Tag: សហរដ្ឋអាមេរិក

  • មន្ត្រី​នគរ​បាល​អាមេរិកាំង​នៅ​ New York ជាង​50​នាក់ ឆ្លង​មេរោគ COVID-19 ខណៈ​តួលេខ​នៃ​អ្នក​ឆ្លង​រោគ​នេះ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស

    មន្ត្រី​នគរ​បាល​អាមេរិកាំង​នៅ​ New York ជាង​50​នាក់ ឆ្លង​មេរោគ COVID-19 ខណៈ​តួលេខ​នៃ​អ្នក​ឆ្លង​រោគ​នេះ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស

    ប្រធាន​ស្នង​ការដ្ឋាន​នគរ​បាន​ទីក្រុង​ New York បាន​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ជាង​50​នាក់​​របស់​ស្នង​ការ​ដ្ឋាន​​នេះ​ បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19 ប៉ុន្តែ មាន​តែ​ម្នាក់​គត់​ដែល​បាន​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​។

    សារ​ព័ត៌មាន​ Fox News បាន​រាយការណ៍​ថា កង​កម្លាំង​នគរ​បាល​ធំ​បំផុត​នៅ​សហ​រដ្ឋ​អាមេរិក កំពុង​តែ​ប្រឈម​នឹង​ការ​កើន​ឡើង​ខ្ពស់​ និង​ឆាប់​រហ័ស​នៃ​តួលេខ​អ្នក​ឆ្លង​ COVID-19 ក្នុង​ក្រុម​ប៉ូលីស​ នៅ​ក្នុង​សង្កាត់​1 នៃ​តំបន់​​Manhattan ជា​ទី​តាំង​​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​។

    យោង​តាម​ប្រភព​ខាងលើ​ មាន​ប៉ូលីស​រហូត​ដល់​31​នាក់​នៅ​ក្នុង​សង្កាត់​1 មាន​លទ្ធផល​វិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ស្មើ​នឹង​17% នៃកម្លាំង​សរុប​ ធ្វើ​ឱ្យ​នាយក​ដ្ឋាន​ប៉ូលិស​ទីក្រុង​ New York ត្រូវ​បញ្ជូន​មន្ត្រី​នគរ​បាល​បន្ថែម​ទៅ​កាន់​ទី​នោះ​។

    ស្នង​ការ​​ដ្ឋាន​នគរ​បាល​ទីក្រុង​ New York លោក Dermot Shea បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​រៀប​ចំ​កាល​វិភាគ​ការ​ងារ​ បង្កើន​​ការ​អនាម័យ។ល​។ លោក​ បន្ត​ថា នៅ​ទី​នេះ​មាន​វេជ្ជ​បណ្ឌិត​1ក្រុម​ មាន​តួនាទី​ពិនិត្យ​ និង​សម្រេច​ទៅ​លើ​ការ​បង្ខាំង​ឱ្យ​នៅ​ដោយ​ឡែក​ចំពោះ​ប៉ូលិស​រូប​ណា​ដែល​ត្រូវបាន​សង្ស័យ​ថា​ អាច​មាន​ផ្ទុក​មេរោគ​ COVID-19។

    ក៏ប៉ុន្តែ ខាង​សហ​ជីពនគរ​បាល​ បាន​និយាយ​ថា អធិការ​ដ្ឋាន​នគរ​បាល​ទីក្រុង​ New York មិន​បាន​ផ្ដល់​សម្ភារ​ការ​ពារ​សុវត្ថិ​ភាព​សុខ​ភាព​ដែល​សមស្រប​ទៅ​ឱ្យ​មន្ត្រី​នគរ​បាល​នោះ​ទេ​។

    ស្ថាន​ភាព​រោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​អាក្រក់​ទៅ​ៗ​នៅ​សហ​រដ្ឋអាមេរិក ដោយ​សារ​ករណី​ឆ្លង​រោគ​នេះ បាន​កើន​ឡើង​រហ័ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ សហ​រដ្ឋ​អាមេរិក គិត​មក​ដល់​បច្ចុប្បន្ន​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុបជាង 26,000​ករណី និង​ស្លាប់​ 326​ករណី​។

    New York គឺជា​រដ្ឋ​ដែល​មាន​ករណី​ឆ្លង​ COVID-19 ច្រើន​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក ដោយ​រដ្ឋ​នេះ​មាន​អ្នក​ឆ្លង​រោគ​ជាង 10,300​ករណី៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • សហរដ្ឋអាមេរិក ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ធម្មតា នៅ​​ទូទាំង​ពិភពលោក

    សហរដ្ឋអាមេរិក ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ធម្មតា នៅ​​ទូទាំង​ពិភពលោក

    ក្រសួង​ការបរទេសសហរដ្ឋអាមេរិក ថ្ងៃ​នេះបាន​ប្រកាស​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​ធម្មតា​របស់​ខ្លួន​ នៅ​ទូទាំង​ពិភពលោក​ ដោយ​សារ​ COVID-19 ប៉ុន្តែ​ ទិដ្ឋាការ​ចាំបាច់​បន្ទាន់​នៅ​តែ​ត្រូវ​បាន​ពិចារណា​ដូច​មុន​។

    “ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ធំ​នៅ​លើពិភពលោក​ដែល​ទាក់​ទង​នឹង​រោគ​រាត​ត្បាត COVID-19 ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ប្រកាស​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​ធម្មតា​នៅ​គ្រប់​ស្ថាន​ទូត​ និង​ស្ថាន​កុង​ស៊ុល​​​​ នៅ​ទូទាំង​ពិភពលោក។ ទិដ្ឋាការ​ប្រញាប់​បន្ទាន់​ នៅតែ​ត្រូវ​បាន​ទទួល​យក​មក​ពិចារណា​ បើ​សិន​បណ្ដា​ស្ថានទូត និង​ស្ថាន​កុងស៊ុល​សហ​រដ្ឋ​អាមេរិក មាន​បុគ្គលិក​គ្រប់​គ្រាន់​” នេះ​បើ​តាម​​អនុសាសន៍​ស្ដីអំពី​ការ​ធ្វើ​ដំណើរ​ ដែល​ត្រូវ​បាន​ក្រសួង​ការ​បរទេស​អាមេរិកាំង​ប្រកាស​កាល​ពី​ថ្ងៃទី​20មីនា​កន្លង​ទៅ​។

    មុន​នេះ សហ​រដ្ឋ​អាមេរិក​ ក៏​បាន​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​នៅ​ឯ​ការិយាល័យ​តំណាង​ក្រសួង​ការ​បរទេស​​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​រួច​ទៅ​ហើយ​ដែរ​។ ពលរដ្ឋ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ ដែល​ធ្លាប់​មាន​សិទ្ធិ​​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ នឹង​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​។ ប៉ុន្តែ សហរដ្ឋអាមេរិក​ បាន​ចេញ​បទ​បញ្ជា​ថ្មី ហាម​ធ្វើ​ដំណើរ​ទៅ-មក​ ចំពោះ​ពល​រដ្ឋ​ចំនួន​28​ប្រទេស​នៅ​អឺរ៉ុប ដើម្បីទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19។

    មកដល់​ពេល​នេះ សហរដ្ឋអាមេរិក បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន 16.058​នាក់ កើន​ជាង​650នាក់​ក្នុង​រយៈ​ពេល24​ម៉ោងចុង​ក្រោយនេះ​ ក្នុង​នោះ​មាន​ 219​នាក់​បាន​ស្លាប់​ និង​ជាង​125នាក់​បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​អាមេរិកាំង​ 1គ្រួសារ​ មាន​7នាក់​បាន​ឆ្លង​ COVID-19 ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​…

    ពលរដ្ឋ​អាមេរិកាំង​ 1គ្រួសារ​ មាន​7នាក់​បាន​ឆ្លង​ COVID-19 ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​…

    ស្ត្រី​ជា​ម្ដាយ​ម្នាក់​ រួម​នឹង​កូន​2នាក់ នៅ​ក្នុង​រដ្ឋ​ New Jersey សហ​រដ្ឋ​អាមេរិក បាន​ស្លាប់​ដោយ​សារឆ្លង​​វីរុស COVID-19 ចំណែក​កូន​ៗ​4នាក់​ផ្សេង​ទៀត​ក៏​បាន​ឆ្លង​មេរោគ​នេះ​។

    លោក​យាយ​ Grace Fusco អាយុ​73​ឆ្នាំ បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​18​មីនា​កន្លង​ទៅ​ 5ថ្ងៃ​ក្រោយ​មក កូន​ស្រី​ច្បង​របស់​លោក​យាយ​​ Grace Fusco ឈ្មោះ Rita Fusco-Jackson អាយុ​55​ឆ្នាំ​ ក៏​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​នេះ​។ ប៉ុន្មាន​ម៉ោង​មុន​ការ​ស្លាប់​របស់​អ្នក​ស្រី Rita Fusco-Jackson កូន​ប្រុស​ម្នាក់​របស់​លោក​យាយ​ Grace Fusco ឈ្មោះ​ Carmine Fusco ​នៅ​ក្នុង​រដ្ឋ Pennsylvania ក៏​បាន​បាត់​បង់​ជីវិត​ដោយ​សារ​​ COVID-19។

    លោក​យាយ​ Grace Fusco មាន​កូន​11នាក់​ និង​ចៅ​27នាក់។ ដោយ​សារ​តែ​បាន​ឆ្លង​ COVID-19 និង​ត្រូវ​ព្យាបាល​ជំងឺ លោក​យាយ​ Carmine Fusco មិន​បាន​ដឹង​ថា កូន​របស់​គាត់​2នាក់​ បាន​ស្លាប់​សោះ​ឡើយ។

    អ្នក​ជិត​ខាង​ម្នាក់ បាន​និយាយ​ថា កូន​ៗ​4នាក់ផ្សេង​ទៀត​​របស់​លោក​យាយ​ Grace Fusco ក៏​បាន​ឆ្លង​រោគ​កូរ៉ូណា និង​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ក្នុង​នោះ​មាន​3នាក់ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។ មនុស្ស​ចំនួន​20 ដែលជា​សាច់​ញាតិ​របស់​លោក​យាយ Grace Fusco ​បច្ចុប្បន្ន ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះ ហើយ​ក៏​មិន​បាន​ចូល​រួម​ពិធី​បុណ្យ​សព​របស់​ពួកគេ​នោះ​ដែរ​។

    COVID-19 ប្រហែលជា​បាន​ឆ្លង​ទៅ​ក្នុង​គ្រួ​សារ​លោក​យាយ​ Grace Fusco តាំង​ពី​ពេល​ដែល​ពួកគេ​ជួប​ជុំ​គ្នា​កាល​ពី​ដើម​ខែ​នេះ​។ ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​គ្រួ​សារ​យប់​នោះ ក៏ធ្លាប់​បាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​ John Brennan ដែលជា​ពល​រដ្ឋ​ដំបូង​របស់​រដ្ឋ​ New Jersey ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​10មីនា ដោយ​សារ​ឆ្លង​ COVID-19។

    Judith M. Persichilli មេដឹក​នាំ​ផ្នែក​សុខាភិបាល​នៃ​រដ្ឋ New Jersey យល់​ថា សោក​នាដ​កម្ម​របស់​គ្រួ​សារ​នេះ គឺ​ភ័ស្តុ​តាង​បញ្ជាក់​ថា ការ​ជួប​ជុំមនុស្ស​ច្រើន គឺជា​មូលហេតុ​ដែល​អាច​នាំ​ឱ្យ​មនុស្ស​ស្លាប់​បាន​ នៅ​ក្នុង​អំឡុង​ពេល​វីរុស COVID-19 កំពុង​រាត​ត្បាត​ពិភពលោក​។

    COVID-19 បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​​ និង​ដែនដី​ ចំនួន​176​ ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​227,000​នាក់​ក្លាយ​ជា​អ្នក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី និង​ជាង​ 9,300​នាក់​បាន​ស្លាប់​ និង​ជិត​ 86,000​នាក់​បាន​ជា​សះស្បើយ​។ នៅ​សហ​រដ្ឋ​អាមេរិក បច្ចុប្បន្ន មាន​អ្នក​ឆ្លង​រោគ​នេះ​ចំនួន​ជាង 9,400​នាក់ ក្នុង​នោះ​មាន155នាក់បាន​ស្លាប់​។ រដ្ឋ​ចំនួន​50 និង​រដ្ឋធានី Washington របស់​សហ​រដ្ឋ​អាមេរិក សុទ្ធ​តែ​មាន​ករណី​ឆ្លង​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ប្រធានាធិបតី​ Donald Trump បានធ្វើ​តេស្តរក​វីរុស COVID-19 លទ្ធ​ផល​បានចេញ​មក​ហើយ

    ប្រធានាធិបតី​ Donald Trump បានធ្វើ​តេស្តរក​វីរុស COVID-19 លទ្ធ​ផល​បានចេញ​មក​ហើយ

    លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគកូរ៉ូណារបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា លោក Trump អវិជ្ជមាន​ជាមួយ​នឹង​ COVID-19។

    “ខ្ញុំ​បាន​ទទួល​ការ​បញ្ជាក់​ថា គាត់ (លោក Trump) អវិជ្ជ​មាន​ជាមួយ​នឹង​វីរុស COVID-19” នេះជា​​ការ​ប្រកាស​របស់​វេជ្ជ​បណ្ឌិត​​ Sean Conley ដែល​ជា​គ្រូពេទ្យ​ផ្ទាល់​របស់​​​ប្រធានាធិបតី​ កាល​ពី​ម្សិល​មិញ(14មីនា)។ វេជ្ជ​បណ្ឌិត​រូប​នេះ​បន្ត​ថា “1​សប្ដាហ៍បន្ទាប់​ពី​បាន​ទទួល​ទាន​អាហារ​ពេល​យប់​ជាមួយ​ប្រតិភូប្រេស៊ីល នៅ​ឯ Mar-a-Lago លោក​ប្រធានាធិបតី​ នៅ​តែ​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ឡើយ”។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump បាន​ធ្វើ​តេស្ត​រក​មេរោគ COVID-19 បន្ទាប់ពី​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​សមាជិក​មួយ​ចំនួន​នឹង​ក្រុម​ប្រតិភូ​ប្រធានាធិបតី​ប្រេស៊ីល​ នៅ​ឯ Mar-a-Lago ក្នុង​រដ្ឋ Florida។ លេខា​ផ្នែក​​ព័ត៌មាន​ និង​មេធាវី​របស់​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro បាន​ឆ្លង​វីរុស​ COVID-19 បន្ទាប់​ពី​បាន​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ លោក Jair Bolsonaro កាល​ពី​ថ្ងៃទី​13មីនា បាន​ឱ្យ​ដឹង​ថា លោក អវិជ្ជ​មាន​ជាមួយ​ COVID-19។

    ថ្មី​ៗ​នេះ អ្នក​នយោបាយ​ និង​បុគ្គល​ល្បី​ៗជា​ច្រើន​រូប​ បាន​ឆ្លង​មេរោគ COVID-19 រួម​មាន​ដូច​ជា អនុប្រធានាធិបតី​អ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អូស្ត្រាលី ភរិយារបស់​​នាយក​រដ្ឋ​មន្ត្រី​កាណាដា ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ និង​កីឡាករ​​ខ្សែ​បម្រើ​របស់​ក្រុម​បាល់​ទាត់ Chelsea ។ល។

    គិត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន 2,726​នាក់ ក្នុង​នោះ​មាន​ 54​នាក់​បាន​ស្លាប់​ ខណៈ​នៅ​ទូទាំង​ពិភព​លោក មានមនុស្ស​156,102នាក់​បាន​ឆ្លងមេរោគកូរ៉ូណា ក្នុង​នោះ​មាន​ 5,819​នាក់​បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • សង្គ្រាមពាក្យសម្ដីចាប់ផ្ដើមហើយ…អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ចោទថា ទាហានអាមេរិកជាអ្នកនាំវីរុសកូរ៉ូណាចូលទៅចិន!

    សង្គ្រាមពាក្យសម្ដីចាប់ផ្ដើមហើយ…អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ចោទថា ទាហានអាមេរិកជាអ្នកនាំវីរុសកូរ៉ូណាចូលទៅចិន!

    អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិន បានធ្វីតធើរចោទប្រកាន់ ព្រមជាមួយឃ្លីបវីដេអូដែលលោក រ៉ូប៊ើត រេដហ្វ៊ីល អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគរបស់សហរដ្ឋអាមេរិកដែលបានចូលបកស្រាយចំពោះគណៈកម្មាធិការគ្រប់គ្រង និងកែសម្រួល នៃសភាតំណាងរាស្ត្រ ដោយបានទទួលស្គាល់ថា មានជនជាតិអាមេរិកាំងដែលស្លាប់ដោយសាររោគគ្រុនផ្ដាសាយធំ ត្រូវបានរកឃើញថាមានឆ្លងមេរោគវីរុសកូវីដ-19 មែន។

    កងទ័ពសហរដ្ឋអាមេរិក អាចនៅពីក្រោយហេតុការណ៍នេះ។ ជាទ្រឹស្ដីផ្សំគំនិតដែលផ្សព្វផ្សាយនៅលើសារព័ត៌មានសង្គមអនឡាញរបស់ចិនកាលពីពេលថ្មីៗនេះថា ទាហានសហរដ្ឋអាមេរិកបាននាំមេរោគវីរុសកូរ៉ូណាប្រភេទថ្មីចូលទៅក្នុងវូហាន ក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទាហានពិភពលោក ឆ្នាំ2019(Military World Games) ដែលរៀបចំឡើងនៅមណ្ឌលហ៊ូពេយ អំឡុងថ្ងៃទី18 ដល់ 27 ខែតុលា ឆ្នាំ2019។

    ការចោទប្រកាន់របស់អ្នកនាំពាក្យក្រសួងការបរទេសចិននេះ បានកើតឡើងបន្ទាប់ពីលោក រ៉ូប៊ើត អូប្រៃអាន់ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានរិះគន់ចិនថា បានឆ្លើយតបនឹងការឆ្លងរាតត្បាតរបស់វីរុសនៅក្នុងទីក្រុងវូហានកាលពីចុងឆ្នាំកន្លងទៅ យឺតយ៉ាវ និងមិនស្មោះត្រង់គ្រប់គ្រាន់ ធ្វើឱ្យពិភពលោកខាតពេលអស់ជិត 2ខែ សម្រាប់ការត្រៀមខ្លួនទប់ទល់ស្ថានការណ៍ឆ្លងរាតត្បាតនេះ តែលោក ចាវ លីចៀន បានធ្វើតធ្វើរតបថា គឺសហរដ្ឋអាមេរិកទៅវិញទេ ដែលខ្វះភាពស្មោះត្រង់ “អ្នកជំងឺដំបូងគេ(Patient zero) ក្នុងសហរដ្ឋអាមេរិកចាប់ផ្ដើមមកនៅពេលណា?! មានមនុស្សប៉ុន្មាននាក់ហើយដែលឆ្លងមេរោគ? ឯណាឈ្មោះមន្ទីរពេទ្យ? អាចជាទាហានសហរដ្ឋអាមេរិក ដែលនាំការឆ្លងរាលដាលដ៏ធំទៅក្នុងទីក្រុងវូហាន…ចូរបង្ហាញព័ត៌មានដល់សាធារណជនយ៉ាងស្មោះត្រង់!! សហរដ្ឋអាមេរិកត្រូវតែអធិប្បាយប្រាប់ចិនឱ្យបានចំពោះរឿងនេះ!”។

    លោក ចាវ ទើបតែឡើងមកបំពេញតួនាទីជាអ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានមិនយូរប៉ុន្មាន បន្ទាប់ពីធ្វើជាអនុប្រធានស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថាន និងតែងតែប្រើប្រាស់ប្រព័ន្ធធ្វីតធើរឆ្លើយតបបែបកាប់ឆៅៗ និងក្ឌុងក្ឌាំងបែបនេះជានិច្ច។ កាលពីអតីត លោកធ្លាប់មានជម្លោះពាក្យសម្ដីនៅលើធ្វីតធើរ ជាមួយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី ស៊ូហ្សាន រ៉ៃស៍ ដែលធ្វើឱ្យលោកស្រី រ៉ៃស៍ ចោទលោក ចាវ ថា រើសអើងជាតិសាសន៍ពណ៌សម្បុរ។

    នៅមុននេះ ក្នុងថ្ងៃជាមួយគ្នា លោក Geng Shuang អ្នកនាំពាក្យនៃកងទ័ពចិន ក៏បានរិះគន់បណ្ដាក្រុមមន្ត្រីសហរដ្ឋអាមេរិកដែរថា បានសម្ដែងការយល់ឃើញដោយគ្មានភាពទទួលខុសត្រូវ ក្រោយពីបានស្ដីបន្ទោសការទប់ទល់មេរោគវីរុសរបស់រដ្ឋាភិបាលក្រុងប៉េកាំង ធ្វើឱ្យពិភពលោកត្រូវប្រឈមនឹងស្ថានការណ៍ឆ្លងរាតត្បាតធ្ងន់ធ្ងរ…តែគឺជាចិនទៅវិញទេ ដែលខំព្យាយាមពន្យឺតការឆ្លងរាតត្បាត និងជួយពន្យារពេលឱ្យពិភពលោកបានត្រៀមខ្លួនជាស្រេចសម្រាប់ការទប់ទល់មេរោគវីរុស និងសង្ឃឹមថា អាជ្ញាធរសហរដ្ឋអាមេរិកនឹងលះបង់កម្លាំងថាមពលជាមួយការទប់ទល់មេរោគវីរុស បង្កើនការសហការ ជំនួសឱ្យការស្ដីបន្ទោសចិន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួន​អ្នក​ឆ្លង​វីរុស​ COVID-19 នៅ​សហរដ្ឋ​អាមេរិក កើន​លើសពី​1,000នាក់​ទៅ​ហើយ

    ចំនួន​អ្នក​ឆ្លង​វីរុស​ COVID-19 នៅ​សហរដ្ឋ​អាមេរិក កើន​លើសពី​1,000នាក់​ទៅ​ហើយ

    ចំនួន​មនុស្ស​ដែល​បាន​ឆ្លង​វីរុស​ COVID-19 នៅ​សហរដ្ឋ​អាមេរិក បាន​កើនឡើង​​លើសពី​​1,000នាក់​ហើយ នេះ​បើ​តាម​ស្ថិតិ​ថ្មី​បំផុត​។

    យោង​តាម​ស្ថិតិ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន CNN និង​សកលវិទ្យា​​ល័យ​ Johns Hopkins ចំនួន​អ្នក​បាន​ឆ្លង​មេរោគ COVID-19 នៅ​សហរដ្ឋ​អាមេរិក គិត​មក​ដល់​ពេល​នេះ​ បាន​កើន​លើស​ពី1,000​នាក់​។ ចំនួន​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ បា​នកើន​ទ្វេដង​ ចាប់​ពី​ថ្ងៃ​ទី​8មីនា​ ឆ្នាំ​2020។

    តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​ COVID-19 នៅ​សហរដ្ឋ​អាមេរិក មក​ដល់​ពេល​នេះ ក៏បាន​កើន​ដល់​31នាក់។

    យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​រោគ​របស់​សហ​រដ្ឋ​អាមេរិក វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រដ្ឋ​ចំនួន​35 នៅ​ទូទាំងសហរដ្ឋ​អាមេរិក។ ជិត​ពាក់​កណ្ដាល​នៃ​អ្នក​ជំងឺ គឺ​ស្ថិត​នៅ​ក្នុង​រដ្ឋ​ចំនួន​3 គឺ រដ្ឋ Washington រដ្ឋ California និង​រដ្ឋ New York។

    Washington បច្ចុប្បន្ន នៅ​តែ​ជា​រដ្ឋ​ដែល​ទទួល​រង​ផល​អាក្រក់​បំផុត​ពី​រោគរាតត្បាត​ COVID-19 នៅ​សហ​រដ្ឋ​អាមេរិក ដោយ​មាន​អ្នក​ជំងឺ​ចំនួន​273នាក់ និង​អ្នក​ស្លាប់​ចំនួន​24នាក់​។ ចំណែក​ California និង​ New York វិញ គឺ​មាន​អ្នក​ជំងឺ​ជាង​100នាក់​ដូច​គ្នា​ ខណៈ​ដែល​ Massachusetts មានអ្នក​ជំងឺ​ ​92នាក់​។

    យ៉ាង​ហោច​ណាស់​ មាន​រដ្ឋ​ចំនួន​8 នៅ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ភាព​អាសន្ន​ ដោយ​សារ​វីរុស​ COVID-19។ ការ​ ប្រកាស​អាសន្ន​នេះ​នឹង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ប្រើប្រាស់​រាល់​​មធ្យោបាយ​បន្ទាន់ទាំង​អស់ ​ដើម្បី​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​។ ក្រៅ​ពី​នេះ ទីក្រុង​ និង​តំបន់​មួយ​ចំនួន​របស់​សហ​រដ្ឋ​អាមេរិក ក៏បាន​ប្រកាសអាសន្ន​ដោយ​ខ្លួន​ឯង​ ទាក់​ទិន​នឹង​ផ្នែក​វេជ្ជ​សាស្ត្រ​ ដើម្បី​ទប់​ស្កាត់​ COVID-19។

    លោក​វេជ្ជ​បណ្ឌិត​ Anthony Fauci អគ្គនាយក​នៃ​​វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក (National ​Institute​ of​ Allergy​ and​ Infectious​ Diseases​) កាល​ពី​ថ្ងៃទី​8មីនា បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​អាចនឹង​ពិចារណា​ក្នុង​ការ​​រឹតត្បិតទៅ​លើ​ការ​ដើរ​ហើរ​របស់​ប្រជា​ជន​ ទៅកាន់​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ បើសិន​រោគ​រាត​ត្បាត​នេះ​ នៅ​តែ​បន្ត​ឆ្លង​រាលដាល​។ លោក​បាន​បដិសេធ​ចំពោះ​ការ​ប្រើ​វិធាន​ការ​ដាក់​បម្រាម​គោចរ​ទ្រង់​ទ្រាយ​ធំ​ដូច​នៅ​ប្រទេស​ចិន និង​ប្រទេស​អ៊ីតាលី ក៏ប៉ុន្តែ លោក​ក៏បាន​សង្កត់​ធ្ងន់​ថា សេណារីយ៉ោ ណា​ ក៏អាច​កើត​មាន​ឡើង​នោះ​ដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ផ្ទុកវីរុស​ Covid-19​ ម្នាក់នៅ​អាមេរិក បាន​ចូល​រួមក្នុង​កិច្ចប្រជុំ​​មួយ​ដែល​មាន​លោកក​ Trump និង​លោក Mike Pence

    អ្នក​ផ្ទុកវីរុស​ Covid-19​ ម្នាក់នៅ​អាមេរិក បាន​ចូល​រួមក្នុង​កិច្ចប្រជុំ​​មួយ​ដែល​មាន​លោកក​ Trump និង​លោក Mike Pence

    មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 បាន​ចូល​រួម​សន្និសីទ​នយោបាយ​មួយ​នៅ​ក្បែរ​​រដ្ឋធានី​ Washington ដែល​មាន​ការ​ចូល​រួម​របស់​លោក Trump និង​មន្ត្រី​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​​ជា​ច្រើន​រូប​​ផងដែរ​។

    នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​ឈ្មោះ​ថា “សន្និសីទសកម្មភាពនយោបាយអភិរក្សនិយម” ហៅ​កាត់​ថា CPAC​(Conservative​ Political Action Conference) ដែល​មាន​វត្តមាន​របស់​អ្នក​ជំងឺ​កូរ៉ូណាម្នាក់​ខាង​លើនេះ និង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ Maryland នៃ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​26 ដល់​ថ្ងៃទី29 ខែ​មីនា​ ឆ្នាំ​2020នោះ គេ​ឃើញ​ថា​មាន​ការ​ចូល​រួម​របស់​មន្ត្រី​ជាន់​ខ្ពស់អាមេរិក​​ជា​ច្រើន​រូប​ ដូច​ជា​ប្រធានាធិបតី​អាមេរិក​ Donald Trump អនុប្រធានា​ធិបតីអាមេរិក​ Mike Pence។ល។

    សហភាព​អភិរក្ស​អាមេរិកាំង ACU (American Conservative Union) ដែល​ជា​អ្នក​រៀប​ចំកិច្ច​ប្រជុំ​នេះ បាន​ឱ្យ​ដឹង​ថា “ម្នាក់​នេះ​បាន​ឆ្លង​មេរោគ​ មុន​ពេល​មកចូលរួម​កិច្ច​ប្រជុំ។ មន្ទីរពេទ្យ​នៅ New Jersey បាន​បង្ខាំង​អ្នក​ជំងឺ​នេះ និង​បាន​​ធ្វើ​តេស្ត​រក​មេរោគ​ ហើយ​ក្រោយ​មក មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ទប់ស្កាត់​រោគ​ឆ្លង​របស់សហរដ្ឋ​​អាមេរិក បាន​បញ្ជាក់​ថា​ មនុស្ស​នេះ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ពិត​មែន​”។

    “អ្នក​ជំងឺ​នេះ​មិន​បាន​នៅ​ក្បែរ​ប្រធានាធិបតី ឬ​អនុប្រធានាធិបតី​ និង​មិន​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការ​សំខាន់​​នៃ​កិច្ច​ប្រជុំ​នេះ​ទេ​” នេះ​បើ​តាម​ ACU។

    សហរដ្ឋ​អាមេរិក បច្ចុប្បន្ន មាន​អ្នក​ជំងឺ​ Covid-19 ចំនួន 433នាក់​ ក្នុង​នោះ​មាន​ 17នាក់​បាន​ស្លាប់​ ខណៈ​នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស​ និង​ដែន​ដី​ចំនួន102 បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​មេរោគ​នេះ ក្នុង​នោះ​ដែរ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 106,165​នាក់ ដោយ​បូករួម​ទាំង​អ្នកដែល​បាន​​ស្លាប់​ចំនួន​ 3,594​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • សហរដ្ឋ​អាមេរិក​៖ ស្លាប់​25នាក់ និង​156​នាក់​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​​ដោយ​ព្យុះ​កំណាច​ (រូបភាព)

    សហរដ្ឋ​អាមេរិក​៖ ស្លាប់​25នាក់ និង​156​នាក់​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​​ដោយ​ព្យុះ​កំណាច​ (រូបភាព)

    រដ្ឋ Tennessee របស់​អាមេរិក បាន​ទទួល​រង​គ្រោះ​ធ្ងន់​ធ្ងរ​ ដោយ​សារ​ព្យុះ​កំណាច​។ គ្រោះ​ធម្មជាតិ​នេះ បាន​សម្លាប់​មនុស្ស​25នាក់ ព្រម​ទាំង​បាន​កម្ទេច​​​សាលា​រៀន និង​ផ្ទះ​សំបែង​រាប់​រយ​ខ្នង​។

    សារ​ព័ត៌មាន​ CNN បាន​ឱ្យ​ដឹង​ថា ព្យុះ​កំណាច​នេះ​បាន​កើត​ឡើង​នៅវេលា​​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​3មីនា ក្នង​រដ្ឋ Tennessee បណ្ដាល​ឱ្យ​រដ្ឋ​នេះ ទទួល​រង​ការ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​ និង​ជីវិត​មនុស្ស​យ៉ាង​ច្រើន​​។

    អភិបាល​រដ្ឋ Tennessee លោក Bill Lee បាន​ថ្លែង​ថា មនុស្ស​ 25នាក់​បាន​បាត់​បង់ជីវិត​​ ហើយ​ផ្ទះ​សំបែង​ជា​ច្រើន​រយ​ខ្នង​ត្រូវ​បាន​កម្ទេច​ដោយ​គ្រោះ​ធម្មជាតិ​មួយនេះ​។

    យោង​តាម​ស្ថិតិ​បឋម ព្យុះ​កំណាច​នេះ​បាន​បោក​បក់​កម្ទេច​ផ្ទះ​ចំនួន​140ខ្នង ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។ មនុស្ស​មួយ​ចំនួន​បាន​បាត់​បង់ជីវិត ទាំង​ដែល​ខ្លួន​មិន​ទាន់​ចុះ​ពី​លើ​គ្រែ​។

    ល្បឿន​បោក​បក់​របស់​ព្យុះ​នេះ គឺ​ប្រមាណជា​ 200គីឡូម៉ែត្រ​ក្នុង​ម៉ោង។ ព្យុះ​នេះ​ក៏បាន​ធ្វើ​ឱ្យ​យន្ត​ហោះ​មួយ​ចំនួន​ត្រូវ​ខូច​ខាត​ផងដែរ​។ ព្យុះ​កំណាច​នេះ​ក៏បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 156នាក់ រង​របួស​ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី មាន​អ្នក​ស្លាប់​ដំបូងគេដោយ​សារ​វីរុស​កូរ៉ូណា​នេះ​ហើយ

    Covid-19៖ សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី មាន​អ្នក​ស្លាប់​ដំបូងគេដោយ​សារ​វីរុស​កូរ៉ូណា​នេះ​ហើយ

    អ្នក​ជំងឺ​​ម្នាក់​​នៅ​ក្នុងរដ្ឋ Washington បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅសហ​រដ្ឋ​​អាមេរិក​ ដែល​បាន​បាត់​បង់ជីវិត​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 ខណៈអូស្ត្រាលីក៏មាន​អ្នក​ស្លាប់​ដំបូង​ដោយ​សារ​មេរោគ​នេះ​ដែរ។

    “អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នេះ​គឺជា​បុរស​ម្នាក់​មាន​អាយុ​ជាង​50ឆ្នាំ​ ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយ​” នេះបើ​តាម​មន្ត្រី​សុខា​ភិបាល​ទីក្រុង Seattle រដ្ឋ​ Washington។ ប្រធានា​ធិបតី​អាមេរិកាំង លោក Donald Trump និង​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​មុន​នេះ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ បាន​​ឱ្យ​ដឹង​ថា អ្នកជំងឺ​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​ស្រ្តីភេទ បើ​ទោះ​បី​ជា​អភិបាល​រដ្ឋ​ Washington លោក Jay Inslee បាន​បញ្ជាក់​ថា​អ្នក​ជំងឺ​គឺ​ជា​បុរស​ក៏ដោយ​។

    មជ្ឈមណ្ឌល​សុខាភិបាល​ដែល​មាន​អ្នក​ស្លាប់​ដំបូង​គេ​ដោយ​សារ​អាសន្នរោគ​កូរ៉ូណា Covid-19

    វេជ្ជបណ្ឌិត Robert Redfield អគ្គ​នាយក​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង​នៃសហ​រដ្ឋ​អាមេរិក បាន​ថ្លែង​នៅ​ឯ​សេត​វិមាន​ថា មិន​ទាន់​មាន​ភ័ស្ដុងណា​មួយ​បង្ហាញ​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នេះ​ ធ្លាប់​នៅ​ក្បែរ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ឬ​ធ្លាប់​ទៅ​កាន់​តំបន់​សម្បុក​មេរោគ​នេះ​នោះ​ដែរ​ នា​ពេល​ថ្មី​ៗ​នេះ​។ លោក បន្ត​ថា អ្នក​ជំងឺនេះ​ ប្រហែល​ជា​បាន​ឆ្លង​រោគ​នៅ​ពេល​គាត់​ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​នៅ​ទី​សាធារណៈ។

    អាសន្ន​រោគ​កូរ៉ូណា​ Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2019។ មក​ដល់​ពេល​នេះ អាសន្ន​រោគ​នេះ​បាន​ឆ្លង​ទៅ​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​ 64នៅ​ទូទាំង​ពិភព​លោក​ ហើយ​វា​បាន​សម្លាប់​មនុស្ស​ជិត​ 3,000នាក់ និង​មនុស្ស​ជាង​ 86,000​នាក់​ បានឆ្លង​មេរោគ​នេះ​។

    ចំណែក​អូស្ត្រាលី ក៏មាន​អ្នក​ស្លាប់​ដំបូង​គេ​បង្អស់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​ Covid-19។ បុរស​អ្នក​ជំងឺ​កូរ៉ូណា​​នេះរស់នៅ​ឯ​តំបន់ Perth ហើយគាត់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ Sir Charles Gairdner ខណៈកំពុង​ទទួល​ការ​ព្យាបាល​។ ប្រទេស​អូស្ត្រាលី ក៏មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន​25នាក់​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សហរដ្ឋអាមេរិក សន្យា​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    សហរដ្ឋអាមេរិក សន្យា​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    រដ្ឋាភិបាល​អាមេរិក នឹង​បន្ត​ជួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទៀត ក្រោយ​ឃើញ​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់។ នេះ​ការសន្យា​របស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ចំពោះមុខ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ចុះទៅពិនិត្យ និង​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​សម្រេចបាន​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) ជាមួយ USAID ក្រសួងកសិកម្ម​សហរ​ដ្ឋ​អាមេរិក (USDA) និង Kansas State University កាលពីពេលថ្មីៗនេះ។

    នាឱកាស​នោះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា បច្ចុប្បន្ន​វិស័យ​កសិកម្ម​កម្ពុជា មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​គួរឱ្យកត់សម្គាល់ តាមរយៈ​ការគាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញ​វត្ថ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កន្លងមកនេះ។ ក្រោយ​មើលឃើញ​សមិទ្ធផល​កសិកម្ម​ដ៏​ល្អ​គាប់ចិត្ត​នេះ លោក Patrick Murphy ក៏បាន​សន្យាថា លោក​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​បន្ថែម​ទៀត នៅក្នុង​អាណត្តិ​របស់លោក។

    ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ក៏បាន​បញ្ជាក់​ពី​មូល​ហេតុដែល​សហរដ្ឋអាមេរិក ចង់​ជួយ​នឹង​បន្ត​ផ្ដល់ជំនួយ​ដល់​កម្ពុជា គឺ​ដើម្បី​សហប្រតិបត្តិ​ការសិក្សា​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​របស់​កម្ពុជា  និង​សាកលវិទ្យាល័យ​កសិកម្ម​របស់​សហរដ្ឋអាមេរិក ដោយ​ជំរុញឱ្យមាន​អ្នកជំនាញ​សហរដ្ឋអាមេរិក និង​អ្នកជំនាញ​ខ្មែរ​បាន​ជួបគ្នា​ស្វែងយល់​ពី​បច្ចេកទេស​កសិកម្ម​ចម្រុះ​នៅ​កម្ពុជា ដែល​អាច​ជំរុញ​ឱ្យ​កម្ពុជា មាន​ចំនួន​អ្នកស្រាវជ្រាវ​កាន់តែ​ច្រើនជាង​មុន។

    ជាងនេះទៀត លោក Patrick Murphy បាន​មានប្រសាសន៍​បន្ថែមថា “តាមរយ:ចំណង​ការទូត​នេះ​ធ្វើឱ្យ​យើង​មាន​ថ្ងៃនេះ ហើយ​ដែល​សមិទ្ធផល​ទទួលបាន​ពី​កិច្ចសហប្រតិបត្តិការ​នេះ បាន​ចូលរួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ពួ​ល​គេ​នឹង​ចូល​ជា​ចលករ​ក្នុងការ​រុញច្រាន ព​ន្លឿ​ន​វិស័យ​កសិករ​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់។ ការរីកចម្រើន​នេះ ពិតជា​បានរួម​ចំណែក​ក្នុង​លើកកម្ពស់​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល និង​និរន្តរភាព​សេដ្ឋកិច្ច”។

    ជាការ​ឆ្លើយតប​ចំពោះ ការលើកឡើង​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​នេះដែរ ឯកឧត្ដម វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានឱ្យដឹងថា កន្លងមក​អាមេរិក បាន​ជួយ​បញ្ជ្រាប​បច្ចេកទេស​ទំនើប ទាន់សម័យ និង​សមស្រប​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ដី ទឹក ក្សេត្រ​បរិស្ថាន និង​ភាតរ​បរិស្ថាន ក្នុង​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម គុណភាព សុវត្ថិភាព ឱ្យ​ស្របតាម​ស្តង់ដា​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ឈានទៅ​លើកកម្ពស់​កម្រិតជីវភាព និង​បង្កើន​ប្រាក់ចំណូល។ ជាពិសេស​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ កាត់បន្ថយ​ចំណាកស្រុក និង​កាត់បន្ថយ​ការពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធនធាន​មច្ឆជាតិ​ពី​ប្រភព​ធម្មជាតិ តាមរយ:បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​ជាដើម។

    ជាងនេះទៀត លោក រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ទៀតថា ក្រៅពី​ជំនួយ​បច្ចេកទេស និង​ថវិកា​ទាំងនេះរដ្ឋមន្ត្រី​កសិកម្ម ក៏​រំពឹងថា អាមេរិក​នឹង​ជំរុញ​អ្នកវិនិយោគ​មក​បោះទុន​រកស៊ី​បន្ថែមទៀត លើ​វិស័យ​កសិកម្ម​នេះ។ យ៉ាងណាក្ដី លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន។

    ទាក់ទិន​នឹង​ចំណុច​នេះដែរ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក ង៉ោ ប៊ុន​ថា​ន ក៏បាន​បន្ថែម​ផងដែរ​ថា តាមរយៈ​គម្រោង​នានា​ដែល​បាន​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក (USAID) ទាក់ទង​លើ​ការស្រាវជ្រាវ​មកកាន​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កន្លងមកក៏បាន​ជួយ​កសាង​សមត្ថភាព​មន្ត្រី សាស្ត្រាចារ្យ និង​និស្សិត និង​ការពង្រឹង​សមត្ថភាព​ម​ន្ទីរ​ពិសោធន៍​នវានុវត្តន៍ ប្រពលវប្បកម្ម​និរន្តរភាព សាកវប្បកម្ម ការគ្រប់គ្រង​ចម្រុះ​លើ​កត្តាចង្រៃ ប្រព័ន្ធ​បសុសត្វ និង​សុវត្ថិភាព​អាហារ​ផងដែរ។

    យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី​ចុងខែ​ធ្នូ ឆ្នាំ2019 បានឱ្យដឹងថា បើ​គិត​ចាប់តាំងពី​ឆ្នាំ1992 ដល់​ឆ្នាំ2019 នេះ សហរដ្ឋអាមេរិក បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ 1,500លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​វិស័យ​បរិស្ថាន។

    របាយការណ៍​នោះ បាន​បន្តថា មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន បានមក​បណ្ដាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង2 បន្ត​កើនឡើង​ពី 1ឆ្នាំទៅ 1ឆ្នាំ។

    ជាងនេះទៀត តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ 1,500លាន​ដុល្លារ  ព្រមទាំង​ការវិនិយោគ និង​ពាណិជ្ជកម្ម​កន្លងមកនេះ គឺ​ពិតជា​បានរួម​ចំណែក​បង្កើត​ការងារ និង​ផ្ដល់​ប្រាក់ចំណូល​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា៕