Tag: ទូទាំងពិភពលោក

  • ជិត​95,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​(សង្ខេប)

    ជិត​95,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​(សង្ខេប)

    នៅក្នុង​ពិភពលោក​ទាំង​មូល​ មាន​មនុស្ស​ជិត​1.6​លាន​នាក់​បាន​​ឆ្លង​មេរោគ​ និង​ជិត​95,000​នាក់​បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​ សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​បង្អស់​។

    យោង​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins ពិភពលោក​បច្ចុប្បន្ន​ មានមនុស្ស​ចំនួន​1,587,209​នាក់​បាន​ និង​កំពុង​​ផ្ទុក​មេរោគ​ និង​94,850​​នាក់​បាន​បាត់បង់ជីវិត​ដោយសារ​វីរុសCOVID-19 ក្នុង​នោះ​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​មក​នេះ​មាន​ចំនួន​76,105​នាក់ និង​ស្លាប់​ថ្មី​6,512​នាក់​បន្ថែម​ទៀត​។ រីឯ​អ្នក​ដែល​បាន​ជាសះ​ស្បើយ​មា​ន​ចំនួន​353,291​នាក់​។

    សហរដ្ឋ​អាមេរិក​៖ អ្នក​ជំងឺ​សរុប​456,828​នាក់​ និង​អ្នក​ស្លាប់​សរុប​16,294​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​33,693​នាក់​ និង​អ្នក​ស្លាប់​ថ្មី​1,904​នាក់​។

    អេស្ប៉ាញ៖ អ្នកជំងឺ​សរុប​152,446​នាក់ និង​អ្នក​ស្លាប់​សរុប​15,238​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​​4,226​នាក់ និង​អ្នក​ស្លាប់​ថ្មី​446​​នាក់​។

    អ៊ីតាលី​៖ អ្នកជំងឺ​សរុប​143,626​នាក់ និង​អ្នក​ស្លាប់​សរុប​18,279​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​4,204​នាក់​ និង​អ្នក​ស្លាប់​ថ្មី​610​នាក់​។

    អាល្លឺម៉ង់​៖ អ្នក​ជំងឺ​សរុប​116,801​នាក់​ និង​អ្នក​ស្លាប់​សរុប​2,451នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​3,505​នាក់ និង​អ្នក​ស្លាប់​ថ្មី​102​នាក់​។

    បារាំង​៖ អ្នក​ផ្ទុក​មេរោគ​សរុប​118,781​នាក់ និង​អ្នក​ស្លាប់​សរុប​12,228​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​5,831​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,359​នាក់​។

    អង់គ្លេស​៖ អ្នក​ផ្ទុក​មេរោគ​សរុប​65,863​នាក់ និង​អ្នក​ស្លាប់​សរុប​7,992​នាក់​។ អ្នក​ស្លាប់​ថ្មី​មាន​895​នាក់​។ នាយក​រដ្ឋ​មន្ត្រី​ Boris Johnson មាន​សុខ​ភាព​ល្អ​ឡើង​វិញ​ខ្លះ​ៗ​ហើយ​។

    ប្រទេស​ចិន​៖ អ្នក​បាន​ឆ្លង​មេរោគ​សរុប​81,907​នាក់​ និង​អ្នក​ស្លាប់​សរុប​3,336​នាក់​។ ចិន​ទើប​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​85​នាក់​បន្ថែម​ទៀត​ ក្នុង​នោះ​មាន​38​នាក់​ជា​ករណី​នាំ​ចូល និង​47​នាក់​ជា​ករណី​មិន​មាន​រោគ​សញ្ញា​។

    កូរ៉េខាង​ត្បូង​មិន​ទាន់​ប្រកាស​តួលេខ​ថ្មី ប៉ូន្តែ​តួលេខ​ចុង​ក្រោយ​បាន​បង្ហាញ​ថា ប្រទេស​នេះ​មាន​អ្នក​ឆ្លង​មេរោគ​សរុប​81,907​នាក់ និង​ស្លាប់​សរុប​​3,336​នាក់​។

    ប្រទេស​អ៊ីរ៉ង់​៖ អ្នក​ឆ្លង​មេរោគ​សរុប​66,220​នាក់ និង​ស្លាប់​សរុប​4,110​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។

    អាស៊ីអាគ្នេយ៍​៖ ម៉ាឡេស៊ី​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​តំបន់​ដោយ​មាន​អ្នក​ឆ្លង​មេរោគ​សរុប​4,228​នាក់​ និង​ស្លាប់​សរុប​​67​នាក់​។ ចំណែក​ឥណ្ឌូនេស៊ីវិញ គឺជា​ “វាល​ពិឃាត​” របស់​ COVID-19 ដែល​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​ ដោយ​មាន​អ្នក​ស្លាប់​សរុប​280​នាក់ ក្នុង​នោះ​មាន​ករណី​ស្លាប់​ថ្មី​ចំនួន​40​នាក់​បន្ថែម​ទៀត​ ខណៈ​អ្នក​បាន​ឆ្លង​មេរោគ​សរុប​ចំនួន​3,293​នាក់​៕

    ប្រភព៖ សារ​ព័ត៌​មាន​បរទេស

  • WHO ប្រកាស​ជា​ផ្លូវការ​ថា COVID-19 គឺ​ជា​ “ជំងឺរាតត្បាតសកល” ខណៈ​វីរុស​នេះ បាន​សម្លាប់​មនុស្ស​ចំនួន 4,630នាក់នៅ​ទូទាំង​ពិភពលោក​

    WHO ប្រកាស​ជា​ផ្លូវការ​ថា COVID-19 គឺ​ជា​ “ជំងឺរាតត្បាតសកល” ខណៈ​វីរុស​នេះ បាន​សម្លាប់​មនុស្ស​ចំនួន 4,630នាក់នៅ​ទូទាំង​ពិភពលោក​

    ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​ប្រកាស​ថា អង្គ​ការ​នេះ​បាន​វាយ​តម្លៃ​ និង​ចាត់​ទុក​ COVID-19 គឺជា​ “ជំងឺរាត​ត្បាត​សកល” ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក ចាត់​វិធាន​ការ​ខ្លាំង​ក្លា​បំផុត​ដើម្បី​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​នេះ​។

    “យើង​មាន​ករ​ព្រួយ​បារម្ភ​បំផុត​អំពី​កម្រិត​នៃ​ការ​ឆ្លង​រាល​ដាល​ ភាព​ធ្ងន់ធ្ងរ​របស់​វីរុស រួម​នឹង​ការ​ព្រងើយកន្ដើយ​ដ៏គួរ​ឱ្យ​បារម្ភ​នៃ​ភាគី​មួយ​ចំនួន​។ ដូច្នេះ យើង​បាន​វាយ​តម្លៃ​ថា COVID-19 អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា ជំងឺ​រាត​ត្បាត​សកល​”។ នេះ​បើ​តាម​សម្ដី​របស់​ប្រធាន​អង្គការ​សុខ​ភាព​ពិភពលោក​ ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​ កាល​ពី​ម្សិល​មិញ​ នៅ​ឯប្រទេស​ស្វីស។

    លោក Tedros បាន​ឱ្យ​ដឹង​ថា ​តួលេខ​នៃ​ការ​ឆ្លង​មេរោគ​ COVID-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​ឡើងច្រើន​ជាង​មុន​​13ដង ក្នុង​អំឡុង​2សប្ដាហ៍​កន្លង​មក​នេះ​។ លោក​ Tedros បន្ត​ថា “យើង​ព្យាករ​ថា តួលេខ​នៃ​ករណី​ឆ្លង​ ករណី​ស្លាប់ និង​ចំនួន​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ នឹង​កើន​ឡើង​ច្រើន​ និង​​ខ្ពស់​ជាង​នេះ​ ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ និង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​”។

    Mike Ryan អ្នក​គ្រប់​គ្រង​កម្មវិធី​ប្រតិកម្ម​បន្ទាន់របស់​ WHO បាន​ឱ្យ​ដឹង​នៅ​ក្នុងសន្និសីទ​សារ​ព័ត៌មាន​ថា ការ​ដែល​អង្គ​ការ​នេះ​ប្រើ​ពាក្យ​ “ជំងឺរាតត្បាតសកល” ដើម្បី​សំដៅ​ទៅ​លើ​ COVID-19 គឺ​មិន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទាក់​ទិន​នឹង​​វិធី​ទប់​ទល់​របស់​ពួកគេ​នោះ​ទេ​។

    WHO ធ្លាប់​បាន​ប្រកាស​អាសន្ន​ផ្នែក​វេជ្ជ​សាស្ត្រ​នៅ​ទូទាំង​ពិភពលោក​ កាល​ពី​ថ្ងៃទី​30មករា ដែល​កាល​នោះ ចំនួន​​ករណី​ឆ្លង​ COVID-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ មិន​ដល់​100នាក់​ផង។ ប៉ុន្តែ បច្ចុប្បន្ន រោគ​រាត​ត្បាត​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​120ទៅ​ហើយ​។ គិត​មក​ដល់​បច្ចុប្បន្ន ជំងឺរាតត្បាតសកលនេះ បាន​សម្លាប់​មនុស្ស​ចំនួន 4,630នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​ចំនួន​ 126,135​នាក់ នៅ​ទូទាំង​ពិភពលោក​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • មនុស្ស​ជាង​126,000នាក់ បាន​ឆ្លង​វីរុស COVID-19 ក្នុង​នោះ​​ អ្នក​ស្លាប់​បាន​កើន​ដល់​ជាង4,600​នាក់​ នៅ​ទូទាំង​ពិភពលោក​

    មនុស្ស​ជាង​126,000នាក់ បាន​ឆ្លង​វីរុស COVID-19 ក្នុង​នោះ​​ អ្នក​ស្លាប់​បាន​កើន​ដល់​ជាង4,600​នាក់​ នៅ​ទូទាំង​ពិភពលោក​

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​122 នៅ​ទូទាំង​ពិភពលោក ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​126,000នាក់​ ត្រូវ​ឆ្លង​ជម្ងឺ​រលាក​សួត​ប្រភេទ​ថ្មី​​ និងបាន​សម្លាប់​មនុស្ស​ជាង​4,600នាក់ ក្នុង​នោះ​ ​កំណើន​នៃ​ចំនួន​អ្នក​​ស្លាប់​ដោយ​សារ​មេរោគ​នេះនៅ​អ៊ីតាលី លឿន​ជាង​គេ​បង្អស់​។

    ប្រទេស​អ៊ីតាលី បាន​បញ្ជាក់​ថា​ តួលេខ​ថ្មី​នៃ​ចំនួន​អ្នក​ស្លាប់បន្ថែម​គឺ 196ករណី ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 សរុបនៅ​ប្រទេស​នេះ​ ឡើង​ដល់ 827នាក់​។ ប្រទេស​នេះ​ក៏​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន 2,313ករណី នាំ​ឱ្យ​ចំនួនសរុប​នៃ​​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ កើន​ដល់​12,462នាក់ ឈរ​លំដាប់​ទី​2 ក្នុង​ពិភពលោក​។

    នៅ​ប្រទេស​អ៊ីរ៉ង់ ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ កាល​ពី​ថ្ងៃទី​11មីនា គឺ9,000នាក់ កើន​958​ករណី​។ ជាមួយ​នឹង​ករណី​ស្លាប់​ថ្មីចំនួន​63នាក់ អ៊ីរ៉ង់បច្ចុប្បន្ន​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ឡើង​ដល់​354នាក់​។

    ប្រទេស​កូរ៉េខាង​ត្បូង កាល​ពី​ថ្ងៃទី​11មីនា មាន​អ្នក​ឆ្លង​មេរោគ​ចំនួន​242ករណីបន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​សរុប​នៃ​ករណី​ឆ្លង​ក្នុង​ប្រទេស​នេះ កើន​ដល់​ 7,755នាក់​ ក្នុង​នោះ មាន​អ្នក​ស្លាប់​60នាក់​។ កូរ៉េខាង​ត្បូង​ ព្រឹក​នេះ​មិន​ទាន់​បាន​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវ​ការ​អំពី​ស្ថិតិ​ថ្មី​បំផុត​នៅ​ឡើយ​។ ប្រទេសនេះ​ តែង​ប្រកាស​2លើក​ក្នុង​1ថ្ងៃ​ គឺ​ព្រឹក​​ និង​ល្ងាច។

    តួលេខ​នៃ​​ករណី​ឆ្លង​ និង​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិន គិត​មក​ថ្ងៃ​ទី​11មីនា តាម​លំដាប់​លំដោយ​គឺ 80,921នាក់​ និង​ 3,161នាក់​។

    ប្រទេស​ជប៉ុន ក៏​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន 52នាក់​ នាំ​ឱ្យ​ចំនួន​ករណី​ឆ្លង​រោគ​កូរ៉ូណា​ COVID-19 ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ​639នាក់។ ចំណែក​ករណី​ស្លាប់​វិញ មាន​ចំនួន​15នាក់​។

    ប្រទេស​អេស្ប៉ាញ និង​អាល្លឺម៉ង់ មាន​ករណី​​ឆ្លង​រោគ​ថ្មី​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​ ចំនួន​ករណី​ឆ្លង​ថ្មីនៅ​អេស្ប៉ាញ​គឺ​493នាក់ និង​អាល្លឺម៉ង់​គឺ​ 288នាក់​។ ចំនួន​ករណី​ឆ្លង​សរុប​នៅ​អេស្ប៉ាញ គឺ​ 2,188នាក់ ចំណែក​អាល្លឺម៉ង់ គឺ 1,853នាក់។ រីឯ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អេស្ប៉ាញគឺ​ 49នាក់ និង​អាល្លឺម៉ង់ គឺ​មាន​ចំនួន​3នាក់​។

    អង់គ្លេស មាន​ករណី​ឆ្លង​ថ្មី​ចំនួន 73នាក់ ធ្វើឱ្យ​ចំនួនសរុប​នៃ​ករណី​ឆ្លង​ COVID-19 នៅ​ប្រទេស​នេះ កើន​ដល់ 456​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ 6នាក់​។

    ចំណែក​ប្រទេស​ស្វីស ហូឡង់ និង​ស៊ុយ​អែត សុទ្ធ​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ករណី​ថ្មី ​លើស​ពី​ 120នាក់ដូច​គ្នា​។ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណាសរុប​ នៅ​ក្នុង​ប្រទេស​ទាំង​3នេះ គឺ ស្វីស 652នាក់ ហូឡង់ 503នាក់ និងប្រទេស​ស៊ុយ​អែត​មាន 477នាក់​ ហើយ​ប្រទេស​ទាំង​នេះ ក៏សុទ្ធ​តែ​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​1ករណី​ដូច​គ្នា​។ ឯចំនួន​ករណី​ស្លាប់​សរុប​នៃ​ប្រទេស​ទាំង​នេះ គឺ ស្វីស 4នាក់ ហូឡង់ 5នាក់ និង​ស៊ុយ​អែត​ 1នាក់​។

    សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី​ចំនួន​309នាក់ នាំ​ឱ្យ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ក្នុង​ប្រទេស​នេះ កើន​ដល់ 1,303នាក់​។ ករណី​ស្លាប់​ បាន​ឡើង​ដល់​38នាក់​ កើន​7ករណី បើ​ធៀប​នឹង​1ថ្ងៃ​មុន​។

    ករណី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាង​គេ​នៅ​មជ្ឈិម​បូពា៌ នោះ​គឺ​ប្រទេស​កាតារ។ កាល​ពី​ថ្ងៃទី​11មីនា ប្រទេសនេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន 238​ករណី​បន្ថែម​ទៀតក្នុង​ពេល​ត្រឹម​តែ​1ថ្ងៃ​ ខណៈ​មុន​នោះ​1ថ្ងៃ កាតារ​ មាន​អ្នក​ជំងឺ​ត្រឹម​តែ​24នាក់​ប៉ុណ្ណោះ។

    បែលហ្ស៊ិក ហូឡង់ ប៊ុលហ្គារី និង​អៀរឡង់ គឺជា​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដំបូង​​ដោយ​សារ​ COVID-19 កាល​ពី​ម្សិល​មិញ (11មីនា) និង​នៅ​ព្រឹក​នេះ។

    ប្រទេស​ហុងឌូរ៉ាស (នៅអាមេរិកកណ្ដាល) និងកូតឌីវ័រ (នៅ​អាហ្វ្រិក​ខាង​លិច) រួម​នឹង​កោះ Reunion របស់​បារាំង គឺ​ជា​ទឹក​ដី​ចុង​ក្រោយ​ដែល​បាន​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស