Tag: ចិន

  • BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 18 មករា 2024 ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន​បី​ម៉ូដែល​នៅ​​ឥណ្ឌូណេស៊ី គ្រា​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​រក​វិធី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    BYD បាន​ឈ្នះ​ Tesla ក្នុង​ការ​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ 2023​។ ក្នុង​ដំណាក់​កាល​នោះ រថយន្ត​អគ្គិសនី BYD ប្រមាណ 526,000 គ្រឿង​ត្រូវ​បាន​លក់​ចេញ ក្នុង​នោះ​ ភាគ​ច្រើន​បាន​លក់​ក្នុង​ទីផ្សារ​ចិន​។

    ក្នុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ 3 លាន​គ្រឿង​ ដោយ​បូក​រួម​ទាំង​រថយន្ត​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​កូន​កាត់​អគ្គិសនី (hybrid)។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ BYD មាន​ភាព​លេច​ធ្លោ​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ ដោយ​​រថយន្ត​ដែល​ត្រូវ​បាន​លក់​ចេញ​មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុងនោះ ភាគ​ច្រើន​គឺ​ជារថយន្ត​អគ្គិសនី​តម្លៃ​ទាប​។​

    BYD ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី Dolphin, Atto 3 និង​ Seal នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​​ក្នុង​ទីផ្សារ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៕

  • ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ និង​អឺរ៉ុប ត្រូវ​ដាំក្បាល​ចុះ ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក​ Tesla បន្ត​ទម្លាក់​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​។

    នៅ​លើ​ផ្សារ​មូលបត្រ​ហុងកុង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ NIO (ចិន) នា​ថ្ងៃ​នេះ​ បាន​ធ្លាក់​ចុះ​ 9.6%​ ធ្វើ​ឱ្យ​ភាគហ៊ុន​នេះ​បាត់​បង់សរុប​​ 33% រាប់​ចាប់​ពី​ដើម​ឆ្នាំ 2024​ គ្រា​ដែល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិនមួយ​ផ្សេង​ទៀត​ គឺ XPeng ក៏​បាត់​បង់ 9.9% និង​ Zhejiang Leapmotor Technology ថយ​ចុះ​ 5.1%​។

    នៅ​ទ្វី​ប​អឺរ៉ុប​វិញ ភាគហ៊ុន Volkswagen កាល​ពី​ល្ងាច​នេះ​ក៏​ថយ​ចុះ 2.1%​ ក្នុង​ពេល​ Stellantis និង Mercedes-Benz ក៏​បាន​បាត់​បង់​ជាង 1%​ ខណៈ​ Renault និង BMW ថយ​ចុះ​ជាង 2%​។

    យោង​តាម​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន Daiwa Capital Markets ការ​បញ្ចុះ​តម្លៃ​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Tesla បាន​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​រួម​របស់​វិស័យ​ផលិត​រថយន្ត​។ សម្ពាធ​នៃ​ការ​បញ្ចុះ​តម្លៃ​ បូក​រួម​នឹង​លទ្ធផល​នៃ​ការ​លក់​រថយន្ត​ក្នុង​ខែមករា​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ មិន​បាន​ដូច​បំណង បាន​នាំ​ឱ្យ​មាន​រលក​នៃ​ការ​លក់ចោល​​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​នេះ​៕

  • សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    បើទោះ​ជា​ជួប​ឧបសគ្គ​ច្រើន​ ប៉ុន្តែផលិតផល​ក្នុង​ស្រុក​សរុប​របស់ប្រទេស​​ចិន​ ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ នៅ​តែ​មាន​កំណើន​ជាង 5% នៅ​ក្នុង​ឆ្នាំ 2023​ ស្រប​នឹង​គោល​ដៅ​ដែល​បាន​កំណត់​។

    តួលេខ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​ជាតិ​ស្ថិតិ​ចិន​ ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃទី 17 មករា​នេះ​។ គោល​ដៅកំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2023 ដែល​ប្រទេស​នេះ​បាន​ដាក់​ចេញ​គឺក្នុង​រង្វង់ 5%​។

    កាល​ពី​ថ្ងៃទី 16 មករា 2024 នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang ក៏​បាន​និយាយ​ថា ​សេដ្ឋកិច្ច​ប្រទេស​ចិន​​ក្នុង​ឆ្នាំ​កន្លង​ មាន​កំណើន​ 5.2%​។ កំណើន​នេះ​ស្រប​ទៅ​នឹង​ការ​ព្យាករ​នានា​របស់​ធនាគារ​ធំៗ​​នៅ​លើ​ពិភពលោក ក្នុង​នោះ​មាន​ទាំង​ Goldman Sachs និង Morgan Stanley ផងដែរ​។

    កាល​ពី​ឆ្នាំ 2022 សេដ្ឋកិច្ច​របស់​ចិន​ មាន​កំណើន​តែ​ 3% ដោយ​សារ​តែ​គោលនយោបាយ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​កូវីដ-19​។ ល្បឿន​នៃ​កំណើន​នេះ​មិន​សម្រេច​បាន​គោលដៅ​ 5.5% ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​នោះ៕

  • ថ្ម​នុយក្លេអែរ​ចិន ដំណើរ​ការ​ 50 ឆ្នាំ ដោយ​មិន​បាច់​បញ្ចូល​ថាមពល​ជាថ្មី

    ថ្ម​នុយក្លេអែរ​ចិន ដំណើរ​ការ​ 50 ឆ្នាំ ដោយ​មិន​បាច់​បញ្ចូល​ថាមពល​ជាថ្មី

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​ចិន Betavolt អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​នុយក្លេអែរ​តូចប៉ុន​កាក់​ ប៉ុន្តែ​មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ 10 ដង បើធៀប​នឹង​ថ្ម​ប្រភេទ​លីចូម។

    យោងតាម​ក្រុម​ហ៊ុន Betavolt ប្រភេទ​ថ្ម​ថ្មី​ដែល​មាន​ឈ្មោះ​ថា BV100 នេះ អាច​ជួយ​ផ្គត់​ផ្គង់​ថាមពល​ដល់​ទូរស័ព្ទ​នា​ពេល​អនាគត​ បើទោះ​នៅមាន​កិច្ច​ការ​ជា​ច្រើន​ត្រូវ​ធ្វើ​ មុន​នឹង​ប្រការ​នេះ​ក្លាយ​ជា​ការ​ពិត​។ នេះ​បើ​តាម IFL Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 15 មករា 2024​។

    BV100 បង្កើត​អគ្គិសនី​តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល​ដែល​បញ្ចេញ​ពី​អ៊ីសូតូប​វិទ្យុសកម្ម​ដែល​កំពុង​រលាយ​របស់​នីកែល (nickel-63)។ ថ្ម​នេះ​អាច​ផ្ទុក​អគ្គិសនី​បាន 3,300 មេហ្គាវ៉ាត់ម៉ោង និង​ត្រូវ​បាន​បង្ហាញ​ថា​មាន​ដង់ស៊ីតេថាមពល​ខ្ពស់ជាង 10 ដង បើធៀប​នឹង​ថ្ម​លីចូម​ (lithium)។ យោង​តាម Betavolt ថ្ម​ BV100 អាច​ផ្គត់​ផ្គង់​អគ្គិសនី​រហូត​ដល់ 50 ឆ្នាំ​ ដោយ​មិន​ចាំបាច់​បញ្ចូល​ថាមពល​ជា​ថ្មី ឬ​ថែ​ទាំ​ ជួស​ជុល​។

    ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា «…មាន​ផែនការ​បង្ហាញ​ថ្មដែល​មាន​ថាមពល​ 1 វ៉ាត់នៅ​ឆ្នាំ 2025​។ បើ​សិន​មាន​គោលការណ៍​អនុញ្ញាត ថ្ម​ថាមពល​នុយក្លេអែរ​នេះអាច​ជួយ​ឱ្យ​ទូរស័ព្ទ​ចល័ត​មិន​ត្រូវ​ការ​បញ្ចូល​ថាមពល​ និង​ជួយ​ឱ្យ​យន្តហោះ​ដ្រូន​អាច​ហោះ​ហើរ​ជា​បន្ត​បន្ទាប់​»៕

  • ក្រុម​ហ៊ុន GWM ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    ក្រុម​ហ៊ុន GWM ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    GWM បាន​អភិវឌ្ឍ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ និង​មាន​ផែនការ​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី​ដែលផលិត​នៅ​ក្នុង​ប្រទេស​នេះ​ ចាប់​ពី​ខែ​នេះ​តទៅ​។

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ Great Wall Motor (GWM) កំពុង​ពង្រីក​សកម្មភាព​ជំនួញផ្នែក​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ការ​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​។ រោង​ចក្រ​ Rayong របស់​ GWM នៅ​ប្រទេស​ថៃ នឹង​ផលិត​រថយន្ត​អគ្គិសនី Ora Good Cat EV 8,000 គ្រឿង​ ដើម្បី​ចូល​រួម​ទទួល​ផល​ប្រយោជន៍​ពី​កញ្ចប់​ជំរុញ​ EV ដំណាក់​កាល​ទីពីរ​របស់​រាជរដ្ឋាភិបាល​ថៃ​។

    តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ នឹង​ទាប​ជាង​ 100,000 បាត បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ដែល​នេះ​នឹង​នាំ​មក​នូវ​​អត្ថប្រយោជន៍​ដល់​ការ​ប្រកួត​ប្រជែង​សម្រាប់​ GWM នៅ​លើ​ទីផ្សារ​។

    បណ្ដាញ​ផលិត​រថយន្ត​អគ្គិសនី GWM Ora Good Cat ថ្មី​នេះ ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃទី 12 មករា 2024 នៅ​ឯ​រោង​ចក្រ​ GWM ក្នុង​តំបន់​សេដ្ឋកិច្ច​ Eastern Seaboard នៅ​ខេត្ត​ Rayong

    GWM បាន​វិនិយោគ​ 22 ពាន់​លាន​បាត​ទៅ​ក្នុង​ទីតាំង​ផលិត​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​។ ក្រុម​ហ៊ុន​នេះ​បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន 80,000 គ្រឿង​ក្នុង​មួយ​ឆ្នាំ បូក​រួម​ទាំង​ Ora Good Cat ផងដែរ​។

    រាជរដ្ឋាភិបាល​ថៃ បាន​កំណត់​គោលដៅ​ជំរុញ​ទីផ្សារ​រថយន្ត​អគ្គិសនី​ឱ្យ​សម្រេច​បាន​ 30% នៃ​វិស័យ​ផលិត​រថយន្ត​ក្នុង​ស្រុក​នៅ​ឆ្នាំ 2030​។ គោលនយោបាយ​ដែល​គាំទ្រ​ដល់​គោលដៅ​នេះ​ កំពុង​តែ​ទាក់​ទាញ​ក្រុម​អ្នក​ផលិត​រថយន្ត​ចិន ក្នុង​នោះ ក្រៅ​ពី GWM នេះ ក៏​​នៅ​មាន​ SAIC Motor និង​ BYD ជា​ដើមផងដែរ​​៕

  • ក្រុម​ហ៊ុន​ចិន​ចំណាយ 1.64 លាន​ដុល្លារ​ ដើម្បី​ផ្ដល់​រង្វាន់​ចុង​ឆ្នាំ​​ដល់​កសិករ

    ក្រុម​ហ៊ុន​ចិន​ចំណាយ 1.64 លាន​ដុល្លារ​ ដើម្បី​ផ្ដល់​រង្វាន់​ចុង​ឆ្នាំ​​ដល់​កសិករ

    ក្រុម​ហ៊ុន​កសិកម្ម​មួយ​នៅ​ក្នុង​ខេត្ត​ជាំងស៊ី ​ប្រារព្ធ​កម្មវិធី​ផ្ដល់រង្វាន់​​ចុង​ឆ្នាំ​​ជា​ទឹក​ប្រាក់​សរុប 11.69 លាន​យុន (1.64 លាន​ដុល្លារ​អាម៉េរិក) ដល់​កសិករ​ បន្ទាប់​ពីបាន​​ធ្វើ​កសិកម្ម​ពេញ​មួយ​ឆ្នាំ​ដោយ​ជោគ​ជ័យ​។

    ស្ថាប័ន​ដែល​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​កសិករ​ខាងលើ​ គឺ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា ក្រុម​ហ៊ុនកសិកម្មបៃតង នៅ​ក្នុង​ខេត្ត​ជាំងស៊ី (Jiangxi) ភាគ​អាគ្នេយ៍​ប្រទេសចិន​។

    នេះ​គឺជា​ឆ្នាំ​ទី 13 ហើយ​ដែល​ក្រុម​ហ៊ុន​ខាងលើ​បាន​ផ្ដល់​ប្រាក់​រង្វាន់​ចុង​ឆ្នាំ​ដល់​កសិករ ​ដែល​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​។ ក្នុង​រយៈ​ពេល 13 ឆ្នាំ​មកនេះ ក្រុម​ហ៊ុន​សកិកម្ម​បៃតង បាន​ផ្ដល់ប្រាក់​រង្វាន់​ដល់​កសិករ​សរុប​ចំនួន 7.6 លាន​ដុល្លារ​អាម៉េរិក​។

  • ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដីពីអនុ​ប្រធានក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន ភាគហ៊ុន​ China Evergrande New Energy Vehicle Group ក៏​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ការ​ជួញ​ដូរ​នា​ថ្ងៃទី 08 មករា​នេះ​។

    បន្ទាប់​ពី​បើក​ការ​ជួញដូរ​សម្រាប់​ថ្ងៃទី 08 មករា ភាគ​ហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែល​ចុះ​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​ហុងកុង​ បាន​ធ្លាក់​ថ្លៃ​រហូរ​ដល់ 23%​។ បច្ចុប្បន្ន ភាគ​រយ​នេះ​បានកាត់​បន្ថយ​គម្លាត​​ចុះ​មក​នៅ​ 8.4%​។

    ភាគហ៊ុន​នេះ​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី Evergrande NEV បាន​ជូន​ដំណឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុង​កុង​ថា អនុប្រធាន​ Liu Yongzhuo ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ «ទង្វើ​ដែល​សង្ស័យ​ថា ជា​ការ​បំពាន​ច្បាប់​»​។

    គ្រាន់​តែ​ក្នុង​សប្ដាហ៍​​ដំបូង​របស់​ឆ្នាំ​នេះ ភាគ​ហ៊ុន Evergrande NEV បាន​ដាំក្បាល​ចុះ 18.6% ក្រោយ​ពី​បាន​ប្រកាស​​លុប​ចោល​គម្រោង​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត Dubai NWTN ដែល​បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។

  • កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    ក្នុង​រយៈ​ពេល​ 12 ខែ​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ សម្រេច​បាន​ជាង 656 ពាន់​តោន ស្មើ​នឹង​ តម្លៃ​ 466 លាន​ដុល្លារ​អាម៉េរិក​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 មាន​កំណើន​លើ​បរិមាណ 3% និង​ចំនួន​ទឹក​ប្រាក់​មាន​កំណើន 13% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    CRF ឱ្យ​ដឹង​ថា ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា រួម​មាន 61 គោលដៅ​ ក្នុង​នោះ​មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ (138 លាន​​ដុល្លារ​អាម៉េរិក), 26 ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (191 លាន​ដុល្លារ​អាម៉េរិក)​, 7 ប្រទេស​ជា​សមាជិក​អាស៊ាន​ (62 លាន​ដុល្លារ​)​, 26 ប្រទេស​នៅ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា (76 លាន​ដុល្លារ​អាម៉េរិក​)​។

    ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ស្មើ​នឹងជាង 82%, អង្ករ​គ្រាប់​វែងជិត 13%, អង្ករ​សគ្រាប់​ខ្លី 0.03%, អង្ករចំហុយជិត 3%, អង្ករសរីរាង្គ 1.62% និង​អង្ករ​ដំណើប 0.20%​៕

  • បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​រួម​ចំណែក​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ផែនដី

    បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​រួម​ចំណែក​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ផែនដី

    អ្នក​វិទ្យាសាស្ត្រ​ចិន​ បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​ជួយ​ផលិតជីវ​ឥន្ធនៈដែល​មាន​បរិមាណ​ជីវម៉ាស (បាយអូម៉ាស – Biomass) ក្នុង​កម្រិត​ខ្ពស់​ជាង​មុន អាច​លើស​ពី​ 40% ដែល​ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​បរិមាណ​មធ្យម​នៅទូទាំង​សកល​លោក​នា​បច្ចុប្បន្ន​ ដែល​មាន​​មិន​ដល់ 10%​។

    សាស្ត្រាចារ្យ​ Shen Jian មក​ពី​​មហា​វិទ្យាល័យ​គីមី​វិទ្យា និង​វិទ្យាសាស្ត្រ​វត្ថុធាតុ នៃ​សាកល​វិទ្យាល័យ​គរុកោសល្យ​ណានជីង រួម​នឹង​សហការី បាន​អភិវឌ្ឍ​វិធី​សាស្ត្រ​ផលិត ដោយ​ប្រើ​ប្រាស់​ជាតិ​ខ្លាញ់​ជីវសាស្ត្រ (triglycerides) និង​សមាស​ធាតុ​នានា​របស់​ប្រេង​ឆៅ​ដែល​បាន​ចម្រាញ់​ ដើម្បី​ផលិត​ជីវឥន្ធនៈ​សម្រាប់​រថយន្ត​ ដោយ​មិន​ត្រូវ​ការ​ដំណើរ​ការ​បំប្លែង​ Este​។

    យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ខាងលើ ប្រេង​ម៉ាស៊ូត​ជីវសាស្ត្រដែល​មាន​បរិមាណ​ជីវម៉ាស​កាន់​តែ​ខ្ពស់ គឺកាន់​តែ​មានប្រសិទ្ធភាព​នៅក្នុង​ការ​សន្សំ​សំច័យ​ថាមពល​ និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។

    សាស្ត្រាចារ្យ Shen ឱ្យ​ដឹង​ថា​ តាម​រយៈ​ការប្រើ​ប្រាស់​​ខ្លាញ់ជីវសាស្ត្រ​ជំនួស​​ប្រេង​មួយ​ផ្នែក​ បច្ចេកវិទ្យា​នេះ​ជួយ​បង្កើត​ឥន្ធនៈ​ជា​ប្រេង​ម៉ាស៊ូត​ជីវសាស្ត្រ​ដែល​ល្អ​ជាង​មុន​សម្រាប់​បរិស្ថាន​​ និង​បន្ទាន់​សម័យ​បណ្ដា​ស្ដង់ដា​ស្ដីពី​ការ​បំភាយ​ឧស្ម័ន​ ​ឆ្ពោះ​ទៅ​ជិត​គោល​ដៅ​បង្កើត​តុល្យភាព​កាបូន​​ទូទាំង​សកល​លោក​។

    លទ្ធផល​​ស្រាវជ្រាវនៃ​​​ក្រុម​របស់​សាស្ត្រាចារ្យ Shen ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​អាជ្ញាធរ​ចិន​ បាន​បង្ហាញ​ថា ឥន្ធនៈ​នេះ​ឆ្លើយ​តប​នឹងបទដ្ឋាន​ជាតិ​ស្ដី​ពីប្រេង​ម៉ាស៊ូត​ជីវសាស្ត្រ​សម្រាប់​រថយន្ត​ និង​លំនឹង​ផ្នែក​អុកស៊ីសែន​ ទប់​ទល់​នឹង​ការ​សឹក​រេច​រឹល​ និង​ការ​ពារ​បរិស្ថាន​បាន​យ៉ាង​ប្រសើរ​៕