Tag: ទឹក

  • សំណង់​ថ្មី​​មួយ​ក្រុម​ដែល​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ឌូបៃ

    សំណង់​ថ្មី​​មួយ​ក្រុម​ដែល​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ឌូបៃ

    តំបន់​ចម្រុះ​ One Za’abeel ដែល​រួម​មាន​អគារ​ចំនួន​​ពីរ​ កម្ពស់​ 305 ម៉ែត្រ និង 235 ម៉ែត្រ ហើយ​នៅ​កណ្ដាល​គឺជា​ស្ពាន​ដែល​មាន​ប្រវែង 230 ម៉ែត្រ​​ដ៏​ពិសេស​។

    តំបន់​ចម្រុះ​ One Za’abeel ដែល​ទើប​សង់​ថ្មី​នៅ​ឌូបៃ របស់ អេមីរ៉ាត​អារ៉ាប​រួម​ ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​ហ៊ុន​ជប៉ុន Nikken Sekkei។ One Za’abeel មាន​រចនា​សម្ព័ន្ធ cantilever វែង​បំផុត​លើពិភពលោក​ ពោល​គឺ​ប្រហែល 66 ម៉ែត្រ​។ នេះ​បើ​តាម​ Design Boom ចុះ​ផ្សាយ​កាលពី​ថ្ងៃទី 01 មករា 2024​។ Cantilever គឺជា​រចនា​សម្ព័ន្ធ​ផ្ដេក​​ដែល​ត្រូវ​បាន​ភ្ជាប់​តែ​មួយ​ចំហៀង​ទៅ​នឹង​សសរ​បញ្ឈរ​។

    One Za’abeel រួម​មាន​អគារ​កប់​ពពក​ចំនួន​ពីរ​ គឺ The Tower និង The Residences ដែល​តភ្ជាប់​នឹង​គ្នា​ដោយ​ស្ពាន​បិទជិត​មួយ​ដែល​មាន​ឈ្មោះ​ថា The Link។ ដោយ​ស្ថិត​នៅ​ច្រក​ចូល​ទៅ​កាន់​តំបន់​ហិរញ្ញវត្ថុ​នៅ​កណ្ដាល​ក្រុង​ឌូបៃ គម្រោង​នេះ​គឺជា​ចំណុច​លេច​ធ្លោ​ចំពោះ​ភ្ញៀវ​ដែល​មក​ពី​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ឌូបៃ​។

    សំណង់​នេះ​ឆ្ពោះ​ទៅ​រកការ​បង្កើត​សហគមន៍​សកម្ម​ធំ​មួយ​ ដែល​​បម្រើ​​ប្រជាជន និង​ភ្ញៀវ​អន្តរ​ជាតិ។​ ក្នុង​នោះសំណង់​នេះ​ផ្ដល់​​​ជម្រើស​​ច្រើន​ដល់​ភ្ញៀវ​ទេសចរណ៍​​ មាន​ដូច​ជា ភោជនីយដ្ឋាន​ ហាង​លក់​រាយ​ តំបន់​សម្រាប់ការិយាល័យ សណ្ឋាគារ លំហ​បៃតង សួន​ច្បារ និង​អាង​ហែល​ទឹក​។ល។

  • យន្តហោះ​អ៊ីដ្រូសែន​​របស់​ចិន បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​ជើង​ដំបូង​

    យន្តហោះ​អ៊ីដ្រូសែន​​របស់​ចិន បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​ជើង​ដំបូង​

    កំណែ​គំរូ​នៃ​យន្តហោះ​អ៊ីដ្រូសែន​ដែល​ក្រុម​វិស្វករ​ចិន​អភិវឌ្ឍ​ មាន​ល្បឿន​ 180 គីឡូម៉ែត្រ​/ម៉ោង និង​មាន​រំញ័រ​តិច​ជាង​ បើធៀប​នឹង​បណ្ដា​យន្តហោះ​ដែល​មាន​ល្បឿន​ប្រហាក់​ប្រហែល​នេះ​។

    យន្តហោះ​គំរូ​ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង​អ៊ីដ្រូសែន​ 4 កៅអី របស់​ចិន​ បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​ដោយ​ជោគ​ជ័យ នៅលើ​ទឹក​ដី​នៃ​ខេត្ត​ Liaoning ភាគ​ឦសាន​ប្រទេស​នេះ​កាល​ពី​ថ្ងៃទី 29 មករា​។ យោង​តាម​អ្នក​បើក​បរ Xu Xiaoben នៅ​ពេល​​ស្ថិត​​លើ​កម្ពស់​ 200 ម៉ែត្រ យន្តហោះ​នេះ​មាន​កម្រិត​រំញ័រ​អាច​ទទួល​យក​បាន​ និង​​មាន​ប្រសិទ្ធភាព​ខ្ពស់​។

    យន្តហោះ​នេះ​មាន​បណ្ដោយ​ប្រវែង 8.2 ម៉ែត្រ និង​អាច​ផ្ទុក​អ៊ីដ្រូសែន​សម្ពាធ​ខ្ពស់​រហូត​ដល់ 4.5 គីឡូក្រាម​។ ល្បឿន​របស់​វា​គឺ​ប្រហែល 180 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ថាមពល​របស់​ម៉ាស៊ីន​ឈាន​ដល់ 120 គីឡូវ៉ាត់​ ជួយ​ឱ្យ​យន្តហោះ​អាច​ហោះឡើង និង​ចុះ​ចត​នៅ​លើ​ព្រលាន​យន្តហោះ​ភាគ​ច្រើន​ ក៏​ដូច​ជា​អាច​​ដំណើរ​ការ​រៀង​រាល់​ថ្ងៃ​។

    យន្តហោះ​គំរូ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​ 2024AERO ក្នុង​​ប្រទេស​អាល្លឺម៉ង់ នៅ​ក្នុង​ខែ​មេសា​ខាង​មុខ។ នេះ​គឺជា​យន្តហោះ​អាច​ប្រើ​ប្រាស់​អាកាសយានដ្ឋាន​រួម​ និង​ដំណើរ​ការ​ដោយអ៊ីដ្រូសែន​ដំបូង​ដែលចិន​​អភិវឌ្ឍ​​ដោយ​ខ្លួន​ឯង​៕

  • ទារក​ដំបូងនៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​បេះដូង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ បាន​ចាប់​កំណើត​ហើយ

    ទារក​ដំបូងនៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​បេះដូង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ បាន​ចាប់​កំណើត​ហើយ

    ទារក​ម្នាក់​ដែល​ធ្លាប់ឆ្លង​កាត់​ការ​វះកាត់​ធំ​មួយ ​គ្រា​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ ព្រោះ​តែ​ជំងឺ​បេះដូង​ពី​កំណើត​ បាន​ចាប់​កំណើត​ហើយ និង​មាន​ទម្ងន់​ 2.9 គីឡូក្រាម ហើយ​ស្រែក​យំ​ដោយសំឡេង​ធំ​ទៀត​ផង​។ នេះ​គឺជា​ទារក​ដំបូង​នៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​ជំងឺ​បេះដូង​ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​។

    ទារក​ខាង​លើ​នេះ​បាន​ចាប់​កំណើត​ដោយ​ការ​វះកាត់​នៅ​វេលា​ម៉ោង​ 9 និង 17 នាទី​ព្រឹក​ ថ្ងៃទី 30 មករា 2024​។ យោងតាម​សារព័ត៌មាន​វៀតណាម នេះ​គឺជា​ករណី​ដំបូង​គេ​នៅ​វៀតណាម និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ទាក់​ទង​នឹង​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។

    ក្រោយ​ពី​ការ​វះកាត់​ផ្ដល់​កំណើត មន្ត្រី​ជំនាញ​នៅមន្ទីរ​ពេទ្យ​កុមារ​ក្រុង​ហូជីមិញ (ព្រៃនគរ) និង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ទៀត​ ឱ្យ​ដឹង​ថា SpO2 ឡើង​ដល់ 89% ដោយ​ទារក​ដក​ដង្ហើម​បាន​​តាម​ធម្មជាតិ​។ ម្ដាយ​ និង​ទាក​សុទ្ធ​តែ​មាន​សុវត្ថិភាព​។

    មុន​នោះ កាល​ពី​ថ្ងៃទី 4 មករា ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង​ព្រៃ​នគរ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាល​បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​មាន​អាយុ​ 32 សប្ដាហ៍​។ អ្នក​ម្ដាយ​ដែល​ស្ថិត​ក្នុង​ករណី​ពិសេស​នេះ​ មាន​អាយុ 28 ឆ្នាំ មក​ពីខេត្ត​ដាណាំង​។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ព្យាបាល​ជា​ពិសេស​នេះ គឺដោយសារ​ទឹក​ចិត្ត​របស់​អ្នក​ម្ដាយ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​វេជ្ជបណ្ឌិត​។ 

    យោង​តាម​ក្រុម​អ្នកជំនាញ បច្ចេក​ទេស​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដូច​ករណី​នេះ​ គឺ​ទើបតែត្រូវ​បាន​អភិវឌ្ឍ​​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ​តែប៉ុណ្ណោះ​។ លើ​ពិភពលោក​ មាន​តែ​ប្រទេស​តិច​តួច​ប៉ុណ្ណោះ​ដែល​ធ្វើ​បាន​ជោគ​ជ័យ ក្នុង​នោះ​មាន​ប្រេស៊ីល និង​ប៉ូឡូញ​ជា​ដើម​៕

  • ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នៅ​កម្ពុជា​ នឹង​មាន​កំណើន​វិជ្ជមាន

    ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នៅ​កម្ពុជា​ នឹង​មាន​កំណើន​វិជ្ជមាន

    ការ​ព្យាករ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា (CAIF) បាន​បង្ហាញ​ថា ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នឹង​មាន​កំណើន​ជា​វិជ្ជមាន​ ដោយ​នឹង​កើន​ប្រមាណ​ 15% ក្នុង​នោះ ទីផ្សារ​រថយន្ត​ថ្មី​នឹង​បន្ត​កើន​ឡើង​ ស្រប​ពេល​ដែល​រថយន្ត​ជជុះ​នឹង​បន្ត​ធ្លាក់​ចុះ​។

    យោង​តាម CAIF អត្រា​នៃ​ការ​លក់​រថយន្ត​ក្នុង​ឆ្នាំ​ 2023 បាន​ធ្លាក់ចុះ​ប្រមាណ​ជាង 20% ក្នុង​នោះ រថយន្ត​ជជុះ​បាន​ធ្លាក់​ចុះ​ប្រមាណ 30% បើ​ធៀប​នឹង​ឆ្នាំ​ 2022។ ក៏ប៉ុន្តែ សន្ទុះ​នៃ​ការ​វិនិយោគ​លើ​រោង​ចក្រ​ដំឡើង​រថយន្ត និង​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ថ្មី​ នៅ​តែ​បន្ត​មាន​សកម្មភាព​វិនិយោគ​ ក៏​ដូច​ជា​ពង្រីក​សាខា​ចែក​ចាយ​រថយន្ត​ថ្មី​។ ប្រការ​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​នៃ​វិស័យ​ឧស្សាហកម្ម​យាន​យន្ត​របស់​កម្ពុជា​។

    មន្ត្រី​នៅ​ CAIF បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​​នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​បន្ត​ជំរុញ ទាក់​ទាញ​​ការ​វិនិយោគ​ផ្នែក​យាន​យន្ត​ពី​បរទេស​មក​កាន់​កម្ពុជា​​បន្ថែម​ទៀត និង​ធានាដល់​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា​ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​នាំចូល​ និង​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី និង​ការវិនិយោគ​លើ​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​ជា​ដើម​។ នេះ​បើ​តាម​របាយ​ការណ៍​ពី​កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា ដែលបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី 25 មករា 2024​។

  • នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

    នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

    (ភ្នំពេញ) ៖ ស្ពានអាកាសព្រះមុនីវង្ស ដែល​ស្ថិត​នៅទីតាំង​​ប្រសព្វគ្នា​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ​ 60 ម៉ែត្រ) និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ 271) ​គ្រោង​នឹង​បញ្ចប់​ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។

    ស្ពានអាកាសព្រះមុនីវង្សដែល​មានកម្ពស់ 2 ជាន់​នេះ​ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 31 សីហា 2022។ តាមផែនការ ​ជំហានទីមួយ​នៃ​គម្រោង​នេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ក្នុង​ឆ្នាំ​ 2024 ខណៈ​ដែល​ជំហានទីពីរ​នឹងបញ្ចប់មុនបុណ្យ​ចូលឆ្នាំខ្មែរ​ ក្នុង​ឆ្នាំ 2025​។

    ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​សាងសង់​ដោយក្រុម​ហ៊ុ​ន​វិ​​និយោ​គ​ទុន​អា​ណិ​ក​ជ​​ន​កម្ពុ​ជា​ (O​C​​IC) គ្រោងចំណាយថវិកា 36,775,000 ដុល្លារ​អាម៉េរិក និង​​ចំណាយពេលសាងសង់ជាង 30 ខែ គ្រោង​នឹង​បញ្ចប់ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។

    គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស​ក្បាល​ថ្នល់

    បន្ទាប់​ពី​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ស្ពានអាកាស​ស្ថិតក្នុងទឹកដីខណ្ឌចំការមន និង​ខណ្ឌមានជ័យនេះ​ នឹង​រួម​ចំណែក​យ៉ាង​ធំ​​ក្នុង​ការ​​កាត់បន្ថយ​ស្ថាន​ភាព​កក​ស្ទះ​ចរាចរណ៍នៅ​រាជធានីភ្នំពេញ៕

  • ក្រុម​ហ៊ុន​ចិន​ចំណាយ 1.64 លាន​ដុល្លារ​ ដើម្បី​ផ្ដល់​រង្វាន់​ចុង​ឆ្នាំ​​ដល់​កសិករ

    ក្រុម​ហ៊ុន​ចិន​ចំណាយ 1.64 លាន​ដុល្លារ​ ដើម្បី​ផ្ដល់​រង្វាន់​ចុង​ឆ្នាំ​​ដល់​កសិករ

    ក្រុម​ហ៊ុន​កសិកម្ម​មួយ​នៅ​ក្នុង​ខេត្ត​ជាំងស៊ី ​ប្រារព្ធ​កម្មវិធី​ផ្ដល់រង្វាន់​​ចុង​ឆ្នាំ​​ជា​ទឹក​ប្រាក់​សរុប 11.69 លាន​យុន (1.64 លាន​ដុល្លារ​អាម៉េរិក) ដល់​កសិករ​ បន្ទាប់​ពីបាន​​ធ្វើ​កសិកម្ម​ពេញ​មួយ​ឆ្នាំ​ដោយ​ជោគ​ជ័យ​។

    ស្ថាប័ន​ដែល​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​កសិករ​ខាងលើ​ គឺ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា ក្រុម​ហ៊ុនកសិកម្មបៃតង នៅ​ក្នុង​ខេត្ត​ជាំងស៊ី (Jiangxi) ភាគ​អាគ្នេយ៍​ប្រទេសចិន​។

    នេះ​គឺជា​ឆ្នាំ​ទី 13 ហើយ​ដែល​ក្រុម​ហ៊ុន​ខាងលើ​បាន​ផ្ដល់​ប្រាក់​រង្វាន់​ចុង​ឆ្នាំ​ដល់​កសិករ ​ដែល​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​។ ក្នុង​រយៈ​ពេល 13 ឆ្នាំ​មកនេះ ក្រុម​ហ៊ុន​សកិកម្ម​បៃតង បាន​ផ្ដល់ប្រាក់​រង្វាន់​ដល់​កសិករ​សរុប​ចំនួន 7.6 លាន​ដុល្លារ​អាម៉េរិក​។

  • ធាតុ​របស់​បុគ្គល​រូប​ណា​ដែល​ត្រូវ​បាន​បញ្ចុះ​លើ​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​?

    ធាតុ​របស់​បុគ្គល​រូប​ណា​ដែល​ត្រូវ​បាន​បញ្ចុះ​លើ​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​?

    ភូគព្ភវិទូ​ Eugene Shoemaker ធ្វើ​ការ​ឱ្យ​ណាសា បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ចុះ​ធាតុ​នៅ​លើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​កាល​ពី​ឆ្នាំ 1998​។

    ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន Celestis ដែល​ផ្ដល់​សេវា​កម្ម​បញ្ចុះ​ធាតុ​ក្នុងទី​​អវកាស បាន​ទទួល​ធាតុ​របស់​បុគ្គល​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ ដាក់​លើ​យាន​ចុះ​ចត Peregrine របស់​ Astrobotic ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ។ ក៏ប៉ុន្តែ នេះ​មិន​មែន​ជា​បេសកកម្ម​ពាណិជ្ជកម្ម​ដំបូង​គេដែល​​នាំ​យក​ធាតុ​មនុស្ស​ឡើង​ទៅ​បញ្ចុះ​លើ​ផ្ទៃ​ព្រះ​ចន្ទ​នោះ​ទេ​។ មុន​នោះ ធាតុ​ទម្ងន់ 28 ក្រាម​របស់​អ្នក​វិទ្យាសាស្ត្រ Shoemaker ត្រូវ​បាន​ក្រុម​ហ៊ុន Celestis  ដាក់​លើ​យាន​ Lunar Prospector របស់​ណាសា និង​ត្រូវ​បាន​នាំ​យក​ទៅ​បញ្ចុះ​​លើឋាន​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 06 មករា 1998​។

    លោក Shoemaker គឺជា​ភូគព្ភ​វិទូ​ភព​ដ៏ល្បី​ល្បាញ​។ ជំនាញ​របស់​លោក​រួម​មាន ការ​ជ្រើស​រើស​ និង​បង្ហាត់​បង្រៀន​អ្នក​អវកាស​ Apollo អំពី​ភូគព្ភ​សាស្ត្រ​ និងរណ្ដៅ​​លើ​ឋាន​ព្រះ​ចន្ទ​ រួម​នឹង​ការ​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​ស្វែង​រក​ទឹក​លើឋាន​ព្រះ​ចន្ទ​។ល។

    ក្រោយ​ពី​បេសកកម្ម​ Apollo លោក Shoemaker ក៏​បន្ត​ធ្វើ​ការ​ក្នុង​បេសកកម្ម​ Voyager ក៏ដូច​ជា​ Clementine របស់​ណាសា​ ដើម្បី​ស្វែង​រក​ទឹក​លើ​ឋាន​ព្រះ​ចន្ទ​។ លោក​បាន​ក្លាយ​ជា​ប្រធាន​ដំបូង​នៃ​កម្មវិធី​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ​អវកាស​របស់​នាយកដ្ឋាន​ស្រាវ​ជ្រាវ​ភគព្ភ​សាស្ត្រ​អាម៉េរិក (USGS)​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​​ក៏​តែង​តែ​ចង់​ក្លាយ​ជា​អ្នក​អវកាស​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ ដោយ​សារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​។

    លោក Eugene Shoemaker

    ដើម្បី​ជា​ការ​តបស្នង​សង​គុណ​ដល់​លោក Shoemaker ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ ក៏​បាន​សម្រេច​ចិត្ត​បញ្ចុះ​ធាតុ​របស់​លោក នៅ​លើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​។

    ជើង​ហោះ​ហើរ​ទី​ពីរ​របស់​ក្រុម​ហ៊ុន Celestis ដែល​មាន​ឈ្មោះ​ថា Tranquility កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ពេល​យាន​ Peregrine ដឹក​ធាតុ​ និង​ DNA របស់​បុគ្គល​ល្បី​ឈ្មោះ​ចំនួន 66 រូប ក្នុង​នោះ​ក៏មាន​អតីត​ប្រធានាធិបតី​អាម៉េរិក​ជា​ច្រើន​រូប​ ឡើង​ទៅ​បញ្ចុះ​លើ​ឋាន​ព្រះ​ចន្ទ​៕

  • កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    ក្នុង​រយៈ​ពេល​ 12 ខែ​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ សម្រេច​បាន​ជាង 656 ពាន់​តោន ស្មើ​នឹង​ តម្លៃ​ 466 លាន​ដុល្លារ​អាម៉េរិក​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 មាន​កំណើន​លើ​បរិមាណ 3% និង​ចំនួន​ទឹក​ប្រាក់​មាន​កំណើន 13% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    CRF ឱ្យ​ដឹង​ថា ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា រួម​មាន 61 គោលដៅ​ ក្នុង​នោះ​មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ (138 លាន​​ដុល្លារ​អាម៉េរិក), 26 ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (191 លាន​ដុល្លារ​អាម៉េរិក)​, 7 ប្រទេស​ជា​សមាជិក​អាស៊ាន​ (62 លាន​ដុល្លារ​)​, 26 ប្រទេស​នៅ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា (76 លាន​ដុល្លារ​អាម៉េរិក​)​។

    ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ស្មើ​នឹងជាង 82%, អង្ករ​គ្រាប់​វែងជិត 13%, អង្ករ​សគ្រាប់​ខ្លី 0.03%, អង្ករចំហុយជិត 3%, អង្ករសរីរាង្គ 1.62% និង​អង្ករ​ដំណើប 0.20%​៕

  • រថយន្ត​អគ្គិសនី​បង្កើត​បាន​កំណត់​ត្រា​ថ្មី៖​ «បរ​​ឡើង​ដល់​កម្ពស់ 6,500 ម៉ែត្រ​»

    រថយន្ត​អគ្គិសនី​បង្កើត​បាន​កំណត់​ត្រា​ថ្មី៖​ «បរ​​ឡើង​ដល់​កម្ពស់ 6,500 ម៉ែត្រ​»

    (ប្រទេស​ស៊ីលី) – រថយន្ត​អគ្គិសនី​ Terren ដែល​ប្រើ​ប្រាស់​ថាមពល​ព្រះអាទិត្យ​ បង្កើត​បាន​ប្រវត្តិសាស្ត្រ​ថ្មី នៅ​ពេល​បរ​ឡើង​ខ្នង​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​​។

    ក្រុម​ Peak Evolution ដែល​មាន​គ្នា 3 នាក់ ​ធ្វើ​ការ​នៅ​ប្រទេស​ស្វ៊ីស បើកបរ​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ Terren ឡើង​ខ្នង​ភ្នំ​ភ្លើង​ Ojos del Salado នៅ​ប្រទេស​ស៊ីលី​ ដែល​ជា​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​។ នេះ​គឺជា​លើក​ដំបូងដែល​​រថយន្ត​អគ្គិសនី​អាច​បរ​ឡើងដល់​កម្ពស់ 6,500 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹក​សមុទ្រ​។ យោង​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 27 ធ្នូ នេះ​គឺ​ជា​ជំហាន​ថ្មី​របស់​បច្ចេកវិទ្យា​បៃតង។

    រថយន្ត Terren សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​ គឺជា​រថយន្ត​ដឹក​ទំនិញ​ដែល​ត្រូវ​បាន​កែ​ច្នៃ​ពី​រថយន្តម៉ូដែល Aebi VT450 Transporter របស់​ក្រុម​ហ៊ុន​ស្វ៊ីស Aebi Schmidt​។ សមាជិក​របស់​ក្រុម​ Peak Evolution បាន​អភិវឌ្ឍ​ Terren ឱ្យ​ទៅ​ជា​រថយន្ត​អគ្គិសនី​ពហុមុខ​ងារ​។

    Terren បំពាក់​ប្រព័ន្ធ​បើកបរ​កង់​ក្រោយ​ដើម្បី​បង្កើន​ភាព​បត់បែន​ និង​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី 90kWh ដែល​អាច​ធ្វើដំណើរ​បាន 200 គីឡូម៉ែត្រ​ បន្ទាប់​ពី​បាន​បញ្ចូល​ថាមពល​មួយ​ពេញ​។ ប្រព័ន្ធ​ថាមពល​បម្រុងដែល​​រួម​មាន ថ្ម​ផ្ទុក​អគ្គិសនី​ 3 គ្រាប់​ ​ជួយ​ឱ្យ​រថយន្ត​នេះ​ដំណើរ​ការ​ដោយ​រលូន​។

    កាលពី​ចុង​ខែ​វិច្ឆិកា 2023 ក្រុម​ Peak Evolution សម្រេច​បាន​ជំហាន​សំខាន់​ នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ដល់​កម្ពស់​​ជាង 6,000 ម៉ែត្រ​ ដែល​បំបែក​កំណត់ត្រា​របស់​រថយន្ត​អគ្គិសនី​។ ប្រហែលមួយ​សប្ដាហ៍​ក្រោយ ពួក​គេ​បន្ត​បង្កើត​បាន​កំណត់​ត្រា​ថ្មី ដោយ​ឡើង​ដល់​កម្ពស់ 6,500 ម៉ែត្រ​។ បន្ទាប់​ពី​បង្កើត​បាន​កំណត់​ត្រា​ថ្មី ក្រុម​​នេះ​មាន​គម្រោង​បន្ត​ការ​សាកល្បង និងអភិវឌ្ឍ​​រថយន្ត​អគ្គិសនី​នេះ មុន​នឹង​ដាក់​ឱ្យ​ធ្វើ​ពាណិជ្ជកម្ម​៕

    រថយន្ត​នេះ​ប្រើ​ប្រាស់​ផ្ទាំងសូឡាលើ​ដំបូល និង​លើ​ដី​ដើម្បី​បញ្ចូល​ថាមពល​
  • វិធី 6 យ៉ាង​ជួយ​ឱ្យ​​ស្រួល​ដក​ដង្ហើម​ក្នុង​រដូវ​រងា​

    វិធី 6 យ៉ាង​ជួយ​ឱ្យ​​ស្រួល​ដក​ដង្ហើម​ក្នុង​រដូវ​រងា​

    អ្នក​ទាំង​ឡាយ​ដែល​តែង​តែ​មាន​អាការ​ពិបាកដកដង្ហើម គួរ​តែ​ចៀស​វាង​ការ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅផ្ទះ​ និង​កាត់បន្ថយ​ការ​ប៉ះពាល់​ផ្សែង​បារី​ជា​ដើម ដើម្បី​ទប់​ទល់​នឹង​ប្រតិកម្ម​របស់​ផ្លូវ​ដង្ហើម​។

    អាកាសធាតុ​ត្រជាក់​​អាច​បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​ចំពោះ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។ សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នឹង​ធ្វើ​ឱ្យ​ផ្លូវ​ដង្ហើម​ត្រូវ​រួម​តូច​ នាំ​ឱ្យ​កើត​មាន​អាការ​មួយ​ចំនួន មាន​ដូច​ជា ពិបាក​ដកដង្ហើម សំឡេង​​ដង្ហើម​ពិបាក​ស្ដាប់ ​បង្កើន​ការ​ផលិតជាតិ​ទឹក​រងៃ និង​ក្អក។ល។

    ដើម្បី​កាត់បន្ថយ​អាការ​ទាំង​នេះ អ្នក​ដែល​ជួប​បញ្ហា​អាច​អនុវត្ត​តាមវិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម នៅ​ពេល​អាកាសធាតុ​ត្រជាក់​​៖

    1-ហាត់​ប្រាណ​នៅ​ក្នុង​ផ្ទះ

    2-ពាក់​ម៉ាស និង​ពាក់​មួក​ឱ្យ​ជិត​ត្រចៀក

    3-ចៀសវាង​ការ​អាំង​ភ្លើង​ដែល​មាន​ផ្សែង​

    4-ចៀស​វាង​កត្តា​ផ្សេង​ៗ​ដែល​នាំ​ឱ្យ​ពិបាក​ដកដង្ហើម មាន​ជា​អាទិ៍ ផ្សែង​បារី ផ្សែង​ភ្នក់ភ្លើង​ ផ្សែង​ឡាន ចំហាយ​គីមី ធូលី។ល។

    5-លេប​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា បើ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​

    6-ផឹកទឹក​ឱ្យ​បាន​គ្រប់​គ្រាន់

    7-គ្រប់​គ្រង​ភាព​តាន​តឹង​ឱ្យ​បាន​ល្អ​