Tag: ចិន

  • ស្ពានឫស្សីវែងជាងគេបង្អស់ក្នុងពិភពលោក នឹងបើ​កទ្វារ​ទទួល​ទេសចរ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​នេះ​តទៅ (មាន​វីដេអូ)

    ស្ពានឫស្សីវែងជាងគេបង្អស់ក្នុងពិភពលោក នឹងបើ​កទ្វារ​ទទួល​ទេសចរ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​នេះ​តទៅ (មាន​វីដេអូ)

    ស្ពានប្រវែងជិត5គីឡូម៉ែត្រដែលត្រូវបានធ្វើឡើងពីបន្ទះ​ឫស្សីនេះ ស្ថិតនៅចំកណ្ដាលនៃតំបន់បឹង Poyang ក្នុងទីក្រុង Jiujiang ប្រទេសចិន។ តាមគម្រោង ស្ពាននេះនឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលខែ​មិថុនា ឆ្នាំ​2020។

    ចំណុច​ក្រហម​គឺជា​តំបន់​របស់​ស្ពាន​ឫស្សី​នេះ​

    ក្រុមកម្មករបានសាងសង់ផ្លូវដើរជា​ស្ពាន​ដែលធ្វើអំពីឬស្សី វែង​ជាងគេបំផុតក្នុងពិភពលោក​រួច​រាល់​ហើយ​។ ស្ពាន​នេះ​មាន​ទីតាំង​​នៅក្នុងទីក្រុង Jiujiang ខេត្ត Jiangxi ដែលស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃ​ប្រទេសចិន។ ស្ពាន​នេះ​ត្រូវ​បាន​សាង​សង់នៅចំកណ្ដាលតំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)។

    ផ្លូវ​ឆ្លង​កាត់​តំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)

    ស្ពានឫស្សីនេះមានប្រវែងជិត5គីឡូម៉ែត្រ និងទទឹង3ម៉ែត្រ។ ដើម្បីសាងសង់ស្ពាននេះ គេត្រូវប្រើប្រាស់បន្ទះឫស្សី​ចំនួនជាង 66,000បន្ទះ។ វត្ថុធាតុសម្រាប់សាងសង់ស្ពាន​នេះ សុទ្ធសឹងតែមានលក្ខណៈធម្មជាតិ ហើយធន់នឹងទឹកទៀតផង។

    ស្ពាននេះនឹងជួយឱ្យអ្នកទេសចរ និងជាងថតរូប ធ្វើដំណើរដោយថ្មើរជើងប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុន ដើម្បីចូល​ទៅ​ទស្សនាទេសភាពដ៏ស្រស់ស្អាត រួមនឹងសត្វស្លាប និងសត្វព្រៃទាំង​ឡាយ​នៅជុំវិញបឹង Poyang នេះផងដែរ។

    តំបន់​ទេសចរណ៍​​នៅ​​​ចំ​កណ្ដាល​បឹង​អភិរក្សធម្មជាតិ​ Poyang (Poyang Lake Natural Reserve)

    ស្ពានឫស្សីវែងជាងគេក្នុងពិភពលោកនេះ នឹងត្រូវបើកទ្វារទទួលអ្នកទេសចរចាប់ពីពាក់កណ្ដាលខែមិថុនា ឆ្នាំ​2020​នេះតទៅ៕

    ប្រភព៖ CGTN

  • ចិនចាប់ផ្ដើមសាងសង់ស្ពានឆ្លងសមុទ្រប្រវែង​31​គីឡូ​ម៉ែត្រ​ (វីដេអូ)

    ចិនចាប់ផ្ដើមសាងសង់ស្ពានឆ្លងសមុទ្រប្រវែង​31​គីឡូ​ម៉ែត្រ​ (វីដេអូ)

    ស្ពានឆ្លងសមុទ្រ Huangmao (Huangmao Sea Bridge) ដែល​មាន6ជួរសម្រាប់ធ្វើដំណើរទៅ​-មក តភ្ជាប់ពីទីក្រុង Zhuhai ទៅកាន់ទីក្រុង Jiangmen ត្រូវបានចាប់ផ្ដើម​សាងសង់ពីថ្ងៃទី6មិថុនា ឆ្នាំ​2020។

    សារ​ព័ត៌មាន​ CGTN (China Global Television Network) បាន​ឱ្យ​ដឹង​ថា ស្ពាននេះមានចំណុចចាប់ផ្ដើមពីតំបន់សេដ្ឋកិច្ចកំពង់ផែ Gaolan (Gaolan Port Economic Zone/GPEZ) នៃទីក្រុង Zhuhai និងបញ្ចប់នៅក្នុងទីរួមស្រុក Doushan នៃទីក្រុង Taishan។

    ស្ពានឆ្លងសមុទ្រ Huangmao នេះ មាន​ប្រវែងប្រមាណជា31គីឡូម៉ែត្រ និងប្រើប្រាស់ស្ដង់ដាផ្លូវល្បឿនលឿនដែលមាន6ជួរសម្រាប់ធ្វើ​ដំណើរ​ទៅនិងមក ជាមួយនឹងការកំណត់ល្បឿនត្រឹម100គីឡូម៉ែត្រ/ម៉ោង។

    ចិនចាប់ផ្ដើមសាងសង់ស្ពានឆ្លងសមុទ្រប្រវែង31គីឡូម៉ែត្រHuangmao គឺជាស្ពានឆ្លងសមុទ្រថ្មី បន្ទាប់ពីស្ពាន Hong Kong-Zhuhai-Macao និងស្ពាន Shenzhen-Zhongshan នៅក្នុងតំបន់ឈូងសមុទ្រ Greater Bay។

    តាមផែនការ គម្រោងសាង​សង់​​ស្ពានឆ្លងសមុទ្រ Huangmao នេះ នឹងត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ2024៕

    ប្រភព៖ CGTN

  • (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​

    (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​

    បុគ្គលិក​​កម្មករ​ត្រូវ​ការ​បង្ហើយ​កំណាត់​ផ្លូវ​ប្រវែង​40​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​​នឹង​បាន​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​​នូវ​ផ្លូវ​ល្បឿន​លឿនមួយ​ខ្សែ​​ប្រវែង​330​គីឡូម៉ែត្រ​ដែល​​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​ Taklimakan តភ្ជាប់​ស្រុក​ Qiemo ជាមួយ​នឹង​ស្រុក​ Yuli មាន​ទី​តាំង​នៅ​ក្នុង​​តំបន់​ស៊ីនជាំង​ (Xinjiang) ប្រទេស​ចិន​។

    បេសកកម្មសាងសង់ផ្លូវល្បឿនលឿនទី3 ឆ្លងកាត់សមុទ្រខ្សាច់ធំបំផុតនៅប្រទេសចិន Taklimakan បានឈានចូលដល់ដំណាក់កាលចុងក្រោយ។

    (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​។

    នៅសល់ត្រឹមតែជាង40គីឡូម៉ែត្រទៀតប៉ុណ្ណោះនៅក្នុងប្រវែងសរុប330គីឡូម៉ែត្រនៃផ្លូវល្បឿនលឿន Yuli-Qiemo នឹងត្រូវបានសាងសង់រួចរាល់នាពេលដ៏ខ្លីខាងមុខ។

    កម្មករកំពុងតែញាប់ដៃញាប់ជើងក្នុងការឈូស​ឆាយ​ដំបូកខ្សាច់ធំបំផុតដែលមានកម្ពស់ដល់ទៅ70ម៉ែត្រនៅក្នុងគម្រោងសាងសង់ផ្លូវថ្នល់ Yuli-Qiemo នេះ។

    ពួកគេត្រូវធ្វើការឈូសឆាយខ្សាច់ចំនួន​1.2លានម៉ែត្រគីបទៀត​ចេញ​ពី​គម្រោង​ផ្លូវ​ថ្លល់​ និងត្រូវ​ចាក់វត្ថុធាតុសំណង់ចំនួន100,000ម៉ែត្រគីបទៀតផងដែរ​ ទើបរួចរាល់ជា​ស្ថាពរ។

    ផ្លូវល្បឿនលឿន Yuli-Qiemo ឆ្លងកាត់សមុទ្រខ្សាច់ហូរធំបំផុតលំដាប់ទី2ក្នុងពិភពលោក។ ផ្លូវនេះតភ្ជាប់ស្រុក Qiemo ដែលនៅភាគខាងត្បូងតំបន់ Taklimakan ទៅកាន់​​ស្រុក Yuli ដែលនៅភាគខាងជើង។

    Taklimakan ​គឺជា​សមុទ្រ​ខ្សាច់​ធំជាង​គេ​បង្អស់​លំដាប់​ទី​16​ក្នុង​ពិភពលោក​ និង​ជា​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​2​ បន្ទាប់​ពី​ Antarctica​។​ តាមគម្រោង ផ្លូវល្បឿនលឿនលើសមុទ្រខ្សាច់នេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ2021ខាងមុខ៕

    ប្រភព​៖ Xinhua

  • បំណុល​របស់​ចិន​មាន​ទំហំ​ធំ​ដល់​កម្រិតណា​ ហើយ​អ្នក​ណា​ជា​ម្ចាស់​បំណុល?

    បំណុល​របស់​ចិន​មាន​ទំហំ​ធំ​ដល់​កម្រិតណា​ ហើយ​អ្នក​ណា​ជា​ម្ចាស់​បំណុល?

    យោង​តាម​វិទ្យា​ស្ថាន​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ IIF (Institute of International Finance) បំណុល​សរុប​របស់​ប្រទេស​ចិន​ បាន​កើន​ឡើង​ខ្ពស់​ជាង​3​ដង​បើធៀប​នឹង​ GDP ក្នុង​ត្រី​មាស​ដំបូង​នៃ​ឆ្នាំ​2020។

    South China Morning Post (SCMP) បាន​ឱ្យ​ដឹង​ថា បំណុល​របស់​ចិន​ត្រូវ​បាន​ចែក​ជា​2ប្រភេទ​៖ បំណុល​ក្នុង​ប្រទេស​ និង​បំណុល​បរទេស​។ បំណុល​ក្នុង​ប្រទេស​​របស់​ចិន​ រួម​មាន​​ បំណុល​ក្រុម​ហ៊ុន​ បំណុល​គ្រួសារ​ និង​បំណុល​រដ្ឋាភិបាល​។

    បំណុល​បរទេស​របស់​ចិន​ រួម​មាន​ បណ្ដា​ក្រុម​ហ៊ុន​ឯកជន​ខ្ចី​លុយ​ពី​ធនាគារ​បរទេស​ ឥណទាន​ដែល​ទាក់​ទង​នឹង​ពាណិជ្ជ​កម្ម​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ពី​បណ្ដា​ដៃ​គូ​បរទេស​ និង​មូលបត្រ​បំណុល​ដែល​​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ និង​ឯក​ជន​របស់​ចិន​បាន​បោះ​ផ្សាយ​សម្រាប់​ក្រុម​វិនិយោគិន​បរទេស​។

    ពិភពលោក​​ជំពាក់​បំណុល​ចិនចំនួន​​ប៉ុន្មាន​?

    SCMP​ ចុះ​ផ្សាយ​ថា ក្នុង​អំឡុង​ច្រើន​ឆ្នាំ​កន្លង​ទៅ​ ប្រទេស​ចិន​បាន​បង្កើន​ការ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឱ្យ​បណ្ដា​ប្រទេស​ដែល​ទើប​តែ​មាន​សេដ្ឋកិច្ច​លូត​លាស់ថ្មី​នៅ​អាហ្វ្រី​។ ខ្ទង់​ឥណទាន​នេះ​ ភាគ​ច្រើន​បាន​មកពី​រដ្ឋាភិបាល​ចិន​ ឬ​ក្រុម​ហ៊ុន​ដែល​រដ្ឋចិន​គ្រប់​គ្រង​។

    ក្រៅ​ពី​នេះ ប្រទេស​ចិន​ក៏​ជា​ម្ចាស់​បំណុល​ធំមួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ គិត​ដល់ដំណាច់​ខែ​មីនា​2020​ ប្រទេស​ចិន​បានក្លាយ​ជា​ម្ចាស់​​​បំណុល​​​ប្រមាណ​ជា​ 1.1​លាន​លាន​ (1,100,000,000,000.00) ដុល្លារ​អាមេរិក​​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

    បំណុល​របស់​ចិន​មាន​ទំហំ​ធំ​ដល់​កម្រិតណា​ ហើយ​អ្នក​ណា​ជា​ម្ចាស់​បំណុល?ជាង​នេះ​ ប្រទេស​ចិន​ក៏​កំពុង​ពង្រីងវិសាល​ភាព​នៃ​គម្រោង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​​នៅ​បរទេស​ ដោយ​ខ្ទង់​ឥណ​ទាន​ដែល​គាំទ្រ​ដោយ​រដ្ឋ​ ទៅ​តាម​គំនិត​ “ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ​” ដែល​ជា​ផែន​ការ​វិនិយោគ​ប្រកប​ដោយ​មហិច្ឆតា​ ដើម្បី​តភ្ជាប់​ផ្លូវ​នានា​ពី​ប្រទេស​ចិន​ទៅ​កាន់​អាស៊ី អាហ្វ្រិក​ និង​អឺរ៉ុប​។

    ដូច្នេះ បច្ចុប្បន្ន ប្រទេស​ចិន​គឺជា​ម្ចាស់​បំណុល​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​​របស់​បណ្ដា​​ប្រទេស​ក្រីក្រ​ នេះ​បើ​តាម​របាយ​ការណ៍​របស់​ IIF ដែល​បាន​ប្រកាសផ្សាយ​​កាល​ពី​ខែ​ឧសភា​2020​។ បំណុល​ចាស់​ដែល​ប្រទេស​ចិន​បាន​ឱ្យ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ខ្ចី​ក្រៅ​ពី​ប្រទេស​ក្រីក្រ បាន​ឡើង​ដល់​5.5​លាន​លាន​ដុល្លារ​ មាន​ន័យ​ថា កើន​ជាង​ 875​ពាន់​លាន​ដុល្លារ​ក្នុង​ដំណាក់​កាល​ 2004-2019។ តួលេខ​នេះ​ ជិត​ស្មើ​នឹង​ 6% នៃ​ GDP ទូទាំង​ពិភពលោក​។

    បើ​ទោះ​ចិន​ជា​ម្ចាស់​បំណុល​ធំជាង​គេ​ក្នុង​ពិភពលោក​ ប៉ុន្តែ ប្រទេស​នេះ​ក៏​ជា​កូន​បំណុល​ “យក្ស” ផងដែរ​។ IIF បាន​រាយ​ការណ៍​ថា បំណុល​ក្នុង​ប្រទេស​របស់​ចិន​ ស្មើ​នឹង​ 317​% នៃ​ GDP ក្នុង​ត្រី​មាស​ទី​1​ ឆ្នាំ​2020​។ មុន​នោះ​ ក្នុង​ត្រី​មាស​ទី​4​នៃ​ឆ្នាំ​2019​ បំណុល​ក្នុង​ប្រទេស​របស់​ចិន​ មាន​ចំនួន​300​% ធៀប​នឹង​ត្រី​មាស​មុន​ ដែលនេះ​ជា​កំណើន​ប្រចាំ​ត្រី​មាស​ធំបំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​។

    បំណុល​ដែល​ចិន​ខ្ចី​ពី​បរទេស​បាន​កើន​ឡើ​ង​យ៉ាង​គំហុក

    បំណុល​ក្នុង​គ្រួ​សារ​ បាន​កើន​ឡើង​ 54,3​%​ ធៀប​នឹង​ GDP របស់​ចិន​ក្នុង​ត្រី​មាស​ចុង​ក្រោយ​នៃ​ឆ្នាំ​2019 ខណៈ​អំឡុង​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​2018​ គឺ​ត្រឹម​ 51.4​%​។ បំណុល​​ដែល​ចិន​ខ្ចី​ពី​បរទេស​ រួម​មាន​ខ្ទង់​បំណុល​គិត​ជា​ប្រាក់​ដុល្លារ​ គឺ​ប្រមាណ​​ជា ​2.05លាន​​លាន​​​ (2,050,000,000,000.00 USD) ដុល្លារ​នៅ​ចុង​ឆ្នាំ​2019 ខណៈ​ត្រី​មាស​ទី​3​ នៃឆ្នាំ​2019 មាន​ត្រឹម​ 2.03​លាន​លាន​ដុល្លារ​។ នេះ​បើ​តាម​ស្ថិតិ​របស់​នាយកដ្ឋាន​គ្រប់​គ្រង​អត្រា​ប្ដូរ​ប្រាក់​​របស់​ប្រទេស​ចិន​។

    ខ្ទង់​បំណុល​របស់​រដ្ឋភិបាលមូលដ្ឋាន​​ចិន ត្រូវ​បាន​កាន់កាប់​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ ឬ​គ្រប់​គ្រង​ដោយ​រដ្ឋ​។ ក្នុង​ចំណោម​នោះ មាន​ខ្ទង់​ប្រាក់​ឥណ​ទាន​ជា​ច្រើន​មិន​មាន​តម្លា​ភាព​​។ តាម​ការ​ប៉ាន់​ប្រមាណ​​ ខ្ទង់​បំណុល​អាថ៌​កំបាំង​ទាំង​នេះ​ អាច​មាន​ចន្លោះ​​​ពី​ 30​លាន​លាន​​ ទៅ​ 40​លាន​លាន​ (30,000,000,000,000-40,000,000,000,000)​ យន់​ (4.2​លាន​លាន​ ទៅ​ 5.6​លាន​លាន​ដុល្លារ​អាមេរិក)។ ប្រទេស​ចិន​ក៏បាន​បោះ​ពុម្ភ​ផ្សាយ​មូលបត្រ​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ 2.36​លាន​លាន​យន់​ (614​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​2019​ ផងដែរ​។

    ជាង​នេះ​ ប្រទេស​ចិន​ក៏​កំពុង​ពង្រីងវិសាល​ភាព​នៃ​គម្រោង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​​នៅ​បរទេស​ ដោយ​ខ្ទង់​ឥណ​ទាន​ដែល​គាំទ្រ​ដោយ​រដ្ឋ​ ទៅ​តាម​គំនិត​ "ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ​" ដែល​ជា​ផែន​ការ​វិនិយោគ​ប្រកប​ដោយ​មហិច្ឆតា​ ដើម្បី​តភ្ជាប់​ផ្លូវ​នានា​ពី​ប្រទេស​ចិន​ទៅ​កាន់​អាស៊ី អាហ្វ្រិក​ និង​អឺរ៉ុប​។ម្ចាស់​នៃ​បំណុល​ទាំង​នេះ​ ភាគ​ច្រើន​ជា​អ្នកវិនិយោគ​ក្នុង​ប្រទេស​ ដូច​ជា​ ធនាគារ​ពាណិជ្ជកម្ម​ ឬ​ធនាគារ​គោល​នយោបាយ​​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន​។

    ផ្សារ​មូលបត្រ​ចិន​ រួម​មាន​ មូល​បត្រ​រដ្ឋាភិបាល​ មូលបត្រ​នៅ​មូលដ្ឋាន​ មូលបត្រ​​របស់​ក្រុម​ហ៊ុន​ឯក​ជន​ រួម​នឹង​បណ្ដា​ភាគ​ហ៊ុន​ផ្សេង​ៗ​ទៀត​។ ផ្សារ​មូលបត្រ​ចិន ជាប់​ចំណាត់​ថ្នាក់​ទី​3​ ក្នុង​ចំណោម​​ផ្សារ​មូល​បត្រ​ធំ​ៗ​របស់​ពិភពលោក​ ដោយ​មាន​កំណើន​ជា​ប្រចាំ​ ជាង​ 13​លាន​លាន​ដុល្លារ​។

    ក្រុម​អ្នក​វិនិយោគ​បរទេស​ រួម​មាន​មូលនិធិ​វិនិយោគ​ ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ មូលនិធិការ​ពារ​ហានិភ័យ​ជា​ដើម​ កាន់​កាប់​​ភាគ​ហ៊ុន​នៅ​ប្រទេស​ចិន​ចំនួន​ 2.19​លាន​លាន​យន់​ (308​ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំ​2019​ ពោល​គឺ​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ 457.8​ពាន់​លាន​យន់​ (64.4​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​2018​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

  • សភានីតិកម្មហុងកុងកើត​ចលាចល និង​ត្រូវ​ផ្អាក​កិច្ច​ប្រជុំ ព្រោះ​តែ​តំណាង​រាស្ត្រ​​​គប់​ថង់​ឈើ​ស្អុយ​ទៅ​លើ​ប្រធាន​សភា

    សភានីតិកម្មហុងកុងកើត​ចលាចល និង​ត្រូវ​ផ្អាក​កិច្ច​ប្រជុំ ព្រោះ​តែ​តំណាង​រាស្ត្រ​​​គប់​ថង់​ឈើ​ស្អុយ​ទៅ​លើ​ប្រធាន​សភា

    តំណាង​រាស្ត្រ​ម្នាក់​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ បាន​គប់​​ថង់​ដែល​មាន​វត្ថុ​ស្អុយ​ទៅ​លើ​ប្រធាន​សភានីតិកម្មហុងកុង​ ធ្វើ​ឱ្យ​កិច្ច​ប្រជុំ​​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​​ភ្លៀង​ជាតិ​ត្រូវ​បាន​អាក់​ខាន​។

    សភានីតិកម្មហុងកុង LEGCO (Legislative Council of Hong Kong) ព្រឹក​មិញ​នេះ​បាន​បន្ត​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​អំពី​ភ្លេង​ជាតិ​។ នៅ​ពេល​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​ តំណាង​រាស្ត្រ​ម្នាក់​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ គឺ​លោក Ted Hui Chi-fung ស្រាប់​តែ​រត់​ទៅរក​ប្រធានសភា​ Andrew Leung Kwan-yuen ហើយ​បាន​គប់​ថង់​ពណ៌​ស​មួយ​សំដៅ​ទៅ​កាន់​ប្រធាន​សភា​រូប​នេះ​។ ធាតុ​រាវ​នៅក្នុង​ថង់​ក៏​បាន​បែក​ខ្ចាយ​ចេញ​មក​ក្រៅ​ ធ្វើ​ឱ្យ​ស្អុយ​ពេញ​សាល​ប្រជុំ​។

    ភ្លាម​នោះ តំណាង​រាស្ត្រ Ted Hui ក៏ត្រូវ​បាន​ក្រុម​សន្តិសុខ​នាំ​ខ្លួន​ចេញ​ទៅ​ខាង​ក្រៅ​ ហើយ​កិច្ច​ប្រជុំ​ខាង​លើ​ក៏ត្រូវ​បាន​ពន្យារ​ពេល​។ ចំណែក​ តំណាង​រាស្ត្រ Chan Hoi-yan ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ ព្រោះ​តែ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ដោយ​សារ​ក្លិន​ស្អុយ​នោះ​។

    ក្រុម​សន្តិសុខ​បាន​នាំ​គ្នា​យក​ផួយ​មក​គ្រប​ពី​លើ​ថង់​ឈើស្អុយ​ និង​ប្រើ​ថ្នាំ​បាញ់​បំបាត់​ក្លិន​​ក្នុង​សាលប្រជុំ នៅ​មុន​ពេល​បុគ្គលិក​អនាម័យ​មក​ដល់​។ ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​ និង​ប៉ូលិស​ជា​ច្រើន​នាក់​ក៏ត្រូវ​បាន​បញ្ជូន​មក​កាន់​វិមាន​សភា​នេះ​ដែរ​។

    Ted Hui បាន​ប្រកាស​ថា ខ្លួន​ប្រើ​ប្រាស់​ថង់​ដាក់​ឈើ​ស្អុយ​ដើម្បី​​តវ៉ា ព្រោះ​តែលោក​​ Leung បាន​កាត់​បន្ថយ​ពេល​វេលា​​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ក្នុងការ​សម្ដែង​មតិ​ទាក់ទិន​នឹង​សេចក្ដី​ព្រាង​ច្បាប់​ភ្លេង​ជាតិ​។

    សេចក្ដី​ព្រាង​ច្បាប់​​ភ្លេង​ជាតិ​ តម្រូវ​ឱ្យ​​សាលា​រៀន​នានា​នៅ​ហុង​កុង​ បង្រៀនភ្លេង​ជាតិ​ប្រទេស​ចិន​ដល់​សិស្ស​ រួម​នឹង​អង្គ​ការ​ផ្សេង​ៗក៏​ត្រូវ​ចាត់​ចែង​ការ​ច្រៀង​ចម្រៀង និង​លេង​ភ្លេង​​ជាតិ​នេះ​ដែរ​។ ចំណែក​អ្នក​ដែល​មាន​ឥរិយាបថ​ប្រមាថ​មើល​ងាយភ្លេង​ជាតិ​នេះ​​នឹង​ត្រូវ​ដាក់​ទោស​ឱ្យជាប់​ពន្ធនាគារ​ ឬ​ពិន័យ​ជា​ប្រាក់​ទៀត​ផង៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ចិន​​ “ត្រៀម​ខ្លួន​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​” ដែល​ប្រទេស​ជាតិ​​អាច​​ជួប​ប្រទះនា​ពេល​ខាងមុខ

    ចិន​​ “ត្រៀម​ខ្លួន​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​” ដែល​ប្រទេស​ជាតិ​​អាច​​ជួប​ប្រទះនា​ពេល​ខាងមុខ

    រដ្ឋាភិបាល​​​ចិន​ដែល​កំពុង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ដើម្បី​ផ្លាស់​ប្ដូរ​​ការ​ផ្ដោត​លើ​ការ​នាំ​ចេញទៅ​កាន់​ទីផ្សារ​បរទេស​​ ហើយ​ងាក​មក​ផ្ដោត​លើ​ទីផ្សារ​ក្នុង​​ស្រុក​ជា​ចម្បង​ បាន​បង្ហាញ​ថា លោក​ស៊ី ជីន​ភីង​កំពុង​ត្រៀម​​ខ្លួន​សម្រាប់​ទប់​ទល់​នឹង​សេនារីយោ​អាក្រក់​បំផុតនា​ពេល​អនាគត​។ ​​​នេះ​បើ​តាមការ​យល់​ឃើញ​របស់​​​សេដ្ឋ​វិទូនានា។

    នៅ​ចំពោះ​មុខ​ទីប្រឹក្សា​​កំពូល​ៗ​រាប់សិប​នាក់​នា​​ទីក្រុង​ប៉េកាំង​កាល​ពីថ្ងៃទី​23​ឧសភា​កន្លង​ទៅ​ ប្រធានាធិបតី​ចិន​ លោក​ស៊ី​ ជីនភីង​ មាន​ប្រសាសន៍​ថា ប្រទេស​ចិន​កំពុង​តែ​តាម​ចាប់​គម្រោង​អភិវឌ្ឍន៍​ថ្មី ក្នុង​នោះ​ “ចរាចរណ៍​(ទីផ្សារ​) ក្នុង​ស្រុក​ នឹងដើរ​តួនាទី​សំខាន់​បំផុត​”។

    លោក ស៊ី​ ជីនភីង​ បន្ត​ថា “អនាគត យើង​ត្រូវ​តែ​ចាត់​ទុក​តម្រូវ​ការ​នៃ​ទីផ្សារ​ក្នុង​ស្រុក​ជា​ចំណុច​ចាប់​ផ្ដើម​ និង​ជា​គ្រឹះ​ដ៏រឹងមាំ​នៅ​ពេល​យើង​ពន្លឿន​ការ​កសាង​ប្រព័ន្ធ​តម្រូវ​ការ​ក្នុង​ស្រុក​ និង​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា​ និង​វិស័យ​ផ្សេង​ៗ​ទៀត​”។

    សុន្ទរកថា​របស់​លោក​ស៊ី ជីន​ភីង​ បាន​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​កំពុង​តែ​បោះ​បង់​យុទ្ធ​សាស្ត្រ​ “វាយ​លុក​ទីផ្សារ​បរទេស​​”​ ដែល​ត្រូវ​បាន​អនុវត្ត​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​1990​ ដែល​ធ្លាប់​​បាន​ជួយ​លើក​ស្ទួយ​កំណើន​សេដ្ឋ​កិច្ច​ និង​នាំ​ឱ្យចិន​ក្លាយ​ជា​ខឿន​សេដ្ឋ​កិច្ច​ធំ​ទី​2​ក្នុង​ពិភពលោកអំឡុង​ប៉ុន្មាន​​​ឆ្នាំ​ចុង​ក្រោយ​នេះ​។

    “នោះ​គឺជា​ការ​ត្រៀម​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​ ដែល​រួម​ទាំង​ការ​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​អាមេរិកាំង​ ឬ​ជាមួយ​ពិភព​អឺរ៉ុប​ទាំង​មូល​” នេះ​បើ​តាម​ Hu Xingdou ដែល​ជា​អ្នក​ឯកទេស​ផ្នែក​សេដ្ឋកិច្ចឯក​រាជ្យ​មក​ពី​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​​ប៉េកាំង​។

    លោក​ Hu ថ្លែង​ថា ប្រទេស​ចិន​មិន​មាន​ជម្រើស​ណា​ក្រៅ​ពី​ការ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​នោះ​ទេ​ ប៉ុន្តែ លោក Hu បាន​ព្រមាន​ថា​ ប្រទេស​ចិន​មិន​អាច​បំផ្លាញ​កំណែ​ទម្រង់​ទីផ្សារ​ ឬ​វិល​ត្រឡប់​ទៅ​កាន់​ធាតុ​ដើម​​ដែល​ប្រកប​ដោយ​ការ​បិទ​បាំង​ផ្នែក​​ទីផ្សារ​​ ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋ​អំណាច​នោះ​ដែរ​។​ លោក Hu យល់​ថា​ ប្រទេស​ចិន​គួរ​តែ​ប្រឹង​ប្រែង​​បញ្ចុះ​បញ្ចូល​​ផ្នែក​ដែល​នៅ​សល់​របស់​ពិភពលោក​​ ដោយ​បញ្ជាក់​ថា​ ប្រទេស​ចិន​នឹង​មិន​មាន​គម្រោង​កសាង​រូប​មន្ត​សេដ្ឋកិច្ច​ផ្ទុយ​ពី​ប្រព័ន្ធ​ទី​ផ្សារ​សេរី​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។

    លោក​ ស៊ី ជីន​ភីង​ មាន​ប្រសាសន៍​ថា ចិន​នឹង​មិន​វិល​ត្រឡប់​ទៅ​រក​ទីផ្សារ​ផែន​ការ​ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋាភិបាល​នោះ​ទេ

    យោង​តាម​យុទ្ធ​សាស្ត្រ​កំណត់​ទិស​ដៅ​ក្នុងការ​នាំ​ចេញ​កន្លង​មក​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បក​ប្រែ​តាម​ភាសា​ចិន​ថា “ចូល​ធំ ចេញ​ធំ” ដោយ​ប្រទេស​ចិន​កំណត់​គោល​ដៅ​ទីផ្សារ​ទូទាំង​ពិភពលោក​ និង​អនុវត្ត​ផែន​ការ​របស់​ខ្លួន​ ដោយ​ការ​នាំ​ចូល​គ្រឿង​បន្លាស់ ហើយ​ក្រោយ​មក​ដំឡើង​ជា​ផលិត​ផល​សម្រេច​ រួច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​វិញ។

    យន្ត​ការ​ ឬ​យុទ្ធ​សាស្ត្រ​ខាង​លើ​នេះ បាន​បង្ហាញ​ប្រសិទ្ធ​ភាព​​បន្ទាប់​ពី​ប្រទេស​ចិន​បានក្លាយ​ជា​សមាជិក​នៃ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO)កាល​ពី​ឆ្នាំ​2001 ហើយវា​ក៏​​បាន​ជួយ​ប្រទេស​នេះ​ក្លាយ​ជា​ “រោងចក្រ” របស់​ពិភពលោក​។ ប៉ុន្តែ រូប​មន្ត​នេះ​ កាន់​តែ​បាត់​បង់​ឥទ្ធិពល​​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ នៅ​ពេល​ចិន​ត្រូវ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​ពី​បណ្ដា​ប្រទេស​ រួម​នឹង​សង្គ្រាម​ពាណិជ្ជ​កម្ម​​ជាមួយ​អាមេរិកាំង​។ល។ ទាំង​នេះ កំពុង​ជំរុញ​ឱ្យ​ប្រទេស​ចិន​មាន​គោលបំណង​ពង្រីក​ និង​ពង្រឹង​ភាព​ម្ចាស់​ការ​នា​ពេល​ខាង​មុខ​។

    លោក​ ស៊ី ជីន​ភីង​ បាន​ថ្លែង​ថា “ពេល​នេះ​ យើង​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​រីកចម្រើន​នៅក្នុង​ពិភព​មួយ​ដែល​ពោរពេញ​ដោយ​អស្ថិរភាព​ និង​ប្ដូរ​ផ្លាស់​ជា​ប្រចាំ​”។

    លោក ស៊ី ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ចិន​ខ្លួន​ឯង​ មាន​ម្ចាស់​ការ​ជាង​នេះ ទៅ​លើ​បច្ចេក​វិទ្យា​ និង​ទីផ្សារ​ ពិសេស​លោក​បាន​លើក​ឡើង​អំពី​វិស័យ​សេដ្ឋ​កិច្ច​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​ឌីជីថល ផលិត​កម្ម​ឆ្លាតវៃ វិទ្យា​សាស្ត្រសុខាភិបាល​ និង​វត្ថុ​ធាតុ​ថ្មី​ ​ជា​បណ្ដា​វិស័យ​ដែល​ប្រទេស​ចិន​ត្រូវ​ការ​លើក​ស្ទួយ​ជា​អាទិភាព។ លោក ស៊ី ជីន​ភីង​ ថា ប្រទេសចិន​នឹង​ឈរ​នៅ​ខាង​​ “ភាព​ត្រឹម​ត្រូវ​របស់​ប្រវត្តិ​សាស្ត្រ” ដើម្បី​បញ្ជាក់​អំពី​លទ្ធិ​ពហុ​ភាគី​និយម​ និង​មិន​បិទ​ទ្វារ​បង្ខាំង​ខ្លួន​ពី​ពិភពលោក​ខាង​ក្រៅ​។ ជំនួស​មក​វិញ ប្រទេស​ចិន​នឹង​នៅ​តែ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ទៅ​តាម​រូបម​ន្ត “បើក​ទូលាយជើង​មេឃ”។

    Raymond Yeung សេដ្ឋវិទូ​ចិន​មក​ពី​ធនាគារ ANZ បាន​ឱ្យ​ដឹង​ថា​ ការ​ប្ដូរ​ផ្លាស់​យុទ្ធ​សាស្ត្រ​របស់​ចិន​ កើត​ចេញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​របស់​​ទីផ្សារ​ខាងក្រៅ​ប្រទេស​ដែល​នឹង​មិន​អាច​ងើប​​ឡើងវិញ​បាន​ក្នុង​រយៈ​ពេល​ពី​2​ ឬ​3​ឆ្នាំ​ខាង​មុខ​។

    លោក Raymond Yeung ថ្លែង​ថា “​នេះ​គឺជា​ទិស​ដៅ​នៃ​ការ​ប្ដូរ​ផ្លាស់​សេដ្ឋកិច្ច​។ សំណួរ​សួរ​ថា តើ​ពួក​គេ​នឹង​ត្រូវ​ធ្វើ​បែប​ណា​?”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អាមេរិកាំង​​ត្រៀម​ទាម​ទារ​ឱ្យ​ចិន​សង​​បំណុល​​រាប់​លាន​លាន​ដុល្លារ​​ដែល​ចិន​បាន​ខ្ចីពី​អាមេរិក​កាល​ពី​អតីត​កាល

    អាមេរិកាំង​​ត្រៀម​ទាម​ទារ​ឱ្យ​ចិន​សង​​បំណុល​​រាប់​លាន​លាន​ដុល្លារ​​ដែល​ចិន​បាន​ខ្ចីពី​អាមេរិក​កាល​ពី​អតីត​កាល

    ខ្ទង់​បំណុល​សរុប​ 1.6​លាន​លាន​ដុល្លារ​​​​ដែល​ចិន​បាន​ខ្ចី​ពី​សហរដ្ឋ​អាមេរិក​ ពេល​នេះ​ត្រូវ​បាន​អាមេរិកាំង​ចាត់​ទុក​ជា​ឧបករណ៍​​មួយ​ដែល​អាច​យក​មក​ដាក់​ទណ្ឌ​កម្ម​ចិន​ទាក់​ទិន​នឹង​វិធាន​ការ​ទប់​ទល់​នឹង​ COVID-19 ក្នុង​ដំណាក់​កាល​ដំបូង​ដ៏​ធូរ​រលុង​របស់​ចិន​ បណ្ដាល​ឱ្យ​សេដ្ឋ​កិច្ច​ពិភពលោក​រង​ផល​វិបាក​ធ្ងន់​ធ្ងរ។

    នៅពេល​ដែល​មេរោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​វាយ​ប្រហារ​ពិភពលោក ក្រុម​មន្ត្រី​ចិន​ និង​អាមេរិកាំង​​ក៏កំពុង​តែ​ទម្លាក់​កំហុង​ដាក់​គ្នា​​ទាក់​ទិន​នឹង​ប្រភព​ ក៏ដូចជា​វិធាន​ការ​ទប់​ទល់​នឹង​វីរុស​នេះ​។ រដ្ឋាភិបាល​អាមេរិកាំង​ថ្មី​ៗ​នេះ​យល់​ថា ខ្ទង់​ប្រាក់​បំណុល​1.6​លាន​លាន​ដុល្លារ​(1,600,000,000,000) ដែល​ចិន​បាន​ខ្ចី​ពីសហ​រដ្ឋ​​អាមេរិក​​កាលពី​ជិត​1សតវត្ស​មុន​​នឹង​ជួយ​ឱ្យ​អាមេរិកាំង​​​មាន​ហេតុ​ផល​​កាន់​តែ​ច្រើន​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​​ទីក្រុង​ប៉េកាំង​។

    មូលនិធិ​មូលបត្រ​អាមេរិកាំង​ដែល​មាន​ទីស្នាក់​ការ​នៅ​ Lewisburg ក្នុង​រដ្ឋ Tennessee បច្ចុប្បន្ន​ក្ដោប​ក្ដាប់​ឯកសារ​បំណុល​​ទាំង​ដើម​ទាំង​ការ​​សរុប​1.6​លាន​លាន​ដុល្លារ​អាមេរិក​​ដែល​ប្រទេស​ចិន​ជំពាក់​នៅមុន​​ពេល​បក្ស​​សាធារណរដ្ឋប្រជាមានិត​ចិន​ត្រូវ​បាន​បង្កើត​ឡើង​។

    មូលនិធិនេះ​មាន​បំណង​ឱ្យ​រដ្ឋ​សភា​អាមេរិកាំង​ជួយ​ជ្រោម​ជ្រែក​ពួក​គេ​ក្នុង​ការ​ទាម​ទារ​ប្រាក់​បំណុល​នេះ​មក​វិញ​។ មូលបត្រ​បំណុល​នេះ​ត្រូវ​បានខ្ចី​ដោយ​​សាធារណរដ្ឋចិន(សាធារណរដ្ឋ​ចិន​/Republic of China/ROC ដែល​បាន​ផ្ដួល​រំលំរាជ​​រដ្ឋាភិបាល​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​មួយ​) ចាប់​ពី​​​ឆ្នាំ​1912 រហូត​ដល់​រដ្ឋាភិបាល​នេះ​ក្ស័យ​ធន​នៅ​ឆ្នាំ​1938​។ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ចិន​​បាន​រត់​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​កាល​ណោះ​​នៅ​ជា​ទី​ស្នាក់​ការ​របស់​រដ្ឋាភិបាល​ផ្លូវ​ការ​នោះ​ឡើយ ក្រោយ​ពី​ប្រទេស​ចិន​ដី​គោក​ត្រូវ​បាន​បក្សកុម្មុយនិស្ត​របស់​លោក​ម៉ៅសេទុងដណ្ដើម​យក​មក​គ្រប់​គ្រង​ទាំង​ស្រុង​ ក្រោយ​ពី​បាន​បញ្ចប់​បដិវត្តន៍​នា​ឆ្នាំ​1949។

    យោង​តាម​ច្បាប់​ ទីក្រុង​ប៉េកាំង​​ចាត់ទុក​កោះ​តៃវ៉ាន់​ជាផ្នែក​មួយ​របស់​ប្រទេស​ចិន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ដែល​ឡើង​កាន់​កាប់​អំណាច​បន្ទាប់​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ខ្ទង់​បំណុល​ដែល​រដ្ឋាភិបាល​មុន​ៗ​បាន​ខ្ចី​ពី​បរទេស​។

    ប្រធានាធិបតី​ Trump គឺជា​មនុស្ស “ម៉ាត់​ណា​ម៉ាត់​ហ្នឹង (កាន់​ពាក្យ​សច្ច) ហើយ​គាត់​ថ្លែង​ថានឹង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​​ដើម្បី​ឱ្យ​ចិន​ទទួល​ខុស​ត្រូវ” នេះ​បើ​តាម​សម្ដីរ​បស់​លោក Jon Jonna Bianco ដែល​ជា​ប្រធាន​​មូល​និធិ​មូលបត្រ​អាមេរិកាំង ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​សារ​ព័ត៌មាន​​ Fox Business។

    Bianco ដែលជា​អ្នក​កាន់​កាប់ឯកសារ​ និងមាន​សិទ្ធិ​គ្រប់​គ្រង​មូលបត្រ​បំណុល​ចំនួន​95%​ ដែល​បរទេស​ខ្ចី​ពី​​សហរដ្ឋ​អាមេរិក​ យល់​ថា ការ​ជំរុញ​ឱ្យ​ចិន​សង​បំណុល​ខាង​លើ​ មិន​មែន​ជា​ការ​ដាក់​ទណ្ឌ​កម្ម​នោះ​ទេ​ ប៉ុន្តែ​វា​គឺជា​ការ​ទារ​បំណុល​​​អន្តរជាតិ​តាម​ធម្មតា​តែ​ប៉ុណ្ណោះ​។

    កន្លង​មក​ក៏ធ្លាប់​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Margaret Thatcher កាល​ពី​ឆ្នាំ​1987 បាន​តម្រូវ​ឱ្យ​ទីក្រុង​ប៉េកាំង​រក​ប្រាក់​ពី​​មូលបត្រ​នានា​ដែល​ជា​របស់​ប្រទេស​អង់គ្លេស​ ឱ្យ​បាន​​ 23.5​លាន​ផោន បើ​មិន​ដូច្នេះ​ទេ​ប្រទេស​ចិន​នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​រក​ស៊ី​ក្នុង​ទី​ផ្សារ​អង់គ្លេស​។ ប្រធានាធិបតី​ចិន​ពេល​នោះ​គឺ​លោក Li Xiannian។

    ខាង​លើ​នេះ​គឺជា​សកម្ម​ភាព​បន្ថែម​ខ្លះ​ៗ​​​នៅក្នុង​សង្គ្រាម​ផ្សេង​ៗ​ក្រៅ​ពី​គ្រាប់​រំសេវ​​រវាង​អាមេរិកាំង​ និង​ចិន​ ដែល​ចាប់​ផ្ដើម​ដោយ​សង្គ្រាម​ពាណិជ្ជ​កម្ម​ សង្គ្រាម​ហិរញ្ញវត្ថុ​។ល។

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ចិន​​រឹប​អូស​ប្រាក់​ក្លែង​ក្លាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​

    ចិន​​រឹប​អូស​ប្រាក់​ក្លែង​ក្លាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​

    កងកម្លាំង​នគរ​បាល​ចិន​ បាន​ធ្វើ​ការ​រឹប​អូស​ប្រាក់​ក្លែង​ក្លាយ​​ចំនួន​6​តោន​ ដែល​មាន​តម្លៃ​​422​លាន​យន់​ នៅក្នុង​បេសក​កម្ម​ស្រាវ​ជ្រាវ​រក​បណ្ដាញ​ផលិតក្រដាស​​ប្រាក់​ក្លែង​ក្លាយ​ដ៏​ធំ​នៅ​ប្រទេស​នេះ​។

    សមាជិក​ចំនួន​16​នាក់​នៃ​បណ្ដាញ​ផលិត​ប្រាក់​ក្លែង​ក្លាយ​ត្រូវ​បាន​ចាប់​ខ្លួន​ នៅក្នុង​យុទ្ធ​នាការ​បោស​សម្អាត​ទ្រង់​ទ្រាយ​ធំ​ចាប់​ពី​ខេត្ត​ក្វាង​ទុង​(Guangdong) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន រហូត​ដល់​ខេត្ត​ហីឡុងជាំង​(Heilongjiang) នៅ​ភាគ​ឦសាន​ប្រទេស​។ នេះ​បើ​តាម​សេចក្ដី​ប្រកាសកាល​ពី​ម្សិល​មិញ​​របស់​ក្រសួងសន្តិសុខសាធារណៈរបស់​ប្រទេស​ចិន​។

    កងកម្លាំង​នគរ​បាល​ បាន​រឹប​​អូស​ប្រាក់​ក្លែង​ក្លាយ​ចំនួន​6​តោន ​មាន​តម្លៃ​ស្មើ​នឹង​422​លាន​យន់​(ប្រហែល​នឹង​59​លាន​ដុល្លារ​អាមេរិក​) ដែលនេះ​គឺជាប្រាក់​ក្លែង​ក្លាយ​មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន ​រាប់​ចាប់​តាំង​ពី​សាធារណរដ្ឋប្រជាមានិត​ចិនត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​1849​។ ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេស​ចិន​បាន​អះអាង​ថា​ ប្រាក់ក្លែងក្លាយ​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់នៅ​ឡើយ​។ កង​កម្លាំង​នគរ​បាល​ចិន​ក៏​បាន​ប្រមូល​យក​ឧបករណ៍​ទាំង​​អស់​ដែល​ទាក់​​ទិន​នឹង​ការ​ផលិត​ប្រាក់​ក្លែង​ក្លាយ​នេះ​។

    នគរបាល​ខេត្ត​ក្វាង​ទុង​ បាន​រក​ឃើញ​តម្រុយ​នៃ​បណ្ដាញ​ផលិត​ប្រាក់​ក្លែង​ក្លាយ​​ទ្រង់​ទ្រាយ​ធំនេះ​កាល​ពី​ចុង​ឆ្នាំ​2019​ និង​បាន​រាយ​ការណ៍​ទៅ​ក្រសួង​សន្តិសុខ​សាធារណៈ​។ ក្រោយ​រយៈ​ពេល​3ខែ​នៃ​ការ​ស្រាវ​ជ្រាវ​ ក្រសួង​សន្តិសុខ​សាធារណៈ​​​កំណត់​បានអត្តសញ្ញា​​​ជន​សង្ស័យ​ជា​ច្រើននាក់​ ហើយ​ក៏​បាន​ចាប់​ផ្ដើម​យុទ្ធ​នាការ​បោស​សម្អាត​ព្រម​ៗ​គ្នា​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

    សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

    សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​​បាន​អនុម័ត​យល់​ព្រម​​ដោយ​មិន​ចាំបាច់​បោះ​ឆ្នោត​ ទៅ​លើ​​​សេចក្ដី​ព្រាង​ច្បាប់​មួយ​​​សម្រាប់​ជនជាតិ​អ៊ុយហ្គួរ ក្នុង​បំណង​បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​ចិន​ ទាក់​ទិន​នឹង​បញ្ហា​សិទ្ធិមនុស្ស​។

    កាល​ពី​ម្សិលមិញ(14ឧសភា) សភា​ជាន់ខ្ពស់​អាមេរិកាំង​បាន​អនុម័តច្បាប់​គោល​នយោបាយ​សិទ្ធិ​មនុស្ស​របស់​​ជន​ជាតិ​អ៊ុយ​ហ្គួរ​ (Uyghur) ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​អ្នក​ដែលត្រូវ​ទទួល​ខុស​ត្រូវ​ក្នុងអំពើ​ឃុំ​ឃាំង​ជន​ជាតិ​អ៊ុយហ្គួរ​​ និង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​​មួយ​ចំនួន​ទៀត​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​(Xinjiang) នៃ​ប្រទេស​ចិន​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​តំណាង​រាស្ត្រ​​ Marco Rubio មក​ពី​បក្ស​សាធារណរដ្ឋ​ និង​តំណាង​រាស្ត្រ​​ Bob Menendez មក​ពី​បក្សប្រជាធតិបតេយ្យ​ នៃ​សភា​ជាន់​ខ្ពស់​​អាមេរិកាំង​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​យល់​ព្រម​ពី​តំណាង​រាស្ត្រ​ទាំង​អស់​ក្នុង​សភា​ជាន់ខ្ពស់​អាមេរិកាំង។

    ច្បាប់​នេះ​ស្នើ​ឱ្យ​សេត​វិមាន​បញ្ជូន​របាយ​ការណ៍​ឡើង​ទៅ​សភា​ក្នុង​រយៈ​ពេល​យ៉ាង​យូរ180​ថ្ងៃ​ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើជន​ជាតិ​អ៊ុយ​ហ្គួរ​។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នោះ​នឹង​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​តាម​​រយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក​ និង​ការ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ជា​ដើម​។

    សេចក្ដី​ព្រាង​ច្បាប់​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅកាន់​សភា​ជាន់​ទាប​ដែល​​បក្ស​ប្រជាធតិបតេយ្យ​ជា​​អ្នក​គ្រប់​គ្រង​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ និង​អនុម័ត​។ បើសិនជា​សភា​ជាន់​ទាប​អនុម័ត​យល់​ព្រម​ នោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​សេត​វិមាន​ដើម្បី​ប្រធានាធិបតី​ពិនិត្យ​ និង​សម្រេច​ថា គួរ​ចុះ​ហត្ថលេខា​ដើម្បី​ឱ្យ​វា​ក្លាយ​ជា​ច្បាប់​ដែរ​ ឬ​អត់​។

    សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិនសូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​2017 រដ្ឋាភិបាល​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បញ្ជូន​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ និង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​​ប្រមាណជា​1​លាន​នាក់​ ទៅ​កាន់​ជំរំ​​មួយ​ចំនួន​។ ភាគី​ខាង​ប្រទេស​ចិន​បាន​ឱ្យដឹង​ថា ជំរំទាំង​នោះ​គឺ​ជា​ “មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​” ហើយ​ពួកគេ​កំពុង​ប្រតិ​កម្ម​ដោយ​ស្រប​ច្បាប់​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​ភាព​ជ្រុល​និយម​ខាង​សាសនា​។ សេចក្ដី​ប្រកាសនេះ​​របស់​ចិន​ មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​លោក​ខាងលិច​ស្ងប់​ចិត្ត​នោះ​ទេ ពិសេស​គឺ​សហរដ្ឋ​អាមេរិក​។​

    គួរ​រំឭក​ផងដែរ​ថា សភា​ជាន់​ទាប់​អាមេរិកាំង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2019​ ក៏ធ្លាប់​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ ដែល​ឱ្យ​ឈ្មោះ​ថា Uighur Intervention and Global Humanitarian Unified Response Act of 2019 ឬ the UIGHUR Act of 2019 (ការធ្វើអន្តរាគមន៍ជួយ​ជនជាតិអ៊ូហ្គួរ និងការឆ្លើយតបផ្នែកមនុស្សធម៌ជា​សកល) ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមរិកាំង​ កំណត់​អត្ត​សញ្ញាណ​ និង​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​មន្ត្រី​ណា​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃុំ​ឃាំង​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​ ក្នុង​ក៏​មាន​ឈ្មោះ​​លេខាធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​របស់​​​ស៊ីនជាំង គឺ​លោក Chen Quanguo​។

    សេចក្ដី​ច្បាប់​ថ្មី​ដែល​ទើប​ត្រូវ​បាន​សភា​ជាន់​ខ្ពស់​អាមេរិកាំងអនុម័ត​​នេះ ក៏​បាន​និយាយ​ដល់​ឈ្មោះ Chen Quanguo និង​អនុលេខា​បក្សនៃ​តំបន់​ស៊ីនជាំង​​ គឺ​លោក Zhu Hailun​ ផងដែរ​។

    តំបន់​ស្វយ័ត​ស៊ីនជាំង​ (Xinjiang) នៃ​ប្រទេស​ចិន​
    តំបន់​ស្វយ័ត​ស៊ីនជាំង​ (Xinjiang) នៃ​ប្រទេស​ចិន​

    ចំណែក​ប្រទេស​ចិន​វិញ ក៏​ធ្លាប់​​ព្រមាន​ថា​នឹង​សង​សឹក​ បើ​សិន​ជា​លោក​ Chen Quanguo ​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​។ ប្រទេសចិន​ក៏បាន​ហៅ​សកម្ម​ភាព​របស់​អាមេរិកាំង​​ថា​ជា​ “អន្តរាគមន៍​ប្រកប​ដោយ​ហិង្សា” ទាក់​ទិន​នឹង​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំង​។

    អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីតោន​ មិន​ទាន់​មាន​ប្រតិ​កម្ម​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ខាងលើ​នេះ​នៅ​ឡើយ​។

    ឥរិយាបថ​របស់​សភា​ជាន់​ខ្ពស់​អាមេរិកាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្ថាន​ភាព​ទំនាក់​ទំនង​រវាង​​អាមេរិក​និង​ចិន​​កំពុង​តែ​អាក្រក់​ទៅ​ៗ​ដោយ​សារ​វីរុស​COVID-19។ អាមេរិកាំង​បាន​ចោទ​ចិន​ថា មិន​មាន​តម្លា​ភាព​ និង​លាក់​បាំង​បញ្ហា​វីរុស​ និង​យឺត​យ៉ាវ​ក្នុង​ការ​ប្រកាស​អាសន្ន​ ប៉ុន្តែ​ប្រទេស​ចិន​បាន​ទាត់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋ​អាមេរិក​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • និន្នាការ​ថ្មី​! CEO​ “Live” លក់​ផលិត​ផល ​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​

    និន្នាការ​ថ្មី​! CEO​ “Live” លក់​ផលិត​ផល ​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​

    Dong Mingzhu ​ជា​ប្រធាន​ក្រុម​ហ៊ុន​ Gree Electric អាច​លក់​បាន​ទំនិញ​ដែល​ជា​គ្រឿង​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ ដែល​​​តម្លៃ​សរុប​ 43.7​លាន​ដុល្លារ​អាមេរិក​ ដោយ​ការ​ឡាយ​ (livestream) ត្រឹម​តែ​3​ម៉ោង​ប៉ុណ្ណោះ​។

    កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ livestream ត្រូវ​បាន​គេ​និយម​ប្រើ​ប្រាស់​ច្រើន​នៅ​ប្រទេស​ចិន។ បុគ្គល​ល្បី​ៗ​ និង​អ្នក​មាន​ឥទ្ធិពល​នៅ​លើអ៊ីនធើណិត​ តែង​ត្រូវ​បាន​ក្រុម​ហ៊ុន​នានា​ជួល​ឱ្យ​ជួយ​ឃោសនា​អំពី​ផលិត​ផលិត​ផល​របស់​ពួក​គេដោយ​ការ​ផ្សាយ​ផ្ទាល់​លើ​អ៊ីនធើណិត​។ ប៉ុន្តែ ថ្មី​ៗ​នេះ​ មាន​និន្នា​ការ​ថ្មី​មួយ​ទៀត​ដែល​កំពុង​ពេញ​និយម​ នោះ​គឺ​ថ្នាក់ដឹក​នាំ​ក្រុម​ហ៊ុនផ្ទាល់​ ចេញ​មុខ​នៅ​តាម​កម្មវិធី​ផ្សាយ​ផ្ទាល់ (livestream) ​របស់​ពួកគេ​​ដើម្បី​ណែនាំ​ និង​លក់​​ផលិត​ផល​។

    Li Jing ដែល​ជា​នាយក​ក្រុម​ហ៊ុន​ជំនាញ​ខាង​តុប​តែង​គ្រឿង​សង្ហារិម​ Mendale Textile រក​បាន​ប្រាក់​3.5​លាន​ដុល្លារ​​តាម​រយៈ​ការ​ឡាយ ដោយ​ចំណាយ​ពេល​ត្រឹម​តែ​4​ម៉ោង​ប៉ុណ្ណោះ កាល​ពី​ខែ​មីនា​។ James Liang ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​ទេស​ចរណ៍ Trip.com រក​បាន​ប្រាក់​​ចំនួន​8.4​លាន​ដុល្លារ​ជូន​ក្រុម​ហ៊ុន​ បន្ទាប់​ពី​បាន​ឡាយ​5លើក​ ដោយ​ក្នុង​1លើក​ៗ​ លោក​ចំណាយ​ត្រឹម​តែ​1ម៉ោង​ប៉ុណ្ណោះ​។ ដូច​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃទី​10​មីនា អ្នក​ស្រី​ Dong Mingzhu ដែល​ជា​មេដឹក​នាំ​របស់​ក្រុម​ហ៊ុន Gree Electric ក៏​រក​បាន​ប្រាក់​43.7​លាន​ដុល្លារ​ បន្ទាប់​ពី​បាន​ឡាយ​លក់​ផលិត​ក្នុង​រយៈ​ពេល​3ម៉ោង​។

    និន្នាការ​ថ្មី​! CEO​ "Live" លក់​ផលិត​ផល ​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​
    អ្នក​ស្រី​ Dong Mingzhu ​ជា​ប្រធាន​ក្រុម​ហ៊ុន​ Gree Electric

    កម្មវិធី​ ឬ​​អែប(App) ដែល​ពេញ​និយម​សម្រាប់​ការ​ឡាយ​លក់​ផលិត​ផល​នៅ​ប្រទេស​ចិន នោះ​គឺ​គេហទំព័រ​ពាណិជ្ជ​កម្ម​ Taobao និង​​ JD ខណៈ​ដែល​បណ្ដាញ​សង្គម​ដូច​ជា Douyin (កំណែ​ភាសា​ចិន​របស់​ TikTok) និង​ Kuaishou ក៏​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន​ឡើង​ៗ​ផងដែរ។

    Livestream កំពុង​តែ​ផ្លាស់​ប្ដូរ​ទម្លាប់ទិញ​ដូរ​​របស់​អតិថិ​ជន​នៅ​ទូទាំង​ពិភព​លោក ពិសេស​គឺ​មនុស្ស​ទាន់​សម័យ​ និង​យុវ​វ័យ​។ បើ​សិន​ជា​ចង់​ទិញ​ផ្កា​ បន្លែ​ផ្លែ​ឈើ​ គឺ​មាន​ “តារាកសិករ​” ជា​ច្រើន​បង្ហាញ​ខ្លួន​រៀប​រាប់​អំពី​ផលិត​ផល​​នៅ​លើ​គេ​ហទំព័រ Kuaishou​​។ ជាង​នេះ កន្លង​មក​ អ្នក​លេង​អ៊ីនធើណិត​នៅ​ប្រទេស​ចិន​ក៏​ធ្លាប់​បាន​ជួប​ប្រទះ​អតិថិ​ម្នាក់​ ហ៊ាន​ចំណាយប្រាក់​ដល់​ទៅ​​5.6​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​រ៉ុក​កែត​​ពាណិជ្ជ​កម្ម​ Kuaizhou-1A 1ដើម​​ទៀត​ផង​ តាម​រយៈ​ការ​ឡាយ​លក់​មួយ​នៅ​លើ​គេហទំព័រ Taobao។

    COVID-19 បាន​ផ្ទុះ​ឡើង​​នៅ​ប្រទេ​សចិន​ បណ្ដាល​ឱ្យ​មនុស្ស​ត្រូវ​នៅ​ផ្ទះ កន្លែង​ធ្វើ​ការ​ត្រូវ​បិទ​ទ្វារ​ នាយក​ក្រុម​ហ៊ុន​នានា​ក៏​ត្រូវ​ស្វែង​រក​យុទ្ធ​សាស្ត្រ​ថ្មី​​ដើម្បី​អាច​រស់​បន្ត​ទៅ​មុខ​។ យុទ្ធ​សាស្ត្រ​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ច្រើន​​ជាង​គេ​នោះ​គឺ​ការ​​ឃោសនា​លក់​ផលិត​ផល​ ឬ​សេវាកម្ម​ដោយ​ការ​ផ្សាយ​​ផ្ទាល់​​នៅ​លើ​អ៊ីនធើ​ណិត​​ដែល​​​​គេ​ហៅ​ថា “ឡាយ”។ ក្រៅ​ពី​មេដឹក​នាំ​ក្រុម​ហ៊ុន​នានា​ដូច​បាន​រៀប​រាប​ខាង​លើ គេ​ក៏​ឃើញ​មាន​​លោក​ Qian Jinbo​ ដែលជា​ប្រធាន​ក្រុម​ហ៊ុន​ស្បែក​ជើង​ Red Dragonfly រួម​នឹង​លោក Liu Minghui ​ជា​ស្ថាបនិក​ក្រុម​ហ៊ុន China Gas និង​លោក​ Chen Xiaodong ដែលជា​​ CEO របស់​ក្រុម​ហ៊ុន Intime Retail Group ជាដើម​ ក៏​បាន​ចូល​រួម​ក្នុង​ការ​ឡាយ​លក់​ផលិត​ផល​របស់​ពួកគេ​ដែរ​។

    CEO បច្ចេកវិទ្យា​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ការ​ "Live" លក់​ផលិត​ផល ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​
     លោក Liu Minghui ​ជា​ស្ថាបនិក​ក្រុម​ហ៊ុន China Gas Holdings

    បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​ជំនាញ​ក្នុង​វិស័យ​ច្នៃ​ប្រឌិត​​នានា​​យល់​ថា​ ការ​បង្ហាញ​វត្តមាន​របស់​មេដឹក​នាំ​ក្រុម​ហ៊ុន​ អាច​បង្កើត​ឱ្យ​មាន​ភាព​ប្លែក​ភ្នែក​គ្រា​ដំបូង​ៗ ប៉ុន្តែ​បើ​សិន​ជា​ពួកគេ​ចេះ​តែ​និយាយ​អំពី​ប្រធាន​បទ​ដដែល​ៗ​ក្នុង​រយៈ​ពេល​យូរ នោះ​ចំនួន​អ្នក​ចូល​មើល​​ការ​ឡាយ​របស់​ពួកគេ​នឹង​ថយ​ចុះ​បន្តិ​ចម្ដង​ៗ​។ CEO និងមេដឹក​នាំ​ក្រុម​ហ៊ុន​នានា ​ត្រូវ​តែ​មាន​ការ​ច្នៃ​ប្រឌិត​ជា​និច្ច​នៅ​ពេល​ពួក​គេចង់​​រក្សា​ និង​ទាក់​ទាញ​​ទស្សនិក​ជន​។

    ឧទាហរណ៍​ដូច​ជា Hou Yi ដែលជា​ CEO របស់​បណ្ដាញ​ផ្សារ​ទំនើប​ Hema នៃ​ក្រុម​ហ៊ុន​ Alibaba បាន​ចូល​រួម​ប្រកួត​បក​សម្បក​បង្កង​នៅក្នុង​ការ​ឡាយ​ជាមួយ​ Viya ដែល​ជា​បុគ្គល​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញសង្គម​ចិន​ ឬ​ក៏ដូច​ជា James Liang ​ដែល​បានប្រើ​ប្រាស់​សម្លៀក​បំពាក់​តាម​អ្នក​ស្រុក​នៅ​តំបន់​ផ្សេង​ៗ​ដើម្បី​ឃោសនា​អំពី​កញ្ចប់​សេវាកម្ម​ទេសចរណ៍​របស់​ក្រុម​ហ៊ុន Trip.com ។ល។

    ពិសេស​ទៀត​នោះ​គឺករណី​របស់​​ Luo Yonghao​ ជា​ CEO របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ Smartisan ដែល​រក​បាន​ប្រាក់​15.5​លាន​ដុល្លារ​អាមេរិក ​តាម​រយៈ​ការ​ឡាយ​3​ម៉ោង​កាល​ពី​ខែ​មេសា​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នោះគឺ​ Luo Yonghao មិន​បាន​លក់​ផលិតផល​​ណា​មួយ​ទាំង​អស់​ ប៉ុន្តែ​ជំនួស​មក​វិញ គាត់​បាន​សហការ​ជាមួយបណ្ដាញ​សង្គម​ Douyin ដើម្បី​បាន​ធ្វើ​ជា​ livestreamer (អ្នក​ផ្សាយ​ផ្ទាល់​/អ្នក​ឡាយ) ដោយ​ការ​លក់​ផលិត​ផល​ច្រើន​មុខ ចាប់​ពី​អាហារ​ រហូត​ដល់​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ផ្សេង​ៗ​។

    CEO បច្ចេកវិទ្យា​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ការ​ "Live" លក់​ផលិត​ផល ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​
    Luo Yonghao​ ជា​ CEO របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ Smartisan

    ករណី​របស់​ Luo បាន​បង្ហាញ​ថា CEO របស់​បណ្ដា​ក្រុម​ហ៊ុន គឺពិត​ជា​អាច​ក្លាយ​​ជា​បុគ្គល​ដ៏មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​បណ្ដាញ​អ៊ីនធើណិត​ ដែល​អាច​នាំ​មកនូវ​ប្រភព​ចំណូល​ថ្មី​ និង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ក្រុម​ហ៊ុន​។

    យោង​តាម iiMedia Research ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​ទូទាត់​តាម​រយៈ​ការ​ឡាយ​លក់​ផលិត​ផល​នៅ​ប្រទេស​ចិន​ បាន​កើន​ដល់​61​ពាន់​លាន​ដុល្លារ​អាមេរិក​​ក្នុង​ឆ្នាំ​2019។ ដោយ​សារ​តែ​​ឥទ្ធិពល​របស់​ COVID-19 វិស័យ​ខាងលើ​នេះ​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ឡើងៗ​ រហូត​ដល់​មាន​ការ​ព្យាករ​ថា ទំហំ​ទឹក​ប្រាក់់​ដែល​ត្រូវ​បាន​ទូទាត់​​តាម​រយៈ​ការ​ឡាយ​​នឹង​ឡើង​ដល់​129​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2020​នេះ​៕

    ប្រភព៖ សារព័ត៌មាន​បរទេស