Tag: ផលិតផល

  • ជំនួប​កូរ៉េ​ខាងត្បូង​-កម្ពុជា​ ជំរុញ​ការ​បើក​ទីផ្សារ​ ទិញ​ផលិតផល​កម្ពុជា​ និង​ផ្តល់​កម្ចី​ 700លាន​ដុល្លារ​

    ជំនួប​កូរ៉េ​ខាងត្បូង​-កម្ពុជា​ ជំរុញ​ការ​បើក​ទីផ្សារ​ ទិញ​ផលិតផល​កម្ពុជា​ និង​ផ្តល់​កម្ចី​ 700លាន​ដុល្លារ​

    រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ​ 632លាន​ដុល្លារ​ដល់​កម្ពុជា​ បើ​គិត​ពីឆ្នាំ1996​ មកដល់​ឆ្នាំ2018​ គឺ​ចាប់ពី​ពេល​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​ នា​ខែកក្កដា​ ឆ្នាំ1996​ និង​បានសម្រេច​ឱ្យ​មានការ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​ ជា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​។ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ប្រមាណ​ជា​ 300លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ខាងត្បូង​។

    នៅក្នុង​ជំនួប​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ខាងត្បូង​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​អះអាង​ដែរ​ថា​៖“ សាធារណរដ្ឋ​កូរ៉េ​បាន​ផ្តល់​កម្ចី​បន្ថែម​ទៀត​ចំនួន​ 700លាន​ដុល្លារ​ដោយ​ផ្ដោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ធនធានទឹក​ និង​សុខុមាលភាព​សាធារណៈ​ វិស័យ​អប់រំ​ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ និង​វិស័យ​អភិវឌ្ឍន៍​ជនបទ​ មាន​ជាអាទិ៍​ គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អាកាសចរណ៍​ស៊ីវិល​ គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ2​ និង​ផ្លូវជាតិ​លេខ22​ ជាដើម​”។

    ថវិកា​ចំនួន​ 700លាន​ដុល្លារ​នេះ​ សម្រាប់​គម្រោង​ឆ្នាំ2019​ ដល់​ឆ្នាំ2023​ ដោយ​បាន​ធ្វើឡើង​ លើ​កិច្ច​ព្រមព្រៀង​ផ្តល់​ឥណទាន​សម្បទាន​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ លោក​ មូន​ ជេ​អុីន​ (Moon​ Jae​-in​) មកកាន់​កម្ពុជា​។ ក្នុង​វេទិកា​នេះ​ដែរ​ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ និង​អ្នក​វិនិយោគ​កូរ៉េ​ដែល​មិនទាន់​បាន​មក​កម្ពុជា​ សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​អំ​ពី​សក្តា​នុ​ពល​ និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ នឹង​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​។

    សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ការចរចា​ផ្លូវការ​ និង​ធ្វើ​វេទិកា​ធុរកិច្ច​រួមគ្នា​រវាង​កម្ពុជា​ និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​-in​ ដោយ​ការ​ជជែក​ពិភាក្សា​នេះ​ គឺ​“យើង​នឹង​ខិតខំ​បើក​ទីផ្សារ​ ហើយ​យើង​នឹង​ស្នើ​ឱ្យ​កូរ៉េ​ជួយ​ទិញ​ផលិតផល​របស់​កម្ពុជា​បន្ថែម​ទៀត​”។

    យោង​របាយការណ៍​នៃ​ការនាំចេញ​-នាំចូល​របស់​កម្ពុជា​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ បាន​បង្ហាញថា​ នៅ​ឆ្នាំ2018​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​បរទេស​មាន​ចំនួន​សរុប​ 24,985លាន​ដុល្លារ​អាមេរិក​។ ដែល​ក្នុង​នោះ​ នៅ​ឆ្នាំ2018​ ការនាំចេញ​របស់​កម្ពុជា​មានការ​កើនឡើង​ចំនួន10​% ដែល​កំណើន​នេះ​ទទួល​បាន​ពី​ការ​កើនឡើង​នៃ​វិស័យ​កាត់ដេរ​ និង​ការនាំចេញ​ផលិតផល​កសិកម្ម​ និង​ឧស្សាហកម្ម​ តាមរយៈ​ការ​ខិតខំ​បើក​ច្រក​ទីផ្សារ​ នាំចេញ​ទៅកាន់​ជាង​ 147ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ។

    សារព័ត៌មាន​របស់​កូរ៉េ​ Yonhap​ News​ Agency​ កាលពីដើម​ឆ្នាំ2019​ នេះ​បាន​បញ្ជាក់​ថា​ យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​ធនាគារ​នីហរ័ណ​អាហរ័ណ​របស់​កូរ៉េ​បានឱ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ជាង​ 900ក្រុមហ៊ុន​កំពុង​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ការ​វិនិយោគ​រួម​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ1968​ រហូតដល់​ខែកញ្ញា​ ឆ្នាំ2018​ បាន​ឈាន​ដល់​ 2.67ពាន់​លាន​ដុល្លារ​។ បើ​តាម​សមាគមពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កូរ៉េ​បានឱ្យ​ដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ គឺ​មាន​ ចំនួន​ 890លាន​ដុល្លារ​ក្នុង​ឆ្នាំ2018​ ធៀប​នឹង​ 750លាន​ដុល្លារ​ក្នុង​ឆ្នាំ2013​។

    ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon​ Jae​-in​ បាន​ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី14​-16មីនា​ លទ្ធផលជាក់​ស្តែង​ពី​កិច្ច​សហប្រតិបត្តិ​ការ​កំពុង​លេចចេញ​រូបរាង​ឡើង​រវាង​កូរ៉េ​ និង​អាស៊ាន​ ជាក់ស្តែង​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​ធ្វើដំណើរ​រវាង​ប្រទេស​អាស៊ាន​ និង​កូរ៉េ​បាន​កើន​លើស​ 10លាន​នាក់​ ជាលើកដំបូង​កាលពី​ឆ្នាំ2018​។

    ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖ “តាមរយៈ​វេទិកា​ធុរកិច្ច​កម្ពុជា​កូរ៉េ​នេះ​ អ្នក​វិនិយោគ​កូរ៉េ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។ មាន​ចំណុច​វិជ្ជមាន​ជាច្រើន​ ដែល​កូរ៉េ​កំពុង​សហប្រតិបត្តិ​ការ​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​តាមរយៈ​ការ​តភ្ជាប់​ ការ​ផ្លាស់​ប្តូរ​ហិរញ្ញវត្ថុ​ ការ​ផ្លាស់​ប្តូរ​ផ្នែក​ព័ត៌មាន​វិទ្យា​ ការ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ការជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ ព្រោះថា​ ការ​មក​វិនិយោគ​នៅ​កម្ពុជា​ ប្រទេស​កូរ៉េ​បាន​ផ្អែក​លើ​សក្តា​នុ​ពល​ និង​ធនធាន​កម្ពុជា​ដែល​មានស្រាប់​ ដែល​កម្ពុជា​មិនទាន់​ទាញ​យក​សក្តា​នុ​ពល​មក​ប្រើប្រាស់​អស់​នៅឡើយ​”។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​៖“នៅ​កម្ពុជា​មាន​ចិន​ និង​ជប៉ុន​កំពុង​វិនិយោគ​ច្រើន​នៅ​កម្ពុជា​ ហេតុនេះ​គាត់​(កូរ៉េ​)មិន​អាច​នៅ​ស្ងៀម​បានទេ​ គាត់​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​។ ដូច​យើង​បានឃើញ​ស្រាប់ហើយ​ រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ច្រើន​ និង​មាន​ផ្តល់​សម្បទាន​ជាច្រើន​ទៀតផង​”។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​៖ “កម្ពុជា​មាន​សក្តា​នុ​ពល​ជាច្រើន​ដូចជា​ ទី1ផ្នែក​ទេសចរណ៍​ យើង​មាន​តំបន់ឆ្នេរ​ និង​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ ទី2ផលិតផល​កសិកម្ម​ ដែល​អ្នក​វិនិយោគ​កូរ៉េ​អាចប​ង្កើត​រោងចក្រ​កែច្នៃ​ដើម្បី​នាំចេញ​បាន​ ទី3​ យើង​មាន​ធនធាន​រ៉ែ​ច្រើន​ដែល​មិនទាន់​កែច្នៃ​ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​កូរ៉េ​ចូល​មក​វិនិយោគ​បាន​ និង​ទី4​ កូរ៉េ​កំពុង​មាន​ទិសដៅ​ឆ្ពោះ​មកកាន់​តំបន់​អាស៊ាន​ ព្រោះ​អាស៊ាន​មាន​ទីផ្សារ​ធំ​ណាស់​ ដែល​កូរ៉េ​ក៏​ជាស​មា​ជិ​កអាស៊ាន​បូក​ផង​ដែរ​”។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ថា​ ចំណែក​វិស័យ​ឯកជន​ ក៏​យើង​បាន​ទទួល​វិនិយោគិន​ដែល​មាន​ក្រុម​ហ៊ុន​ធំៗ​ដែល​គាត់​អមដំណើរ​មក​ជាមួយ​ដែរ​ ដើម្បី​សែ្វ​ងយ​ល់​ពី​សក្តា​នុ​ពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​។ ខាង​សភា​ពាណិជ្ជកម្ម​យើង​ក៏​នឹង​ទទួល​បានការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ ព្រោះ​ជា​យុទ្ធសាស្ត្រ​របស់​កូរ៉េ​ សំដៅ​មក​ភាគ​ខាងត្បូង​ គឺ​មក​ប្រទេស​អាស៊ាន​ ហើយ​កូរ៉េ​ស្ថិតនៅ​ជាស​មា​ជិ​កអាស៊ាន​បូក​ដែរ​ ដូច្នេះ​កូរ៉េ​គាត់​មានលទ្ធភាព​បណ្តាក់​ទុន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​យើង​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ទៀត​ថា​៖“ហេតុនេះ​ យើង​សង្ឃឹមថា​ ក្រោយ​វេទិកា​ធុរកិច្ច​នេះ​គាត់​នឹង​បន្ថែម​អ្នក​វិនិយោគ​ថែមទៀត​ ព្រោះ​ប្រទេស​កូរ៉េ​ជា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​មួយ​ដែរ​នៅ​តំបន់​អាស៊ី​យើង​នេះ​ គាត់​មាន​អ្នក​វិនិយោគ​ច្រើន​លំដាប់​ទី2​ នៅ​កម្ពុជា​”។

    សូម​បញ្ជាក់​ថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ក៏បាន​កើនឡើង​ដល់160ពាន់​លាន​ដុល្លារ​ផង​ដែរ​។ រដ្ឋាភិបាល​កូរ៉េ​ចង់​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នេះ​ឱ្យ​បាន​ដល់​ 200ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ2020​ ព្រោះ​តំបន់​អាស៊ាន​ គឺជា​តំបន់​យុទ្ធសាស្ត្រ​ និង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​សម្រាប់​កូរ៉េ​ខាងត្បូង​។ តំបន់​នេះ​ជា​មជ្ឈមណ្ឌល​នៃ​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ និង​ជា​តំបន់​ឆ្លងកាត់​៕

  • ផលិតផល Madam K Skin Care បន្ថែមភាពស្រស់ស្អាតដល់យុវវ័យ

    ផលិតផល Madam K Skin Care បន្ថែមភាពស្រស់ស្អាតដល់យុវវ័យ

    ក្រុមហ៊ុន SONNKANIKA Co, Ltd. ជាក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្រស់ម៉ាក Madam K Skin Care ដែលនាំចូលពីប្រទេសម៉ាឡេស៊ី និងមានរូបមន្ត​ពី​ប្រទេស​ស្វីស ឥលូវនេះបានប្រារព្ធធ្វើ ពិធីបើក​សម្ពោធជាផ្លូវការនូវផលិតផលរបស់ខ្លូន កាលពី រសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៨។

    ក្នុងពិធី​សម្ពោធនេះ ក៏មានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន Madam K នៅប្រទេស​ម៉ាឡេស៊ី ព្រមជាមួយនឹងការផ្តល់ជូននូវ ពានរង្វាន់ផ្នែកលក់ផលិតផល​ដាច់ជាងគេ វិញ្ញាបនបត្របញ្ជាក់ពីការសិក្សាផលិតផល វិញ្ញាបនបត្របញ្ជាក់ពីគ្រឿងផ្សំ​ផលិតផល និងវិញ្ញាបនបត្រផ្នែកពិនិត្យស្បែកមុខផងដែរ។

    ថ្លែងក្នុងកម្មវិធីនេះដែរ លោកជំទាវ សុន កណ្ណិកា នាយិកាក្រុមហ៊ុន SONNKANIKA Co, Ltd. បានមានប្រសាសន៍​ថា បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំនាក់​អតិថិជន​ចំពោះ​ការប្រើប្រាស់​ផលិត​ផល​ SK Teeth Whitening សម្រាប់ជួយឲ្យធ្មេញសស្រស់​ស្អាត​កន្លងមក ដូច្នេះតាមរយៈ ភាពជោគជ័យនេះ ក្រុមហ៊ុន​ក៏សម្រេចចិត្តនាំចូលផលិតផល Madam K Skin Care បន្ថែមទៀត សម្រាប់បំពេញនូវភាពស្រស់ស្អាតដល់អ្នកប្រើប្រាស់។

    គួរបញ្ជាក់ផងដែរថា Madam K Skin Care គឺជាផលិតផល​ដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិ​ ដែលធានាប្រសិទ្ធភាពខ្ពស់ ក៏ដូចជាទំនុកចិត្តដល់អ្នកប្រើប្រាស់ដើម្បី​ទទួលបាននូវភាពស្រស់ស្អាត។ ហើយក្នុងនោះ Madam K Skin Care មានផលិតផល​ដូចជា ឡេលាបខ្លូនការពារកំដៅថ្ងៃ សាប៊ូកក់សក់កាត់បន្ថយជ្រុះ បណ្តុះសក់ និងព្យាបាល​សក់ ក៏ដូចជាឈុតព្យាបាល និងថែរក្សាស្បែកមុខជាដើម។

  • ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​កើនឡើង 9.3% ក្នុង​ឆមាស​ទី1

    ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​កើនឡើង 9.3% ក្នុង​ឆមាស​ទី1

    យោងតាម​ក្រសួងពាណិជ្ជកម្ម​បានឱ្យដឹងថាការនាំចេញ​របស់​វិស័យ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តម្លៃ 3.7 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំនេះ បាន​កើនឡើង 9.3%។ លទ្ធផល​ដ៏​រឹងមាំ​នៃ​វិស័យនេះ​ក៏បាន​កើនឡើង​ផងដែរ​នៅក្នុង​អំឡុងពេល​ដ៏​រសើប​មួយ​សម្រាប់​ប្រទេស​កម្ពុជាដោយ​ប្រទេសមួយ​នេះ​បាន​ប្រារព្ធ​ការស្ទង់មតិ​តាមរយៈ​ការបោះឆ្នោត​ថ្នាក់ជាតិ​នីតិកាល​ទី 6 របស់ខ្លួន។

    កំណើន​នៃ​សកម្មភាព​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែក​ជើងបាន​កើនឡើង​យ៉ាងរឹងមាំ​ក្នុងអំឡុង​ឆមាស​ទី 1 នៃ​ឆ្នាំនេះ បើទោះបីជា​មានការ​ព្រមានថ្មីៗពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​ថា​ពួកគេ​អាច​នឹង​លុបចោល​ពាណិជ្ជកម្ម​ដែល​ពេញចិត្ត​នៅ​កម្ពុជា ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនត្រូវ​បាន​កែលម្អ។

    យោងតាម​តួលេខ​ពី​ក្រសួង​នេះ​បានឱ្យដឹងថា ការដឹកជញ្ជូន​វាយ​ន​ភណ្ឌ​ទៅកាន់​ប្លុក​អឺរ៉ុប​បាន​កើនឡើង 10.66% ដែលមាន​តម្លៃ​សរុប​ជាង 1.6 ពាន់​លាន​ដុល្លារ ខណៈ​សហរដ្ឋអាមេរិក​វិញ​បាន​កើនឡើង 10.73 ភាគរយ និង​មានតម្លៃ 858លាន​ដុល្លារ។ ទីផ្សារ​ទាំង2 នេះ​រួមចំណែក 72%លើ​ការនាំចេញ​សរុប​របស់​កម្ពុជា។

    ការនាំចេញ​ទៅកាន់​ប្រទេស​កាណាដា​បាន​កើនឡើង​ជាង 9% ដែលមាន​តម្លៃ 324លាន​ដុល្លារ​ខណៈ​ការនាំចេញ​ទៅកាន់​ពិភពលោក​បាន​កើនឡើង 10.10% និង​មានតម្លៃ 850លាន​ដុល្លារ។

    លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​និយាយថា ការអនុវត្ត​ជារួម​លើ​វិស័យនេះ​មាន​លក្ខណៈគួរឱ្យ​ចាប់អារម្មណ៍ ជាពិសេស​បានគិត​គូរ​ថា ការបោះឆ្នោត​ថ្នាក់ជាតិ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ដល់​វិនិយោគិន​ជាច្រើន។ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នឹង​បន្ត​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់បំផុត​របស់​យើង ដែល​ត្រូវមាន​ទំនុកចិត្ត​ថា​ទំនាក់ទំនង​រវាង​ប្រទេស​យើង​នឹង​ប្រសើរឡើង​តាមរយៈ​ការយល់ដឹង និង​ការគោរព​គ្នា​ទៅវិញទៅមក។

    លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​សារព័ត៌មាន ឡា​រ៉ែ​ន​ថា៖ “ដូច​យើង​បានដឹងហើយថា កម្ពុជា​យើង​ធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ ដូច្នេះ​ទីផ្សារ​កម្ពុ​ជាមាន​ច្រើន​យើង​បាន​បើកទូលាយ​គ្រប់​ប្រទេស​ក្នុងការ​នាំចេញ​មាន​ច្រើន​ទិសដៅ ប៉ុន្តែ​ការងារ​ដែល​លេចឮ​ព័ត៌មាន​មក​ថា នឹង​បិទ​ការនាំចេញ​ពាណិជ្ជកម្ម​ដោយ​សហគមន៍​អឺរ៉ុប​នោះ នៅ​មិនទាន់​ឃើញ​មាន​ទេ គឺ​នៅមាន​របាយការណ៍​ទៅមក​នៅឡើយ តែ​យ៉ាងណា ក៏​យើង​នៅមាន​ច្រក​ដទៃទៀត​ដែរ ព្រោះ​យើង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ទូលំទូលាយ​មិន​ធ្វើ​តែ​ចំពោះ​នរណាម្នាក់​ឡើយ”។

    លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​

    លោក​ថ្លែងថា ចំនួន​លើកទឹកចិត្ត​ក្នុង​កំណើន​នាំចេញ គឺជា​លទ្ធផល​នៃ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ប្រទេស។ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​មាន​សារៈសំខាន់​សម្រាប់​សកម្ម​ភាព​ធុរកិច្ច និង​ការវិនិយោគ។ នេះ​ជា​ប្រភេទ​បរិស្ថាន​ពាណិជ្ជកម្ម​ដែល​ប្រទេស​យើង​ត្រូវការ​ដើម្បី​ធានាឱ្យមាន​ការអភិវឌ្ឍ​បន្ថែមទៀត មិន​ត្រឹមតែ​សម្រាប់​វិស័យ​ដែល​ផ្ដោតលើ​ការនាំចេញ​ទេ ប៉ុន្តែ​សម្រាប់​សេដ្ឋកិច្ច​ទាំងមូល។

    យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សេវា​នាំចេញ-នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុង​រយៈពេល 6ខែ នៃ​ឆ្នាំ2018 នេះ ការនាំ​ទំនិញ​ចេញពី​កម្ពុជា រួមមាន៖ វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ​ជាដើម។ល។ រួមទាំង​ការបញ្ជាទិញ​របស់​ម៉ាកល្បីៗទូទាំង​ពិភពលោកដូចជា​ម៉ាក អា​ឌី​ដាស (Adidas) និង​អេ​ច្ឆ អេ​ន អឹម (H&M)ជាដើម នៅតែ​បន្ត​កើតមាន ដែល​បង្ហាញថាទាំង​ការបញ្ជាទិញ ក៏ដូចជា​ការនាំចេញរ​បស់​កម្ពុជានឹង​នៅតែ​ល្អប្រសើរ ដោយសារ​ប្រទេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ពិសេស​ស្ថានភាព​នយោបាយ​ស្ថិតក្នុង​ភាពប្រក្រតី ក្រោយ​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់។

    កាលពីពេលថ្មីៗនេះ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​ផ្សាយ​ការ​ព្យាករ​សេដ្ឋកិច្ច​ចុងក្រោយ​របស់ខ្លួន ដោយបាន​ដាក់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំនេះ​ចំនួន 7% ដែល​គាំទ្រ​ដោយ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ទេសចរណ៍ និង​សំណង់។ “តាម​ទស្សនវិស័យ ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​ភាពរឹងមាំ ដោយ​ការនាំចេញ​សម្លៀកបំពាក់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​ជាតិ”។

    កម្មករ-កម្មការិនីកំពុងធ្វើការក្នុងរោងចក្រផលិតស្បែកជើងមួយកន្លែង

    សូមបញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​និយាយថាខ្លួន​នឹង​លុបចោល​គម្រោង​អ្វី​គ្រប់យ៉ាង​ដែល​មិនមែនជា​អាវុធ(EBA= the Everything But Arms scheme)ដែល​អនុញ្ញាតឱ្យ​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប និង​កូតា​ដោយ​ឥតគិតថ្លៃ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មិនមាន​ភាពប្រសើរឡើង។

    សហភាព​អឺរ៉ុប គឺជា​គោលដៅ​នាំចេញ​នាំមុខគេ​របស់​កម្ពុជា​ដែលមាន​ចំនួន 40%នៃ​ការនាំចេញ​សរុប។ ទាំងអស់នេះ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ដោយ​កើនឡើង 227% ចន្លោះ​ពី​ឆ្នាំ2011 និង​ឆ្នាំ2016 និង​ឈានដល់ 5ពាន់​លាន​ដុល្លារ​គិត​ជា​តម្លៃ​កាលពី​ឆ្នាំទៅ​មិញ។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី2 ក្នុងចំណោម​អ្នកទទួលផល​ពី EBA ទាក់ទង​នឹង​បរិមាណ​ជួញដូរ៕