Tag: រថយន្ត

  • រថយន្ត​អគ្គិសនី Concept LF-Z របស់ Lexus ធ្វើ​ដំណើរ​បាន​ 1,000 គីឡូម៉ែត្រ

    រថយន្ត​អគ្គិសនី Concept LF-Z របស់ Lexus ធ្វើ​ដំណើរ​បាន​ 1,000 គីឡូម៉ែត្រ

    ក្រុម​ហ៊ុន Toyota បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept Lexus ដែល​អាច​បរ​បាន​រហូត​ដល់ 1,000 គីឡូម៉ែត្រ នា​ថ្ងៃ​នេះ ក្នុង​បំណង​វាយ​លុក​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2026​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុម​ហ៊ុន​នេះ​ ក្នុង​ការ​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្ម​ផ្ទុក​ថាមពល​ទំនើប​។

    គំរូ​រថយន្ត Lexus LF-ZC ដែលបង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ពិព័រណ៍​ចល័ត​ជប៉ុន ប្រើ​ប្រាស់​ថ្ម​ផ្ទុក​ថាមពល​រាង​ប្រអប់​ មាន​ថាម​ពល​ខ្ពស់​ ជួយ​ឱ្យ​ធ្វើ​ដំណើរ​បានចម្ងាយ​ប្រហែល 1,000 គីឡូម៉ែត្រ ​ឆ្ងាយ​ជាង​ទ្វេដង​បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ធម្មតា​។

    Lexus LF-ZC មាន​កន្លែង​អង្គុយ​ទាប កន្លែង​បើក​បរ​ធំទូលាយ​ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត (AI) ទំនើប​ ដែល​ Toyota ហៅ​ថា Butler។

    ក្រុម​ហ៊ុន Toyota បាន​សន្យា​ថា នឹងលក់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ 100% នៅ​ទូទាំង​សកល​លោក​ សម្រាប់​យីហោ​ Lexus ចាប់​ពី​ឆ្នាំ 2035​៕

  • រថភ្លើង​ដឹក​ជញ្ជូន Hyperloop ល្បឿន​ជាង 1,200 គីឡូម៉ែត្រ​/ម៉ោង

    រថភ្លើង​ដឹក​ជញ្ជូន Hyperloop ល្បឿន​ជាង 1,200 គីឡូម៉ែត្រ​/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – ប្រព័ន្ធ​ Hyperloop Express Freight អាច​ដឹក​ទំនិញ​ដោយ​ស្វ័យប្រវត្ត​​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​លើកដាក់​ទំនិញ​ក្នុង​ពេលតែ​មួយ​។

    ក្រុម​ហ៊ុន Hyperloop Transportation Technologies (HyperloopTT) កំពុងឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូរថភ្លើង​ល្បឿន​លឿន​ដែល​ស្ទើរ​តែ​មិន​មាន​កម្លាំង​កកិត​ អាច​ជា​បដិវត្តន៍​ក្នុង​វិស័យ​ដឹក​ជញ្ជូន​។ ប្រព័ន្ធ​ថ្មី​បំផុត​ដែល​មាន​ឈ្មោះ​ថា Express Freight ប្រើ​ប្រាស់បំពង់​ផ្លូវទទេ ទូ​រថភ្លើង​អណ្ដែត និង​ទ្វារ​អគ្គិសនី​ជា​ដើម​ដោយ​ស្វ័យ​ប្រវត្ត​ទាំង​ស្រុង​ ដើម្បី​លើក​ដាក់​ទំនិញ​ដំណាល​គ្នា​នៅ​ពេល​ចេញ​ដំណើរ​។ HyperloopTT ឱ្យ​ដឹង​ថា ប្រព័ន្ធ​នេះ​នឹង​អាច​ដឹក​ជញ្ជូន​បាន​លឿន​ សន្សំ​សំចៃ​ប្រាក់ និង​មាន​ស្ថិរភាព​ជាង​បើ​ធៀប​នឹង​ការ​ដឹក​ទំនិញ​តាម​យន្តហោះ ឬ​រថយន្ត​ដឹក​ទំនិញ​។

    ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ HyperloopTT សហការ​អភិវឌ្ឍ​ជាមួយ​នឹង​ក្រុម​ហ៊ុន Tangerine របស់ប្រទេស​អង់គ្លេស​។

    ​ផែនការ​របស់ HyperloopTT គឺ​ការ​បំពាក់​ប្រព័ន្ធ​ Express Freight ខាង​ក្នុង​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​អ្នក​ដំណើរ​។​ ប្រព័ន្ធ​ដឹក​អ្នក​ដំណើរ​គឺជា​​ទូ​ដែល​មាន​រូប​រាង​ដូច​ដង​ខ្លួន​យន្តហោះ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​/ម៉ោង​ តាម​រយៈ​ប្រព័ន្ធ​ម៉ាញេទិច​ដំណើរ​ការ​នៅ​ក្នុង​ប្រព័ន្ធ​បំពង់​សម្ពាធ​ទាប​។

  • Nissan Sakura ក្លាយ​ជា​រថយន្ត​អគ្គិសនីលក់​ដាច់​ជាង​គេ​នៅ​ជប៉ុន

    Nissan Sakura ក្លាយ​ជា​រថយន្ត​អគ្គិសនីលក់​ដាច់​ជាង​គេ​នៅ​ជប៉ុន

    បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​កន្លង​មក​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ងាក​ទៅ​រក​យាន​ជំនិះ​អគ្គិសនី​ ប៉ុន្តែ​ Nissan Sakura ដែល​ត្រូវ​បាន​សហការ​អភិវឌ្ឍ​ជាមួយ​ Mitsubishi Motors Corp និងប្រើ​ប្រាស់​រូប​រាង​របស់​រថយន្ត​សាំង eK X គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​បង្អស់​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​នេះ​។

    ទិន្នន័យ​របស់​ក្រុម​អ្នក​ផលិត​រថយន្ត​បង្ហាញ​​ថា Nissan Sakura ដែល​ធ្លាប់​បាន​ទទួល​ពាន​​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ​របស់​ជប៉ុន​កាល​ពី​ឆ្នាំ 2022 រួមចំណែក​ជិត​ពាក់​កណ្ដាល ដែល​ស្មើ​នឹង​ 35,009 គ្រឿង​ ​ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ក្នុង​ប្រទេស​នេះ រាប់​ចាប់​ពីដើម​ឆ្នាំ​ 2023​ ដល់​បច្ចុប្បន្ន​។

    Sakura និង eK X កំពុង​នាំ​មុខ​គេ​នៅ​ប្រទេស​ជប៉ុន ​ជា​ទីផ្សារ​ដែល​រថយន្ត​អគ្គិសនី​រួម​ចំណែក​ត្រឹម​តែ​ 1.5% ប៉ុណ្ណោះ ធៀប​នឹង​ចំនួន​រថយន្ត​ថ្មី​ដែល​ត្រូវ​បាន​លក់​នៅ​ប្រទេស​នេះ​កាល​ពីឆ្នាំ​កន្លង​។

    Sakura និង eK X អាច​រត់​ក្នុង​ល្បឿន​ប្រហែល 130 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​លក់​នៅទូទាំង​ពិភពលោក​ ដោយ​សារ​តែ​កត្តា​ជា​ច្រើន​ មាន​ជាអាទិ៍​ មិនអាច​ឆ្លើយ​តប​ទៅ​នឹង​ស្ដង់ដា​​នៃ​ការ​ប៉ះ​ទង្គិច​នៅ​ប្រទេស​មួយ​ចំនួនជា​ដើម​។

  • ក្រុម​ហ៊ុន​ Changan សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនីនៅ​ប្រទេស​ថៃ​

    ក្រុម​ហ៊ុន​ Changan សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនីនៅ​ប្រទេស​ថៃ​

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន Changan Automobile បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជំរុញ​ផែនការ​សាងសង់​រោង​ចក្រ​មួយ​នៅក្នុង​​ប្រទេស​អាស៊ី​អាគ្នេយ៍មួយ​នេះ​។

    Changan សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​គណៈកម្មការ​វិនិយោគ​ថៃ (BOI) នៅ​ក្នុង​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​លើក​ទី​បី​ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី 17 តុលា 2023។ នេះ​បើ​តាម​ប្រកាស​មួយ​កាល​ពី​ថ្ងៃទី 19 តុលា របស់​ Changan។

    ក្រុម​ហ៊ុន​ចិន​ខាងលើ​មាន​ផែនការ​វិនិយោគ​ 240 លាន​ដុល្លារ​អាម៉េរិក​នៅ​ប្រទេស​ថៃ ដើម្បី​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​មួយ​ដែល​អាច​ផលិត​បាន 100,000 គ្រឿង​ក្នុង​ដំណាក់​កាល​ដំបូង​។

    អគ្គលេខាធិការ​របស់ BOI ថៃ Narit Therdsteerasukdi ក៏​បាន​ប្រគល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគសម្រាប់គម្រោង​ទីតាំង​ផលិត​រថយន្ត​នៅ​ប្រទេស​ថៃ ​ជូន​ដល់​ប្រធាន​ក្រុម​ហ៊ុន Changan លោក Zhu Huarong។

    Changan បាន​បង្កើត​ក្រុម​ហ៊ុន​តំណាង​របស់​ខ្លួន​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃទី 23 សីហា 2023។ ថ្ងៃទី 24 សីហា ក្រុម​ហ៊ុន​នេះ​ក៏​បាន​ប្រកាស​គម្រោង​វិនិយោគ 8.8 ពាន់​លាន​បាត ដើម្បី​សាងសង់​រោង​ចក្រ​ផលិតរថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    កាល​ពី​ខែ​សីហា Changan ឱ្យ​ដឹង​ថា ដំណាក់​កាល​ដំបូង​របស់​រោង​ចក្រ​នេះ​នឹង​អាច​ផលិត​រថយន្ត​បាន​ 100,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ ចំណែក​ដំណាក់​កាល​ទីពីរ​នឹង​អាច​ផលិត​បាន​ 200,000 គ្រឿង​/ឆ្នាំ​។

    រថយន្ត​អគ្គិសនី​របស់​ Changan នៅ​ប្រទេស​ថៃ នឹង​ត្រូវ​បាន​លក់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អូស្ត្រាលី នូវែលសេឡង់ អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​។

    ថៃ​គឺ​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​រថយន្ត​ធំជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍​ និង​ជា​ទីផ្សារ​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​មួយ​ផងដែរ។ អាជ្ញាធរ​ថៃ​កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​របស់​តំបន់​អាស៊ាន​ ដោយ​បានដាក់​ចេញ​នូវ​គោល​នយោបាយ​ទាក់​ទាញ​ជា​ច្រើន មាន​ជា​អាទិ៍​ ការ​បន្ថយ​អត្រាពន្ធ ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រើ​ប្រាស់ និង​ជំនួយ​គាំទ្រ​ដល់​ការ​វិនិយោគ​ជា​ដើម​៕

  • Hyundai ចាប់ផ្ដើម​ទិញ លក់​រថយន្ត​ប្រើ​ប្រាស់រួច​ តាម​អនឡាញ

    Hyundai ចាប់ផ្ដើម​ទិញ លក់​រថយន្ត​ប្រើ​ប្រាស់រួច​ តាម​អនឡាញ

    ក្រុម​ហ៊ុន Hyundai រំពឹង​ថា ការ​​ទិញ លក់​រថយន្ត​មួយ​ទឹកតាម​អនឡាញរបស់​ខ្លួន​​នឹង​ជួយ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​ចំពោះ​រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​រួច​នៅ​ក្នុង​សង្គម​កូរ៉េខាងត្បូង​។

    យោងតាមសារព័ត៌មាន​ក្នុងស្រុក ចាប់​ពី​ថ្ងៃទី 24 តុលា ក្រុម​ហ៊ុន Hyundai Motor នឹង​បើក​ដំណើរ​ការ​អាជីវកម្មលក់​រថយន្ត​ចាស់​តាម​អ៊ីនធើណិត ក្នុង​បំណង​ផ្គត់​ផ្គង់​រថយន្ត​តម្លៃ​សម​ស្រប​សម្រាប់​អតិថិជន​ និង​ធ្វើ​ពិពិធកម្ម​ប្រភព​ចំណូល​របស់​ខ្លួន​។

    ក្រុម​ហ៊ុន Hyundai រំពឹង​ថា ការ​ «ប៉ាវទីផ្សារ» ទាំង​មូល តាំង​ពី​ដំណាក់​កាល​ទិញ​រថយន្ត​ចាស់​ រហូត​ដល់​ការ​លក់​រថយន្ត​ជូន​អតិថិជន ​នឹង​ជួយ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​ចំពោះ​រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​រួច​នៅ​ក្នុង​សង្គម​កូរ៉េខាងត្បូងនា​បច្ចុប្បន្ន​។

    Hyundai នឹង​ដំណើរ​ការ​គេហទំព័រមួយ​ដើម្បី​អនុញ្ញាត​ឱ្យ​អតិថិជន​​ទិញ​ និង​លក់​រថយន្ត​ដែល​ប្រើ​រួច​។ ក្រុម​ហ៊ុន​នេះ​នឹង​ទិញ​តែរថយន្ត​ដែល​បាន​ប្រើប្រាស់​ក្រោម​ 100,000 គីឡូម៉ែត្រ​ ឬ​ក្រោម​ 5 ឆ្នាំ និង​មិន​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​។ Hyundai ក៏​នឹង​ផ្ដល់​សេវាកម្ម​ជួសជុល​មិន​គិត​ថ្លៃ​ពីរ​ឆ្នាំ ឬ​ 20,000 គីឡូម៉េត្រ​ផងដែរ សម្រាប់​អតិថិជន​៕

  • Neta បង្ហាញ​រថយន្ត​អគ្គិសនី X តម្លៃ​ចាប់​ពី​ 17,340 ដុល្លារអាម៉េរិក

    Neta បង្ហាញ​រថយន្ត​អគ្គិសនី X តម្លៃ​ចាប់​ពី​ 17,340 ដុល្លារអាម៉េរិក

    យីហោរថយន្ត​អគ្គិសនី Neta Auto របស់​ក្រុម​ហ៊ុន​ចិន Hozon Auto បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី ឈ្មោះ Neta X ដែល​មានតម្លៃ​ទាប​ និង​ប្រើប្រាស់​ឈីប​សម្រាប់​កាប៊ីន​បើកបរ​លំដាប់​ខ្ពស់​។

    Neta បាន​បង្ហាញ Neta X ដែល​ជា​កំណែ​ថ្មី​របស់ Neta U-II ដែល​បាន​បង្ហាញ​ខ្លួន​មុន​នោះ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នា​ថ្ងៃ​នេះ​។ នេះ​គឺ​ដូច​ទៅ​នឹង​ការ​បង្ហាញ​ខ្លួន​របស់ Neta Aya ដែល​ជា​កំណែ​បន្ទាប់​របស់ Neta V កាល​ពី​ខែ​សីហា​។

    រថយន្ត​អគ្គិសនី Neta X មាន​បួន​កំណែ​ ដែល​មាន​តម្លៃ​ចាប់​ពី 17,340 ដុល្លារ​អាម៉េរិក​។ អតិថិជន​ដែល​កក់​ 273 ដុល្លារ​ដើម្បី​ទិញ Neta X មុន​ថ្ងៃ​ទី 30 វិច្ឆិកា 2023 នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ 2,460 ដុល្លារ​អាម៉េរិក​។

    Neta X មាន​បណ្ដោយ 4,619 មិល្លីម៉ែត្រ, ទទឹង​ 1,860 មិល្លីម៉ែត្រ និង​កម្ពស់ 1,628 មិល្លីម៉ែត្រ​ ខណៈ​បណ្ដោយ​មូលដ្ឋាន​មាន​ប្រវែង 2,770 មិល្លីម៉ែត្រ​។

    រថយន្ត​នេះ​បំពាក់​ម៉ូទ័រសមកាលកម្មមេដែកអចិន្រ្តៃយ៍ (Permanent Magnet Synchronous Motor – PMSM) ដែល​មាន​កម្លាំង​ 120 សេះ និង​ល្បឿន​ 150 គីឡូម៉ែត្រ​/ម៉ោង​។ រយៈចម្ងាយ​ផ្លូវ​ដែល​ Neta X អាច​ធ្វើ​ដំណើរ​ដល់​គឺ​ 401 និង 501 គីឡូម៉ែត្រ​។

    Neta X ប្រើ​ប្រាស់​ឈីប​សម្រាប់​កាប៊ីន​បើកបរ Qualcomm Snapdragon 8155 ក៏ដូចជា​ឈីប​សម្រាប់​ការ​បើកបរ​ឆ្លាត​វៃ Journey 3 របស់​ក្រុម​ហ៊ុន​ចិន Horizon Robotics។

    ក្រុម​ហ៊ុន Neta បាន​ប្រគល់​រថយន្ត​ដល់​ដៃ​អតិថិជន​ចំនួន 13,211 គ្រឿង​ក្នុង​ខែ​កញ្ញា 2023 កើន​ 9.15% ធៀប​នឹង​ខែ​សីហា ប៉ុន្តែ​ថយ​ចុះ 26.63% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​៕

  • រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

    រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

    Stella Terra ដែល​ជា​រថយន្ត​ off-road ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ដំបូង​គេ​លើ​ពិភពលោក បាន​បញ្ចប់​ដំណើរសាក​ល្បង​បរ​ឆ្លង​កាត់​ប្រទេស​ម៉ារ៉ុក និង​សមុទ្រ​ខ្សាច់សាហារ៉ា កាល​ពី​ដើម​ខែ​តុលា​ 2023​។

    យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 17 តុលា របស់ Guardian រថយន្ត​អគ្គិសនី Stella Terra ដែល​មាន​កៅអីពីរ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Eindhoven។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ រថយន្ត​ Stella Terra ​បាន​ឆ្លង​កាត់​ផ្លូវ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខុស​ៗ​គ្នា​ ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​ពី​ផ្ទាំង​សូឡា​ដែល​បំពាក់​លើដំបូល​។​

    Stella Terra ដែល​មាន​ទម្ងន់​សរុបត្រឹម​តែ​ 1,200 គីឡូក្រាម​ បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ​លីចូម​-អ៊ីយ៉ុង (lithium-ion) អាច​បើកបរ​បាន​ចម្ងាយ​ 710 គីឡូម៉ែត្រ និង​​មាន​ល្បឿន​ 145 គីឡូម៉ែត្រ​/ម៉ោង​។ ថាមពល​ពី​ប្រព័ន្ធ​ផ្ទាំង​សូឡា​លើរថយន្ត​នេះ​អាច​ផ្គត់​ផ្គង់អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិន​អាហារ​ និង​បញ្ចូល​ថាមពលដល់​ឧបករណ៍​នានា​ មាន​ដូច​ជា ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​រូប​ជា​ដើម​។ Stella Terra ដំណើរ​ការ​មាន​ប្រសិទ្ធភាព​​ជាងប្រហែល​​ 30% បើ​ធៀប​នឹង​ការ​រំពឹង​​ទុក​ដំបូង​៕

  • Kia ដាក់​គោលដៅ​លើ​​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ដើម្បី​បង្កើន​ការ​លក់​

    Kia ដាក់​គោលដៅ​លើ​​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ដើម្បី​បង្កើន​ការ​លក់​

    ក្រុម​ហ៊ុន​ Kia បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ល្មម និង​តូច​ចំនួន​បី​ម៉ូដែល​ ក្នុង​បំណង​លក់​ឱ្យ​បាន​មួយ​លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ឆ្នាំ 2026​ និង​ឡើង​ដល់​ 1.6 លាន​គ្រឿង​​នៅ​ឆ្នាំ 2030​។

    Kia បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំណត់​គោលដៅ​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី​ច្រើន​ប្រភេទ​ប្រកប​ដោយ​ភាព​សម្បូរ​បែប ដែល​មាន​តម្លៃ​ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ក៏​រួម​ទាំង​បណ្ដា​ម៉ូដែល​ដែល​មាននា​​បច្ចុប្បន្ន​ដូច​ EV6 និង EV9 ក៏ដូច​ជា​បណ្ដា​ម៉ូដែល​ថ្មី​ដែល​មាន​ទំហំ​តូច​ជាង​ នៅក្នុង​ប្រភេទ​រថយន្ត compact និង subcompact (C និង B) មាន​ជា​អាទិ៍ EV5, EV4 និង EV3។

    ​រថយន្ត​ទាំង​នេះ​នឹងមាន​តម្លៃ​​ចាប់​ពី​ 35,000 ដល់ 50,000 ដុល្លារ​អាម៉េរិក ដែល​នេះ​ត្រូវ​បាន​ Kia រំពឹង​ថា នឹង​ជួយ​ជំរុញ​ការ​លក់​ និង​ពង្រីក​វិសាល​ភាព​នៃ​ការ​ប្រើ​ប្រាស់រថយន្ត​អគ្គិសនី​នៅទូទាំង​ពិភពលោក​។ រថយន្ត​អគ្គិសនី​ EV2 ខ្នាតតូច​ដែល​ជិត​នឹង​បង្ហាញ​ខ្លួន​នឹង​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ខាង​លើ​។

    Kia ក៏​បាន​ប្រកាស​ឱ្យដឹង​អំពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​រថយន្ត​អគ្គិសនី​ ក្នុង​នោះ​ក៏​មាន​ទាំង​ការ​កែ​លំអ​ផាសុកភាព​ និង​ទំនុក​ចិត្ត​របស់​អតិថិជន​ផងដែរ ទន្ទឹម​នឹង​ដំណោះ​ស្រាយលើ​​បញ្ហា​ហេដ្ឋារចនា​សម្ព័ន្ធ​​​ដែល​ទាក់​ទង​នឹង​ការ​បញ្ចូលថាមពល​សម្រាប់​រថយន្ត​អគ្គិសនី៕

  • រថយន្ត​អគ្គិសនី​ដប់​ម៉ូដែល​ដែល​ល​ក់​ដាច់​ជាង​គេ​លើ​ពិភពលោក

    រថយន្ត​អគ្គិសនី​ដប់​ម៉ូដែល​ដែល​ល​ក់​ដាច់​ជាង​គេ​លើ​ពិភពលោក

    បរិមាណ​រថយន្ត​អគ្គិសនីទូទាំង​ពិភពលោក​​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ខែ​សីហា​ ឆ្នាំ 2023 គឺជាង​ 1.2 លាន​គ្រឿង​ ហើយ​នៅ​ក្នុង​ Top 10 នៃ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាងគេនេះ មាន​រថយន្ត​របស់​ចិន​រហូត​ដល់ 80%​។

    ដូច​ទៅ​នឹង​ប៉ុន្មាន​ខែ​មុន​ Tesla Model Y គឺជា​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​បង្អស់​នៅ​ក្នុង​ខែសីហា​ ដោយ​លក់​បាន 115,885 គ្រឿង ច្រើន​ជាង​ឆ្ងាយ​បើធៀប​នឹង​ម៉ូដែល​ដទៃ​។

    បណ្ដា​រថយន្ត​អគ្គិសនី​ដទៃ​ដែល​លក់​ដាច់​ជាង​គេ​គឺ BYD Song (BEV និង PEV ត្រូវ​បាន​គិត​ចូល​​គ្នា), Tesla Model 3,​ BYD Qin (BEV និង PEV ត្រូវ​បាន​គិត​ចូល​គ្នា) ,​ BYD Seagull, BYD Yuan, BYD Dolphin រួម​នឹង​ GAC Aion Y, BYD Han និង GAC Aion S។ នៅ​ក្នុង​ Top 10 នៃ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាងគេ​លើ​ពិភពលោក មាន​រថយន្ត​របស់​ចិន​រហូត​ដល់ 80%​។

    ខាង​ក្រោម​នេះ​គឺជា​តួលេខ​ជាក់​លាក់​ស្ដី​ពី​ម៉ូដែល​រថយន្តអគ្គិសនី​​ទាំង​ដប់ ​ដែល​លក់​ដាច់​ជាង​គេ​លើ​ពិភពលោក​៖

    • Tesla Model Y – 115,885 គ្រឿង​
    • BYD Song Plus (9,081 BEV + 48,522 PHEV) – 57,603 គ្រឿង
    • Tesla Model 3 – 48,815 គ្រឿង
    • BYD Qin Plus (11,663 BEV + 31,155 PHEV) – 42,818 គ្រឿង
    • BYD Seagull – 34,841 គ្រឿង
    • BYD Yuan Plus (ឬ​ហៅ​ថា Atto 3) – 32,690 គ្រឿង
    • BYD Dolphin – 32,288 គ្រឿង
    • GAC Aion Y – 26,719 គ្រឿង
    • BYD Han (10,506 BEV + 12,355 PHEV) – 22,861 គ្រឿង
    • GAC Aion S – 22,650 គ្រឿង
    Tesla Model Y
    BYD Song
    GAC Aion Y
  • ក្រុម​ហ៊ុន​ចិន BYD ដាក់​លក់​រថយន្ត​សេដាន​អគ្គិសនី​នៅ​សិង្ហបុរី​ និង​ស៊ីលី

    ក្រុម​ហ៊ុន​ចិន BYD ដាក់​លក់​រថយន្ត​សេដាន​អគ្គិសនី​នៅ​សិង្ហបុរី​ និង​ស៊ីលី

    ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​ប្រភេទ​សេដាន​អគ្គិសនី​ Seal នៅ​ប្រទេស​សិង្ហបុរី និង​ស៊ីលី ក្នុង​បំណង​ប្រកួត​ប្រជែង​ជាមួយ​នឹង​ Model 3 របស់​ Tesla។

    នៅ​សិង្ហបុរី BYD បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ Vantage Automotive ដើម្បី​បង្ហាញ​​កំណែ​ Seal ចង្កូត​ស្ដាំ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ BYD កាល​ពី​ថ្ងៃទី 09 តុលា​។ BYD Seal មាន​បី​កំណែ​នៅ​សិង្ហបុរី ដែល​មាន​តម្លៃ​ចាប់​ពី​ 174,910 ដុល្លារ​អាម៉េរិក​។

    BYD Seal ត្រូវ​បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី 29 កក្កដា 2022។ នេះ​គឺជា​គូប្រជែង​សំខាន់​មួយ​របស់ Tesla Model 3។ រថយន្ត​អគ្គិសនី​ BYD Seal មាន​ 5 កំណែ​នៅ​ប្រទេស​ចិន​ និង​មាន​តម្លៃ​ចាប់​ពី 26,030 ដុល្លារ​អាម៉េរិក​។

    ក្រៅ​ពី​សិង្ហបុរី កាល​ពី​ម្សិល​មិញ BYD ក៏​បានឱ្យ​ដឹង​ថា បាន​​បង្ហាញ Seal EV នៅ​ប្រទេស​ស៊ីលី​តាម​រយៈ​ក្រុម​ហ៊ុន​ក្នុង​ស្រុក Astara កាល​ពី​ថ្ងៃទី 06 តុលា​ ប៉ុន្តែ​មិន​បាន​និយាយ​ដល់​រឿង​តម្លៃ​។

    BYD លក់រថយន្ត​អគ្គិសនី​បាន​ 287,454 គ្រឿង​នៅ​ក្នុង​ខែ​កញ្ញា 2023 ក្នុងនោះ BYD Seal រួម​ចំណែក​បាន​ 14,427 គ្រឿង​ កើន​ 93.05% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022 និង​កើន 153.11% បើធៀប​នឹង​ខែ​សីហា 2023៕