Tag: កូរ៉េខាងត្បូង

  • កូរ៉េខាងត្បូង​នឹង​ផ្ដល់ជំនួយ​ 6លាន​លាន​វ៉ុន ដល់​​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​

    កូរ៉េខាងត្បូង​នឹង​ផ្ដល់ជំនួយ​ 6លាន​លាន​វ៉ុន ដល់​​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​

    ប្រទេស​កូរ៉េខាង​ត្បូង​ កំពុង​តែ​ពិចារណា​ទៅ​លើ​គម្រោង​​ផ្ដល់​ជំនួយ​ជា​សាច់​​ប្រាក់​សុទ្ធ​ ជូន​ដល់​​បណ្ដា​គ្រួសារ​ដែល​មាន​ចំណូល​ទាបទាំង​អស់​​ក្នុង​ប្រទេស​នេះ ដើម្បី​កាត់​បន្ថយផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ ដែល​កើត​ឡើង​ដោយ​សារ​វីរុស​​ COVID-19។

    ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក Moon Jae-in កាល​ពី​ថ្ងៃទី​29​មីនា​កន្លង​ទៅ​ បាន​ប្រកាស​ថា​ នឹង​ពិភាក្សា​លម្អិត​ទៅ​លើ​ជំនួយ​ហិរញ្ញ​វត្ថុ​ដែល​នឹង​ផ្ដល់​ជូន​ដល់​គ្រួសារ​មាន​ចំណូល​ទាប​ប្រមាណ​ជា​10​លាន​គ្រួសារ​ ដែល​ជា​ផ្នែក​មួ​យ​នៃ​វិធាន​ការ​បន្ទាន់​​សម្រាប់​ទប់​ទល់​នឹង​វិបត្តិ​នានា​ដែល​កើតឡើង​ដោយសារ​វិបត្ត​សុខ​ភាព​​ COVID-19នេះ​។ យោង​តាម​គម្រោង​ គ្រួសារ​មួយ​ដែល​មាន​សមាជិក​4នាក់ និង​មាន​ប្រាក់​ចំណូល​ក្រោម​មធ្យម​ នឹង​អាច​​ទទួល​បាន​ប្រាក់​ជំនួយ​មួយ​លើក​ ប្រហែលជា​1​លាន​វ៉ុន(820​ដុល្លារ​អាមេរិក)។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋ​កិច្ច​កូរ៉េខាង​ត្បូង​។

    ប្រាក់​ចំណូល​មធ្យម​នៅ​កូរ៉េខាង​ត្បូង​នា​បច្ចុប្បន្ន​ គឺ​ 3.75​លាន​វ៉ុន​ (3,058​ដុល្លារអាមេរិក) ចំពោះ​​គ្រួសារ​​ដែល​មាន​សមាជិក​4​នាក់​ និង​2.99​លាន​វ៉ុន (2,365​ដុល្លារ​អាមេរិក) ចំពោះ​​​គ្រួសារ​1​ដែល​មាន​សមាជិក​2នាក់ និង​5.63​លាន​វ៉ុន (4,592​ដុល្លារ) ចំពោះ​​​គ្រួ​សារ​តែ​មាន​សមាជិក​5​នាក់​។ ដូច្នេះ គ្រួសារ​ដែល​មាន​សមាជិក​ក្រោម​4​នាក់ អាច​នឹង​ទទួល​បាន​ជំនួយ​ក្រោម​820​ដុល្លារ​អាមេរិក​។

    កញ្ចប់​ថវិកា​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 6លាន​លាន​វ៉ុន (ជិត​5​ពាន់​លាន​ដុល្លារ​អាមេរិក)នេះ តាម​គម្រោង​នឹង​ត្រូវ​បាន​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​សង្គ្រោះ​បន្ទាន់​ នៅក្នុង​សប្ដាហ៍​នេះ ដែល​មាន​ប្រធានាធិបតី​ Moon Jae-in ជា​អធិបតី​។

    សេចក្ដី​ប្រកាស​ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគCOVID-19​ថ្មី​105​ករណី​ រួម​នឹង​អ្នក​ស្លាប់​8ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​​នៅ​ប្រទេស​នេះ ឡើង​ដល់​​​​ 9,661 ករណី និង​ស្លាប់​158​ករណី​។ ចំនួន​អ្នក​​ឆ្លង​មេរោគ​ថ្មី​​ជា​រៀង​រាល់​ថ្ងៃ​នៅ​ប្រទេស​នេះ ជា​មធ្យម​មាន​ចំនួន​100​ករណី​ ប៉ុន្តែ​អាជ្ញាធរ​កូរ៉េខាង​ត្បូង​នៅ​តែ​បន្ត​រឹត​បន្តឹង​ខ្លាំង​ទៅ​លើ​តំបន់​ព្រំដែន​ ព្រោះ​ថា​ ករណី​ឆ្លង​វីរុសCOVID-19​ “នាំ​ចូល​” ពី​ខាង​ក្រៅ​ បាន​កើន​ឡើងច្រើន​​ជាង​មុន​។ យ៉ាង​ហោច​ណាស់​មាន​13​នាក់​ក្នុង​ចំណោមករណី​​ឆ្លង​ថ្មី​បំផុត​នៅ​ប្រទេស​នេះ គឺ​ជា​អ្នក​ទេស​ចរ​បរទេស​។​ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​ជំងឺ Korea Centers for Disease Control and Prevention ​(KCDC) របស់​កូរ៉េ​ខាង​ត្បូង​។

    កូរ៉េខាង​ត្បូង​ កាល​ពី​ថ្ងៃទី​29មីនា បាន​ប្រកាស​ថា ចាប់​​ពី​ថ្ងៃទី​1​មេសាខាង​មុខនេះ​ រាល់​ទេសចរ​បរទេស​ដែល​មក​កាន់​ប្រទេសនេះ​ នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​2សប្ដាហ៍​​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ជិត​200​ ក្នុង​ពិភពលោក បន្ទាប់ពី​បាន​រាល​ដាល​នៅ​ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 បណ្ដាល​ឱ្យ​មាន​មនុស្ស​ 723,740នាក់ត្រូវ​កើត​រោគ​ ក្នុង​នោះ​មាន​34,018​នាក់​បាន​បាត់​បង់ជីវិត​ និង​152,042​បាន​ជា​សះស្បើយ​។

    ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​ ជឿ​ថា ឥទ្ធិពល​ដែល​ COVID-19 បង្កឡើង​ទៅ​លើ​សេដ្ឋ​កិច្ច​ពិភពលោក អាចធំជាង​ “មហា​វិបត្តិ​” សេដ្ឋ​កិច្ច​ (The Great Depression) ក្នុង​ទសវត្សរ៍​ឆ្នាំ​1930​ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​សារ​ព័ត៌មាន​ Yonhap និង​ Guardian៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • “ត្រាំ” អង្វរកូរ៉េខាងត្បូង ឱ្យជួយបញ្ជូនឧបករណ៍ពេទ្យមកជួយពេទ្យអាមេរិកផង ចំណែក “មូន” យល់ព្រមជួយ “បើនៅមានរបស់សល់”

    “ត្រាំ” អង្វរកូរ៉េខាងត្បូង ឱ្យជួយបញ្ជូនឧបករណ៍ពេទ្យមកជួយពេទ្យអាមេរិកផង ចំណែក “មូន” យល់ព្រមជួយ “បើនៅមានរបស់សល់”

    រ៉​យ​ទ័​រ- រដ្ឋបាល​ប្រទេស​កូរ៉េខាងត្បូង បានប្រកាសថា ខ្លួន​នឹង​បញ្ជូន​ឧបករណ៍​ពេទ្យ​ទៅ​ជួយ​សហរដ្ឋ​អាម​រិ​ក ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី “បើសិន​នៅមាន​របស់​សល់” ក្រោយពី​បានទទួល​ពាក្យសុំ​អង្វរ​យ៉ាង​បន្ទាន់ ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ជួយ​សម្រួល​រឿង​ការសុំ​លិខិតអនុញ្ញាត​នាំចូល​ប្រទេស​អាមេរិក។

    ចរន្ត​នៃ​ព័ត៌មាន​នេះ បាន​បណ្ដាលឱ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​ឈុត​ពិសោធន៍​មេរោគ​វីរុស​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ស្ទុះ​ហក់​ឡើង និង​រឹតតែ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ប្រទេស2 ដែលមាន​អ្នក​ឆ្លង​មេរោគ​វីរុស​ដំបូង​ក្នុង​ថ្ងៃ​ជាមួយគ្នា តែ​បែរ​ជាមាន​សញ្ញា​ឆ្លើយតប​នឹង​ស្ថានការណ៍​វិបត្តិ ខុសគ្នា​យ៉ាង​ស្រឡះ។

    ក្រោយ​រកឃើញ​ការឆ្លង​រាលដាល​នៅក្នុង​ប្រទេស កូរ៉េខាងត្បូង​អាច​ផលិត​ឈុត​ពិសោធន៍​វីរុស​ចេញមក​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈពេល​តែ​មិន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ និង​ថែមទាំង​ចេញ​បញ្ជា​បង្ខាំង​អ្នក​ឆ្លង​មេរោគ និង​តាមដាន​បុគ្គល​ដែលមាន​ប្រវត្តិ​នៅ​ជិតស្និទ្ធ​ជាមួយ​អ្នក​ផ្ទុកមេរោគ​ដោយ​មិន​បង្អង់​យូរ​ទៀតផង។

    វិធានការ​ទាំងនេះ ធ្វើឱ្យ​កូរ៉េខាងត្បូង​បានទទួល​សំឡេង​កោតសរសើរ​ថា អាច​ពន្យឺត​ការឆ្លង​រាលដាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មិន​បង្ក​ឱ្យ​កើតមាន​ផលប៉ះពាល់​ខ្លាំង​ជ្រុល​ពេក​ទៀតផង។ ពេលនេះ កូរ៉េខាងត្បូង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ត្រឹមតែ 125នាក់​ប៉ុណ្ណោះ ខណៈដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុងអំឡុងពេល 13ថ្ងៃ​កន្លងមកនេះ ក៏មាន​ការថយចុះ​មក​នៅក្នុង​កម្រិត 100ជាង ឬ​ទាប​ជាង​ហ្នឹង​ទៀតផង។

    តែ​ផ្ទុយទៅវិញ សហរដ្ឋអាមេរិក សឹងតែ​មិនមាន​ការពិនិត្យ​ចម្រាញ់​អ្នក​ឆ្លង​មេរោគ​សោះឡើយ​ក្នុងអំឡុងពេលដំបូងៗ និង​ជ្រើសរើស​ប្រើ​វិធាន​ការបិទ​តំបន់​មួយចំនួន​ដំណាល​គ្នាច្រើន​រដ្ឋ​ទៀតផង ខណៈដែល​ចំនួន​អ្នកជំងឺ នៅតែ​កើនឡើង 1ថ្ងៃ​រាប់ពាន់នាក់។

    ទីស្ដីការ​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​រាត្រី​ថ្ងៃទី24 មីនា កន្លងទៅ​ថា ក្នុងអំឡុងពេល​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​រយៈពេល 23នាទី លោក​ត្រាំ បាន​អះអាង​ជាមួយ​លោក មូ​ន ជេ​អ៊ី​ន ថា នឹង​ជួយ​ឱ្យ​អ្នក​ផលិត​ឧបករណ៍​ពេទ្យ​កូរ៉េខាងត្បូង​បានទទួល​លិខិតអនុញ្ញាត​នាំចូល​ពី​ស្ថាប័ន​អាហារ និង​ថ្នាំពេទ្យ​របស់​សហរដ្ឋអាមេរិក។

    ចំណែក​មេដឹកនាំ​កូរ៉េខាងត្បូង បាន​ប្រាប់​ទៅ​ត្រាំ​វិញ​ថា កូរ៉េខាងត្បូង “នឹង​ផ្ដល់​ការគាំទ្រ​ច្រើន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន បើសិន​យើង​នៅមាន​ឧបករណ៍​ពេទ្យ​លើសពី​ការប្រើប្រាស់។

    ប្រភពព័ត៌មាន​របស់​មហាវិទ្យាល័យ ច​ន ហប់​គិ​នស៍ បាន​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 នៅក្នុង​សហរដ្ឋអាមេរិក កាលពី​វេលា​ម៉ោង​ប្រហែលជា 10ព្រឹក ថ្ងៃ​ម្សិលមិញ(25មីនា) ស្ថិតក្នុង​ចំនួន 55,041នាក់ ខណៈដែល​កូរ៉េខាងត្បូង អ្នក​ដែលមាន​ផ្ទុកមេរោគ​នេះ មាន​ត្រឹមតែ 9,037នាក់​ប៉ុណ្ណោះ៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • Kim Jong-un ជូនពរ​កូរ៉េខាង​ត្បូង​ ឆ្លង​ផុត​ពី​វិបត្តិ​សុខ​ភាព​ ខណៈ​ប្រទេស​នេះ​ មាន​អ្នក​ផ្ទុក​ Covid-19 ជាង 6,088​នាក់​

    Kim Jong-un ជូនពរ​កូរ៉េខាង​ត្បូង​ ឆ្លង​ផុត​ពី​វិបត្តិ​សុខ​ភាព​ ខណៈ​ប្រទេស​នេះ​ មាន​អ្នក​ផ្ទុក​ Covid-19 ជាង 6,088​នាក់​

    មេដឹក​នាំ​កូរ៉េខាង​ជើង លោក Kim Jong-un បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​កូរ៉េខាង​ត្បូង សម្ដែង​ការ​ជឿ​ជាក់​ថា ប្រទេស​នេះ​នឹងឆាប់​ទទួល​បាន​ជោគ​ជ័យ​លើ​រោគ​រាត​ត្បាត Covid-19 និង​អាច​ការ​ពារ​សុខ​ភាព​របស់​ប្រជា​ជន​។

    លេខាធិការ​សារព័ត៌​មាន​នៃ​វិមាន​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា “ប្រធាន​រដ្ឋ​ Kim Jong-un មាន​បំណង​លើក​ទឹក​ចិត្ត​ប្រជា​ជន​ (កូរ៉េខាង​ត្បូង) ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​។​ គាត់​ជឿ​ជាក់​ថា យើង​នឹង​ទទួល​បាន​ជ័យ​ជំនះ ហើយ​សង្ឃឹម​ថា​ សុខ​ភាព​របស់​ប្រជា​ជន​កូរ៉េខាង​ត្បូង​នឹង​ត្រូវ​បាន​ការ​ពារ​”។

    ​លិខិត​មួយ​ច្បាប់​នោះ ត្រូវ​បាន​លោក​ Kim ផ្ញើ​ទៅ​កាន់​ប្រធានាធិប​តី​កូរ៉េខាង​ត្បូង លោក Moon Jae-in កាល​ពី​ថ្ងៃ ទី4មីនា​ ឆ្នាំ​2020​។ នៅ​ក្នុង​លិខិត​នោះ លោក​ Kim Jong-un បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខ​ភាព​របស់​ថ្នាក់​ដឹក​នាំ​កូរ៉េខាង​ត្បូង ព្រម​ទាំង​បាន​បក​ស្រាយ​អំពី “គំនិត​ស្មោះ​ត្រង់” របស់​លោក Kim Joong-un អំពី​ស្ថាន​ការណ៍​នៅ​លើ​ឧបទ្វីប​​កូរ៉េ​នា​បច្ចុប្បន្ន​។

    ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ លោក Moon Jae-in ក៏បា​ន​ផ្ញើ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តបទៅ​កាន់​កូរ៉េខាង​ជើង ក្នុង​នោះ​លោក Moon បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ការ​យកចិត្ត​ទុក​ដាក់​របស់​ប្រធាន​រដ្ឋ​កូរ៉េខាង​ជើង​ផង​ដែរ​។

    កូរ៉េខាង​ត្បូង ថ្ងៃ​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​ Covid-19 បន្ថែម​ចំនួន​ជាង​332នាក់ នាំ​ឱ្យ​ចំនួន​អ្នក​បាន​​ឆ្លង​មេរោគ​នេះ សរុប​ឡើង​ដល់​ជាង 6,088​នាក់​ ក្នុង​នោះ​មាន​ 35នាក់​បាន​បាត់​បង់​ជីវិត និង​ជាង​40​នាក់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ប្រទេស​នេះ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​ក្នុង​ពិភព​លោកបន្ទាប់​ពី​ប្រទេស​ចិន​។

    ចំណែក​នៅ​ទូទាំង​ពិភពលោក​វិញ មនុស្ស​ចំនួន​ 95,748​នាក់​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ឆ្លង​មេរោគ Covid-19 ក្នុង​នោះ​មាន 3,286​នាក់ បាន​ស្លាប់​ និង 53,423​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ជំងឺ Covid-19 ជាង​ 1,600នាក់​ ​គ្មាន​ឱកាស​ចូល​ព្យាបាល​ក្នុង​​ពេទ្យ​ បណ្ដាល​ឱ្យ​ស្លាប់​​4នាក់​នៅ​ឯផ្ទះ​របស់​ពួកគេ

    អ្នក​ជំងឺ Covid-19 ជាង​ 1,600នាក់​ ​គ្មាន​ឱកាស​ចូល​ព្យាបាល​ក្នុង​​ពេទ្យ​ បណ្ដាល​ឱ្យ​ស្លាប់​​4នាក់​នៅ​ឯផ្ទះ​របស់​ពួកគេ

    អ្នក​ជំងឺ​ Covid-19 ចំនួន​4នាក់​ហើយ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ នៅ​ពេល​ដែល​ត្រូវ​បាន​ស្នើ​ឱ្យ​​រង់​​ចាំ​​ ព្រោះ​ខាង​មន្ទីរពេទ្យ​​កំពុង​​រៀប​ចំ​ដាក់​គ្រែ​បន្ថែម​សម្រាប់​សម្រាក​ព្យាបាល​។ ចំណែក​ខាង​​បុគ្គលិក​មន្ទីរ​ពេទ្យ​វិញ ក៏កាន់​តែ​ “ទន់​ដៃ”។

    អ្នក​ជំងឺ​ទាំង​4នាក់​ដែល​បាន​ស្លាប់​នៅ​ឯផ្ទះ​របស់​ពួកគេ​ ក៏ព្រោះ​តែ​មិន​អាច​ស៊ូទ្រាំ​បាន​នឹង​ជំងឺ Covid-19 នេះ​​តទៅ​ទៀត​ ទើប​បាន​ជា​ត្រូវ​បាត់​បង់​ជីវិត។

    ទីក្រុង Daegu ដែលជា​សម្បុក​មេរោគ​កូរ៉ូណា មាន​អ្នក​ជំងឺ​ជាង​ 1,600នាក់ ដែល​ត្រូវ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះរបស់​ពួកគេ​​រៀង​ៗ​ខ្លួន​ ព្រោះ​តែ​មន្ទីរ​ពេទ្យ​កំពុង​ខ្វះ​គ្រែ​សម្រាប់​អ្នក​ជំងឺ​។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​​ដោយ​សារ​មិន​បាន​ចូល​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ ក៏​មាន​លោក​យាយ​ម្នាក់​អាយុ​86ឆ្នាំ​ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​កាល​ពី​ថ្ងៃ​ទី​28កុម្ភៈ​ រួម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាមផងនោះ មិន​បាន​ចូល​ព្យា​បាល​នៅ​ឯមន្ទីរពេទ្យនោះ​ទេ​​ ហើយ​​2ថ្ងៃ​ក្រោយ​មក​ គាត់​ក៏បាន​បាត់​បង់ជីវិត​។

    ស្ថាន​ភាព​កាន់​តែ​ដុន​ដាប់​ឡើង​ៗពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​​បុគ្គលិកសុខា​ភិបាល​ក៏​កំពុង​តែ​អស់​កម្លាំង​ទៅ​ៗ។ គិត​មក​ដល់​ពេល​នេះ កូរ៉េខាង​ត្បូងមាន​អ្នក​ផ្ទុក​មេរោគកូរ៉ូណា​​ជាង​ 5,328នាក់ គឺ​ច្រើន​ជាង​​​500ករណី​ បើ​ធៀប​នឹង​ថ្ងៃ​ទី​3មីនា​កន្លង​ទៅ​។ វេជ្ជ​បណ្ឌិត​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​ Keimyung នៃ​ទី​ក្រុង Daegu កាល​ពី​ដើម​សប្ដាហ៍​នេះ​ បាន​ដួល​សន្លប់ ព្រោះ​តែ​ធ្វើ​ការ​ហួស​កម្លាំង​។ បន្ទាប់​ពី​បាន​ដឹង​ខ្លួន​ លោក​គ្រូពេទ្យ​នេះ​ ក៏​មក​បំពេញ​ភារ​កិច្ច​បន្ត​ទៀត​។ ទីក្រុង Daegu កំពុង​ត្រូវ​ការ​បុគ្គលិក​ពេទ្យ​ជា​ច្រើន​នាក់​ និង​ជា​បន្ទាន់​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Telegraph។

    16 ក្នុង​ចំណោមបុគ្គលិក​​គិលានុបដ្ឋាក​ទាំង​100នាក់​នៃ​មន្ទីរពេទ្យ​ Pohang ខេត្ត Gyeongsang ខាង​ជើង បាន​ឈប់​ពី​ការ​ងារ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដោយ​លើក​មូល​ហេតុ​ថា​ ធ្វើ​ការ​ហួស​កម្លាំង​ និង​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ថែ​ទាំ​គ្រួ​សារ​។ មន្ទីរ​ពេទ្យ​នេះ ត្រូវ​បាន​រដ្ឋា​ភិបាល​កំណត់​ថា​ជា​កន្លែង​សម្រាប់​ព្យា​បាល​អ្នក​ជំងឺ​ Covid-19។ បុគ្គលិក​ពេទ្យ​ជា​ច្រើន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ផ្សេង​ៗ​ក្នុង​ទីក្រុង​ Daegu ក៏​មាន​បំណង​ឈប់​ពី​ការ​ងារ​ដែរ​។ បុគ្គលិក​ជា​ច្រើន​នាក់​បាន​គំរាម​ថា​នឹង​ឈប់​ធ្វើ​ការ​ភ្លាម​ៗ បើ​ស្ថាន​ភាព​ការ​ងារ​មិន​ត្រូវ​បាន​កែលម្អ​ ព្រោះ​ថា​ពួកគេ​ “បាន​ទ្រាំណាស់​ទៅ​ហើយ”។

    អាជ្ញា​ធរ​ខេត្ត Gyeongsang បាន​បញ្ជូន​បុគ្គលិក​ពេទ្យ​ថ្នាក់​ទាប​ចំនួន​15នាក់​ចូល​ទៅ​ជំនួស​។ ទីក្រុង Daegu ក៏​បាន​សន្យា​ថា​នឹង​បន្ថែម​បុគ្គលិក​ចំនួន​16នាក់​ទៀត​ ចូល​ទៅ​ជួយ​សម្រួល​ការ​ងារ​ ក្នុង​នោះ​ក៏​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ផងដែរ​។

    រដ្ឋ​អំណាច​មូល​ដ្ឋាន​​នៃ​ខេត្ត Gyeongsang បាន​ប្រកាស​ថា នឹង​ដំឡើង​ប្រាក់ខែ​ឱ្យ​បុគ្គលិក​សុខាភិបាល​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ “វិបត្តិ​សុខ​ភាព​សាធារណៈ” នេះ ត្រូវ​បាន​បញ្ចប់​។ ក្រុម​វេជ្ជ​បណ្ឌិត​នឹង​ទទួល​បាន​​ប្រាក់​បន្ថែម​ចំនួន​463​ដុល្លារ​ក្នុង​1ថ្ងៃ​​។ ចំណែកគិលានុបដ្ឋាក​វិញ ទទួល​បានប្រាក់​បន្ថែម ​​252​ដុល្លារ​អាមេរិក​​ក្នុង​1ថ្ងៃៗ​។

    ចំណែក​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េខាង​ត្បូង​ បាន​ប្រកាស​ថានឹង​បញ្ជូន​បុគ្គលិក​ពេទ្យ​យោធា​ចំនួន​ 750នាក់​បន្ថែម​ទៀត​ ឱ្យចូល​ទៅ​ជួយ​មន្ទីរ​ពេទ្យ​នានា​ក្នុង​តំបន់​ដែល​មាន​សម្បុក​មេរោគ​កូរ៉ូណា​។ គិត​មក​ដល់​ថ្ងៃនេះ បុគ្គលិក​ពេទ្យ​យោធា​ជាង​ 1,400នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​ចំនួន​​ដែល​កំពុង​ទទួល​ព្យា​បាល​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ​32នាក់បាន​ស្លាប់​ និង ​5,328នាក់​បាន​ឆ្លង​រោគ​រាត​ត្បាត​ Covid-19 នៅ​កូរ៉េខាង​ត្បូង

    ​32នាក់បាន​ស្លាប់​ និង ​5,328នាក់​បាន​ឆ្លង​រោគ​រាត​ត្បាត​ Covid-19 នៅ​កូរ៉េខាង​ត្បូង

    កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា គិត​មក​ដល់​ថ្ងៃ​ទី​4មិនា​នេះ ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 នៅ​ក្នុង​ប្រទេស​នេះ បាន​ឡើង​ដល់​ 5,328នាក់​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មានកូរ៉េខាង​ត្បូង Yonhap ដក​ស្រង់​ទិន្ន​ន័យ​ពី​មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​កូរ៉េខាង​ត្បូង បាន​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ថា ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មីបន្ថែម​ 516នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​ កើន​ដល់​​5,328នាក់​។

    ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី គឺ​មាន​ 405នាក់​​ជា​ពល​រដ្ឋ​ក្នុង​តំបន់ Daegu និង​ 89នាក់​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត Geyongsang ខាង​ជើង ដែល​នៅ​ក្បែរ​តំបន់ Daegu។ ក្រៅ​ពី​តំបន់​ខាង​លើនេះ ក៏​មាន​ខេត្ត​ ក្រុង​ផ្សេង​ៗមួយ​ចំនួន​ទៀត បាន​រក​ឃើញ​​អ្នក​ជំងឺ​កូរ៉ូណា​បន្ថែម​ផងដែរ​។

    កូរ៉េខាង​ត្បូង​ នាព្រឹក​នេះ​ ក៏​បាន​ប្រកាស​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​បន្ថែម​4នាក់​​ ក្នុង​នោះ​ភា​គ​ច្រើន​គឺជា​មនុស្ស​ចាស់ និង​អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​សុខ​ភាព​កន្លង​មក​។

    ប្រមាណជា​ 60% នៃ​អ្នក​ជំងឺ​ Covid-19 នៅ​កូរ៉េខាង​ត្បូង គឺ​មាន​ជាប់​ទាក់​ទិន​នឹង​សាខា​វិហារ​សាសនា​ Shincheonji នៅទីក្រុង​ Daegu ដែល​ជា​ទី​ក្រុង​ធំទី​4 នៅ​កូរ៉េខាង​ត្បូង​ ដោយ​មាន​ប្រជា​ជន​សរុប​ 2,5លាន​នាក់។

    ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េខាង​ត្បូង​ ថ្ងៃ​នេះក៏​បាន​ស្នើ​ឱ្យ​ទម្លាក់​ថវិកា​ជាតិ​ចំនួន 11,7​ពាន់​លាន​វ៉ុន (ប្រមាណជា 9,82​ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជួយ​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​កូរ៉ូណា និង​ជួយ​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​អាសន្ន​រោគ​នេះទៅ​លើ​សេដ្ឋ​កិច្ច​ជាតិ។ សំណើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភា​កូរ៉េខាង​ត្បូង​អនុម័ត​នៅ​ថ្ងៃទី​5មីនា​ខាង​មុខ​។

    រោគ​រាត​ត្បាត Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​កូរ៉េខាង​ត្បូង ចាប់​ពី​ចុង​ខែ​មករា នៅ​ពេល​ដែល​​បាន​រក​ឃើញអ្នក​ជំងឺ​ដំបូង​ដែល​ជា​ស្ត្រី​ម្នាក់​មក​ពី​តំបន់​ Wuhan កាល​ពី​ថ្ងៃទី​ 20មករា​។ Covid-19 បាន​​ឆ្លង​រាល​ដាល​ខ្លាំង​ក្នុង​អំឡុង​2សប្ដាហ៍​កន្លង​ទៅ​នេះ​ បណ្ដាល​ឱ្យ​កូរ៉េខាង​ត្បូង ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ កូរ៉េខាង​ត្បូង មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​ 4,800នាក់

    Covid-19៖ កូរ៉េខាង​ត្បូង មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​ 4,800នាក់

    កូរ៉េខាង​ត្បូង បាន​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ថា ប្រទេសនេះ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​477នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​កើន​ដល់​4,812​នាក់។

    មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​នៃ​កូរ៉េខាង​ត្បូង​ ថ្ងៃ​នេះ​បាន​ប្រកាស​នៅ​ព្រឹក​មិញ​នេះ​ថា ប្រទេស​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​477នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​4,812​នាក់​ និង​អ្នក​ស្លាប់​ឡើង​ដល់​28នាក់​។

    ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​ Covid-19 គឺមាន​60% ជាប់​ទាក់​ទិន​នឹង​សាខា​វិហារ​សាសនា​ Shincheonji ដែល​ដឹក​នាំ​ដោយ​លោក​អាចារ្យ​ Lee Man-hee។ វិហារ​នេះ ស្ថិត​នៅ​ក្នុង​ទីក្រុង Daegu ដែល​ជា​ទី​ក្រុង​ធំ​ទី​4​របស់​កូរ៉េខាង​ត្បូង ដោយ​មាន​ប្រជាជន​ចំនួន​2,5នាក់​កំពុង​រស់​នៅ​។

    សូមបញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន ​អាជ្ញាធរ​កូរ៉េខាង​ត្បូង​ បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ទៅ​លើ​លោក​អាចារ្យ​ Lee Man-hee ទាក់​ទិន​នឹង​ការ​បណ្ដោយ​ឱ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃមេរោគ​ Covid-19 ទៅ​លើ​ក្រុម​សាសនិក​​ដែល​ជា​សមាជិក​នៃ​វិហារ​ដែល​គាត់​គ្រប់គ្រង​។ កាល​ពី​ម្សិល​មិញ លោកអាចារ្យ​រូប​នេះ​ក៏​បាន​ចេញ​មុខ​មក​សុំ​ទោស​ចំពោះ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ Covid-19 ទៅ​លើ​សមាជិក​នៃ​វិហារ​ Shincheonji ដោយ​គាត់​បាន​លុតជង្គង់​​ក្រាប​សំពះសុំ​ទោស​អ្នក​រាល់គ្នា​។

    គិត​មក​ដល់​ពាក់​កណ្ដាល​យប់​នៃ​ថ្ងៃទី​2មិនា ចំនួន​អ្នក​ឆ្លង​មេរោគ​បន្ថែម​ថ្មី​នៅ​កូរ៉េខាង​ត្បូង​​ដែល​គេ​រាប់​ចូល​ទៅ​ក្នុង​ថ្ងៃ​ទី​2មិនា​ គឺ​មាន​ចំនួន​600នាក់ ក្នុង​នោះ មាន​519ករណី​នៅ​ក្នុង​តំបន់ Daegu និង​61ករណី​នៅ​ខេត្ត Gyeongsang ខាង​ជើង និង​ច្រើន​ករណី​ទៀត​នៅ​ក្នុង​តំបន់​ផ្សេងៗ។ ចំណែក​ទីក្រុង Seoul ក៏មាន​អ្នក​ឆ្លង​រោគ​បន្ថែម​7នាក់​ផងដែរ​។

    នៅ​ទូទាំង​ពិភពលោក គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​ Covid-19​ មាន​ចំនួន​3,117នាក់ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ កើន​ឡើង​ដល់​ជាង 90,912នាក់​។ ចំណែក​​អ្នក​ដែល​បាន​​ជា​សះស្បើយ​ពី​ជំងឺ​ មាន​ចំនួន​ជិត48,000​នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ កូរ៉េខាង​ត្បូង​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​បន្ថែម​476នាក់ ធ្វើ​ឱ្យ​ចំនួន​អ្ន​ក​ជំងឺកើន​ដល់​​ជាង​4,212​នាក់​ ខណៈ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដល់​ទៅ…

    Covid-19៖ កូរ៉េខាង​ត្បូង​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​បន្ថែម​476នាក់ ធ្វើ​ឱ្យ​ចំនួន​អ្ន​ក​ជំងឺកើន​ដល់​​ជាង​4,212​នាក់​ ខណៈ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដល់​ទៅ…

    យោង​តាម​របាយ​ការណ៍​ព្រឹក​នេះ​ កូរ៉េខាងត្បូង​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​ចំនួន​​ 476ករណី នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​នៃ​ប្រទេស​នេះ​កើន​ឡើង​ដល់​ 4212​នាក់​ និង​អ្នក​ស្លាប់់​ដោយ​សារ​អាសន្ន​រោគ​ Covid-19 កើន​ដល់​ 22នាក់។

    មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​របស់​កូរ៉េខាង​ត្បូង​ បាន​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​​អ្នក​ជំងឺ​​476នាក់​ដែល​ទើប​តែ​រក​ឃើញបន្ថែម មាន​377​នាក់​នៅ​ក្នុង​ទីក្រុង​ Daegu និង​ 68នាក់ទៀត នៅ​ក្នុង​ខេត្ត Gyeongsang ខាង​ជើង​ ដែល​នៅ​ក្បែរ​ទី​ក្រុង Daegu។ អ្នក​ជំងឺ​ប្រមាណជា​ 60% មាន​ជាប់​ទាក់​ទិន​សាខា​វិហារ​សាសនា Shincheonji នៅ​ក្នុង​ទី​ក្រុង Daegu។

    ខេត្ត​ក្រុង​មួយ​ចំនួន​របស់​កូរ៉េខាង​ត្បូង​ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​ទៀត​ដែរ ក្នុង​នោះ​ ទីក្រុង​ Seoul មាន​ករណី​ឆ្លង​វីរុស​បន្ថែម​ចំនួន​4នាក់។

    ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ បច្ចុប្បន្ន​កើន​ដល់​ 22នាក់ ដែល​ស្ទើរ​តែ​ទាំង​អស់សុទ្ធ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​។ ចំណែក​ក្នុង​ថ្ងៃ​នេះ(2មិនា) កូរ៉េខាង​ត្បូង​មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​4នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​រស់​នៅក្នុង​ទី​ក្រុង Daegu ហើយ​ពួកគេ​មាន​អាយុ​ខ្ទង់​80ឆ្នាំ​។

    ប្រធានា​ធិបតី​ Moon Jae-in បាន​មាន​ប្រសាសន៍​ថា កូរ៉េខាង​ត្បូងជឿ​ថា នឹង​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​កូរ៉ូណា Covid-19 ហើយ​ថា ប្រទេស​នេះ​នឹង​ទទួល​ជោគ​ជ័យ​ទៅ​លើ​អាសន្ន​រោគ​នេះ​មិន​ខា​ន។

    គិត​មក​ដល់​ព្រឹក​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា Covid-19 មាន​ចំនួន 3,044​នាក់ និង​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​ 89,071​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជប៉ុន​ចំណាយ​ 2,5​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​អាសន្ន​រោគ​ Covid-19

    ជប៉ុន​ចំណាយ​ 2,5​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​អាសន្ន​រោគ​ Covid-19

    នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋា​ភិបាល​ប្រទេសនេះ​នឹង​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​ 270​ពាន់​លាន​យ៉េន​(2,5​ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​អាសន្នរោគ​កូរ៉ូណា​ Covid-19​ ដែល​កំពុង​ធ្វើ​ឱ្យ​ជប៉ុន​ទទួល​រង​ការ​ខាត​បង់​ច្រើន​។

    ថវិកា​ចំនួន 2,5ពាន់​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​មធ្យម​ និងខ្នាត​តូច​ នៅ​ចំពោះ​មុខ​ការ​ខូច​ខាត​ផ្នែក​ហិរញ្ញ​វត្ថុ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រីជប៉ុន Shinzo Abe នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នា​ព្រឹក​នេះ​។

    ក្រៅ​ពី​នេះ កញ្ចប់​ថវិកា​ទីពីរសម្រាប់​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ Covid-19 និង​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាត​ផ្នែក​សេដ្ឋ​កិច្ច​ នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នា​ថ្ងៃទី​10​មិនា​ខាង​មុខ​។

    សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ជប៉ុន​ដូច​ខាង​លើ ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​ប្រទេស​នេះ​មាន​អ្នក​ឆ្លងមេរោគ​កូរ៉ូណា​ចំនួន​250នាក់ និង​6នាក់​បាន​ស្លាប់​ រួម​នឹង​អ្នក​ជំងឺ​ជាង​ 700​នាក់​កំពុង​ទទួល​ការ​ព្យា​បាល និង​អ្នក​ស្លាប់​ចំនួន​ 7នាក់​ដែល​មក​ពី​នាវា​ទេស​ចរណ៍ Diamond Princess។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Reuters។

    អាសន្ន​រោគ​ Covid-19 នៅ​ប្រទេស​ជប៉ុន ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​រដូវ​កាល​កីឡា​អូឡាំពិក​រដូវ​ក្ដៅ (Summer Olympics)ឆ្នាំ​នេះ ដែល​តាម​គម្រោង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​24​កក្កដា​ខាង​មុខ​។ ប៉ុន្តែ គណៈ​កម្ម​ការ​កីឡា​អូឡាំពិក​អន្តរ​ជាតិ​ បាន​ឱ្យ​ដឹង​ថា ពួកគេ​ “សន្យា” ថា កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នេះ​នឹង​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​ បើទោះ​ជា​ត្រូវ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​អាសន្ន​រោគ​កូរ៉ូណាក៏ដោយ។

    ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិប​តី​ចិន​ លោក​ ស៊ី ជីន​ពីង ទៅ​កាន់​ប្រទេស​ជប៉ុន នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែមេសា​ខាង​មុខ​​ អាច​នឹង​ត្រូវ​បាន​ពន្យាពេល​ ដើម្បី​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ Covid-19។ នេះ​បើ​តាម​ការ​ឱ្យ​ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រាជ​រដ្ឋា​ភិបាល​ជប៉ុន​។

    អាសន្ន​រោគ​កូរ៉ូណា បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ចេញ​ពី​ទីក្រុង Wuhan ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​បាន​ឆ្លង​រាល​ដាល​ទៅ​កាន់​ប្រទេស​ និង​ដែន​ដី​ចំនួនជាង​​67 បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​​3,044នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ចំនួន​ដល់​ទៅ​ជាង​89,073​នាក់​។ ប្រទេស​ចិន​(ចិនដីគោក) ថ្ងៃ​នេះ មាន​អ្នក​ឆ្លងមេរោគ​កូរ៉ូណា​បន្ថែម​ជាង 200នាក់​ និង​អ្នក​ស្លាប់​បន្ថែម​42នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​សា្លប់​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់ 2,912នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19​៖ អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​អាល្លឺម៉ង់ កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​តែមួយ​ថ្ងៃ​ ខណៈ​ដែល​អឺរ៉ុបកំពុង​ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​បន្តិច​ម្ដង​ៗ

    Covid-19​៖ អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​អាល្លឺម៉ង់ កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​តែមួយ​ថ្ងៃ​ ខណៈ​ដែល​អឺរ៉ុបកំពុង​ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​បន្តិច​ម្ដង​ៗ

    ការ​ដែល​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19​ បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ នៅ​អាល្លឺម៉ង់ ធ្វើ​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​​ខ្លាំង អំពី​ហានិភ័យ​នៃ​ការ​ឆ្លង​រាល​ដាល​​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​។

    យោង​តាម​ទិន្ន​ន័យ​ផ្លូវ​ការ​របស់​មន្ត្រីមក​ពី​ Robert Koch(មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​ឆ្លង​របស់​អាល្លឺម៉ង់) ចំនួន​អ្នក​ឆ្លង​មេរោគ Covid-19 នៅ​ប្រទេស​អាល្លឺម៉ង់ បាន​កើន​ឡើង​ដល់​129​ករណី​នៅ​ក្នុង​ថ្ងៃទី​1មិនា​។ តួលេខ​នេះ​បាន​កើនឡើង​ជិត​ទ្វេ​ដង​បើ​​​​​​ធៀប​នឹង​66ករណី​កាល​ពី​ថ្ងៃទី 29កុម្ភៈ​។

    ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ឆ្លង​ Covid-19 ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់ North Rhine-Westphalia ដែល​ជា​រដ្ឋ​មួយ​មាន​ប្រជាជន​ច្រើន​បំផុត​របស់​អាល្លឺម៉ង់។

    បច្ចុប្បន្ន អាសន្ន​រោគ​កូរ៉ូណា​នេះ បាន​ឆ្លង​រាល​ដាលដល់​​រដ្ឋ​ចំនួន​9​ ក្នុង​ចំណោម​រដ្ឋ​ទាំង​16​របស់​អាល្លឺម៉ង​។ Fankfurt, Hamburg និង​ Bremen គឺជា​ទីក្រុង​ដែល​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​មុន​គេនៃ​ប្រទេស​នេះ។

    ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា កើន​ឡើង​ខ្លាំង​នៅ​អាល្លឺម៉ង់ ធ្វើ​ឱ្យ​គេ​ជឿ​ថា​ អាសន្ន​រោគ​នេះ​នឹង​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​នៅ​ទូទាំង​តំបន់អឺរ៉ុប។ បច្ចុប្បន្ន អ៊ីតាលី​គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ក្នុង​តំបន់អឺរ៉ុប ដោយ​មាន​អ្នក​ស្លាប់​សរុប​34នាក់ និង​ជិត​1,700​នាក់​បាន​ឆ្លង​មេរោគ​ Covid-19​។ នេះ​បើ​តាម AFP។

    យោង​​តាម​ស្ថិតិ​របស់​អង្គការ​សុខ​ភាព​ពិភពលោក ចំនួន​អ្នក​ឆ្លងមេរោគ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​ឡើង​ដល់​ 7,169ករណី​។ ក្នុង​តំបន់​អឺរ៉ុប​ មាន​ប្រទេស​ចំនួន​5បន្ថែម​ទៀត បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ ក្នុង​ថ្ងៃទី​1មិនា ធ្វើ​ឱ្យ​ចំនួន​ប្រទេស​ និង​ដែន​ដី​ ដែល​មាន​អ្នក​ជំងឺ​​ Covid-19 ឡើង​ដល់​ 58។

    គិតមក​ដល់​​ព្រឹក​នេះ(2មិនា) នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដោយ​សារមេរោគ​កូរ៉ូណា​សរុប​ចំនួន​​ 3,038​នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ ឡើង​ដល់​ 88,587​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • បុគ្គលិក​ក្រុម​ហ៊ុន Google មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19

    បុគ្គលិក​ក្រុម​ហ៊ុន Google មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19

    បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុន​ Google នៅ​ទីក្រុង Zurich ត្រូវ​បាន​គេ​រកឃើញ​ថា មា​ន​ផ្ទុក​វីរុស​កូរ៉ូណា​ Covid-19 ប៉ុន្តែ​ការិយា​ល័យ​​របស់​ក្រុម​ហ៊ុន​នេះ​មិន​បាន​បិទ​ទ្វារ​នោះទេ​។

    “យើង​ទទួល​ស្គាល់​ថា បុគ្គលិក​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណា​។ បុគ្គលិក​ម្នាក់​នេះ​​ ធ្លាប់​ធ្វើ​ការ​នៅ​ឯការិយាល័យរបស់​ Google ក្នុង​ទី​ក្រុង​ Zurich មួយ​រយៈ​ពេល​ខ្លី​ មុន​ពេល​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​។ យើង​កំពុង​ និង​បន្ត​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ទៅ​តាម​ការ​ណែនាំ​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខា​ភិបាល​ ក៏ដូចជា​ផ្ដល់អាទិភាព​ចំពោះ​សុវត្ថិ​ភាព​ និង​សុខ​ភាព​របស់​អ្នក​រាល់​គ្នា​” នេះ​គឺជា​ការ​ឆ្លើយ​តប​របស់​អ្នក​នាំពាក្យ​នៃ​ក្រុម​ហ៊ុន​ Google ចំពោះ​សំណួរ​របស់​​ភ្នាក់​ងារ​សារ​ព័ត៌មាន​ CNBC។

    ការិយាល័យ​ Google នៅ​ឯ​ទីក្រុង zurich ប្រទេស​ស្វីសដែល​មាន​បុគ្គលិក​ជាង​2,000​នាក់ នៅ​តែ​បន្ត​ធ្វើ​ការ​ដូច​ធម្មតា ហើយ​ករណី​បុគ្គលិក​ឆ្លង​មេរោគ​កូរ៉ូណា​នេះ ត្រូវ​បានក្រុម​ហ៊ុន​ជូន​ដំណឹង​ទៅ​កាន់​បុគ្គលិក​ទាំង​អស់​របស់​ Google តាម​រយៈ​ការ​ផ្ញើ​សារ​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​យក្សមួយ​នេះ​ក៏​កំពុង​តែ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ដែល​កំពុងត្រូវ​​រាត​ត្បាត​ដោយ​អាសន្ន​រោគ​ Covid-19 មាន​ដូចជា​ប្រទេស​អ៊ីរ៉ង់ អ៊ីតាលី កូរ៉េខាង​ត្បូង និង​ជប៉ុន​ជា​ដើម​។ មុន​នេះ​ Google ក៏បាន​ហាម​មិន​ឱ្យ​បុគ្គលិក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន លើក​លែង​តែ​អ្នក​ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​។

    បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អន្តរ​ជាតិធំ​ៗ​​ជា​ច្រើន​ដែល​មាន​បុគ្គលិក​រាប់​ម៉ឺន​នាក់នៅ​ទូទាំង​ពិភពលោក កំពុងមាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ នៅ​ពេល​ដែល​អាសន្នរោគ​បាន​ឆ្លង​រាល​ដាល​ដល់​​ប្រទេស​ជាង​50​ក្នុង​ពិភព​លោក។ ក្រុម​ហ៊ុន Google បច្ចុប្បន្ន មាន​បុគ្គលិក​សរុប​ 120,000​នាក់​នៅ​ពាសពេញ​ពិភពលោក​។ ចំណែក​ក្រុម​ហ៊ុន Amazon ដែ​លមាន​បុគ្គលិក 800,000​​នាក់ ក៏បាន​កាត់​បន្ថយ​បុគ្គលិក​ដែល​ធ្វើ​ដំណើរ​ទៅ​អាមេរិក បើ​សិន​មិន​មាន​ការ​ចាំបាច់ខ្លាំង​ ហើយ​ក៏​បាន​ហាម​បុគ្គលិក​របស់​ខ្លួន មិន​ឱ្យ​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ​ រហូត​ដល់​មាន​ការ​ប្រកាស​ជូន​ដំណឹង​ថ្មី​។

    រីឯក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook ក៏បាន​លុប​ចោល​គម្រោង​ព្រឹត្តិការ​ណ៍ធំបំផុតប្រចាំ​ឆ្នាំសម្រាប់​ក្រុម​អ្នក​អភិវឌ្ឍ​​របស់​ខ្លួន ដែល​តែង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​ឧសភា​ ដោយ​សារ​តែ​មាន​ការ​ភ័យ​ខ្លាច​អំពី​អាសន្ន​រោគ​ Covid-19។ ចំណែក​ Goolge ក៏បាន​ផ្អាក​ព្រឹត្តិការ​ណ៍ Global News Initiative ដែល​ជា​សិក្ខា​សាលា​ដ៏​ធំ​មួយ​របស់​ខ្លួន​នៅ​ចុង​ខែ​មេសា​ខាង​មុខ​។ មុន​នេះ ពិព័រណ៍​ទូរស័ព្ទ​ចល័ត​លំដាប់​ពិភពលោក(MWC) ក៏​មិន​អាច​កើត​មាន​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​ដូច​សព្វ​មួយ​ដង​ ដោយ​សារ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ជា​ច្រើន​មិន​អាច​ចូល​រួម​បាន​ ព្រោះ​តែ​អាសន្នរោគ​កូរ៉ូណា Covid-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស