Tag: គេង

  • បច្ចេកវិទ្យាធ្វើឱ្យ​កុមារ​មានបញ្ហាផ្លូវចិត្តព្រោះគេងមិនគ្រប់គ្រាន់

    បច្ចេកវិទ្យាធ្វើឱ្យ​កុមារ​មានបញ្ហាផ្លូវចិត្តព្រោះគេងមិនគ្រប់គ្រាន់

    នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ អាណាព្យាបាលបានចំណាយពេលវេលា​កាន់តែតិចទៅៗក្នុងការនៅជាមួយកូន ហើយជំនួសមកវិញនូវឧបករណ៍អេឡិចត្រូនិក។ ពេលខ្លះ​កូនតូចៗស្ថិតនៅជាមួយឪពុកម្តាយពិតប្រាកដមិនដល់ 3ម៉ោង​ផងក្នុងមួយថ្ងៃ តែបានរស់នៅក្នុងពិភពបច្ចេកវិទ្យា​ដល់ទៅជាង 5ម៉ោង ឬលើសពីនេះទៀតក៏មាន។ ចំណុចទាំងអស់នេះត្រូវបាន គេរកឃើញថាធ្វើឱ្យប៉ះពាល់​ដល់កុមារទាំងផ្លូវកាយ និងផ្លូវចិត្តដែលអាចប៉ះពាល់ដល់ការរីកលូតលាស់នៃបញ្ញារបស់ក្មេងតូច។

    អង្គការ UNICEF បានបញ្ជាក់ថា មនុស្សម្នាក់ក្នុងចំណោម 3នាក់​នៃអ្នកប្រើប្រាស់​អីុនធើណិតលើពិភពលោក គឺកុមារ​ ហេតុនេះវាអាចធ្វើឱ្យពួកគេទទួលផលប៉ះពាល់ជាច្រើននៅពេលដែលពួកគេប្រើប្រាស់ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ។ ចំនួនកុមារ​ប្រើប្រាស់បច្ចេកវិទ្យាបានកើនឡើងយ៉ាងគំហុក ខណៈអាណាព្យាបាល​ស្ទើរតែទាំងអស់ ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសក្រីក្រ រវល់កាន់តែខ្លាំងជាមួយនឹងការធ្វើការងារ និងមុខរបរអាជីវកម្ម​ ស្របពេលដែលតម្លៃនៃ​ឧបករណ៍អេឡិចត្រូនិក​មានការថយចុះ ហើយមនុស្សស្ទើរគ្រប់គ្នាអាចប្រើប្រាស់វាបាន។

    គេហទំព័រអប់រំ​ដ៏ល្បីល្បាញ​ Education world បានបញ្ជាក់ថា​ សម្រាប់កុមារតូចត្រូវសម្រាកច្រើនជាង 10ម៉ោង ខណៈមនុស្សជំទង់ត្រូវសម្រាក​ឱ្យបាន 8ម៉ោងក្នុងមួយថ្ងៃ។ ការសម្រាកមិនគ្រប់គ្រាន់​អាចធ្វើឱ្យកុមាររងផលប៉ះពាល់ជាច្រើនដូចជាការរីកលូតលាស់មិនបាន​ល្អផ្នែករាងកាយ ការប្រឈមនឹងជំងឺធាត់ បញ្ហាផ្លូវចិត្តមិនល្អ ធុញថប់ច្រើន ឆេវឆាវ និងអាចប៉ះពាល់ដល់ភាពឆ្លាតវៃ​របស់កុមារទៀតផង។

    ថ្វីដ្បិតតែ Game ឬគេហទំព័រមួយចំនួន​ជំរុញឱ្យ​ផលចែកខាងបញ្ញា (IQ) របស់កុមារកើនឡើងមែន តែ​ការប្រើប្រាស់បច្ចេកវិទ្យាច្រើនជ្រុលអាចបណ្តាលឱ្យប៉ះពាល់ដល់កុមារយ៉ាងខ្លាំង។ គេហទំព័រខាងលើបានបញ្ជាក់ថា កុមារបច្ចុប្បន្នប្រឈមនឹងបញ្ហាសម្រាកមិនគ្រប់គ្រាន់ ព្រោះ​ហេតុផលមួយចំនួនដូចជា ទី1 បញ្ហាពន្លឺនៃ Smart Phone ឬ Tablet អាចធ្វើឱ្យកុមារ​មិនចង់សម្រាក​ និងខ្លះទៀតគេងមិនលក់ហើយ​ បន្តនៅជាមួយវារហូតដល់យប់ជ្រៅ។ បញ្ហានេះធ្វើឱ្យ​ក្មេងៗទម្លាប់ងើបយឺតហើយមានអារម្មណ៍មិនល្អនៅពេលពួកគេទៅសាលា។ ចំណុចទី2 គឺកុមារតូចអាចនឹងនឿយហត់ខ្លាំងជ្រុល ខ្វះការសម្រាកផ្នែកអារម្មណ៍ និងខួរក្បាល ព្រោះការនៅជាមួយឧបករណ៍អេឡិចត្រូនិកច្រើនជ្រុល បើទោះបីជាមើលទៅឃើញពួកគេកំពុងលេងសប្បាយក៏ដោយ តែពួកគេក៏កំពុងប្រើប្រាស់ខួរក្បាលយ៉ាងច្របូកច្របល់​ជាមួយវាដែរ។ ហេតុនេះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារប្រសិនបើអាណាព្យាបា​ល​មិនបានយកចិត្តទុកដាក់ឱ្យបានដិតដល់​ចំពោះក្មេងទេនោះ។

    អ្នកជំនាញផ្នែក​បច្ចេកវិទ្យានៃ​វិទ្យាស្ថានសិក្សាពីចម្ងាយ កញ្ញា សៀក ឡេង បានលើកឡើងថា កុមារដែលនៅជាមួយបច្ចេកវិទ្យាច្រើនជ្រុល អាចប្រឈមជាមួយនឹងបញ្ហា​មិនសូវរហ័សរហួន ហើយ​បាត់បង់ការទំនាក់ទំនងល្អជាមួយនឹង​មនុស្សធំ។ បញ្ហាទាំងអស់នេះក៏អាចធ្វើឱ្យគេប៉ះពាល់ដល់អនាគតផងដែរ។ ហេតុនេះប្រសិនបើអាណាព្យាបាល​មិនចង់ឱ្យកូន​តូចក្លាយជាមនុស្សញៀន​នឹងឧបករណ៍អេឡិចត្រូនិក ចាំបាច់ត្រូវតែរកវិធីដើម្បីបង្កើនភាពជិតស្និទ្ធជាមួយកូន ដោយការនាំពួកគេឱ្យលេងរបស់ពិតៗ មិនមែន​លេងល្បែងតាម​ឧបករណ៍អេឡិចត្រូនិកនោះទេ៕ ​

  • ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ច្រើនដងណាស់ដែលយើងតែងបានឮថា ទារក ឬកូនតូចៗញញឹមពេលគេងលក់មានន័យថា កូនកំពុងតែយល់សប្តិល្អ ឬកូនញញឹមពេលគេងលក់មានន័យថា កូនកំពុងតែលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិន ដែលជំនឿទាំងនោះអាចនឹងធ្វើឱ្យអ្នកម្តាយជាច្រើននាក់មានកង្វល់ចិត្ត តែការពិតវិញយ៉ាងណានោះ យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា។

    កូនតូចញញឹមពេលគេងលក់ព្រោះអ្វី?
    ទារកក្នុងអំឡុង 0 – 1ខែដំបូងក្រោយពេលប្រសូត ការញញឹមមិនបានកើតចេញពីការយល់សប្តិនោះទេ តែកើតចេញពីការបង្រួញខ្លួនរបស់សាច់ដុំផ្ទៃមុខ ព្រោះទារកនៅមិនទាន់អាចញែកអារម្មណ៍ល្អ ឬអាក្រក់បាននៅឡើយទេ។

    ទារកក្នុងអំឡុង 2 – 5ខែ ខណៈពេលគេងលក់ទារកនឹងមានអាការខាងទឹកមុខច្រើនយ៉ាង ដូចជា ទឹកមុខមាំ
    ចងចិញ្ចើម ធ្វើមាត់ជីបអូចៗ និងញញឹម អាការទាំងនេះមិនបានបណ្តាលមកពីការកំពុងយល់សប្តិ ឬកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិននោះទេ តែគឺជាវិវឌ្ឍនាការសាច់ដុំផ្ទៃមុខរបស់ទារកទៅវិញទេ។

    ទារកក្នុងអំឡុង 6 ខែឡើងទៅ នឹងចាប់ផ្តើមចេះយល់សប្តិហើយ ដោយសារតែទារកក្នុងវ័យនេះមើលឃើញបានពេញទំហឹងហើយ ទើបកើតមានការចងចាំទុកយកទៅយល់សប្តិ ដោយការយល់សប្តិរបស់ទារកវ័យ 6 ខែនេះនៅមិនទាន់ពេញជារឿងជារ៉ាវដូចមនុស្សធំទេ តែជារូបភាពស្លៃដ៍បែបមិនជាប់លាប់ និងទារកនៅមិនទាន់យល់ដឹងថា នេះគឺជាសុបិនឡើយ។

    កូនតូចចូលចិត្តញញឹមពេលគេងលក់ មិនមែនព្រោះកូនកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិនតាមជំនឿដែលយើងធ្លាប់បានឮនោះទេ តែកើតចេញពីវិវឌ្ឍនាការរបស់សាច់ដុំផ្ទៃមុខដូចដែលបានរឿបរាប់ពីខាងលើរួចហើយប៉ុណ្ណោះឯង ដូច្នេះលោកឪពុកអ្នកម្តាយមិនចាំបាច់ព្រួយកង្វល់ឡើយ ព្រោះវិវឌ្ឍនាការផ្សេងៗនឹងហុចផលល្អឱ្យកូនក្លាយជាក្មេងឆ្លាតនាពេលអនាគត៕

  • នៅពេលដែលអ្នកម្តាយមានគភ៌គេងមិនលក់ គួរធ្វើយ៉ាងម៉េចទៅ?

    នៅពេលដែលអ្នកម្តាយមានគភ៌គេងមិនលក់ គួរធ្វើយ៉ាងម៉េចទៅ?

    ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាននគភ៌ជាច្រើននាក់ក៏ប្រហែលជាធ្លាប់កើតអាការបែបនេះញឹកញាប់ដែរ មែនទេ?។ ហេតអ្វីបានអ្នកម្តាយមានគភ៌គេងមិនលក់? មូលហេតុចម្បង គឺបណ្តាលមកពី ការប្រែប្រួលរបស់អ័រម៉ូននៅក្នុងរាងកាយហ្នឹងឯង។

    – ជាពិសេសក្នុងអំឡុងពេលត្រីមាសដំបូង ដែលកម្រិតអ័រម៉ូន ប្រូជេស្ទើរ៉ូន កើនឡើងខ្ពស់ជាងប្រក្រតី ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ម៉ួម៉ៅ នឿយល្វើយ សោកសៅ និងគេងមិនលក់ ឬពេលខ្លះមានអារម្មណ៍ងងុយគេងខ្លាំង តែគេងលក់មិនសូវពេញលេញ ឬអ្នកម្តាយខ្លះគេងពេលថ្ងៃច្រើនពេក ក៏ជាមូលហេតុមួយធ្វើឱ្យពេលយប់មានអារម្មណ៍មិនសូវងងុយគេងដែរ។

    – ខណៈដែលក្នុងអំឡុងត្រីមាសទី2 មានមូលហេតុចម្បងមកពីការរើរបស់កូននៅក្នុងពោះ បូកជាមួយក្នុងអំឡុងពេលនេះ អ័រម៉ូន ប្រូជេស្ទើរ៉ូន នៅក្នុងរាងកាយរបស់អ្នកម្តាយនៅតែខ្ពស់ដដែល ដូចនេះអ្នកម្តាយក៏អាចនឹងគេងមិនលក់បានដូចគ្នា។

    – ក្នុងត្រីមាសចុងក្រោយ អ្នកម្តាយមួយចំនួនអាចគេងមិនលក់ ដោយសាតែការរីកធំរបស់ក្បាលពោះទើបមានអារម្មណ៍ថាតឹងពោះ ឈឺខ្នង ឬឈឺបត់ជើងតូចញឹករហូតត្រូវងើបឡើងទៅចូលបន្ទប់ទឹកជាញឹកញាប់។

    គេងមិនលក់មានផលប៉ះពាល់ដល់សុខភាព
    បើត្រឹមតែ 1 ដងឬ 2 ដង អ្នកម្តាយគ្រាន់តែងងុយគេង ស្ងាបនៅពេលថ្ងៃតែប៉ុណ្ណោះ តែបើញឹកញាប់រៀងរាល់យប់វិញនោះ
    វាប្រហែលមិនមែនជារឿងល្អទេ ព្រោះថា…៖

    – គេងមិនលក់ធ្វើឱ្យមានអារម្មណ៍តានតឹង៖ អាការគេងមិនលក់ជាមួយភាពតានតឹងក្នុងអារម្មណ៍គឺជារឿងដែលពាក់ព័ន្ធគ្នា
    ព្រោះនៅពេលអ្នកគេងមិនលក់ វានឹងបង្កឱ្យមានភាពធុញថប់តានតឹង រឹតតែមានអារម្មណ៍តានតឹង រឹតតែភ័យបារម្ភ រហូតទីបំផុតនឹងរឹតតែធ្វើឱ្យគេងមិនលក់ទៅទៀត។

    – សម្ពាធឈាមឡើងខ្ពស់ ប្រថុយនឹងសភាវគភ៌មានជាតិពុល៖ ដោយនៅក្នុងមួយយប់ៗអ្នកម្តាយគួរគេងឱ្យបាន 8 – 9ម៉ោង
    ដើម្បីឱ្យរាងកាយសម្រួលតុល្យភាព និងគ្រប់គ្រងអ័រម៉ូនផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសអ័រម៉ូនដែលគ្រប់គ្រងការធ្វើការងាររបស់សរសៃឈាម ព្រោះបើអ្នកម្តាយគេងមិនបានគ្រប់គ្រាន់នោះ អាចធ្វើឱ្យអ័រម៉ូនមានការប្រែប្រួល ហុចផលឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កឱ្យកើតសភាវគភ៌មានជាតិពុល។

    – កូនលូតលាស់ធំធាត់យឺត៖ នៅពេលអ្នកម្តាយគេងមិនលក់ នឹងធ្វើឱ្យកូនតូចគេងមិនលក់តាមនោះដែរ ដែលអាចនឹងមានផលប៉ះពាល់ដល់ការរីកចម្រើនធំធាត់ផ្នែករាងកាយ និងខួរក្បាលរបស់ទារក។ ការដែលអ្នកម្តាយគេងមិនលក់ នឹងធ្វើឱ្យរាងកាយល្វើយខ្សោយ លំហូរវឹលរបស់ឈាមនឹងមិនសូវល្អ ហើយឈាមដែលហូរទៅចិញ្ចឹមកូននៅក្នុងគភ៌មានប្រសិទ្ធភាពទាបឬមិនគ្រប់គ្រាន់ពេលប្រសូត្រចេញមក ទារកអាចនឹងមានទម្ងន់ខ្លួនតិចជាងប្រក្រតី ហើយការធំធាត់របស់កូនក៏នឹងយឺតជាងធម្មតាដែរ។

    គន្លឹះធ្វើឱ្យងាយគេងលក់
    ជ្រើសរើសឥរិយាបថគេងដែលស័ក្តិសម ព្រោះក្នុងពេលមានគភ៌ អ្នកម្តាយអាចកើតអាការឈឺខ្នង ហើមពោះ ដូច្នេះឥរិយាបថគេងដែលជួយកាត់បន្ថយអាការឈឺខ្នង នឹងធ្វើឱ្យអ្នកម្តាយកាន់តែងាយគេងលក់ឡើង ទោះជាពាក្យណែនាំទូទៅប្រាប់ឱ្យអ្នកម្តាយគេងផ្អៀងខាងឆ្វេង ព្រោះស្បូននឹងមិនសង្កត់លើសរសៃឈាមខ្មៅធំដែលនៅខាងស្តាំមែន តែការពិតអ្នកម្តាយអាចគេងក្នុងឥរិយាបថណាក៏បានឱ្យតែមានអារម្មណ៍ថាសប្បាយស្រួលខ្លួន។

    – កែសម្រួលសភាពបន្ទប់គេងឱ្យស័ក្តិសមសម្រាប់អ្នកមានគភ៌ ដូចជា ជ្រើសរើសពូក ខ្នើយកល់ ខ្នើយឱប ឱ្យអំណោយផលនឹងស្ថានភាពការគេងរបស់អ្នកម្តាយជាដើម។
    – គួចៀសវាងការញ៉ាំទឹកច្រើន ជាពិសេស 3 ម៉ោងមុនចូលគេង ព្រោះនឹងធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ឈឺបត់ជើងតូច និងបើភ្ញាក់ពេលកណ្តាលយប់ហើយ នឹងធ្វើឱ្យមិនងាយគេងលក់វិញទេ។
    – ព្យាយាមចូលគេង និងភ្ញាក់ឱ្យទៀងពេល ព្រោះបើមានការផ្លាស់ប្តូរកន្លែង ឬខុសពេលវេលា អាចធ្វើឱ្យយើងមានអារម្មណ៍មិនងងុយ ឬមិនចង់គេងបាន។
    – មុនគេងចូរអ្នកម្តាយញ៉ាំទឹកដោះគោក្តៅឧណ្ហៗ នឹងជួយឱ្យគេងឆាប់លក់ឡើង។
    – ហាត់ប្រាណស្រាលៗជាប់ជានិច្ច ជួយឱ្យឈាមហូរវិលបានកាន់តែល្អឡើង ធ្វើឱ្យអ្នកម្តាយគេងលក់កាន់តែស្រួលឡើង។
    – បើកបទចម្រៀងស្តាប់តិចៗមុនចូលគេង ឬធ្វើចិត្តឱ្យស្ងប់ ព្រោះភាគច្រើនអ្នកម្តាយច្រើនតែបារម្ភថា បើគេងមិនលក់ កូននឹងមានបញ្ហា ដូច្នេះកាត់បន្ថយភាពជ្រួលច្រាលនេះចេញ ធ្វើចិត្តឱ្យសប្បាយ តែប៉ុណ្ណឹងមិនបាច់តានតឹងក្នុងអារម្មណ៍រហូតគេងលែងលក់ទៅហើយ។

    សាកល្បងនាំយកវិធីទាំងនេះទៅប្រើលមើល៍ តែបើអ្នកម្តាយណានៅតែគេងមិនលក់ដូចមុនដដែលនោះ សូមប្រញាប់ទៅប្រឹក្សាជាមួយលោកគ្រូពេទ្យភ្លាម ព្រោះបើបណ្តោយទុកយូរ នឹងខូចសុខភាព ហើយមានគ្រោះថ្នាក់ឥតប្រយោជន៍ និងដែលសំខាន់គឺកុំទិញថ្នាំគេងលក់មកញ៉ាំដោយខ្លួនឯងឱ្យសោះ ព្រោះវានឹងបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះទារក៕