនវិនិយោគ​ឡើងដល់ 3ពាន់​លាន​ដុល្លារ​អាមេរិក។ បង្គោល​កង្ហារ​យក្សនីមួយៗ នឹងត្រូវ​បានដាក់​ឃ្លាត​ពីគ្នា 0.8 ម៉ា​យល៍ (ប្រហែល 1.3គីឡូម៉ែត្រ)៕

    ប្រភព៖ Amed Post

  • គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

    គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

    ការផ្លាស់ប្តូរប្រែប្រួលរបស់ស្រ្តីមានគភ៌ថ្មោងថ្មីដែលមើលឃើញច្បាស់នោះគឺ រូបរាងរបស់ដែលចេះតែរីកធំឡើងជារៀង​រាល់ខែ អាចធ្វើឱ្យអ្នកដែលទើបតែតាំងគភ៌ជាលើកដំបូងលែងមានភាពជឿជាក់លើខ្លួនឯង រួមទាំងផ្ទៃមុខ សាច់ស្បែករបស់ខ្លួនក៏​​អាចនឹងប្រែប្រួលទៅតាមនោះដែរ តែអ្វីដែលសំខាន់នោះគឺ អ្នកមានគភ៌លើកដំបូងអាចមិនសូវមានទំនុកចិត្តលើផលិតផលគ្រឿង​សម្អាង​ដែលកំពុងប្រើនោះថា តើវាមានសុវត្ថិភាពចំពោះកូនសម្លាញ់ដែលនៅក្នុងផ្ទៃ ឬក៏អត់? ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា តើផលិតផលថែរក្សាសម្ផស្សណាខ្លះដែលត្រូវហាមឃាត់ក្នុងខណៈមានគភ៌។

    1.គ្រីមថែបំប៉នស្បែក

    មិនគួរប្រើគ្រឿងសម្អាងដែលស្ថិតក្នុងក្រុម Whitening និងផលិតផលបំបាត់មុន ស្នាមអុច ស្នាមជាំខ្មៅផ្សេងៗ និងដែល​មានគ្រោះថ្នាក់បំផុតនោះគឺ Retinol ឬ​អាស៊ីតវីតាមីន A ដោយសារតែវាអាចជ្រាបចូលទៅក្នុងក្រសែឈាម និងអាចបណ្តាលឱ្យទារកនៅក្នុងគភ៌រលូត ឬពិការបាន តែពពួកគ្រីមការពារកំដៅថ្ងៃអាចនៅប្រើបាន។

    2 . ថ្នាំព្យាបាលមុន

    ព្រោះការព្យាបាលមុននឹងមានសារធាតុ Roaccutane ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលខ្ពស់ ទើបចាំបាច់ត្រូវស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ពេទ្យយ៉ាងតឹងរ៉ឹង និងហាមប្រើប្រាស់នៅលើស្ត្រីមានគភ៌ ដោយសារតែថ្នាំមួយនេះអាចបង្កឱ្យមានគ្រោះ​ថ្នាក់ដល់ទារកក្នុងគភ៌ និងត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទនេះប្រមាណជា 1 – 2 ខែជាមុនសិន ទើបអាចមានគភ៌បាន។

    3 . ការជ្រលក់ពណ៌សក់ លាបពណ៌សក់ ពន្យឺតសក់ ឬអ៊ុតសក់

    អ្វីទាំងអស់នេះ មានសារធាតុម្យ៉ាងដែលអាចនឹងធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់បាន ដូចជាថា បើយើងកើតប្រតិកម្ម​ចាញ់ និងមានស្នាមរបួស ឬដំបៅនៅលើស្បែកក្បាល វាអាចនឹងធ្វើឱ្យកើតការឆ្លងមេរោគរាលដាលកាន់តែលឿនឡើង ស្រួលមិន​ស្រួលអាចនឹងហុចផលអាក្រក់ដល់កូននៅក្នុងគភ៌ទៀតផង ដូច្នេះទើបយើងមិនណែនាំឱ្យស្រ្តីមានគភ៌ទៅធ្វើពណ៌សក់ក្នុងអំឡុងពេល​នោះឡើយ។

    4 . ខាត់ស្បែកមុខ និងស្បែកដងខ្លួន

    ជាពិសេសការខាត់ស្បែកដោយសារធាតុគីមី អាចធ្វើឱ្យកើតប្រតិកម្មចាញ់ និងឡើងកន្ទួល ឬជួនកាលអាចនឹងឆ្លង​មេរោគ​បានដោយងាយ​បើស្ត្រីមានគភ៌មានរបួស ឬដំបៅនៅតាមរាងកាយផងនោះ។ ដូច្នេះយើងសូមណែនាំថា បើអ្នកមានគភ៌ចង់ខាត់ ឬធ្វើម៉ាស្សាដង​ខ្លួននោះ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន ព្រោះសារធាតុមួយចំនួននៅក្នុងផលិតផលទាំងនោះអាចនឹងធ្វើឱ្យ​រលាក​ក្រហាយ និងមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។

    5 . ធ្វើម៉ាស្សាមុខដោយឧបករណ៍

    ដែលមានទាំង អាល់ត្រាសូនិក បេប៊ីហ្វេស ភ្លើងពណ៌ផ្សេងៗ ព្រោះតារាងដែកឆក់អគ្គិសនី នឹងហុចផលធ្វើឱ្យគភ៌រលូតបាន។ ទាំងអស់នេះរួមទាំងគ្រឿងប្រើប្រាស់អគ្គិសនីផ្សេងៗទៀតផង ដូចជា ប្រដាប់ផ្លុំសក់ ប្រដាប់បឺតធូលីដី ឆ្នាំងម៉ៃក្រូវេហ្វ និងអ្វីក៏ដោយ​ដែលមានម៉ូទ័រ ឬឌីណាម៉ូភ្លើង អ្នកគភ៌គួរតែនៅឱ្យឆ្ងាយៗពីរបស់ទាំងអស់នោះ។

    6 . លាបពណ៌ក្រចក

    សារធាតុគីមីនៅក្នុងថ្នាំលាបក្រចកនឹងមានផលប៉ះពាល់ដល់វិវឌ្ឍនាការរបស់ទារកនៅក្នុងផ្ទៃ និងសូម្បីតែកូនង៉ាដែលទើប​នឹងកើត​ក៏ដោយ។

    7 . ចាក់ Botox

    ការចាក់សារធាតុនេះចូលទៅក្នុងស្បែក នឹងធ្វើឱ្យសាច់ដុំពិការ លែងធ្វើការ ជារឿងដែលត្រូវបានហាមជាដាច់ខាត សម្រាប់ស្រ្តីមានគភ៌ទាំងឡាយ។

    8 . ស្ពង់ចំហាយទឹក និងសាវណា

    ធ្វើឱ្យរាងកាយរបស់អ្នកមានផ្ទៃពោះបាត់បង់ជាតិទឹកក្នុងអំឡុងពេលនោះ ទើបមិនគួរធ្វើសាវណាក្នុងអំឡុងពេលមាន​គភ៌ឡើយ ព្រោះអាចនឹងធ្វើឱ្យកើតខ្យល់គ វឹលមុខបានយ៉ាងងាយបំផុត។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវមួយទៀតបានប្រាប់ថា ក្រោយពីចំហុយសាវណាបានប្រមាណជា 1 – 2 ម៉ោងមក នឹងធ្វើឱ្យ IQ របស់យើងធ្លាក់ចុះទៀតផង ដោយសារតែការបាត់បង់ជាតិ​ទឹកក្នុងរាងកាយហ្នឹងឯង។

    មូលហេតុផ្សេងៗទាំងអស់នេះអាចធ្វើឱ្យអ្នកមានផ្ទៃពោះមើលថែទាំកូននៅក្នុងផ្ទៃបានយ៉ាងមានសុវត្ថិភាព តែយ៉ាងណាក៏ដោយ ក៏ស្រ្តីមានគភ៌ត្រូវតែស៊ូទ្រាំដែរ ដើម្បីឱ្យជីវិតដ៏តូចមួយដែលនៅក្នុងខ្លួនរបស់អ្នកមានសុខភាពល្អ នៅពេលបើកភ្នែកមើលពិភពលោកនេះ៕

  • វៀតណាម៖ ពលករ​​​អត់​ការ​ងារ​​ធ្វើ​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​​1.8​លាន​ដុង​ក្នុង​1ខែ​ ខណៈ​អគ្គិសនី​​នឹង​ត្រូវ​បញ្ចុះ​តម្លៃ​​10ភាគ​រយ…

    វៀតណាម៖ ពលករ​​​អត់​ការ​ងារ​​ធ្វើ​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​​1.8​លាន​ដុង​ក្នុង​1ខែ​ ខណៈ​អគ្គិសនី​​នឹង​ត្រូវ​បញ្ចុះ​តម្លៃ​​10ភាគ​រយ…

    ដើម្បី​ជួយ​សម្រួល​ការ​លំបាកដែលកើត​ឡើង​ដោយសារ​វិបត្តិ​សុខភាព​ COVID-19 គ្រួ​សារ​នីមួយ​ៗ​នឹង​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​10%​ ទៅ​លើ​តម្លៃ​អគ្គិសនី​ក្នុង​រយៈ​ពេល3​ខែ​។ នេះ​បើ​តាម​សំណើ​របស់​ក្រសួង​ឧស្សាហ​កម្ម​ និង​ពាណិជ្ជ​កម្ម​សៀត​ណាម​។

    នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​ថ្ងៃ​នេះ​ (1មេសា) ក្រសួង​ឧស្សាហ​កម្ម​ និង​ពាណិជ្ជកម្ម​រៀត​ណាម​ បាន​ដាក់​សំណើ​​ទៅនាយក​រដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​អនុញ្ញាត​បញ្ចុះ​តម្លៃ​អគ្គិសនី​ សម្រាប់​​ជួយ​សម្រួល​ដល់​ជីវ​ភាព​ប្រជាជន​ និង​ក្រុម​ហ៊ុន​ដែលកំពុង​រកស៊ី​នៅ​ប្រទេស​នេះ​។

    ថ្លែង​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក លោក​ Nguyen Anh Tuan ​ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​អគ្គិសនី​របស់​ក្រសួង​ឧស្សាហ​កម្ម​ និង​ពាណិជ្ជ​កម្ម​ បាន​ឱ្យ​ដឹង​ថា អ្នក​ប្រើ​ប្រាស់​អគ្គិសនី​​ចាប់​ពី​កម្រិត​ទី​1 ដល់​កម្រិត​ទី​4 នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​10​% ក្នុង​រយៈ​ពេល​3ខែ​។

    ក្រសួង​ខាង​លើ​ក៏បាន​ធ្វើ​សំណើ​ឱ្យ​រក្សា​តម្លៃ​ដដែល​ចំពោះ​គ្រួសារ​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ចាប់​ពី​300​kWh ឡើង​ទៅ​ ព្រោះ​ថា​ “អតិថិ​ជន​ដែល​ប្រើ​អគ្គិសនី​កម្រិត​នេះ​ គឺជា​គ្រួសារ​ដែល​មាន​ចំណូល​ខ្ពស់​ មិន​សូវ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សុខភាព​ COVID-19។

    ក្រសួង​ឧស្សាហ​កម្ម និង​ពាណិជ្ជ​កម្ម​វៀត​ណាម ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​អគ្គិសនី​សម្រាប់​ក្រុម​ហ៊ុន​ និង​រោង​ចក្រ​ផងដែរ​។ ជាក់​ស្ដែង​ តម្លៃ​អគ្គិសនី​សម្រាប់​ក្រុម​ហ៊ុន​ និង​រោង​ចក្រ ក៏​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​10% ចាប់​ពី​ខែ​មេសា​ដល់​ខែ​មិថុនា​។

    បច្ចុប្បន្ន វៀត​ណាម​មាន​អ្នក​ប្រើប្រាស់​អគ្គិសនី​ប្រមាណ​ជា​28​លាន​គ្រួ​សារ​។ ទំហំ​ទឹក​ប្រាក់​នៃ​ការ​បញ្ចេុះ​តម្លៃ​ខាងលើ​ គឺ​ជិត​ស្មើ​នឹង​ 1.1លាន​លាន​ដុង​ (47,399,000​ដុល្លារ​អាមេរិក)។

    វៀតណាម៖ ពលករ​​​អត់​ការ​ងារ​​ធ្វើ​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​​1.8​លាន​ឌុង​ក្នុង​1ខែ​ ខណៈ​អគ្គិសនី​​នឹង​ត្រូវ​បញ្ចុះ​តម្លៃ​​10ភាគ​រយ
    នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc

    គិត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​វៀត​ណាម​ បាន​ចាត់​វិធានការ​ទៅ​លើ​គោល​នយោបាយ​ឥណទាន និង​ពន្ធ​សម្រាប់​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​។ ទន្ទឹ​មនឹង​កញ្ចប់​ឥណ​ទាន​ 250លាន​លាន​ដុង (10,772,670,000ដុល្លារ​)​ ធនាគារ​ជាច្រើន​ក៏កំពុង​អនុវត្ត​វិធាន​ការ​ដើម្បី​ជួយ​សម្រួល​ដល់កូន​បំណុល​របស់​ពួកគេ​ផងដែរ​។ ក្រសួង​ហិរញ្ញ​វត្ថុ​ក៏​កំពុង​តែណែនាំ​ការ​អនុវត្ត​លើ​កញ្ចប់​ថវិកា​ 80.2​លាន​លាន​ដុង​ (3,455,874,000ដុល្លារ​អាមេរិក​) ដើម្បី​ជួយ​ក្នុង​ការ​ពន្យារ​​ពេល​នៃ​ការ​បង់​ពន្ធ​ទៀត​ផង។

    កាល​ពី​ថ្ងៃទី​31​មីនា នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក​ Nguyen Xuan Phuc​ ក៏បាន​ឱ្យ​ដឹង​ថា នឹង​មាន​កញ្ចប់​ថវិកា​ 30​លាន​លាន​ដុង(1,292,720,000​ដុល្លារ​អាមេរិក) ដើម្បី​ធានា​សុខុមាល​ភាព​សង្គម សម្រាប់​ពល​រដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​ COVID-19។ កម្មករ​ កម្មការិនី​ដែល​ត្រូវ​បាន​ឱ្យ​ផ្អាក​ពី​ការ​ងារ​បណ្ដោះអាសន្ន​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​ខ្ទង់​ថវិកា​ជំនួយ​1.8​លាន​ដុង​ (77​ដុល្លារ​) ក្នុង​1ខែ​។ សម្រាប់​ពលរដ្ឋ​ក្រី​ក្រនឹង​ទទួល​បាន​ជំនួយ​1លាន​ដុង​ (43​ដុល្លារ​)។ អ្នក​មាន​គុណ​ចំពោះ​រដ្ឋ​នឹង​ទទួល​បាន​500,000​ដុង (21ដុល្លារ) រៀង​រាល់​ខែ​។ អាជីវ​កម្ម​លក្ខណៈ​គ្រួសារ​ដែល​ត្រូវ​ផ្អាក​ដំណើរ​ការ​ និងចួប​ការ​​លំបាក​ខ្លាំង​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​ជំនួយ​1លាន​ដុង​ (43​ដុល្លារ​)​រៀង​រាល់​ខែ​៕

    ប្រភព​៖ VNEXPRESS

  • ​តើប្រទេសណា​ខ្លះ​​ដែល​ប្រើ​ភ្លើង​អគ្គិសនី​ច្រើន​ជាង​គេ​ក្នុង​លោក?

    ​តើប្រទេសណា​ខ្លះ​​ដែល​ប្រើ​ភ្លើង​អគ្គិសនី​ច្រើន​ជាង​គេ​ក្នុង​លោក?

    ឆ្នាំ2017​ ការប្រើ​ប្រាស់​ភ្លើងអគ្គិសនី​នៅ​ទូទាំង​ពិភពលោក​ បាន​កើន​ 2.5​% ដោយ​ឡើង​ដល់​ 25,721​ តេ​រ៉ា​វ៉ាត់​-ម៉ោង​ (Terawatt​-hour​ (TWh​)ដែល​ស្មើនឹង​ 10ស្វ័យគុណ​ 12វ៉ាត់​-ម៉ោង​។
    នៅពេល​និយាយ​ដល់​ការប្រើ​ប្រាស់​អគ្គិសនី​សរុប​នៃ​ដែនដី​នី​មួយ​ៗ ចិន​គឺជា​ប្រទេស​មួយ​ដែល​ប្រើ​ច្រើនជាង​គេ​បង្អស់​ ពោល​គឺ​ 25.9​%(អត្រា​គិត​ទូទាំង​ពិភពលោក​គឺ​ 100​%)។ នៅ​ពីក្រោយ​ចិន​ គឺ​សហរដ្ឋអាមេរិក​ ដោយ​ប្រើប្រាស់​ 17.5​%។
    បើសិន​គិតទៅ​លើ​មនុស្ស​ម្នា​ក់ៗ​ ពលរដ្ឋ​ចិន​ និង​អាមេរិក​ មិនមែន​ជា​អ្នកប្រើ​អគ្គិសនី​ច្រើនជាង​គេ​ក្នុង​ពិភពលោក​នោះ​ទេ​ តែ​ពលរដ្ឋ​នៃ​ប្រទេស​ អ៊ីស្លង់​ (Iceland​) ឯណោះ​ទេ​ ដែល​ប្រើ​ច្រើនជាង​គេ​ គឺ​ក្នុង​មនុស្សម្នាក់​ប្រើ​រហូតដល់​ 54.4​ មេ​ហ្គា​វ៉ាត់​/ម៉ោង​(ឆ្នាំ2017​)។ មូលហេតុ​ដែល​នាំ​ឱ្យ​ប្រជាជន​នៃ​ប្រទេស​អ៊ីស្លង់​ ប្រើ​ភ្លើងអគ្គិសនី​ច្រើនជាង​គេ​ក្នុង​លោក​ គឺ​ដោយសារ​តម្លៃ​អគ្គិសនី​ទាប​ ហើយ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​ទាប​ គឺ​មក​ពី​ប្រទេស​នេះ​មាន​ប្រភព​ធនធាន​ធម្មជាតិ​សម្បូរ​បែប​ ដែល​អាច​ទាញ​យក​មក​បង្កើត​ជា​ចរន្ត​អគ្គិសនី​បាន​។ អាកាសធាតុ​ត្រជាក់​ខ្លាំង​ បូករួម​នឹង​ផ្ទៃមេឃ​មិនសូវ​មាន​ពន្លឺថ្ងៃ​ ក៏​នាំ​ឱ្យ​ប្រទេស​មួយ​នេះ​ប្រើ​អគិ្គ​សនី​ច្រើន​ផង​ដែរ​។
    ស្ថានភាព​ខាងលើនេះ​ ក៏បាន​កើតឡើង​នៅក្នុង​ប្រទេស​ ន័រវែស​ (Norway​)ដែរ​។ ប្រទេស​នេះ​ឈរ​លំដាប់​ទី2​ បើ​គិតទៅ​លើ​ការប្រើ​ប្រាស់​ភ្លើងអគ្គិសនី​របស់​ពលរដ្ឋ​ម្នា​ក់់ៗ​ ដោយ​ក្នុង​មនុស្សម្នាក់​ ប្រើ​រហូតដល់​ 23.7​% មេ​ហ្គា​វ៉ាត់​/ម៉ោង​។ ឈរ​ក្នុង​លំដាប់​លេខរៀង​បន្តបន្ទាប់​មក​ទៀត​គឺ​ ប្រទេស​បារ៉ែន​ កាតារ​ និង​គុយ​វែ​ត ដោយសារ​ប្រទេស​ទាំងនេះ​ ក៏​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការប្រើ​ភ្លើងអគ្គិសនី​ច្រើន​ ព្រោះតែ​អាកាសធាតុ​មិន​អំណោយផល​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • នៅ​ឆ្នាំ2020​ ក្រុងភ្នំពេញ​នឹង​លែង​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ហើយ​

    នៅ​ឆ្នាំ2020​ ក្រុងភ្នំពេញ​នឹង​លែង​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ហើយ​

    ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​ នៅ​ឆ្នាំ​2020​ ខាងមុខនេះ​ នៅក្នុង​រាជធានី​ភ្នំពេញ​ នឹង​លែង​ខ្វះខាត​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដូច​ឆ្នាំនេះ​ទៀត​ហើយ​ ដោយ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ជាទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មក​ពី​ប្រទេស2​ ចំនួន​ 400​មេ​ហ្គា​វ៉ាត់​។ រដ្ឋាភិបាល​បាន​អនុម័ត​រួចហើយ​នូវ​ការ​បញ្ជាទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ពី​ប្រទេស​ចំនួន2​ គឺ​ប្រទេស​ហ្វាំងឡង់​ចំនួន​ 200មេ​ហ្គា​វ៉ាត់​ និង​អាល្លឺម៉ង់​200មេ​ហ្គា​វ៉ាត់​ សរុប​មាន​ចំនួន​ 400មេ​ហ្គា​វ៉ាត់​ ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​រាជធានី​ភ្នំពេញ​។ សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា​ យើង​ត្រូវតែ​រៀប​ផែនការ​ថ្មី​ចំពោះ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រីកចម្រើន​របស់​កម្ពុជា​ និង​ការ​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​កង្វះខាត​អគ្គិសនី​ប្រើប្រាស់​។

    សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​បន្ត​ថា​ ការ​ខ្វះ​ភ្លើង​ប្រើប្រាស់​ក្នុង​ឆ្នាំ2019​ នេះ​ គឺជា​មេរៀន​សម្រាប់​កម្ពុជា​ ខណៈ​ប្រទេស​នេះ​ពឹងផ្អែក​ខ្លាំង​លើ​ប្រភព​ថាមពល​វារីអគ្គិសនី​ ដែល​ជួប​បញ្ហា​ខ្វះខាត​ទឹក​ក្នុង​ការផលិត​អគ្គិសនី​កាលពី​រដូវប្រាំង​កន្លង​ទៅ​ថ្មី​ៗនេះ​។

    សម្តេច​តេជោ​ហ៊ុន​ សែន​ បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ “យើង​នៅ​មាន​បញ្ហា​ទាក់ទិន​នឹង​ការ​ខ្វះ​ទឹក​ទៅលើ​ការប្រើ​ប្រាស់​វារីអគ្គិសនី​ ដែល​ធ្វើ​ឱ្យ​វារីអគ្គិសនី​របស់​យើង​ គ្មាន​ស្ថិរភាព​នៅក្នុង​ការ​ផ្គត់ផ្គង់​។ ឆ្នាំនេះ​ជា​បទ​ពិសោធ​ផ្តល់​មេរៀន​ឱ្យ​យើង​ច្រើន​ ដែល​យើង​ត្រូវ​ខិតខំ​រក​វិធី​ដោះស្រាយ​ ដើម្បី​កុំឱ្យ​ជួប​បញ្ហា​ច្រំដែល​នេះ​នៅ​ឆ្នាំខាងមុខ​”។

    សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​បន្ត​ទៀត​ថា​៖ “វារី​អគ្គិសនី​របស់​យើង​មាន​កម្លាំង​ប្រមាណ​ជិត​ 1,400មេ​ហ្គា​វ៉ាត់​ ក៏ប៉ុន្តែ​ការផលិត​ ថ្ងៃ​ខ្លះ​បាន​ត្រឹមតែ100​ ឬ200មេ​ហ្គា​វ៉ាត់​ទេ​។ ថ្ងៃ​ខ្លះ​បាន​ទៅដល់​ 600មេ​ហ្គា​វ៉ាត់​ឃើញថា​ គ្រាន់បើ​បន្តិច​ ប៉ុន្តែ​មិនបាន​គ្រប់​ម៉ោង​នោះ​ទេ​”។

    ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​ រាជធានី​ភ្នំពេញ​ត្រូវតែ​ត្រៀម​អគ្គិសនី​ 400មេ​ហ្គា​វ៉ាត់​ទុក​។ ក្នុង​នោះ​ភ្លើង​ (ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​) 200​មេ​ហ្គា​វ៉ាត់​ នឹង​ត្រូវ​ទិញ​ពី​ហ្វាំងឡង់​ និង​ 200មេ​ហ្គា​វ៉ាត់​ទៀត​ ទិញ​ពី​អាល្លឺម៉ង់​ ត្រឹម​ខែតុលា​ខាងមុខនេះ​។ការ​ត្រៀម​ទុក​នេះ​ គឺ​ទុក​ប្រើ​ក្នុង​ពេល​ដែល​វារីអគ្គិសនី​បញ្ចេញ​ថាមពល​មិន​គ្រប់​ ខណៈ​ដែល​តម្រូវការ​ភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ កើន​ដល់​ជាង​ 1ពាន់​មេ​ហ្គា​វ៉ាត់​។ “ឆ្នាំក្រោយ​ គឺ​ភ្នំពេញ​គ្មាន​ហេតុផល​និយាយ​ថា​ ខ្វះ​អគ្គិសនី​ ហើយ​ត្រូវ​កាត់​ទេ​”។

    សម្តេច​តេជោ​ហ៊ុន​ សែន​ ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​ សម្រាប់​ឆ្នាំនេះ​ផង​ដែរ​យើង​ក៏​នឹង​បើក​ដំណើរការ​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ 3ផ្សេងទៀត​ ក្នុង​នោះ​រោងចក្រ​ចំនួន1​ មាន​សមត្ថភាព​អាច​ផលិត​បាន​ 373គីឡូវ៉ាត់​ម៉ោង​ និង​មួយទៀត​ចំនួន​ 370គីឡូវ៉ាត់​ម៉ោង​ ហើយនឹង​ដាក់​ដំណើរការ​ថ្ងៃនេះ​ មាន​ចំនួន​ 130គីឡូវ៉ាត់​ម៉ោង​។

    សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន​ សម្តេច​ក៏បាន​ជួប​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ិន​ហ្សូ​ អាបេ​ដើម្បី​ផ្តល់​ជំនួយ​ដល់​ការ​លើកកម្ពស់​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ផង​ដែរ​ តាមរយៈ​ការ​បញ្ជាទិញ​ និង​ការ​តបណ្តាញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា​៕

  • ADB បន្ត​ជួយ​កម្ពុជា​លើ​ការអប់រំ​ផ្នែក​ អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល

    ADB បន្ត​ជួយ​កម្ពុជា​លើ​ការអប់រំ​ផ្នែក​ អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូ​ដ៏សំខាន់​មួយ​សម្រាប់​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​លើ​សកម្មភាព​សេដ្ឋកិច្ច និង​ការអប់រំ​របស់​កម្ពុជា។

    គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​បានផ្តល់​គម្រោង​ជាច្រើន​សម្រាប់​កម្ពុជា ដូចជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការតភ្ជាប់​តំបន់​សេដ្ឋកិច្ច និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​លើកស្ទួយ​វិស័យ​ធនធានមនុស្ស​សម្រាប់បំពេញតម្រូវការ​ក្នុងតំបន់។ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​ធ្លាប់បាន​ផ្តល់ជំនួយ​ជាច្រើនសម្រាប់​កម្ពុជា​ក្នុងការ​ជំរុញ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) តាមរយៈ​គ្រឹះស្ថានសិក្សា​បច្ចេកទេស​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

    ថ្មីៗនេះ​លោកស្រី Sunniya Durani -Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាបានលើកឡើង​ពី​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា តាមរ​យះការពង្រឹង​ការអនុវត្ត​គោលនយោបាយ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការពង្រឹង​យន្តការ​នានា​ដើម្បី​បង្កើត​ប្រសិទ្ធភាព​ការងា​របស់​គណៈកម្មកា​រ​ជាតិ​បណ្តុះបណ្តាល (NTB) ដែល​ស្រប​នឹង​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ2030 របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យស្រប​នឹង​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​សកល។

    ស្របពេល​ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្យា​បន្ត​ផ្តល់​គម្រោង​ថ្មី​មួយទៀត​ក្នុង​រយៈពេល 5ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ក្រោយនេះ រហូតដល់​ឆ្នាំ2024 ដើម្បី​អភិវឌ្ឍ​លើ​ធនធានមនុស្ស​នៅ​កម្ពុជា។បើ​យោងតាម​ការលើកឡើងរ​បស់ ADB គម្រោង​នេះ​នឹង​ផ្តោត​សំខាន់​លើ​យុវជន​ដែល​ទើបនឹង​បញ្ចប់​ការ-សិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ឱ្យបាន​កាន់តែខ្លាំង​លើ​ជំនាញ​បច្ចេកទេស វិទ្យាសាស្ត្រ​ពិត និង​ជំនាញ​វិជ្ជាជីវៈ​ដើម្បីឱ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការចូល​ទៅកាន់​បច្ចេក​វិទ្យា​ឌីជីថល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​នាពេលខាងមុខ​នេះ។

    ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បាន​លើកឡើងថាបន្ទាប់ពី​សិក្សា​លើ​តម្រូវការ​ទីផ្សារការងារ ដែលមាន​ជំនាញ​ច្បាស់លាស់​នៅ​កម្ពុជា​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​ហើយ​នោះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ផ្តល់ជំនួយ​បន្ថែម​មក​កម្ពុជា​លើ​ការបណ្តុះបណ្តាល​លើ​ជំនាញសំខាន់ៗចំនួន4 គឺ​មុខវិជ្ជា​អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល ដែល​ជំនាញ​ទាំងអស់នេះ​ជា​ជំនាញ​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​ពិភពលោក ដែល​កំពុង​ជំរុញ​ឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​ត្រូវតែ​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​ឱ្យ​កាន់តែខ្លាំង និង​ច្រើនឡើង។

    ឯកឧត្តម ឡៅ ហ៊ីម បាន​មានប្រសាសន៍ថា៖ “គ្រឹះស្ថាន​បណ្តុះបណ្តាល​ដែល​នឹងត្រូវ​អនុវត្ត​សម្រាប់​គម្រោង​នេះ គឺ​សាលា​អប់រំ​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សាលា​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ការអនុវត្ត​គម្រោង​នេះ​នឹងត្រូវត្រួតពិនិត្យ​ដោយ​ក្រសួង​ការងារ និង ADB ដោយផ្ទាល់”។

    បើតាម​ឯកឧត្តម ឡៅ ហ៊ីម កម្ពុជា​បច្ចុប្បន្ន​នៅមាន​ឧបសគ្គ​ប្រឈម​មួយចំនួន​នៅឡើយ​ក្នុងការ​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ជាពិសេស​លើ​បញ្ហា​អគារ សម្ភារ​បរិក្ខារ គ្រឿង​ម៉ាស៊ីន និង​សមត្ថភាព​គ្រូបង្រៀន​ដែល​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​ទៀត។ ចំពោះ​សមត្ថភាព​អ្នក​បណ្តុះបណ្តាល​ចាំបាច់​បំផុត​ត្រូវតែ​ពង្រឹងសមត្ថភាព​ឱ្យបាន​ខ្លាំង និង​បន្ត​អភិវឌ្ឍ​រហូត​ជាប់​ជានិច្ច ព្រោះ​បច្ចេកវិទ្យា​នាពេលបច្ចុប្បន្ននេះ មាន​ការវិវឌ្ឍ​លឿន ហេតុនេះ​វា​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ឱ្យ​ទាន់​តម្រូវការ​ជាក់ស្តែង​ចៀស​សវាង​បណ្តុះបណ្តាល​ដោយ​ប្រើ​បច្ចេកវិទ្យាចាស់ៗហើយ​ពេល​និស្សិត​ចេញមក​មិនអាច​ប្រើប្រាស់​បាន៕