Tag: រថយន្ត

  • យន្តហោះ​អវកាស​អាម៉េរិកលេច​មុខ​មុន​ជើង​ហោះ​ហើរ​ដំបូង

    យន្តហោះ​អវកាស​អាម៉េរិកលេច​មុខ​មុន​ជើង​ហោះ​ហើរ​ដំបូង

    យន្តហោះ​អវកាស​ Dream Chaser ដែល​អាច​ប្រើ​ប្រាស់ឡើងវិញ​បាន​ច្រើន​ដង​ និង​អាច​ផ្ទុក​ទំនិញ​បាន​ 5,215​ គីឡូក្រាម​ ត្រូវ​បាន​បង្ហាញ​នៅ​មុន​បេសក​កម្ម​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) ជា​លើក​ដំបូង​ នៅ​ចុង​ឆ្នាំ​នេះ​។

    ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) និង​ក្រុម​ហ៊ុន Sierra Space នៅ​ Colorado កាល​ពី​ថ្ងៃទី 01 កុម្ភៈ 2024 បាន​អញ្ជើញ​ក្រុម​អ្នក​យក​ព័ត៌មាន​ទៅ​ទស្សនា​ Dream Chaser ដោយ​ផ្ទាល់​។​ នេះ​បើ​តាមទំព័រ​សារព័ត៌មាន​ Space​។

    ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ធ្វើ​តេស្ត​ Neil Armstrong របស់​ណាសា នៅ​ Sandusky។ យន្តហោះ​អវកាស Dream Chaser និង​ម៉ូឌុល​ដឹក​ទំនិញ​ដែល​មាន​រហ័ស​នាម​ថា «Tenacity» និង «Shooting Star» ត្រូវ​បាន​ដំឡើង​បញ្ឈរ​ត្រង់​ដូច​ពេល​ត្រៀម​បាញ់បង្ហោះ​។ យាន​មួយ​គូ​នេះ​មាន​កម្ពស់​ 16.8 ម៉ែត្រ​ ដែល​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ដឹក​សិស្ស​សាលា​ខ្នាត​ធំ​។

    ជើង​ហោះ​ហើរ​ដំបូង​របស់ Tenacity នឹង​ដឹក​ទំនិញ​​របស់​ណាសា ឡើង​ទៅ​កាន់​ ISS​។ ក៏ប៉ុន្តែ មុន​ពេល​ហោះ​ហើរ​ជើង​ដំបូង Tenacity និង Shooting Star នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ទៀត​នៅ Sandusky។

    តាម​ផែនការ Shooting Star នឹង​ឆេះ​ខ្ទេច​នៅ​ក្នុង​បរិយាកាស​ផែនដី បន្ទាប់​ពី​បាន​បំពេញ​ភារកិច្ច​តែ​មួយ​លើក​គត់​។ ចំណែក Tenacity នឹង​ចុះ​ចតលើ​ផែនដី ហើយ​ត្រៀម​សម្រាប់​បេសកកម្ម​បន្ទាប់​។ យន្ត​ហោះ​អវកាស​ Tenacity ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​ហោះ​ហើរ​បាន​ 15 ជើង​។ យាន​នេះ​នឹង​ដឹក​ទំនិញ​ជាង 3,540 គីឡូក្រាម​ នៅ​ក្នុង​ជើង​ហោះ​ហើរ​ដំបូង​ បើ​ទោះ​ជា​វា​អាច​ដឹក​បាន​រហូត​ដល់ 5,215 គីឡូក្រាម​។ សំរាម​ជាង 3,950 គីឡូក្រាម​ អាច​នឹង​ត្រូវ​បាន​ទម្លាក់​ចោល​ពី​ម៉ូឌុល​ដឹក​ទំនិញ​របស់វា នៅក្នុង​ពេល​ហោះ​ត្រឡប់មក​កាន់​ផែនដី​។

    តាម​គម្រោង​ Tenacity និង Shooting Star នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ពាក់​កណ្ដាល​ដើម​ឆ្នាំ​នេះ។ ក្រោយពី​បេសក​កម្ម​នេះ​បាន​បញ្ចប់ សំណើ​សុំ​អាជ្ញាបណ្ណ​សម្រាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​នេះ​ក៏​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ផងដែរ​៕

  • រថយន្ត​អគ្គិសនី Honda Prologue EV 2024 មាន​តម្លៃ​ប្រហែល 50,000 ដុល្លារ​ ធ្វើ​ដំណើរ​បាន​ជាង​ 480 គីឡូម៉ែត្រ​

    រថយន្ត​អគ្គិសនី Honda Prologue EV 2024 មាន​តម្លៃ​ប្រហែល 50,000 ដុល្លារ​ ធ្វើ​ដំណើរ​បាន​ជាង​ 480 គីឡូម៉ែត្រ​

    ម៉ូដែល​ SUV អគ្គិសនី​ដំបូង​របស់​ក្រុម​ហ៊ុន Honda គឺ Prologue នឹង​មាន​វត្តមាន​នៅ​ក្នុង​សាខា​ចែក​ចាយ​នានា​ចាប់​ពី​ដើម​ខែ​មីនា និង​មាន​តម្លៃ​ចាប់​ពី​ 50,000 ដុល្លារ​អាម៉េរិក​។

    រថយន្ត​អគ្គិសនី​ Prologue របស់​​ក្រុម​ហ៊ុន​ជប៉ុន​នេះ អាច​ធ្វើដំណើរ​បាន​ប្រហែល 483 គីឡូម៉ែត្រ បន្ទាប់​ពី​បាន​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ។ រថយន្ត​នេះ​បញ្ចូល​ថាមពល​មួយ​ពេញដោយ​ចំណាយពេល​ 8 ម៉ោង​។

    បណ្ដា​ម៉ូដែល Prologue ដែល​ប្រើប្រាស់​ម៉ូទ័រ​តែ​មួយ​គ្រឿង​ នឹង​បង្កើត​បាន​កម្លាំង​ 212 សេះ​ ខណៈ​ម៉ូដែល​ប្រើ​ម៉ូទ័រ​ពីរ​នឹង​បង្កើត​កម្លាំង​បាន​ 288 សេះ​។ នេះ​បើ​តាម​ទំព័រ Green Car Reports

  • ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នៅ​កម្ពុជា​ នឹង​មាន​កំណើន​វិជ្ជមាន

    ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នៅ​កម្ពុជា​ នឹង​មាន​កំណើន​វិជ្ជមាន

    ការ​ព្យាករ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា (CAIF) បាន​បង្ហាញ​ថា ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នឹង​មាន​កំណើន​ជា​វិជ្ជមាន​ ដោយ​នឹង​កើន​ប្រមាណ​ 15% ក្នុង​នោះ ទីផ្សារ​រថយន្ត​ថ្មី​នឹង​បន្ត​កើន​ឡើង​ ស្រប​ពេល​ដែល​រថយន្ត​ជជុះ​នឹង​បន្ត​ធ្លាក់​ចុះ​។

    យោង​តាម CAIF អត្រា​នៃ​ការ​លក់​រថយន្ត​ក្នុង​ឆ្នាំ​ 2023 បាន​ធ្លាក់ចុះ​ប្រមាណ​ជាង 20% ក្នុង​នោះ រថយន្ត​ជជុះ​បាន​ធ្លាក់​ចុះ​ប្រមាណ 30% បើ​ធៀប​នឹង​ឆ្នាំ​ 2022។ ក៏ប៉ុន្តែ សន្ទុះ​នៃ​ការ​វិនិយោគ​លើ​រោង​ចក្រ​ដំឡើង​រថយន្ត និង​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ថ្មី​ នៅ​តែ​បន្ត​មាន​សកម្មភាព​វិនិយោគ​ ក៏​ដូច​ជា​ពង្រីក​សាខា​ចែក​ចាយ​រថយន្ត​ថ្មី​។ ប្រការ​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​នៃ​វិស័យ​ឧស្សាហកម្ម​យាន​យន្ត​របស់​កម្ពុជា​។

    មន្ត្រី​នៅ​ CAIF បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​​នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​បន្ត​ជំរុញ ទាក់​ទាញ​​ការ​វិនិយោគ​ផ្នែក​យាន​យន្ត​ពី​បរទេស​មក​កាន់​កម្ពុជា​​បន្ថែម​ទៀត និង​ធានាដល់​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា​ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​នាំចូល​ និង​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី និង​ការវិនិយោគ​លើ​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​ជា​ដើម​។ នេះ​បើ​តាម​របាយ​ការណ៍​ពី​កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា ដែលបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី 25 មករា 2024​។

  • ម្ចាស់ក្រុម​ហ៊ុន LVMH ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លេខ​មួយ​ជា​ថ្មី

    ម្ចាស់ក្រុម​ហ៊ុន LVMH ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លេខ​មួយ​ជា​ថ្មី

    Forbes បាន​ឱ្យ​ដឹង​ថា ម្ចាស់​ LVMH លោក Bernard Arnault កាល​ពី​ថ្ងៃទី 26 មករា 2024 ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លំដាប់​លេខ​មួយ​លើ​ពិភពលោក ពី​មហា​សេដ្ឋី Elon Musk

    បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​ទៅ​តាម​ពេល​វេលា​ជាក់​ស្ដែង​របស់ Forbes បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​បារាំង​ Arnault បច្ចុប្បន្ន​គឺ 207.8 ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ទាប់​ពី​បាន​កើន​​ជាង 23 ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃទី 26 មករា​។ ក្នុង​គ្រា​នោះ​ដែរ មហា​សេដ្ឋី​អាម៉េរិក លោក Elon Musk មាន​ទ្រព្យ​ត្រឹម​តែ​ 204.5 ពាន់​លាន​ដុល្លារ​។ ប្រការ​នេះ​ជួយ​ឱ្យ​លោក Arnault ឈ្នះ​លោក Musk ដើម្បី​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​។

    នៅ​មុន​រឿង​នេះ​កើត​ឡើង ភាគ​ហ៊ុន​ Tesla របស់​លោក​ Musk បាន​ធ្លាក់ចុះ​រហូត​ដល់ 13% កាល​ពី​ថ្ងៃទី 25 មករា ក្រោយ​ពី​លោក​បាន​ព្រមាន​ថា ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​នេះ​អាច​នឹង​មាន​កំណើន​យឺត​មក​វិញ​នៅ​ក្នុង​ឆ្នាំ 2024​ ព្រោះ​តែ​ក្រុម​ហ៊ុន​ផ្ដោត​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​ជំនាន់​ថ្មី តម្លៃ​ទាប​ជាង​មុនដែល​នឹង​ត្រូវ​បាន​ផលិត​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។ រឿង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ទ្រព្យ​របស់​លោក​ Musk ថយ​ចុះ​រហូត​ដល់ 18 ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

    ផ្ទុយ​ទៅ​វិញ ភាគ​ហ៊ុន LVMH បាន​កើន 12.8% កាល​ពី​ថ្ងៃទី 26 មករា​។ មូលហេតុ​គឺ​ដោយ​សារ​ក្រុម​ហ៊ុន​នេះ​ប្រកាស​ថា ប្រាក់​ចំណូល​ក្នុង​ឆ្នាំ 2023 ខ្ពស់​ជាង​ការ​ព្យាករ​ ពោល​គឺ​ 93.3 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ព្រម​ទាំង​ប្រកាស​ដំឡើង​ភាគ​លាភ​ប្រចាំ​ឆ្នាំ​៕

  • មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​កោត​សរសើរ​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ ហើយ​យល់​ថា ពួក​គេ​អាច​ដណ្ដើម​បាន​ជោគ​ជ័យ​ធំធេង​ក្នុង​ទីផ្សារ​អន្តរ​ជាតិ​។

    កាល​ពី​ថ្ងៃទី 24 មករា 2024​ បន្ទាប់​ពី​ការ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ត្រីមាស​ទី​បួន​​ក្នុង​​ឆ្នាំ 2023​ CEO របស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla គឺ​មហា​សេដ្ឋី​ Elon Musk បាន​លើក​សរសើរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​។ លោក​និយាយ​ថា ពួក​គេ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ ហើយ​ថា នឹង​ជោគជ័យ​ធំធេង​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ទទួលរង​​សម្ពាធ​ពី​អត្រា​ពន្ធ​ និង​រនាំង​ពាណិជ្ជកម្ម​។

    លោក Musk និយាយ​ថា «បើ​សិន​មិន​មាន​រនាំង​ពាណិជ្ជកម្ម ពួក​គេ​នឹង​ជាន់​ពន្លិច​ក្រុម​ហ៊ុន​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ពិភពលោក​។ ពួក​គេ​ពូ​កែ​ខ្លាំង​ណាស់​»។

    មហា​សេដ្ឋី​ Elon Musk

    យោបល់​នេះ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ដ៏សម្បើម​ពី​បណ្ដា​គូ​បដិបក្ខ​មក​ពី​ប្រទេស​ចិន​ ដែល​មាន​ដូច​ជា BYD ជា​ដើម​៕

  • ក្រុមហ៊ុនមួយ​របស់​កូរ៉េខាងត្បូង មាន​គោលដៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

    ក្រុមហ៊ុនមួយ​របស់​កូរ៉េខាងត្បូង មាន​គោលដៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

    គណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. របស់​កូរ៉េខាងត្បូង បាន​បង្ហាញ​ទិសដៅ​នៃ​ការ​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​បង្គុំរថយន្ត​អគ្គិសនី​នៅ​កម្ពុជា។

    ការ​បង្ហាញ​ទិស​ដៅ​របស់​ក្រុម​ហ៊ុន​ខាងលើ​ ត្រូវ​បាន​លើក​ឡើង​​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជាដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ប្រតិភូ​កូរ៉េខាង​ត្បូង​ដែល​ដឹក​នាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ករ៉េ លោក Chung Sye-Kyun កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា 2024​។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។

    ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការដំឡើង​រថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងរថយន្ត សម្រាប់​ការ​នាំចេញ។ ចំណែក​​ក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ ក៏​បានបង្ហាញទិសដៅនៃការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់ការ​នាំចេញទៅទីផ្សារអន្តរជាតិ​។

  • ពលរដ្ឋវៀតណាម​ ធ្វើ​ដំណើរពី​ហាណូយ​ទៅ​ហូជីមិញ​ ដោយ​​ឆ្លង​កាត់​ឡាវ កម្ពុជា ដើម្បី​សំច័យ​ប្រាក់ និង​ពេល​វេលា​

    ពលរដ្ឋវៀតណាម​ ធ្វើ​ដំណើរពី​ហាណូយ​ទៅ​ហូជីមិញ​ ដោយ​​ឆ្លង​កាត់​ឡាវ កម្ពុជា ដើម្បី​សំច័យ​ប្រាក់ និង​ពេល​វេលា​

    ដើម្បី​គេច​ពី​ស្ថានីយ​ប្រមូល​ប្រាក់ BOT នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ Bac – Nam ក៏ដូច​ជា​ដើម្បី​កាត់បន្ថយ​ពេល​វេលា​ក្នុង​ការ​ដំណើរ​ទៅ​មករវាង​ទីក្រុង​ហូជីមិញ (អតីត​ព្រៃ​នគរ) និង​រដ្ឋធានី​ហាណូយ បច្ចុប្បន្ន​នៅ​លើ​បណ្ដាញ​សង្គមនៅ​វៀតណាម គេ​ឃើញ​មាន​ការ​ចែក​រំលែក​អំពី​ផ្លូវ​ធ្វើ​ដំណើរ​ថ្មី​សម្រាប់​អ្នក​បើក​បរ នោះ​គឺ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ឡាវ និង​កម្ពុជា​។

    ​អ្នក​បើក​បរ​រថយន្ត​មិន​ត្រូវ​បង់ប្រាក់​ឱ្យ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ផ្លូវ​ល្បឿន​លឿន​ Bac – Nam នៅ​ក្នុង​ប្រទេស​វៀតណាម​ ព្រម​ទាំង​អាច​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​ បើ​សិន​ជ្រើ​សរើស​ផ្លូវ​ដែល​ឆ្លង​កាត់​ប្រទេស​ឡាវ និង​កម្ពុជា​។ ជាក់ស្ដែង បើ​សិន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ឆ្លង​កាត់​ឡាវ និង​កម្ពុជា អ្នក​បើក​បរ​រថយន្ត​នឹង​ចំណាយ​ពេល​ធ្វើ​ដំណើរ​ប្រហែល 30 ម៉ោង​ ដោយមិន​បាច់​ឆ្លង​កាត់​ស្ថានីយ​ប្រមូល​ថ្លៃ​ផ្លូវ​ល្បឿន​លឿន​​ណា​ទាំង​អស់​។

    ក៏ប៉ុន្តែ មនុស្ស​ជា​ច្រើន​មាន​ការ​សង្ស័យ​ថា ពលរដ្ឋ​វៀតណាម​ពិត​ជា​អាច​ឆ្លង​កាត់​ប្រទេស​ជិត​ខាង​ដោយ​ងាយ​ស្រួល និង​​ចំណាយ​ពេលវេលា ក៏​ដូច​ជា​ប្រាក់​កាស​​តិច​ជាង​​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​ ឬ​យ៉ាង​ណា​។

    បញ្ហា​នេះ​ អ្នក​បើក​បរ​ម្នាក់​ឈ្មោះ ស៊ើន វូ ឱ្យ​ដឹង​ថា តាម​ពិត ផ្លូវ​ថ្មី​ដែល​ត្រូវ​បាន​លើក​ឡើង​នេះ​គឺ​សម​ស្រប​​សម្រាប់តែ​​អ្នក​ទាំង​ឡាយ​ណា​ដែល​ចូល​ចិត្ត​ទទួល​យក​បទ​ពិសោធន៍​ថ្មី​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Baomoi

  • BYD បង្ហាញ​ម៉ូដែល​រថយន្ត​អគ្គិសនី​ប្រភេទ​ SUV ខ្នាត​តូច​ថ្មី Yuan Up

    BYD បង្ហាញ​ម៉ូដែល​រថយន្ត​អគ្គិសនី​ប្រភេទ​ SUV ខ្នាត​តូច​ថ្មី Yuan Up

    BYD (OTCMKTS: BYDDF) កំពុង​ដំណើរ​ការ​គម្រោង​សម្រាប់​ម៉ូដែល​ SUV អគ្គិសនី​ថ្មី មាន​ទំហំ​តូច​ ដែល​នេះ​​បង្ហាញ​ថា តម្លៃ​របស់​វា​ទំនង​ជា​នឹង​ទាប​។

    យោង​តាម BYD ម៉ូដែល​រថយន្ត​នេះ​ត្រូវ​បាន​ហៅ​ថា Yuan Up ហើយ​វា​នឹង​ជា​ការ​បំពេញ​បន្ថែម​ថ្មីបំផុត​សម្រាប់​គ្រួសារ​ Yuan របស់​ Build Your Dream​។

    BYD មិន​ទាន់​ប្រកាស​អំពី​ទំហំ​របស់ Yuan Up ប៉ុន្តែ​ ឯកសារ​កន្លង​មក​បង្ហាញ​ថា ម៉ូដែល​រថយន្ត​អគ្គិសនី​នេះ​មាន​បណ្ដោយប្រវែង 4,310 មម, ទទឹង​ 1,830 មម និង​កម្ពស់ 1,675 មម គ្រា​ដែល​បណ្ដោយ​មូលដ្ឋាន​មាន​ប្រវែង 2,620 មម​។

    នេះ​មាន​ន័យ​ថា Yuan Up នឹង​ធំ​ជាង Dolphin ប៉ុន្តែ​មាន​បណ្ដោយ​មូលដ្ឋាន​ខ្លី​ជាង​បន្តិច​។ តម្លៃ​របស់​ BYD Dolphin គឺ​ចាប់​ពី 16,240 ដល់ 19,560 ដុល្លារ​អាម៉េរិក​។ Yuan Up ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង Dolphin អាច​នឹង​មាន​តម្លៃ​ចាប់​ពី 13,100 ដល់ 20,100 ដុល្លារ​អាម៉េរិក​។

    បច្ចុប្បន្ន គ្រួសារ​ត្រកូល Yuan របស់​ BYD រួម​មាន Yuan Plus និង Yuan Pro។ ក្នុង​នោះ Yuan Plus មាន​តម្លៃ​ចាប់​ពី 19,000 ដុល្លារ​ ខណៈ​ Yuan Pro ​មាន​តម្លៃ​ចាប់​ពី 13,400 ដុល្លារ​អាម៉េរិក​។

  • ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ប្រទេស​ថៃ​បាន​រកឃើញ​រ៉ែ​លីចូម (lithium) ជិត 15 លាន​តោន​ ដែល​អាច​រួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​។

    កាល​ពី​ថ្ងៃទី 19 មករា 2024 អ្នក​នាំ​ពាក្យ​រង​របស់​រាជរដ្ឋាភិបាល​ថៃ Rudklao Inttawong Suwankiri បានប្រាប់​សារព័ត៌មាន The Nation ​ថា អាជ្ញាធរ​ប្រទេស​នេះ​បាន​រកឃើញ​រ៉ែ​លីចូម​ប្រមាណ​ 14.8 លាន​តោន​ នៅ​ក្នុង​ខេត្ត​ Phang Nga​។

    «… នោះ​គឺជា​ដំណឹង​ល្អ​។ នេះ​ជា​ឱកាស​ដើម្បី​ឱ្យ​ថៃ​មាន​ម្ចាស់​ការ​ក្នុង​ការ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​» លោក​ស្រី Rudklao ប្រាប់​ The Nation ដូច្នេះ​។

    ការ​រក​ឃើញ​នេះ​នាំ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ដែល​មាន​រ៉ែ​លីចូម​ច្រើន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក បន្ទាប់​ពី​បូលីវី និង​អាហ្សង់ទីន​។​ ក៏ប៉ុន្តែ មិន​ទាន់​ដឹង​ច្បាស់​ថា ថៃ​នឹង​អាច​​ទាញ​យក​រ៉ែ​លីចូម​បាន​ប៉ុន្មាន​លាន​តោន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ​៕

  • BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 18 មករា 2024 ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន​បី​ម៉ូដែល​នៅ​​ឥណ្ឌូណេស៊ី គ្រា​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​រក​វិធី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    BYD បាន​ឈ្នះ​ Tesla ក្នុង​ការ​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ 2023​។ ក្នុង​ដំណាក់​កាល​នោះ រថយន្ត​អគ្គិសនី BYD ប្រមាណ 526,000 គ្រឿង​ត្រូវ​បាន​លក់​ចេញ ក្នុង​នោះ​ ភាគ​ច្រើន​បាន​លក់​ក្នុង​ទីផ្សារ​ចិន​។

    ក្នុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ 3 លាន​គ្រឿង​ ដោយ​បូក​រួម​ទាំង​រថយន្ត​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​កូន​កាត់​អគ្គិសនី (hybrid)។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ BYD មាន​ភាព​លេច​ធ្លោ​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ ដោយ​​រថយន្ត​ដែល​ត្រូវ​បាន​លក់​ចេញ​មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុងនោះ ភាគ​ច្រើន​គឺ​ជារថយន្ត​អគ្គិសនី​តម្លៃ​ទាប​។​

    BYD ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី Dolphin, Atto 3 និង​ Seal នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​​ក្នុង​ទីផ្សារ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៕