Tag: ចិន

  • ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    កូន​ក្រមុំ​ជនជាតិ​ Tujia នៅ​ប្រទេស​ចិន ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ ដើម្បី​​ជា​ការ​បួង​សួង​​សូម​សេចក្ដី​សុខ និង​​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

    ជា​ធម្មតា ថ្ងៃ​រៀបការ​តែង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ សំណើច​ក្អាក​ក្អាយ និង​ពេញ​ដោយ​សុភមង្គល នៅ​ពេល​កូន​កំលោះ​ កូន​ក្រមុំ​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​ក្នុង​ជីវិត​គូ។ ក៏ប៉ុន្តែ សម្រាប់​កូន​ក្រមុំ​ជន​ជាតិ​ Tujia នៅ​ក្នុងខេត្ត​​ Sichuan ប្រទេស​ចិន​វិញ ពួក​គេ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​/​ថ្ងៃ​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ពេញ​​ មុន​ពេល​ត្រូវ​ទៅ​រស់​នៅ​ក្នុង​គ្រួ​សារ​ខាង​ស្វាមី​។

    ទំនៀម​ទម្លាប់​យំ​ពេល​រៀប​ការ​នេះ​ មាន​តាំង​ពី​បុរាណ​ នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​និរតី​របស់​ខេត្ត Sichuan ហើយមាន​ការ​ពេញ​និយម​ខ្លាំង​​រហូតដល់​សម័យ​រាជវង្ស Qing (1644 – 1911)។ បើ​ទោះ​បច្ចុប្បន្ន​លែង​មាន​ការ​ពេញ​និយម​ដូច​មុន ប៉ុន្តែ​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់ជា​ច្រើន​ចាត់​ទុក​ថា​ជា​ទំនៀម​ប្រពៃណី​ចាំបាច់​នៅ​ក្នុង​ពិធី​រៀប​មង្គល​ការកូន​ប្រុសស្រី​។

    ប្រជាជន Tujia ដែល​មាន​វ័យ​ចំណាស់​បាន​រៀប​រាប់​ប្រាប់​ថា កូន​ក្រមុំ​ណាក៏​ត្រូវ​តែ​យំ​នៅ​ក្នុង​ពិធី​រៀប​ការ​។ បើ​សិន​មិន​យំ​ នឹង​ត្រូវ​អ្នក​ភូមិ​មើល​ងាយ និង​ចាត់​ទុក​ការ​រៀប​ការ​នោះ​ជា​រឿង​អស់​សំណើច​។ ជាក់​ស្ដែង​មាន​ករណី​ជា​ច្រើន​ដែល​កូន​ក្រមុំ​ត្រូវ​បាន​ម្ដាយ​វាយ​ព្រោះ​តែ​មិន​យំ​ក្នុង​ថ្ងៃ​រៀប​ការ​។ តាម​រយៈ​សំឡេង​យំ ជនជាតិ​ Tujia នឹង​អាច​វាយ​តម្លៃ​បាន​ទៅ​លើ​ភាព​ថ្លៃ​ថ្នូរ ភាព​ជា​ស្ត្រី និង​ភាព​ឆ្លាតវៃ​របស់​កូន​ក្រមុំ។

    ទំនៀម​ទម្លាប់​ខាងលើ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Zuo Tang (អង្គុយ​ក្នុង​រោង​ការ ឬ​រោង​ជំនុំ)»។ នេះ​បើ​តាម សារព័ត៌មា​ន​ចិន China Daily។

    តាម​ជំនឿ​បុរាណ ​​កូនក្រមុំ​ជន​ជាតិ​ Tujia នៅ​ប្រទេស​ចិន មិន​ត្រឹម​តែ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ​នោះ​ទេ តែ​ក៏​ត្រូវ​ជេរ​ «មេ​អណ្ដើក​​» ថែម​ទៀត​ផង ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

  • រោងចក្រ​ផលិត​អគ្គិសនី​ដោយ​កម្ដៅថ្ងៃ 1,000 ម៉េ​ហ្គា​វ៉ា​ត់ ត​ភ្ជាប់​នឹង​​បណ្ដាញ​អគ្គិសនី​នៅ​ប្រទេស​ចិន

    រោងចក្រ​ផលិត​អគ្គិសនី​ដោយ​កម្ដៅថ្ងៃ 1,000 ម៉េ​ហ្គា​វ៉ា​ត់ ត​ភ្ជាប់​នឹង​​បណ្ដាញ​អគ្គិសនី​នៅ​ប្រទេស​ចិន

    រោងចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ថ្មី​នៅ Tianjin មាន​កម្លាំង 1,000 ម៉េ​ហ្គា​វ៉ា​ត់ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ពលរដ្ឋ 1.5 លាន​គ្រួសារ។

    យោងតាមសារព័ត៌មាន​ចិន​ រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ផ្ទាំង​សូ​ឡា Huadian Tianjin Haijing ត្រូវបាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​នៅ Tianjin កាលពី​ថ្ងៃទី 08 កក្កដា 2023។ សកម្មភាព​របស់​រោង​ចក្រ​ដែលមាន​កម្លាំង 1,000 ម៉េ​ហ្គា​វ៉ា​ត់ (MW) នេះ រួមមាន រូបមន្ត​ឧស្សាហកម្ម​រួមផ្សំ​នឹង​ការផលិត​អគ្គិសនី​ពី​ផ្ទាំង​សូ​ឡា ការផលិត halogen លើ​ផ្ទៃ​ទឹក និង​ក្នុង​ទឹក ទន្ទឹមនឹង​ការកែលំអ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន។

    ស្ថិតនៅ​តំបន់​ស្រែអំបិល Changlu រោងចក្រ Huadian Tianjin Haijing គ្រប់ដណ្ដប់​​លើ​ផ្ទៃដី​ប្រហែល 1,333 ហិកតា និង​អាច​ផ្គង់​ផ្គង់​អគ្គិសនី​ស្អាត 1.5 ពាន់​លាន​គីឡូវ៉ាត់ម៉ោង​ជា​រៀងរាល់ឆ្នាំ អាចឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​របស់​មនុស្ស 1.5 លាន​គ្រួសារ និង​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីដ​បាន​ប្រហែល 1.25 លាន​តោន ធៀប​នឹង​ការប្រើប្រាស់​ធ្យូងថ្ម។

    យោងតាម Yang Fan ប្រធាន​គម្រោង​ខាងលើ រោងចក្រ​នេះ​នឹង​ជួយ​ជំរុញ​ការកែប្រែ​រចនាសម្ព័ន្ធ​ថាមពល​ស្អាត​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន។ រោងចក្រ​នេះ​ក៏​ផ្សារភ្ជាប់​ការផលិត​អគ្គិសនី​ជាមួយនឹង​ការផលិត​អំបិល និង​នេសាទ​ផងដែរ៕

  • BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បានបង្ហាញ​វត្តមាន​រថយន្ត Dolphin នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​យុទ្ធនា​ការបញ្ជ្រាប​ផលិតផល​ទៅគ្រប់​ទីផ្សារ។

    BYD បាន​ប្រារព្ធ​កម្មវិធី​បង្ហាញរ​ថ​យន្ត​អគ្គិសនី Dolphin ជាមួយនឹង​តំណាង​ចែកចាយ Vantage Automotive របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី 03 កក្កដា។ Dolphin​ ដែលជា​រថយន្ត​អគ្គិសនី​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ​ដែល​ត្រូវបាន​ដាក់លក់​នៅ​ប្រទេស​សិង្ហបុរី បន្ទាប់ពី Atto 3។

    BYD បានដាក់​លក់ Atto 3 នៅ​សិង្ហ​បុរី​តាំងពី​ឆ្នាំ 2022 ហើយ​វា​គឺ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​តំបន់ នៅក្នុង 5 ខែ​ដើមឆ្នាំ។

    BYD ឱ្យដឹងថា Dolphin នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង​ពី​អតិថិជន​គ្រប់​វ័យ​នៅ​សិង្ហ​បុរី ហើយ​វា​នឹង​ត្រូវបាន​ប្រជាជន​នៅទីនេះ​ស្គាល់​កាន់តែច្រើន។

    BYD Dolphin ត្រូវបាន​ដាក់លក់​តាំងពី​ថ្ងៃទី 29 សីហា 2021។ វា​គឺជារថ​យន្ត​ខ្នាតតូច​ល្មម និង​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី ហើយ​បច្ចុប្បន្ន​មានតម្លៃ​ចាប់ពី 16,120 ដុល្លារ​អាម៉េរិក នៅ​ប្រទេស​ចិន។ នៅ​សិង្ហ​បុរី BYD Dolphin មានតម្លៃ​ចាប់ពី 156,888 ដុល្លារ​សិង្ហ​បុរី (115,900 ដុល្លារ​អាម៉េរិក)។

    BYD លក់​រថយន្ត​អគ្គិសនី​បាន 253,046 គ្រឿងក្នុង​ខែមិថុនា កើន 88.79% ធៀប​នឹង 134,036 គ្រឿងក្នុង​ដំណាក់កាល​ដូចគ្នា​កាល​ពី​​ឆ្នាំ 2022។

  • ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។

    កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។

    មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។

    ផែន​ទី​ផ្លូវ 9 ខ្សែ (Nine-dash line) នៅ​សមុទ្រ​ចិន​ខាង​ត្បូង

    គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head on my shoulder និង Madam Secretary ជាដើម៕

  • បណ្ដុំ​​អគារ​ស្នាក់​នៅកម្ពស់​ជាង 100 ម៉ែត្រ​ ​ត្រូវ​បាន​ដំឡើង​​ពី​​​ម៉ូឌុល​ជាង 6,000 ដុំ

    បណ្ដុំ​​អគារ​ស្នាក់​នៅកម្ពស់​ជាង 100 ម៉ែត្រ​ ​ត្រូវ​បាន​ដំឡើង​​ពី​​​ម៉ូឌុល​ជាង 6,000 ដុំ

    (ប្រទេស​ចិន) – បណ្ដុំ​អគារ​ស្នាក់នៅ​កម្ពស់​ជាង 100 ម៉ែត្រ នៅ​ទីក្រុង Shenzhen ត្រូវបាន​សាងសង់​រួចរាល់​ក្នុង​រយៈពេល​មួយឆ្នាំ ដោយ​ការដំឡើង​ជា​ម៉ូឌុល។

    អគារ​ម៉ូឌុល​គឺជា​ស្ថាបត្យកម្ម​សំណង់​ដំឡើង​ពី​បណ្ដុំ​រចនាសម្ព័ន្ធ​ដែល​ត្រូវបាន​គេ​ចាក់ពុម្ព​រួចរាល់​នៅ​រោងចក្រ ហើយ​ដឹក​យកមក​ផ្គុំ ជំនួស​ឱ្យ​ការសាងសង់​នៅនឹងកន្លែង​ដូច​សព្វថ្ងៃ។

    អគារ​ស្នាក់នៅ​ចំនួន​ប្រាំ​នៅ​ទីក្រុង Shenzhen ប្រទេស​ចិន ត្រូវបាន​ដំឡើង​ជា​រូបរាង​ពី​ម៉ូឌុល​ស្ដង់ដា​ជាង 6,000 ដុំ។ បណ្ដា​ម៉ូឌុល​ត្រូវបាន​យកមក​ដំឡើង​នៅពេល​បណ្ដាញ​អគ្គិសនី និង​ផ្នែក​នានា​នៅ​ខាងក្នុង​ត្រូវបានធ្វើ​រួចរាល់។

    វិធីសាស្ត្រ​សាងសង់​ខាងលើ​ត្រូវបាន​វាយតម្លៃថា សន្សំសំចៃ​ពេល ប្រាក់កាស និង​បំ​ភាយ​ឧស្ម័ន​ពុល​ក្នុង​កម្រិត​ទាប។

    «តាម​ការ​គណនា​ជាបឋម​របស់​យើង ការសាងសង់​ដោយ​ម៉ូឌុល​អាចជួយ​កាត់បន្ថយ​សំណល់​សំណង់​បាន 75%» លោក Cen Yan មន្ត្រី​នៅ​ស្ថាប័ន​សំណង់ និង​ផ្ទះ​ស្នាក់នៅ​របស់​ទីក្រុង Shenzhen ឱ្យដឹង​ដូច្នេះ៕

  • ដែន​ដី​ដែល​មាន​ស្រីស្អាត​ច្រើន​ជាង​គេ​នៅ​​ប្រទេស​ចិន​

    ដែន​ដី​ដែល​មាន​ស្រីស្អាត​ច្រើន​ជាង​គេ​នៅ​​ប្រទេស​ចិន​

    ស៊ីនជាំង ត្រូវ​បាន​ចាត់ទុក​ថា​ជា​ដែនដី​ដែល​សម្បូរ​ស្រី​ស្អាត​បំផុត​នៅ​ប្រទេស​ចិន​ ព្រោះ​តែភូមិសាស្ត្រ​ពិសេស​ ទើប​ប្រជាជន​នៅ​ទី​នោះ​មាន​សម្រស់​ស្រស់ស្អាត​បែប​​ចម្រុះ​​ជាតិ​សាសន៍​។

    ក្នុង​ចំណោម​មនុស្ស​ម្នា ស្ត្រី​នៅ​តំបន់​ស៊ីជាំង​លេច​ធ្លោ​ជាង​គេ​ដោយ​សារ​តែ​រូប​រាង​ និ​ងសម្រស់​​ដ៏​ស្រស់​ស្អាត​។ ហេតុ​អ្វី​ប្រទេស​ចិន​ធំ​យ៉ាង​នេះ​ ប៉ុន្តែ​ស៊ីនជាំង​បែរ​ជា​មាន​ស្រី​ស្អាត​ច្រើន​ជា​ង​គេ​ទៅវិញ?

    ស៊ីនជាំង​ស្ថិត​នៅ​លើ​តំបន់​ច្រក​ផ្លូវ​ទៅមក​រវាង​អាស៊ី និង​អឺរ៉ុប ជា​តំបន់​ប្រមូល​ផ្ដុំ និង​ទំនាក់​ទំនង​របស់​ជាតិ​សាសន៍​ជា​ច្រើន​។ ដូច្នេះ ហ្សែន​របស់​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ផ្ទុក​ចំណុច​ពិសេស​នៃ​ជាតិ​សាសន៍​ជា​ច្រើន​។ ពួក​គេ​មាន​ច្រមុះ​ស្រួច ស្បែក​ស​ដូច​​ជនជាតិ​អឺរ៉ុប និង​មាន​ភ្នែក​ធំៗ រោម​ភ្នែក​វែង​ៗ​ដូច​ជន​ជាតិ​អារ៉ាប់ និង​មាន​សម្រស់​ស្រស់​សោភា​ដូច​ស្ត្រី​ឥណ្ឌា។

    ជាមធ្យម ភ្នែក​របស់​ស្ត្រី​នៅ​អាស៊ី​មាន​ប្រវែង 25.23 មម ប៉ុន្តែ​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ភ្នែក​ប្រវែង 31.8 មម វែង​ជាង 6 មម។

    ក្ដោង​ច្រមុះ​របស់​ស្ត្រី​នៅ​ស៊ីនជាំង​ខ្ពស់​ 6 អង្សា ធៀប​នឹង​ស្ត្រីតំបន់​ដទៃ​របស់​​​អាស៊ី ដែល​នេះ​មាន​ន័យ​ថា ទោះ​ជា​ដេក​ផ្អៀង​យំ ក៏​ទឹក​ភ្នែក​មិន​អាច​ហូរ​ឆ្លង​ក្ដោង​ច្រមុះ​ទៅ​ម្ខាង​ទៀត​។

    ភាព​ខុស​គ្នា​រវាង​សីតុណ្ហ​ភាព​ពេល​យប់ និង​ពេល​ថ្ងៃ​នៅ​ស៊ីនជាំង​គឺ​មាន​ខ្ពស់​ខ្លាំង​ ធ្វើ​ឱ្យ​បន្លឺ​ផ្លែ​ឈើ​មួយ​ចំនួន​នៅ​តំបន់​នេះ​មាន​ជាតិស្ករ និង​ជីវជាតិ​ខ្ពស់​ជាង​តំបន់​ដទៃ​។ បន្លែ​ផ្លែ​ឈើ​សម្បូរ​វីតាមីន​គឺ​មាន​ប្រយោជន៍​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​ស្បែក​។ ក្រៅ​ពី​នេះ ស៊ីនជាំង​ក៏​ជា​តំបន់​ដែល​មាន​ដាំ​ផ្លែ​ឈើ​ល្បី​ៗដែល​ផ្អែម​ ឈ្ងុយ​ឆ្ងាញ់​ជាប់​ចិត្ត​។ ការ​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះបាន​​ជួយ​ឱ្យស្ត្រី​នៅ​ស៊ីនជាំង​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​។

    ស៊ីនជាំង​ក៏​ជា​តំបន់​ល្បី​ល្បាញ​ខាង​រាំ​តាំង​ពី​សម័យ​បុរាណ​។ ការ​រាំ​ជួយ​ឱ្យ​ស្ត្រី​នៅ​ទី​នេះ​មាន​រាង​កាយ​មាំមួន សុខភាព​ល្អ រូប​សម្រស់​ស្រស់​ស្អាត៕

  • ក្រុមហ៊ុន​មួយ​ចំណាយ 138 លាន​ដុល្លារ​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​បង្កើតកូន

    ក្រុមហ៊ុន​មួយ​ចំណាយ 138 លាន​ដុល្លារ​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​បង្កើតកូន

    ក្រុមហ៊ុន​ទេសចរណ៍​ធំ​មួយ​នៅ​ប្រទេស​ចិន បញ្ចេញ​កញ្ចប់​ជំនួយ​សម្រាប់​ការថែទាំ​ក្មេង​តម្លៃ 138 លាន​ដុល្លារ​​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក 32,000 នាក់ ក្នុងការ​បង្កើតកូន។

    បុគ្គលិក​ធ្វើការ​នៅ Trip.com ដែលជា​ក្រុមហ៊ុន​ទេសចរណ៍​ធំជាងគេ​មួយ​របស់​ពិភពលោក នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ 1,376 ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ រយៈពេល​ប្រាំ​ឆ្នាំ សម្រាប់​ទារក​ម្នាក់។ គោលការណ៍​​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃនេះ (01) កក្កដា 2023។

    «តាមរយៈ​កញ្ចប់​អត្ថប្រយោជន៍​ស្ដីពី​ការថែទាំ​ក្មេង​ថ្មី​នេះ យើង​មានបំណង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឱ្យ​ចាប់ផ្ដើម ឬ​ពង្រីកទំហំ​​គ្រួសារ​ដោយ​មិន​បង្ក​ផលប៉ះពាល់​ដល់​គោលដៅ និង​សមិទ្ធផល​ការងារ» លោក James Liang ប្រធាន​ក្រុមហ៊ុន Trip.com កាលពី​ថ្ងៃទី 30 កក្កដា 2023 ឱ្យដឹង​ដូច្នេះ។

    គោលការណ៍​ខាងលើនេះ​អនុវត្ត​ចំពោះ​បុគ្គលិក​ពេញសិទ្ធិ​ដែល​ធ្វើការ​យ៉ាងតិច​បី​ឆ្នាំ មិន​កំណត់​ភេទ តំណែង ឬ​ទីតាំង​ធ្វើការ។ ក្រុមហ៊ុន Trip.com បច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ប្រហែល 32,000 នាក់។

    គោលការណ៍​របស់ Trip.com ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង បាន​លុបចោល​គោលនយោបាយ​កូន​មួយ​ដែល​អូសបន្លាយ​ពេល​រាប់​ទសវត្សរ៍ កាលពី​ឆ្នាំ 2015 ដោយ​អនុញ្ញាតឱ្យ​ប្ដី​ប្រពន្ធ​មួយគូ​មានកូន​ពីរ​នាក់​។ ការអនុញ្ញាតរបស់​​រដ្ឋាភិបាល​ចិន​ ក៏​ធ្វើឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​ទាក់ទង​នឹង​បញ្ហាធ្លាក់​ចុះ​នៃ​​ចំនួន​ប្រជាជន​​ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចប្រទេស​នេះ​៕

  • ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។

    ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។

    រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។

    ដូច្នេះ Thai Hung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទី​បី​ដែលមាន​រោងចក្រ​ដំឡើង​នៅ​វៀតណាម បន្ទាប់ពី VinFast របស់​មហាសេដ្ឋី​វៀតណាម និង Wuling របស់​ចិន៕

  • ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Aion ដែលជា​យីហោ​មួយ​របស់ GAC (Guangzhou Automobile Corporation) បាន​ចូលមក​កាន់​ទីផ្សារ​ប្រទេស​ថៃ និង​ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​បំផុត​របស់​ចិន​ដែល​ធ្វើ​ដូច្នេះ។

    កាលពី​ថ្ងៃទី 28 មិថុនា GAC Aion បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី​កិច្ចសហការ​ជាមួយ​តំណាង​ចែកចាយ​នៅ​ប្រទេស​ថៃ ដើម្បីនាំ​រថយន្ត​អគ្គិសនី​​ចូលមក​ទីផ្សារ​នេះ​ជា​ផ្លូវការ បើកផ្លូវ​ឱ្យ Aion ចាប់​ផ្ដើម​ធ្វើ​អន្តរ​ជាតូបនីយកម្ម​យីហោ​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​នឹង​បើក​ទីស្នាក់ការ​កណ្ដាល​នៅ​អាស៊ីអាគ្នេយ៍​លើ​ទឹកដី​ថៃ​ក្នុងឆ្នាំនេះ។

    GAC Aion ឱ្យដឹងថា ការផលិត​បណ្ដា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ថៃ កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មមា​ញឹក។ ក្នុង​អនាគត ក្រុមហ៊ុន​នេះ​ក៏​នឹង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ផងដែរ។

    អំពី​ការលក់​រថយន្ត​អគ្គិសនី នៅ​ប្រទេស​ចិន GAC Aion ឈរ​លំដាប់​ទី​ពីរ​បន្ទាប់ពី BYD។ នេះ​បើតាម​បញ្ជី​ចំណាត់ថ្នាក់​របស់​សមាគម​រថយន្ត​ដឹក​អ្នកដំណើរ​ចិន (CPCA)។

  • បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    រថភ្លើង​បណ្ដែត​ខ្លួន​សៀង​ហៃ​របស់​ប្រទេស​ចិន ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន។

    រថភ្លើង​សាធារណៈ​ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​លើ​ពិភពលោក គឺ​រថភ្លើង​បណ្ដែត​ខ្លួន (Maglev Train) សៀង​ហៃ (Shanghai maglev train) របស់​ប្រទេស​ចិន ដែល​ផលិតឡើង​ដោយយោង​តាម​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់។ វា​ធ្វើដំណើរ​ទៅមុខ​ដោយ​កម្លាំង​មេដែក​អគ្គិសនី​ដែល​អនុញ្ញាតឱ្យ​វា​បណ្ដែត​ខ្លួន​ផុតពី​ផ្លូវដែក។ រថភ្លើង​នេះ​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ចំណាយពេល 7.5 នាទី​ក្នុងការ​ធ្វើដំណើរ 30 គីឡូម៉ែត្រ ដោយមាន​ល្បឿន 460 គីឡូម៉ែត្រ/ម៉ោង។

    លំដាប់​ទី​ពីរ​គឺ​រថភ្លើង CR400 Fuxing របស់​ប្រទេស​ចិន ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 350 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​លំដាប់​ទី​បី​វិញ គឺ​រថភ្លើង ICE3 នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 330 គីឡូម៉ែត្រ/ម៉ោង។ រីឯ​ទី​បួន​វិញ បាន​ទៅលើ​រថភ្លើង TGV នៅ​ប្រទេស​បារាំង ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 320 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង​រថភ្លើង E5 របស់​ប្រទេស​ជប៉ុន និង Al Boraq របស់​ម៉ារ៉ុក។ និង​បន្ទាប់​មក​គឺ​ AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង​។

    រថភ្លើង CR400 Fuxing របស់​ចិន
    រថភ្លើង ICE3 របស់​អាល្លឺម៉ង់
    TGV របស់​បារាំង
    JR East E5 របស់​ជប៉ុន
    Al Boraq: 320 km/h (ម៉ារ៉ុក)
    AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង