Tag: សាងសង់

  • អគារ​សង់​ដោយ​ការ​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប ប្រើពេល​ស្ថាបនា​​តែ 140 ម៉ោង

    អគារ​សង់​ដោយ​ការ​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប ប្រើពេល​ស្ថាបនា​​តែ 140 ម៉ោង

    (អាល្លឺម៉ង់) – អគារ​ដែល​មាន​បណ្ដោយ​ 55 ម៉ែត្រ ទទឹង 11 ម៉ែត្រ និង​កម្ពស់ 9 ម៉ែត្រ គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ប្រើប្រាស់​កម្មករ​ពីរ​នាក់ និង​ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

    គម្រោង​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ ត្រូវបាន​បញ្ជាក់ថា ជា​សំណង់​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប។ ជាធម្មតា ការ​សាង​សង់​​អគារនីមួយៗគឺ​ត្រូវ​ប្រើប្រាស់​កម្មករ​យ៉ាងហោច​ក៏​ប្រាំ ឬ​ដប់​នាក់ ប៉ុន្តែ ការស្ថាបនា​អគារ​បោះពុម្ព 3D នេះ មាន​បុគ្គលិក​​​តែ​ពីរ​នាក់​ប៉ុណ្ណោះ។

    កម្មករសំណង់​នៅទីនេះ​គឺជា​រ៉ូ​បូត​ដែល​ធ្វើការ​ទៅតាម​គម្រោង​ដែល​បាន​កំណត់​​នៅលើ​កុំព្យូទ័រ។ តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​សាងសង់​រួចរាល់​ក្នុង​រយៈពេល 140 ម៉ោង។ នៅពេល​រួចរាល់ អគារ​នេះ​នឹងមាន​ទំហំ​ប្រហែល 55 ម៉ែត្រ x 11 ម៉ែត្រ x 9 ម៉ែត្រ។

    លោក Hans-Joerg Kraus ដែលជា​នាយក​ប្រតិបត្តិ​របស់ Kraus Gruppe ឱ្យដឹងថា «ខ្ញុំ​គិតថា បច្ចេកវិទ្យា​បោះពុម្ព 3D មាន​អនាគត​ប្រកបដោយ​សក្ដានុពល។ …នៅទីនេះ យើង​កំពុង​ប្រឹងប្រែង​ស្វែងយល់​ឱ្យដឹងថា នេះ​ជា​ផលិតផល​ដែល​ឆ្ពោះទៅកាន់​អនាគត ឬ​អត់…។

    ក្រៅពី​អាល្លឺម៉ង់ ក៏មាន​ប្រទេស​ជាច្រើន​ផ្សេងទៀត​កំពុង​បង្កើន​ការប្រើប្រាស់​បច្ចេកទេស​សាងសង់​ដោយ​ការបោះពុម្ព 3D។ កាលពី​ឆ្នាំ 2018 ក្រុមហ៊ុន​មួយ​របស់​បារាំង​បានបង្ហាញ​ផ្ទះ​បោះពុម្ព 3D ជា​លើកដំបូង​មួយ​ខ្នង​ដែល​សាងសង់​ក្នុង​រយៈពេល 18 ថ្ងៃ។ ចំណែក​ប្រទេស​ចិន​វិញ ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​បោះពុម្ព 3D ដើម្បី​សាងសង់​ទំនប់ទឹក​មួយ​នៅ​តំបន់​ខ្ពង់រាប​ទី​បេ។

    យោងតាម SCMP បច្ចេកវិទ្យា​សាងសង់​ដោយ​ការបោះពុម្ព 3D ដំបូង​ឡើយ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ក្នុង​បំណង​កាត់បន្ថយ​សំណល់​នៅក្នុង​ការផលិត។ បច្ចេកវិទ្យា​នេះ​ក៏មាន​សក្ដានុពល​នៅក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត មាន​ជាអាទិ៍ វិស័យ​វេជ្ជសាស្ត្រ ការពារជាតិ និង​ឧស្សាហ​កម្ម​ផលិត​អាហារ។ល។

  • BYD ជិត​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ជិត​ខាង​មួយ​ទៀត​របស់​កម្ពុជា​

    BYD ជិត​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ជិត​ខាង​មួយ​ទៀត​របស់​កម្ពុជា​

    ក្រុម​ហ៊ុន​ចិន BYD មាន​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម និង​កំពុង​តែ​រំពឹង​លើ​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​ ក្រោយ​ពី​បាន​ចាប់​ផ្ដើម​ការ​សាងសង់​រោង​ចក្រ​នៅ​ប្រទេស​ថៃ​។

    លោក Wang Chuanfu ប្រធាន​ និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន BYD សង្ឃឹម​ថា វៀតណាម​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បីឱ្យ​ BYD ធ្វើ​ការ​វិនិយោគ​ និង​អាច​ឆាប់​បាន​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​លក់​ក្នុង​ស្រុក​ និង​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​របាយ​ការណ៍​នៅ​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​វៀតណាម​ ចុះ​ផ្សាយ​កាល​ពី​ 05 ឧសភា។

    អ្នក​នាំពាក្យ​របស់ BYD បាន​ទទួល​ស្គាល់​ព័ត៌មាន​ស្ដី​ពី​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មិន​បាន​បង្ហើប​ព័ត៌មាន​លំអិត​ស្ដី​ពី​ការ​វិនិយោគ​នេះ​។

    BYD ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្តអគ្គិសនី​ធំជាង​គេ​បង្អស់​នៅ​ប្រទេស​ចិន​ កំពុង​សាងសង់រោង​ចក្រ​ផលិត​នៅ​ប្រទេស​ថៃ ដែល​ជា​​រោង​ចក្រ​ដំបូង​​នៅ​បរទេស​​របស់​ក្រុម​ហ៊ុន​នេះ។ បច្ចុប្បន្ន BYD ក៏​កំពុង​តែ​ពិនិត្យ​លទ្ធភាព​សាង​សង់​រោង​ចក្រ​​មួយ​បន្ថែម​ទៀត​នៅ​ហ្វ៊ីលីពីន ឬ​​ឥណ្ឌូណេស៊ី​​ ក្រៅ​ពី​ប្រទេស​ថៃ និង​វៀតណាម​។

    ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ BYD នៅ​ប្រទេស​ចិន​ កាល​ពី​ឆ្នាំ 2016

    នៅក្នុង​ខែ​មេសាឆ្នាំ​នេះ រថយន្ត​អគ្គិសនី​ 210,295 គ្រឿង​របស់​ BYD ត្រូវ​បាន​លក់​ចេញ​ ដែល​នេះ​គឺជា​តួលេខ​ខ្ពស់​ជាង​ទ្វេដង​ធៀប​នឹង​មួយ​ឆ្នាំ​មុន​។

    ភាគ​ហ៊ុន​របស់ BYD បាន​កើន​ជាង 2% កាល​ពី​ព្រឹក​មិញ​នៅ​ហុងកុង ក្រោយ​ពី​រដ្ឋាភិបាល​ចិន​ ជា​ថ្មី​ម្ដង​ទៀត​បាន​សន្យាថា ​គាំទ្រ​ដល់​វិស័យ​រថយន្ត​អគ្គិសនី​។ ភាគ​ហ៊ុន​ BYD បាន​កើន​ 25% នៅ​ក្នុង​ឆ្នាំ​នេះ​៕

  • មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    គម្រោង​ស្ពាន​បង្ហូរទឹក​ពី​ទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe ដែលមាន​កម្មករ 20,000 នាក់ សាងសង់​ក្នុង​រយៈពេល 6 ឆ្នាំ នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្ស និង​ប្រព័ន្ធ​ជីវចម្រុះ។

    «សួស្ដី​គ្រប់គ្នា ខ្ញុំ​ឈ្មោះ Wendy មកពី​ប្រទេស​គុយបា។ ដូចដែល​គ្រប់គ្នា​បានឃើញ មាន​ទន្លេ​មួយ​នៅក្បែរ​ខ្ញុំ ហើយ​នៅក្រោម​ជើង​ខ្ញុំ​ក៏មាន​ទន្លេ​មួយ​ដែរ ដែល​ដូច​ទៅនឹង​ស្ពាន​អាកាស​ឆ្លង​ផ្លូវទឹក» Wendy ដែលជា​និស្សិត​គុយបា នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Hefei (Hefei University of Technology) នៅ​​ប្រទេស​ចិន ណែនាំ​អំពី​មហា​គម្រោង​ស្ពាន​​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន។

    «ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​បង្កើតឡើង​ដោយ​ស្ពាន​នាំ​ទឹក​ដ៏​វែង​មួយ ហើយក៏​ជា​កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ។ ស្ពាន​បង្ហូរទឹក​នេះ​មាន​ចន្លោះ​សសរ​វែង​បំផុត ក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក និង​ដើរតួនាទី​សំខាន់​នៅក្នុង​គម្រោង​បង្ហូរទឹក ដែលមាន​គោលដៅ​ផ្លាស់​ទិស​របស់​លំហូរ​ទឹកទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe»។

    «គម្រោង​ប្ដូរ​ទិស​ទឹកទន្លេ​នេះ បានចាប់ផ្ដើម​ដំណើរការ​សាកល្បង​កាលពី​ចុងឆ្នាំ​កន្លង បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល 6 ឆ្នាំ ដែល​ប្រើប្រាស់​កម្មករ​ជាង 20,000 នាក់»។

    ដោយមាន​ប្រវែង 723 គីឡូម៉ែត្រ គម្រោង​នេះ​ផ្គត់ផ្គង់​ទឹក​ដល់ទី​ក្រុង​ចំនួន 15 នៅក្នុង​ខេត្ត Anhui ភាគ​ខាងកើត​ប្រទេស​ចិន និង​ខេត្ត Henan ភាគ​កណ្ដាល​ប្រទេស​ចិន នាំមក​នូវ​ផលប្រយោជន៍​ដល់​មនុស្ស​ជាង 50 លាន​នាក់។

    ក្រៅពី​ការផ្គត់ផ្គង់​ទឹក និង​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន គម្រោង​នេះ​ក៏​បម្រើ​ដល់​ការស្រោចស្រព​ដំណាំ និង​ជួយ​ស្ដារ​បរិស្ថាន​របស់​ទន្លេ Huaihe និង​បឹង Chaohu។

    យោងតាម​លោក Zhang Jianjin ដែលជា​វិស្វករ​នៃ​គម្រោង​ខាងលើ ស្ពានដែក​នេះ​គឺជា​ផ្លូវ​ផ្គត់ផ្គង់​ទឹក​សំខាន់​ជាងគេ​សម្រាប់​ទីក្រុង Hefei និង Lu’an ក្នុង​ខេត្ត Anhui។ ស្ពាន​នេះ​មាន​កម្ពស់​ជាង 30 ម៉ែត្រ ធៀប​ទៅនឹង​ព្រែក​របស់​មហា​គម្រោង​បង្ហូរទឹក​នេះ។ ចន្លោះ​រវាង​សសរ​ប្រវែង 110 ម៉ែត្រ​របស់​ស្ពាន​នេះ គឺ​វែង​ជាង 3.8 ម៉ែត្រ ធៀប​នឹង​ចន្លោះ​សសរ​របស់​ស្ពាន​ទឹក Magdeburg (Magdeburg Water Bridge) ទៅទៀត។ ស្ពាន​នេះ​មាន​ចន្លោះ​សសរ​វែង​ជាងគេ​បង្អស់​ធៀប​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក។

    មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    ស្ពាន​បង្ហូរ​ទឹក​ទន្លេ​ខាងលើ​​មាន​ស្ថានីយ​បូមទឹក​ធំជាងគេ​នៅ​អាស៊ី ដោយ​ធ្វើឱ្យ​ស្ពាន​ទឹក​នេះ​មាន​លំហូរ​សរុប 340 ម៉ែត្រគូប/វិនាទី។ ស្ពាន​នេះ​ក៏​យកចិត្តទុកដាក់​លើ​បរិស្ថាន​ដែល​ពាក់ព័ន្ធ​ផងដែរ៕

  • ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ជា​ផ្លូវការ​នេះ នឹងត្រូវ​ធ្វើឡើង​នា​វេលា​ម៉ោង 19 នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ។

    មកដល់​បច្ចុប្បន្ន ម្ចាស់ផ្ទះ​កម្ពុជា​នៅតែ​មិន​បញ្ចេញ​ព័ត៌មាន​លំអិត​អំពី​កម្មវិធី និង​ការសំដែង​នានា​នៅក្នុង​ពិធី​​សម្ពោធ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ក្រៅតែពី​ពេលវេលា ទីតាំង និង​បណ្ដា​មន្ត្រីជាន់ខ្ពស់​ដែល​អញ្ជើញ​ចូលរួម។ ក្រុម​អ្នកយកព័ត៌មាន​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ការហាត់​សម ព្រោះ​គណៈកម្មការ​ស៊ី​ហ្គេម​ចង់​បង្កើត​កម្មវិធី​ដ៏​ទាក់ទាញ​មួយ​ទៅតាម​ស្ដង់ដា​អូឡាំពិក។

    ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈ​កម្មាធិការ​​ជាតិ CAMSOC កាលពី​ថ្ងៃទី 24 មេសា បានឱ្យដឹងថា កម្ពុជា​ត្រូវតែ​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកប​ដោយ​ការទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ទៅតាម​ស្ដង់ដា​អូឡាំពិក ពុំមែន​លំដាប់​តំបន់​ដូច​​ប្រទេស​ដទៃ។ គ្រប់គ្នា​នឹង​បានឃើញ​ចំណុច​ដ៏​អស្ចារ្យ​របស់​ពិធី​នេះ។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តោ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​មិន​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ពិធី​សម្ពោធ​នេះ​ផងដែរ។ សម្ដេច​មាន​ប្រសា​សន៍​ថា មនុស្ស​ជាង​កន្លះ​លាន​នាក់​ចង់​ចូល​ទស្សនា ប៉ុន្តែ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អាចដាក់​មនុស្ស​បានតែ​ពី 60,000 ទៅ 70,000 នាក់​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការដំឡើង​ឆាក​បញ្ចាំង​ស្លាយ​ផ្សាយ​បន្ត​ផ្ទាល់​នៅតាម​បណ្ដា​ខេត្ត-ក្រុង​។

    ទីលាន​បាល់ទាត់​មរតក​តេ​ជោ ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅ​សង្កាត់​ព្រែ​កតាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា 2017 ហើយ​បួន​ឆ្នាំ​ក្រោយមក​ក៏បាន​សម្រេច​ជា​ស្ថាពរ។ ការចំណាយ​សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​នេះ​គឺ​ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក ជា​ជំនួយ​របស់​ប្រទេស​ចិន។

    យោងតាម​គេហទំព័រ​ស៊ី​ហ្គេម​លើក​ទី 32 ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា មាន​សមាជិក​ចូលរួម​ប្រហែល 12,000 នាក់ មកពី 11 ប្រតិភូ ដោយ​មិនទាន់​រាប់បញ្ចូល​ក្រុម​អាជ្ញាកណ្ដាល។ អ្នកយកព័ត៌មាន​ជាង 2,000 នាក់​ក៏បាន​ទទួល​កាត​ចុះឈ្មោះ​ចូល​យក​ព័ត៌មាន ក្នុងនោះ​មាន 907 នាក់​មកពី​បរទេស។

    ស៊ី​ហ្គេម​លើក​ទី 32 ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​បួន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី 29 មេសា​ដល់ 16 ឧសភា ដោយមាន​កីឡា 36 ប្រភេទ ចែកជា 584 វិញ្ញាសា។ កាលពី​ថ្ងៃទី 04 ឧសភា គណៈកម្មការ​ស៊ី​ហ្គេម​បានប្រគល់​មេដាយ​ចំនួន 9 គ្រឿង​ដំបូង​ជូន​អត្តពលិក​ ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុជា​នាំមុខគេ​ដោយ​ដណ្ដើមបាន​មេដាយមាស​ប្រាំ​គ្រឿង។ ហ្វ៊ី​លី​ពី​ន​ដណ្ដើមបាន​មេដាយមាស​ពីរ​គ្រឿង ខណៈ​ថៃ និង​ឡាវ​ទទួលបាន​មួយគ្រឿង ពី​ប្រភេទ​កីឡា​គុន ជូ​ជិត​ស៊ូ (Jujutsu) និង​ល្បុក្កតោ។

    នៅក្នុង​ថ្ងៃទី 05 ឧសភា​នេះ ស៊ី​ហ្គេម​លើក​ទី 32 នឹងមិនមាន​ការប្រកួត​កីឡា​ណាមួយ​ឡើយ ដោយ​ផ្ដោតទៅលើ​តែ​ពិធី​សម្ពោធ​ជា​ផ្លូវការ។

    បទ​ចម្រៀង​ផ​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​នេះ​គឺ​បទ Cambodian Pride ដែល​បច្ចុប្បន្ន​​ចំនួន​​​អ្នក​ចូល​មើល​​បាន​កើន​ឡើង​ដល់​ជាង 65 លាន​លើក​នៅលើ YouTube ក្រោយពី​បង្ហោះ​បាន​ជាង​បី​សប្ដាហ៍។ រូបតំណាង​ស៊ី​ហ្គេម​លើក​ទី 32 គឺ​កូន​ទន្សាយ​ពីរ​ក្បាល មួយ​ឈ្មោះ រំដួល និង​មួយ​ឈ្មោះ បុរី។

    ចំណែក​ពិធី​បិទ​ស៊ី​ហ្គេម​លើក​ទី 32 វិញ នឹងត្រូវ​ធ្វើឡើង​ក្នុង​​ថ្ងៃទី 17 ឧសភា នៅឯ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ៕

  • ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

    ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

    សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

    មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

    ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

  • វិស័យ​អចលនទ្រព្យ និង​សាងសង់ ពេញ​មួយឆ្នាំ 2018 ទទួលបាន​ទុនវិនិយោគ​ជាង$5ពាន់​លាន

    វិស័យ​អចលនទ្រព្យ និង​សាងសង់ ពេញ​មួយឆ្នាំ 2018 ទទួលបាន​ទុនវិនិយោគ​ជាង$5ពាន់​លាន

    ការសាងសង់​នៅ​កម្ពុជា ពេញ​មួយឆ្នាំ2018នេះ មាន​ប្រមាណ​ជា 2,867គម្រោង ជាមួយនឹង​ទុនវិនិយោគ​ប្រមាណ​ជាង 5,200លាន​ដុល្លារ​អាមេរិក(5,228,992.522)ដែល​គម្រោង​សំណង់​ទាំងនោះ​សាងសង់​លើ​ផ្ទៃដី​ចំនួន 11,427,190ម៉ែត្រការ៉េ។ នេះ​បើ​យោងតាម​របាយការណ៍​ស​ន្និបាត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

    របាយការណ៍​បាន​បញ្ជាក់ថា គម្រោង​សំណង់​នៅ​ឆ្នាំ2018 មានការ​ថយចុះ​ជិត 19% បើ​ធៀប​នឹង​ឆ្នាំ2017 ដែលមាន​គម្រោង​សាងសង់​រហូតដល់​ទៅ 3,052គម្រោង ជាមួយ​ទុនវិនិយោគ​ប្រមាណ 6,428,794.179ដុល្លារអាមេរិក។

    របាយការណ៍​នេះ​ក៏បាន​ឱ្យដឹង​ផងដែរ​ថា គម្រោង​សាងសង់​ទាំងនេះ​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង​មាន​ចំនួន 245គម្រោង មាន​ទុនវិនិយោគ​ប្រមាណ 4,829,173.854ដុល្លារ ហើយ​ស្ថិតក្រោមសមត្ថកិច្ច​សាលា​រាជធានី-ខេត្ត​ចំនួន 2,622គម្រោង ជាមួយ​ទុនវិនិយោគ​ប្រមាណ 399,818,668ដុល្លារ។

    សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ2018 មាន​ចំនួន2.420គម្រោង ជាមួយ​ទុនវិនិយោគ​ប្រមាណ 1, 835,416.912ដុល្លារ ស្មើនឹង 18,471ខ្នង ហើយ​អគារខ្ពស់ៗចាប់ពី 5ជាន់ឡើង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018 មាន​ចំនួន 110អគារ។ ដោយឡែក​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018 មាន​ចំនួន 28ទីតាំង។

    តាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់​ដដែល បាន​អះអាងថាគិត​ចាប់ពី​ឆ្នាំ2000 ដល់​ខែវិច្ឆិកា ឆ្នាំ2018 ក្រសួង​បានចេញ​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន43,136គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន 114,297,621ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ 43,370,423.378ដុល្លារ។ ជាមួយគ្នា​នោះដែរ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក៏​ប្រមូលបាន​ចំណូល​ប្រមាណ 390,476,442.711រៀល ឬ​ស្មើនឹង​ជិត 98លាន​ដុល្លារ​អាមេរិក​ដែល​ចំណូល​នេះ​បានមកពី​សេវា​សុរិយោដី សេវា​សំណង់​ពី​ការជួល​ទីតាំង​រោងចក្រ សហគ្រាស និង​បាន​ពី​ពន្ធ​លើ​ការផ្ទេរ​អចលនទ្រព្យ​ដែល​ប្រមូល​នៅ​អង្គភាព​ពន្ធដារ។

    ដោយឡែក​លោក​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ បានបញ្ជាក់​អំពី​ការចុះបញ្ជី​នៃ​គម្រោង​សាងសង់​ខាងលើ​ថា ចំនួន​គម្រោង​នៃ​អចលនទ្រព្យ​ខាងលើ វា​គ្រាន់តែ​ជា​តួលេខ​នៃ​ការចាប់ផ្តើម​គម្រោង​តែប៉ុណ្ណោះ ពីព្រោះ​គម្រោងនីមួយៗជួនកាល​ម្ចាស់​គម្រោង​បាន​ចុះបញ្ជី​រួចហើយ តែ​គាត់​ពុំបាន​សាងសង់ភ្លាមៗទេ គាត់​អាច​សាងសង់​នៅ​ខែក្រោយ ឬ​ឆ្នាំក្រោយ ឬ​ពេលវេលា​ណាមួយ​សមស្រប​សម្រាប់​គាត់។

    លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​ទើប​ជាប់ឆ្នោត​ថ្មី បាន​មានប្រសាសន៍​ពី​បញ្ហា​នេះ​ថា៖ “ដូច្នេះ​តាម​ទស្សនៈ​របស់ខ្ញុំ ការចុះបញ្ជី​គ្រាន់តែ​ជា​តួលេខ​នៃ​ការចាប់ផ្តើម បើ​គាត់​ចុះបញ្ជី​ហើយ​គាត់​មានបំណង​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​វិនិយោគ ហើយ​គាត់​ថា​សាងសង់ ឬ​ចាប់ផ្តើម​នៅពេលណា​យើង​មិនដឹង​ច្បាស់​ទេ”។

    លោក​បាន​បន្តទៀតថា តួលេខ​នៃ​ការចុះបញ្ជី​ច្រើន ឬ​តិច គ្រាន់តែ​ជា​តួលេខ​ចាប់ផ្តើម​តែ​អ្វី​ពិតប្រាកដ គឺ​ការអនុវត្ត​គម្រោង។ បើ​យើង​មាន​តួលេខ​ដែល​ចុះបញ្ជី​មាន​ចំនួន​ប៉ុន្មាន? ឧទាហរណ៍​ចំនួន100 ហើយ​យើង​អនុវត្តបាន90 ដូច្នេះ​នៅសល់តែ10ទេ។ ហេតុនេះ​ការចុះបញ្ជី​ជា​បំណង តែ​ផុត​ពីនេះ​គាត់​ចាប់ផ្តើម​នៅពេលណា យើង​ត្រូវ​មើល​លើ​ការអនុវត្ត ព្រោះ​គម្រោង​ខ្លះ​អាច​ត្រូវ​ពន្យារពេល វា​អាស្រ័យ​លើ​ពេលវេលា​ជាក់ស្តែង និង​បើ​ឱ្យ​តួលេខ​ចុះបញ្ជី​ឆ្នាំ​ហ្នឹង ត្រូវ​នឹង​តួលេខ​អនុវត្ត​គម្រោង​ឆ្នាំ​ហ្នឹង​តែម្តង វា​មិនត្រូវ​ទេ។

    លោក សុខ​នី​ម បាន​បន្ថែមថា យើង​មិនមាន​ការព្រួយបារម្ភ​ពី​តួលេខ​ដែល​ខុសគ្នា​តិចតួច​នោះទេ យើង​ទទួលស្គាល់ថា វា​អាចមាន​គម្រោង​ដែល​អាច​ចុះបញ្ជី​ហើយ តែ​ត្រូវបាន​ពន្យារពេល តែ​ក៏បាន​សាងសង់​ជា​បន្ត ដូចដែល​យើង​បាន​មើលឃើញ​ពី​ការកើនឡើង​ក្នុង​វិស័យនេះ និង​គម្រោង​ដែល​បាន​ចុះបញ្ជី​ហើយ និង​បានបញ្ចប់​គម្រោង តែ​ខ្លះ​ក៏​នៅ​បន្ត​គម្រោង​ពុំទាន់​បញ្ចប់​ក៏មានដែរ៕