Tag: សាងសង់

  • ឌូបៃ​ សាងសង់​អាកាសយានដ្ឋាន​ធំជាង​គេ​លើ​ពិភពលោក​នៅ​លើ​សមុទ្រ​ខ្សាច់

    ឌូបៃ​ សាងសង់​អាកាសយានដ្ឋាន​ធំជាង​គេ​លើ​ពិភពលោក​នៅ​លើ​សមុទ្រ​ខ្សាច់

    ដំណើរ​ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ AI Maktoum ដែល​អាច​ទទួល​អ្នក​ដំណើរបាន​ 160 លាន​នាក់​/ឆ្នាំ នឹង​ត្រូវ​អូស​បន្លាយ​ពេលនៃ​ការ​​ស្ថាបនា​​រាប់​សិប​ឆ្នាំ​ នៅ​លើ​សមុទ្រ​ខ្សាច់​ជិត​ទីក្រុង​ឌូបៃ​។

    កាល​ពី​ជាង​ 10 ឆ្នាំ​មុន ព្រលាន​យន្តហោះ​អន្តរជាតិ​ AI Maktoum ឬ​ហៅ​ថា Dubai World Central (DWC) ដែល​មាន​ចម្ងាយ​ពី​ចំណុច​កណ្ដាល​របស់ទីក្រុង​ឌូបៃ​ប្រហែល 32 គីឡូម៉ែត្រ ទៅ​ទិស​និរតី​ ត្រូវ​បាន​​រចនា​ឡើង​ដើម្បី​ក្លាយ​ជា​អាកាសយានដ្ឋាន​ធំ​ និង​មមាញឹក​បំផុត​លើពិភពលោក​ សម្រាប់​អនាគត​ដ៏​ខ្លី​ខាង​មុខ​។

    Dubai Airports ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ឌូបៃ (DXB) និង​ព្រលាន​យន្ត​ហោះ​ថ្មី ឱ្យ​ដឹង​ថា នៅ​ពេល DWC ត្រូវ​បាន​សាងសង់​រួច​រាល់ វា​នឹង​អាច​ទទួល​អ្នក​ដំណើរ​បាន​ជាង 160 លាន​នាក់ រួម​នឹង​ទំនិញ​ 12 លាន​តោន​ ​ជា​រៀង​រាល់ឆ្នាំ​។

    យោង​តាម​ការ​ផ្សាយ​របស់​ CNN តួលេខខាង​លើ​​នេះ​ច្រើន​ជាង​ជិត 63 លាន​នាក់​ បើ​ធៀប​នឹង Hartsfield – Jackson Atlanta International ដែល​ជា​​ព្រលាន​យន្តហោះ​ធំ​បំផុត​នា​បច្ចុប្បន្ន​ និង​ច្រើន​ជាង​ជិត 100 លាន​នាក់​ បើ​ធៀប​នឹង​ព្រលាន​យន្តហោះ​អន្តរជាតិ​ឌូបៃ។

  • គម្រោង​ធំ​ៗ​ចំនួន​ពីរ​នឹងជួយ​ឱ្យ​​ខេត្ត​ព្រះ​សីហនុ​ ក្លាយ​ជាច្រករបៀងសេដ្ឋកិច្ចមួយ​របស់​កម្ពុជា

    គម្រោង​ធំ​ៗ​ចំនួន​ពីរ​នឹងជួយ​ឱ្យ​​ខេត្ត​ព្រះ​សីហនុ​ ក្លាយ​ជាច្រករបៀងសេដ្ឋកិច្ចមួយ​របស់​កម្ពុជា

    យោង​តាម​ក្រសួង​ព័ត៌មាន គម្រោងវិនិយោគ​ចំនួនពីរ​ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត 600 លានដុល្លារ​អាម៉េរិក​ ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ និង​កម្ពុជា​។

    កាល​ពី​ថ្ងៃទី 28 កុម្ភៈ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក – CDC) បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​គម្រោង​វិនិយោគរបស់​ក្រុម​ហ៊ុន​​ចំនួន​ពីរ​ រួម​មាន​ដូច​ខាង​ក្រោម​៖

    ទីមួយ​ ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ 574,000,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ 5 នៅក្នុងតំបន់ពយតាម៉ូង សង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    ទីពីរ​ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគជាង​ 12,350,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

    យោងតាម​ ក.អ.ក គម្រោងវិនិយោគទាំងពីរ​នេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ឱ្យ​កាន់តែប្រសើរឡើង និង​ជួយ​ឱ្យខេត្តព្រះសីហនុ ក្លាយជាច្រករបៀងសេដ្ឋកិច្ចសំខាន់​មួយ​របស់​កម្ពុជា៕

  • ស្ថានីយអវកាស​នៅ​លើ​ដី​ដំបូង​របស់​ប្រទេសចិន​

    ស្ថានីយអវកាស​នៅ​លើ​ដី​ដំបូង​របស់​ប្រទេសចិន​

    មូលដ្ឋាន​ថ្មី​ដែល​មាន​សមត្ថភាព​បង្ហាញត្រាប់​តាម​​បរិស្ថាន​ស្ថានីយ​អវកាស​ចំនួន​ 9 យ៉ាង​ អនុញ្ញាត​ឱ្យ​អ្នក​វិទ្យា​សាស្ត្រធ្វើ​ការ​​ពិសោធ​​ផ្នែក​អវកាស​ជា​ច្រើន​ប្រភេត​ នៅ​លើ​ផែនដី​ដោយ​ផ្ទាល់​។

    ហេដ្ឋារចនា​សម្ព័ន្ធ​ស្រាវជ្រាវ​ និង​ធ្វើ​ត្រាប់​តាម​បរិស្ថាន​អវកាស​ (SESRI) ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ស្ថានីយ​អវកាស​លើ​ដី​ដំបូង​របស់​ប្រទេស​ចិន​ បាន​ឆ្លង​ផុត​ដំណាក់​កាល​វាយ​តម្លៃ​នៅ​​ខេត្ត​ Heilongjiang ភាគ​ឦសាន​ប្រទេសចិន​ កាល​ពី​ថ្ងៃទី 27 កុម្ភៈ​។

    ស្ថានីយ​អវកាស​លើក​ដីនេះ ត្រូវ​បាន​សាងសង់​ដោយ​​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​ និង​វិទ្យាសាស្ត្រ​វត្ថុ​ធាតុ​ នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ខេត្ត​ Heilongjiang (HIT) សហការ​ជាមួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រអាកាសចរណ៍​​អវកាស​​​ចិន​។

    នៅ​ក្នុង​មូលដ្ឋាន​នេះ មាន​អគារ​ពិសោធន៍​ចំនួន​​បួន​ រួម​មាន​ អគារ​បរិស្ថាន​អវកាស​ទាំងស្រុង, អគារ​វិទ្យាសាស្ត្រ​ផ្លាស្មា​អវកាស​, អគារ​​បរិស្ថាន​ម៉ាញ៉េទិច​អវកាស និង​ទីតាំង​ពង្រីក​​ពូជ​សត្វ​។

    តាម​ផែនការ​ SESRI ​អាច​​ធ្វើ​ត្រាប់​តាម​កត្តា​បរិស្ថាន​អវកាស​ចំនួន​ 9 ប្រភេទ​ មាន​ជា​អាទិ៍​ សុញ្ញកាស​ សីតុណ្ហ​ភាព​ខ្ពស់ និង​ទាប ភាគ​ល្អិត​​ផ្ទុក​អគ្គិសនី​ វិទ្យុសកម្ម​អេឡិច​ត្រូ​ម៉ាញ៉េទិច ធូលី​អវកាស ផ្លាស្មា កម្លាំង​ទំនាញ​ខ្សោយ​ ឧស្ម័ន​អព្យាក្រឹត និង​មីក្រូ​ទំនាញ​។

    យោង​តាម​អ្នក​ស្រាវ​ជ្រាវ​នៅ​សភា​វិទ្យាសាស្ត្រ​ចិន​ ស្ថានីយ​អវកាស​លើ​ដី​នេះ​នឹង​ក្លាយ​ជា​កន្លែង​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ជាន់​ខ្ពស់​​នៅ​ប្រទេស​ចិន​។ គិត​ត្រឹម​ខែ​មិថុនា 2023 មាន​ស្ថាប័ន​ជាង 110 ​មក​ពី​​ប្រទេស​ និង​ដែន​ដី​ជាង​ 30 បាន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ស្ថានីយ​ SESRI៕

  • គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

    គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

    (ភ្នំពេញ) – នា​រសៀល​ថ្ងៃទី 27 ខែ​កុម្ភៈ​នេះ កិច្ច​ប្រជុំ​ពិនិត្យ​លទ្ធភាព​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​​​រាជ​ធានី​ភ្នំ​ពេញ​ – ខេត្ត​សៀម​រាប – ក្រុង​ប៉ោយ​ប៉ែត ក្រោម​ក្រប​ខ័ណ្ឌ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ (PPP) ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីស្ដី​ការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដោយ​ដឹក​នាំ​ដោយ​ឯកឧត្ដម​ ឡេង​ ធនយុទ្ធា រដ្ឋលេខខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​គម្រោង​ និង​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​ ក៏​ដូច​ជា​តំណាង​ក្រុម​ហ៊ុន​ស្ពាន​ និង​ថ្នល់​ចិន (CRBC) ផងដែរ​។

    យោង​តាម​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង​ខាងលើ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលមតិយោបល់ និងការ​ផ្ដល់​អនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទីមួយ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។

    ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ឆ្នាំ 2024 ហើយ​បន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (FS ) មុន​នឹង​ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនៅ​ដើមខែមិថុនា ឆ្នាំ 2024។ សម្រាប់ដំណាក់ទីពីរ​ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ឆ្នាំ 2024 បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ឆ្នាំ 2024៕

  • ខាង​ក្នុង​យាន​អវកាស​ដែល​នឹង​នាំ​មនុស្ស​ត្រឡប់​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​

    ខាង​ក្នុង​យាន​អវកាស​ដែល​នឹង​នាំ​មនុស្ស​ត្រឡប់​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​

    អង្គការ​ណាសា​ទើប​តែ​បាន​បង្ហាញ​រូប​រាង​ចុង​ក្រោយ​របស់​យាន​អវកាស​ Orion ដែល​នឹង​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ការ​ដឹក​អវកាសចរ​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង ​ក្រោយ​រយៈ​ពេល​កន្លះ​សតវត្សរ៍​។

    ណាសាបាន​​ចែក​រំលែក​​រូប​ថត​ថ្មី​ៗ​របស់​យាន​អវកាស​ Orion ដែល​នឹង​ដឹក​អ្នក​អវកាស 4 រូប​ ហោះ​ឡើង​ទៅ​គោចរ​​ជុំ​វិញ​ព្រះ​ចន្ទ​នៅ​ក្នុង​បេសក​កម្ម​ Artemis 2 ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ការ​ហោះ​ហើរ​​យ៉ាង​ឆាប់​ត្រឹម​ខែ​កញ្ញា​ឆ្នាំ 2025​។ ផ្នែក​ខាង​ក្នុង​របស់ Orion ត្រូវ​បាន​ដំឡើង​រួច​រាល់​នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​ Kennedy របស់​ណាសា​នៅ Florida។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពីពេល​ថ្មី​ៗ​នេះ​។

    យាន Orion ​ហោះ​ទៅ​កាន់​ទីអវកាស​បាន​ពីរ​លើក​មក​ហើយ​ នៅ​ក្នុង​បេសកកម្ម​​គ្មាន​មនុស្ស​បើកបរ​ Artemis 1 ដែល​ក្នុង​នោះ វា​ធ្លាប់​ហោះ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ចុង​ឆ្នាំ 2022 និង​ជើង​ហោះ​ហើរ​ជុំវិញ​គន្លង​តារាវិថី​ផែនដី​កាល​ពី​ឆ្នាំ 2014។

    Artemis 2 នឹង​ជា​បេសកកម្ម​ដំបូង​ដែល​ដឹក​អវកាសចរ​នៅ​ក្នុង​កម្មវិធី​ Artemis។ Artemis 2 គឺជា​ការ​បើក​ផ្លូវ​សម្រាប់​គោលដៅ​នាំមនុស្ស​ទៅ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ នៅ​ក្នុង​បេសក​កម្ម Artemis 3។

    កម្មវិធី​ Artemis របស់​សហរដ្ឋ​អាម៉េរិក ត្រូវ​បាន​កំណត់​គោលដៅ​​សាងសង់​តំបន់​រស់​នៅ​របស់​មនុស្ស​ ដែល​ស្ថិត​នៅ​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ដើម្បី​ប្រើ​ប្រាស់​ប្រភព​ទឹក​នៅ​ទី​នោះ​៕

  • ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

    ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

    ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។

    បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។

    ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។

    China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថា បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande នៅតែជាស្រមោលអាក្រក់ក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន៕

  • ស្ពាន​ដែល​វែង​ជាង​គេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​ដែល​វែង​ជាង​គេ​បង្អស់​លើ​ពិភពលោក

    (ប្រទេស​ចិន​) – ស្ពាន Danyang–Kunshan គឺជា​មហា​គម្រោង​ដែល​វែង​ជាង​គេ​លើពិភពលោក ក្នុង​នោះ​វា​ត្រូវ​បាន​សាង សង់​ឆ្លង​កាត់​ទន្លេ បឹង វាល​ភក់ និង​ទីក្រុង​ជា​ច្រើន​។

    ស្ពាន​ខាងលើ​ដែល​តភ្ជាប់​ទីក្រុង​សៀង​ហៃ និង​ណាន​ជិញ គឺជា​ស្ពាន​ដែល​វែង​ជាង​គេ​លើ​ពិភពលោក​ ដោយ​មាន​ប្រវែង 164.8 គីឡូម៉ែត្រ​ និង​មាន​កម្ពស់ជាមធ្យម​ 30 ម៉ែត្រ​ពី​ផ្ទៃ​ទឹក​។

    ស្ពាន Danyang–Kunshan មាន​កំណាត់​ខ្លះ​គឺជា​ស្ពាន​លើ​គោក​ ក្នុង​នោះ​ក៏​មាន​មួយ​កំណាត់​​ដែល​​មាន​ប្រវែង​រហូត​ដល់​ 114 គីឡូម៉ែត្រ​។

    ស្ពាន​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​សាងសង់​​ពី​ឆ្នាំ 2006 ហើយ​​រួច​រាល់​នៅ​ក្នុង​ឆ្នាំ 2010 និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ 2011 ដោយ​ត្រូវ​ចំណាយ​ប្រាក់​អស់ 8.5 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ស្ពាន​ Danyang–Kunshan Grand Bridge ប្រើ​ប្រាស់​​សសរ​បេតុង​ចំនួន 11,500 សសរ​ និង​អាច​ទប់​នឹង​​គ្រោះ​ធម្មជាតិ​ច្រើន​ប្រភេទ មាន​ដូច​ជា ​រញ្ជួយ​ដី និង​ព្យុះ ក៏ដូចជា​ការ​បុក​ពេញ​ទំហឹង​ 300,000 តោន​ ពី​នាវា​យោធា​ជា​ដើម។​ អាយុ​កាល​ដែល​ត្រូវ​បាន​កំណត់​របស់​ស្ពាន​នេះ​គឺជាង 100 ឆ្នាំ​៕

  • អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប ក្លាយ​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី

    អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប ក្លាយ​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី

    តំបន់​អណ្ដូង​រ៉ែ​ជ្រៅ​ជាង​ 1,400 ម៉ែត្រនៅ​ប្រទេស​ហ្វាំងឡង់ នឹង​រក្សា​ទុក​ថាមពល​កកើត​ឡើងវិញ​ ហើយ​ផ្គត់ផ្គង់​អគ្គិសនី​ទៅតាម​តម្រូវ​ការ​នៃ​បណ្ដាញ​អគ្គិសនី​។

    ក្រុម​ហ៊ុន​រក្សា​ទុក​ថាមពល​នៅ​ប្រទេស​អង់គ្លេស ឈ្មោះ Gravitricity នឹង​ចាប់​ផ្ដើម​ប្រែក្លាយ​អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​លើ​ពិភពលោក ឱ្យ​ទៅ​ជា​ថ្ម​ផ្ទុក​ថាមពល​បែប​ទំនាញ​ដំបូង​គេ។ នេះបើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពីថ្ងៃទី 05 មករា​។ តំបន់​​អណ្ដូង​រ៉ែ​ Pyhasalmi នេះ​ មាន​ជម្រៅ​ 1,444 ម៉ែត្រ ស្ថិត​នៅ​ Pyhajarvi ​មាន​ចម្ងាយ​ 450 គីឡូម៉ែត្រ​ទៅ​ទិស​ខាង​ជើង ធៀប​នឹង​​រដ្ឋធានីហែលស៊ីនគី​ របស់​ប្រទេស​ហ្វាំងឡង់​។

    ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ First Quantum Minerals នៅ​ប្រទេស​កាណាដា អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប​នេះ​គឺជា​ប្រភព​ផ្គត់​ផ្គង់​ស័ង្កសី និង​ទង់ដែង​។ កាល​ពី​ឆ្នាំ 2022 ការ​ផលិត​នៅ​ក្នុង​តំបន់​អណ្ដូង​រ៉ែ​នេះ​បាន​ឈប់​ដំណើរ​ការ​ ហើយ​ចាប់​ផ្ដើម​ងាក​ទៅ​ទាញ​យក​អត្ថប្រយោជន៍​ផ្សេង​នៅ​នឹង​កន្លែង​។

    ក្រុម​ហ៊ុន​ Gravitricity នៅ​ប្រទេស​អង់គ្លេស អភិវឌ្ឍ​ Gravistore ដែល​ជា​ប្រព័ន្ធ​មួយ​ដែល​យោង​ទៅ​លើ​កម្លាំង​ទំនាញ​ផែនដី​ អាច​ដើរ​តួនាទី​ជា​ថ្ម​ផ្ទុក​ថាមពល​ដែល​សល់​ពីប្រភព​កកើត​ឡើងវិញ​។ ​ក្នុង​ថ្ងៃ​មាន​កម្ដៅ​ ឬ​ខ្យល់​ខ្លាំង គ្រា​ដែល​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ ឬ​កម្ដៅ​ព្រះ​អាទិត្យ​ផលិត​អក្គិសនី​ច្រើន​ជាង​តម្រូវ​ការ ប្រព័ន្ធ​ខាងលើ​នឹង​លើក​ដុំ​ដែក​ដែល​ដាក់​នៅ​លើ​អណ្ដូង​រ៉ែ​នេះ​ ដើម្បី​រក្សា​ទុក​ថាមពល​។ នៅ​ពេល​តម្រូវ​ការ​អគ្គិសនី​កើន​ឡើង​ ដុំ​ដែក​អាច​ត្រូវ​បាន​ទម្លាក់​ចុះ​​ដើម្បី​ផលិត​ថាមពល​ ក្នុង​នោះ​ ខ្សែ​រ៉ត​នឹង​ដើរ​តួនាទី​ដូច​ទៅ​នឹង​ម៉ាស៊ីន​ផលិត​អគ្គិសនី​។

    Gravitricity នឹង​ប្រើប្រាស់​ស្នូល​ដែល​ស្ថិត​ក្នុង​ជម្រៅ​ 530 ម៉ែត្រ ដើម្បី​សាងសង់​ប្រព័ន្ធ​គំរូ​មួយ​ដែល​មាន​អានុភាព​ 2 MW ដើម្បី​បញ្ជាក់​អំពី​បច្ចេកវិទ្យា​នេះ​។

  • សំណង់​ថ្មី​​មួយ​ក្រុម​ដែល​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ឌូបៃ

    សំណង់​ថ្មី​​មួយ​ក្រុម​ដែល​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ឌូបៃ

    តំបន់​ចម្រុះ​ One Za’abeel ដែល​រួម​មាន​អគារ​ចំនួន​​ពីរ​ កម្ពស់​ 305 ម៉ែត្រ និង 235 ម៉ែត្រ ហើយ​នៅ​កណ្ដាល​គឺជា​ស្ពាន​ដែល​មាន​ប្រវែង 230 ម៉ែត្រ​​ដ៏​ពិសេស​។

    តំបន់​ចម្រុះ​ One Za’abeel ដែល​ទើប​សង់​ថ្មី​នៅ​ឌូបៃ របស់ អេមីរ៉ាត​អារ៉ាប​រួម​ ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​ហ៊ុន​ជប៉ុន Nikken Sekkei។ One Za’abeel មាន​រចនា​សម្ព័ន្ធ cantilever វែង​បំផុត​លើពិភពលោក​ ពោល​គឺ​ប្រហែល 66 ម៉ែត្រ​។ នេះ​បើ​តាម​ Design Boom ចុះ​ផ្សាយ​កាលពី​ថ្ងៃទី 01 មករា 2024​។ Cantilever គឺជា​រចនា​សម្ព័ន្ធ​ផ្ដេក​​ដែល​ត្រូវ​បាន​ភ្ជាប់​តែ​មួយ​ចំហៀង​ទៅ​នឹង​សសរ​បញ្ឈរ​។

    One Za’abeel រួម​មាន​អគារ​កប់​ពពក​ចំនួន​ពីរ​ គឺ The Tower និង The Residences ដែល​តភ្ជាប់​នឹង​គ្នា​ដោយ​ស្ពាន​បិទជិត​មួយ​ដែល​មាន​ឈ្មោះ​ថា The Link។ ដោយ​ស្ថិត​នៅ​ច្រក​ចូល​ទៅ​កាន់​តំបន់​ហិរញ្ញវត្ថុ​នៅ​កណ្ដាល​ក្រុង​ឌូបៃ គម្រោង​នេះ​គឺជា​ចំណុច​លេច​ធ្លោ​ចំពោះ​ភ្ញៀវ​ដែល​មក​ពី​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ឌូបៃ​។

    សំណង់​នេះ​ឆ្ពោះ​ទៅ​រកការ​បង្កើត​សហគមន៍​សកម្ម​ធំ​មួយ​ ដែល​​បម្រើ​​ប្រជាជន និង​ភ្ញៀវ​អន្តរ​ជាតិ។​ ក្នុង​នោះសំណង់​នេះ​ផ្ដល់​​​ជម្រើស​​ច្រើន​ដល់​ភ្ញៀវ​ទេសចរណ៍​​ មាន​ដូច​ជា ភោជនីយដ្ឋាន​ ហាង​លក់​រាយ​ តំបន់​សម្រាប់ការិយាល័យ សណ្ឋាគារ លំហ​បៃតង សួន​ច្បារ និង​អាង​ហែល​ទឹក​។ល។

  • ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នឹង​បើក​ជា​ផ្លូវ​ការ​នៅ​​ខែ​កុម្ភៈ​ខាង​មុខ​

    ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នឹង​បើក​ជា​ផ្លូវ​ការ​នៅ​​ខែ​កុម្ភៈ​ខាង​មុខ​

    ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុង​ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ ដែល​ស្ថិត​នៅ​​រាជ​ធានី​ភ្នំពេញ ​ត្រង់​តំបន់​ចាក់អង្រែក្រោម-ព្រែកប្រា នៅ​ថ្ងៃទី 19 កុម្ភៈ 2024 ខាងមុខ។

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​​ដោយ​​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ​នា​ថ្ងៃ​ទី 31 មករា​ ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​គណៈក​ម្មការ​សម្រាប់​រៀប​ចំ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​ (ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា) និង​ផ្លូ​វតភ្ជាប់​ ដែល​ដឹក​នាំ​ដោយ​ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

    ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ឱ្យ​ដឹង​ថា គម្រោង​សាង​សង់​ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដែល​ទទួល​បាន​​ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹង​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​​​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃចន្ទ ទី 19 ខែកុម្ភៈ ឆ្នាំ 2024​៕